Monday, November 9, 2015

រឿងក្អែក ១ ជាក្អែក ១០



           កាលពីព្រេងនាយមានមានបុរស២នាក់ ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច នៅស្រុកទីទៃពីគ្នា គំនិតដោយខ្លួន។ អាខូចជុះអាចម៏ដាក់១ពាង ហើយយកអាចម៏​ល័ក្ខបិទភ្ជិតយ៉ាងល្អ​មិនឲ្យក្លិនចេញក្រៅបាន។ អាខិលធ្វើកាំបិត១ផែ្ល ប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងមួយ​លូក។ អាខិលស្ពាយកំាបិតនោះដើរលក់ អាខូចក៏ពុនពាងអាចម៏ នោះដើរទៅលក់ដែរ។ អា​ខិល​​ទៅពីនេះ អាខូចមកពីនោះ ជួបគ្នាកណ្តាលផ្លូវ អាខូចពពាយនាយថា៖«អ្នកអើយ ទិញផ្អក​របស់ខ្ញុំទៅពិសារ ផ្អកចាវយ៉ាងល្អ ស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់»។ អាខិលឆ្លើយថា៖«ទាស់តែលក់ដាវមិនដាច់គ្មានលុយទិញ បើខ្ញុំដូរជាដាវនេះព្រមដូរទេ?»។ អាខូចឃើញដាវនេះ​វែង ក៏ឆ្លើយថា៖​ «ដូរក៏ដូរ» ។​អាខិលប្រគល់ដាវឲ្យអាខូចហើយអួតថា៖ «ដាវខ្ញុំនេះមុតបំផុតមេដែករបស់ខ្ញុំផង បើត្រូវការម្តងចាំហូតកាប់ អ្នកឯងកុំប្រញាប់ហូតមើល បើហូតលព្រើលៗស៊កទៅវិញមិនចុះទេ ដាវខ្ញុំពូកែ ខ្ញុំស្តាយរបស់ខ្ញុំ បើកុំតែខែនេះក្រម្អូបណាស់កុំអីខ្ញុំមិនដូរទេ»។អាខូចក៏ប្រគល់ពាងអាចម៏ទៅឲ្យអាខិល ហើយហាមថា៖ «ផ្អកខ្ញុំក៏នឹងដែរ ដល់ពេលស៊ីចាំបើក​យកមកចំហុយកុំអាលបើកមើលក្រែងវាស្អុយរុយបែង ក្រែងវាស្អុយក្មសស៊ី​មិនទាន់អស់វាទៅ​ជាខានឆ្ងាញ់ នឹកឃើញ ជីដូនជីតាបានតែខ្វាស៊ីឆៅ» ។ អ្នកទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួនហើយតឿនប្រពន្ធថា៖ «ដណ្តាំបាយទៅអញបានផ្អក» ប្រពន្ធថា៖ «បានផ្អកពីណា?»។អាខិល​ថា៖ «ដូរដាវគេៗថាផ្អកចាវឆ្ងាញ់ពិសារណាស់»។ ប្រពន្ធក៏ពេញចិត្តនឹកថា៖​«ប្តីចេះធ្វើកាំបិតដូរ​ផ្អក» ស្ទុះភែ្លតទៅលាងចានដួសបាយ ហើយកាន់កាំបិត​យ៉ាងកំរិលក៏កិលទៅ ជិតពាងផ្អកយក​កាំបិតគាស់អាចម៏ល័ក្ខនោះ បើកឡើងហើយលូកបាន១ក្តាប់ ដាក់ផ្លាប់ទៅក្នុងចាន សល់នៅ​ក្នុង​ដៃ​ប៉ុន្មានក៏ដាក់ផ្លប់ភ្លក់មើល ងើបមុខឡើងលើ់ថា «យើ ផ្អកចាវអ្វីក៏ស្អុយដូចអាចម៏គ្មានឆ្អឹងគ្មានសាច់​ កខ្វិចកខ្វក់ ហ្មត់ផងយ៉ាងហ្នឹង ធ្វើផ្អកត្រីអ្វី?»។ ប្តីថា៖«ក្រែងត្រីពោ»​ប្រពន្ធ​ក៏លូក​​​​ កូរាវរកក្បាល លូកបានពាក់កណ្តាល ក្អួតចង្អោរជាង២០វ៉ក​ ​ដឹងជាក់ជាអាចម៏មិនមែន​ផ្អក មក​បន្ទោសទៅម្ចាស់ដើមឆ្អើមលេបបាយមិនរួច ។

             និយាយពីអាខូចត្រេកអរណាស់ ដើរ​ទៅ​ផ្ទះអួតប្រាប់ប្រពន្ធថា «អាចម៏មួយពាងដូរបានដាវ​មួយ​ដែរ» ទទួលខឹងនឹងឆែ្កវាច្រាសស្លឹក​គ្រៃ កន្រ្តាក់ដាវនោះលោតដល់ដីបំរុងនឹងកាប់ឆែ្កសំលាប់ ក៏​ចាប់ដកដាវហូតខ្វាច់ឃើញផែ្លដាវ​នេះខ្លីក្ងិត គេចឡើងទៅលើផ្ទះបង្អាញប្រពន្ធមើលសើច​ទាំង​ពីរ​នាក់ សើចហើយប្រាប់ប្រពន្ធថា «ប្រាជ្ញអានេះស្មើនឹងអញៗទៅបបួលវាធ្វើសម្លាញ់ គ្រាន់រក​ស៊ីពីរនាក់នឹងបានមាសប្រាក់​ដោយ​​ងាយ»។

              លុះទៅប្រទះនឹងអាខិល ដើរពីនាយសើចពព្រាយនិយាយសួរថា៖ «ឯងទៅណា?»។ អាខិល​​ ឆ្លើយថា៖ «អញមកសុំឯងធ្វើសម្លាញ់»។ អាមួយក៏ថា៖«អញមកសុំឯងធ្វើក្លើដែរ»​ហើយ​ក៏សុខ​ចិត្តដើរពីនាក់​ទៅដល់ផ្ទះមហាសេដ្ធីម្នាក់​ចាស់ជរាឈឺស្លាប់ គេដាក់ក្នុងក្តារមឈូស បំរុងបូជា​​ថៃ្ងសែ្អក ចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នា វេលានោះអាទាំងពីរស៊ើបសួរអ្នក​ដើរ​ខាង​ក្រៅថា «អ្នកណាស្លាប់បានជាគេយំ?» គេប្រាប់ថា «មហាសេដ្ធីស្លាប់»។ អាទាំងពីនាក់គិត​គ្នាថា៖​ «ឯងត្រូវកែ្លងសំបុត្រមួយច្បាប់ទៅប្រាប់គេថា មហាសេដ្ធីឲ្យមកយកទ្រព្យរបស់អញ​បន្លំ​លបចូលដេក​ក្នុងមឈូសពីលើខ្មោចសេដ្ធីស្តីត​នឹងអ្នកឯង»។ អាមួយក៏ទៅបន្លំដេកដូចគំនិត។អ្នកនៅជិតមិនបានឃើញមិនបានដឹង ដ្បិតភែ្នកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំង សូត្រព្រះធម៌កូនចៅតួចធំរវល់តែយំសោក។ អាខូចដើរកក្រដាស់បានធ្វើសំបុត្រ កែ្លងកាន់ដើរទៅសំដែង​សូត្រ​ឲ្យគេស្តាប់ថាសំបុត្រពីមហាសេដ្ធីមកប្រាប់ថា៖ «ចៅខូចកំសត់តាំងពីតូចជាកូនធម៌ឥឡូវ​អាពុកជរាហើយ កូនអើយចូរទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចុះ»។

                 កូនចៅប្រុស​ស្រីគេមិនសុខចិត្ត ព្រោះត្បិតគ្មានត្រា គ្មានហត្ថលេខាសេដ្ធី ។ អាខូចឆ្លើយថា៖« ខ្ញុំសូមសន្យា​នឹង​​អស់កូនចៅ អញ្ចើញទៅហៅទៅសួរលោកចុះ បើលោកស្តីនោះ ខ្ញុំត្រង់ពិតបើលោកស្ងៀម​នោះខ្ញុំកែ្លងបព្ឆោតទេ»។ កូនសេដ្ធីស្ទុះភ្លាមទៅស្រែកហៅឪពុក។ អាខិលឆ្លើយ​ថា៖«អើ!»។កូនសួរថា៖ «ឪពុកបានឲ្យកូនធម៌‌មកយករបស់មែនឬ?» អាខិលឆ្លើយថា «អើ!កូនអញឈ្មោះអា​ខូច​វា​មកហើយឬ?»។ កូនឆ្លើយថា «ទានប្រុស ! មកហើយ »។ អាខិលថា«អើ! មើលយក​រទេះ​​​មួយធំ ក្របីមួយនឹម ទឹមរទេះនោះហើយយកមាសប្រាក់កែវកងសំពត់អាវវាល់ផ្ទុកក្នុង​រទេះ​ឲ្យល្មមតែក្របីនោះ​អូសរួចបានប៉ុន្មានឲ្យវាយកចុះ»។

               កូនចៅស្រីប្រុស ចាញ់ឧបាយកល​អាខិលអាខូច ក៏ខឹងនឹងខ្មោចសេដ្ធីស្លាប់ហើយចេះស្តីហៅ​អស្ចារ្យ ឥឡូវនឹងបើកក្តារឲ្យច្បាស់ ចាស់​ៗហាមប្រាមថា «មើលមុខខ្មោច​មិនបានខ្លាចដេក​យប់​មមើមមាយ ម្លោះហើយក៏ជឿជាក់ យក​សំពត់ អាវស្លៀកពាក់ និងកនេ្ទលពូកខ្នល់ខ្នើយហើយថែម តុថាសចានល្អៗ អំបិលប្រហុក៤​ក្រឡ អង្ករ៥ការុង ដាក់ផ្លុកទៅឲ្យ​អាខូចអាខិលបង្វិលរទេះយ៉ាងធំ​ជជែកយំទឹកភែ្នក​ឲ្យដោយ​ខឹងដោយបញ្ឆោតទាំងស្រីប្រុស ហើយក៏ដឹក​ក្របី១នឹមទឹមរទេះ​ប្រគល់ទៅឲ្យអាខូច។ អានោះត្រេកអរឡើងបរទេះចេញទៅ អ្នកទាំងអស់​ដែលនៅតែ ជ្រួលមិនស្រួលចិត្ត ព្រោះត្បិតខឹងនិងស្តាយ។ អាខិលលួចមើល​នាយអាយលប​ចេញប្រិច រត់តាមទៅបន្តិចក៏ទាន់រទេះ ហើយនិយាយគ្នាថា «យើងបានទ្រព្យ​របស់តែទាស់​ឃ្លាន​បាយ បើឈប់ដណ្តាំបាយ​នៅរៀងអាយ ក្រែងមិនស្ងាត់ ខ្លាចចោរតាមមកប្លន់យកទ្រព្យ​១រទេះ បើដូចេ្នះឯងឈប់ចាំអញៗទៅសុំបាយគេខ្លះយកមកឲ្យឯង»។ អាមួយព្រម ហើយអា​មួយក៏ដើរទៅរកថ្នាំ​តាម​ផ្លូវ យកមកលាយបាយឲ្យពុលស្លាប់អន្តរាយ​នឹងយកទ្រព្យរបស់​នោះតែម្នាក់ឯង។ ឯអាមួយនៅចាំរទេះក៏ធ្វើខ្នារដាក់ស្ទាក់ផ្លូវបម្រុង​ឲ្យត្រូវអានោះស្លាប់​នឹងយកទ្រព្យ​តែម្នាក់ឯងដែរ។ វេលានោះ អាមួយទៅសុំបាយគេស៊ីៗរួចហើយ សុំមួយចានផ្ញើរសម្លាញ់ គេ​មិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផង។ អានោះក៏លាគេដើរចេញមក​ហើយ​យក​​ថ្នាំប្រឡាក់បាយ​មកដល់ខាងអាយក៏ត្រូវនឹងខ្នារនោះស្លាប់ អាមួយដើរ ប្រញាប់ចាប់យកបាយ​​ស៊ី​មិន​ដឹងថាមានថ្នាំពុល ក៏ពុលស្លាប់បន្ទាប់គ្នា។

             ឯក្របីនោះក៏អូសរទេះចូលក្នុងព្រៃ រតេករតាកទៅជ្រក​ក្នុងទឹកត្រពាំងដាច់ខែ្សទាមដេក​ត្រាំទឹក​នៅទីនោះទៅ។ ដល់វេលាព្រឹក​មានបុរសម្នាក់ដើរទៅ ឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃនឹក​ម្តងភ័យនឹកម្តងអរថា ឯងអ្នកក្រ​មិនដែលប្រទះ​ទ្រព្យច្រើនដូចនេះទេ ដូចេ្នះបើលៃលកយក​ទៅធ្វើជារបស់ខ្លួនក្រែងពុំបានសុខ ក៏រុញរទេះសំរុកទៅទុកក្នុងព្រៃ ចងក្របីជាប់ត្រឡប់ទៅផ្ទះ​វិញ ហើយក៏ពិសោធន៏មាយាទប្រពន្ធដោយគិតថា «បើប្រពន្ធមាយាទល្អ​នឹងយកទ្រព្យនោះ​ទុក​​ជារបស់ខ្លួន បើនិយាយអ្វីមិនចេះលាក់​នឹងយករបស់ទាំងនោះទៅជូនរាជការផែនដី​ប្រយោជន៏​ដើម្បីឲ្យសុខខ្លួន»។

                     គិតហើយទៅដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថា «អញជុះអាចម៏មិញៗ មានសត្វកែ្អកមួយហើរ​ចេញ​ពីក្តិត តែឯងអាណិតបិទមាត់ឲ្យឈឹង កុំឲ្យនរណាគេដឹងមួយជាពីរ តែចូលត្រចៀក​គេវា​បែកការណ៏អាក្រក់ណាស់ កើតមានជំនុំជម្រះសួរទៅសួរមក ហើយគ្មានទាំងសាក្សី​បានដឹង​នឹង​អាងក្រែង​គេយកអញទៅឆ្កាង ឬយកទៅដាក់គុក»។ ប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថា«មានកែ្អកពីរហើរ​ចេញពីក្តិតប្តីអញ តែឯងកុំមាត់»។ មេមួយទៀតមិនអត់ទៅប្រាប់គេថែមថាកែ្អក​៥ប្រាប់លើសៗតគ្នា ដរាបដល់កែ្អក១០។ រឿងនោះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រ ទ្រង់​ចាត់​ប្រើ​អាមាត្យឲ្យ​ស្រាវជ្រាវរក​ដល់បុរសនោះ បុរសនោះក៏ថ្វាយបង្គំគាល់សេ្តចទ្រង់ឆ្ងល់​ត្រាស់​​សួរថា «មែនឬមិនមែន»។ បុរសក្រាបទូលថា «ទួលព្រះបង្គំ កុហកប្រពន្ធចង់​ដឹងចិត្ត​ព្រោះ​ដ្បិតឃើញទ្រព្យច្រើន"។ បុរសនោះក្រាបទួលដូចខាងលើ ហើយក្រាបបង្គំលាទៅទឹមរទេះយកទៅ​ថ្វាយសេ្តចៗសេ្តច​ទ្រង់ព្រះរាជទាន​​ឲ្យបុរសនោះពាក់កណ្តាលៗដាក់ឃ្លាំង។

ដកស្រង់ចេញពីសៀវភៅប្រជុំ​រឿងព្រេងខ្មែរ​ 

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon