Thursday, November 5, 2015

រឿងមាយាស្ត្រី



​​​​​              ពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន ដល់យូរទៅប្រពន្ធ​នោះ​មានសាហាយ នាំមកដេកជាមួយក្នុងផ្ទះតែសព្វថ្ងៃ។ ថ្ងៃមួយប្ដីទៅ​ជីកដំឡូវក្នុងព្រៃ​ដល់ថ្ងៃក្ដៅ​ចូល​អាស្រ័យនៅខ្ទមអ្នកតា មួយ។ ប្រពន្ធរៀបឥវ៉ាន់ទៅបន់អ្នកតានោះ អោយទៅធ្វើប្ដីអោយ​ស្លាប់ នឹងយកសាហាយធ្វើប្ដី រៀបស្រេច ហើយ ក៏យកអីវ៉ាន់នោះ ដើរចូលទៅក្នុងខ្ទមអ្នកតា។ប្ដី​ឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកឆ្ងល់ថា «ប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះ» គិតហើយក៏ចូលទៅពួនក្រោយខ្នងរូបអ្នកតា លបស្ដាប់ប្រពន្ធ ។


           ឯប្រពន្ធក៏ចូលទៅអុចទៀនធូប ហើយនិយាយបន់អ្នកតាថា៖«ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដី​​ទៀត សូម អ្នកតាកាច់ប្ដីខ្ញុំអោយស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូក១។ប្ដីលឺដូច្នោះ ក៏ឆ្លើយឡើង​ពីក្រោយ​​ ​​អ្នកតា​ថា៖ « អើបើនាង មានសាហាយ ហើយចង់អោយអញកាច់ប្ដីនាង អោយស្លាប់នោះងាយ​ទេ វិលទៅផ្ទះវិញត្រូវរកមាន់ក្រាប  ទាំងមេទាំងពងមួយសំបុកស្ងោរអោយប្ដីនាងស៊ី​ទៅវាស្លាប់​ហើយ» មេនោះលឺដូច្នោះស្មានថា អ្នកតាបង្គប់ ក៏ប្រញាប់វិលទៅផ្ទះ រកទិញបានមេមាន់ក្រាប​មួយ​សំបុកស្ងោរទុកអោយប្ដីស៊ី ដើម្បីអោយស្លាប់ ហើយនឹង យកសហាយ ។

             លុះដល់ព្រលប់ប្ដីមកពីជីកដំឡូងដល់ហើយសួរថា៖ «កេហ៍អើយ !បានអីស៊ីបាយ?»។ មេ​នោះឆ្លើយថា៖ «ខ្ញុំបានមាន់ក្រាបមួយសំបុកស្ងោរទុកអោយអ្នក» ប្ដីថា «រៀបបាយមកស៊ី » ។ ប្រពន្ធក៏​លើកបាយ​ទាំងមាន់ ក្រាបមកអោយប្ដីស៊ី ប្ដីស៊ីអស់មាន់ហើយធ្វើជាឈឺដេកថ្ងូរហ៊ឹៗ ។ មេនោះអរណាស់ គិតស្មានថាប្ដីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយដ្បិតលឺថ្ងូរ ឯប្ដីក៏ធ្វើជា​ដេកទៅ មេនោះគិតស្មានថាប្ដីស្លាប់ ក៏បើកទ្វារនាំយក សាហាយចូលទៅដេកជាមួយ។អ្នកទាំង​​​​​ពីរកំពុងតែនិយាយគ្នាប្ដីក៏ក្រោកឡើងអង្អុយហៅប្រពន្ធមក ប្រាប់ ថា៖«រងារណាស់»។ ឯបុរស​សាហាយ​ឃើញប្ដីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុង ពាងធំមួយ នៅខាងដំនេក សំងំចាំប្ដីនោះដេកខ្លួននឹងចេញពីពាងនោះទៅដេកនឹងស្រីនោះទៀត។

             ប្ដីបានឃើញតែធ្វើជាមិនឃើញមិនដឹង ប្រាប់ប្រពន្ធថា៖ « រងារណាស់ ឯងដាំទឹកអោយគ្នា​មុជ​បន្តិច នឹង អាលស្លាប់ »មេនោះលឺថា ចង់ស្លាប់ដូច្នោះអរណាស់ ដ្បិតត្រូវ នឹង ពាក្យដែល​ទៅបន់​អ្នកតា។ លុះប្រពន្ធដាំ ទឹកពុះហើយ ប្ដីថា៖ «ទៅដងទឹកត្រជាត់បាន ១ក្អមមក យកមក​លាយ នឹងទឹកក្ដៅនេះ »។ ប្រពន្ធលឺប្ដីប្រើ ដូច្នោះក៏យកក្អមចេញទៅដងទឹក។ ប្ដីឃើញប្រពន្ធ​ទៅបាត់ក៏​ក្រោកឡើង ដើរទៅលើកទឹកពុះ១ខ្ទះនោះ​យក ទៅស្រោចលើ​សាហាយ​​នៅក្នុងពាង​នោះស្លាប់ទៅហើយចូលទៅដេកធ្វើជាឈឺថ្ងូរហ៊ឹៗទៀត។

              មេនោះវិលពីដងទឹកវិញ មើលទៅឃើញសាហាយត្រូវទឹកក្ដៅរួញសសៃដូចគេដកកចេញ​ពី​ពាង​មកក៏ អោនខ្សឹបថា៖«ថ្វីក៏មិនអោនទៅ វាមិនទាន់ដេកទេ»។ អានោះនៅឆ្ងក់ដដែល មេនោះ​យកដៃ​ទៅចាប់ច្រមុះ ទៅត្រូវស្លឹកត្រចៀករហែកជ្រុះទាំងសក់ ទើបដឹងថាប្ដីស្រេចទឹកក្ដៅ​ស្លាប់​សាហាយទៅហើយ ក៏ពុំស្ដីយក គ្របពាងមកគ្រប ហើយយកទឹកមកអោយប្ដីងូត។ ឯប្ដីក៏មិនស្ដី​ទឹកក៏មិនងូត ប្រាប់ប្រពន្ធថាអញគ្រាន់បើ ហើយ ហើយហៅប្រពន្ធចូលដេកទៅ ។

             លុះព្រឹកព្រហាមឡើង មេនោះពុំដឹងធ្វើដូចម្ដេច នឹងយកខ្មោចចេញអោយរួចផុតពីផ្ទះ ក៏នឹក​ឃើញថា «ក្នុងស្រុកនេះមានចោរ ៤នាក់តែងតែលបលូចអីវ៉ាន់អ្នកផងតែសព្វថ្ងៃគ្រប់ភូមិ ដូច្នេះ​អញនឹងគិតឲ្យចោរ  ទាំង ៤នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃអោយ​បាន»គិត​ ហើយក៏ដើរខ្ចីសំពត់ហូលអាវ ព្រែគេយកមកហាលជុំផ្ទះ។ឯចោលទាំង ៤នាក់នោះឃើញ​ហើយ​​​គិតថា «ជើ !មេនេះមានណាស់តើ !យប់ នេះយើង នឹងទៅលួចវាអោយបានកុំខាន​សព្វថ្ងៃយើង​ស្មានតែវាក្រ » ។

           មេនោះក៏ហាលសំពត់ហាលអាវព្រែនោះ លុះដល់ពេលល្ងាចយកទៅជួនគេវិញហើយ​យក​ខ្សែចងរិត រួចពាង ខ្មោចនោះអោយជាប់ទុកអោយចោរចូលមកសែងយកទៅ។ ឯចោរ ៤នាក់​លុះ​យប់ក៏បបួលគ្នាទៅ លួច ចូលទៅរករបស់ទាំងនោះពុំឃើញៗតែពាងមួយ​ចងមាត់ចាប់​បើក​ពុំរួច។ ចោរទាំង ៤នាក់និយាយគ្នា ថា៖ «របស់អស់នេះវាដាក់ក្នុងពាងនេះហើយ បើដូច្នេះ​យើង​ត្រូវ​សែងពាង​នេះ» ថាហើយក៏នាំគ្នាសែងពាង នេះទៅដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល។ អា១​លូកដៃទៅត្រូវសក់ ថាវ៉ឹយសូត្រ ដកដៃចេញ។ អា១លូក   ដៃ ទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែកច្រមុះ ស្រែកថា វ៉ឹយខ្មោចទេ ។ អា ១ មិនជឿក៏ល្អដៃទៅទៀតត្រូវ ដើមទ្រូង ដឹងថាខ្មោចមែន ក៏ស្ទះរត់​ចោល ហើយខឹងណាស់ថាដ្បិតមេនោះបញ្ឆោតអោយសែងខ្មោចចោលបាន។ចោរទាំង ៤នាក់​​គិតគ្នាថា « យើងឃ្លាំមើលមេនោះ បើឃើញវាដើរម្នាក់វាត្រូវគ្នាយើងចោមរោមចាប់វាវាយ   ឲ្យ​វា​រាង កុំអោយវាបញ្ឆោតយើងទៀត ។

              ជួនជាថ្ងៃមួយ មេនោះចុះទៅរកទិញអីវ៉ាន់ ដ្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ។មេ​នោះដើរដល់ ពាក់កណ្ដាលផ្លូវ ក៏ជួបចោរទាំង ៤នាក់នេះ ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវា បញ្ឆោតនោះ។ មេនោះឆ្លើយថា «ណ្ហើយអ្នក បើអ្នកវាយខ្ញុំក៏អិតប្រ​យោជន៍​ដែរ ដ្បិតខ្ញុំទៅទារប្រាក់ពីនាយ សំពៅ ដូច្នេះមក ! អញ្ជើញទៅ នឹងខ្ញុំៗ ទារប្រាក់បាន​ចែកគ្នាចាយលេង »។ ចោរទាំង ៤ នាក់ឮថាវាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្តបបួលគ្នាទៅ ។ មេនោះផ្ដាំចោរទាំង ៤នាក់ថា៖ «អស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះអ្នកចុះទៅ​ចុះ បានប្រាក់ហើយ»។ មេនោះនិយាយផ្ដាំចោរទាំង៤ នាក់ហើយ ក៏ចុះទៅសំពៅនិយាយ​នឹង​នាយសំពៅលក់ចោរទាំង ៤ នាក់ វាថាចោរនោះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនាយសំពៅ​ថា៖ « នុ៎ះហ្ន៎ ! វាទាំង ៤ នាក់បើវាចុះមក ខ្ញុំ    ឡើង ទៅលើគោក សូមអ្នកចាប់វាដាក់ច្រវាក់អោយ​ជាប់​ទៅ កុំអោយវារត់រួចបាន»។ នាយសំពៅព្រម    ហើយ សួរថា៖ «ខ្ញុំនាងអែងទាំង ៤ នាក់លក់​ថ្លៃប៉ុន្មាន?»។ មេនោះថា៖«ម្នាក់ថ្លៃ២ ណែន»។ នាយសំពៅ អោយ ១ណែនកន្លះ វាក៏ព្រម​លក់ ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង ៤នាក់។ ចោរទាំងនាក់គិត   ស្មានថាវាហៅអោយ​ទៅ​យកប្រាក់ក៏នាំគ្នា​ចុះទៅ ដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សអោយចាស់ ដាក់ច្រវាក់នៅ​បាតសំពៅទាំងអស់គ្នា។ មេនោះក៏យកប្រាក់ឡើងមកបាត់ ។

              បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញ ដល់កណ្ដាលផ្លូវចូលចួនជាយប់ពុំហ៊ានដើរទៅ​ទៀត​ក៏ឡើង ទៅដេកលើដើមឈើធំមួយនៅប្របផ្លូវនោះ។ឯចោរ ៤នាក់នាយសំពៅដាក់​ច្រវាក់​​​ជាប់​ហើយ​ក៏និយាយគ្នា ថា៖«ជើ!មេនោះហៅពេញជាប្រាជ្ញាធំវាបញ្ឆោតអោយយើងសែង​ខ្មោច​​​​​ទៅចោលក្នុងព្រៃ ហើយឥលូវវាលក់ យើងបានទៀត» ។ ចោរទាំង៤នាក់ខឹងណាស់កាច់ច្រវាក់​បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មក ទាំងយប់នោះ ចួនជាយប់យូរណាស់ក៏​នាំគ្នា​ឡើង ទៅដេកលើដើមឈើធំ ដែលមេនោះដេក ។ ចោរបីនាក់ ឡើងដេកលើមែកដោយខ្លួន ។ ចោរម្នាក់ឡើងទៅក៏ជួបមេនោះ នៅលើចុងឈើ ។ អាចោរនោះថា៖ «អើហង ឯងស្លាប់ហើយ​ម្ដងនេះ ហងឯងធ្លាប់តែបញ្ឆោតយើងអិលូវហងឯងរត់ចុះបើរួច ។ មេនោះលើកប្រាក់បង្ហាញ​ហើយខ្សឹបថា៖«ណ្ហើយអ្នកកុំស្ដី កុំអោយអ្នកទាំង ៣នាក់ដឹងយើងត្រូវយកគ្នាជាប្ដីប្រពន្ធ​ហើយ​​យកប្រាក់ នេះទៅចាយរកស៊ីស្រួលជាង អ្នកកុំធ្វើបាបខ្ញុំធ្វើអី» ។ អាចោរដូច្នេះក៏មិន ស្ដីខិតចូល​ទៅជិតលូកដៃអោប កៀកមេនោះថា៖ «អើ! ប្អូនឯងហៅប្រាជ្ញធំ បញ្ឆោតបងពីរដងហើយ ឥលូវ​បងបាននាងជាប្រពន្ធដោយ សារព្រេងសំណាងយើង» និយាយហើយក៏អោបថើបៗ ។ មេនោះ​ពុំប្រកែហើយថា៖ «ខ្ញុំក្រែងអ្នកស្រលាញ់ ខ្ញុំមិនស្មោះ ឯខ្ញុំស្រលាញ់អ្នកស្មោះចិត្តមួយហើយ»។ អាចោរនោះថា៖ «បងស្រលាញ់ស្មោះហើយនាងពុំ   ដឹងចិត្តបងចង់អោយបងស្បថ​រឺអោយបង​ធ្វើ​ម្ដេច?»។ មេនោះថា៖ «បើស្រលាញ់ចិត្តមួយនឹងគ្នា មានតែ   លិទ្ធ អណ្ដាតគ្នា»ទើបមេនោះលៀន​​​អណ្ដាតហើយអោនទៅរកអាចោរនោះ។ ឯអាចោរលិទ្ធអណ្ដាតមេ​នោះ ហើយ​លៀនអណ្ដាតឲ្យ​មេនោះលិទ្ធវិញ។ មេនោះខាំអណ្ដាតអាចោរនោះដាច់អស់មួយកំណាត់ ហើយច្រាន ទំលាក់ពី​លើចុងឈើធ្លាក់ដល់ដីស្រែកលឺតែឡុលៗ។ ឯចោរ​៣នាក់គិតស្មានថា​នាយសំពៅចោមចាប់ ក៏ លោតពីរមែកឈើរត់ទៅហើយស្រែកហៅគ្នាថា៖«វ៉ើយគ្នាយើងរត់នាយសំពៅដេញហើយ»។ អាចោរដែល ដាច់អណ្ដាតនោះស្រែកហៅគ្នាវាថា៖«មេនោះ នៅលើចុងឈើត្រូវមកចាប់»ប៉ុន្ដែ​វា​ដាច់អណ្ដាតនិយាយមិន ច្បាស់ឮតែឡុលៗ គ្នាវាគិតស្មានថា​គេដេញចាប់ចេះតែរត់យក​ប្រាស​​​​​​អាយុរៀងៗខ្លួន ។

          ឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះអោយប្ដី នៅរកស៊ីជាមួយនឹងប្ដីជាសុខ​សប្បាយ​ទៅ ។

 ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon