Monday, March 20, 2017

រឿងកុលាបប៉ៃលិន




សង្ខេបរឿង៖
           នៅក្នុងផ្ទះចាស់ប្រក់ក្បឿងមួយខ្នងតាចឺមដែលជាឪពុកចៅចិត្រ នៅស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ជាត្រកូលសិរីពង្សកំពុងតែដេកស្តូកស្តឹងនៅលើគ្រែ ទោះបីលោកគ្រូពេទ្យស្អាតខំប្រឹងព្យាបាលយ៉ាងណាក៏ពុំអាចជាសះស្បើយឡើយ។ មុននឹងស្លាប់ទៅគាត់បានផ្តែផ្តាំចៅចិត្រនូវគាថាមួយបទថា “អត្តាហិ អត្តនោ នាថោ”។
          ក្រោយពីឪពុកស្លាប់ទៅ លោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចៅចិត្រទៅធ្វើជាកម្មករនៅប៉ៃលិន នៅផ្ទះលោកហ្លួងរតនសម្បត្តិ ដែលជាឪពុកមារបស់លោក។ បានសំបុត្រពីគ្រូពេទ្យស្អាតហើយ ចៅចិត្រក៏ធ្វើដំណើរទៅប៉ៃលិន ហើយក៏បានលោកហ្លួងរតនសម្បត្តិទទួលឲ្យនៅជាមួយធ្វើជាកម្មករត្បូង។
           តាំងពីនោះមកចៅចិត្រខិតខំធ្វើការជាកម្មករជីកត្បូងឥតមានខ្ជិលច្រអូស ឬទម្រន់ឡើយ ជាហេតុបណ្តាលឲ្យលោកហ្លួងរតនាសម្បត្តិពេញចិត្តយ៉ាងខ្លាំង។ ចំណែកពួកកម្មករដទៃទៀតក៏មានការពេញចិត្ត ស្រឡាញ់រាប់អានចៅចិត្រគ្រប់ៗគ្នា។ យប់មួយចៅចិត្រច្រៀងបទយុវាភិរម្យនៅក្នុងខ្ទមរបស់ខ្លួន។ សំឡេងចម្រៀងធ្វើឲ្យឃុននារីដែលបានចុះមកកំសាន្តក្នុងសួនលឺទ្រាំពីរោះមិនបាន ក៏បណ្តាលឲ្យចូលទៅក្នុងលំនៅតូចរបស់ចៅចិត្រ។ ឃុននារីនិងចៅចិត្រសន្ទនាគ្នាជាពាក្យផ្តោះផ្តងផ្សេងៗ ហើយគេក៏ចេញទៅទីវាលសួនច្បារសំណេះសំណាលរាក់ទាក់ទៅតាមមនោគតិរបស់គេរៀងៗខ្លួន។
           លុះស្អែកឡើង ពេលព្រឹកវេលាដែលចៅចិត្រទៅជីកត្បូង គេមានភ័ព្វបានជួយរវៃឡានម្ចាស់របស់គេដែលបម្រុងទៅស្រុកសង្កែ ទទួលលោកបាឡាត់ស្រុក។ តាសុនអ្នកបើករថយន្ត កាលបើឃើញចៅចិត្រចេះបើកឡាន គាត់ក៏សុំច្បាប់មួយពេលព្រោះជាប់ធុរៈ។ លោករតនសម្បត្តិក៏ព្រមឲ្យចៅចិត្រជំនួសតាសុន។
ក្នុងការស្នាក់ជូនដំណើរចៅហ្វាយទៅដល់ស្រុកសង្កែ ចៅចិត្របានកាន់កន្ត្រកដើរតាមក្រោយឃុននារីទៅផ្សារទិញឥវ៉ាន់……។ ទិញឥវ៉ាន់សព្វគ្រប់អស់ហើយឃុននារី និងចៅចិត្រក៏ត្រឡប់ក៏ត្រឡប់មកទទួលរតនសម្បត្តិ និងលោកបាឡាត់ស្រុកវិលទៅប៉ៃលិនវិញ។ តែអកុសលមកដល់ពាក់កណ្តាលផ្លូវឡានក៏ខូចបណ្តាលឲ្យមានការទាស់សម្តីខ្លះរវាងចៅចិត្រ និងលោកបាឡាត់ព្រោះម្នាក់ៗសុទ្ធតែប្រច័ណ្ឌទៅលើសម្រស់នាងឃុននារី។
ក្នុងការស្នាក់នៅកណ្តាលព្រៃចៅចិត្រ និងចៅហ្វាយក្រមុំនេះនិយាយផ្តោះផ្តងគ្នារហូតយល់ចិត្តយល់ថ្លើមគ្នាខ្លះ។ រំពេចនោះ ស្រាប់តែមានចោរមួយក្រុមចេញមកប្លន់។ ចៅចិត្របានតតាំងប្រយុទ្ធជាមួយពួកចោរដោយអង់អាចបណ្តាលឲ្យពួកចោរត្រូវរបួសជាច្រើននាក់ ចំណែកចៅចិត្រក៏ត្រូវគ្រាប់សន្លប់បាត់ស្មារតី។ ក្រោយការរងរបួស គេបាននាំចៅចិត្រមកព្យាបាលក្នុងមន្ទីរពេទ្យដោយមានការជួយជ្រោមជ្រែងពីលោកហ្លួងរតនសម្បត្តិ។ ដោយការខិតខំព្យាបាលជម្ងឹពីគ្រូពេទ្យ និងការយកចិត្តទុកដាក់ថែទាំយ៉ាងដិលដល់ពីឃុននារី ចៅចិត្រក៏បានសះស្បើយវិញ។ ចាប់តាំងពីថ្ងៃនោះមកចៅចិត្រ និងឃុននារីក៏បានយល់ចិត្តគ្នាហើយស្រឡាញ់គ្នាកាន់តែខ្លាំងឡើង ឯចរិតឆ្មើងឆ្មៃរបស់ឃុននារីក៏សាបសូន្យក្នុងគ្រានោះដែរ។
           ដោយសារគុណសម្បត្តិដ៏ថ្លៃថ្លារបស់ចៅចិត្រ លោកហ្លួងរតនសម្បត្តិក៏បានតែងតាំងចៅចិត្រឲ្យកាន់បញ្ជីមើលការខុសត្រូវត្រួតមើលត្បូងវិញម្តងគឺឈប់ឲ្យធ្វើជាកម្មករទៀតហើយ។
ថ្ងៃមួយលោកបាឡាត់ស្រុកសង្កែបាននាំចៅកែផាន់ចូលមកផ្ទះលោករតនសម្បត្តិដើម្បីសុំទិញត្បូង។ ក្រោយការបង្ហាញត្បូងឲ្យមើលម្ចាស់ផ្ទះបានព្រមទទួលនាំថៅកែថ្មីនេះទៅមើលអណ្តូងជីកត្បូងជាមួយចៅចិត្រទុកឲ្យឃុននារី និងលោកបាឡាត់នៅក្នុងផ្ទះ។ ដោយសេចក្តីស្នេហាឥតព្រំដែនលោកបាឡាត់បានចាប់នាងឃុននារីរំលោភ។ ចៅចិត្រមកទាន់វាយលោកបាឡត់ដួល…។ លោករតនសម្បត្តិព្រមលើកលែងទោសឲ្យលោកបាឡាត់ និងថៅកែផាន់តែបានព្រមានឈប់ឲ្យមកជាន់ទីនេះទៀត។
           ក្នុងរាត្រីនោះ វេលាដែលចៅចិត្រកំពុងបណ្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែលឺសំឡេងចោរចូលមកប្លន់ផ្ទះលោករតនៈ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ឯចៅចិត្រឡើងឡើងទៅលើផ្ទះប្រទះមេចោរគឺថៅកែផាន់ ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចោរនេះបាន។ ចំណែកលោកបាឡាត់ស្រុកកំពុងប្រវាយចាប់យកឃុននារី ក៏ត្រូវចៅចិត្រសម្លាប់បានទៀត។
ក្នុងរាត្រីនោះ វេលាដែលចៅចិត្រកំពុងបណ្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែលឺសំឡេងចោរចូលមកប្លន់ផ្ទះលោករតនៈ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ឯចៅចិត្រឡើងទៅលើផ្ទះប្រទះមេចោរគឺថៅកែផាន់ ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចោរបាន។ ចំណែកលោកបាឡាត់ស្រុកកំពុងប្រវាយចាប់យកឃុននារី ក៏ត្រូវចៅចិត្រសម្លាប់បានទៀត។
គុណសម្បត្តិដ៏ច្រើនរបស់ចៅចិត្រធ្វើឲ្យលោកហ្លួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំង ម្យ៉ាងដោយលោកមើលឃើញពីទឹកចិត្តស្មោះស្ម័គ្ររបស់ចៅចិត្រទៅលើឃុននារី លោកហ្លួងរតនៈក៏រៀបចំផ្សំផ្គុំចៅចិត្រនិងឃុននារី ជាស្វាមីភរិយា ព្រមទាំងចែករំលែកទ្រព្យសម្បត្តិឲ្យអ្នកទាំងពីររស់នៅយ៉ាងសុខសាន្ត។ គូជីវិតថ្មីនេះសប្បាយចិត្តរីករាយក្រៃលែង ហើយគេរស់នៅជាមួយគ្នាដោយសុខក្សេមក្សាន្តកើតជាកូន ពូនជាចៅតរៀតទៅ។
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon