Thursday, November 5, 2015

ពិធី​​​បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែ​


                     ក្នុង​ពិធី​នេះ មាន​ការ​លយ​ប្រទីប ដើម្បី​ឧទ្ទិស​កុសល​ដល់​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​សប្បាយ​ ភោគ​ផល​ក្នុង​ការ​ងារ​កសិកម្ម របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ។ នៅ​ពេល​យប់ តាម​ក្រសួង​នីមួយ​ៗ មាន​បណ្ដែត​ប្រទីប​លម្អ​ទៅ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​គួរ​ជា​ទី​គយ​គន់ និង​បាញ់​កាំជ្រួច​ព្រោង​ព្រាត ដែល​មាន​មនុស្ស​ម្នា​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ បញ្ចេញ​នូវ​ស្នាម​ញញឹម​គ្រប់​គ្នា ។
                 
​​​​​​​                    ចំណែក​ឯ​ពិធី​អក​អំបុក និង​សំពះ​ព្រះខែ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ឡើង ដើម្បី​រម្លឹក​ដល់​ព្រះពោធិសត្វ ដែល​យក​កំណើត​ជា​ទន្សាយ​បាន​លះបង់​អាយុ​សង្ខារ​ក្នុង​ការ​បំពេញ​បារមីទាន​ ដល់​ឥន្ទ្រព្រាហ្មណ៍​។ ដោយ​ឥន្ទ្រព្រាហ្មណ៍ បានប្រែក្រលាកាយជាតាចាស់ ហើយ​ព្រះ​អង្គ​បាន​និយាយ​ថា “ជីវិត​ខ្ញុំ​នឹង​ក្ស័យ​ជា​មិន​ខាន​ធ្វើ​ម្ដេច​នឹង​បាន​អាហារ​បរិភោគ” ។ ពេល​នោះ​ទន្សាយ​ពោធិសត្វ​បាន​ពោល​ថា “ខ្ញុំ​មាន​តែ​សាច់ និង​ឈាម​ត្រូវ​ការ​ឲ្យ​ជា​ទាន បើ​អ្នក​ចង់​បាន​ចូរ​រក​អុស​មក​បង្កាត់​ភ្លើង​ទៅ​ចុះ ខ្ញុំ​នឹង​លោត​ចូល​ក្នុង​ភ្លើង​​ឲ្យ​បាន​ជា​អាហារ​បរិភោគ” ។ ឥន្ទ្រព្រាហ្មណ៍​គ្រាន់​តែ​ឮ​ដូច្នេះ ក៏​ទៅ​បង្កាត់​ភ្លើង​ចំណែក​ឯ​ទន្សាយ រលាស់ខ្លួន 3 ដងដើម្បីឲសត្វតូចៗដែលនៅជាប់តាមរោមជ្រុះឲអស់ រួចហើយក៏​លោត​ចូល​ភ្លើង​ភ្លាម​​ប៉ុន្តែ ដោយ​អំណាច​នៃ​សេចក្ដី​ជ្រះ​ថ្លា ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ទ្រ​មិន​ឲ្យ​ភ្លើង​ឆេះ​រោម​មួយ​សរសៃ​ឡើយ ។ ឃើញ​ដូច្នេះ ព្រះ​ឥន្ទ្រ​ក៏​ហោះ​ទៅ​ឋាន​លើ យក​ថ្មកែវមនោសិលា​គូស​រូប​ទន្សាយ​នៅ​​ក្នុង​រង្វង់​ព្រះ​ចន្ទ ជាប់​តាំង​ពី​នោះ​រហូត​មក ហើយ​មនុស្ស​គ្រប់​រូប​ឃើញ​រូប​ទន្សាយ​ច្បាស់​នៅ​ថ្ងៃ​១៥​កើត ។ ចំណែក​អ្នក​ស្រុក​តែង​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ​ នៅ​តាម​វត្ត​អារាម ភូមិ​ស្រុក និង​ទី​ប្រជុំ​ជន​នានា ដោយ​មាន​ចេក អំបុក​ ទឹក​ដូង ផ្លែ​ឈើ ។
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon