Tuesday, May 9, 2017

ព្រះស្តេចកន ភាគ៦​ ( ចប់ )



ក.ក.ន ៖ ហ្លួងព្រះ ស្តេចកន គឺជាអ្នកធ្វើបដិវត្តមួយនាសម័យដែលគ្មាននរណាអាចប៉ះពាល់ដល់ ព្រះរាជតំរិះរបស់ ស្តេចបាន ។ ការជំរុញឱ្យ ស្តេចកន តស៊ូធ្វើសង្គ្រាមជាមួយស្តេច គឺដោយសារតែ ស្តេចបានយកសុបិនរបស់ខ្លួនមក ចងអាឃាតសម្លាប់ ស្តេចកន ដែលគ្មានកំហុសថា ជាអ្នកជ្រែក រាជ្យ ហេតុនេះទើបមានការរត់គេចហើយបង្កជាទ័ព ធ្វើចំបាំងជាមួយស្តេច ។ នេះជាប្រវត្តិសាស្ត្រ មួយតែប៉ុណ្ណោះ ដែលគ្មាននរណាកាឡៃព្រឹត្តិការណ៍ដែលបានកើត ឡើងរួចទៅហើយនោះបានទេ ។


ផែនដីព្រះស្តេចកន
ខណៈនោះមានខ្យល់ព្យុះរលកបោកបក់ខ្លាំង ទូកលិចលង់ទាំងត្រាសម្រាប់រាជ្យនោះបាត់នៅក្នុងព្រះធរណី បាតទន្លេនៅទីនោះក៏ស្រុតទៅជ្រៅពន់ប្រមាណ ។ នាយអាល័ក្សទាំង៣យកផ្តៅពីរបន្ទះ មកតតែមួយ សំយុងទៅត្រង់កន្លែងដែលលិចត្រានោះក៏ពុំដល់ នឹងរកមនុស្សឱ្យមុជទៅតាម មនុស្សផងឃើញជ្រៅ ណាស់ពុំហ៊ានមុជតាម ។ នាយទាំង៣នាក់ខ្លាចខុសនឹងព្រះស្តេចកនក៏នាំគ្នាមុជទឹកទៅតាមត្រានោះ លុះដល់ស្លាប់ទាំង៣នាក់ “ព្រោះហេតុនោះបានជាទីនោះហៅអន្លង់ត្រារាជ្យ យារៗមកហៅតំបន់អន្លង់ រាជ្យ” ទ្រង់ស្រូតព្រះទីនាំងចក្រពត្តិសារាយអណ្តែតជ្រួសតាមទៅដល់កៀនតាធឹង ។ ឯសម្តេចព្រះស្រីជេដ្ឋា ទតពីលើខ្នងសេះព្រះទីនាំងទៅឃើញ ក៏បរសេះព្រះទីនាំងនោះនាំទាហានរួមចិត្តមកដល់ចុងភូមិកំពង់ចាម ក៏បរសេះព្រះទីនាំងនោះហែលឆ្លងទឹកតម្រង់ទៅតំបន់ដូនម៉ៅត្រើយខាងកើត ព្រមទាំងទាហានរួមចិត្ត ២០នាក់ ក៏ហែលតោងសេះនោះទៅដល់ច្រាំងទន្លេម្ខាង សេះនោះក្លាយជានាគមុជទឹកបាត់ទៅ ។

នេះនឹងនិយាយអំពីសម្តេចហៅហ្វាកៅ ដែលចាំរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរនោះ មុននេះ៣ថ្ងៃយល់ សប្តិឃបណ្ឌិតកវី ស្រីព្រះស្នំ ក្រមការ និងពួកសេវ កាមហាមាត្រ មាត្រាចាកនិគមបរមនិវេសន៍ បន្ទាយពោធិ៍សាត់មកដល់ខែត្របរិបូណ៍ ។ ព្រះអង្គចូលគង់ ក្នុងព្រះពន្លាជ័យក្នុងបន្ទាយចាស់ ហើយទ្រង់បរិច្ចាគព្រះរាជទ្រព្យថ្វាយ ព្រះសង្ឃ និងព្រះរាជទាន រង្វាន់ឱ្យអស់អ្នកដែលដេញសាស្ត្រា បាលី ប្រយោគ ។ ខាងព្រះសង្ឃដេញប្រយោគបានលេខ ទ្រង់នឹង តាំងជាបាឡាត់សមុហ៍បៃដីកា។ បើខាងគ្រីហាវាសវិញ ទ្រង់ព្រះរាជទានជាមន្ត្រីខ្ញុំរាជការ ក្រុមស្រុកតាមគុណវិជ្ជាការ ហើយត្រាស់បង្គាប់ចាងហ្វាងមហោស្រពឱ្យតាំងហាត់ល្ខោនប្រុសស្រី ភ្លេងតូរ្យតន្ត្រីជា សម្រាប់ព្រះឥស្សរិយយស ។ើញខ្យល់កំបុតត្បូងកួចទង់ជ័យសម្តេចព្រះស្រីជេដ្ឋា ជាភ្លើងឆេះអណ្តែតកណ្តាលអាកាស ហើយ ធ្លាក់នៅកំពង់ចាម ។ លុះភ្ញាក់ឡើងភ័យណាស់និយាយប្រាប់និមិត្តនោះឱ្យសម្តេចពញាហែង ជាបិតា ក្មេកសម្តេចព្រះស្រីជេដ្ឋាស្តាប់ ហើយហៅហោរាមកប្រាប់ហេតុឱ្យទាយ ។ ហោរាពិនិត្យទៅឃើញថា យល់សប្តិថ្ងៃអង្គារជាភ្លើង ហើយឃើញឆេះទង់ជ័យនោះ ទំនាយថា ទ័ពហ្លួងបរាជ័យហើយ ត្រង់ដល់ ឃើញខ្យល់កំបុតត្បូងកួចនាំទៅកណ្តាលអាកាសនោះ ថាបុណ្យបារមីនៅមានទេវតា នាំឱ្យរួចពីចំណោម ត្រង់ដែលភ្លើងធ្លាក់ទឹកនៅកំពង់ចាមនោះ ថាហ្លួងនិងរត់ទៅដល់ទីនោះ ។ សម្តេចហៅហ្វាកៅ ឮហើយភ័យណាស់ ក៏ឱ្យសម្តេចចៅពញាហែងនៅរក្សាបន្ទាយ រួចផ្តាំថា ឱ្យខិតខំកេណ្ឌរេហ៍ពលទុក បម្រុងឱ្យបានច្រើន។ ឯខ្លួនសម្តេចចៅហ្វាកៅ នាំខ្នាន់ធ្នូ និងទាហានកាំភ្លើង១.០០០នាក់ និងព្រះទីនាំង គជេន្ទ្រយុទ្ធទៅបោះទីតាំងនៅដូនម៉ៅជាត្រើយខាងកើត ។ លុះឃើញសម្តេចព្រះស្រីជេដ្ឋាគង់លើសេះនាំ ទាហានហែលឆ្លងមកដល់ច្រាំងហើយ សេះនោះក៏លិចវិនាសទៅក្នុងទឹកទៅ ចៅហ្វាកៅក៏ស្ទុះទៅទទួល យករួចតែសម្តេចព្រះស្រីជេដ្ឋា និងទាហានរួមមិត្ត២០នាក់នោះដល់ទៅមាត់ច្រាំង ល្មមព្រះទីនាំង ចក្រពត្តិនោះត្រឡប់មកដល់ សម្តេចចៅហ្វាកៅឱ្យទាហានបាញ់ធ្នូ បាញ់កាំភ្លើង កុំឱ្យព្រះភគិនេយ្យោយស រាជាឡើងតាមមកទាន់ ។ ព្រះយសរាជាក៏ត្រឡប់ព្រះទីនាំងមករកទ័ពទូក ដែលតាមមកពីក្រោយនោះវិញ លុះជួបហើយស្តេចឱ្យឈប់នៅទីមួយអន្លើ។ ជួនជាពេលនោះមានខ្យល់ព្យុះខ្លាំងណាស់ ស្តេចត្រាស់ ឱ្យយកអាវុធសឹកទុកសិន ហើយចូលទូកចម្បាំងទៅឈប់ក្នុងបឹងមួយអន្លើ ។ ទ្រង់ឱ្យសាងវត្តមួយ នៅទីនោះទុកជាព្រះកេរ្តិ៍ ហេតុនេះហើយបានជាជាប់ឈ្មោះថា វត្តព្រែកហ្លួងរៀងមកដល់សព្វថ្ងៃនេះ ។

ឯសម្តេចចៅហ្វាកៅ កាលបានទទួលសម្តេចព្រះស្រីជេដ្ឋារួចហើយ ជួនជាវេលាយប់ ក៏យាងស្តេចផ្ទុំសម្រាក កម្លាំងនៅក្នុងព្រៃដូនម៉ៅនោះទៅ តែទីនោះមានមូសខ្លាំងណាស់ទ្រាំពុំបាន ទើបសម្តេចព្រះស្រីជេដ្ឋា ទ្រង់ផ្សងមិនឱ្យមានមូស មូសក៏គ្មានក្នុងទីនោះរៀងមក។ លុះព្រឹកឡើងសម្តេចចៅហ្វាកៅយាងសម្តេច ព្រះស្រីជេដ្ឋាឡើងគង់ព្រះទីនាំងពិជ័យគជយុទ្ធ នាំរេហ៍ពលទាំង១.០២០នាក់ស្រូតរូតទៅដល់ភូមិដំរី.ស ព្រះទីនាំងពិជ័យគជយុទ្ធនោះឈឺស្រុតនៅទីនោះទៅ ព្រះស្តេចកនទ្រង់ធ្វើបុណ្យហើយឱ្យកប់ដំរីនៅ ទីនោះ បានជាជាប់ហៅទួលកប់ព្រះដំរីរៀងមក ។


សម្តេចស្រីជេដ្ឋាទ្រង់ពិនិត្យពីព្រះទីនាំងពិជ័យគជយុទ្ធ និងព្រះទីនាំងស័ង្ខរស្មីកាលណា ទ្រង់សង្ស័យ នឹងបុណ្យបារមីជាពន់ពេក ទ្រង់នឹកថា កាលណាខ្លួនអញនឹងមានបុណ្យ ត្រូវបានព្រះទីនាំងពិជ័យគជ យុទ្ធនោះ គឺបានក្នុងកាលកសាងបន្ទាយស្រឡប់ពិជ័យព្រៃនគរ ដែលកាលនោះមានហ្មម្នាក់ឈ្មោះផៃ នាំយកដំរីមកថ្វាយមានកំពស់១០ហត្ថ។ ថ្វាយរួចហើយហ្មផៃនោះត្រឡប់ទៅវិញបាត់ មិនដឹងជានៅ ស្រុកណា ភូមិណាទេ រកតែខ្លួននឹងឱ្យរង្វាន់ពេញចិត្តក៏រកពុំឃើញ។ ឯព្រះទីនាំងស័ង្ខរស្មីទៀត កាលអញ លើកទ័ពដេញព្រះស្រីសុគន្ធបទដល់ទៅក្បាលកោះសូទិន ទាំងយប់នោះ ក៏មានឈ្មោះចៅឥន្ទយកសេះ នោះមកថ្វាយមានកំពស់១០ហត្ថ៤ធ្នាប់ មានកម្លាំងហែលទឹកសន្ធឹកដូចរន្ទះនឹងឱ្យរង្វាន់ក៏រកពុំឃើញដែរ។ ព្រះទីនាំងទាំងពីរនេះដូចជាទេវតានិម្មិតថ្វាយ ឥឡូវវិនាសអស់ទាំងពីរទៅហើយ ដូច្នេះឃើញថា បុណ្យ បារមីអញមិនយឺនយូរប៉ុន្មានឡើយ។ គិតហើយព្រះស្តេចកនក៏ទ្រង់ព្រះកន្សែងសោកជារ៉ាំរ៉ៃក្រៃពេក ណាស់ ។
សម្តេចព្រះចៅហ្វាកៅ យល់សម្តេចព្រះស្រីជេដ្ឋា ជាក្មួយយំសោកស្តាយព្រះទីនាំងខ្លាំងពេកដូច្នោះ ក៏គិតថា បើអញមិនក្លែងនិយាយឱ្យមានតម្រេកទេ ឃើញថាសម្តេចព្រះស្រីជេដ្ឋានឹងដល់អស់ព្រះជន្ម ក្នុងគ្រានេះមិនខាន ។ គិតហើយ ចៅហ្វាកៅ ក៏ក្រាបទូលថា សូមទ្រង់កំសាន្តព្រះរាជហឫទ័យខ្លះទៅ កុំអាល័យព្រះទីនាំងទាំងពីរនោះខ្លាំងពេក ព្រះទីនាំងនោះវាស្រុតស្នងព្រះអង្គ ដែលទ្រង់មានព្រះគ្រោះ ជាទម្ងន់នោះ ។ ឯបុណ្យបារមីព្រះអង្គនៅមានទៅមុខជាច្រើន ពីព្រោះថា ក្រោយព្រះអង្គលើកទ័ពទៅធ្វើ សង្គ្រាមនិងព្រះចន្ទរាជានោះ ចៅហ្វាយស្រុក ជើងបាក់ដែងនាំដំរី២ សេះ២ មកចាំក្រាបទូលថ្វាយ ទំហំ និងកំពស់ប្រហែលៗគ្នា និងព្រះទីនាំងមុននេះ ហេតុនេះសូមទ្រង់កុំព្រួយព្រះទ័យស្តាយអ្វីសេះ១ដំរី១ នោះ។ វាបាត់ ទៅទាំងពីរ យើងបានដល់ទៅ៤ឡើងវិញហើយ ។

ព្រះស្រីជេដ្ឋាទ្រង់ជ្រាបដូច្នោះហើយ ទ្រង់ព្រឺព្រួចក្នុងព្រះរាជហឫទ័យណាស់ ទ្រង់តម្រង់ព្រះស្មារតីបាន ទ្រង់ក៏ត្រាស់នឹងសម្តេចចៅហ្វាកៅថា យើងនឹងទៅក្រុងស្រឡប់ពិជ័យ ឬនៅក្រុងស្រីសឈរ ។ ដ្បិតក្នុង ស្រុកស្រីសឈរនោះយើងមានគ្រប់គ្រួ នៅទីនោះច្រើន ។

ទើបសម្តេចចៅហ្វាកៅទូលថា យើងធ្វើសង្គ្រាមមានជ័យជាច្រើនដង យើងបានជាស្តេច ជាចៅហ្វាយនេះ តាំងពីនៅតតាំងច្បាំងគ្នានៅស្រីស្រឈរ ដូច្នោះគួរយើងយកក្រុងស្រីសឈរនោះជាទីចម្បាំង។ បើពុំឈ្នះ នៅទីនោះទេ ចាំយើងទៅតាំងតនៅក្រុងស្រឡប់ពិជ័យព្រៃនគរ ហើយត្រាស់ផ្តាំនិងសម្តេចចៅហ្វាកៅថា ឱ្យកេណ្ឌរេហ៍ពលឱ្យបានច្រើននៅរក្សាបន្ទាយនោះ។ សម្តេចចៅហ្វាកៅក៏ទទួលធ្វើតាមព្រះរាជបញ្ជាការ។

ឯសម្តេចព្រះភគិនេយ្យាយសរាជាកែវនាយក ព្រះអង្គចាំបាត់ពុំឃើញទ័ពជើងគោកលើកមក ព្រះអង្គក៏ ថយទ័ពទូកមកភ្នំពេញវិញ ដើម្បីនឹងស្តាប់ព្រះរាជាសម្តេចព្រះបិតុលារាជាធិរាជ ។

សម្តេចព្រះបរមបពិត្រខត្តិយាចន្ទរាជា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គលើកពិជ័យសង្គ្រាមមកដល់ ស្រុកឧដុង្គហើយ ស្តេចទៅថ្វាយបង្គំព្រះចេតិយ ព្រះបដិមា ហើយស្តេចត្រឡប់មកគង់ព្រះពន្លាវិញ ហើយទ្រង់ត្រាស់ចាត់កងទ័ពជាច្រើនកង ៖

១-ឱ្យចៅពញាតេជោ ចៅហ្វាស្រុក សំរោងទងជាមេទ័ពមុខ កាន់ពល ២០.០០០ នាក់ ជាទ័ពស្រួច ។
២-ឱ្យឧកញ៉ាមនោមេត្រី កាន់ពល ១០.០០០នាក់ ជាមេទ័ពស្តាំ ។
៣-ឱ្យឧកញ៉ារាជាមេត្រី ជាមេទ័ពឆ្វេង កាន់ពល ១០.០០០នាក់ ។
៤-ឱ្យឧកញ៉ាសួគ៌ាលោក“សុខ” កូនចៅ ពញាមឿង កាន់ពល ៣០.០០០នាក់ជាទ័ពមុខ ។

ឱ្យសម្តេចចៅពញាយសរាជា ជាព្រះរាជភគិនេយ្យោ ជាមេទ័ពហ្លូង ឃុំពល៥០.០០០នាក់ ឆ្លងទៅព័ទ្ធ ពីខែត្រព្រៃវែង ស្ទាក់ផ្លូវកុំឱ្យសម្តេចចៅហ្វាកៅ មកសួរគ្នាបាន។ ទើបទ្រង់ចាត់ទ័ពមួយផ្លូវទៀត ៖

១-ឱ្យឧកញ៉ាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុក ជាមេទ័ពមុខ ។
២-ចៅពញាពេជតេជោ ជាមេទ័ពឆ្វេង ។
៣-ចៅពញាស្រែន្យខាំងហ្វា ជាមេកងទ័ពស្តាំ ។
៤-ចៅពញាមន្ត្រីភក្តី ជាកងទ័ពក្រោយ។
ទាំង៤កងឃុំពល៥០.០០០នាក់លើកជាទ័ពជើងគោកទៅខែត្រកំពង់សៀម ឆ្លងទៅមាត់ឃ្មុង និងភ្នំ ពានជាំង ស្ទាក់ផ្លូវកុំឱ្យសម្តេចចៅពញាកំហែង ជាឪពុកក្មេកព្រះស្តេចកន លើកទៅជួយព្រះស្តេចកនបាន។

ទើបព្រះអង្គ ចាត់ទ័ពមួយផ្លូវទៀត ៖

១-ឧកញ៉ាចក្រី “ទេព” កូនទី៣ ពញាមឿង ឃុំពល ២០.០០០នាក់ ជាមេកងទ័ពមុខ ។
២-ឧកញ៉ាយមរាជ ឃុំពល ១០.០០០ នាក់ជាទ័ពឆ្វេង ។
៣-ឧកញ៉ាក្រឡាហោមឃុំពល១០.០០០ នាក់ជាទ័ពស្តាំ ។
៤-ព្រះអង្គឯងទ្រង់ពល ៤០.០០០នាក់ ជាទ័ពហ្លួង ។
៥-ឧកញ៉ាមហាមន្ត្រី ឃុំពល ៥.០០០នាក់ ជាទ័ពបង្កប់ ហើយទ្រង់ត្រាស់ផ្តាំឱ្យធ្វើតាមគ្រប់ប្រការ ។

ព.ស ២០៦៨, គ.ស ១៥២៥, ម.ស ១៤៤៦, ច.ស ៨៨៦ ឆ្នាំវកឆស័ក សម្តេចព្រះបរមខត្តិយាមហា ចន្ទរាជា លុះទ្រង់ចាត់ទ័ពស្រេចហើយ ស្តេចចូលស្រង់ទ្រង់គ្រឿងរង្គសង្គ្រាមយុទ្ធបរិសុទ្ធ នូវគ្រឿង កកុធភ័ណ្ឌ ព្រះហោរាថ្វាយពិជ័យឫក្សព្រះរាជគ្រូ បុរោហិត ថ្វាយទឹកស័ង្ខ ទឹកកុណ្ឌី ទឹកក្លស់ ផ្លុំត្រៃស័ង្ខ ក្រុមសុរិយាតូរ្យតន្ត្រី វាយគង ទូងស្គរ ខ្ទ័រខ្ទារ ទាំងក្រឡាប្រឹថពី ស្តេចគង់ ព្រះរាជយាន ព្រម ដោយនូវស្វេតច្ឆត្រស៩ជាន់ និង ចាមរបៃមន់ សែនត្វាន់ ទង់ ឆ័ត្រ លឿង ខៀវ ស ព្រាត ឆ្លុះសសែង ព្រះសុរិយាស្តេច យាងគង់ព្រះទីនាំង ចក្រពត្តិសារាយអណ្តែត ។ ឯអស់មន្ត្រីសេនា រេហ៍ពល សឹង ជិះទូកហ៊ោទូក-ង មួង យោងពីមុខ នៅពីក្រោយ តាមអណ្តាប់ អណ្តោយ លើកចេញ ទៅប្រថាប់ទ័ព នៅព្រះប្រសប់ ឈប់ចាំស្តាប់ សូរសព្ទគ្រប់កងដែលលើកទៅ ។ ផ្លូវខាងណាទន់ នឹងបានទៅជួយខាង នោះ។

សេចក្តីនេះឈប់ស្លេះតែប៉ុណ្ណោះ និងតាំងនិយាយអំពីព្រះស្តេចកន កាលតាំងខ្លួនសោយរាជ្យជាសម្តេច ព្រះស្រីជេដ្ឋា ក្នុងក្រុងស្រីសឈររួចហើយ ទ្រង់ព្រះតម្រិះថា ៖ គួរគិតរកជ័យភូមិ សាងនគរជាថ្មី ដ្បិតផ្លាស់វង្សថ្មី ។ ទ្រង់ព្រះតម្រិះតែម៉្លោះហើយ ក៏លើកពួករាជសេវកាមហាយោធា តាមមាគ៌ារង្គាត់ គន់រកទីជ័យភូមិ ពុំត្រូវព្រះរាជហឫទ័យ ក្នុងខែត្រស្រីសឈរសោះ។ ស្តេចទៅឯខេត្តព្រៃវែង ក៏ពុំត្រូវ ព្រះរាជហឫទ័យ លុះប្រាំបីថ្ងៃដល់ស្ទឹងពាមមេត្រេក ខេត្តបាភ្នំ ទើបមានទីទំនួលស្រួលល្អ ទ្រង់ក៏ឱ្យតាំង បន្ទាយវាំងនៅទីនោះ បានជាជាប់ឈ្មោះនៅទីកន្លែង បឹងកំពង់ចៅហ្វា១ កំពង់យមរាជ១ កំពង់ក្រឡា ហោម១ កំពង់ចក្រី១ នៅទីនោះ ឯអ្នកស្រុកអំពីស្រុកកណ្តាលជ្រុំ១ ជើងបាក់ដែង ១ រោងដំរី ១ ព្រៃនគរ ១ គ្រប់ទិសតែងត្រេកមេត្រី មកចុះចូលទៅថ្វាយបណ្តាការច្រើនជាអនេក ទើបទ្រង់ប្រែឈ្មោះទីភូមិ នោះថា មេត្រេកវិញ។ ទ្រង់សាងព្រះនគរ បាន៨ខែពុំទាន់សំរេច ស្តេចទ្រង់ព្រះតម្រិះយល់ជាថ្មីថា ៖ តាំងព្រះនគរនេះជិតដែនយួនណាស់ បើយួនលើកមកនិងពិបាកកេណ្ឌពល តច្បាំងឱ្យរួសរាន់មិនទាន់ការណ៍ ទ្រង់ជំនុំព្រះសេនាបតីហើយ ព្រមទាំងរាជសេវកាមាត្យ មុខមន្ត្រី ព្រះស្នំ ក្រមការសេនាយោធាទៅរក ទីទៃភូមិក្នុងខែត្រត្បូងឃ្មុំ។ លុះដល់ទីមួយអន្លើវាយគងហៅគ្នាវាស់នាទីជីកដីជាស្នាមភ្លោះ កបន្ទាយតែ ៥សិន បួនជ្រុង ។ កន្លែងនោះមានខ្លះមិនពេញចិត្តថា ដ្បិតតូចខ្លះថាទីនោះមិនមានជ័យភូមិល្អទេ តែវាយគងហៅប្រជុំគ្នាកាលណាស្តីដោលគ្នាថា ព្រោះគំនិតអ្នកនេះយ៉ាងនេះអ្នកនោះយ៉ាងនោះកើតជា ជម្លោះឈ្លោះចេញដោលគ្នាវឹកវរ។ លុះមានរាស្ត្រទៅនៅជាប់ឈ្មោះហៅភូមិអាដោលគងជ័យ បន្ទាយវរ តាមហេតុដែលជេរដោលគ្នា និងវាយគងរៀងមក។ កាលធ្វើបន្ទាយនៅទីនោះមិនស្រុះស្រួលហើយ ទើបទ្រង់ពិនិត្យទៅឃើញថា ៖ ត្រូវទៅរកទីកន្លែងមួយទៀត ឱ្យជីកដីធ្វើបន្ទាយ៤សិនបួនជ្រុង តែមិនទាន់ ហើយទេ ទ្រង់ឱ្យឈ្មោះហៅបន្ទាយស្រឡប់ពិជ័យនគរធ្វើជិតនឹងរួចហើយពិគ្រោះទៅយល់ថា តូចទាប ណាស់ មិនសមជាក្រុងធំ មិនល្មមនិងពលប្រាំពីរប្រាំបីស្បែកនៅបានឡើយ ហើយទីនោះទឹកក៏ពុំសូវបរិបូណ៍ ឃើញមានទីខាងត្បូងទីនោះមានចម្ងាយប្រមាណប្រាំមួយប្រាំពីរសិន មានដីទំនាបជ្រាបមានទឹកមានទួលល្អ ជំនុំព្រមទើបរើពិធីនោះ ទៅតាំងបន្ទាយនៅទីនោះបណ្តោយ២៥សិន ទទឹង១៥សិន កំពស់១៥ហត្ថ ជាបន្ទាយស្តេចគង់ ។ ទ្រង់ឱ្យធ្វើបន្ទាយមួយទៀតនៅខាងលិចបន្ទាយស្តេចគង់នោះចម្ងាយពីរសិន បន្ទាយ សំរាប់ចម្បាំងទទឹងបួនសិន បណ្តោយប្រាំមួយសិន បន្ទាយទាំងពីរនោះកំពស់ខាងលើបីព្យាម កម្រាស់ ជើងទេប្រាំមួយព្យាមកំពស់ម្ភៃហត្ថ ស្នាមភ្លោះអមបន្ទាយដែលស្តេចគង់នោះទទឹងពីរសិនជុំវិញ ។ ស្នាមភ្លោះបន្ទាយចម្បាំងនោះទទឹងមួយសិន បីជ្រុង គិតតែជ្រុងខាងជើងត្បូង ឯក្នុងបន្ទាយស្តេចគង់ ទិសខាងលិច ទិសខាងកើតបន្ទាយចម្បាំងនេះ ដាក់រោងដំរីរោងសេះ រោងព្រះរាជយានក្នុងបន្ទាយ ចម្បាំងនោះមានរោងទាហាន២២ខ្នង ព័ទ្ធជុំវិញក្នុងបន្ទាយដែលស្តេចគង់នោះ មានកំផែងកែវបីព័ទ្ធជុំវិញ ហើយឱ្យសាងប្រាសាទពីរ សាងព្រះចន្ទឆាយា១ដំណាក់ព្រះស្នំ២២ ក្នុងព្រះរាជមន្ទីរធំនោះ មានក្រឡា ព្រះបន្ទុំធំមួយ ក្រឡាព្រះបន្ទុំតូច៧សំរាប់តែងព្រះអង្គទ្រង់គ្រឿងតាមថ្លៃទាំង៧។ ប្រាសាទដំណាក់ទាំង ប៉ុន្មានសឹងតែឱ្យលាបម្រ័ក្សណ៍ជាតិហិង្គល បិទមាសឆ្លុះរន្ទាលច្រាលឆ្អៅ ។ ទ្រង់ឱ្យជីកស្រះស្រង់ សួនច្បារ ផ្កាស៊ុមខាងក្នុង សម្រាប់ស្រង់ និងសម្រាប់ព្រះស្នំក្រមការ ងូតទឹកខាងមុខកំផែងកែវនោះ។
ទ្រង់ឱ្យជីកស្រះធំមួយ ឱ្យចៅពញាវៀង ជីកខាងត្បូង ចៅពញាវាំង ជីកខាងជើង ចៅពញាស្រាល ជីកខាងកើត ចៅពញាលំពាំង ជីកខាងលិច ទំហំស្រះនោះមួយសិនប្រាំព្យាម បួនជ្រុង ហើយទ្រង់ត្រាស់ បង្គាប់ចៅពញាស្រាលគឺទីក្រឡាហោម ឱ្យចាប់ត្រីព្រួល រ៉ស់ ឆ្តោរ ទៅលែងក្នុងស្រះខាងក្នុងខាងក្រៅ តាមស្នាមភ្លោះបន្ទាយនោះ។ ស្រុកនោះ សំបូរត្រី មិនឱ្យខ្ញុំរាជការអត់ឃ្លាន ហើយក្នុងព្រះរាជវាំងនោះ ទ្រង់ឱ្យធ្វើថែវជុំវិញ និងរោងផ្លូវដើរទៅមកមិនឱ្យត្រូវថ្ងៃត្រូវភ្លៀងទេ ។ ខាងក្រៅបន្ទាយទាំងពីរនោះ ទ្រង់ត្រាស់ឱ្យធ្វើបន្ទាយទាំង៨ទិស សម្រាប់ចម្បាំង ហើយធ្វើឃ្លាំងតាំងទុកក្នុងបន្ទាយ១៥ខ្នងសម្រាប់ ដាក់ស្រូវអង្ករ ត្រីងៀត ត្រីឆ្អើរ និងភោជនាហារសម្រាប់ចែកចាយសេនាទាហាន រេហ៍ ពលមិនឱ្យអត់ ឃ្លាន។

សម្តេចព្រះស្រីជេដ្ឋាអង្គនេះ ព្រះអង្គពុំមានអគ្គមហេសីទេ ព្រះអង្គមានព្រះនាងផាលែង ជាកូន សម្តេចពញា ហែង លើកឡើងជាស្នំឯក ។ ទ្រង់សព្វព្រះទ័យ នឹងព្រះស្នំឯកណាស់ ហើយតាំង ប្អូនព្រះស្នំឯកជាស្នង ធ្នឹមព្រះនគរ ។

ឯបន្ទាយនោះមានទ្វារធំ៤ ទ្វារតូចតាមជ្រុងបន្ទាយ៤ ។ ទ្វារធំខាងកើតឱ្យឈ្មោះ ហៅថា ទ្វាចក្រ ឱ្យពញា ឆ្លូករាជការនៅរក្សាជាទ្វារសម្រាប់ស្តេចឡើងគង់ព្រះបញ្ជាទតទិសនានា ។ ទ្វារធំខាងត្បូង ឱ្យឈ្មោះហៅ ថាទ្វារស្នងទ្រង់ ស្តេចឱ្យស្នងធ្នឹម ព្រះនគរជាប្អូនថ្លៃ នៅរក្សាត្រួតត្រា ហើយជាសម្រាប់ ស្តេចចេញទត សេនាទាហានសមថ្វីដៃ ។ ទ្វារធំខាងលិចឱ្យឈ្មោះហៅថា ទ្វាររោងស្តេចឱ្យពញារោងរាជភក្តី នៅត្រួតត្រា សម្រាប់ស្តេច ចេញទត ដំរីសេះ ព្រះរាជយាន ។
ផែនដីព្រះស្រីសុគន្ធបទ

ទ្វារធំខាងជើងឱ្យឈ្មោះហៅថា ទ្វារត្រាច់ ឱ្យពញាត្រាច់សារវន្តនៅត្រួតត្រាសម្រាប់ស្តេចនាំព្រះស្នំ ក្រុមការ ចេញទៅប្រពាតប្រឹក្សាទាំងឡាយជាទីកំសាន្តព្រះរាជហឫទ័យ ។ ក្នុងកំផែង ព្រះវិហារ ស្តេចសាងវត្ត សាងប្រាសាទមួយ ហើយយកមាសខ្មៅ សាងព្រះពុទ្ធរូបមួយព្រះអង្គ មានព្រះភ្នែន ១២ធ្នាប់ កំពស់២០ធ្នាប់ តំកល់ក្នុងប្រាសាទនោះ ។ ទ្រង់តាំងនាម ហៅព្រះអង្គខ្មៅ, ទ្រង់តាំងនាមចៅ អធិការវត្តនោះថា ព្រះអរិយញាណសាគរអាប៉ោ រួចប្រគេនរេហ៍ពល៥០០នាក់ ជាសម្រាប់វត្ត ។ ទ្រង់តាំង នាមវត្តនោះ ហៅថា វត្តប្រាសាទ ខ្លះហៅថាវត្តខ្មៅ។ ឯអ្នកព្រះម្នាងផាលែងនោះសាងវត្តអារាម មួយខាងជើងបន្ទាយពិជ័យព្រៃនគរ ។ លុះសាងរួចហើយ នាងឱ្យជញ្ជូនសព្វទ្រព្យទាំងពួងទៅគរ ថ្វាយព្រះរតនត្រ័យនៅ​ទីនោះបានជាប់ឈ្មោះមកហៅវត្តគរសព្វថ្ងៃនេះ ។ ឯក្រុងពិជ័យព្រៃនគរនោះទ្រង់ ឱ្យសាងថ្នល់មួយតម្រង់ទៅខេត្តរោងដំរី ដើម្បីជាសម្រាប់ព្រះអង្គយាងទៅក្រសាលសមុទ្រថ្នល់មួយ ទៅវត្តព្រះធាតុដើម្បីជាសម្រាប់ស្តេចព្រះរាជដំណើរថ្វាយបង្គំ គោរពព្រះបរមធាតុ ព្រះអរហន្តថេរ ។

សេចក្តីនេះស្លេះទុកត្រឹមនេះសិននឹងអធិប្បាយអំពីព្រះធាតុនេះតទៅ កាលផែនដីព្រះបាទអរត្តពលពាសា នោះ ព្រះអង្គចាត់ព្រះរាជបុត្រាមួយព្រះអង្គព្រះនាមពញាអរ តាំងជាសម្តេចចៅពញាអរជូន ឱ្យមកគ្រង ស្រុកត្បូងឃ្មុំជាសាមន្តរាជធំ ។ សន្តតិវង្ស ពញាអរ គ្រងស្រុកនេះបាន៨ត លុះផុតបុត្រ ព្រះត្រកូលនោះទៅ ដោយព្រះរាជាជាន់ក្រោយៗរបស់សម្តេចចៅពញាអរជូននោះ អាឥតរាជបុត្រនឹងតវង្ស​នោះក្នុងផែនដី ព្រះបាទធម្មាសោករាជ ព្រះអង្គចាត់ព្រះរាជនត្តាមួយព្រះអង្គ ទ្រង់ព្រះនាមព្រះអង្គកែមឱ្យ មកគ្រងស្រុក ត្បូងឃ្មុំតាំងព្រះនាមជាសម្តេច ពញាអរជូន ព្រះអង្គកែមមានទ្វារ៤ ចៅមឿង៥គឺ មឿងទួលអង្គុញងារ ជាឧកញ៉ារិទ្ធីជោ១ ចៅមឿងព្រៃជីកតួងារជាឧកញ៉ាក្រៃ សរសេនាចាប់ជូន១ ចៅមឿងជុំចែ ងារជា ឧកញ៉ាមន្ត្រីស្នេហា១ ចៅមឿងជ្រៃហោ ងារជាឧកញ៉ាចន្ទអន្សា១ ចៅមឿងជុំគ្រៃងារជា ឧកញ៉ាគីរី ពុទ្ធបាទ១ ។ មានទ្វារ៤រូងងារជា ឧកញ៉ាក្រៃសរសង្គ្រាមរូង១ ទ្វាររៀល ងារជាឧកញ៉ាក្រៃយោធារៀល១ ទ្វារលោងារជា ឧកញ៉ាក្រៃអនុជិត ទ្វារលោ១ ទ្វារកត់១ ងារជាឧកញ៉ារឿងរង្គទ្វារកត់ ។ សម័យថ្ងៃមួយ នោះ បណ្តាអ្នកស្រុកទាំងប៉ុន្មានក្រឡេកទៅឃើញព្រះអរហន្ត​ហោះធ្យានលើអាកាស ធ្លាក់មកលិចទៅក្នុង ដីបាត់ ចែករស្មី៧ពណ៌ ក៏នាំគ្នាឆោឡោជីកដីនៅទីនោះ ជ្រាបដល់សម្តេចចៅពញាអរជូនអង្គកែម ព្រះអង្គ ក៏ទ្រង់សាទរចេញមកឃោសនាក្រមការឱ្យជួយជីកដីនៅទីនោះទៅឃើញព្រះបរមសារីរិកធាតុ ហើយក៏ឆោ ឡោធ្វើទីសក្ការបូជា ធ្វើព្រះអារាម ធ្វើព្រះវិហារ សីមា ព្រះចេតិយ សុទ្ធសឹងតែថ្មល្អថ្លៃថ្លាបញ្ចុះ ព្រះបរមសារីរិកធាតុ រួមតាំងនាមព្រះចៅអធិការវត្តនោះជា​សម្តេចព្រះសិរីធម្មធាតុ តាំងនាមវត្តនោះ ហៅវត្តព្រះធាតុុ បានជាជាប់ហៅវត្តព្រះស្រី​ព្រះធាតុរៀងមក ។ ព្រះអង្គធ្វើបុណ្យឆ្លង៣ខែ និមន្តព្រះ សង្ឃទេសនាតាំងពី៥០ជាតិមកទសជាតិ ហើយសម្តេចចៅពញាអរជូនអង្គ កែមសព្វព្រះទ័យនឹងរឿងព្រះ មហោសថ ណាស់ ទ្រង់ត្រាស់ឱ្យជីកជាអុងម៉ុង១ តែអុងម៉ុងនោះតូច ទ្រង់សព្វព្រះទ័យ ទ្រង់ឱ្យជីក មួយទៀតទំហំទទឹង១៤ហត្ថ កំពស់១៥ហត្ថ ជម្រៅទទឹងចម្ងាយវែងឆ្ងាយទៅដល់មាត់សមុទ្រ ដែលនៅ ស្រុកយួន ជាតំណាងអុងម៉ុងព្រះមហោសថ បានជាអ្នកស្រុកហៅអុងម៉ុងព្រះមហោសថរៀងមក ។
នេះនឹងនិយាយអំពីសម្តេចព្រះស្រីជេដ្ឋា ម្ចាស់ត្រើយខាងកើត ដែលទ្រង់ចាត់ឱ្យចៅហ្វាកៅនាំគ្រប់គ្រួទៅ ហើយត្រាស់បង្គាប់ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង កេណ្ឌកងទ័ពមកឱ្យរក្សា ព្រះនគរបានតែ១០.០០០នាក់ នោះនាយគយខាងពាមផ្កាយសម្រេច១ នាយគយខាង ខែត្រព្រៃវែង១ នាយគយខាងពាមរ១ ទាំង៣មេគយនេះយល់កងទ័ពទាំងបីផ្លូវលើកមកដល់ហើយក៏ភិតភ័យ ឡើងសេះ ចូលទៅប្តឹងសេនាបតីឱ្យយកសេចក្តីក្រាបបង្គំទូលសម្តេចព្រះស្រីជេដ្ឋា សម្តេចព្រះស្រីជេដ្ឋាត្រាស់ថា យើ ! ពញាចន្ទរាជា អញស្មានថា បានផែនដីតែប៉ុណ្ណោះក៏នឹងគិតនៅស្ងៀមរក្សាផែនដី ដោយខ្លួនឯង ឱ្យរាស្ត្រ រកស៊ីឱ្យសុខសប្បាយទៅហើយ ឥឡូវរុករានទន្ទ្រានលើកយោធាទាហានតាមមកទៀត ។ ខណៈនោះទ្រង់ ត្រាស់សេនាបតីទាំង៤ឱ្យតឿនពល ឡើងរក្សានាទីភាគបន្ទាយ តែកាលពិនិត្យរេហ៍ពល ទៅឃើញបានចំនួន បានតែ១០.០០០នាក់ ទ្រង់យល់ថា នឹងទប់រក្សាបន្ទាយព្រះរាជវាំងនោះពុំបាន ទើបទ្រង់ត្រាស់ឱ្យ កៀរគ្រួលើកចោលបន្ទាយបាសាន ។ លុះធ្វើដំណើរមក ទ័ពព្រះស្រីជេដ្ឋាក៏មកជួបប្រទះនឹងកងទ័ព ចៅពញាសួគ៌ាលោកសុខ កូនពញាមឿង ។ ទ័ពទាំងសងខាងក៏បានច្បាំងគ្នាពីព្រឹកលុះថ្ងៃត្រង់ តែពុំទាន់ ឈ្នះចាញ់។ ឧកញ៉ាចក្រីទេពកូនទី៣របស់ចៅពញាមឿង និងចៅពញាតេជោ ចៅហ្វាយស្រុកខែត្រ សំរោងទងបានដឹងថា ព្រះស្តេចកននិងមុខមន្ត្រីរេហ៍ពលរត់ចោលបន្ទាយដូច្នោះហើយ ព្រមទាំងឮសូរ កាំភ្លើងកំពុងច្បាំងគ្នាយ៉ាងខ្លាំងណាស់ទៀត ក៏តឿនកងទ័ពស្រូតតាមទៅហើយបានទាន់កំពុងច្បាំងគ្នា ។ មេទ័ពខាងលិចទាំងពីរកង ក៏ដេញពលឱ្យចូលជួយច្បាំងប្រកាប់គ្នាយ៉ាងសាហាវ ពលខ្មាំងស្លាប់ជាច្រើន។ មេទ័ពត្រើយខាងលិចព្រួតគ្នាចូលទៅប្រយុទ្ធនិងព្រះស្តេចកនទៀត តែស្តេចកនខំបរពលវាយទំលាយ តែពុំរួចក៏ថយទ័ព និងគ្រប់គ្រួចូលទៅក្នុងបន្ទាយស្រីសឈរវិញ ហើយឱ្យបិទទ្វារបន្ទាយឱ្យរេហ៍ពល ឡើងរក្សាបន្ទាយជាមាំមួន ។ ឯស្នាព្រះអង្គជាក្មួយព្រះស្តេចកន ឃុំពល៥០០នាក់នៅក្រៅបន្ទាយ លុះឃើញព្រះស្តេចកនជាប់ចំណងហើយ នាំពល៥០០នាក់នោះវាយជ្រែកចូលទៅក៏ពុំបាន ទើបស្នា ព្រះអង្គជិះសេះបរជាប្រញាប់ទៅជម្រាបសម្តេចចៅហ្វាកៅ នៅបន្ទាយពិជ័យព្រៃនគរ តាមហេតុគ្រប់ ប្រការ ។ សម្តេចៅហ្វាកៅ លុះបានដឹងហើយ ក៏និយាយនិងសម្តេចពញាហែង ជាបិតាក្មេកស្តេចកន និងឧកញ៉ាចក្រី ជាមាព្រះស្តេចកនពញាស្នងស្នឹមព្រះនគរ “ផាលង់” ជាប្អូនថ្លៃព្រះស្តេចកនថា ឱ្យទៅ ត្រួតបន្ទាយឱ្យមាំមួនកុំឱ្យធ្វេសប្រហែស។ កាលមន្ត្រីទាំង៣នាយទទួលពាក្យហើយ សម្តេចចៅហ្វាកៅ ក៏ឡើងជិះសេះនាំពល៥០.០០០នាក់លើកស្រូតទៅជួយព្រះស្តេចកន ។ លុះឃើញទ័ពខាងលិចកំពុងចោម បន្ទាយដូច្នោះ ក៏បរពលវាយជ្រែកចូលទៅ។ សម្តេចព្រះស្រីជេដ្ឋាព្រះស្តេចកន នៅលើក្បាលបន្ទាយឃើញ មានកងទ័ពវាយចូលមក អរណាស់ក៏នាំចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង វាយជ្រែក ចំណោមចេញទៅ តែវាយបាន៣ថ្ងៃហើយក៏នៅតែចេញពុំរួច ។

ឯសម្តេចព្រះឧត្តម បរមខត្តិយាមហាចន្ទរាជាធិរាជ ព្រះអង្គលើកទ័ពចេញទៅដល់ភូមិស្វាយឫស្សីស្រុក ហើយទ្រង់ជ្រាបថា មេទ័ពទាំងបីចោមបន្ទាយព្រះស្តេចកន៣ថ្ងៃហើយពុំបែក ចាប់ខ្លួនពុំបាន ពុំទាន់ឈ្នះ ចាញ់ ទើបទ្រង់ត្រាសប្រើសម្តេចចៅហ្វាទឡៈឱ្យលើកទ័ពទៅជួយថែមទៀត ហើយព្រះអង្គលើកទ័ព ទៅតាំងបន្ទាយឈប់ទ័ពនៅទន្លេបិទខែត្រត្បូងឃ្មុំ។ ស្រេចហើយទ្រង់ចាត់ឧកញ៉ាមហាមន្ត្រី ឱ្យឃុំពល ១០.០០០នាក់ឱ្យលើកទ័ពចេញទៅបង្កប់ក្នុងព្រៃ រំលោងប្របផ្លូវចង្អៀត ទ្រង់ផ្តាំថា បើឃើញទ័ពអាខ្មាំង លើកទៅជួយ ឬលើករត់ចេញពីបន្ទាយមក ឱ្យលើកទ័ពទៅបោះស្កាត់ពីមុខវា ចាប់វាឱ្យបាន កុំឱ្យអាខ្មាំង រត់រួច។ ទ្រង់ត្រាស់បង្គាប់ព្រះសុទត្តឱ្យឃុំពលកាំភ្លើងតូច២៥០នាក់ឱ្យទៅបង្កប់ចាំ មើលឃើញកងទ័ព ខ្មាំងចុះចូលក្នុងផ្លូវរំលោង ហើយទ្រង់ផ្តាំថា ឱ្យព្រួតគ្នាបាញ់កុំឱ្យអាខ្មាំងរត់រួច ទើបទ្រង់ត្រាស់បង្គាប់ឱ្យ ឧកញ៉ាមហាទេពឱ្យឃុំពល៤០០នាក់ទៅពួនចាំមើលលើភ្នំពានជាំងថា បើឃើញខ្មាំងសត្រូវចូលមកដល់ ឱ្យព្រួតគ្នាបាញ់កាំភ្លើងធំ នឹងព្រួតគ្នាប្រមៀលដុំថ្មទំលាក់ឱ្យត្រូវពួកខ្មាំងចាប់ខ្មាំងឱ្យបាន ។
មេកងទាំងបីក៏ថ្វាយបង្គំលាធ្វើតាមត្រាស់បង្គាប់ ។ ចៅពញាតេជោ មេទ័ពខាងលិចយល់ទ័ពខ្មាំង វាយផ្ទប់ទាំងសងខាងនឹងទ្រាំទៅមុខមិនបាន ទើបស្រែកឱ្យពលបើកផ្លូវឱ្យខ្មាំងចេញទៅ ។ ឯព្រះស្តេចកន យល់ឃើញដូច្នោះហើយក៏នាំរេហ៍ពលចេញពីបន្ទាយទៅទំលាយទ័ពដែលព័ទ្ធ​ចេញទៅបាន ។ ក្នុងគ្រានោះ មេទ័ពទាំងបីកងក៏ដេញពលសត្រូវចាក់កាប់សម្លាប់ពលខ្មាំងសត្រូវ​អស់​ជាង១០.០០០នាក់ ។ ស្តេចកន និងចៅហ្វាកៅខំបរពលស្រូតរូតឆ្លងទន្លេតូចទៅតាមផ្លូវមេស​ព្រះចន្ទកាត់តម្រង់ទៅក្រុងពិជ័យព្រៃនគរ។

ពេលនោះសម្តេចចៅពញាបែន មេទ័ពខាងលិចលើកទៅប្រទះនឹងទ័ពខាងកើត ដែលបែកខ្ចាត់​ខ្ចាយដូច្នោះ ក៏បរពលឱ្យចូលកាប់ចាក់សត្រូវអស់ជាច្រើន ហើយសម្តេចបែនជិះសេះរាំដាវបរដេញ​ទៅទាន់សម្តេចចៅ ហ្វាកៅ។

សម្តេចចៅហ្វាកៅឱ្យព្រះស្តេចកនបរសេះរត់ទៅមុន ឯចៅហ្វាកៅបែរមកប្រកាប់ប្រចាក់គ្នា មួយស្របក់ តែទទួលជាពេលនោះ សេះសម្តេចចៅពញាបែនស្រុតជើងក្នុងអន្លង់ សម្តេចបែនក៏ធ្លាក់ អាវុធពីដៃ ដូច្នេះសម្តេចចៅហ្វាកៅយល់បានការហើយ ក៏ពួយមួយលំពែងទៅត្រូវសម្តេចពញាបែន ធ្លាក់ ពីសេះស្លាប់មួយរំពេច ។ ឯមេទ័ពខាងលិចទាំងបីកងលើកទៅដល់ក៏បរពលចូលច្បាំង។ សម្តេចចៅ ហ្វាកៅឃើញទ័ពខាងលិចច្រើនលើសលប់កម្លាំងក៏បរសេះរត់ទៅតាមព្រះស្តេចកន កំពុងរត់ក្នុងផ្លូវរំលោង លុះឃើញសម្តេចចៅហ្វាកៅមកដល់ហើយក៏នាំស្រូតទៅ។ រំពេចនោះឧកញ៉ាមហាមន្ត្រី យល់ទ័ពខ្មាំង នៅក្នុងរំលោង ហើយក៏បរពលស្កាត់ស្ទាក់ពីមុខភ្លាម។ ទ័ពខ្មាំងនឹងវាយទំលាយទៅក៏ពុំរួច នឹងងាកឆ្វេង ស្តាំក៏ពុំបាន ព្រោះទើសច្រាំងខ្ពស់ណាស់ និងថយក្រោយក៏ពុំបានឡើយ ហើយកងទ័ពពីក្រោយក៏ដេញ មកដែរ។ ឃុនហ្លួងព្រះស្តេចកនភ័យណាស់ ទើបប្រឹក្សានិងសម្តេចចៅហ្វាកៅថា យើងម្តងនេះនឹងរត់ទៅ ខាងណាក៏ពុំបាន ព្រោះសងខាងមានច្រាំងខណ្ឌខាងមុខមានគេបោះស្កាត់ ខាងក្រោយទ័ពគេដេញនឹងជ្រែក ទៅខាងណាក៏ពុំរួចដែរ យើងមុខជាស្លាប់នៅទីនេះពុំខាន។ និយាយរួចហើយហើយស្តេចកនក៏ក្រាបយំ លើខ្នងសេះ ។ សម្តេចកៅយល់ដូច្នោះហើយ ក៏ចាប់ដៃទាញឡើង ហើយថាបើមាស្លាប់ សុំក្មួយស្លាប់ តាម។ បើមាមានជីវិតរស់ទេ ក្មួយនឹងភ័យខ្លាច វាថ្វីថាហើយចៅហ្វាកៅក៏បោលសេះទំលាយចេញទៅ។ ឯព្រះសុទ្តយល់ទ័ពខ្មាំងជាប់ចំណោមហើយក៏បរពល កាំភ្លើង២៥០នាក់ទៅឈរបាញ់ពីមាត់ច្រាំង ត្រូវពល ខ្មាំងស្លាប់ជាច្រើនណាស់។ សម្តេចកៅយល់ដូច្នោះហើយក៏ស្រែកប្រកាសថា បើយើងមិនខំប្រឹងគង់នឹង ស្លាប់គ្រាប់កាំភ្លើងគេទាំងអស់ជាមិនខាន យើងស៊ូចូលទៅប្រកាប់ បើស្លាប់នឹងប្រយុទ្ធគេយើងក៏មាន កេរិ៍ឈ្មោះដែរ បើរស់យើងក៏រស់បានរួចទៅដល់បន្ទាយជួបប្រពន្ធកូនជាមិនខាន។ ឯអស់ពួកខ្មាំងស្តាប់ ឮអស់ហើយក៏ចូលចិត្តពួតដៃគ្នា ចូលវាយទំលាយទ័ពមុខត្រាតែរួចចេញមក នៅសល់តែមនុស្ស ៥.០០០នាក់ ក្រៅពីនោះស្លាប់អស់ ។

កងទ័ពទាំងនោះក៏ខំស្រូតរូតរត់ទៅដល់ច្រកចង្អៀតផ្លូវភ្នំពានជាំង អស់កម្លាំងណាស់ក៏នាំគ្នាឈប់ដាំបាយស៊ី ។ ឧកញ៉ាមហាទេពឃើញហើយក៏ប្រមៀលដុំថ្មបាញ់ កាំភ្លើងធ្នូ ស្នា ត្រូវពួកស្តេចកនស្លាប់ជាច្រើន នាក់ទៀត ។

ព្រះស្តេចកន និងចៅហ្វាកៅ ព្រមទាំងពលទាហាន៥.០០០នាក់ នាំគ្នារត់ទៅទៀត។ ឧកញ៉ាមហាទេពដេញ តាមទៅឃើញច្រកចង្អៀតណាស់ ក្រែងចាញ់កលឧបាយសត្រូវ ក៏វាយស្គរហៅពលថយមកជួបនិងកងទ័ព ទាំង៥កងវិញហើយនាំគ្នាទៅក្រាបបង្គំទូលសម្តេចបរមខត្តិយាមហាចន្ទរាជា សូមទ្រង់ជ្រាបគ្រប់ប្រការ។

សម្តេចព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ត្រាស់ថា ៖ សម្តេចចៅពញាបែនស្លាប់ ចាប់ខ្មាំងមិនបាន ហើយទ្រង់ស្តាយណាស់ ទ្រង់មានព្រះបន្ទូលថា ៖ ចៅពញាបែន មិនគួរជាស្លាប់ក្នុងដៃអាខ្មាំងឡើយ។ ទ្រង់ព្រះពិរោធនឹងពួកអាខ្មាំងណាស់ ទើបទ្រង់ត្រាស់ឱ្យឧកញ៉ាយមរាជ សួស ឃុំពល២០.០០០នាក់ ទៅវាយបន្ទាយពិជ័យនគរ, ឧកញ៉ាវាំង ឃុំពល ២០.០០០នាក់ ទៅវាយទិសខាងលិចឱ្យសម្តេចព្រះ ភាគិយ្យោយសរាជា ជាកែវ នាយកមេទ័ពធំ ត្រួតត្រាលើមេទ័ពទាំងអស់។ មេទ័ពទាំងបីកងក៏លើក ពលចោមបន្ទាយតាមត្រាស់បង្គាប់រៀងៗខ្លួនពុំមានធ្វេសប្រហែសឡើយ ។ (សាស្ត្រាទាំងប៉ុន្មាននិយាយថា ព្រះបរមខិត្តិយាមហាចន្ទរាជាឱ្យ លើកទ័ពទៅប្រាំកង តែរាប់ឈ្មោះមេទ័ព ឃើញតែបីកង)។

សម្តេចចៅហ្វាកៅ ដែលនាំព្រះស្រីជេដ្ឋាព្រះស្តេចកន រត់ទៅនោះលុះរត់ទៅដល់បន្ទាយហើយ ក៏រួបរួមនឹង សម្តេចចៅពញាហែង, ចៅពញាចក្រី និងចៅពញាស្នងធ្នឹមព្រះនគរ “ផាលន” នឹងចៅពញាវាំង ចៅពញា ស្រាល ចៅពញាលំពាំង តាំងឱ្យត្រួតត្រារក្សាពុំហ៊ានធ្វេសប្រហែសទាំងយប់ទាំងថ្ងៃ ។

មេទ័ពទាំងបីកង ខាងព្រះបរមខត្តិយាមហាចន្ទរាជា លុះលើកទៅដល់បង្គាប់ពលឱ្យឡើងក្បាលបន្ទាយខាងសត្រូវ អត់មានបង្អែបង្អង់ឡើយ។ ពួកពលខ្មាំងក៏ពួយនឹងលំពែង បាញ់និងកាំភ្លើង ប្រមៀលដុំថ្មទម្លាក់ មកត្រូវអស់រេហ៍ពលមេទ័ពខាងលិច បណ្តាលឱ្យស្លុតស្លាប់អស់ជាច្រើន។ មេទ័ពខាងលិចយល់ថា ទ្រាំពុំបានហើយក៏វាយស្គរបរពលថយមកវិញ មេទ័ពខាងលិចព្យាយាមបរពលឱ្យចូលចោមបន្ទាយ ព្រះស្តេចកន ឥតមានឈប់ឈរ តែឡើងបន្ទាយនោះពុំបាន ត្បិតបន្ទាយនោះធំហើយខ្ពស់ណាស់ ។

ក្នុងខណៈនោះ ចូលក្នុងឆ្នាំមមី ចត្វាស័ក ព.ស ២០៦៦ គ.ស ១៥២២, ម.ស ១៤៤៤ ច.ស ៨៨៤ ខែជេស្ឋ ដែលគួរទុកឱកាសឱ្យរាស្ត្រធ្វើស្រែចំការច្បារដំណាំ ទើបសម្តេចព្រះស្រីជេដ្ឋា ម្ចាស់ផែនដីគ្រប់គ្រង ពិជ័យនគរ មានព្រះរាជសារចាត់ឱ្យចៅពញាមន្ត្រីជារាជទូតនាំទៅថ្វាយព្រះមរបខត្តិយាមហាពិត្រ ជាអម្ចាស់ជីវិតលើត្បូងផែនដីត្រើយខាងលិច ដែលមានសេចក្តីថា៖ ព្រះរាជសារ មហាទ័ពវិសេសព្រះបាទសម្តេច ស្តេចព្រះរាជឱង្ការ ព្រះស្រីជេដ្ឋា បរមខត្តិយាមហាធិបតី សិរីយសោធរ គ្រង់ពិជ័យនគរ បវររាជធានី ជាអម្ចាស់លើត្បូង។ ចម្រើនផ្លូវព្រះរាជមេត្រីមក ព្រះបាទ សម្តេចព្រះរាជឱង្ការ ព្រះមហាចន្ទរាជារាមាធិបតី ទិសខាងលិចបានទ្រង់ជ្រាប ។

យើងធ្វើមហាពិជ័យសង្គ្រាមនឹងគ្នា ជាអង្វែងឆ្នាំមកហើយ អស់អាណាប្រជានុរាស្ត្រ ទាសកម្មករ បវររាជធានី ក៏នឿយព្រួយព្រាត់ប្រាស់បុត្រភរិយាជាច្រើន ។ ឥឡូវនេះរដូវដែលត្រូវឱ្យរាស្ត្រធ្វើស្រែ ក៏មកដល់ហើយ ។ យើងជាម្ចាស់ផែនដីទិសខាងកើតយល់ថា គួរឈប់ធ្វើសង្គ្រាមមួយវេលា បង្អង់ឱ្យរាស្ត្រ ធ្វើស្រែចំការសិន លុះរាស្ត្រធ្វើរួចកាលណាសុំយើងធ្វើសង្គ្រាមល្បងព្រះបារមីតទៅទៀត ។ ព្រះអង្គ ជាអម្ចាស់ទិសខាងលិចយល់ដូចម្តេច? ថាបើយល់ព្រមហើយ ឱ្យរំសាយកងទ័ពទៅធ្វើស្រែចំការយក ប្រយោជន៍ចិញ្ចឹមបុត្រភរិយាតាមប្រវេណីចុះ ។

ព្រះបាទសម្តេចព្រះបរមខត្តិយា មហាចន្ទរាជាធិរាជ ជាអម្ចាស់លើត្បូង ទ្រង់ព្រះសណ្តាប់ហើយ ទ្រង់ត្រាស់ និងព្រះរាជទូតថា ៖ ម្ចាស់ឯងគិតនេះ ក៏ត្រឹមត្រូវតាមផ្លូវច្បាប់ហើយ ។ សេចក្តីនេះអញយល់ព្រម តាមហើយ តែឱ្យម្ចាស់ឯងរំលាយកងទ័ពទៅជាមុនចុះ ចាំអញរំសាយកងទ័ពទៅតាមក្រោយ ។ វេលានោះ ចៅពញាមន្ត្រីរាជទូត ក៏ថ្វាយបង្គំ ត្រឡប់ទៅក្រាបទូលសម្តេចព្រះស្រីជេដ្ឋាវិញ ។

សម្តេចព្រះស្រីជេដ្ឋា គឺព្រះស្តេចកន បានទ្រង់ជ្រាបហើយ ក៏ឱ្យរំសាយកងទ័ពទៅធ្វើស្រែចំការ តាមភូមិ លំនៅទីទៃៗ ។ ឯសម្តេចព្រះបរមឧត្តមខត្តិយាចន្ទរាជា ទ្រង់ជ្រាប ដោយកងល្បាតថា ព្រះស្តេចកន រំសាយ កងទ័ពហើយ ព្រះអង្គក៏រំសាយកងទ័ពដែរ ទ្រង់ទុកនៅសំរាប់តែបន្ទាយប្រមាណ១.០០០នាក់ ។
ផែនដីព្រះស្រីសុគន្ធបទ

ក្នុងថ្ងៃមួយនោះ សម្តេចព្រះស្រីជេដ្ឋា ព្រះហត្ថាម្ខាងកៅទណ្ឌ ព្រះហត្ថាម្ខាងទ្រង់នូវធ្នូ២៥ ស្តេចនាំ អ្នកព្រះម្នាង ផាលែង និង ព្រះស្នំក្រមការ យាងព្រះបាទាតាមផ្លូវថ្នល់ ទៅថ្វាយបង្គំព្រះអរហន្តធាតុ នៅវត្តព្រះធាតុតាមសព្វដង។ ព្រះរាជកិច្ចនោះដឹងដល់ឧកញ៉ាយមរាជ សួស ជាមេទ័ពហ្លួងខាងលិច ទើបមេទ័ពនេះក៏ចាត់កងទ័ពកាំភ្លើងតូច១០០នាក់ ឱ្យទៅបង្កប់ចាំក្នុងព្រៃដើម្បីលបលុកព្រះស្តេចកន។ លុះព្រះស្រីជេដ្ឋាទៅដល់ទាហានកាំភ្លើងដែលឧកញ៉ាយមរាជសួស ចាត់ទៅនោះ ក៏បាញ់ត្រូវដាច់ព្រះពស្ត្រ សម្តេចព្រះស្រីជេដ្ឋា៥គ្រាប់។ សម្តេចព្រះស្រីជេដ្ឋា ទ្រង់ព្រះពិរោធណាស់ ទ្រង់ទាញកៅទណ្ឌបាញ់ ទៅវិញ, បាញ់ម្តងចេញទៅ៥ព្រួញ បាញ់៥ដងត្រូវជា២៥ព្រួញ បណ្តាលឱ្យស្លាប់ពលឧកញ៉ាយមរាជ សួស២៥នាក់ ទ័ពសល់ពីនោះមិនហ៊ានតទៅទៀត ក៏បែករត់ទៅប្តឹងឧកញ៉ាសួសវិញ តាមដំណើរគ្រប់ ប្រការ ។

ខណៈនោះសម្តេចព្រះស្រីជេដ្ឋាក៏នាំព្រះស្នំក្រមការ ត្រឡប់ទៅបន្ទាយពិជ័យព្រៃនគរវិញ ហើយទ្រង់ឱ្យ តែងព្រះរាជសារ ហើយចាត់ឧកញ៉ាមហាមន្ត្រីទេពឱ្យអញ្ជើញព្រះរាជសារនោះ ទៅថ្វាយព្រះបរមខត្តិយា មហាចន្ទរាជា សូមទ្រង់ជ្រាប។ រាជទូតក៏ក្រាបថ្វាយបង្គំលាអញ្ជើញព្រះរាជសារទៅដល់សេនាបតី សេនាបតីនាំចូលទៅថ្វាយព្រះបរមបពិត្រ។ ព្រះបរមបពិត្រស្តេចទ្រង់អាល័ក្សថ្លែងសេចក្តីតាមព្រះរាជ សារថា យើងជាម្ចាស់ផែនដី ទិសខាងកើត មានព្រះរាជសារសុំឱ្យបញ្ឈប់សង្គ្រាមដើម្បីរាស្ត្រធ្វើស្រែ ម្ចាស់ផែនដីខាងលិចក៏ព្រមហើយ។ ឥឡូវនេះហេតុអ្វីម្ចាស់ផែនដីទិសខាងលិចដែលធ្វើជាព្រះមហាក្សត្រធំ ហើយស្តេចមកស្រដីគ្មានពាក្យសត្យសោះ គឺថាឱ្យពលទាហានទៅលបបាញ់យើង ធ្វើដូចទ័ពចោរប្លន់ ដូច្នេះ?

ព្រះបាទ ព្រះបរមបពិត្រខត្តិយាមហាចន្ទរាជា ទ្រង់ពិរោធនឹងកងទ័ពដែលទៅលួចបាញ់នោះពន់ប្រមាណ។ ទ្រង់ត្រាស់ឱ្យសួររកមុខទៅឃើញថា ឧកញ៉ាយមរាជសួស ឱ្យកងទ័ពទៅលបបាញ់ ទើបសេនាទាហានក្រុម រក្សាព្រះអង្គចាប់យកឧកញ៉ាយមរាជសួសទៅសម្លាប់ភ្លាម ។ ឧកញ៉ាយមរាជស្លាប់ ហើយគ្មាននរណាហ៊ាន កប់សោះ លុះខ្មោចយមរាជហើមស្អុយ ទ្រង់ជ្រាបហើយក៏ត្រាស់បង្គាប់ប្រោសអនុញ្ញាតឱ្យញាតិសន្តានយក ខ្មោចនោះទៅធ្វើបុណ្យ រួចត្រាស់បង្គាប់ឱ្យបញ្ជូនកងទ័ពដែលនៅសេសសល់៧៥នាក់នោះ ជាពលរក្សា ផ្នូរខ្មោចឧកញ៉ាយមរាជ ហេតុនេះហើយបានជាជាប់មានពលសំរាប់ងារយមរាជនោះរៀងមក ។ ឯទីដែល ឧកញ៉ាយមរាជស្លាប់ហើមនោះ អ្នកស្រុកហៅថា ភូមិយមរាជហើម តែយូរៗមកក៏ហៅភូមិហើម រៀងមកទល់សព្វថ្ងៃនេះ ។

ឯព្រះបាទសម្តេចព្រះបរមខត្តិយាមហាចន្ទរាជា គ្រាដែលឈប់សង្គ្រាមនោះ ព្រះអង្គតាំងបន្ទាយ នៅភូមិ ក្តុល មានរេហ៍ពលសម្រាប់ការពារបន្ទាយ១០.០០០នាក់ ហើយព្រះអង្គទុកតែសម្តេចព្រះភាគិនេយ្យាយស រាជាកែវនាយកនិងសេនាទាហាន៤.០០០នាក់ឱ្យនៅរក្សាបន្ទាយ ។ ឯព្រះអង្គនិងរេហ៍ពល៦.០០០នាក់ យាងត្រឡប់ទៅខែត្រពោធិ៍សាត់វិញ ហើយព្រះអង្គឱ្យឈ្មោះបន្ទាយដែលព្រះអង្គគង់នោះហៅថា បន្ទាយជ័យវិញ ។

និយាយអំពីសម្តេចស្រីជេដ្ឋា ព្រះអង្គគ្រងពិជ័យព្រៃនគរនោះវិញ លុះដល់ខែមិគសិរ បុស្ស ហើយទ្រង់ គិតថា ទ្រង់នឹងធ្វើសង្គ្រាមយកជ័យជំនះលើសម្តេចចៅពញាចន្ទរាជាក្នុងគ្រានេះឱ្យខាងតែបាន ទើបទ្រង់ ត្រាស់បង្គាប់ចៅហ្វាកៅ សម្តេចចៅពញាហែង ចៅពញា ស្នងធ្នឹមព្រះនគរ ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល និងចៅពញាលំពាំងជាសេនាបតី ឱ្យកេណ្ឌរេហ៍ពលបាន១៥.០០០នាក់មកសមហាត់ឱ្យស្ទាត់ ហើយនឹងយកទៅវាយបន្ទាយក្តុលវិញ។ បើមានជ័យជំនះហើយ ទ្រង់នឹងលើករហូតដល់បន្ទាយមានជ័យ សម្រេចផែនដីក្នុងឆ្នាំនេះឱ្យបាន។ សេនាបតីទាំងប្រាំមួយនាក់ ក៏ថ្វាយបង្គំលាចេញទៅចាត់ សំបុត្រឱ្យកេណ្ឌ មកគ្រប់គ្រាន់តាមព្រះបន្ទូលពិសេស។ សេចក្តីដែលកេណ្ឌរេហ៍ពលមក សមហាត់នេះ ឮសូរសព្ទទៅដល់ សម្តេចព្រះភាគិនេយ្យោយសរាជា ជាកែវនាយកទើបទ្រង់ត្រាស់ប្រឹក្សា និងឧកញ៉ាចក្រីទេព ឧកញ៉ា សួគ៌ា លោកសុខ កូនពញាមឿង និងសម្តេចចៅពញាកែវ ចៅពញាឧទ័យធិរាជ ចៅពញាតេជោនោះ អស់នាយកងទ័ពថា ពលគេដល់ទៅ ១៥០.០០០នាក់ ពលយើងមានតែ ៤.០០០នាក់ ដូច្នោះនឹងគិតដូចម្តេចកើត។

វេលានោះឧកញ៉ាចក្រីកែវ ចៅពញាសួគ៌ា លោកសុខ កូនពញាមឿងយកសេចក្តីក្រាប ទូលពលយើង សម្តេចព្រះបរមបពិត្រជាអម្ចាស់ទ្រង់ឱ្យបន្ថយអស់ទៅហើយ បើយើងនឹងទៅកេណ្ឌថែម ទៀត ក្រែងពុំទាន់ តែកាលបិតាទូលព្រះបង្គំលោតអន្លង់សម្លាប់ខ្លួនទៅកេណ្ឌទ័ពបិសាចឱ្យជួយធ្វើការនោះ បានផ្តាំទុកនឹងចៅពញាចាន់ មេស្មឹងជាភឿនថា បើម្ចាស់ផែនដីមានសេចក្តីទ័លធុរៈដូចម្តេច កុំឱ្យស្តេចមាន បន្ទូលផ្ទាល់ថា ឱ្យមេស្មឹងនិយាយឆ្លងព្រះបន្ទូល លោកនឹងកេណ្ឌទ័ពបិសាចមកជួយឱ្យបានសម្រេច។ ឥឡូវ ការណ៍យើងក៏ប្រទាលខ្លួនណាស់ហើយ គួរយើងធ្វើតាមបណ្តាំនោះល្បងមើល សម្តេចព្រះភាគិ នេយ្យោយសរាជា ជាកែវនាយកទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឱ្យចៅពញាចាន់ មេស្មឹង ចូលមកត្រាស់ ប្រាប់ដូនកូនពញាមឿងពីរនាក់យកសេចក្តីក្រាបបង្គំទូល។ ខណៈនោះ ពញាចាន់មេស្មឹង ទទួលព្រះបន្ទូល ពិសេសហើយក៏ឱ្យធ្វើរោងរាជវ័តិ និងឆត្រ គ្រឿងសក្ការៈបូជា ស្លៀកសស្រេចហើយ ក៏ចូលទៅក្នុងរោង រាជពិធីឧទ្ទិសដល់ខ្មោចពញាមឿងថា សុំឱ្យពញាជួយឱ្យបានសម្រេច ដូចជួយការណ៍ក្នុងខែត្រពោធិ៍សាត់។ ក្នុងគ្រានោះបិសាចពញាមឿងចូលសណ្ឋិតនឹងមេស្មឹង ហើយប្រាប់កូនទាំងពីរថា ឱ្យយកចំបើងចងជារូប មនុស្សឱ្យកាន់ប្រឆេះឱ្យពួកពលចេះតែតាំងហ៊ោបាញ់កាំភ្លើងពីចម្ងាយទៅ សុំយើងកេណ្ឌទ័ពបិសាច ទៅជួយឱ្យសម្រេច។ វេលានោះកូនពញាមឿងទាំងពីរនាក់ លុះដល់ពេលយប់ហើយ ឱ្យរេហ៍ពលយក ចំបើងចងជារូបមនុស្ស រួចចងប្រឆេះនៅរូបចំបើងនោះ យកទៅដាក់នៅក្បាលត្រោកជុំវិញបន្ទាយ ព្រះស្តេចកន។ ឯបិសាចពញាមឿងក៏កេណ្ឌឱ្យតាំងហ៊ោបីដូចគេប្លន់យកបន្ទាយ។ ទ័ពស្តេចកនឮហើយ ក៏តាំងតែបាញ់កាំភ្លើង ធ្នូ ស្នា ចោលដុំថ្មពីក្នុងបន្ទាយមកជាច្រើនរាត្រី។ សម្តេចចៅហ្វាកៅ ធ្វើតែ ដូច្នោះ១៥រាត្រី។ កងទ័ពក្នុងបន្ទាយបាញ់អស់ព្រួញ ធ្នូ ស្នា និងជិតអស់ទាំងគ្រាប់រំសេវ លុះដល់ យប់គម្រប់១៥នោះ ស្រាប់តែឮតាំងហ៊ោទូងស្គរក្រោមដី និងលើអាកាសដូចរន្ទះ កក្រើកទាំងព្រះធរណី ធូលីក៏បក់បោកចូលភ្នែក។ អស់សេនាទាហានទ្រាំពុំបានក៏បើកទ្វារបន្ទាយខាងកើត ហើយរត់ទៅទិស អាគ្នេយ៍ប៉ងទៅខែត្ររោងដំរី ដើម្បីទៅពឹងប្រទេសចាមឱ្យជួយ។ កងទ័ពបិសាចបណ្តាលអាត្មាឱ្យឃើញ កងទ័ពឈរតាំងហ៊ោតាមផ្លូវថ្នល់ដល់ទៅខែត្ររោងដំរីនោះ ។

ឯព្រះស្តេចកន សម្តេចចៅហ្វាកៅ ចក្រី និងស្នងធ្នឹមព្រះនគរ “ផាលន់” នាំអ្នកម្នាង “ផាលែន” រត់ចេញ តាមទ្វារប៉មទិសឦសាន ដើម្បីទៅទិសខាងជើងកាត់ស្រុកលាវ។ លុះទៅដល់ព្រៃមួយអន្លើឱ្យបោះទ័ព បង្អង់នៅទីនោះ យូរទៅជាប់ឈ្មោះបង្អង់យារៗមក ហៅហូរជើងវាំង។ ទីនោះជាព្រៃគគីរមាន ដើមគគីរជាច្រើន ព្រះស្តេចកនឃើញដើមគគីរមួយធំក្រៃលែង ឱ្យបាំងស្រមោលវាស់លមើល ឃើញ ២៤ព្យាម សំណុំ៩ព្យាម ទើបព្រះស្តេចកនប្រឹក្សានឹងអស់មន្ត្រីនាយកងទ័ព ថា ចៅពញាចន្ទរាជាមាន ទូកសារាយអណ្តែតវែងតែ១៨ព្យាម ទើបព្រះស្តេចកននឹងអស់មន្ត្រី នាយកងទ័ពថា ចៅពញាចន្ទរាជាមាន ទូកសារាយអណ្តែតវែងតែ១៨ព្យាម។ ដូច្នោះគួរយើងឱ្យកាប់ដើមគគីរធ្វើទូកឱ្យបានជាស្រេច ហើយនឹងឱ្យ រាជសារទៅបបួលចៅពញាចន្ទរាជាអុំភ្នាល់ដាក់ព្រះនគរ។ បើមិនភ្នាល់ យើងនឹងឱ្យរេហ៍ពលតាំងហ៊ោ ចំអកចំអន់ឱ្យឈឺចិត្ត ។ បើហ៊ានអុំភ្នាល់ ទូកយើងវែងជាងដល់ទៅ៧ព្យាមនោះ គង់មានជ័យ ជំនះដោយងាយបាន ។
គិតព្រមព្រៀងគ្នាហើយ ស្តេចកនក៏ឱ្យរេហ៍ពលកាប់ដើមគគីរនោះចាំងលុងបានជាទូកងមួយវែង២៥ព្យាម ទទឹង១២ហត្ថ ទើបឱ្យឈ្មោះព្រៃគគីរនោះហៅថា ព្រៃគគីររៀងមក ។ ឯទូកដែលកាប់បាននោះសិត ពុំទាន់រួច ហើយស្តេចកនឱ្យអូសយកទៅធ្វើនៅឯបន្ទាយសង់រោង និងសិតទូកនោះ ហើយឱ្យសាងព្រះ ចេតិយមួយគិតនឹងយកបន្ទាយសាងថ្មីនេះជាមហានគរ ។ កំពុងតែសាងព្រះចេតិយធ្វើបន្ទាយ និងសិត ទូកនោះ កងទ័ពបិសាចក៏តាមទៅសំដែងឫទ្ធិតាំងហ៊ោឮសូរសព្ទដូចជាស្គររន្ទះទាំងផែនប្រឹថពី។ ស្តេចកន ចៅហ្វាកៅ និងអស់នាយកងទ័ពមើលមិនឃើញ ច្បាំងពុំកើត ឃើញប្លែកអស្ចារ្យណាស់ ទ្រាំពុំបានក៏នាំគ្នា រត់ពីទីនោះទៅទៀត។ ស្តេចកន សម្តេចកៅ សម្តេចចៅពញាហែងរត់បែកគ្នាទៅចុងម្ខាង ឯអ្នកម្នាង ផាលែន និងចក្រីនី រត់បែកផ្លូវទៅទិសខាងត្បូងទៅដល់ភូមិគោកស្រុក ហើយទីដែលបែកផ្លូវនោះ ជាប់ហៅភូមិនាងឃ្វាងផ្លូវយារៗមកហៅថាភូមិស៊ាងឃ្វាង ។ ក្រោយមកអ្នកម្នាងផាលែនរត់ទៅទៀត ចូលព្រៃលេចវាលគិតថា ក្រែងស្តេចកន តាមរកខ្លួនពុំឃើញក៏កាត់សក់ចងនឹងមែកឈើនោះប្រាថ្នាឱ្យ ស្តេចកនឃើញហើយតាមរកបានជាជាប់ហៅវាលចងសក់ដល់សព្វថ្ងៃនេះ ។ តមកទៀតនាងដើរហួស ទៅទៀតត្រូវថ្ងៃក្តៅណាស់ ខណៈនោះមានសត្វខ្លែងមួយហ្វូងចម្កាងស្លាប ហើរបាំងពីលើមិនឱ្យក្តៅ លុះ មានគេទៅនៅភូមិនោះក៏ជាប់ឈ្មោះហៅថា ភូមិបង្ហើរខ្លែង។ នាងដើរហួសទៅទៀត ឃើញត្រពាំងមួយ ទឹកថ្លាល្អ នាងក៏ចូលទៅកក់ក្បាលនៅទីនោះ លុះមានគេទៅនៅភូមិបានជាប់ឈ្មោះហៅថា ភូមិស្រែកក់ រៀងមក។ នាងដើរទៅទៀតមានអូរមួយនឹងដើរឆ្លងមិនរួចនាងបន់ដល់អ្នកតាបង់បត់ សុំឱ្យមានទូកឆ្លង ពេលនោះអ្នកតាបង់បត់តំណែងជាក្រពើមួយឱ្យនាងដើរជាន់ឆ្លងទៅ ក្រពើនោះប្រែក្លាយទៅជាក្រពើថ្ម រហូតដល់សព្វថ្ងៃនេះ គេហៅថាភូមិភាគក្រពើរៀងមក។ នាងដើរហួសទៅទៀតរោយជើងដើរពុំរួច អស់ កងទ័ពសុំពរនាងនៅទួលនោះ សព្វថ្ងៃនេះជាប់ហៅថាទួលសុំពរ។ លុះដើរទៅទៀត នាងសួសជាមាតានាង ផាលែន រោយជើងដើរមិនរួច ចៅពញាចក្រីនី ឱ្យយកសំពត់ធ្វើអង្រឹង ហើយយកដងផ្គាក់ធ្វើស្នែងសព្វថ្ងៃ នេះជាប់ឈ្មោះហៅថា ព្រែកដងផ្គាក់ ។ តពីនេះទៅទៀត ដល់វាលមួយអន្លើ ធ្លាក់ខ្នើយ នាងសួស ពីអង្រឹងបានជាជាប់ឈ្មោះហៅថា វាលជ្រុះខ្នើយ។ លុះទៅដល់អូរមួយអន្លើ ចោលស្នែង ដែលសែង នាងសួសនោះទៅក្នុងអូរនោះសព្វថ្ងៃគេហៅថា អូរចោលស្នែង។

ក្នុងស្រុកត្បូងឃ្មុំនោះមានអុងម៉ុងពីរ (ដូចដែលយើងបានពណ៌នារួចមកហើយក្នុងដើមនេះ) អ្នកស្រុក សន្មតហៅថា អុងម៉ុងព្រះមហោសថ ។ អុងម៉ុងតូចនោះមានទំហំ៧ហត្ថបួនជ្រុង អុងម៉ុងធំនោះ មានទំហំ១៣ហត្ថបួនជ្រុង ។ ទឹកដែលហូរលើអុងម៉ុងនោះ ធ្លាក់ទៅលើព្រែកឆ្លូងឆ្ពោះត្រង់ទៅស្រុកយួន។ លុះពេលសែងនាងទៅដល់អុងម៉ុងនោះសំរាកមួយសន្ទុះ នាងទៅពួនក្នុងហោងតូច សព្វថ្ងៃនេះគេហៅ អុងម៉ុងតូចនោះថា ហោងពលសែង។ លុះឃើញថាស្ងប់ស្ងាត់គ្មានកងទ័ពលើកតាមទេ នាងនាំបក្សពួកទៅ ដល់ហោងអុងម៉ុងធំនោះ នាងក៏សួសទាំងកូន និងម្តាយចូលទៅពួនក្នុងអុងម៉ុងនោះ សព្វថ្ងៃគេហៅថា ហោងពួន។ ពួកនេះហួសទៅខាងកើតបានជួបជុំព្រះស្តេចកន សម្តេចកៅ ។ ស្តេចកនជំនុំគ្នានិងធ្វើ បន្ទាយទៀត តែធ្វើមិនកើត លុះមានគេទៅនៅភូមិនោះជាប់ឈ្មោះថាភូមិស្រែបន្ទាយ ។ រត់ពីនោះទៅ ទៀតដល់វាលមួយវែងបណ្តោយទៅខាងកើត ក្រោយមកមានគេទៅនៅស្រែ សព្វថ្ងៃនេះជាប់ហៅ ឈ្មោះភូមិស្រែវែង។ រត់ទៅទៀតច្រលំផ្លូវលោជាគេចទៅឦសានព្រៃដែលមក។ ក្រោយមកមានគេ ទៅនៅសព្វថ្ងៃនេះហៅថា ភូមិរលារៀងមក។ បក្សពួកស្តេចកននាំគ្នារត់ទៅទិសខាងកើតទៀតជួបនឹង ស្វា.សមួយស្វានោះ ក៏បេះផល្លានុផលទម្លាក់មកឱ្យក្រោយមកគេទៅរានភូមិនៅសព្វថ្ងៃនេះ ជាប់ជាភូមិ ស្វា.ស ។ រត់ទៅឯកើតទៅទៀត ដល់ចំការពោតមួយអន្លើ ម្ចាស់ចំការឈ្មោះថៅកែ យកពោតមកថ្វាយ ស្តេចកន ហើយស្តេចកនឱ្យពរថា ឱ្យរកស៊ីកើតកាលវាលគុម្ព។ លុះក្រោយមកមានគេទៅនៅគេហៅថា ភូមិជីកែរៀងមក។ រត់ទៅទិសខាងកើតស្តេចនឹងនាងអស់កម្លាំងណាស់ អស់ពួកពលឃើញថ្មមួយដុំ ចាំង ធ្វើជាគ្រែ បណ្តោយ៦ហត្ថ កំពស់១ហត្ថ ទទឹង៣ហត្ថថ្វាយស្តេចផ្ទុំលុះក្រោយមកមាន គេទៅរាន ភូមិនៅគេហៅភូមិថ្មគ្រែ។

ឯសម្តេចចៅហ្វាកៅ ចៅពញាចក្រីនី ចៅពញាវៀង ចៅពញាវាំង៤នាយនេះកាល ភ័យពេកក៏រត់បែកគ្នា ចូលទៅខែត្របាភ្នំមឿង រមាសហែកមានស្ម័គ្របក្សពួក២០០នាក់ ។ វេលានោះកងទ័ពនាយទាំង៤បាន ប្រទះនឹងចៅពញាសួគ៌ាលោកសុខ កូនពញាមឿង កងទ័ពទៅដេញរត់ទៅទៀត។ ឯស្តេចកនឃ្លានបាយ ណាស់ ក៏ឈប់ឱ្យដាំបាយ តែដាំពុំទាន់ឆ្អិន ទ័ពគេទៅដល់ក៏រត់ទៅចោលបាយនៅទីនោះទាំងបាយឆៅផង។ លុះកងទ័ពចៅពញាសួគ៌ាលោកទៅដល់ ក៏យកបាយឆៅនោះស៊ី ក្រោយមកទៀតមានគេទៅរានភូមិនៅគេ ហៅភូមិបាយឆៅរៀងមក។ ឯនាយកងទ័ពខ្មាំងទាំង៤នាក់ឃើញត្រឡាចផ្លែក្នុងព្រៃក៏បបួលគ្នាបេះ។ កំពុង តែបេះនោះទ័ពគេទៅដល់ចាក់កាប់សម្លាប់ចៅពញាវៀង ចៅពញាវាំង ហើយទ័ពដែលនៅសល់ ក៏បែក រត់ទៅទៀត ។
ក្រោយដែលបេះត្រឡាចនោះមកមានគេទៅនៅក៏ជាប់ហៅថាភូមិត្រឡាចរៀងមក ។ ឯសម្តេចចៅហ្វាកៅ និងចក្រីនី នាំស្ម័គ្របក្សពួករត់ទៅដល់ព្រៃមួយអន្លើ មានទឹកត្រពាំងល្មមពេលដាំ បាយស្លស៊ីក៏ឈប់កាប់ត្រីធ្វើម្ហូប។ លុះកងទ័ពគេទៅដល់សម្តេចចៅហ្វាកៅ ចៅពញាចក្រីនី ប្រថុយជីវិត ចូលមកតដៃក៏កំពប់ត្រីពីចានបានជាជាប់ហៅថា ភូមិចានត្រីរៀងមក ។ ឯចៅហ្វាកៅ ចក្រីនីនាំស្ម័គ្របក្ស ពួករត់ទៅទៀត ចៅពញាសួគ៌ាលោកក៏ដេញតាមទៅបន្តិច ចៅពញាតេជោលើកទ័ពទៅដល់ក៏ចូល ប្រកាប់គ្នា ចក្រីនីនឹងចៅពញាសួគ៌ាលោក សម្តេចកៅតនឹងចៅពញាតេជោ អ្នកទាំងនោះស្ទាត់ក្នុងការ កាន់អាវុធចិត្តមុតដូចគ្នា ។ ប្រយុទ្ធគ្នាពីថ្ងៃត្រង់ដល់រសៀល បិសាចពញាមឿងបណ្តាលឱ្យចៅហ្វាកៅ ចក្រីនី ឮសូរដូចគេស្រែកសន្ធាប់នាំឱ្យធ្លាក់អាវុធពីដៃ ។ ខណៈនោះចៅពញាសួគ៌ាលោក ចៅពញា តេជោសម្លាប់បាន ហើយកាត់ក្បាលនាំមកថ្វាយសម្តេចព្រះភាគិនេយ្យាយសរាជជាកែវនាយកទ្រង់ ព្រះអំណរណាស់ ទ្រង់ប្រោស រង្វាន់តាមសមគួរ ។ ឯសម្តេចចៅពញាហែង នាងផាលែន ចៅពញាស្រាល ចៅពញាលំពាំងនោះនៅជាមួយនិងព្រះស្តេចកនធ្វើបន្ទាយរាយល្បាតយាមក្នុងព្រៃនោះ តែជិតកើតជា បន្ទាយ កាលណាក៏ចេះតែឮសូរដូចជាកងទ័ពគេលើកទៅចោម ។ ដូច្នោះហើយស្តេចកនក៏នាំគ្នាជិះដំរី ទៅជ្រកក្នុងព្រៃមួយក្រោយមកមានគេទៅនៅគេហៅភូមិដំរីជ្រាប ។ រត់ពីនោះទៅទៀតស្តេចកនជួប មេមត់ម្នាក់ល្បីថាឆុតណាស់ ស្តេចកនឱ្យបញ្ជាន់សួរពីសុខឬមិនសុខ ។ មេមត់នោះ ឆ្លើយថា ពុំសុខទេ បើចង់សុខឱ្យទៅសុំទោសហ្លួងខាងលិច ក្រោយមកនោះមានគេទៅនៅទីនោះក៏ជាប់ហៅថា ភូមិមេមត់ រៀងមក។ រត់ពីនោះទៅទៀតដល់ព្រៃមួយអន្លើ ពួកយាមគ្មានឫស្សីធ្វើត្រដោក តែឃើញផ្ទាំងថ្មមួយ មានរូងពួកយាមក៏វាយថ្មនោះខ្ទ័រដូចស្គរដូចត្រដោក ។ ក្រោយមកមានគេហៅឈ្មោះភូមិនោះថា ភូមិ ត្រដោក ។ រត់ទៅទៀតស្តេចកនឃើញទន្លេចាមមានទឹកហូរចុះទៅស្រុកព្រៃ ក៏ឈប់ទ័ពនៅទីនោះ ។ មានកំពង់ចុះងូតដងទឹកនោះដោយខ្លួន មានឈ្មោះកំពង់នាងផាលែន កំពង់លួង កំពង់សម្តេច ចៅពញាហែងរៀងមក។
ផែនដីព្រះស្រីសុគន្ធបទ

លុះនៅទីនោះយូរទៅសម្តេចចៅពញាហែង ជំទាវសួស ក៏មានជំងឺហើយអនិច្ចកម្មទៅ នៅតែមន្ត្រីសេនា ទាហានជាន់តូចៗ និងរេហ៍ពលប្រាំ ឬប្រាំមួយរយនាក់ ទើបព្រះស្រីជេដ្ឋា ជំនុំនិងរេហ៍ពលទាំងឡាយថា យើងរត់មកនោះឆ្ងាយណាស់ ស្បៀងអាហារក៏តិចណាស់ កេណ្ឌរេហ៍ពលថែមទៀតក៏ពុំបាន ។ យើងយល់ ថា ព្រះចន្ទរាជាទៅខែត្រពោធិ៍សាត់ទៅហើយ នៅតែពញាយសរាជានោះជាក្មួយអញបង្កើត ដូច្នោះបើទុក ជាម្តេចម្តា ក៏ចៅពញាយសរាជាមិនយកទោសអញទេ ទ្រង់ឱ្យអញធ្វើជាសម្តេច ជាសម្តេចចៅហ្វាយដែរ ហើយពួកឯងរាល់គ្នាគង់បានសេចក្តីសុខដែរ ។ ការណ៍ដែលឯងមានគុណគាប់នឹងអញ អញនិងទំនប់ បំរុងបានដោយងាយ។ អញយល់ថា យើងចាក់ចោលគ្រាប់រំសេវឱ្យអស់ ហើយសុំចុះចូលវិញឃើញថា បានសេចក្តីសុខប្រសើរជាង ។ អស់ពលក៏យល់ព្រមតាម សព្វថ្ងៃទីនោះហៅថា ភូមិជំនុំរៀងមក ។
ព.ស២០៦៩ គ.ស ១៥២៥. ម.ស ១៤៤៧. ច.ស ៨៨៧ ឆ្នាំរកាសប្តស័ក សម្តេចព្រះស្រីជេដ្ឋា គឺព្រះស្តេចកន បានចាក់ចោលគ្រាប់រំសេវ ហើយក៏នាំរេហ៍ពលមកដល់វត្តគរដែលព្រះនាងផាលែង សាងនោះ។ នៅទីនោះស្តេចកនឱ្យរេហ៍ពលជីកស្រះមួយនៅផ្នែកកើតព្រះវិហារទុកជាទីសំរាប់វត្ត។ ក្រោយមកស្តេចកននាំរេហ៍ពលទៅទិសខាងជើង ដល់វត្តមួយដែលសម្តេចចៅពញាហែង បិតាព្រះម្នាង ផាលែងសាងនោះឱ្យឈ្មោះជាប់នឹងវត្តដែលសាងនោះហៅថា វត្តគរការទួលតាហែង តាមនាមសម្តេច ហែង។ រួចចេញទៅខាងលិចភូមិព្រះអង្គឱ្យជីកស្រះមួយ បណ្តោយប្រវែង៥០ព្យាម ទទឹង២៥ព្យាម ហើយ សាងវត្តមួយសាងព្រះពុទ្ធរូប និងដើមរកា៥ព្រះអង្គបានដាក់ឈ្មោះហៅថា វត្តភូមិរកាព្រះប្រាំរៀងមក។ ឯពញាមន្ត្រីអរជូនកែ មេគយទទួលដំណឹងនេះហើយ ក៏កេណ្ឌពលចោមចាប់បាននាងផាលែននិងស្តេចកន។ ស្តេចកនស្រែករោទិ៍ជាខ្លាំងហើយថា “អញមិនគួរជាឱ្យគេចាប់បានសោះ” ។

ឯពញាមន្ត្រីអរជូនកែ ជាមេគយ កាលចាប់ដាក់ក្តីស្តេចកន និងនាងផាលែន បានហើយគិតថា បើអញនាំទៅ ទាំងរស់សម្តេចព្រះភាគិនេយ្យោយសរាជានោះ ត្រូវជាក្មួយស្តេចកនផង កាលណានឹងហ៊ានសម្លាប់ស្តេច កនត្រូវជាឪពុកមា។ បើអញពុំហ៊ានសម្លាប់ ហើយតែកាលណាស្តេចលែងខ្លួនវា ចិញ្ចឹមវាឱ្យធំមុខជាយើង នឹងស្លាប់ទាំងអស់គ្នាវិញពុំខាន។ លុះគិតយល់ព្រមគ្នាវិញហើយ អរជូន “កែ” ក៏កាត់យកក្បាលស្តេចកន និងនាងលែនដាក់ជាល ព្រមទាំងឱ្យប្រហារជីវិតទាំងអស់ស្ម័គ្រពួក២៥នាក់ទៀត។ ឯព្រៃដែលគេចោមចាប់ ស្តេចកននោះ សព្វថ្ងៃគេហៅថា ព្រៃចំណោម ហើយត្រង់កន្លែងដែលស្តេចកនស្រែករោទិ៍នោះ សព្វថ្ងៃ គេហៅថាព្រៃទំរនរោទិ៍ យារៗមកគេហៅថាព្រៃរោទិ៍ ។ ត្រង់កន្លែងដែលថា មិនគួរចាប់បាននោះ គេហៅ ថាព្រៃមិនគួរយារៗមកគេហៅថា ព្រៃជើងគួរ ។

ឯសម្តេចព្រះភាគិនេយ្យាយសរាជា ជាកែវ នាយកព្រះអង្គមានកងទ័ព៤.០០០នាក់ ឯខាងស្តេចកនមាន កងទ័ពដល់ទៅ៧ស្បែក គឺ១៤០.០០០នាក់ ។ ស្តេចនិងលើកវាយបន្ទាយនោះ ពលតិចក្រែងថ្លស់ការណ៍ ដ្បិតបន្ទាយនោះធំណាស់ ហើយខ្ពស់ផង ទាំងរេហ៍ពលក៏ច្រើនណាស់ទៀត។ ព្រះអង្គឱ្យរេហ៍ពលជញ្ជូន តែរូបចំបើង និងប្រឆេះទៅអុជតាំងហ៊ោនៅក្បាលត្រោករាល់ៗយប់ ។ ទាហានក្នុងបន្ទាយជ័យព្រៃនគរ ក៏បាញ់កាំភ្លើង ធ្នូ ស្នា តគ្នាយូរមកទៀត ស្រាប់តែបាត់ពុំឃើញមានឮសូរកាំភ្លើងបាញ់ចេញពីក្នុង បន្ទាយទាំងចៅពញាតេជោ ពញាសួគ៌ា លោកក៏នាំក្បាលចៅហ្វាកៅ និងចក្រីនី ហើយនិងក្បាល ចៅពញាវៀង ចៅពញាវាំង មកថ្វាយចំណែកឧកញ៉ាចក្រី “ទេព” កូន ពញាមឿងក៏ក្រាបទូលថា ក្នុងដប់យប់នោះ ពុំមានទ័ពខ្មាំងបាញ់តមកពីក្នុងបន្ទាយទេ គឺឃើញតែមនុស្សរត់ចេញពីក្នុងបន្ទាយទាំងយប់ទាំងថ្ងៃពុំដែលដាច់ ។ ខណៈនោះ សម្តេចចៅពញាយសរាជាភាគិនេយ្យា ជាកែវនាយកទ្រង់ជ្រាបហើយ មានព្រះបន្ទូលប្រឹក្សា នឹងនាយកងទ័ពថា អ្នករាល់គ្នាចំពោះការនេះយល់ដូចម្តេចខ្លះ? មេកងខ្លះទូលថា ការណ៍នេះគឺថា ព្រះស្តេច កនធ្វើឧបាយកលឱ្យយើងទៅឱ្យស៊ុនខ្លួនដើម្បីគេចោមព័ទ្ធយើង ។ ខ្លះថា ព្រះស្តេចកនវា ឃើញកងទ័ព យើងតិច បានជាវាបន្ថយកងទ័ពខ្លះចេញ ។ ក្នុងវេលាកំពុងជំនុំគ្នានោះ បណ្តាលឱ្យព្រះទ័យនៃព្រះអរិយ បញ្ញាសាគរ អាប៉ៅចៅអធិការដែលរក្សាវត្តប្រាសាទក្នុង ឱ្យយល់ថា អាត្មាអញនឹងនៅបង្អង់ពុំថ្វាយ ព័ត៌មានទៅហ្លួងខាងលិចទេ តែហ្លួងខាងលិច ចូលនគរបាន ហ្លួងនឹងយកទោសដល់អាត្មាអញជាពុំខាន។ គិតយល់ដូច្នោះហើយ ព្រះអង្គឡើងគង់លើគ្រែឱ្យរេហ៍ពលសែងបាំង សម្បទានមានពលហែរមុខក្រោយ ៥០០នាក់ និងភិក្ខុសាមណេរ១៦០អង្គហែសម្តេចព្រះអរិយបញ្ញាសាគរ អាប៉ោ ចេញពីបន្ទាយពិជ័យ ព្រៃនគរ តំរង់ទៅបន្ទាយក្តុល។ លុះទៅដល់ហើយលោកឱ្យភិក្ខុជាសិស្សានុសិស្ស ទៅប្តឹងសេនាបតី ក្រាបបង្គំទូលសម្តេចយសរាជាជាកែវនាយក ។ ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឱ្យនិមន្តលោកចូលទៅ ក្នុងព្រះពន្លា ទើបសម្តេចព្រះអរិយបញ្ញាសាគរ អាប៉ោ ថ្វាយព្រះពរថា ស្តេចកនបែកបន្ទាយ រត់ចោល បន្ទាយទៅ៣ខែហើយដោយភ័យនឹងសូរសព្ទ សន្ធឹកខាងក្រោមដី លើអាកាស ដាស់ព្រះធរណី ដូចជា រន្ទះជាអចិន្ត្រៃយ៍ ។ ហេតុនេះអាត្មាភាពមកថ្វាយព្រះពរសូមទ្រង់ជ្រាប។ សម្តេចព្រះយសរាជា ជាកែវនាយក ទ្រង់ព្រះអំណរណាស់ ហើយទ្រង់ត្រាស់ថា ឧកញ៉ា ចក្រី ចៅពញាសួគ៌ាលោក ក្រាបទូលនេះ ឃើញថា ពិតណាស់។ ត្រាស់តែម៉្លោះហើយ ព្រះអង្គក៏លើកយោធាចូលទៅប្រថាប់ក្នុងបន្ទាយពិជ័យ ព្រៃនគរ ទ្រង់ទតប្រាសាទ ព្រះរាជវាំងសួនច្បារ ផ្កាដំណាំ ព្រះដំណាក់ ឃ្លាំង និងរោងដំរី សេះទាំង ប៉ុន្មានទ្រង់ស្ញើចទន់ព្រះហប្ញទ័យ័ទ្រង់ត្រាស់សរសើរថា ព្រះស្តេចកននេះមានបុណ្យអស្ចារ្យណាស់ ហើយ ត្រាស់ឱ្យរឹបរើយករបស់ទ្រព្យទាំងនោះចាត់បំរើឱ្យនាំទៅក្រាបទូលថ្វាយព្រះបរមរាជបិតុលា ឯបន្ទាយខែត្រ ពោធិ៍សាត់ ហើយសម្តេចព្រះយសរាជា ជាកែវនាយក ទ្រង់ប្រោសឱ្យសម្តេចព្រះអរិយបញ្ញាសាគរអាប៉ោ ឱ្យរួចទោសឱ្យគង់ទីគ្រងពលសំរាប់វត្តដូចដើម ។ ទ្រង់ចាត់នាយកកងទ័ពឱ្យលើកតាមចាប់ព្រះស្តេចកន ឱ្យបាន ហើយត្រាស់ឱ្យដាក់គយ ល្បាតស្ទាក់រកចាប់គ្រប់អន្លើ ។
ឯពញាមន្ត្រីអរជូន លុះធ្វើគុត ស្តេចកន និងនាងផាលែន ព្រមទាំងសេនាទាហាន២៥នាក់រួចហើយ ក៏ឱ្យ ធ្វើជាលដាក់ក្បាលទាំងអស់នាំយកទៅថ្វាយសម្តេចព្រះភាគិនេយ្យាកែវនាយកក្នុងបន្ទាយ ពិជ័យព្រៃនគរ។

ឯសម្តេចព្រះយសរាជា ជាកែវនាយកព្រះអង្គស្គាល់ហើយ ឱ្យយកក្បាល ស្តេចកន និងម្នាងផាលែន ធ្វើបុណ្យបូជាព្រះភ្លើងសាងព្រះចេតិយ ដាក់ក្នុងវត្តប្រាសាទដោយហេតុជាប់សាច់សាលោហិតខាង ព្រះអង្គ ហើយទ្រង់ប្រោសលើកទោសអស់អាណាប្រជានុរាស្ត្រ ដែលចូលក្បត់ជាមួយនឹងស្តេចកន ទាំងប៉ុន្មានៗនោះ ឱ្យរួចទោសទៅរកស៊ីដូចប្រក្រតី ។

បណ្តារាស្ត្រផងទាំងពួង ក៏មានចិត្តត្រេកអរសោមនស្សនាំគោ ក្របី ដំរី សេះរបស់ខ្លួន យកមកក្រោប ទូលថ្វាយដោយស្រលាញ់ព្រះរាជហប្ញទ័យបុណ្យបារមីជាអនេក ។ ឯពញាមន្ត្រីអរជូនកែដែលមានគុណបំណាច់កាត់ក្បាល ស្តេចកន នាងផាលែននោះ ទ្រង់តាំងចៅហ្វាយ ស្រុកខេត្តត្បូងឃ្មុំថែមជាថ្មីទៀត ជាចៅពញាអរជូនចាប់បាន។

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon