Thursday, November 5, 2015

រឿងក្រពើរមិលគុណ


           មាន​បុរស​ឳពុក​និង​កូន​បរទេះ​ចេញ​ទៅ​ជួញ​ជួប​និង​ក្រពើ​មួយ​ដែល​ភ្លើង​ព្រៃ​ រោល​រលាក​ជើង​ទាំង៤ និង​ដើរ​រក​ចំណី​ឆី​ពុំ​បាន​អត់​អាហារ​ស្គម​រីងរៃ។ 

           បុរស​ឳពុក និងកូន​បាន​ឃើញ​ក្រពើ​នោះ​​រលាក​ជើង​ទាំង ៤ ស្គម​ទាំង​ខ្លួន​និង​វា​ពុំ​បាន​ដូច្នោះ​ហើយ បុរស​នោះ​អាសូរ​ក្រពើ បាន​កាប់​ឈើ​មក​ចង​អម​ក្រពើ​នោះ​រឹង​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ លុះ​ដល់​បឹង​មួយ​ធំ​ជា​ទី​សុខ​សប្បាយ បុរស​នោះ​ដាក់​ក្រពើ​ចុះ​ក្នុង​ទឹក​ក្រពើ​នោះ​បាន​ផឹក​ទឹក​អក​ភក់​ឆ្អែត​ហើយ គិត​នឹង​ខាំ​បុរស​នោះ​វិញ បុរស​នោះ​ថា៖ «ព្រះ​ស្ដែង​កុំ​ខាំ​អញៗ មាន​គុណ​លើ​ព្រះ​ស្ដែង» ក្រពើ​នោះ​ថា៖​ «មាន​គុណ​នឹង​អញ​ឯ​ណា បើ​ចង​អញ​ស្ទើរ​ស្លាប់​ដូច្នោះ អញ​ឆី​ព្រះ​ស្ដែង​ឲ្យ​ទាល់​តែ​បាន» ។

             ឯ​បុរស​ថា៖ «ព្រះ​ស្ដែង​កុំ​អាល​ខាំ​អញ មក​យើង​នឹង​នាំ​គ្នា​ទៅ​រក​អ្នក​ប្រាជ្ញ លោក​កាត់​សេចក្ដី​នេះ​ឲ្យ​យើង»។ ទើប​បុរស​និង​ក្រពើ នាំ​គ្នា​ទៅជួបទន្សាយ ដោយ​នូវ​ដំណើរ​ទី​ទៃៗ ។ ក្រពើប្រាប់​ថា៖ «ខ្ញុំ​នៅ​ទី​មួយ​ស្ងៀមៗ ស្រាប់​តែ​ចៅ​នេះ​មក​ចង​អប​ខ្លួន​ខ្ញុំ​​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ ខ្ញុំ​បម្រះ​ពុំ​រួច ព្រោះ​តែ​ធ្វើ​ទុក្ខ​ខ្ញុំ​​បាន​ជា​ខ្ញុំចង់ខាំ​បុរស​នេះ​ឆី»។ បុរស​ប្រាប់ថា៖«ក្រពើនេះ​ភ្លើង​ព្រៃ​រោល​រលាក​ជើង​ទាំង​ ៤ វារ​ពុំ​រួច ​បាន​ខ្ញុំ​អាសូរ ទើប​យក​ឈើ​ចង​អប​ហើយ​​លើក​ដាក់​លើ​រទេះ​បរ​ទៅ​ដល់​បឹង​ទើប​ស្រាយ​លែង ​ហើយក្រពើ​នេះ​ចុះ​ទៅ​ក្នុង​ទឹក​បាន​ផឹក​ទឹក​អក​ភក់​មាន​កម្លាំង​ហើយគិត​ខាំ​ខ្ញុំ​​វិញ ហេតុ​នេះ​បាន​ជា​ខ្ញុំទាំង ២ នាំ​គ្នា​មក​ឲ​កាត់​សេចក្ដី​នេះ បើ​ទន្សាយពុំ​ជឿ​សុំមើល​ជើង​ក្រពើ​ទាំង ៤ ចុះ» ។

             ទន្សាយ​ពិចារណា​ថា «ក្រពើ​នេះ​ឥត​ធម៌​ពុំ​ដឹង​គុណ​គេ​ឡើយ»  ទើបទន្សាយកាត់​ថា៖«បើ​ដូច្នេះ​មាន​តែ​ព្រះ​ស្ដែង​ ឲ្យ​គេ​ចង់ព្រះ​ស្ដែង​ដូច​អំពី​មុន​នោះ​សិន​ហើយ សឹម​អញ​ពិចារ​ណា​ឲ្យ​ព្រះ​ស្ដែង» ទើប​ទន្សាយ​ឲ្យ​បុរស​នោះ​ទៅ​ចង​ក្រពើ​នោះ​ជាប់​ដូច​អំពី​មុន ហើយ​ទន្សាយ​បាននិយាយថា៖«ព្រះ​ស្ដែង​នាំ​ទៅ​ផ្ទះ​ចុះ ថ្ងៃ​ក្រោយ​ព្រះ​ស្ដែង​កុំ​ធ្វើ​គុណ​នឹង​សត្វ​តិរច្ឆាន ព្រោះ​លោក​​ថា​ពុំ​ត្រូវ​ទុក​ចិត្ត​សត្វ​មាន​ចង្កូម​មាន​ពិស​ទេ» ។ 

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon