Tuesday, November 1, 2016

ព្រះព្រហ្ម​ ក្នុង​ពិភព​ជំនឿ​សាសនា


          ប្រាសាទ​បាយ័ន គឺជា​ប្រាសាទ​មួយ​ដែល​ពិសេស​ជាង​គេ ដោយ​ប្រាង្គ​នី​មួយៗ​សុទ្ធតែ​មាន​ព្រះ​ភក្ត្រ​មុខ​៤​ទាំងអស់ ដែល​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ព្រហ្មវិហារ​ធម៌​តាម​ទិស​នីមួយៗ​គឺ​៖
​    ​    ១- ​មេត្តា ស្ថិត​នៅ​ទិស​ខាងកើត​
​        ​២-​ ករុណា ស្ថិត​នៅ​ទិស​ខាងត្បូង​
​        ​៣-​ មុទិតា ស្ថិត​នៅ​ទិស​ខាងលិច​
​        ​៤-​ ឧបេក្ខា ស្ថិត​នៅ​ទិស​ខាងជើង​
​     
    ​ព្រះ​ភក្ត្រ​ទាំង​៤​ទិស​នេះហើយ គឺជា​ព្រះ​នេត្រ​ទិព្វ​ដ៏​កំពូល​អស្ចារ្យ ដែល​អាច​សម្លឹង​មើល​ឃើញ​ខ្សែជីវិត​ពិត​របស់​បុគ្គ​ល​ម្នាក់ៗ​កំពុងតែ​ជួបប្រទះ​នៅ​លើ​ផ្លូវ​សុភមង្គល​ និង ​ផ្លូវ​អពមង្គល​រស់នៅ​លើ​ភពផែនដី​យើង​នេះ ។ ​ម្យ៉ាងទៀត​ព្រះព្រហ្ម​គឺជា​អាទិទេព​មួយ​ព្រះអង្គ​ដែល​ជា​អ្នកបង្កើតពិភពលោក​ទៀតផង ។​
​    ​
    ចំពោះ​រឿងរ៉ាវ​ទេ​វក​ថា​ក្នុង​ពិភព​ជំនឿ​សាសនា​នេះ​បាន​បង្ហាញឱ្យឃើញថា កាលពីដើម​ឡើយ​នៅ​ក្នុងពិភព​លំហ​ឋានសួគ៌​មាន​ភាវៈ​ជាច្រើន​បាន​រសាត់​វិលវល់ រួចហើយ​ក៏​ត្រូវ​ព្រះពាយ​បក់​មក​នូវ​ធូលី​ប្រមូលផ្តុំ​គ្នា បង្កើតបាន​ជា​រូបធាតុ​សួគ៌ា​ជា​ច្រើន​សន្ធឹកសន្ធាប់ ។ ក្នុងចំណោម​រូបធាតុ​សួគ៌ា​ទាំងនោះ​យើង​សង្កេតឃើញ​មាន រូបធាតុ​មួយ​ដ៏​ចម្លែក​ជាងគេ​ដែល​មាន​ទ្រង់ទ្រាយ​ជា​ស៊ុត​បក្សី​ហង្ស​មាស​ រាង​ដូច​ផ្កាឈូក​ក្រពុំ ។ ស៊ុត​បក្សី​ហង្ស​មាស​រាង​ដូច​ផ្កាឈូក​ក្រពុំ​នេះ​ចេះ​តែ​អណ្តែតត្រសែត​ នៅក្នុង​លំហ​មេឃា​អស់​រយៈពេល​ជាច្រើន​ម៉ឺន​សែន​ឆ្នាំ ​និង ចេះ​តែ​រសាត់​នៅតាម​ផ្ទាំង​ពពក​ស ។
​    ​
    ការ​រសាត់អណ្តែត​របស់​ស៊ុ​តបក្សី​ហង្សមាស​រាង​ផ្កាឈូក​ក្រ​ពុំនេះ ​ចេះ​តែប្រព្រឹត្ត​ទៅ​ជា​ប្រចាំ រហូត​ដល់​សម័យកាល​មួយ​កំពុងតែ​អណ្តែតត្រសែត​ក៏​ជួប​នឹង​ខ្យល់​កម្មជ្ជវាត​មួយ​កួច​ត្របាញ់​ជុំវិញ​ស៊ុត​បក្សីហង្ស​មាស​រាង​ដូច​ផ្កាឈូក​ក្រពុំ​នេះ ។​ ​ក្រោយពី​បាន​ហ៊ុម​ព័ទ្ធ​រួច​ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ស្រាប់តែ​ឥទ្ធិពល​នៃ​ខ្យល់កម្មជ្ជវាត​បាន​បក់បោក​យ៉ាងខ្លាំង ហាក់បីដូច​ជា​ពុះ​ច្រៀក​បំបែក​ស៊ុត​នេះ​ឱ្យ​ប្រេះ​បែក​តាម​ផ្នត់​ជា​ត្របកផ្កាឈូក រីក​លេចធ្លោរ​ឡើង​នូវ​ព្រះ​រាជកុមារ​ព្រះព្រហ្ម​មួយ​ព្រះអង្គ​យ៉ាង​ស្អាត​ មាន​ព្រះ​កេស​៤​ទិស ស្ថិតនៅលើ​ផ្កាឈូក​មាស​រីក​ពិសិដ្ឋ អង្គុយ​សមាធិ​យ៉ាង​ស្ងៀមសា្ងត់​បំផុត ។​
​    
    ​ក្រោយ​ពី​ព្រះរាជ​កុមារ​ព្រះព្រហ្ម​បាន​លេច​រូបរាង​ចេញពី​ស្រោម​ស៊ុត​ បក្សី​ហង្ស​មាស​រាង​ផ្កាឈូក​ក្រពុំ​រួចមក ធ្វើឱ្យ​មហិទ្ធិប្ញទ្ធិ​វេទមន្ត​នៃ​ព្រះរាជបល្ល័ង្ក​ជា​ផ្កាឈូក​មាស​រីក​ពិសិដ្ឋ​នោះ ​របស់​ព្រះអង្គ​ចេះ​តែ​រសាត់អណ្តែត​ហោះហើរ​ជានិច្ច​នៅលើ​ពិភពលំហ​ឋានសួគ៌​ដោយ​នាំ​ព្រះអង្គ​យាង​ឆ្លងកាត់​រលក​ព្យុះ​ពីមួយ​ទៅមួយ ហើយ​ចេះ​តែ​រសាត់​ទៅៗ ទៅដល់​ជម្រក​វិមាន​មួយ​មានឈ្មោះ​ថា “វិមាន​គិរី​ពពក​អណ្តែត​” ។ បន្ទាប់មក​ព្រះអង្គ​ក៏​នៅតែ​បន្ត​សមាធិ​ទាន​សីល​ជា​ដដែល រហូត​ដល់​ពេញ​ព្រះរាជ​វ័យ​ជំទង់ ទើប​ព្រះអង្គ​យាងចាកចេញ​ពី​ព្រះរាជ​បល្ល័ង្ក​ផ្កាឈូក​មាស​រីក​ពិសិដ្ឋ​តែម្តង ។​
​    
    ​ដោយសារ​ការ​សមាធិ​ទាន​សីល​ដើម្បី​ប្រមើលមើល​ជីវិត​ក្នុង​លោក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ហើយ ទើប​ធ្វើឱ្យ​ព្រះរាជ​ហ​ប្ញ​ទ័យ​ព្រះអង្គ​សែន​អផ្សុក​ធុញទ្រាន់​យ៉ាង​ក្រៃលែង ក៏​យាង​ចាកចេញ​ពី​វិមាន​គិរី​ពពក​អណ្តែត ។ លុះ​ដល់​ពេញ​ព្រះរាជ​វ័យ​កំលោះ ព្រះអង្គ​ក៏​យាង​ដើររក​ព្រះ​អគ្គមហេសី​ដើម្បី​ជីវិត​អនាគត​របស់​ព្រះអង្គ ។​
​     ​
    មាន​សំណល់​ចម្លាក់​របស់​ខ្មែរ​យើង​នៅ​លើ​កំពូលភ្នំ​តា​ម៉ៅ ​(​ក្នុង​ខេត្ត​ តាកែវ​) ឬ​នៅក្នុង​សារមន្ទីរ​ជាតិ​ក្រុងភ្នំពេញ​ក៏​មាន​ដែរ ដែល​បង្ហាញ​ឱ្យឃើញ​អំពី​ព្រះព្រហ្ម​គង់ប្រថាប់​នៅលើ​ផ្កាឈូក​មាស​រីក​ពិសិដ្ឋ មាន​ទង​រាង​ស្តួច​វែង​ផុសចេញ​ពី​ទងផ្ចិត​របស់​ព្រះ​វិស្ណុ​ផ្ទុំ ។ នេះ​បញ្ជាក់​ឃើញថា ព្រះព្រហ្ម​មាន​វ័យ​ចំណាស់​បន្តិច រួមសហការ​ជាមួយ​ព្រះ​វិស្ណុ និង​ព្រះ​អគ្គមហេសី​របស់​ព្រះ​វិស្ណុ​នៅលើ​សត្វ​ពស់នាគរាជ​បណ្តែត​ទឹក​ រង់ចាំ​បង្កើត​ពិភពថ្មី ។​
​    ​
    បច្ចុប្បន្ន​នេះ​មាន​ជាងចម្លាក់​លោហៈធាតុ​ខ្លះ និង​ជាងសំណង់​ចាក់ពុម្ព​ខ្លះ​ក៏​នៅតែ​និយម​ឆ្លាក់​រូប​ព្រះព្រហ្ម​មុខ​៤​ដែរ ។ ​រូប​ខ្លះ​សិល្បករ​ខ្មែរ​យើង​បង្ហាញ​រូប​ព្រះព្រហ្ម​បើកព្រះនេត្រ​ធំៗ ដើម្បី​សម្លឹង​ទត​មើល​រលកវាសនា​របស់​មនុស្ស​ម្នាក់ៗ​កំពុងតែ​រស់នៅ​ក្នុង​សង្គម​របស់ខ្លួន ៕

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon