1. រាជធានីភ្នំពេញ
រាជធានីភ្នំពេញ គឺជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះទៅទៀតភ្នំពេញបានធំធាត់លូតលាស់ឡើងក្លាយជាមជ្ឈមណ្ឌលសកម្មខាងសេដ្ឋកិច្ចនិងឧស្សាហកម្មរបស់ជាតិ ដូចគ្នានេះដែរ ក៏ជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ កេរដំណែលវប្បធម៌ ការទូតនៃកម្ពុជា។ ហើយក៏ជា កន្លែងសំរាប់ប្រកួតប្រជែង ទីផ្សារពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងការបរទេស នយោបាយ ការអភិវឌ្ឍ និង ជាកន្លែងទេសចរណ៍ដែលបន្សល់ទុកនូវសំណង់ចាស់ៗជាច្រើនដូចជា : ព្រះបរមរាជវាំង វត្តភ្នំ សារមន្ទីរជាតិ និងកន្លែងទេសចរណ៍ជាច្រើនទៀត។
1.1 ព្រះបរមរាជវាំង
ព្រះបរមរាជវាំង ត្រូវបានចាត់ទុក ជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿង ដែលតំណាងឲ្យ ព្រះពុទ្ធសាសនា និងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា។ នៅក្នុងព្រះបរមរាជវាំង មានប្រាសាទទាំង ១១ដូចជា : ១. ប្រាសាទទេវាវិនិច្ឆ័យ ២ . ព្រះមហាប្រាសាទខេមរិន្ទ ៣ . ប្រាសាទសហមេត្រី ៤ . ប្រាសាទហោសំរាន្តភិរម្យ ៥ . ប្រាសាទច័ន្ទឆាយា ៦ . ប្រាសាទសំរិទ្ឋភិមាន ឬ ហោព្រះខ័ន ៧ . ព្រះទីន័ងភោជនីយ ៨ . វិមានស្តេចណាប៉ូឡេអុងទី៣ ៩ . ព្រះរាជដំណាក់ច័ន្ទ ឬ ព្រះរាជការិយាល័យ ១០. ព្រះវិហារព្រះកែវមរកត ១១. សារមន្ទីររោងដំរី។
2. ខេត្តសៀមរាប
ខេត្តសៀមរាប គឺជាខេត្តដែលមានប្រជាប្រិយភាពក្នុងការទាក់ទាញភ្ញៀវទេសចរបំផុតក្នុងប្រទេសកម្ពុជា ។ ប្រាសាទបុរាណជាច្រើនដូចជា ប្រាសាទអង្គរវត្ត , ប្រាសាទអង្គរធំ ឬ ប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី គឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍។
2.1 ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត មានឈ្មោះដើមថា "បរមវិស្ណុលោក"។ ការវិវត្តនៃឈ្មោះ អង្គរវត្ត នេះអាចត្រូវបានគេយកមកប្រើតាមប្រវត្តិសាស្ត្រ។ តាមសិលាចារឹកនៅសតវត្សទី ១៦បញ្ជាក់ថា ឈ្មោះប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្ទ្រប្រ័ស្ថព្រះពិស្ណុលោក។ ពាក្យ ឥន្ទ្រប្រ័ស្ថ មានន័យថា "ទីក្រុងរបស់ព្រះឥន្ទ"។ ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល ដែលធ្វើឱ្យ ប្រាសាទអង្គរវត្ត ក្លាយជាបេតិកភ័ណ្ឌពិភពលោក ។
3. ខេត្តបាត់ដំបង
ខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំនោមខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាដែលមានវិសាលភាពផ្ទៃដីធំ មានភោគសម្បត្តិធម្មជាតិ និងសំនល់វប្បធម៌បុរាណជាច្រើន។ ប្រាសាទបុរាណជាច្រើនរាយប៉ាយលើភ្នំ លើទួល និងតំបន់លិចទឹក ដូចជា ភ្នំសំពៅ ប្រាសាទបាណន់ ប្រាសាទឯកភ្នំ ...ទាំងអស់នេះហើយគឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា ។
3.1 ភ្នំសំពៅ
ភ្នំសំពៅ គឺជារមណីយដ្ឋានធម្មជាតិមួយដែលភ្ញៀវទេសចរនិយមទៅកំសាន្ត ជាពិសេសភ្ញៀវក្នុងស្រុក ក្នុងថ្ងៃសម្រាក ឫ បុណ្យប្រពៃណីផ្សេងៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ១០ ខាងឆ្វេងដៃមានចំងាយ ១៣ គ.ម ពីទីរួមខេត្ត។ បើពិនិត្យឱ្យម៉ត់ចត់ ភ្នំនេះមានទ្រង់ទ្រាយដូចជាសំពៅ មានកំពស់ ១០០ ម មានកាំជណ្តើរជាង៧០០កាំ។ ក្នុងតួភ្នំទាំងមូលមានល្អាងជាច្រើន ប៉ុន្តែល្អាងសំខាន់ៗដែលគេនិយមទស្សនាគឺ ល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុក ដែលសុទ្ធតែជារមណីយដ្ឋានធម្មជាតិ។
4. ខេត្តព្រះវិហារ
ខេត្តព្រះវិហារ ជាខេត្តមួយសំបូរទៅដោយផលិតផលទេសចរណ៍ច្រើនជាងគេសំរាប់អភិវឌ្ឍ ដើម្បីទាក់ទាញទេសចរណ៍ឱ្យមានការចាប់អារម្មណ៍ និងមកកំសាន្ត ពិសេស ប្រាសាទព្រះវិហារ ។ នាពេលបច្ចុប្បន្ន ខេត្តព្រះវិហារមានសន្តិសុខល្អគ្រប់គ្រាន់សម្រាប់ដល់ភ្ញៀវទេសចរណ៍មកទស្សនា។
4.1 ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ ត្រូវបានស្ថាបនាឡើងក្នុងបំណងពិសេស ខុសប្លែកពីការកសាងប្រាសាទអង្គរវត្ត ដែលស្ថាបនាឡើងដើម្បីរំឭកគុណព្រះវិស្នុរ ប្រាសាទបាពួន រំឭកគុណព្រះឥសូរ ។ ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើង ដើម្បីធ្វើជាទីរក្សាទុកលិង្គព្រះអាទិទេព ស្រីសិខៈ រិស្វារៈ តាមជំនឿរបស់ព្រះបាទសុរិយវរ្ម័នទី១ និងព្រះបាទ សុរិយវរ្ម័នទី២ ។
5. ខេត្តកំពង់ធំ
កំពង់ពស់ធំជាឈ្មោះដើមកំណើតរបស់ ខេត្តកំពង់ធំ ។ ជាយូរយារណាស់មកហើយ នៅឯកំពង់ស្ទឹងសែន ដែលស្ថិតនៅក្បែរនឹងបឹងមួយ គឺមាន រូងថ្មមួយយ៉ាងធំ ដែលក្នុុងនោះមាន សត្វពស់មួយគូរស់នៅទីនោះ។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ បានឃើញពស់ដ៏ធំនោះ ជាញឹកញយនៅពេលមានថ្ងៃសីលម្តងៗ។ ក្រោយមក សត្វពស់នោះក៏បានបាត់ខ្លួន ហើយមនុស្សម្នារស់នៅតំបន់នោះ បានហៅតំបន់នោះថា កំពង់ពស់ធំ។ ពេលក្រោយមក ពាក្យគេនិយាយកាត់ខ្លីក្លាយជា កំពង់ធំ។ កំពង់ធំជារាជធានីមួយដែលមានអំណាចលើសគេ នៅភាគអាស៊ីអាគ្នេយ៍ នៅសម័យនគរភ្នំ ។ កំពង់ធំ មាន រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលជាកន្លែងល្បីល្បាញនៅ សម័យចេនឡា។
5.1 ប្រាសាទសំបូរព្រៃគុក
ប្រាសាទសំបូរព្រៃគុក ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ជារមណីយដ្ឋាន ទេសចរណ៍វប្បធម៌បុរាណ មួយកន្លែងនៅខេត្តនេះ។ ប្រាសាទនេះសង់ពីថ្មបាយកៀ្រម ឥដ្ឋតាន់និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័ន (គ.ស. ៦១៦-៦៣៥) នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយ ព្រះសិវៈក្នុងលទ្ធិព្រហ្មញ្ញសាសនា។ ប្រាសាទសំបូរព្រៃគុក នេះមានប្រាសាទប្រហែល ជាង ១២០ ប្រាសាទ ស្ថិតនៅជាក្រុម ដែលមាន ក្រុមប្រាសាទតោ ក្រុមប្រាសាទយាយព័ន្ធ ប្រាសាទបិទមុខ ....។ ប្រាសាទនេះក៏មាន កំពែងព័ទ្ធជុំវិញ មានស្រះទឹក មានកន្លែងបូជាផ្សេងៗ និងនៅព័ទ្ធជុំវិញប្រាសាទមាន ដើមឈើតូចធំ រុក្ខជាតិ សត្វផ្សេងៗ គួរអោយចាប់អារម្មណ៍។
6. ខេត្តកំពត
ខេត្តកំពត មានសំណង់ប្រវត្តិសាស្រ្តជាច្រើនដូចជាផ្ទះ ផ្សារលក់ទំនិញ រោងភាពយន្ត មន្ទីរពេទ្យជាដើម សុទ្ធសឹងជាភស្ដុតាងបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ពួកបារាំងទៅលើទឹកដីខេត្តមួយនេះ។ហើយក៏មាន ភ្នំបូកគោ ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។
6.1 ភ្នំបូកគោ
ភ្នំបូកគោ មានកំពស់ ១០៧៥ម៉ែត្រ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូចជាមានផ្ទាំងថ្មដាធំៗជាច្រើនឥតគណនានៅរាយប៉ាយក្រោមដើមរុក្ខជាតិ ។
7.ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគីរី ជាតំបន់ទេសចរណ៏ធម្មជាតិ ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប៊ូស្រា ទឹកជ្រោះសែនមនោរម្យ ទឹកជ្រោះរមនា ប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច ធំ ជាច្រើន។
7.1 ទឹកជ្រោះប៊ូស្រា
ទឹកជ្រោះប៊ូស្រា ជាតំបន់កំសាន្តល្អជាងគេក្នុង ខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះចែកចេញជាបីដំណាក់៖
ដំណាក់ទី១: ហូរធ្លាក់ក្នុងកំពស់ ៨ ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និង កំពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
ដំណាក់ទី២: ហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និង មុខកាត់ទទឹង ២០ម៉ែត្រនៅរដូវវស្សា និង កំពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។ ទឹកធ្លាក់ទី២នេះ មានចំងាយ១៥០ម៉ែត្រពីទឹកធ្លាក់ទី១។
ដំណាក់ទី៣: ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ យើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។
8.ខេត្តកំពង់ចាម
កំពង់ចាម ដើមឡើយជាដីទំនាប។ ទន្លេធំគឺទន្លេមេគង្គដែលបង្កើតជាព្រំដែនខាងកើតនៃខេត្ត ដែលញែកខេត្តនេះពីខេត្តត្បូងឃ្មុំ។ ខេត្តកំពង់ចាមមាន ភ្នំប្រុស ភ្នំស្រី ភ្នំចរចា ភ្នំសែនជ័យ ប្រាសាទនគរបាជ័យនិង ប្រាសាទបុរាណជាច្រើន។
8.1 ប្រាសាទនគរបាជ័យ
រមណីយដ្ឋានប្រាសាទនគរបាជ័យ មានទីតាំងធំទូលាយល្អមិនចាញ់ប្រសាទនានា ដែលមាននៅក្នុងប្រទេសកម្ពុជាយើងនេះទេ។ ទីនេះជាទីប្រជុំជនមួយយ៉ាងសំខាន់សំរាប់ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តផ្សេងៗ។ ប្រាសាទវត្តនគរបាជ័យកសាងនៅពាក់កណ្តាលសតវត្សរ៍ទី១១ ក្នុងរជ្ជកាលស្តេចឧភ័យ្យ និងសូរ្យវរ្ម័នទី២ ក្នុងឥទ្ធិពលសេវៈនិយម។
9. ខេត្តព្រះសីហនុ
ក្រុងព្រះសីហនុ ជាកន្លែងដែលគួរអោយ ចាប់អារម្មណ៍ណាស់ សំរាប់ទេសចរជាតិ និងទេសចរអន្តរជាតិ ។ ឆ្នេរសមុទ្រដែលមានការពេញនិយមជាងគេក្នុងចំនោមឆ្នេរសមុទ្រជាច្រើននោះគឺ ឆ្នេរអូឈឺទាល ឆ្នេរសុខា ឆ្នេរឯករាជ្យនិង ឆ្នេរជ័យជំនះ។ ភ្ញៀវទេសចរណ៏អាចមុចទឹកនៅក្បែរកោះ សម្រាកលំហែកាយ និងការស្ទូចត្រីកំសាន្តសម្រាប់ដំណើរកំសាន្ត។
9.1 ឆ្នេរអូឈឺទាល
អូរឈើទាល ជាតំបន់ឆ្នេរមួយដែលមានទេសភាពធម្មជាតិស្រស់ល្អបំព្រងគួរអោយចាប់អារម្មណ៏ក្រៃលែង ។ អូរឈើទាលមានឆ្នេរខ្សាច់សស្អាត វែងអន្លាយនឹងមានដើមឈើជាច្រើនដុះអែបមាត់ ឆ្នេរសមុទ្រមើលទៅជាជួរគួរអោយ ទាក់ទាយបំផុតហេតុនេះហើយឆ្នេរនេះក៏បានជាប់ជាសមាជិកក្លឹបឆ្នេរដែលស្អាតជាងគេក្នុងពិភពលោក ។
10. ខេត្តតាកែវ
តាកែវ ជារឿយៗត្រូវបានគេចាត់ទុកថាជា អណ្ដូងនៃអរិយធម៌ខ្មែរ ទឹកដីដ៏យូរលង់នេះសំបូរទៅដោយធនធានប្រវត្តិសាស្រ្តដែលទាក់ទងនឹងសម័យអាណាចក្រភ្នំ និងសម័យចេនឡា (កម្វុជៈ) ដោយមានប្រាសាទបុរាណ ដូចជា ប្រាសាទភ្នំដា ប្រាសាទបាយ៉ង់កោរ ប្រាសាទនាងខ្មៅ ប្រាសាទភ្នំជីសូ ប្រាសាទភ្នំតាម៉ៅ ប្រាសាទតាព្រហ្ម
10.1 ប្រាសាទភ្នំដា
ប្រាសាទភ្នំដា ជាប្រាសាទមួយដែលមានភាពចាស់បុរាណដែលបាន បន្សល់ទុកតាំង ពីយូរណាស់មកហើយ។ប៉ុន្តែប្រាសាទនេះជាប្រសាទមួយដែលមានភ្ញៀវទេសចរជាច្រើនតែងតែទៅចូលទស្សនាគ្រប់ពេលវេលា ព្រោះ វាប្រកបដោយទាសភាពទឹកទន្លេដែលហ៊ុំព័ទ្ធនារដូវវស្សាប្រៀបបីដូចជាកោះមួយដែលស្ថិតនៅចំកណ្តាលសមុទ្រដូននោះដែរ។ម៉្យាងវិញទៀត ព្រៃឈើដុះព័ទ្ធជុំវិញមានពណ៌បៃតងខៀវស្រងាត់អមទៅដោយសំលេងរ៉ៃយំរន្តំនារដូវស្លឹកឈើលាស់៕
11. ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ត្រូវបានគេស្គាល់ថាជាខេត្តដែលសំបូរដោយដើមត្នោតច្រើនជាងគេ និង តំបន់ទាក់ទាញជាច្រើនដូចជា ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ សារមន្ទីរនរៈបូរី អំពែភ្នំ ទឹកជ្រោះអន្លង់រ័ត្ន តំបន់ទេសចរណ៍ជនជាតិសួយ រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំព្រះ ។
11.1 ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ
ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បី ក្នុងចំណោម រមណីយដ្ឋានឧទ្យានជាតិធំៗដទៃទៀតនៅក្នុងប្រទេស កម្ពុជា ហើយគិរីរម្យក៏ជារមណីយដ្ឋានមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង កាលពីក្នុងសម័យសង្គមរាស្ត្រនិយម។ រមណីយដ្ឋានឧទ្យានជាតិនេះ សំបូរទៅដោយទេសភាពល្អប្រណិតលំអដោយដើមស្រល់ដុះពីធម្មជាតិនៅលើ ខ្ពង់រាបគិរីរម្យ ជ្រោះទឹកធ្លាក់ និងសត្វម្រឹគីម្រឹគាជាច្រើនអំបូររស់នៅទីនោះ។
12. ខេត្តកែប
ក្រុងកែប ធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ដែលខុសពីក្រុងព្រះសីហនុ ដែលមានឆ្នេរខ្សាច់ពណ៌ស។ ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។ ខេត្តកែប មាន កោះកុក កោះត្បាល់ កោះទន្សាយ កោះពោធិ៍ កោះម៉ាកប្រាង កោះម៉ាតាយ កោះសារ៉ាង កោះសេះ កោះស្ងួត កោះស្វាយ កោះស្វាយព្រៃ កោះហាលត្រី កោះអង្គ្រង កោះខ្ទះ
12.1 កោះទន្សាយ
ឈ្មោះ កោះទន្សាយ បានមកពីពាក្យថា រំសាយ។ កាលមួយនោះដើម្បីចៀសឱ្យផុតពីកងទ័ពរបស់នាយបញ្ជាការ ព្រះអង្គម្ចាស់សាគររាជមានការអស់សង្ឃឹមយ៉ាងខ្លាំងដោយសារតែពួករាជបរិវាររបស់ទ្រង់មានសភាពនឿយហត់អស់ទៅហើយ។ ព្រះអង្គបានដឹកនាំកងទ័ពដែលសេសសល់ឆ្លងកាត់សមុទ្រទៅកាន់កោះមួយនៅចំពីមុខក្រុងកែប ដែលជាកន្លែងកងទ័ពបានចែកផ្លូវគ្នា។ ដោយហេតុនោះហើយ កោះនេះក៏ត្រូវគេហៅថាកោះរំសាយ កោះអម្សាយ កោះអន្សាយ និង កោះទន្សាយ ដែលយើងបានស្គាល់ដូចសព្វថ្ងៃនេះ។
13. ខេត្តប៉ៃលិន
ខេត្តប៉ៃលិន មានតំបន់ទេសចរណ៍ធម្មជាតិពិតៗ ។ ទឹកធ្លាក់ ហូរពីលើកំពូលភ្នំ មានព្រៃឈើអមជាមួយ គួរជាទីរម្យនា នាពេលលំហែរកាយ សម្រាប់គ្រួសារ ឬ សម្រាប់ លំហែរចិត្ត ដូចជា រមណីយដ្ឋានភ្នំយ៉ាត រមណីយដ្ឋានភ្នំកុយ រមណីយដ្ឋានអូរអែម រមណីយដ្ឋានក្បាលអូរតាវ៉ៅ រមណីយដ្ឋានទំនប់ទឹកភ្នំជីងចក់ ។
13.1 រមណីយដ្ឋានភ្នំយ៉ាត
រមណីយដ្ឋានភ្នំយ៉ាត ជាតំបន់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលជាវត្តចាស់សាងសង់ជារាងវត្តកូឡា។ ភ្នំយ៉ាតជាតំបន់ដែលមានអបិយជំនឿខ្លាំងក្លាណាស់សម្រាប់អ្នកដែលរស់នៅក្រុងប៉ៃលិន និងអ្នកដំនើរឆ្លងកាត់តំបន់នោះ ជាពិសេសជាតំបន់ដែលនៅសល់រ៉ែត្បូងច្រើនជាងគេបង្អស់នៅក្នុងក្រុងប៉ៃលិន។
14. ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេស និងមាន តំបន់ទាក់ទាញ ដូចជា បូជនីយដ្ឋានអ្នកតាឃ្លាំងមឿង តំបន់បាក់ត្រា ភ្នំបាឃ្នះ កំពង់ហ្លួង កំពែង ភ្នំដាក់ព្រះ កោះសំពៅមាស ព្រះធាតុ ។
14.1 បូជនីយដ្ឋានអ្នកតាឃ្លាំងមឿង
បូជនីយដ្ឋានអ្នកតាឃ្លាំងមឿង ជាបូជនីដ្ឋានប្រវត្តិសាស្ត្រនិងជាទីសក្ការបូជារបស់ប្រជាជនខ្មែរ ទីនេះជាតំបន់ប្រវត្ដិសាស្ដ្រមួយយ៉ាងសំខាន់ ជាតំបន់ដែលរំលឹកឡើងវិញចំពោះវីរភាពអង់អាចក្លាហាន ហ៊ានបូជាជីវិតរបស់បុព្វបុរសខ្មែរយើង ក្នុងបុព្វហេតុការពារទឹកដី មាតុភូមិ ពីពួកចោរឈ្លានពាន។
15. ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ពឹងផ្អែកទាំងស្រុងលើការនេសាទ ការបង្កបង្កើនផលស្រូវ បន្លែផ្លែឈើ និងរោងចក្រកាត់ដេរ។ ជាពិសេសនៅតាមតំបន់ជនបទ គេចិញ្ចឹមជីវិតដោយធ្វើកសិកម្ម ខេត្តកំពង់ឆ្នាំងក៏មាន តំបន់ទាក់ទាញ ដូចជា ប្រាសាទកំពង់ព្រះ ប្រាសាទតូច ប្រាសាទថ្មប្តី ប្រាសាទប្រុស ប្រាសាទពណ្ណរាយ ប្រាសាទព្រះស្រី ភ្នំក្រាំងដីមាស ភ្នំក្រាំងរមាស ភ្នំតារាជ ភ្នំនាងកង្រី ។
15.1 ភ្នំនាងកង្រី
ភ្នំនាងកង្រី ជាតំបន់ធម្មជាតិដែលទាក់ទាញភ្ញៀវទេសចរ ដោយសារតែភ្នំនាងកង្រីមាន ដើមឈើខ្ពស់និងស្រស់ស្អាត និងមានរុក្ខជាតិផ្កាដែលបន្ថែមសម្រស់ធម្មជាតិនិងការទាក់ទាញ។
16. ខេត្តក្រចេះ
ក្រចេះ ជាខេត្តមួយដែលមានកន្លែងទេសចរណ៍កួរឲ្យទាក់ទាញភ្ញៀវទេសចរណ៍មានដូចជា រមណីយដ្ឋានព្រែកកាំពី ដែលមានសត្វផ្សោតទឹកសាបដ៍កម្រនៅលើពីភពលោក វត្តសសរ១០០ វត្តភ្នំសំបុក ភ្នំសុពណ៌កាឡី សួនស្នេហ៍ថ្មបាំង ។
16.1 រមណីយដ្ឋានព្រែកកាំពី
ភ្ញៀវទេសចរណ៍ដែលបានចូលមកទស្សនា រមណីយដ្ឋានព្រែកកាំពី ដែលមានសត្វផ្សោតទឹកសាបដ៍កម្រ ប្រាកដជាមានអារម្មណ៏ សប្បាយរីករាយ នឹងបានគយគន់ទេសភាព និងស្រូបខ្យល់រំភើយៗនាពេលរសៀលថៃ្ងរៀបលិច ដ៏ស្រស់ត្រកាល។
17. ខេត្តរតនគិរី
ខេត្តរតនគិរី ជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ។ ភាគច្រើននៃប្រជាជនរតនៈគិរីជាជនជាតិភាគតិច តំបន់ទាក់ទាញទេសចរណ៍សំខាន់របស់ខេត្តរតនគិរី មាន បឹងយក្សឡោម ទឹកធ្លាក់កាចាង ទឹកធ្លាក់កាទៀង ទឹកធ្លាក់អូរស៊ីនឡែ ទឹកធ្លាក់អូរសែនស្រណោះ ទឹកធ្លាក់ចាអ៊ីង ឧទ្យានជាតិវីរៈជ័យ ។
17.1 បឹងយក្សឡោម
បឹងយក្សឡោម ជារមណីយដ្ឋានដ៏មានប្រជាប្រិយភាពនៅក្នុងខេត្តរតនៈគីរី។ បឹងដែលជាស្លាកស្នាមនៃមាត់ភ្នំភ្លើងប្រមាណ ៤០០០ ឆ្នាំមុន ។ ដោយបឹងនេះមានជំរៅជ្រៅរហូតដល់ ៤៨ម៉ែត្រ ទឹកបឹងមានសភាពថ្លាឆ្វង់ហើយស្អាត។ មាត់បឹងមានរាងស្ទើរជារង្វង់ដែលមានអង្កត់ផ្ចិតប្រមាណ ៧៥០ម។ នៅជុំវិញបឹង សំបូរដោយដើមឈើធំៗ ដែលជាជំរកនៃសត្វសេក និងសត្វកំរៗនានាជាច្រើន។
18. ខេត្តឧត្ដរមានជ័យ
ខេត្តឧត្តរមានជ័យ បានទទួលកេរ្តិ៍ដំណែលវប្បធម៌មួយចំនួន ដែលសព្វថ្ងៃបានក្លាយជាតំបន់ទេសចរណ៍ដ៏គួរអោយចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន ដូចជា ប្រាសាទព្រហ្មកិល ប្រាសាទតាមន្ត ជាដើម។
18.1 ប្រាសាទព្រហ្មកិល
ប្រាសាទព្រហ្មកិល ឬ ប្រាសាទតាព្រហ្មកិល ត្រូវបានសាងឡើងពីថ្មភក់ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា ។ ប្រាសាទនេះជាប្រាសាទមួយដែលមានរាងតូចច្រឡឹង ហើយមាន សិលាចារឹកមួយដែលមានចុះព្រះរាជបញ្ជាផ្សេងៗនៃព្រះបាទជ័យវរ្ម័នទី ៧ ដែលឆ្លាក់ជាប់នឹងមន្ទីរព្យាបាលរោគ ។ តាមសិលាចារឹកនៅប្រាសាទតាព្រហ្មប្រាប់ថា ប្រាសាទនេះជាធម្មមន្ទីរ សម្រាប់ស្វាធ្យាយន៍ធម៌ប៉ែកខាងព្រះពុទ្ធសាសនា ។
19. ខេត្តព្រៃវែង
ខេត្តព្រៃវែងមានតំបន់ទេសចរណ៍វប្បធម៌ តំបន់ទេសចរណ៍ធម្មជាតិ និង តំបន់ទេសចរណ៍កែច្នៃ មួយចំនួនដែលអាចទាក់ទាញភ្ញៀវក្នុងស្រុក ភ្ញៀវមកពីខេត្តក្រុងផ្សេងៗ និង ភ្ញៀវទេសចរណ៍បរទេស ដូចជា រមណីយដ្ឋានបាភ្នំ ប្រាសាទព្រះវិហារច័ន្ទ ទំនប់ស្នេហ៍ បូជនីយដ្ឋានបារាយអណ្តែត ប្រាសាទព្រៃដើមស្រុក ។
19.1 រមណីយដ្ឋានបាភ្នំ
រមណីយដ្ឋានបាភ្នំ ក៏ជា រមណីយដ្ឋានមួយផងដែររបស់ខេត្តព្រៃវែង ដែលមានភ្នំនៅក្បែរៗគ្នា គឺភ្នំល្អាង ភ្នំធំ ភ្នំបញ្ជរ។ នៅទីនោះមានទេសភាពល្អ ជាពិសេសទេសភាពពីលើកំពូលភ្នំ ដែលអ្នកស្រុក ភ្ញៀវទេសចរនានាចូលចិត្តទៅកម្សាន្ត ផង និងដើម្បីបួងសួងសុំសេចក្ដីសុខផង នៅពេលមានពិធីបុណ្យទានផ្សេង។
20. ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជា។ ឈ្មោះដើម ហៅថា សៀងតេង ។ ទីក្រុងរបស់ខេត្តស្ទឹងត្រែង មាន តំបន់ទេសចរណ៍ដូចជា រមណីយដ្ឋានអូរពងមាន់ រមណីយដ្ឋានថាឡាបរិវាត់ រមណីយដ្ឋានកោះខ្សាច់ ទន្លេសាន វត្តហាំងខូបា ។
20.1 ទន្លេសាន
ទន្លេសាន ក្នុងខេត្តស្ទឹងត្រែងលាតសន្ធឹងស្រស់ស្អាតនៅតាមផ្លូវ មាន ដើមឈើតូចធំ រុក្ខជាតិ សត្វផ្សេងៗ គួរអោយចាប់អារម្មណ៍។ ទាំងអស់នេះហើយគឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា ។
21. ខេត្តកណ្ដាល
ខេត្តកណ្ដាលព័ទ្ធជុំវិញរាជធានីភ្នំពេញទាំងមូល។ ខេត្តនេះក៏ជាប៉ែកមួយនៃផ្ទៃទីក្រុងមេភ្នំពេញធំជាងគេដែលមានប្រជាជនមួយលាននាក់រស់នៅក្នុង និង ព័ទ្ធជុំវិញខេត្ត និងមាន ភ្នំឧដុង្គ និង វត្តជាច្រើន ដើម្បី ទីជាសក្ការៈនៅលើព្រះពុទ្ធសាសនា។
21.1 ភ្នំឧដុង្គ
ភ្នំឧដុង្គ ឬភ្នំអដ្ឋរស្ស ជាកន្លែងមានព្រះសក្យមុនីចេតិយ តម្កល់ព្រះសារីរិកធាតុ ប៉ុន្តែសារីរិកធាតុ ដែលតម្កល់ក្នុងកោដិ ត្រូវបានចោរលួចកាលពីយប់ថ្ងៃទី១០ធ្នូ និងក្រោយមករកឃើញនៅថ្ងៃទី៦ កុម្ភៈវិញ។ ឥឡូវនេះ ព្រះសារីរិកធាតុ ត្រូវបានដាក់តម្កល់នៅក្នុងព្រះបរមរាជវាំង ដែលមន្ត្រីឲ្យដឹងថា រង់ចាំឱកាសល្អតាមព្រះពុទ្ធសាសនា ដើម្បីដង្ហែរទៅតម្កល់នៅកន្លែងដើមវិញ។
22. ខេត្តស្វាយរៀង
ខេត្ដស្វាយរៀង ឋិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ជាប់ព្រំប្រទល់ដែនវៀតណាម ដែលមានច្រកព្រំដែនអន្ដរជាតិមួយល្បីឈ្មោះគឺច្រកព្រំដែនបាវិត ច្រកព្រំដែនបាវិតគឺជាមជ្ឈមណ្ឌលទេសចរ ដែលទាក់ទាញភ្ញៀវទេសចរបានច្រើនជាងគេក្នុងចំណោមតំបន់កំសាន្ដ ពិសេស តានិស្ដេចកាស៊ីណូក្នុងខេត្ដនេះ។
22.1 តានិស្ដេចកាស៊ីណូ
តានិស្ដេចកាស៊ីណូនិងសណ្ឋាគារ ជាជម្រើសអស្ចារ្យសម្រាប់ភ្ញៀវទេសចរ មកស្នាក់នៅទស្សនាក្រុងបាវិត។
23. ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ តំបន់ជាផ្នែកមួយនៃអាណាចក្រខ្មែរ ដោយសារនៅភាគខាងជើងខេត្តគេឃើញមាន ប្រាសាទបន្ទាយឆ្មារ ដែលគេជឿថាត្រូវបានសាងឡើងនៅរវាងសតវត្សទី១២ និង ទី១៣។
23.1 ប្រាសាទបន្ទាយឆ្មារ
ប្រសាទបន្ទាយឆ្មារ ក៏មានឈ្មោះជាប់ជារតនសម្បត្តិយ៉ាងមានតម្លៃដែលគេហទំព័រលំដាប់ពិភពលោក CNN យកមកចុះផ្សាយផងដែរ។ ការចុះផ្សាយខាងលើបានចាត់ទុកថា ប្រសាទបន្ទាយឆ្មារ និង តំបន់ប្រវត្តិសាស្ត្រមានតម្លៃវិសេសវិសាល ។
24. ខេត្តកោះកុង
កោះកុង មានខ្សែឆ្នេរសមុទ្រដ៏វែងដែលមិនទាន់បានអភិវឌ្ឍ និង ទីខាងក្នុងព្រៃ ភ្នំ ដែលមិនអាចចូលទៅដល់ដ៏ធំល្វឹងល្វើយហ៊ុំព័ទ្ធដោយផ្នែកនៃជួរភ្នំក្រវាញ ឧទ្យានជាតិដ៏ធំបំផុតរបស់កម្ពុជា គឺឧទ្យានជាតិបទុមសាគរ និងក៏ជាផ្នែកមួយនៃឧទ្យានជាតិគីរីរម្យ។ ខណៈនោះដែរតំបន់នេះក៏ជាតំបន់នាំចេញ ហើយសុខូបត្ថម្ភវត្ថុកំពង់ផែថ្មីៗត្រូវបានគេអភិវឌ្ឍឡើងដើម្បីធ្វើពាណិជ្ជកម្ម។
24.1 ឧទ្យានជាតិបទុមសាគរ
ឧទ្យានជាតិបទុមសាគរ ជាឧទ្យានជាតិធំជាងគេបំផុត នៃប្រទេសកម្ពុជា ដែលមានធម្មជាតិស្រស់ស្អាត ដែលមានភាពទាក់ទាញទេសចរណ៍
25. ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ មានឈ្មោះល្បីល្បាញ តាំងពីសម័យលង្វែកមកម្ល៉េះ ដោយសារតំបន់នេះទាក់ទងដល់រឿងទុំទាវ។ ពីមុនត្បូងឃ្មុំ ជាខេត្ត ដែលបុរាណហៅថា “ដី”(ក្សេត្រ) គ្រប់គ្រងដោយស្តេចត្រាញ់មានខេត្តចំណុះជាច្រើន។ ឯប្រវត្តិឈ្មោះខេត្តនេះមានការចងចាំតៗ គ្នា ពីមនុស្សមួយជំនាន់ទៅមួយជំនាន់ ។ ក្នុងដំណាលនោះបានពោលតៗគ្នាថា មូលហេតុដែលស្រុកនេះមានឈ្មោះត្បូងឃ្មុំ ក៏ដោយសារពីដើមមានដើមស្ពុងធំមួយដុះជាប់នឹងផ្លូវ ហើយនៅមែកស្ពុងនោះមានឃ្មុំធំ១សម្បុក។ ឃ្មុំនោះកាចខ្លាំងណាស់ ឲ្យតែមានអ្នកដំណើរណាដើរតាមផ្លូវ ហើយវាធុំក្លិនមនុស្ស ក៏ហើរមកទិចរត់មិនសព្វដី។ ឯអ្នកដែលត្រូវឃ្មុំទិចនោះចិត្តល្អ ក៏ប្រាប់អ្នកស្រុកឯទៀតថា បើចង់ឆ្លងកាត់ត្រង់ចំណុចដើមស្ពុងនោះ ត្រូវដើរពីខាងត្បូងឃ្មុំ (ពីលើខ្យល់) ដើម្បីកុំឲ្យឃ្មុំវាធុំក្លិន បើពុំនោះទេ ច្បាស់ជាវាហើរ មកទិចមិនខាន។ តាំងពីពេលនោះមកមនុស្សក៏ប្រាប់តៗគ្នា ជាប់ឈ្មោះថា “ត្បូងឃ្មុំ” រហូតទល់សព្វថ្ងៃ។
ឯកសារយោង
- សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ភលើកទី ២ ឆ្នាំ ២០០៥ ដោយ កែវ ភួង
- ស្ថានបណ្ដាញស្តីអំពីព័ត៌មានទេសចរណ៍នៃប្រទេសកម្ពុជាមិនគិតកម្រៃ
- ប្រវត្តិសាស្ត្រខ្មែរដើមសតវត្ស៍ទី២១ ចេញផ្សាយលើកទី១.cks. ២០០៥ ដោយលោកដេវីឌ-ឈែនដ្លឺរ។
- https://km.wikipedia.org/wiki/
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon