Wednesday, May 3, 2017

ក្បួន​​ព្រះ​រាជ​ដំណើរ​​​ព្រះ​រា​ជា​​សម័យ​អង្គរ​​​



ជា​ទូទៅ​​​គេ​ធ្លាប់​​ដឹង​ឮ​​ពី​កិត្តិ​នា​​ម​សម័យ​​​អង្គ​រ​​​ថា ខ្មែរ​​​មាន​ទឹក​ដី​​​ធំ​ទូលាយ​​​ ខ្មែរ​មាន​​​ស្នា​ដៃ​​​កសាង​ប្រាសាទ​​​​​ដ៏​អស្ចារ្យ​​ ព្រះ​រាជា​​​មាន​​ប្ញទ្ធិ​ខ្លាំង​​​ពូកែ​​ជា​ដើម ប៉ុន្តែ​​​​តាម​ជនជាតិ​ចិន​​ លោក​ជីវ​ តា​ក្វាន់​​ ដែល​បាន​​មក​ប្រទេស​ខ្មែរ​​​នៅ​ចុង​សតវត្ស​​​រ៍​ទី​​១៣បា​ន​កត់​ត្រា​​និ​ទាន​ពី​ក្បួន​ព្រះ​រាជ​ដំណើរ​​​​​​យាង​ចេញ​​​ពី​ព្រះ​​រាជ​វាំង​​​របស់​ព្រះ​​រាជា​​ថា មាន​ភាព​អធិក​​អធម​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​​ណាស់​ ។ ​បើ​គេ​​ស្រមៃ​​តាម​ការ​​និ​ទាន​​​នោះ​​ គឺ​វា​​​ដូចជា​​ផ្ទាំង​​ទស្សនីយ​ភាព​​​សិល្បៈ​​ ឬ​​ការរៀប​ចំ​ឈុត​ឆាក​​​​​សម្រាប់​​ថត​ខ្សែ​​ភាព​យន្ត​​​មួយ​ដ៏​អស្ចារ្យ​ ។
តើ​​ក្បួន​​​ព្រះ​រាជ​ដំណើរ​​របស់​ព្រះ​រាជា​​​សម័យ​​​​អង្គ​រ​​នោះ​​​យ៉ាង​​ដូច​ម្តេច​​ខ្លះ ?
លោក​ជីវ ​​តា​ក្វាន់​ ​និទាន​ថា នៅ​មុខ​​ក្បួន​ដង្ហែ​​ព្រះ​រាជា​មាន​ពួក​​​ទាហាន​​ បន្ទាប់មក​មាន​​​អ្នក​​​កាន់​​​​ទង់​ជ័យ និង​​​​អ្នក​ភ្លេង​ ។ បន្ទាប់​មក​​​ទៀត​ គឺ​​​ផ្នែក​ស្រីៗ​មាន​គ្នា​​ពីបី​រយ​ទៅ​ប្រាំ​រយ​​នាក់​​​ ប្រកប​ដោយ​​សម្លៀក​បំពាក់​​​​​មាន​ភ្ញី​ស្លឹក​​​ឈើ មាន​​​ផ្កា​សៀត​ក្នុង​ផ្នួង​​​​សក់​​​ ​និង​ដៃ​កាន់​​​ទៀន​ដែល​​ទោះ​ជា​នៅ​ពេល​ថ្ងៃ​​​ក៏​ត្រូវ​​​ឱ្យ​ឆេះ​ដែរ​ ។ ​តពីក្រុម​​នេះ​​ មាន​ស្រី​ៗ​មួយ​ពួក​ផ្សេង​ទៀត​​​​​​​ កាន់​គ្រឿង​​​ប្រដាប់ស្តេ​ច​​​ធ្វើ​ពី​​​មាស​ និង​ប្រាក់​​ និង​គ្រឿង​​​លម្អ​​ទាំង​អស់​​សុទ្ធ​សឹង​​​តែជា​​​របស់​ប្លែកៗ​​ ។ បន្ទាប់​​​មក​ទៀត​គឺក្រុម​​ស្រី​ៗ​​​​ដែល​​​ជា​រាជ​អង្គ​រក្ស​​ដើរ​កាន់​​​លំពែង​​​​ និង​​​ខែល​ ។

ប្រភព​ដដែល​​រៀប​រាប់​បន្ត​ថា ​​តម​ក​ទៀត​​​ គឺ​​​​ក្រុម​​រទេះ​​ពពែ​ រទេះសេះ​​​ ​​សុទ្ធ​សឹង​​​តុប​​តែង​ដោយ​គ្រឿង​មាស ។ ​គួរ​​ឱ្យ​ចាប់​​អារម្មណ៍​​​ថែម​ទៀត​​នោះ​គឺ​ពួក​ក្សត្រ​​​ និង​ពួក​នាម៉ឺន​​​សព្វ​​មុ​ខ​មន្ត្រី​​​ជិះ​​ដំរី​​​​ដែល​​គេ​មើល​​​ពីចម្ងាយ​​​​ទៅ​ឃើញ​តែ​​​ក្លស់​​ពណ៌​ក្រហម​​​ច្រើន​​ដេរ​ដាស​សន្ធឹក​សន្ធាប់​ ។ ​បន្ទាប់​ពី​ផ្នែក​​នេះ​​​​ គឺ​មហេសី​​​ និង​ស្នំ​​​របស់​ព្រះ​រាជា​​​​​ដែល​ជិះ​គ្រែ​ស្នែង​​រទេះ​​​​សេះ ​​និង​ដំរី​​ ​ហើយ​មាន​​​​​​ក្លស់​​​ជាង​មួយ​​​​រយ​លាប​ទឹក​មាស​​​ ។
ចុង​​​ក្រោយ​​​បង្អស់​​ គឺ​​​ព្រះ​រាជ​ា​​គង់​ឈរ​លើ​ដំរី​​​ និង​ព្រះ​ហស្ត​​កាន់​​ព្រះ​ខាន់​ ។ ភ្លុក​​​ដំរី​​​នេះ​​​​​ស្រោប​​​ដោយ​​មាស​​​ ​ឯក្លស់​​បាំង​​​ព្រះ​រាជាមាន​ជាង​​​ម្ភៃ​​​ ​ដោយ​​​​​ពណ៌​​មាស​ និង​​ដង​​​​​ស្រោ​បមាស​​​​ដែរ​ ។ ​​ក្រៅ​ពី​នេះ​មាន​ដំរី​​​ដទៃ​ទៀត​​​ជា​ច្រើន​​​​ដើរ​​អម​​​ដំណើរ​​​ព្រះ​រាជា​​​ ព្រម​ទាំង​​​​មាន​ទា​ហាន​​​ដទៃ​ទៀត​តាម​ការ​ពារ​​​ព្រះ​អង្គ​​ ។ជន​ណាដែល​​​ឃើញ​ព្រះ​​រាជា​ហើយ​​​ ត្រូវ​តែ​​​លុត​ជង្គង់​​ ហើយ​ឱន​ក្បាល​​​​​​ដល់​ដី ។
តាម​រយៈ​ការ​​​ប្រា​រព្ធ​ធ្វើ​​​​ពិធី​​​ទេ​វរាជ​​​ ព្រះ​រាជា​​​នាសម័យ​​អង្គរ​​មាន​​ឋានៈ​​​​ស្មើ​​អា​ទិ​ទេព​ ហើយ​​ពេល​សោយ​​​​ទី​វង្គតទៅ​​ព្រះ​​​អង្គ​នឹង​​យាង​ទៅ​​​គង់​នៅ​ឋាន​ទេវ​លោក​​ ។

រាជ​ធានី​​​របស់​ព្រះ​​រាជា​​​​​ជា​តំណាង​​ចក្រ​​​​វាល​​​ទាំង​មូល​​ ប្រាសាទ​​​ភ្នំ​នៅ​កណ្តាល​​​ក្រុង​ជានិមិត្ត​​រូប​​​ភ្នំ​​ព្រះ​សុមេរុ​ ​ដែល​គេ​ចាត់​ទុក​​​​ថា​ជា​ស្នូល​​​នៃ​ចក្រ​វាល​​​ ។ កំពែង​​​ និង​គូទឹក​​​ជា​និមិត្ត​​រូប​​​ជួ​រ​ភ្នំ​​​ និង​សមុទ្រ​​​​ ដែល​ព័ទ្ធ​​ជុំ​វិញ​ភ្នំ​ព្រះ​សុមេរុ ។ ​ចំពោះ​ប្រាសាទ​​​ភ្នំសម្រាប់​​​តម្កល់​​​​​លិង្គ​​ទេវ​​រាជ​ អាច​ប្រើ​​​បាន​​​សម្រាប់​​​តែ​ព្រះ​​រាជា​មួយ​​​អង្គ​ប៉ុណ្ណោះ​ លុះព្រះ​​​អង្គ​​​សោយ​ទិ​វង្គត​​​ទៅ​ប្រាសាទ​​​នោះ​នឹង​ក្លាយ​ជា​​​ផ្នូរ​របស់​ព្រះ​អង្គ ។
តាម​រយៈការ​និទាន​​​ពីក្បួន​​ព្រះ​រាជ​ដំណើរ​​​ដ៏អធិក​អធម​​​របស់​ព្រះ​រាជានោះ​ ក​៏​អាច​ជា​​​ភស្តុ​តាង​​​មួយ​​​ថា ប្រទេស​ខ្មែរ​​​នាសម័យ​​អង្គរ​​​ពិត​ជា​​មាន​​ភាព​រុង​រឿង​​​ដល់​កំពូល​​មែន​ ៕

ប្រភព៖ កាសែតកោះសន្តិភាព

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon