Sunday, November 8, 2015

រឿងឆ្កែមើលឃើញខ្មោច


          តាមចាស់ៗ តែងនិទានថា ៖ បើឮឆ្កែលូ ឬព្រុសនៅពេលកណ្ដាលអធ្រាត្រស្ងាត់ នៅភូមិណា ស្រុកណាដែល​​ក្រៅអំពីក្រុង  ព្រោះពុំសូវមានមនុស្សកុះករក្នុងពេលយប់ ស្រុកភូមិនោះ  ច្រើនកើតជំងឺពុំសូវបានសេចក្ដីសុខទេ ក្បិត​ខ្មោចបិសាច វាដើររាតត្បាតធ្វើមនុស្សឱ្យឈឺចាប់សឹងតែគ្រប់ៗគ្នា ព្រោះឆ្កែមើលឃើញខ្មោច។ ដំណើរចាស់​ៗថា ឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថា​៖យូរយារណាស់មកហើយ មានបុរសម្នាក់ដើរទៅមើល​គេលៀងមេមត់ ប៉ុន្ដែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរដីទូលមួយដែលមានព្រៃស៊ុបទ្រុប គេកប់ខ្មោចក្នុងព្រៃនោះជាច្រើន។ លុះដល់ទន្ទឹមព្រៃមានខ្មោចស្រែកហៅគាត់ថា ៖ ពូៗផ្ដាំទៅប្រាប់ ប្រពន្ធខ្ញុំឱ្យមកផង។ បុរសនោះមិនចេះខ្លាចខ្មោចទេ គាត់ដឹងថាខ្មោចហៅពិតណាស់ គាត់ធ្វើព្រងើយ ហើយឆ្លើយទៅវិញថា ៖  ប្រពន្ធឯងនៅឯណា ? ខ្មោចឆ្លើយវិញថា ៖  ប្រពន្ធខ្ញុំ នៅឯផ្ទះលៀងអារក្សឯណោះ! បុរសឮហើយ សួរទៅវិញថា ៖ ចុះឯងឱ្យអញប្រាប់ម៉េចបាន ? បើអញមើលប្រពន្ធឯងមិនឃើញនោះ ! ក្នុងពេលនោះខ្មោចក៏ឱ្យប្រទាលប្រហោង គឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់។ ខ្មោចឱ្យប្រទាលនោះទៅ ហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផង។ បុរសនោះ កាលបើបានប្រទាលប្រហាងនោះហើយ  មើលឃើញខ្មោចនៅពេញតែព្រៃ  គាត់ចេះតែដើរទៅៗ  គ្មានភិតភ័យខ្លាច​​​អ្វីឡើយ។ គាត់ដើរតម្រង់ទៅរកផ្ទះដែលគេលៀងអារក្ស លុះដល់ផ្ទះនោះ គាត់ឃើញខ្មោចស្រីៗ កំពុងស៊ីពែសំណែន ដែលគេសែននៅពោរពេញជាច្រើនគ្នាណាស់។ បុរសនោះស្រែកហៅ ទៅតាមឈ្មោះដែលប្ដីវាផ្ដាំមក ហើយបោយដៃហៅចំពីមុខនិយាយថា ៖ ប្ដីហងឱ្យទៅឱ្យឆាប់ ព្រោះកូនយំខ្លាំងណាស់ ! ខ្មោនឹកឆ្ងល់ណាស់ ម៉េចក៏បុរសនេះមើលឃើញអញ ទើបដើរសំដៅហើយសួរថា ៖ ចុះអ្នកឯង ម៉េចក៏មើលអញឃើញ? បុរសនោះក៏ បង្ហាញប្រទាលប្រហាងហើយឆ្លើយថា ៖ នេះប្រទាលដែលប្ដីហងឱ្យអញ បានអញមើលឃើញ។ ខ្មោចនោះគ្រាន់តែឃើញប្រទាលភ្លាម ស្ទុះទៅដណ្ដើមយក ប៉ុន្ដែបុរសពុំព្រមឱ្យ ក៏មានការប្រវាយប្រតប់គ្នាដណ្ដើម ប្រទាលប្រ​ហោងនោះ។ បុរសចេះតែស្រែកហៅឱ្យគេឯងជួយ ប៉ុន្ដែអ្នកណាក៏មើលទៅមិនឃើញជាប្រយុទ្ធជាមួយនរណាសោះ ឃើញតែស្ទុះស្ទាតែម្នាក់ឯង ម្លោះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើត។ លុះប្រតាយប្រតប់អស់មួយសន្ទុះធំ បុរសក៏រសាយដៃរបូតប្រទាលនោះពីដៃទៅ។ ខ្មោចស្ទុះប្រុងមករើសយកតែពេលនោះឆ្កែឃើញ​​​ភ្លាមស្ទុះភ្លែតមក ត្របាក់លេបចូលទៅក្នុងពោះបាត់ទៅ។ ហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញ។ ដោយ​សារមានរឿងនិទានយ៉ាងនេះ បានជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវាឃើញខ្មោចដើរ។ មួយវិញទៀត មានមនុស្សច្រើនណាស់ ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហាង ដើម្បីយកមកប្រើការស័ក្ដិសិទ្ធផ្សេងៗ។

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon