ពិធីបុណ្យបំបួស ដែលហៅថា” បួស ” នេះ មានន័យថា ចូលកាន់ភេទជាសមណៈតាមច្បាប់សាសនា រឺតាមលទ្ធិណាមួយដូចជា បួសជាសាមណេរ, ភិក្ខុ រឺបួសជាតាបស។ នៅសតវត្សទី ២០ មានពិធីបំបួស លោកសាមណេរជាច្រើនប្រភេទ ដែលគេបានអនុវត្តនៅក្នុងប្រទេសកម្ពុជា រួមទាំង ការចូលបួសដើម្បីបំពេញការសន្យារបស់ខ្លួន ហៅថា បួសសងគុណ, បួសមុខភ្លើង ដែលនៅក្នុង ការបួសនេះ ក្មេងប្រុសម្នាក់ស្លៀកស្បង់ចីវរមួយរយៈខ្លី ដោយសារតែមានសាច់ញាតិជិតដិត របស់ ខ្លួនស្លាប់។ យើងអាចហៅការបួសនេះថា បួសមួយសំកាំងដំរី។ រួមមានបួសចំណង់ចង់សិក្សានូវព្រះធម៌ និងបន្តការសិក្សា រឺព្យាយាមគេចចេញពីការញៀនស្រា និងថ្នាំ រហូតដល់មានសុភាសិតប្រជាប្រិយមួយបាននិយាថា អ្នក ខ្លះចូលបួសជាព្រះសង្ឃ “ គ្រាន់តែធើ្វលែងមានសត្វចៃនៅលើក្បាលតែប៉ុណ្ណោះ “[1]។
ពិធីបុណ្យបំបួស ដែលហៅថា “ បួស “ ដែលនឹងនិយាយនៅក្នុងទីនេះ ពុំសំដៅឡើយទៅលើការសាងភ្នួស ដែលមនុស្សមានអាយុចំណាស់យល់ថាខ្លួន លែងជំពាក់ជំពិនអ្វីនឹងជីវិតគ្រួសារតទៅទៀតហើយ ដោយសារកូនបែកផ្ទះសម្បែង មានគ្រួសារគ្រប់គ្នា ឬមួយអ្នកខ្លះទៀតដែលនៅក្នុងវ័យកណ្តាលនៅឡើយ តែដែលនឹកចង់សាងភ្នួសតរៀងទៅ ដោយសារលុះក្នុងព្រះពុទ្ធសាសនា ។ យើងនិយាយតែអំពីបួសជាពិធីឆ្លងវ័យក្មេងប្រុស ។ ប្រុសដែលចូលក្នុងវ័យកម្លោះ គេញែកចេញឲ្យដាច់ពីស្រីដែលចូលក្នុងវ័យក្រមុំ ត្បិតអំណឹះតទៅអ្នកទាំងពីរនេះនៅក្នុងវិស័យផ្សេងស្រឡះពីគ្នា ។ ប្រុសដែលនឹង ត្រូវជាអ្នករុករក ជួញប្រែនៅទីជិត ឬទីឆ្ងាយជាដើមនោះ ត្រូវមានវិជ្ជា ជាមូលដ្ឋាន គ្រប់គ្រាន់ ។ យកតែអក្សរសាស្រ្ត ក្នុងរឿងព្រេងមកគិតបន្តិចក៏យល់ដែរ ឧទាហរណ៍ ព្រះរាជាដែលមាន ព្រះ រាជបុត្រាបានព្រះជន្មាយុ ១៦ ព្រះវស្សា បានឲ្យបុត្រនោះទៅរៀនវិជ្ជាជាមួយតាបសឫសីនៅក្នុងព្រៃ ពុំដែលឮមានរឿងណាថាឲ្យបុត្រីទៅរៀនវិជ្ជាដូច្នោះឡើយ ។ ហេតុនេះហើយបានជាក្នុងភាសាខ្មែរ ការដែលឲ្យក្មេងប្រុសបួសនោះ គេតែងនិយាយថាឲ្យ “បួសរៀន” ។ នៅស្រុកស្រែ ចាស់ៗច្រើនចូលចិត្តរាប់រកអន្ទិតនេះ អន្ទិតនោះ ដែលបានបួសរៀនច្រើនវស្សា ។ នេះមកអំពី ការដែលនូវក្នុង ភ្នួស បានច្រើនវស្សា ចំណេះក៏កាន់តែកើន ។ ពាក្យថាចំណេះនោះ មិនចំពោះតែធម៌ព្រះប៉ុណ្ណោះទេ គឺចំណេះដឹងច្រើនបែបយ៉ាងណាស់ដែលយើងខ្ញុំពុំបានលើកយកមកនិយាយឡើយ ។ ព្រោះបានជម្រាបតាំងពីដើមមកហើយថា ប្រធានបទដែលបានដកស្រង់មកនេះសំដៅខ្លាំងតែទៅលើន័យនៃការ ឆ្លងវ័យប៉ុណ្ណោះ ។ ថ្វីត្បិតតែនេះជាពិធីឆ្លងវ័យ ប៉ុន្តែការបួសជាបព្វជិតនេះ គឺជាគុណតំលៃ ហើយ ក៏ជាការសងគុណដល់មាតាបិតាផងដែរ (កេ្មងប្រុសដែលមានអាយុ ១២ ឆ្នាំត្រូវបួសជាសាមណេរ ហើយគោរពប្រតិបត្តិសីលដប់មួយរយៈពេល ដើម្បីសងគុណម្តាយរបស់ខ្លួន។ ម្យ៉ាងវិញទៀត ការ បួសជាភិក្ខុពេញលេញនៅអាយុ ២០-២១ ឆ្នាំ ធើ្វឡើងដើម្បីសងគុណឪពុករបស់ខ្លួន)[2] ។ ហេតុ ដូច្នោះហើយ ទើប្រជាពលរដ្ឋខែ្មរយើងនៅតែចងចាំជានិច្ច នូវទំនៀម ទំលាប់នេះ ។
ពាក្យថា “ចិញ្ចឹម” ពុំចប់ត្រឹមតែការបំបៅដោះ ឲ្យបាយទឹករហូតដល់ធំធាត់ពេញវ័យបុណ្ណោះទេ គឺបើកូនប្រុសឲ្យរៀនសូត្រដើម្បីរៀបចំអនាគតឲ្យបានសមរម្យ ។ នេះជាសម្រងមួយកន្លែងដែលយកមកពីខាងដើមបំផុតនៃរឿងទុំទាវ ដែលរៀបរៀងដោយព្រះភិក្ខុ សោម ៖
ថ្លាថ្លែងសម្តែងដើមឈ្មោះទុំ នៅខេត្តបាភ្នំដែនដីស្រែ
កើតកបទំនៀមមានឪម៉ែ ប៉ុន្តែហេតុម្តេចឥតសម្តែង ។
កើតឡើងលះធំល្មមប្រមាណ ឆ្នាំច្រើនសោតបានម្តាយតុបតែង
យកទៅឲ្យរៀនចោលគ្រឿងល្បែង ស្វះស្វែងនៅវត្តវិហារធំ ។
ទំនៀមដូចនៅក្នុងសម្រង់ពីរល្បះនេះ មិនទាន់រង្គោះរង្គើទៅណាឡើយ យើងនឹងឃើញតាមរូបភាពផ្សេងៗថា មា្តយ, ម្តាយមីង, មា្តយធំ, បងស្រី…. សុទ្ធតែជា អ្នកសម្រិត សម្រាំងរៀបចំ អោយ ក្មេងប្រុសរៀងៗខ្លួន ដែលជាសាមីនៃពិធី ។ បានជាថារៀងៗខ្លួនព្រោះជាទូទៅ បួសឆ្លងវ័យ នេះតែងធើ្វចូលគ្នា ជូនកាលចំនួនក្រោម ១០ នាក់ជួនកាលទៀតអាចដល់ទៅរាប់សិបនាក់ក៏មាន ។
ពិធីបួសអាចគិតថាចែកចេញជាពីរដំណាក់កាលក៏បាន ។ ក្នុងមួយរយៈពេលយូរដំបូង គេរៀបចំឲ្យកម្លោះទាំងនោះ នៅក្នុងភាពមួយដែលគ្រហស្ថ មិនចំជាគ្រហស្ថ, បព្វជិត មិនចំជាបព្វជិត,ប្រុស មិនចំជាប្រុស, ស្រី មិនចំជាស្រី, អាចនិយាយថាមនុស្ស មិនសមជាមនុស្សផងក៏សឹងបាន ត្បិតគេហៅអ្នកទាំងនោះថា “នាគ” ។ មកពីដូច្នេះហើយបានជាគេហៅពិធីនេះថា “បំបួសនាគ” ។
ភាពជានាគ
ពាក្យថា “នាគ” ក្នុងទីនេះពុំមែនជាសត្វនាគពិតប្រាកដនោះទេ ”នាគ“ ប្រែថា ប្រសើរ,ចម្បង,បរិសុទ្ធ។ក្នុងទីនេះ សំដៅទៅលើមនុស្សដែលបំរុងនឹងចូលកាន់ភ្នួសបួសជាបព្វជិតនៅក្នុងព្រះពុទ្ធសា សនា ព្រោះអ្នកនោះផ្គងគំនិតបំរុងនឹងប្រព្រឹត្តព្រហ្មចរិយធម៌សម្រាប់បព្វជិត ហើយគេសន្មតនាមថា ជា នាគ។ យើងខ្ញុំពុំបានបរិយាយអំពីប្រវតិ្តរបស់នាគដែលបានបកស្រាយខាងលើនោះទេ យើខ្ញុំសូមបែរមកនិយាចំពោះអំពីគ្រួសាររបស់នាគវិញម្តង។
ជូនកាលក្រុមគ្រសារ ដែលច្រើនតែជាមនុស្សស្រី ដូចបានពោលមកអម្បាញ់មិញ នាំគ្នាសម្អិតសម្អាងកាយឲ្យក្មេងប្រុសជាកូន, ជាប្អូន, ជាក្មួយនោះ នៅតាមផ្ទះរៀងៗខ្លួន ។ ដំបូងបង្អស់គេច្រើននិយមលាបរមៀតលើរាងកាយ និងក្បាល ដើម្បីឲ្យមានពណ៌សម្បុរល្អ ។ ការតុបតែងឲ្យទៅជានាគនោះហាក់ដូចជាកែភេទ ធើ្វឲ្យក្មេងប្រុសនោះក្លាយជាស្រី ដោយសារសម្លៀកបំពាក់, អលង្ការ, ជាពិសេសគឺគ្រឿងលាបលនមុខមាត់ ។ ជួនកាលគេនាំសាមីខ្លួនដែលទើបនឹងកោរសក់ហើយពីរ ឬបីនាក់ ឬច្រើនជាងនោះ ទៅជុំគ្នានៅផ្ទះនរណាម្នាក់ ក្នុងភូមិជាមួយគ្នា ដើម្បីសម្អិតសម្អាងខ្លួន ហើយ បន្ទាប់មកធើ្វកិច្ចផ្សេងៗមួយគន្លាកសិន ។ លុះមួយក្រុមៗ (ច្រើនតែនៅក្នុងភូមិជាមួយគ្នា) ឆ្លងកិច្ចទាំងនេះហើយ ទើបគេចាប់ផ្តើមហែនាគចេញពីភូមិរៀងៗខ្លួន ។ នាគតែងតែជិះសេះ ។ បើនៅតំបន់ខ្លះ ដែលខ្សត់បំផុតរកសេះឲ្យនាគជិះមិនបាននោះ ក៏គង់គេឲ្យអង្គុយលើកង់ រឺគ្រែស្នែង ដោយមានអ្នកសែង ឬដឹកបណ្តើរដែរ ។ ផ្ទុយទៅវិញ បើស្រុកសម្បូណ៌ដំរី គេឲ្យនាគម្នាក់ជិះលើដំរីមួយ យើង ខ្ញុំបានឃើញខ្មែរ និងកួយដែលនៅភូមិក្រពោ និងភូមិតាខ្លាង នៅខេត្តសូរិន្ទ (ប្រទេសថែឡង់ដ៏) ធើ្វដូច្នោះ ។ មនុស្សស្រីណាម្នាក់ដែលជាម្តាយ,ម្តាយធំ,បងស្រី…..នោះតែងទូលត្រៃ ចីវរដើរនៅពីមុខ ឥតមានជិះ អី្វឡើយ ទោះជាត្រូវឡើងក៏សុខចិត្តឲ្យនាគនោះជិះសេះដែរ ឯខ្លួនឯងដែលជាចាស់ទុំវិញសុខចិត្តដើរ ។ ភូមិយើងក៏ធើ្វដូច្នោះ ភូមិគេក៏ធើ្វដូច្នោះ លុះហែរៀងៗខ្លួនទៅ ក៏ទៅជួបគ្នាកើតបានជាក្រុម កាន់តែធំឡើងៗ មានភ្លេង ដូចជាពិនពាទ្យ និងឆៃយ៉ាំជាដើមកំដរផង ។ លុះទៅដល់វត្ត ឃើញ ថាមនុស្សកុះករណែនណាន់តាន់តាប់ ។ បើនៅតំបន់អង្គរវិញ ជូនកាលគេសន្មតគ្នាថា មុននឹង ទៅវត្តដែលត្រូវនាំនាគទៅបំបួសនោះ ត្រូវមកជួបជុំគ្នាហែប្រទក្សិណអង្គរវត្តបីជុំសិន ។
នៅវត្ត បើពុំរៀបរាប់ពិធីទូទៅធម្មតា កិច្ចសំខាន់ដំបូងក្នុងយប់នោះគឺ “ហៅព្រលឹងនាគ” ។ អាចារ្យតែងមានក្បួននៅក្នុងក្រាំងរបស់ខ្លួន យកមកបើកសូត្រធើ្វបទផ្សេងៗ ។ នាគទាំងអស់នៅអង្គុយស្តាប់យ៉ាងស្រគត់ស្រគំ ដោយមាន “អំបោះក្លុក” នៅត្រចៀកផង ។ ពាក្យសូត្រយ៉ាងវែង លន្លង់លន្លោចនោះពុំខុសគ្នាអ្វីពីពាក្យហៅព្រលឹង ពេលកោរជុកឡើយ ។ នៅតំបន់ខ្លះ ការសូត្រនេះគ្រាន់តែជាមួយវគ្កទេ ត្បិតពិធីហៅព្រលឹងនឹងបញ្ចប់ទៅដោយកិច្ចជញ្ជាត់ព្រលឹងនៅពេលទៀប ភ្លឺទៀត ។ ក្នុងនោះដែរមានកិច្ច “សែនក្បាលជណ្តើរ” សាលា នៅពេលដែលគេត្រឡប់មកពីជញ្ជាត់ព្រលឹង ហើយយកព្រលឹងមកឲ្យនាគវិញ ។
កិច្ចភ្ជាប់ជាមួយការសូត្រហៅព្រលឹងនៅពេលយប់នោះ គឺបង្វិលពពិលជុំវិញនាគទាំងអស់ ។ ពេលខ្លះអ្នកបង្វិលពពិលអង្គុយ ពេលខ្លះទៀត ត្រូវងើបឈរ តាមការណែនាំរបស់អាចារ្យ ។ នៅតំបន់ ដែលកាន់ប្រពៃណីខ្លាំង គេតែងឲ្យនាគម្នាក់ៗនោះដេកនៅលើអង្កររាបរៀងខ្លួន មានន័យថាអាចារ្យត្រូវរៀបអង្កររាប ដោយចំណាយពេលយ៉ាងយូរដើម្បីកិច្ចនោះសិន ។ ក្នុងកិច្ចនេះ ព្រឹកឡើងនាគម្នាក់តែងរាវអង្ករដែលខ្លួនដេកលើពីយប់ ដូចធ្លាប់រៀបរាប់នៅពិធីឆ្លងវ័យមុនៗមកហើយ ។
ពេលព្រឹកព្រលឹមនោះ គេត្រូវធ្វើធ្មេញ ។ ឯការស្លថាំ្ន និងរបៀបធើ្វនោះ ក៏ធ្លាប់បាននិយាយពីលើមកហើយដែរ ពុំបាច់បរិយាយម្តងទៀតម្តងទៀតទេ ។ មានកិច្ចផ្សេងៗទៀតដែលភ្ជាប់នឹងការធើ្វធ្មេញនេះដែរ ដូចជាការដាប់មាត់, តម្រឹមម្រាមជើងជាដើម ។ កិច្ចសំខាន់ៗសម្រាប់នាគអាចសង្ខេបមកត្រឹមនេះឯង តែយ៉ាងណាក៏ដោយ អ្នកទាំងនេះនៅជានាគនៅឡើយ ត្បិតត្រូវមកអង្គុយសំពះព្រះស្ឃ និងរាប់បាត្រតទៅទៀត ។
ភាពជាបព្វជិត
ពាក្យថា “បព្វជិត” ប្រែថា អ្នកបួស រឺអ្នកសាងភ្នួស បួសជាសាមណេរ ឬបួសជាភិក្ខុ បានសេចកី្តថាអ្នកចេញចាកនូវកាម រឺចេញចាកផ្ទះទៅបួស សាងផ្ទួសនៅក្នុងទីនេះសំដៅទៅលើអ្នក បួសក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។ យើខ្ញុំសូមបរិយាយអំពីកិច្ច នៅក្នុងទំនៀមទំលាប់ ដ៏សំខាន់ ចុងក្រោយនេះ។
ពិធីសំខាន់បំផុតចុងក្រោយ គឺកិច្ចបំបួសដែលអាចធើ្វនៅរសៀលថ្ងៃដដែលនោះក៏បាន តែពេលនេះត្រូវនៅក្នុងព្រះវិហារ ពុំអាចធើ្វនៅក្នុងសាលាដូចកិច្ចដែលមានមុនមកនោះទេ ។ កិច្ចនោះមានរបៀបរបបហ្មត់ចត់ ពុំអាចធើ្វតាមចិត្តនឹកឃើញបានឡើយ ។ នាគនីមួយៗត្រូវចេះសូត្រធម៌បួស ដើម្បីឆើ្លយឆ្លងជាមួយឧបជ្ឈាយ៍ រឺព្រះសង្ឃដែលត្រូវធើ្វកិច្ចផ្ទាល់មួយខ្លួន ។ យើងខ្ញុំពុំវែកញែកវែងឆ្ងាយអំពីកិច្ចដែលមានចែងនៅក្នុងព្រះ វិន័យព្រះពុទ្ធសាសនាទាំងនេះទេ ត្បិតដូចធ្លាប់ពោលច្រើន ដងមកហើយ យើងខ្ញុំរៀបរាប់ពិធីនេះក្នុងទស្សនៈឆ្លងវ័យ ។ កាយវិការចុងក្រោយបង្អស់ នៅត្រង់ ពេលឧបជ្ឈយ៍នោះ “ ទាក់ករ “ នាគ ។ ពេលនេះហើយដែលនាគបោះបង់ភាពជានាគ មកចូលក្នុងភាព ជាបព្វជិតដោយដោះសំពត់ហូល សាវស្បៃ និងគ្រឿងអលង្ការនានាពីខ្លួន ហើយមកស្លៀកស្បង់ គ្រងចីពរពេញលេញជាអ្នកបួស ។
បើប្រៀបទៅនឹងការចូលម្លប់ ពិធីបួសដូចជា “ចូល” ដែរ ត្បិតបន្ទាប់មក អ្នកបួសថ្មីៗទាំងនេះស្ថិតនៅក្នុងបរិបទពិសេសមួយខុសពីគ្រហស្ថធម្មតា ព្រោះឃុំខ្លួននៅក្នុងវត្ត ជាពិសេសក្នុងវស្សា មិនខុសអ្វីពីការចូលម្លប់ ដែលឃុំខ្លួនក្នុងម្លប់ឡើយ ។ សូមរំលឹកពាក្យថា “គ្រហស្ថ” មានន័យថា” អ្នកនៅផ្ទះ “ ហើយកាលពីមុនគេអាចហៅព្រះសង្ឃថា “ អាយក្តី “ ប្រែថា” អ្នកនៅកុដិ “(ក្រោយមកក្លាយជា “អាចក្តី” ជូនកាលជា” អចក្តីអាតា្ម “ទៀតផង ។ ប្រការពិសេសដទៃទៀត គឺទាក់ទងនឹងព្រះវិន័យ ដូចជាការឆាន់ជាដើម (យើងធ្លាប់ឃើញចូលម្លប់ក៏នូវក្នុងរបបបាយបួសដែរ ) ។ តាមពិតទៅ ហៅថាបួសនោះមាន ៣ ដំណាក់កាលដូចចូលម្លប់ដូច្នោះ គឺការបួស, ការស្ថិតនៅក្នុងបព្វជិតក្នុងរយៈពេលខ្លី ឬវែង (រយៈពេលមធ្យម ពី ពីរ-បី ព្រះវស្សា ),
និងការចាកភ្នួស ពោលគឺសឹក ។ ប៉ុន្តែពិធីសម្រាប់ប្រុស និងស្រីផ្ទុយគ្នានៅត្រង់ថា បួសមានភាពឱឡារិកខ្លំាងណាស់ មិនដូចពិធីចូលម្លប់ដែល គ្រាន់តែ សែន ដូនតាបន្តិចបន្តួច ។ លុះដល់សឹក គឺធើ្វឡើងសា្ងត់ពុំមាននរណាដឹងឮប៉ុន្មានឡើយ ( ប៉ុន្តែនៅតំបន់ខ្លះ ពេលលាចាសិក្ខាបទ រឺហៅថាសឹកនោះ គេឃើញក្រុមគ្រួសារខ្លះដែលមានលទ្ធភាពគ្រប់គ្រាន់ គឺគេ ធើ្វពិធីជប់លៀង សែនចងដៃ ហើយឲ្យកូនប្រុសដែលបានសឹករួចហើយ នោះដើរជំរាប់សួរចាស់ៗ នៅក្នុងភូមិ ដើម្បីការដឹងគុណនឹងថ្លែងអំណរគុណដល់ពួកគេ ព្រោះពួកគេបានចិញ្ចឹមទំនុកបំរុងខ្លួន កាលនៅបួសជាព្រះសង្ឃ ចំណែកឯអ្នកខ្លះ គឺធើ្វពិធិនេះជាលក្ខណៈសា្ងត់ៗអញ្ជើញតែចាស់ទុំពីរ បីនាក់ប៉ុណ្ណោះ ) ។ រីឯការចេញម្លប់វិញអធិកអធមក្រៃលែង ដូចបានរៀបរាប់មកស្រាប់ ។
អ្នកដែលបានបួសរៀន យូរ ឧទាហរណ៍ ពីប្រាំវស្សាឡើងទៅ គេតែងឲ្យតំលៃណាស់ ត្បិតគេយល់ថាអ្នកនោះចេះច្រើន។ ដូច្នេះហើយបានជាអ្នកស្រុកតែងហៅអ្នកនោះថា” អន្ទិត “(និយាយក្លាយមកពី” បណ្ឌិត “ដែលខ្មែរពីបុរាណកាលមកតែងតែសរសេរជា” បន្ទិត “) ហើយយើងធ្លាប់ដឹងថា ជាប្រពៃណីរៀងមក គេតែងចង់លើកកូនស្រីឲ្យជាភរិយាផង។
ឯកសារពិគ្រោះ
ដកស្រង់ចេញពី សៀវភៅ ដំណើរជីវិតមនុស្សខ្មែរ មើលតាមពិធីឆ្លងវ័យ និពន្ធដោយ អាំង ជូលាន,ព្រាប ចាន់ម៉ារ៉ា,ស៊ុន ចាន់ដីប។ ផ្សព្វផ្សាយដោយ ហនុមានទេសចរណ៍ ឆ្នាំ ២០០៧
ដកស្រង់ចេញពី សៀវភៅ ប្រវតិ្ត និងការប្រតិបត្តិ ព្រះពុទ្ធសាសនានៅកម្ពុជា ភាគទី ១ ឆ្នាំ ២០០៧ និពន្ធដោយ អៀន ហ៊ៃរីស គ្រឹះសា្ថនបោះពុម្ភផ្សាយ នគរវត្ត
[1] ប្រវត្តិ និងការប្រតិបត្តិ ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ភាគទី ១ អៀន ហ៊ៃរីស
[2] ប្រវតិ្ត និងការប្រតិបត្តិ ព្រះពុទ្ធសាសនានៅកម្ពុជា ភាគទី ១ អៀន ហ៊ៃរីស
អរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon