Thursday, March 17, 2016

រឿង មហាឬស្សីប្រោះខ្លា


​​​    ​​​       មាន​និទាន​មួយ​ដំណាល​ថា : មាន​ខ្លា​ទោល ១ ទៅ​ដេក​លើ​រូង​ពស់ ៗ​លូន​ចេញ​មក​ចឹក​ខ្លា​នោះ​ស្លាប់​នៅ​មាត់​រូ​​ង ។ ថ្ងៃ​នោះ​ជួន​ជា​មហាឫសី​មួយអង្គ​និមន្ត​គោចរ ទៅ​ឃើញ​ខ្លា​នោះ​ស្លាប់ ក៏​មេត្តា​ប្រោះ​ខ្លា​នោះ​ឲ្យ​រស់​ឡើង​វិញ ។ ខ្លារ​ស់​ដឹងខ្លួន​ហើយ​និយាយថា ˝ អញ​កំពុងតែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុង​ព្រៃ​ជា​លំនៅ​របស់​អញ ម្ដេច​ឡើយ​ក៏​ព្រះស្ដែង​ហ៊ាន​មក​ធ្វើ​ឲ្យ​អញ​ភ្ញាក់ ម៉េះ្ល​ហើយ​អញ​ខាំ​ព្រះ​ស្ដែង ស៊ី​ពុំលែង​ឡើយ​˝ ។ មហាឫសី​ឆ្លើយថា ˝​ព្រះស្ដែង​ដេក​លើ​រូង​ពស់ ៗ ចឹក​ស្លាប់ អញ​ប្រោះ ព្រះស្ដែង​ឲ្យ​រស់​ឡើង​វិញ គួរតែ​ព្រះស្ដែង​សងគុណ​អញ ម្ដេច​ឡើយ​ក៏​ព្រះស្ដែង​គិត​ខាំ​អញ​វិញ​˝ ។ មហាឫសី​និង​ខ្លា​ប្រកែក​ជជែក​គ្នា​មិន​អស់ មិន​ហើយ ទើប​នាំ​ទៅ​ប្ដឹង​ច​ចក ថ្លែង​ប្រាប់​តាម​ដំណើរ​រៀងខ្លួន ។ ចចក​ជញ្ជឹង​គិតថា ˝ អញ​នៅក្នុង​ព្រៃ​សព្វថ្ងៃ​នេះ​ពឹងពាក់​អានុភាព​ខ្លា បើ​អញ​កាត់ក្ដី​នេះ​ឲ្យ​ខ្លាចា​ញ់ សម​អញ​នឹង​ពឹងពាក់​ខ្លា​នៅ​នា​ព្រៃ​នេះ​ពុំ​បាន​ឡើយ​˝ ។ ចចក​គិត​ដូច្នេះហើយ ក៏​កាត់ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ឯ​ចចក​កាត់ក្ដី​យ៉ាងនេះ​ហៅថា ឆន្ទាគតិ ។​

​ ​មហាឫសី​មិន​សុខចិត្ត ប្រកែក​គ្នា​ទៅវិញទៅមក ហើយ​នាំ​ខ្លា​ទៅប្ដឹង​គោ ថ្លែង​ប្រាប់​តាម​ដំណើរ​រៀងខ្លួន​ដូច​មុន ។ គោ​គិតថា ˝ បើ​អញ​កាត់ក្ដី​ឲ្យ​ខ្លាចា​ញ់ សម​ខ្លា​នេះ​ស្អប់​អញ វា​នឹង​ខាំ​អញ​មិនខានឡើយ​˝ ។ ទើប​គោ​កាត់ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ គោ​កាត់ក្ដី​យ៉ាង​នេះ​ហៅថា ភយាគតិ ។​

​ ​មហាឫសី​មិន​សុខចិត្ត​នាំ​ខ្លា​ទៅប្ដឹង​ស្វាៗ គិតថា ˝​កាល​មុន​មាន​បុរស​ម្នាក់​ធ្លាក់​ទៅក្នុង​អណ្ដូង ឪពុក​អញ​ជួយសង្គ្រោះ​យោង​ឡើង​មក​លើ​មាត់​អណ្ដូង​បាន មាន​ខ្លា​មួយ​គិត​មក​ស៊ី​បុរស​នោះ ឪពុក​អញ​នាំ​បុរស​នោះ ឲ្យ​ឡើង​ទៅលើ​ដើមឈើ បាន​រួច​ពី​ភ័យ បុរស​នោះ​បែរ​ជា​ចិត្តអាក្រក់​សម្លាប់​ឪពុក​អញ​វិញ​˝ ។ ស្វា​គិត​ដូច្នេះហើយ ទើប​កាត់ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ស្វា​កាត់ក្ដី​យ៉ាងនេះ ហៅថា ទោសាគតិ ។​

​ ​មហាឫសី​មិន​សុខចិត្ត​នាំ​ខ្លា​ប្ដឹង​ត្មាត ៗ គិតថា ˝​សព្វថ្ងៃ​នេះ​អញ​បាន​រំពា​សំណល់​អំពី​ខ្លា​ជា​អាហារ​ចំណី​ប្រក្រតី មិន​ដែល​ដាច់​ឡើយ បើ​អញ​កាត់ក្ដី​នេះ​ឲ្យ​ខ្លាចា​ញ់ មុខ​ជា​ខ្លា​ខឹង​នឹង​អញ ម្ដេច​ឡើយ​អញ​និង​បាន​ស៊ី​រំពាខ្លា​នេះ​ទៀត​˝ ។ ត្មាត​គិត​ដូច្នេះហើយ ក៏​កាត់ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ត្មាត​កាត់ក្ដី​យ៉ាង​នេះ​ហៅថា​លោ​ភាគតិ ។​

​ ​មហាឫសី​មិន​សុខចិត្ត​នាំ​ខ្លា​ទៅប្ដឹង​ទេព្រក្សៗ​គិតថា ˝​មនុស្ស​ទាំងពួង​ដើរ ព្រៃ​អាស្រ័យ​ដោយ​ម្លប់ឈើ​ផង​ទាំងឡាយ ចេះ​តែ​កាច់​មែក ហែក​សន្លឹក ស្ទោះ​សម្បក ឆ្លក​កាត់​ដើម​˝ ។ ទេព្រក្ស​គិត​ដូច្នេះ​ហើយ​ក៏​កាត់ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ទេព្រក្ស​កាត់ក្ដី​យ៉ាង​នេះ​ហៅថា​មោហាគតិ មិន​ទៀងត្រង់​ឡើយ ។​

​ ​មហាឫសី​មិន​សុខចិត្ត​នាំ​ខ្លា​ទៅប្ដឹង​ទន្សាយ​ប្រាប់ថា ˝​ខ្លា​នោះ​ដេក​លើ​រន្ធ​ពស់វែក ៗ ចេញ​មក​ចឹក​ស្លាប់ អាត្មា​សូត្រមន្ត​បោស​ពិសព​ស់​ឲ្យ​ខ្លារ​ស់​ឡើងវិញ ។ ដោយ​គិត​ឃើញ​ថា​ខ្លា​នេះ​នឹង​តបគុណ​អាត្មា​, ឥឡូវនេះ​ម្ដេច​ខ្លា​ក៏​ប្រាថ្នា​ស៊ី​អាត្មា​វិញ​? តាម​តែពិចារណា​ឲ្យ​អាត្មា​ចុះ​˝ ។ ឯ​ខ្លា​ប្ដឹង​ថា ˝​ខ្ញុំ​កំពុងតែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុងព្រៃ ស្រាប់តែ​ព្រះស្ដែង​ឫសី​នេះ​ធ្វើឲ្យ​ខ្ញុំ​ភ្ញាក់ ហេតុ​នេះ​ត្រូវ​ខ្ញុំ​សុំ​ស៊ី​ព្រះស្ដែង​ឫសី​នេះ ៗ ពុំ​សុខចិត្ត​នាំ​ខ្ញុំ​ទៅប្ដឹង​ចចក ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ ៗ មិន​សុខចិត្ត​នាំ​ខ្ញុំ​ទៅប្ដឹង​គោ ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះៗ មិន​សុខចិត្ត​នាំ​ខ្ញុំ​ទៅប្ដឹង​ស្វាៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះៗ មិន​សុខចិត្ត​នាំ​ខ្ញុំ​ទៅប្ដឹង​ត្មាតៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះៗ មិន​សុខចិត្ត​នាំ​ខ្ញុំ​ទៅប្ដឹង​ទេព្រក្ស ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ ៗ មិន​សុខចិត្ត​នាំ​ខ្ញុំ​មក​ប្ដឹង​លោក តាម​តែ​លោក​ពិចារណា​ឲ្យ​ខ្ញុំ​ចុះ ˝ ។​

​ ​ទន្សាយ​ស្ដាប់​ពាក្យ​មហាឫសី និង​ពាក្យ​ខ្លា​ហើយ ក៏​ពិចារណា​ដោយ​ប្រាជ្ញា​ឈ្លាសវៃ ឈ្វេងយល់​អាថ៌​សេចក្ដី​ហើយ​ប្រាប់ថា ˝​បើដូច្នោះ​ចូរ​មហាឫសី និង​បង​ខ្លា​នាំគ្នា​ទៅដល់​ទី​ដែល​កើតហេតុ​នោះ​ហើយ​ឲ្យ​បង​ខ្លា​ដេក​លក់​ជា​សុខ​ដូច​ពី​ដើម​ចុះ គឺ​ឲ្យ​មហា​ឫសី​ជូន​ទៅ​ដល់​កន្លែង​ដែល​ខ្លា​ដេក​នោះ​ឲ្យ​អញ​បាន​យល់​ហើយ​និង​ពិចារណា​ដោយ​ប្រការ​នោះ ˝ ។ ទើប​មហាឫសី និង​ខ្លា​បបួល​គ្នា​ទៅ នាំ​ទាំង​ទន្សាយ​ទៅ​ផង ។ លុះ​ទៅដល់​កន្លែង​នោះ​ហើយ ខ្លា​ក៏​ប្រះដេក​នៅ​ទី​ដដែល​នោះ យូរ​បន្តិច​ពស់វែក​ចេញ​មក​ចឹក​ខ្លា​ស្លាប់​នៅ​មាត់​រន្ធ​នោះឯង ។ កាល​បើ​ខ្លា​នោះ​ស្លាប់​ហើយ ទន្សាយ​ប្រាប់​មហាឫសី​ថា ˝​សូម​លោក​មើល​ខ្លា​នោះ​ចុះ ហេតុតែ​ឥត​ធម៌ វង្វេង​ភ្លេចគុណ​គេ ឥឡូវ​ពុំ​រំលង​និង​វេរា​កម្ម​ឡើយ​, តាំងពី​ពេល​នេះ​ទៅមុខ លោក​កុំ​ធ្វើ​គុណ​នឹង​ខ្លា​ឲ្យសោះ ˝​ឯ​ទន្សាយ​កាត់ក្ដី​យ៉ាងនេះ​ហៅ​ថា​សុគតិគមនំ (​ដំណើរ​ល្អ​) គឺ​សុចរិត យុត្តិធម៌​ហោង ។​

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
  


EmoticonEmoticon