Tuesday, September 15, 2015

ទស្សនាកម្ពុជា

1. រាជធានីភ្នំពេញ


                               រាជធានីភ្នំពេញ គឺ​ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះទៅទៀតភ្នំពេញបានធំធាត់លូតលាស់ឡើងក្លាយជាមជ្ឈមណ្ឌលសកម្មខាងសេដ្ឋកិច្ចនិងឧស្សាហកម្មរបស់ជាតិ ដូចគ្នានេះដែរ ក៏ជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ កេរដំណែលវប្បធម៌ ការទូតនៃកម្ពុជា។ ហើយក៏ជា កន្លែងសំរាប់ប្រកួតប្រជែង ទីផ្សារពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងការបរទេស នយោបាយ ការអភិវឌ្ឍ និង ជាកន្លែងទេសចរណ៍ដែលបន្សល់ទុក​នូវសំណង់ចាស់ៗ​ជាច្រើនដូចជា :  ព្រះបរមរាជវាំង វត្តភ្នំ សារមន្ទីរជាតិ និងកន្លែងទេសចរណ៍ជាច្រើនទៀត​។


          1.1 ព្រះបរមរាជវាំង
          


                       ព្រះបរមរាជវាំង ត្រូវបានចាត់ទុក ជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿង ដែលតំណាងឲ្យ ព្រះពុទ្ធសាសនា និងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា។  នៅក្នុងព្រះបរមរាជវាំង  មានប្រាសាទទាំង ១១​​ដូចជា : ​ ១.   ប្រាសាទទេវាវិនិច្ឆ័យ  ២ .  ព្រះមហាប្រាសាទខេមរិន្ទ  ៣ . ប្រាសាទសហមេត្រី  ៤ .  ប្រាសាទហោសំរាន្តភិរម្យ   ៥ .  ប្រាសាទច័ន្ទឆាយា  ៦ .  ប្រាសាទសំរិទ្ឋភិមាន ឬ ហោព្រះខ័ន   ៧ .  ព្រះទីន័ងភោជនីយ   ៨ .  វិមានស្តេចណាប៉ូឡេអុងទី៣   ៩ .  ព្រះរាជដំណាក់ច័ន្ទ ឬ ព្រះរាជការិយាល័យ  ១០.  ព្រះវិហារព្រះកែវមរកត  ១១.  សារមន្ទីររោងដំរី​។

2. ខេត្តសៀមរាប


                              ខេត្តសៀមរាប គឺ​ជាខេត្តដែលមានប្រជាប្រិយភាពក្នុងការទាក់ទាញភ្ញៀវទេសចរបំផុតក្នុងប្រទេសកម្ពុជា ។   ប្រាសាទ​បុរាណ​ជាច្រើនដូចជា ប្រាសាទអង្គរវត្ត  , ប្រាសាទអង្គរធំ ឬ ប្រាសាទបាយ័ន  ប្រាសាទបន្ទាយស្រី ​គឺ​ជា​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍។

2.1 ប្រាសាទអង្គរវត្ត


                               ប្រាសាទ​អង្គរវត្ត​ មាន​ឈ្មោះ​ដើម​ថា "​បរម​វិស្ណុលោក"។ ការវិវត្ត​នៃ​ឈ្មោះ​ អង្គរវត្ត នេះ​អាច​ត្រូវបាន​គេ​យក​មក​ប្រើ​តាម​ប្រវត្តិ​សាស្ត្រ។ តាម​សិលា​ចារឹក​នៅ​សតវត្ស​ទី ១៦​បញ្ជាក់​ថា ឈ្មោះ​ប្រាសាទ​អង្គរវត្ត​គឺ ព្រះ​​មហា​​នគរ​​ឥន្ទ្រ​​ប្រ័ស្ថ​​ព្រះ​ពិស្ណុ​លោក។ ​ ពាក្យ ឥន្ទ្រប្រ័ស្ថ មាន​ន័យ​ថា "ទីក្រុង​របស់​ព្រះឥន្ទ"។  ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី​១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល ដែលធ្វើឱ្យ ប្រាសាទ​អង្គរវត្ត​ ក្លាយជាបេតិកភ័ណ្ឌពិភពលោក ។

3. ខេត្តបាត់ដំបង


                         ខេត្ត​បាត់ដំបង ជា​​ខេត្ត​មួយ​ក្នុងចំនោម​ខេត្តទាំង​អស់​នៃព្រះរាជាណាចក្រ​កម្ពុជាដែលមាន​វិសាលភាព​ផ្ទៃដីធំ មាន​ភោគសម្បត្តិ​ធម្មជាតិ​ និង​សំនល់​វប្បធម៌​បុរាណ​ជា​ច្រើន។ ប្រាសាទ​បុរាណ​ជាច្រើន​​រាយ​ប៉ាយ​លើភ្នំ លើទួល  និង​តំបន់​លិចទឹក​ ដូចជា  ភ្នំសំពៅ ប្រាសាទបាណន់  ប្រាសាទឯកភ្នំ ...ទាំងអស់នេះហើយ​គឺ​ជា​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា ។

3.1  ភ្នំសំពៅ

                               ភ្នំសំពៅ គឺជារមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កំសាន្ត ជា​ពិសេស​ភ្ញៀវ​ក្នុង​ស្រុក ក្នុង​ថ្ងៃសម្រាក ឫ បុណ្យ​ប្រពៃណី​ផ្សេងៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាន​នេះ​មាន​ទី​តាំង​ស្ថិត​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​ ១០​ ខាងឆ្វេង​ដៃ​មាន​ចំងាយ​ ១៣ គ.ម ពីទីរួមខេត្ត​។​ បើពិនិត្យ​ឱ្យ​​ម៉ត់​ចត់ ភ្នំនេះ​មាន​ទ្រង់​ទ្រាយ​ដូចជា​សំពៅ មាន​កំពស់​ ១០០ ម មាន​កាំ​ជណ្តើរ​​ជាង​៧០០​កាំ។ ក្នុង​តួ​ភ្នំ​ទាំង​មូល​មាន​ល្អាង​ជា​ច្រើន​ ប៉ុន្តែ​ល្អាង​សំខាន់ៗ​ដែល​គេ​និយម​ទស្សនា​គឺ​ ល្អាង​ផ្កាស្លា​ ល្អាង​ល្ខោន ល្អាង​អសុក ដែល​សុទ្ធ​តែ​ជា​រមណីយដ្ឋាន​ធម្មជាតិ។

4. ខេត្តព្រះវិហារ


                           ខេត្ត​ព្រះ​វិហារ​ ជា​ខេត្ត​មួយ​សំបូរ​ទៅ​ដោយ​ផលិតផល​ទេសចរណ៍​ច្រើន​ជាង​គេ​សំរាប់​អភិវឌ្ឍ ដើម្បី​ទាក់​ទាញ​ទេសចរណ៍​​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍ និង​មក​កំសាន្ត ពិសេស ប្រាសាទ​ព្រះវិហារ​ ។ នា​ពេល​បច្ចុប្បន្ន ខេត្ត​ព្រះ​វិហារ​​មាន​សន្តិសុខ​ល្អ​គ្រប់​គ្រាន់​សម្រាប់ដល់​ភ្ញៀវ​ទេសចរណ៍​មកទស្សនា។

4.1 ប្រាសាទ​ព្រះវិហារ​


                          ប្រាសាទ​ព្រះវិហារ​ ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​បំណង​ពិសេស ខុស​ប្លែក​ពី​ការកសាង​ប្រាសាទ​អង្គរវត្ត ដែល​ស្ថាបនា​ឡើង​ដើម្បី​រំឭក​គុណ​ព្រះ​វិស្នុរ ប្រាសាទ​បាពួន រំឭក​គុណ​ព្រះឥសូរ ។ ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង ដើម្បី​ធ្វើ​ជា​ទី​រក្សា​ទុក​លិង្គ​ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ តាម​ជំនឿ​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ និង​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ។

5. ខេត្តកំពង់ធំ 


                          កំពង់ពស់ធំជាឈ្មោះដើមកំណើតរបស់ ខេត្តកំពង់ធំ ។​ ជាយូរយារណាស់មកហើយ នៅឯកំពង់ស្ទឹងសែន ដែលស្ថិតនៅក្បែរនឹងបឹងមួយ គឺមាន រូងថ្មមួយយ៉ាងធំ ដែលក្នុុងនោះមាន សត្វពស់មួយគូរស់នៅទីនោះ។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ បានឃើញពស់ដ៏ធំនោះ ជាញឹកញយនៅពេលមានថ្ងៃសីលម្តងៗ។ ក្រោយមក សត្វពស់នោះក៏បានបាត់ខ្លួន ហើយមនុស្សម្នារស់នៅតំបន់នោះ បានហៅតំបន់នោះថា កំពង់ពស់ធំ។ ពេលក្រោយមក ពាក្យគេនិយាយកាត់ខ្លីក្លាយជា កំពង់ធំ។ កំពង់ធំជារាជធានីមួយដែលមានអំណាចលើសគេ នៅភាគអាស៊ីអាគ្នេយ៍ នៅសម័យនគរភ្នំ ។ កំពង់ធំ មាន រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលជាកន្លែងល្បីល្បាញនៅ​ សម័យចេនឡា។

5.1 ប្រាសាទសំបូរព្រៃគុក 


                        ប្រាសាទសំបូរព្រៃគុក ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ជារមណីយដ្ឋាន ទេសចរណ៍វប្បធម៌បុរាណ មួយកន្លែងនៅខេត្តនេះ។ ប្រាសាទនេះសង់ពីថ្មបាយកៀ្រម ឥដ្ឋតាន់និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័ន (គ.ស. ៦១៦-៦៣៥) នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយ ព្រះសិវៈក្នុងលទ្ធិព្រហ្មញ្ញសាសនា។ ប្រាសាទសំបូរព្រៃគុក​ នេះមានប្រាសាទប្រហែល ជាង ១២០ ប្រាសាទ ស្ថិតនៅជាក្រុម ដែលមាន  ក្រុមប្រាសាទតោ  ក្រុមប្រាសាទយាយព័ន្ធ ប្រាសាទបិទមុខ ....។​ ប្រាសាទនេះក៏មាន កំពែងព័ទ្ធជុំវិញ មានស្រះទឹក មានកន្លែងបូជាផ្សេងៗ និងនៅព័ទ្ធជុំវិញប្រាសាទមាន ដើមឈើតូចធំ រុក្ខជាតិ​ សត្វផ្សេងៗ គួរអោយចាប់អារម្មណ៍​។

6. ខេត្តកំពត


                                ខេត្ត​កំពត​ មាន​សំណង់​ប្រវត្តិសាស្រ្ត​ជាច្រើន​ដូចជា​ផ្ទះ​ ផ្សារ​លក់​ទំនិញ រោងភាពយន្ត​ មន្ទីរពេទ្យ​ជាដើម​ សុទ្ធ​សឹង​​ជា​ភស្ដុតាង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ពួក​បារាំង​ទៅ​លើ​ទឹក​ដី​ខេត្ត​មួយ​នេះ​។​ហើយក៏មាន ភ្នំបូកគោ ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។

          6.1 ភ្នំបូកគោ

                              ភ្នំបូកគោ មានកំពស់ ១០៧៥​ម៉ែត្រ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូច​ជា​មាន​ផ្ទាំង​ថ្មដា​ធំៗ​ជា​ច្រើន​ឥតគណនា​នៅ​រាយប៉ាយ​ក្រោម​ដើម​រុក្ខជាតិ ។

7.ខេត្តមណ្ឌលគិរី


                            ខេត្ត​មណ្ឌល​គីរី​ ជា​តំ​បន់​ទេស​ចរណ៏​ធម្មជាតិ​ ធំ​មួយ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ដែល​មាន​តំបន់​ទេស​ចរណ៏​ធម្ម​ជាតិ​ជា​ច្រើន​ដូច​ជា​ ទឹកជ្រោះប៊ូស្រា ​ទឹកជ្រោះសែនមនោរម្យ ទឹកជ្រោះរមនា ប្រកប​ដោយ​ហ្វូង​មច្ឆា​ ជា​ច្រើន​ប្រ​ភេទ​ ព្រម​ទាំង​ រុក្ខជាតិ ​សត្វព្រៃ​ ព្រៃកោងកាង​ និង​ភ្នំតូច​ ធំ​ ជា​ច្រើន​។ 

7.1 ទឹកជ្រោះប៊ូស្រា


                            ទឹកជ្រោះប៊ូស្រា ​ជាតំបន់កំសាន្តល្អជាងគេ​ក្នុង ខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះ​ចែក​ចេញ​​ជា​បីដំណាក់៖
ដំណាក់ទី១: ហូរធ្លាក់ក្នុងកំពស់ ៨ ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និង កំពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
ដំណាក់ទី២: ហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និង មុខកាត់ទទឹង ២០ម៉ែត្រនៅរដូវវស្សា និង កំពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។ ទឹកធ្លាក់ទី២នេះ មានចំងាយ​១៥០ម៉ែត្រពីទឹកធ្លាក់ទី១។
ដំណាក់ទី៣: ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ យើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។

8.ខេត្តកំពង់ចាម


                            កំពង់ចាម ដើមឡើយជាដីទំនាប។ ទន្លេធំគឺទន្លេមេគង្គដែលបង្កើតជាព្រំដែនខាងកើតនៃខេត្ត ដែលញែកខេត្តនេះពីខេត្តត្បូងឃ្មុំ។  ខេត្តកំពង់ចាមមាន ភ្នំ​ប្រុស ភ្នំ​ស្រី ភ្នំ​ចរចា​ ភ្នំ​សែន​ជ័យ​ ប្រាសាទ​នគរបាជ័យនិង ប្រាសាទបុរាណជា​ច្រើន​។ 

        8.1 ប្រាសាទ​នគរបាជ័យ



                             រមណីយដ្ឋាន​ប្រាសាទ​នគរ​បាជ័យ មាន​ទី​តាំង​ធំ​ទូលាយ​ល្អ​មិន​ចាញ់​ប្រសាទ​នានា ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះទេ។ ទី​នេះ​ជា​ទី​ប្រជុំ​ជន​មួយ​យ៉ាង​សំខាន់​សំរាប់​ប្រជា​ពលរដ្ឋ​ខេត្ត​កំពង់​ចាម និង​ខេត្ត​ផ្សេងៗ។ ប្រាសាទ​វត្ត​នគរ​បាជ័យ​កសាង​នៅ​ពាក់​កណ្តាល​សតវត្សរ៍​ទី១១ ក្នុង​រជ្ជ​កាល​ស្តេច​ឧភ័យ្យ និង​សូរ្យ​វរ្ម័ន​ទី២ ក្នុង​ឥទ្ធិពល​សេវៈ​និយម។                     

9. ខេត្តព្រះសីហនុ


                             ក្រុងព្រះសីហ​នុ ជាកន្លែងដែលគួរអោយ ចាប់អារម្មណ៍ណាស់ សំរាប់ទេសចរជាតិ និងទេសចរអន្តរជាតិ ។ ឆ្នេរសមុទ្រដែលមានការពេញនិយមជាងគេក្នុងចំនោមឆ្នេរសមុទ្រជាច្រើននោះគឺ ឆ្នេរអូឈឺទាល ឆ្នេរសុខា ឆ្នេរឯករាជ្យនិង ឆ្នេរជ័យជំនះ។ ភ្ញៀវទេសចរណ៏អាចមុចទឹកនៅក្បែរកោះ សម្រាកលំហែកាយ និងការស្ទូចត្រីកំសាន្តសម្រាប់ដំណើរកំសាន្ត។ 

   9.1 ឆ្នេរអូឈឺទាល


                                អូរឈើទាល ​ជាតំបន់ឆ្នេរ​មួយ​ដែលមាន​ទេសភាពធម្មជាតិស្រស់ល្អ​បំព្រងគួរ​អោយ​ចាប់អារម្មណ៏ក្រៃលែង ។ អូរឈើទាលមានឆ្នេរ​ខ្សាច់​សស្អាត​ វែង​អន្លាយ​នឹង​មាន​ដើម​ឈើ​ជាច្រើន​ដុះអែប​មាត់ ឆ្នេរសមុទ្រ​មើលទៅជាជួរ​គួរអោយ​ ទាក់ទាយបំផុតហេតុនេះហើយឆ្នេរនេះក៏បានជាប់ជាសមាជិកក្លឹបឆ្នេរដែលស្អាតជាងគេក្នុងពិភពលោក ។ 

10. ខេត្តតាកែវ


                              តាកែវ ជារឿយៗត្រូវបានគេចាត់ទុកថាជា អណ្ដូងនៃអរិយធម៌ខ្មែរ ទឹកដីដ៏យូរលង់នេះសំបូរទៅដោយធនធានប្រវត្តិសាស្រ្តដែលទាក់ទង​នឹងសម័យអាណាចក្រភ្នំ និងសម័យចេនឡា (កម្វុជៈ) ដោយមានប្រាសាទបុរាណ ដូចជា ប្រាសាទភ្នំដា  ប្រាសាទបាយ៉ង់កោរ ប្រាសាទនាងខ្មៅ ប្រាសាទភ្នំជីសូ ប្រាសាទភ្នំតាម៉ៅ ប្រាសាទតាព្រហ្ម 

10.1 ប្រាសាទភ្នំដា


                            ប្រាសាទភ្នំដា ជាប្រាសាទមួយដែលមានភាពចាស់បុរាណដែលបាន បន្សល់ទុកតាំង ពីយូរណាស់មកហើយ។ប៉ុន្តែប្រាសាទនេះជាប្រសាទមួយដែលមានភ្ញៀវទេសចរជាច្រើនតែងតែទៅចូលទស្សនាគ្រប់ពេលវេលា ព្រោះ វាប្រកបដោយទាសភាពទឹកទន្លេដែលហ៊ុំព័ទ្ធនារដូវវស្សាប្រៀបបីដូចជាកោះមួយដែលស្ថិតនៅចំកណ្តាលសមុទ្រដូននោះដែរ។ម៉្យាងវិញទៀត ព្រៃឈើដុះព័ទ្ធជុំវិញមានពណ៌បៃតងខៀវស្រងាត់អមទៅដោយសំលេងរ៉ៃយំរន្តំនារដូវស្លឹកឈើលាស់៕ 

11. ខេត្តកំពង់ស្ពឺ


                               ខេត្តកំពង់ស្ពឺ​  ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខេត្ត​ដែល​សំបូរ​ដោយដើម​ត្នោត​ច្រើន​ជាង​គេ និង តំបន់​ទាក់ទាញជាច្រើនដូចជា ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ សារមន្ទីរនរៈបូរី  អំពែភ្នំ ទឹកជ្រោះអន្លង់រ័ត្ន តំបន់ទេសចរណ៍ជនជាតិសួយ រមណីយដ្ឋានវប្បធម៌ធម្មជាតិ​ភ្នំព្រះ ។

11.1 ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ


                              ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ គឺ​ជា​​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​មួយ​ដ៏​ល្បី​ ក្នុង​ចំណោម​​ រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ធំៗ​ដទៃ​ទៀត​​​នៅ​ក្នុង​​ប្រទេស​ កម្ពុជា​ ហើយ​គិរីរម្យ​​ក៏​ជា​​រមណីយដ្ឋាន​មាន​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​​ កាល​ពី​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម។ រមណីយដ្ឋាន​ឧទ្យានជាតិ​នេះ​ សំបូរ​ទៅ​ដោយ​ទេសភាព​​ល្អ​ប្រណិត​លំអ​ដោយ​ដើម​ស្រល់​ដុះ​ពី​ធម្មជាតិ​នៅ​លើ​ ខ្ពង់រាប​គិរីរម្យ​ ជ្រោះ​ទឹក​ធ្លាក់​​ និង​សត្វ​ម្រឹគីម្រឹគា​ជា​ច្រើន​អំបូរ​រស់​នៅ​ទី​នោះ។ 

12. ខេត្តកែប


                              ក្រុងកែប  ធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ដែលខុសពីក្រុងព្រះសីហនុ ដែលមានឆ្នេរខ្សាច់ពណ៌ស។ ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។ ខេត្តកែប មាន កោះកុក កោះត្បាល់ កោះទន្សាយ កោះពោធិ៍  កោះម៉ាកប្រាង កោះម៉ាតាយ កោះសារ៉ាង កោះសេះ កោះស្ងួត កោះស្វាយ កោះស្វាយព្រៃ កោះហាលត្រី កោះអង្គ្រង កោះខ្ទះ 

12.1 កោះទន្សាយ


                              ឈ្មោះ កោះទន្សាយ បានមកពីពាក្យថា រំសាយ។ កាលមួយនោះដើម្បីចៀសឱ្យផុតពីកងទ័ពរបស់នាយបញ្ជាការ ព្រះអង្គម្ចាស់សាគររាជមានការអស់សង្ឃឹមយ៉ាងខ្លាំងដោយសារតែពួករាជបរិវាររបស់ទ្រង់មានសភាពនឿយហត់អស់ទៅហើយ។ ព្រះអង្គបានដឹកនាំកងទ័ពដែលសេសសល់ឆ្លងកាត់សមុទ្រទៅកាន់កោះមួយនៅចំពីមុខក្រុងកែប ដែលជាកន្លែងកងទ័ពបានចែកផ្លូវគ្នា។ ដោយហេតុនោះហើយ កោះនេះក៏ត្រូវគេហៅថាកោះរំសាយ កោះអម្សាយ កោះអន្សាយ និង កោះទន្សាយ ដែលយើងបានស្គាល់ដូចសព្វថ្ងៃនេះ។

13. ខេត្តប៉ៃលិន


                            ខេត្តប៉ៃលិន មានតំបន់ទេសចរណ៍ធម្មជាតិពិតៗ ។ ទឹកធ្លាក់ ហូរពីលើកំពូលភ្នំ មានព្រៃឈើអមជាមួយ គួរជាទីរម្យនា នាពេលលំហែរកាយ សម្រាប់គ្រួសារ ឬ សម្រាប់ លំហែរចិត្ត  ដូចជា  រមណីយដ្ឋាន​ភ្នំយ៉ាត រមណីយដ្ឋាន​ភ្នំកុយ រមណីយដ្ឋាន​អូរអែម រមណីយដ្ឋាន​ក្បាលអូរតាវ៉ៅ រមណីយដ្ឋាន​ទំនប់ទឹកភ្នំជីងចក់  ។

13.1  រមណីយដ្ឋាន​ភ្នំយ៉ាត


                             រមណីយដ្ឋាន​ភ្នំយ៉ាត ជា​តំបន់​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្រ្ត ដែល​ជា​វត្ត​ចាស់​សាង​សង់​ជា​រាង​វត្ត​កូឡា។​  ភ្នំ​យ៉ាត​ជា​តំបន់​ដែល​មាន​អបិយជំនឿ​ខ្លាំង​ក្លា​ណាស់សម្រាប់អ្នក​ដែល​រស់​នៅ​ក្រុង​ប៉ៃលិន និង​អ្នក​ដំនើរ​ឆ្លង​កាត់​តំបន់​នោះ​ ជា​ពិសេស​ជា​តំបន់​ដែល​នៅ​សល់​រ៉ែ​ត្បូង​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​ក្រុង​ប៉ៃ​លិន។

14. ខេត្តពោធិ៍សាត់


                               ខេត្តពោធិ៍សាត់ គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេស និងមាន តំបន់ទាក់ទាញ ដូចជា បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង តំបន់​បាក់​ត្រា ភ្នំ​បា​ឃ្នះ កំពង់ហ្លួង ​កំពែង ភ្នំ​ដាក់​ព្រះ កោះ​សំពៅ​មាស ព្រះ​ធាតុ  ។

14.1 បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង


                                       បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង ជាបូជនីដ្ឋាន​ប្រវត្តិសាស្ត្រ​​និង​ជាទី​សក្ការបូជា​របស់​ប្រជាជន​ខ្មែរ ទី​នេះ​ជា​តំបន់​ប្រវត្ដិសាស្ដ្រ​មួយ​យ៉ាង​សំខាន់ ជា​តំបន់​ដែល​រំលឹក​ឡើង​វិញ​ចំពោះ​វីរភាពអង់អាច​ក្លាហាន ហ៊ាន​បូជាជីវិត​របស់​បុព្វបុរស​ខ្មែរ​យើង ក្នុង​បុព្វហេតុ​ការពារ​ទឹកដី មាតុភូមិ ពី​ពួក​ចោរ​ឈ្លានពាន​។

15. ខេត្តកំពង់ឆ្នាំង


                             ខេត្ត​កំពង់ឆ្នាំង​ ពឹងផ្អែកទាំងស្រុង​លើការនេសាទ ការបង្កបង្កើនផលស្រូវ បន្លែផ្លែឈើ និងរោងចក្រកាត់ដេរ។ ជាពិសេសនៅតាមតំបន់ជនបទ គេចិញ្ចឹមជីវិតដោយ​ធ្វើកសិកម្ម​ ខេត្ត​កំពង់ឆ្នាំងក៏មាន តំបន់ទាក់ទាញ ដូចជា​​ ប្រាសាទ​កំពង់ព្រះ​ ប្រាសាទតូច ប្រាសាទថ្មប្តី ប្រាសាទប្រុស ប្រាសាទ​ពណ្ណរាយ​ ប្រាសាទព្រះស្រី  ភ្នំ​ក្រាំង​ដី​មាស ភ្នំ​ក្រាំង​រមាស​ ភ្នំ​តា​រាជ ភ្នំ​នាង​ក​ង្រី

15.1 ភ្នំ​នាង​ក​ង្រី 


                             ភ្នំ​នាង​ក​ង្រី  ជាតំបន់ធម្មជាតិដែលទាក់ទាញភ្ញៀវទេសចរ ដោយសារតែភ្នំ​នាង​ក​ង្រីមាន   ដើមឈើខ្ពស់និងស្រស់ស្អាត និងមានរុក្ខជាតិផ្កាដែលបន្ថែមសម្រស់ធម្មជាតិនិងការទាក់ទាញ។ 

16. ខេត្តក្រចេះ


​​​​​​                              ក្រចេះ ជាខេត្តមួយដែលមានកន្លែងទេសចរណ៍កួរឲ្យទាក់ទាញភ្ញៀវទេសចរណ៍មានដូចជា រមណីយ​ដ្ឋាន​ព្រែកកាំពី ដែលមានសត្វផ្សោតទឹកសាបដ៍កម្រនៅលើពីភពលោក  ​វត្ត​សសរ​១០០​​ វត្តភ្នំសំបុក ភ្នំសុពណ៌កាឡី សួនស្នេហ៍ថ្មបាំង ។

        16.1 រមណីយ​ដ្ឋាន​ព្រែកកាំពី


                               ភ្ញៀវទេសចរណ៍ដែលបានចូលមកទស្សនា រមណីយ​ដ្ឋាន​ព្រែកកាំពី  ដែលមានសត្វផ្សោតទឹកសាបដ៍កម្រ ​​ប្រាកដ​​ជា​​មាន​អារម្មណ៏ សប្បាយ​រីករាយ​ នឹង​បាន​គយ​គន់​ទេសភាព​ និង​ស្រូប​ខ្យល់​រំភើយៗ​នា​ពេល​រសៀល​ថៃ្ង​រៀប​លិច ដ៏​ស្រស់​ត្រកាល។​

17.  ខេត្តរតនគិរី


                             ខេត្ត​រតនគិរី​​ ជាគោលដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​រាប់​ពាន់​នាក់​ជា​រៀងរាល់​ឆ្នាំ ។​ ភាគ​ច្រើន​នៃ​ប្រជាជន​រតនៈគិរី​ជា​ជនជាតិ​ភាគតិច តំបន់ទាក់ទាញទេសចរណ៍សំខាន់របស់ខេត្តរតនគិរី មាន បឹងយក្សឡោម  ទឹកធ្លាក់កាចាង ទឹកធ្លាក់កាទៀង ទឹកធ្លាក់អូរស៊ីនឡែ  ទឹកធ្លាក់អូរសែនស្រណោះ ទឹកធ្លាក់ចាអ៊ីង ឧទ្យានជាតិវីរៈជ័យ ។ 

17.1 បឹងយក្សឡោម


                              បឹងយក្សឡោម​ ជារមណីយដ្ឋានដ៏មានប្រជាប្រិយភាពនៅក្នុងខេត្តរតនៈគីរី។ បឹងដែលជាស្លាកស្នាមនៃមាត់ភ្នំភ្លើងប្រមាណ ៤០០០ ឆ្នាំមុន ។ ដោយបឹងនេះមានជំរៅ​ជ្រៅ​រហូតដល់​ ៤៨ម៉ែត្រ ទឹកបឹងមានសភាពថ្លាឆ្វង់ហើយស្អាត។ មាត់បឹងមានរាងស្ទើរជារង្វង់ដែលមានអង្កត់ផ្ចិតប្រមាណ ៧៥០ម។ នៅជុំវិញបឹង សំបូរ​ដោយ​ដើម​ឈើធំៗ ដែលជាជំរកនៃ​សត្វសេក និងសត្វកំរៗនានាជាច្រើន។

18. ខេត្តឧត្ដរមានជ័យ


                             ខេត្ត​ឧត្តរមានជ័យ​ បានទទួលកេរ្តិ៍ដំណែលវប្បធម៌​មួយចំនួន ដែលសព្វថ្ងៃ​បានក្លាយជា​តំបន់ទេសចរណ៍​ដ៏គួរអោយ​ចាប់អារម្មណ៍​ពីសំណាក់ភ្ញៀវទេសចរជាតិ​និង​អន្តរជាតិយ៉ាងច្រើន ដូចជា  ប្រាសាទព្រហ្មកិល ប្រាសាទតាមន្ត ជាដើម។

18.1 ប្រាសាទព្រហ្មកិល


                             ប្រាសាទព្រហ្មកិល ឬ​​​ ប្រាសាទតាព្រហ្មកិល ​ត្រូវ​បាន​សាង​ឡើង​ពី​ថ្មភក់​ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា ។ ប្រាសាទ​នេះ​ជាប្រាសាទ​មួយ​ដែល​មាន​រាង​តូចច្រឡឹង ហើយ​មាន​ សិលា​ចារឹក​មួយ​ដែល​មាន​ចុះ​ព្រះ​រាជ​បញ្ជា​ផ្សេងៗ​នៃព្រះបាទជ័យវរ្ម័នទី ៧ ដែល​ឆ្លាក់​ជាប់​នឹង​មន្ទីរ​ព្យាបាល​រោគ ។ តាម​សិលា​ចារឹក​នៅ​ប្រាសាទ​តាព្រហ្ម​ប្រាប់ថា ប្រាសាទ​នេះ​ជា​ធម្ម​មន្ទីរ សម្រាប់​ស្វាធ្យាយន៍​ធម៌​ប៉ែក​ខាង​ព្រះពុទ្ធសាសនា ។

19. ខេត្តព្រៃវែង


                                ខេត្ត​ព្រៃវែង​មាន​​តំបន់​​​ទេសចរណ៍​វប្បធម៌​ តំបន់​ទេសចរណ៍​ធម្មជាតិ និង តំបន់​ទេសចរណ៍​​កែច្នៃ មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ក្នុង​ស្រុក ភ្ញៀវ​មក​ពី​ខេត្ត​ក្រុង​ផ្សេងៗ​ និង ភ្ញៀវ​​ទេសចរណ៍​បរទេស ដូចជា រមណីយដ្ឋានបាភ្នំ​  ប្រាសាទ​ព្រះ​វិហារច័ន្ទ ទំនប់​ស្នេហ៍  ​បូជនីយដ្ឋាន​បារាយ​អណ្តែត ប្រាសាទព្រៃដើមស្រុក ។ 

19.1 រមណីយដ្ឋានបាភ្នំ​


                              រមណីយដ្ឋានបាភ្នំ​ ​ក៏​ជា រមណីយដ្ឋាន​មួយ​ផងដែរ​របស់​ខេត្តព្រៃវែង ដែលមាន​ភ្នំនៅក្បែរៗគ្នា គឺ​ភ្នំ​ល្អាង ភ្នំ​ធំ ភ្នំ​បញ្ជរ។ នៅ​ទីនោះ​មាន​ទេស​ភាពល្អ ជាពិសេស​ទេសភាព​ពីលើ​កំពូលភ្នំ ដែល​អ្នកស្រុក ភ្ញៀវទេសចរ​នានា​ចូលចិត្ត​ទៅ​កម្សាន្ត ផង និង​ដើម្បី​បួងសួង​សុំ​សេចក្ដីសុខ​ផង នៅពេល​មាន​ពិធី​បុណ្យទាន​ផ្សេង។ 

20. ខេត្តស្ទឹងត្រែង


                              ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជា។ ឈ្មោះដើម ហៅថា សៀងតេង ។ ទីក្រុងរបស់ខេត្តស្ទឹងត្រែង មាន តំបន់ទេសចរណ៍ដូចជា  រមណីយដ្ឋានអូរពងមាន់ រមណីយដ្ឋានថាឡាបរិវាត់ រមណីយដ្ឋានកោះខ្សាច់ ទន្លេសាន វត្តហាំងខូបា ។

     20.1 ទន្លេសាន


                             ទន្លេសាន ក្នុងខេត្តស្ទឹងត្រែងលាតសន្ធឹងស្រស់ស្អាតនៅតាមផ្លូវ  មាន ដើមឈើតូចធំ រុក្ខជាតិ​ សត្វផ្សេងៗ គួរអោយចាប់អារម្មណ៍​។ ទាំងអស់នេះហើយ​គឺ​ជា​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា ។

21. ខេត្តកណ្ដាល


                            ខេត្តកណ្ដាលព័ទ្ធជុំវិញរាជធានីភ្នំពេញទាំងមូល។ ខេត្តនេះក៏ជាប៉ែកមួយនៃផ្ទៃទីក្រុងមេភ្នំពេញធំជាងគេដែលមានប្រជាជនមួយលាននាក់រស់នៅក្នុង និង ព័ទ្ធជុំវិញខេត្ត និងមាន ភ្នំឧដុង្គ និង វត្តជាច្រើន ដើម្បី ទីជាសក្ការៈនៅលើព្រះពុទ្ធសាសនា។  

21.1 ភ្នំឧដុង្គ


                             ភ្នំឧដុង្គ  ឬ​ភ្នំអដ្ឋរស្ស​ ជា​កន្លែង​មាន​ព្រះ​សក្យ​មុនីចេតិយ តម្កល់​ព្រះ​​សារី​រិក​ធាតុ ប៉ុន្តែ​សារីរិកធាតុ ដែល​តម្កល់​ក្នុង​កោដិ ត្រូវ​បាន​ចោរលួច​កាលពីយប់​ថ្ងៃទី​១០ធ្នូ និង​ក្រោយ​មក​រក​ឃើញ​នៅ​ថ្ងៃទី​៦ កុម្ភៈវិញ។ ឥឡូវនេះ ព្រះ​សារីរិកធាតុ ត្រូវ​បាន​ដាក់​តម្កល់នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង ដែល​មន្ត្រី​ឲ្យ​ដឹង​ថា រង់ចាំ​ឱកាស​ល្អ​តា​ម​ព្រះ​ពុទ្ធ​សាសនា​ ដើម្បី​ដង្ហែរ​ទៅតម្កល់​នៅ​កន្លែង​ដើមវិញ។

22.  ខេត្តស្វាយរៀង


                             ខេត្ដស្វាយរៀង ឋិត​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំប្រទល់​ដែន​វៀតណាម ដែល​មាន​ច្រកព្រំដែនអន្ដរជាតិ​មួយ​ល្បីឈ្មោះ​គឺ​ច្រកព្រំដែន​បា​វិត ច្រកព្រំដែន​បា​វិត​គឺជា​មជ្ឈមណ្ឌល​ទេសចរ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន​ជាងគេ​ក្នុង​ចំណោម​តំបន់​កំសាន្ដ ពិសេស តានិស្ដេចកាស៊ីណូ​ក្នុងខេត្ដ​នេះ​។

     22.1 តានិស្ដេចកាស៊ីណូ


                             តានិស្ដេចកាស៊ីណូនិងសណ្ឋាគារ ជាជម្រើសអស្ចារ្យសម្រាប់ភ្ញៀវ​ទេសចរ​ មកស្នាក់នៅទស្សនាក្រុងបាវិត។ 

23. ខេត្តបន្ទាយមានជ័យ


                               ខេត្តបន្ទាយមានជ័យ តំបន់​​ជា​ផ្នែក​មួយ​នៃ​អាណាចក្រ​ខ្មែរ ដោយសារ​នៅ​ភាគ​ខាងជើង​ខេត្ត​គេ​ឃើញ​មាន ប្រាសាទ​បន្ទាយឆ្មារ ដែល​គេ​ជឿ​ថា​ត្រូវ​បាន​សាង​ឡើង​នៅ​រវាង​សតវត្ស​ទី​១២ និង ទី​១៣​។ 

  23.1 ប្រាសាទ​បន្ទាយឆ្មារ 


                             ​ប្រសាទ​បន្ទាយ​ឆ្មារ​ ក៏​មាន​ឈ្មោះ​ជាប់​​ជា​រតនសម្បត្តិ​យ៉ាង​មានតម្លៃ​​​​ដែល​​គេហទំព័រ​លំដាប់​ពិភពលោក CNN យក​​មក​ចុះ​ផ្សាយ​ផង​ដែរ។ ការ​ចុះ​ផ្សាយ​​​​ខាងលើ​បាន​​ចាត់​ទុក​ថា ​ប្រសាទ​បន្ទាយ​ឆ្មារ និង តំបន់​ប្រវត្តិសាស្ត្រ​មាន​តម្លៃ​វិសេសវិសាល  ។

24. ខេត្តកោះកុង


                            កោះកុង មានខ្សែឆ្នេរសមុទ្រដ៏វែងដែលមិនទាន់បានអភិវឌ្ឍ និង ទីខាងក្នុងព្រៃ ភ្នំ ដែលមិនអាចចូលទៅដល់ដ៏ធំល្វឹងល្វើយហ៊ុំព័ទ្ធដោយផ្នែកនៃជួរភ្នំក្រវាញ ឧទ្យានជាតិដ៏ធំបំផុតរបស់កម្ពុជា គឺឧទ្យានជាតិបទុមសាគរ និងក៏ជាផ្នែកមួយនៃឧទ្យានជាតិគីរីរម្យ។ ខណៈនោះដែរតំបន់នេះក៏ជាតំបន់នាំចេញ ហើយសុខូបត្ថម្ភវត្ថុកំពង់ផែថ្មីៗត្រូវបានគេអភិវឌ្ឍឡើងដើម្បីធ្វើពាណិជ្ជកម្ម។

  24.1 ឧទ្យានជាតិបទុមសាគរ 


                            ឧទ្យានជាតិបទុមសាគរ  ជាឧទ្យានជាតិធំជាងគេបំផុត នៃប្រទេសកម្ពុជា ដែលមានធម្មជាតិស្រស់ស្អាត ដែលមានភាពទាក់ទាញទេសចរណ៍

25. ខេត្តត្បូងឃ្មុំ


                             ខេត្ត​ត្បូងឃ្មុំ មានឈ្មោះ​ល្បីល្បាញ តាំងពី​សម័យ​លង្វែក​មក​ម្ល៉េះ ដោយសារ​តំបន់​នេះ​ទាក់ទង​ដល់​រឿង​ទុំ​ទាវ​។ ពី​មុន​ត្បូងឃ្មុំ ជា​ខេត្ត ដែល​បុរាណ​ហៅ​ថា “​ដី​”(​ក្សេត្រ​) គ្រប់គ្រង​ដោយ​ស្តេចត្រាញ់​មាន​ខេត្ត​ចំណុះ​ជា​ច្រើន​។ ឯ​ប្រវត្តិ​ឈ្មោះ​ខេត្ត​នេះ​មានការ​ចង​ចាំ​ត​ៗ គ្នា ពី​មនុស្ស​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ​​។ ក្នុង​ដំណាល​នោះ​បាន​ពោ​លត​ៗ​គ្នា​ថា មូលហេតុ​ដែល​ស្រុក​នេះ​មានឈ្មោះ​ត្បូងឃ្មុំ ក៏​ដោយសារ​ពី​ដើម​មាន​ដើម​ស្ពុង​ធំ​មួយ​ដុះ​ជាប់​នឹង​ផ្លូវ ហើយ​នៅ​មែក​ស្ពុង​នោះ​មាន​ឃ្មុំ​ធំ​១​សម្បុក​។ ឃ្មុំ​នោះ​កាច​ខ្លាំង​ណាស់ ឲ្យ​តែ​មាន​អ្នកដំណើរ​ណា​ដើរ​តាម​ផ្លូវ ហើយ​វា​ធុំក្លិន​មនុស្ស ក៏​ហើរ​មក​ទិច​រត់​មិន​សព្វ​ដី​។ ឯ​អ្នក​ដែល​ត្រូវ​ឃ្មុំ​ទិច​នោះ​ចិត្តល្អ ក៏​ប្រាប់​អ្នកស្រុក​ឯទៀត​ថា បើ​ចង់​ឆ្លងកាត់​ត្រង់​ចំណុចដើម​ស្ពុង​នោះ ត្រូវ​ដើរ​ពី​ខាងត្បូង​ឃ្មុំ (​ពីលើ​ខ្យល់​) ដើម្បី​កុំ​ឲ្យ​ឃ្មុំ​វា​ធុំក្លិន បើ​ពុំនោះ​ទេ ច្បាស់​ជា​វា​ហើរ មក​ទិច​មិន​ខាន​។ តាំងពី​ពេល​នោះ​មក​មនុស្ស​ក៏​ប្រាប់ត​ៗ​គ្នា ជាប់​ឈ្មោះ​ថា “​ត្បូងឃ្មុំ​” រហូត​ទល់​សព្វថ្ងៃ​។ 

ឯកសារយោង

- សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ភលើកទី ២ ឆ្នាំ ២០០៥ ដោយ កែវ ភួង
- ស្ថានបណ្ដាញស្តីអំពីព័ត៌មានទេសចរណ៍នៃប្រទេសកម្ពុជាមិនគិតកម្រៃ
- ​​​ប្រវត្តិសាស្ត្រខ្មែរដើមសតវត្ស៍ទី២១ ​ចេញផ្សាយលើកទី១.cks. ២០០៥ ដោយ​លោកដេវីឌ-ឈែនដ្លឺរ។
- https://km.wikipedia.org/wiki/

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon