Thursday, March 17, 2016

រឿង សង្គ្រាមគីង្គក់ និងតាព្រហ្ម


                     សម័យព្រេងនាយ វេលាមួយពិភពលោកកើតទុរិ្ភក្សក្តៅ ហួតហែងគ្រប់ទិសទី ព្រះភិរុណមិនបង្អុរភ្លៀងសោះ ស្ទឹង ត្រពាំង បឹង ព្រែក ទន្លេរីងទឹកអស់។ ពួកមណ្ឌកសត្វ មាន គីង្គក់ កង្កែប ហ៊ឹងជាដើម ដែលជាសត្វប៉ិនអត់ធន់ក៏ស្គមនៅតែស្បែកនិងឆ្អឹង។ថ្ងៃមួយគីង្គក់ជាមេប្រកាសដល់ក្រុមញាតិ និងហ៊ឹងកង្កែបជាមិត្តថា” ហៃមិត្តទាំងអស់គ្នា!! មើលទៅតាព្រហ្មមិនបង្អុរភ្លៀងមកឲ្យយើងទេ បើយើងនៅស្ងៀមមុខជាដាច់ពោះស្លាប់មិនខាន មកវើយមិត្តយើង កេណ្ឌគ្នាតយុទ្ធនិងតាព្រហ្មយកភ្លៀងឲ្យបាន អាសន្នដល់កហើយ ស្ងៀមក៏ស្លាប់ ច្បាំងក៏ស្លាប់ បើគង់តែស្លាប់ ស្លាប់ក្នុងចម្បាំងយកជ័យឲ្យក្រុមញាតិនិងមិត្តប្រសើជាង មក!មក! ទៅប្រយុទ្ធ” ។ក្រោយដែលបានប្រកាសយ៉ាងនេះ ពលគីង្គក់ និងមិត្តទាំងអស់គ្នាក៏លើកក្បួនព្យុះហយាត្រាទៅតយុទ្ធនិងតាព្រហ្មក្នុងវិមានលោកឭដ៏អាកាស។កងទ័ពមណ្ឌកសត្វធ្វើដំណើរកាត់ទីវាល បន្តិចក្រោយមកស្រាប់តែប្រទះទ័ពមួយហ្វូងធំទៀត។មេបញ្ជាការធំនៃទ័ពគីង្គក់ឃើញហ្វូងពលត្រីអណ្តែងធំៗខ្នាន់ខ្នាប់ ខ្លួនប្រឡាក់ស្រមក ដោយកម្ទេចធូលីនិងផេះនៃវាលស្រែ។មេគីង្គក់សួថា” នែវើយ!! តើកនឯងទៅណាបានជាប្រមៀល ខ្លួនហ៊ុយដីទ្រលោម កាត់មុខឲ្យរំខានដល់កងទ័ពអញនេះ?”។ត្រីអណ្តែងតបថា” ភឿនអើយ!!! ពួកមច្ឆាបានបញ្ជូនយើងឲ្យមកជាមួយបងក្រាញ់ដ៏ប៉ិនប្រសប់ខាងរត់ឆ្លងភ្នំនិងបារាយណ៍ដើម្បីច្បាំងនឹងតាព្រហ្មយកភ្លៀងមកបំពេញបឹង ស្ទឹង យើងទៅ! ទៅ! ភឿន!”។គីង្គក់ឮដូច្នេះអរណាស់ក៏ប្រាប់កងទ័ពខ្លួន។មួរំពេចនោះស័ព្ទជយោបានលាន់ឮចេញពីទ័ពទាំងពីរក្រុម ហើយទ័ពទាំងនោះក៏ប្រមូលគ្នាជាទ័ពមួយយាត្រាទៅតាមវាលក្តៅហួតហែង។ទៅបន្តិចទៅ ស្រាប់តែឃើញបាណកជាតិមួយហ្វូងធំ ហើរខ្មៅខ្នាប់ឮសូរងូងៗលើអាកាស ហើយឮឃ្មុំនិងឪម៉ាល់ជាមេទ័ព បន្លឺមកថា” នែបងគីង្គក់! ត្រីអណ្តែង ត្រីក្រាញ់ឯងទៅណាខ្លួនស្រមកយ៉ាងនេះ?។គីង្គក់តបថា” មកវើយបងឃ្មុំ! យើងដឹងថាក្រុមបងលើកទ័ពទៅច្បាំង ព្រោះអត់ភ្លៀងខ្វះព្រៃឈើផ្តល់ផ្កាធ្វើសំបុកដល់ក្រុមបង មកកុំបង្អង់ យើងព្រួតគ្នាទៅតយុទ្ធនិងតាព្រហ្ម កុំខ្លាចស្លាប់ ទៅ!ទៅ! “។


ទ័ពគោកនិងអាកាស ហ៊ោយកជ័យ ហើយក៏លើកតទៅទៀត។លុះដល់ជិតចំការស្ងួតមួយស្រាប់តែទ័ពនេះប្រទះឃើញផ្លែត្រសក់ស្រូវរដូករណែលលើផែនដីដាច់របេះចាក់ទងគួឲ្យអាសូរ។ត្រសក់មួយស្រែកដោយមានសង្ឃឹមថា ” ភឿនអើយ ឲ្យគ្នាយើងដោយសារទៅផង តែខំយើងស្ងួតស្លាប់អស់ហើយ។ ហើយភឿនទៅច្បាំងយើងក៏ស៊ូស្លាប់ជំនួសគ្រួសារយើងដែរមិនឲ្យនៅរស់វេទនាទេ”។ មេទ័ពទាំងបីក៏យល់ព្រមឲ្យត្រសក់ស្រូវរមៀលខ្លួនទៅតាមក្បួន។លុះផុតពីវាល ក៏បានដល់ព្រៃមួយដែលរុក្ខជាតិ ទាំងឡាយក្រៀមរញមសហលាប់ជិតអស់។កងទ័ពបានទៅដល់ឃើញ វល្លិ៍ផ្យៅធំៗពីរដើមនៅនឹងគល់ឈើងាប់មួយ។ផ្តៅសួរថា ” នែភឿនទៅណាសន្ធាប់ម្លេះ ភឿនមិនអាណិតមិត្តរុក្ខជាតិគ្នាយើងទេឬ? ឃើញទេស្លាប់ដេកពពូនដោយដៃតាព្រហ្មអសហើយ ឲ្យយើងទៅច្បាំងផង យើងនៅយ៉ាងនេះវេទនាណាស់ យើងស៊ូស្លាប់ក្នុងសង្គ្រាម ដើម្បីដណ្តើមយកជ័យមកផ្តល់ជីវិតសត្វលោក”។ទ័ពទាំងអស់ក៏យល់ព្រមឲ្យផ្តៅគោចរទៅតាមផង។
ក្រោយមកទ័ពទាំងអស់ក៏បានដល់ឋានតាព្រហ្ម។គីង្គក់ក៏បានបញ្ជាឲ្យឃ្មុំប្រុងវាយសម្រុកនៅខ្លោងទ្វាខាងមុខនិងខាងក្រោយ ត្រីអណ្តែងត្រីក្រាញ់ដែលខ្លួន ប្រឡាក់ទៅដោយ ក្បុងនិងផេះឲ្យចូលទៅក្នុងពាង និងផើងទឹកនៅមាត់ទ្វារខាង ក្រោយនិងពាងផ្សេងៗឲ្យតែមានទឹក។ផ្តៅទាំងពីរធំៗ ឲ្យឈរប្រុងនៅមាត់ទ្វារប្រាសាទ ត្រសក់ស្រូវឲ្យប្រមៀលខ្លួន ទៅទៀបជើងក្រោមអាសនៈតាព្រហ្មគង់។ឯក្រុមគីង្គក់ ហ៊ឹង កង្កែប ជាទ័ពស្រួចអ្នកចូលលុក លុះចាត់ស្រេចហើយ ទ័ពមណ្ឌកសត្វក៏ចូលស្រ តម្រង់អាសនៈតាព្រហ្មអាស្រ័យនៅ ដោយស្រែកហ៊ោសន្ធាប់យ៉ាងខ្លាំង ធ្វើឲ្យពលរេហ៍អស់ទាំងទេវតា មេនំ មេនាង ចៅចិត ចៅចម ខុនណាងជំទាវ រត់ចេញពីប្រាសាទស្លន់ស្លោ ទៅត្រូវនឹងផេះទឹកក្បុង ដែលត្រីអណ្តែងត្រីក្រាញ់បាច់មកលើភ្នែកផ្សារស្រវាំង រកទិសតំបន់ពុំឃើញថែមទាំងត្រូវពួកឃ្មុំ ឪម៉ាល់ទិច ចុករមួល ស្រែកយំរំពង។ តាព្រហ្មរកច្រកចេញពុំទាន់ ស្រែកសួរថា ” នែវើយ! អាពួកគីង្គក់ ហ៊ឹង កង្កែប ចង្រៃឯង ទៅណា?” ។គីង្គក់តបថា” ” យើងមកច្បាំងៗ”។តាព្រហ្មចុះចាក់អាសនៈឥតមើលក្រោម ក៏ជាន់លើត្រសក់ស្រូវរអិលដួលផ្ងារស្រទាំង ត្រូវផ្តៅទាំងពីរបន្ទន់ខ្លួនប្រញាប់សង្កត់កជាប់ ឃ្មុំក៏ទិច ឈឺផ្សាស្រែកចុះញ៉ម ពួកសត្វនិងរុក្ខជាតិថា ” ចាញ់ហើយៗ”។ឮដូច្នេះ មេបញ្ជាការក៏ឃាត់ទ័ពឲ្យទ័ពឈប់ ដើម្បីដោះស្រាយ។គីង្គក់សួរទៅតាព្រហ្មថា” ម៉េចក៏លោកមិនបង្អុរភ្លៀងសោះ ធ្វើឲ្យសត្វលោកស្លាប់គ្រប់កន្លែងយ៉ាងនេះ? គ្នាយើងមិនសុខចិត្តទេបើលោកមិនបង្អុរភ្លៀងចុះទៅ នោះយើងនឹងកម្ទេចវិមានលោក សម្លាប់ទាំងពល ទាំងលោកពុំខាន” ។តាព្រហ្មនឹកភ័យក៏និយាយអង្វរអស់ពលសត្វនិងរុក្ខជាតិថា” សូមព្រះស្តែងកុំខឹង យើងខ្លាចហើយ យើងនឹងផ្តល់ទឹកភ្លៀងឲ្យឥឡូវនេះហើយ សូមអស់លោកអញ្ជើញទៅវិញចុះ កុំខឹងអី”។គីង្គក់តបថា” ទេ!កនយើងមិនព្រមទេ បើយើងទៅនោះលោកផ្តល់ភ្លៀងឲ្យយើងតែមួយមេហើយព្រងើយកន្តើយទៅ នាំឲ្យយើងពិបាកលើកទ័ពឡើងមកទៀត ដូច្នេះហើយសូមលោកសន្យាឲ្យពរពិសេសដល់យើងសិន ទើបកនយើងសុខចិត្ដ” ។លុះសញ្ជឹងមួយសន្ទុះតាព្រហ្មក៏ពោលថា ” អើ! យើងព្រមឲ្យពរដល់អ្នករាល់គ្នាហើយ បើដូច្នេះពេលណាអ្នកត្រូវការភ្លៀង គីង្គក់ ហ៊ឹង កង្កែប ត្រូវសង្កៀតធ្មេញបន្លឺសំឡេងពីក្រោមមក នោះយើងនឹងបង្អុរភ្លៀងឲ្យអ្នកភ្លៀម”។តាំងពីនោះមក ពេលណាគីង្គក់ ហ៊ឹង កង្កែបត្រូវការភ្លៀង ក៏សង្កៀតធ្មេញបន្លឺសម្លេងភ្លៀងក៏ធ្លាក់មក៕

ការរួបរួមគ្នា ជាកំលាំង ដោះស្រាយ គ្រប់បញ្ហា។

ដកស្រង់ពី ប្រជុំរឿងព្រេងខ្មែរភាគ៤
ជាកាព្យបទភស្ដានាថដំដែកស្ទើរពាក្យ៧


សង្គ្រាមរវាងគីង្គក់និងតាព្រហ្ម

គីង្គក់ក្រតៗគូករកគ្នា         ជួបជុំផ្ដុំគ្នាគ្រាគ្រោះភ័យ
ទឹកស្ទឹងបឹងបួរីងខះភ័យ     ពួកសត្វវៃៗលៃដោះតាម ។
សាកសួរជជែករករឿងពិត   យល់តាព្រហ្មពិតគិតតែកាម
ភ្លេចអភិបាលវង្វេងកាម  សត្វយំរហាមដាមស្លាប់បង់ ។
..........................
គីង្គក់កង្កែបក្រាញ់អណ្ដែង  ក្លាហានចិត្តខែងរ៉ែងចេញច្បាំង
រៀបចំកែនទ័ពកម្លាំងច្បាំង   មើលក្បួនចេញច្បាំងតាំងជំនួយ ។
ឪម៉ាល់ឃ្មុំផ្ដៅត្រសក់ដែរ   រួបរួមចូលហែកែកុនជួយ
គីង្គក់ត្រេកអរកម្លាំងជួយ     រើយុទ្ធសាស្ត្រជួយមួយជាបី ។
...........................
ច្រើនថ្ងៃកន្លងទ័ពទៅដល់          ចូលដល់កលកិច្ចរៀបរួចស្រេច
ត្រសក់ស្រូវចូលកៀកកិតស្រេច   សម្រេចផ្ដាច់ល្អផ្ដៅសមជាង ។
ត្រីក្រាញ់អណ្ដែងចូលសំងំ         សំងំសមសួនពួនក្នុងពាង
ជាមួយផេះផង់ក្នុងទឹកពាង        ឃ្មុំទាំងវាងវៃនិងឪម៉ាល់ ។
............................
គីង្គក់កង្កែបហ៊ីងទ័ពស្រួច          សម្រួចកួចប៉ងរុលចំមុខ
តាព្រហ្មស្លន់ស្លោស្លេកស្លាំងមុខ   ទឹកមុខទុក្ខព្រួយបោះពួយប៉ាច់ ។
ពីរបីជំហានជាន់ត្រសក់         ដួលម៉ក់ហក់ផ្ដៅចូលចេញក្បាច់
ឪម៉ាល់ឃ្មុំធំបញ្ចេញក្បាច់         អស់ក្បាច់សាច់ជាំតាព្រហ្មចាញ់ ។
.........................
លោកអើយនេះហើយក្ដីប្រមាថ    ដឹកនាំខុសខ្នាតខាតខូចយស
សំណាងល្អដែរបង់ត្រឹមយស       តំណែងនៅខ្ពស់រស់ជួបជិត ។
សាមគ្គីបញ្ញវន្តនិងប្រជា             ជោគជ័យគ្រប់គ្រាទារយកសិទ្ធិ
រស់នៅថ្លៃថ្នូរបរិ៍បូរណ៍សិទ្ធិ           បានពរជីវិតពិតមានន័យ ។


EmoticonEmoticon