Tuesday, November 10, 2015

រឿង ប្រវត្តិភ្នំសំពៅ


            ​​​​​នៅខាងលិចទីរួមខេត្តបាត់ដំបងចម្ងាយប្រហែលជា១២គីឡូម៉ែត្រមានភ្នំជាច្រើនដែលនៅជិតៗគ្នាដូចជា ភ្នំសំពៅ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា និងភ្នំរំសាយសក់ជាដើម។ កាលណោះមានដំណាលតៗគ្នាមកថា មានស្តេចមួយអង្គមាន ព្រះរាជបុត្រព្រះនាម រាជកុល ទ្រង់បានតាំងព្រះរាជវាំងនៅលើជួរភ្នំដងរែក។ មាននារីម្នាក់ឈ្មោះ សុវណ្ណមសា នាងរើសបានពងមួយដែល មិនស្គាល់ថាជាពងអ្វីឡើយ។ លុះដល់ថ្ងៃខែញាស់ស្រាប់តែចេញកូនក្រពើដ៏តូចមួយនាងឃើញល្អអស្ចារ្យក៏ស្រឡាញ់ពេញចិត្ត និងខំចិញ្ចឹមថែរក្សាកូនក្រពើនោះរហូតដល់ធំ។វាជាសត្វក្រពើដែលឆ្លាតមានរូបរាងធំសម្បើមណាស់ដែលម្ចាស់វាដាក់ឈ្មោះឲថា ក្រពើអាធន់។ព្រះបាទ រាជកុល ទ្រង់បានសព្វព្រះរាជហឬទ័យនឹងនាងសុវណ្ណមសាគឺជាកូនអ្នកក្រីក្រម្នាក់ដែលមានរូបឆោម សក្តិសមល្អឥតខ្ចោះ។ ក្រពើរបស់នាងមានបហិទ្ធិឬទ្ធិខ្លាំងពូកែណាស់វាជាសត្វក្រពើដែលក្លាហានមានប្រាជ្ញាឈ្លាសវៃ ទៀតផង។ បន្ទាប់ពីព្រះអង្គមានទំនាក់ទំនងជាមួយនាងហើយ ក៏ទ្រង់មានព្រះទ័យពុំសូវល្អទៅវិញ ដោយទ្រង់មាន ព្រះតម្រិះយល់ឃើញថា មិនអាចរៀបអភិសេកជាមួយនាងបានឡើយព្រោះនាងជាកូនរាស្រ្តសាមញ្ញធម្មតាតែប៉ុណ្ណោះ។ ទ្រង់គិតច្បាស់លាស់ហើយ ក៏យាងទៅទូលព្រះវររាជមាតា-បិតា។ ស្តេចទាំងពីរអង្គក៏យល់ព្រមហើយចាត់មនុស្សក្នុងរាជវាំង ស៊ើបសួររកស្រីណាដែលមានពូជពង្សវង្សត្រកូលខ្ពង់ខ្ពស់ដើម្បីមករៀបអភិសេកជាមួយព្រះរាជបុត្ររបស់ព្រះអង្គ។ ក្រោយមកឮដំណឹងចា នៅស្រុកចន្ទបុរីមានស្តេចមួយអង្គមានព្រះរាជបុត្រីព្រះមាន នាងរំសាយសក់ដែលមានសក់ទិព្វ ចង់បានអ្វីអាចធ្វើបានទាំងអស់ គ្រាន់តែព្រះនាងច្បូតសក់ ដីគោកក្លាយជាទឹក ពីទឹកក្លាយជាដីគោកបាន។ ព្រះវរមាតា-បិតានៃ ព្រះបាទរាជកុល បញ្ជាសេនានាំព្រះរាជសារទៅថ្វាយស្តេចក្រុងចន្ទបុរីដើម្បីស្តីដណ្តឹងព្រះរាជបុត្រី តាមប្រពៃណី។ ស្តេចក្រុងចន្ទបុរី ពេលបានទទួលដំណឹងនេះហើយក៏យល់ព្រមហើយឆ្លើយតបព្រះរាជសារមកវិញថា "បើទ្រង់សព្វព្រះរាជហឬទ័យលើបុត្រីទូលព្រះបង្គំសូមព្រះអង្គលើកបណ្ណាការមកចុះ" ។ ព្រះបាទរាជកុល បានសណ្តាប់ដូច្នេះហើយក៏មានព្រះទ័យសោមនស្សរីករាយពន់ពេកទើបបញ្ជាឲពលសេនារៀបចំ គ្រឿងបណ្ណាការគ្រប់មុខយ៉ាងឧឡារិកផ្ទុកក្នុងសំពៅដើម្បីធ្វើព្រះរាជដំណើរចេញទៅកាន់ក្រុងចន្ទបុរី។ ចំណែក សុវណ្ណមសា វិញ ពេលជ្រាបពីដំណឹងនេះហើយក៏មានចិត្តមួម៉ៅក្តៅក្រហាយ ទើបប្រើ ក្រពើអាធន់ ឲទៅតាមកល់សំពៅ នោះឲលិចហិនហោចវិនាសអន្តរាយ ព្រោះនាងមិនចង់ឲព្រះអង្គទៅរៀបអភិសេកជាមួយព្រះនាងនោះឡើយ។ ចំណែក ក្រពើអាធន់ គ្រាន់តែឮម្ចាស់ប្រើដូច្នេះបោះពួយក្នុងទឹកលឿនដូចព្រួញសំដៅទៅរកសំពៅ ព្រះបាទរាជកុល។ ព្រះបាទរាជកុល ទ្រង់ក្រឡេកឃើញ ក្រពើអាធន់ ក៏មានព្រះបន្ទួលខ្លាំងៗថា"នែ៎ អាធន់ អញទេ! ឯងកុំធ្វើអីផ្តេសផ្តាស ឲសោះ" ក្រពើអាធន់ ទូលតបវិញថា "ស៊ីបាយអ្នកណាយកអាសាអ្នកនោះ" ពលសេនាឃើញក្រពើធំសំបើមយ៉ាងនេះក៏ភ័យ ស្រែកឆោឡោពេញសំពៅ ខ្លះបោះត្រឡាចល្ពៅ ខ្លះបោះទ្រុងមាន់-ទ្រុងទាទៅឲក្រពើស៊ី ដើម្បីកុំឲវាមកផ្អាកដំណើររបស់ ព្រះអង្គ។ ព្រះបាទរាជកុល ខំបួងសួងថា "សូមអស់លោកទេវតាដែលថែរក្សាទឹកដីនេះសូមជួយពួកយើងទាំងអស់គ្នាឲរួចផុតពី គ្រោះថ្នាក់នេះផង"។ ដោយបុណ្យបារមីរបស់ព្រះអង្គសេចក្តីបន់ស្រន់នេះក៏រំជួលទៅដល់ព្រះឥន្ទ្រាធិរាជ។ ព្រះឥន្ទ្រាធិរាជ ក៏ផ្តល់ដំណឹងនេះទៅ នាងរំសាយសក់ហើយព្រះនាងក៏ចាប់ផ្តើមច្បូតព្រះកេសីឲទឹកសមុទ្រខះរីងស្ងួតទៅជាដីគោក ទាំងអស់។ ក្រពើអាធន់ ក៏ជាប់ផុងស្ងួតស្រកាក្នុងដីរមួលខ្លួនប្រកាច់ប្រកិនយ៉ាងលំបាកមុននឹងដាច់ខ្យល់ស្លាប់។ លុះសមុទ្រក្លាយជាដីគោកហើយ ព្រះបាទរាជកុលបញ្ជាពលសេនាជញ្ជូនរបស់ទាំងអស់ធ្វើដំណើរទៅកាន់ក្រុងចន្ទបុរី ដើម្បីរៀបអភិសេកជាមួយព្រះនាងរំសាយសក់។ ត្រង់ខ្លួនក្រពើក៏កើតជាភ្នំមួយដែលសព្វថ្ងៃគេហៅថា "ភ្នំក្រពើ"។ កន្លែងដែលក្រពើនោះគោះកន្ទុយ និងត្រង់ច្រមុះក្រពើក៏កើតជាបឹងពីរហៅថា "បឹងកន្ទុយក្រពើ និងបឹងច្រមុះ ក្រពើ" ឯសំពៅក៏កើតជាភ្នំមួយមានរូបរាងដូចសំពៅសុទ្ធសាធឈ្មោះថា"ភ្នំសំពៅ"។ ចំណែកក្តោងសំពៅក៏ធ្លាក់ចូលទៅក្នុងទឹកបាន កើតជាភ្នំមួយហៅថា "ភ្នំក្តោងសំពៅ"។ ទ្រុងមាន់ ទ្រុងទាដែលពួកគេបោះឲក្រពើអាធន់ក៏កើតជាភ្នំហៅថា "ភ្នំទ្រុងមាន់-ភ្នំទ្រុងទា" នៅត្រង់កន្លែងដែលព្រះនាងរំសាយសក់ ច្បូតសក់នៅខាងត្បូងភ្នំសំពៅនោះក៏កើតជាភ្នំមួយទៀតគឺ "ភ្នំរំសាយសក់"។ បន្ទាប់ពីបានរៀបអភិសេករួចរាល់ហើយ ព្រះបាទរាជកុលគង់លើដំរីនាំព្រះមហេសីព្រមទាំងពលសេនាហែហមយាងត្រឡប់ មកព្រះរាជវាំង វិញ។ នៅពេលកំពុងធ្វើដំនើរមកដល់ពាក់កណ្តាលផ្លូវទ្រង់ទតឃើញភ្នំទាំងអស់មានព្រះទ័យខ្ញាល់នឹង សុវណ្ណមសា ជាអនេក ព្រោះតែនាងចិត្តអាក្រក់បានជាវិនាសអន្តរាយយ៉ាងនេះ។ ដោយសារតែ សុវណ្ណមសា ចេះតែមានគំនុំលើព្រះបាទរាជកុល ព្រះអង្គក៏បញ្ជាពេជ្ឃឃាឌឲទៅចាប់នាងដើម្បីកាត់ទោសប្រហារជីវិត ទ្រង់ធ្វើយ៉ាងនេះព្រោះមិនចង់ឃើញនាងបង្ករបញ្ហាតទៅទៀត។ ត្រង់ក្បាលនាងក៏កើតជាភ្នំមួយហៅថា "ភ្នំសងក្បាល" ដែលសព្វថ្ងៃក្លាយជា "ភ្នំសងក្បាន" ទៅវិញ។ ចំណែកព្រះបាទរាជកុល និង ព្រះនាងរំសាយសក់ រស់នៅស្រឡាញ់គ្នាលុះអវសានជីវិត។

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon