Tuesday, May 9, 2017

ព្រះស្តេចកន ភាគ១



ក.ក.ន ៖ ហ្លួងព្រះ ស្តេចកន គឺជាអ្នកធ្វើបដិវត្តមួយនាសម័យដែលគ្មាននរណាអាចប៉ះពាល់ដល់ ព្រះរាជតំរិះរបស់ ស្តេចបាន ។ ការជំរុញឱ្យ ស្តេចកន តស៊ូធ្វើសង្គ្រាមជាមួយស្តេច គឺដោយសារតែ ស្តេចបានយកសុបិនរបស់ខ្លួនមក ចងអាឃាតសម្លាប់ ស្តេចកន ដែលគ្មានកំហុសថា ជាអ្នកជ្រែក រាជ្យ ហេតុនេះទើបមានការរត់គេចហើយបង្កជាទ័ព ធ្វើចំបាំងជាមួយស្តេច ។ នេះជាប្រវត្តិសាស្ត្រ មួយតែប៉ុណ្ណោះ ដែលគ្មាននរណាកាឡៃព្រឹត្តិការណ៍ដែលបានកើត ឡើងរួចទៅហើយនោះបានទេ ។

ផែនដីព្រះ ស្តេចកន

ផែនដីព្រះស្រីសុគន្ធបទ

ពី គ.ស១៥០៤ ដល់គ.ស……..

      ចៅពញាដាំខត្តិយរាជា ជាព្រះរាជបុត្រច្បង ស្តេចឡើងសោយរាជ្យ ស្នងសម្តេចព្រះវរបិតាពីឆ្នាំជូត ឆស័ក ព.ស ២០៤៨ គ.ស ១៥០៤ ម.ស១៥២៦ ច.ស ៨៦៦ ក្នុងព្រះជន្មាយុ២៦ព្រះវស្សា ព្រះអង្គទ្រង់ព្រះនាមថា ព្រះបាទសម្តេចព្រះរាជឱង្កា ព្រះស្រីសុគ្ធបទចក្រពត្តិពង្សរវង្សខត្តិយោ មហាសេដ្ឋោវរោរិទ្ធី ពិធ្យាស្រ័យមហ័យ រាជាធិរាជរាមាធិបតី ជាអម្ចាស់ជីវិត លើត្បូង គ្រងព្រះមហានគរកម្ពុជា សិរីយយោធរបវរឥន្ទបត្ត កុរុរដ្ឋរាជធានី បុរីរម្យឧត្តមមហាស្ថាន ។ ស្តេចបានតែងព្រះ មេរុ ថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះវរបិតាស្រេច ស្តេចគង់នៅចតុមុខ ស្រុកភ្នំពេញ ។ ក្នុងឆ្នាំឆ្លូវ សប្តស័ក ព.ស ២០៤៩ គ.ស ១៥០៥ ម.ស ១៤២៧ ច.ស៨៦៧ ព្រះអង្គ និងរាជសេវកាមាត្យ ហែព្រះបរមអដ្ឋិសម្តេចព្រះវរបិតា ទៅ សាងព្រះចេតិយនៅខាងព្រះធត៉ា ខេត្តអាសន្ទុក ប្របព្រះពុទ្ធចេតិយធ្វើបុណ្យជាឱឡារិកសន្ធឹកមហិមាបញ្ចុះព្រះបរមអដ្ឋិ សម្តេច ព្រះបិតាស្រេចស្តេចត្រឡប់មកចតុមុខ មង្គលវិញ ។ ព្រះអង្គសោយរាជ្យ ជាសុខមកបាន ៤ឆ្នាំ ។ ក្នុងឆ្នាំរោង សំរឹទ្ធិស័ក គ.ស ១៥០៨ ម.ស១៤៣០ ច.ស៨៧០ ព្រះបរមបពិត្រ ទ្រង់ព្រះចិន្តាថា ទីទួលបាសាន (ស្រុកស្រីសន្ធរ) ដែលសម្តេចព្រះបរមរាជជាពញាយ៉ាត ជាសម្តេចព្រះអយ្យកោ សាងមុនម្តងនោះស្រួលណាស់ ។ បើយើងមានសឹកទ័ព នឹងទប់ទល់សង្គ្រាមបានដ្បិតមាន បឹងខណ្ឌខាងកើត មានទន្លេខណ្ឌខាងអាគ្នេយ៍មានព្រៃធំខណ្ឌខាងទិសទក្សិណ។ ទ្រង់ ព្រះចិន្តា ហើយស្តេចទ្រង់ចេញត្រាស់ប្រឹក្សានឹងអស់ព្រះរាជវង្សានុវង្ស អគ្គសេវកាមាត្យ ។ ព្រះរាជវង្សា នុវងស្ស អង្គ អគ្គសេវកាមាត្រក៏យល់ព្រមតាមព្រះរាជតម្រិះ ។ ព្រះបាទបរមនាថបរមបពិត្រ កាលបើទ្រង់យល់ថា អង្គអគ្គសេវកា មាត្រ ព្រមព្រៀងដូច្នេះហើយ ស្តេចត្រាស់បង្គាប់ ឱ្យមុខងារត្រៀមព្រះទីនាំងនាវា និងទូកជំនិះខ្លះឱ្យទៅកាប់ឆ្ការធ្វើព្រះ រាជវាំងព្រះដំណាក់ដោយ ខ្ចីខ្ជាចាំមុនសិន។ លុះដល់បានពិជយឬក្ស (ឬក្ស=វេលាមានជោគមានមង្គល) ហើយព្រះអង្គ ទ្រង់នាំរាជសេវកាមាត្រ ទាំង ខាងក្នុងទាំងខាងក្រៅចុះព្រះទីនាំងនាវាជលឫទ្ធី ទៅគង់នៅទួល បាសាន ព្រមដោយមុខមន្ត្រី គិតតបន្ទាយកំផែងតែងព្រះរាជវាំង តែពេលនោះពុំទាន់ស្រេច នៅឡើយទេ ព្រះអង្គប្រថាប់ដោយព្រះរាជវាំងខ្ជីខ្ជាសិន។ ព្រះបាទអ្នកអម្ចាស់អង្គនេះ ទ្រង់សព្វ ព្រះទយ័ប្រពាតបង់សំណាញ់នេសាទត្រីរឿយៗ ។ នេះនឹងនិយាយអំពីព្រះពិជ័យនាគ ជាមន្ត្រីធំក្នុង ខេត្តបាសាន អ្នកទៅយកនាងបានជាពលព្រះស្រីរតនត្រ័យ (ពលគឺពួកជនពូជ សូទ្រៈ ជាវណ្ណៈទី៤ ឬពលព្រះ រតនត្រ័យ គឺពលដែលមានមុខងារជាអ្នកថែរក្សាវត្តអារាម) ធ្វើជាភរិយា ។ កាលក្នុង ផែនដី ព្រះបាទសម្តេចព្រះធម្មរាជា នៅឡើយ នាងមនាកូនស្រីមួយឈ្មោះស។ គ្រានោះនាង បានមានគភ៌ គ្រប់ខែទៀត រៀបនឹងប្រសូតទារកហើយ។ ថ្ងៃមួយ នាងចុះទៅដោះទុក្ខសត្វក្នុងបង្គន់ ក៏របូតទារកនោះទៅក្នុងទឹកបាត់។ ពេលនោះមានហេតុដ៏អស្ចារ្យនាំឱ្យឃើញថា ទារក នោះមានបុណ្យមែន គឺថាវេលានោះស្រាបតែ់ត្រីពោធំមួយមកទទួលលេបទារកនោះទៅក្នុងពោះ បាត់ទៅ បន្ទាប់ពីនោះ មកព្រានប្រមង់ម្នាក់ទៅបង់សំណាញ់ ក៏ត្រូវជាប់ត្រីពោនោះបានមក។ ជាកុសល ទារកមានបុណ្យមិនស្លាប់ក្នុងថ្ងៃនោះ ក៏មានហេតុបណ្តាលឱ្យស្តេចព្រះមហាសង្ឃរាជ (កាលនៅជាព្រះសង្ឃសត្ថា) យប់នោះផ្ទុំស្កល់ទៅយល់សប្តិឃើញថា៖ ដូចជាមានទេវតាមកទូលថា ព្រឹកនេះឱ្យស្តេចយាងទៅកំពង់ទឹកដើម្បីឱ្យជួយសង្គ្រោះទារកម្នាក់ជាអ្នកមានបុណ្យ មាន វាសនា ផង ។ លុះតើនឡើង សម្តេចក៏ទ្រង់នៅត្រ័យចីវរចុះគង់ក្នុងទូកឱ្យសិស្សានុសិស្សអុំចេញទៅ ។ ទ្រង់បិណ្ឌបាតដូច សព្វដង តែព្រះនេត្រតែងគន់រំពៃក្រែងមានហេតុអ្វីចម្លែក ដ្បិតមាននិម្មិតពី យប់មិញនោះដូចជាច្បាស់ពេកណាស់ ។ លុះ សិស្សអុំបានបន្តិចទៅ ទូកក៏ទៅអែបប្របទូក ព្រានប្រមង់នោះ។ សម្តេចព្រះសង្ឃរាជស្តេច ឃើញត្រីពោក្នុងទូកព្រាន ប្រមង់នោះធំប្លែក ស្តេចប្រឹងសង្កេតទតឱ្យច្បាស់ ។ ព្រានប្រមង់ឃើញសម្តេចព្រះមហាសង្ឃរាជ (សង្ឃសត្ថា) អើតទៅ ទតត្រីនោះ ក៏បង្កើតឱ្យមានសទ្ធាលើកត្រីពោនោះថ្វាយដល់ព្រះអង្គ ពេលទ្រង់ទទួលហើយក៏ឱ្យ អុំទូកបិណ្ឌបាតទៅទៀត ។ លុះបិណ្ឌបាតអស់ពេលហើយ ស្តេចឱ្យសិស្សានុសិស្ស ត្រឡប់មកអារាមវិញ ។ ខណៈនោះសម្តេចព្រះសង្ឃរាជ ស្តេចមាន ព្រះថេរវាចារថា ត្រីពោនេះធំប្លែកពីត្រីពោសព្វដង ប្រហែលជាមានហេតុអ្វីក្នុងពោះត្រីនេះជាពុំខានឡើយ ។ អស់ពួក សិស្សានុសិស្សឮពុទ្ធដីកាហើយ ក៏នាំគ្នាយកកាំបិតទៅវះត្រីនោះ វះទៅឃើញទារក មួយនៅរស់ ។ ទើបស្តេចឱ្យកូននោះ ទៅអាបានមេទា គឺប្រុសឈ្មោះបាន និងស្រីឈ្មោះនាងទា នេះជាប្តីប្រពន្ធនិងគ្នាសម័យពីដើមមនុស្ស ដែលឥតមានបណ្តា ស័ក្តិ ឥតបានបួសរៀន (បើប្រុសគេហៅអា បើស្រីគេហៅមេ ជាខ្ញុំរបស់ស្តេចសង្ឃរាជ) ឱ្យយកទៅចិញ្ចឹមរក្សា ។ ព្រះ ពិជ័យនាគ និងភរិយា លុះបានដឹងថាកូនខ្លួនពុំស្លាប់ទេ ក៏ទៅក្រាបថ្វាយបង្គំប្រគេនទារកនោះថា ឱ្យនៅនឹងស្តេចព្រះ សង្ឃរាជចុះ ។ សម្តេចព្រះសង្ឃរាជឱ្យទារកនោះ ឈ្មោះអាកៅ តែឪពុកម្តាយ ហៅអាកនរៀងមក ។ នេះនឹងនិយាយក្នុង ផែនដីព្រះបាទសម្តេច ព្រះសុគន្ធបទវិញ ។ សម័យថ្ងៃមួយនោះ ព្រះបរមពិត្រស្តេចទៅថ្វាយបង្គំព្រះនៅវត្ត ស្តេចទ្រង់ទត ព្រះនេត្រទៅ ឃើញស្ត្រីស ឈរនៅលើខឿនព្រះវិហារនោះ ជាកូនព្រះពិជ័យនាគ មេបានជាភរិយាមានរូបរាង ល្អប្រពៃ។ ស្តេចទតម្តងហើយម្តងទៀត។ ខណៈនោះព្រះពិជ័យនាគស្គាល់ច្បាស់ព្រះរាជហរទ័យ ទើបក្រោយមកក៏ចូលទៅក្រាបថ្វាយ បង្គំព្រះបរមពិត្រថ្វាយកូនស្រីនោះជាខ្ញុំបំរើល្អងធូលីព្រះបាទ តរៀងទៅ ។ ព្រះបរមពិត្រ ទ្រង់ព្រះសោមនស្សណាស់ ស្តេច ត្រាស់សួរថា នាងនេះកូនឯងឬ? ព្រះពិជ័យនាគក្រាបទូលថា៖ នាងនេះហើយដែលទ្រង់ទតឃើញ ហើយមានព្រះបន្ទូលទៀតថា៖ ស្រីនេះមកពីណា កូនចៅអ្នកណាដែលឈរនៅខឿនព្រះវិហារនោះ គឺនាងសនេះឯង។ ព្រះបរមពិត្រ ព្រះអង្គ ទ្រង់ជ្រាបហើយ ទ្រង់ត្រូវព្រះទ័យពន់ប្រមាណតាំងនាមនាងស ជាអ្នកព្រះម្នាង កេសរបុប្ផា ព្រះស្នំឯក ។ ទ្រង់ព្រះចិន្តាថា នាងនេះរូបក៏ល្អសមសួន ចរិតឫកពារ ឥរិយាក៏ថ្លៃថ្លា លើសស្រីទាំងពួង គួរគប្បីនឹងយកនាមនាងនេះតាងនាមព្រះនគរកុំឱ្យ បាត់ឈ្មោះតទៅ។ តាំងពីថ្ងៃនោះរៀងមក ទ្រង់ព្រះបញ្ញត្តិឱ្យលើកលែងហៅស្រុកបាសាន ឱ្យហៅថាស្រុកស្រីសឈរ ឬ ខេត្តស្រីសឈរវិញ តែពាក្យនេះយូរៗមក ក៏ប្រែក្លាយជាស្រុកស្រី សន្ធររហូតមកដល់សព្វថ្ងៃនេះ បិតាមាតាព្រះនាង កេសរ បុប្ផា នោះ ក៏លើកឱ្យខ្ពស់ឡើង ។ បិតាឱ្យហៅថា អ្នកព្រះបិតាពិជ័យនាគ មាតាឱ្យហៅថា អ្នកព្រះមាតាមេបាន ឯឈ្មោះ កន ដែលជាកូនអ្នកព្រះពិជ័យនាគនោះ លុះចំរើនធំឡើងមានចំណេះប្រាជ្ញាឆ្លៀវឆ្លាតបំរើគ្រូ គ្រូក៏ពេញ ព្រះទ័យ និងរៀន សូត្រអ្វីៗប្រាប់តែម្តងក៏ចាំជាប់។ សម្តេច (ព្រះមហាសង្ឃរជាសត្ថា) ទ្រង់ប្រឹតព្រាង ទាំងអក្សរសាស្ត្រា ទាំងសិល្ប៍សាស្ត្រ មន្តវិជ្ជាការគាថា កោទណ្ឌក្បួនតម្រាផងទាំងឡាយ គ្រប់សព្វសារពើឥតចន្លោះឡើយ។ កន ក៏ចេះស្ទាត់លើសសិស្សានុសិស្ស ទាំងពួង។ គ្រូបានទំនាយឱ្យថា៖ កន នេះនឹងបានគ្រងស្រុកថ្ងៃណាមួយជាមិនខាន ។ អ្នកព្រះវិជ័យនាគ អ្នកម៉ែបាន កាល ឃើញកូនប្រុសមានរូបរាងល្អ មានចំណេះវិជ្ជាប្រាជ្ញាក៏ពូកែ អាយុ ១៦ឆ្នាំហើយ ក៏នាំខ្លួនកូនទៅទូលព្រះបរមពិត្រ ។ ព្រះ បរមពិត្រទ្រង់ជ្រាបថា កន ជាប្អូនព្រះស្នំឯក ក៏ទ្រង់ប្រោសប្រាណឱ្យហៅនាយកន នៅក្នុងតំណែងមហាតលិក ។ លុះយូរ បន្តិចមក ព្រះបរមពិត្រទ្រង់ប្រោសតាងនាយ កន ជាឧកញ៉ាម៉ឺនស្នេហាចមចិត្ត ។ អស់រាស្ត្រប្រជាកោត ខ្លាចអ្នកម៉ឺនស្នេហា ចមចិត្ត ចូលពឹងបុណ្យអំណាចអ្នកព្រះពិជ័យនាគ អ្នកម៉ែបានអ្នកម៉ឺនស្នេហា ចមចិត្ត ជាច្រើន។

ផែនដីព្រះស្រីសុគន្ធបទ

មានថ្ងៃមួយនោះ ព្រះបរមពិត្រទ្រង់ចង់ទតព្រះនេត្រសិល្ប៍ធ្នូ និងចំណេះវិជ្ជារបស់ឧកញ៉ាម៉ឺនស្នេហា ចមចិត្តកន ទើបទ្រង់ ត្រាស់ឱ្យសម្តែងពីចំណេះទាំងឡាយនោះថ្វាយ។ ឧកញ៉ាម៉ឺនស្នេហាចមចិត្ត តម្លេងីធ្នូចាប់ព្រួញម្តងប្រាំបាញ់ទៅម្តង ព្រួញ ចេញទៅត្រូវដើមឈើផែឈ្លើទាំងប្រាំទិស ។ ឧកញ៉ាម៉ឺនសូត្រគថាបាលាី និងក្បួនតម្រាអ្វីៗក៏ឃើញថាស្ទាត់ទាំងអស់ ទើប ទ្រង់ត្រាស់សួរថា វិជ្ជាការទាំងនេះចេះពីគ្រូណាមក ។ ឧកញ៉ាម៉ឺនស្នេហចាមចិត្តក្រាបទូលថា “ទូលព្រះបង្គំជាខ្ញុំ រៀនពី សម្តេចព្រះសង្ឃរាជ កាលនៅជាព្រះសង្ឃសត្ថា” ។ ខណៈនោះព្រះបរមបពិត្រ ស្តេចត្រាស់ឱ្យនិមន្តព្រះសង្ឃរាជ “សង្ឃ សត្ថា” នោះមក ទ្រង់តាំងជាសម្តេចព្រះសុគន្ធាធិបតី សិរីសង្ឃ នាយកលើព្រះសង្ឃទាំងអស់ ។ ឯអស់សេនាបតី មន្ត្រីធំតូច យល់ថាព្រះនគរបាន ក្សេមក្សាន្តហើយ ក៏នាំគ្នាកសាងព្រះវិហារសីមា ព្រះស្តូប ព្រះចេតិយតាមធនធានតែរៀងរាល់ខ្លួន ។ ព្រះបាទបរមពិត្រទ្រង់យល់ថា ៖ អស់នាហ្មឺនសព្វមន្ត្រីកសាងព្រះវិហារ សីមាទុកជាកេរនោះក៏ ជាការគួរសមហើយ ឯការ នេះពុំបានចំរើនទេនឹងរលាយបាត់បង់ទៅវិញ។ ដូច្នេះគួរអញសាង រូបអញ និងប្រាសាទមួយទុកក្នុងព្រះនគរបាជ័យបានការ បើអត់ពីខ្លួនអញទៅ គង់រូបអញនៅឱ្យអ្នក ផងធ្វើសក្ការបូជានោះឃើញថា និងស្ថតិស្ថេរជាជាងការទាំងពួង ។ ទ្រង់ព្រះ តម្រិះតែដូច្នេះហើយ ក៏ចាត់ជាង និងកូនជាងឱ្យទៅកសាងប្រាសាទមួយ ព្រះរូបព្រះអង្គមួយ ទុកក្នុងកំផែងនគរបាជ័យ បានការ។ អាស្រ័យហេតុនេះហើយបានជាមានរូបព្រះបាទសម្តេចព្រះស្រីសុគន្ធបទ នៅទីនោះ តែយូរៗមកអ្នកស្រុកហៅ ថាអ្នកតាសុគន្ធបទរហូតដល់សព្វថ្ងៃនេះ ។ លុះសាងព្រះរូបនោះរួច ស្រេចហើយ ស្តេចឱ្យធ្វើបុណ្យឆ្លងយ៉ាងធំសង្គាយនា ៧ថ្ងៃ ទើបទ្រង់ត្រឡប់មកក្រុងស្រីសឈរវិញ ។ នៅឆ្នាំថោះ នព្វស័ក ព.ស ២០៥១ គ.ស ១៥០៧ ម.ស ១៤២៨ ច.ស ៨៦៨ ព្រះបរមពិត្រស្តេចទ្រង់ព្រះតម្រិះអំពីកិច្ចការរាជការផងទាំងពួង ទ្រង់យល់ឃើញថាប្រទេសកម្ពុជា ត្រើយខាងលិច នោះឆ្ងាយណាស់ ឆ្ងាយអំពីកិច្ចការត្រួតត្រាគួរជាទីរងាអស់អាណាប្រជានុរាស្ត្រ ។ ទ្រង់ព្រះពិចារណាឃើញថា ព្រះពញា ចន្ទរាជា ជាព្រះអនុជនោះមានតម្រិះប្រាជ្ញាល្មមជា ទីកក់ក្តៅរបស់រាស្ត្រត្រើយខាងលិចបាន ទើបទ្រង់តាំងឱ្យចៅពញា ចន្ទរាជា ឡើងយសជាសម្តេច ព្រះបរមរាជាមហាឧបរាជ  រាជាធិរាជ ហើយព្រះបរមបពិត្រជាអម្ចាស់ ស្តេចឱ្យចេញទៅគង់ នៅក្នុងក្រុងចតុមុខមង្គលស្រុកភ្នំពេញ ឱ្យបានជាទីកោតក្រែងអ្នកត្រើយខាងលិច។ សម្តេចព្រះ អនុជចន្ទរាជាធិរាជ ថ្វាយ បង្គំទទួលព្រះរាជឱង្ការ ហើយក៏លាចេញមកនាំបណ្តារាស្ត្រជាខ្ញុំ ព្រះអង្គចេញទៅគង់ចតុមុខមង្គល (រាជធានីភ្នំពេញយើង សព្វថ្ងៃនេះ) ដើម្បីទំនុកបំរុងអ្នកស្រុក ត្រើយខាងលិចឱ្យបានក្សេមក្សាន្តឥតមានកលិយុគរៀងមក ។ សម្តេចព្រះស្រីសុគន្ធ បទរាជា ជាអម្ចាស់ជីវិតលើត្បូង កាលសម្តេចព្រះអនុជថ្វាយបង្គំលាចេញទៅ កាលនោះទ្រង់ព្រះតម្រិះ យល់ឃើញថា ព្រះ រូបរបស់អញ អញក៏បានសាងទុកជាព្រះកេរជាព្រះយសរួចហើយ ខាងរាជការទៀត ត្រើយខាងកើតមានខ្លួនអញជាអ្នក ត្រួតត្រារក្សាមាំមួនហើយ ត្រើយខាងលិច អញក៏បានចាត់សម្តេចព្រះអនុជចន្ទរាជាធិរាជឱ្យទៅត្រួតត្រាមាំមួនជ្រះស្រឡះ ហើយដែរ ។ នៅឡើយតែវង្សអ្នកព្រះសឯ្នំក ដែលជាប់ក្នុងពលព្រះស្រីរតនត្រ័យមិនទាន់បានគិតនឹងលោះ ដោះសាដូចម្តេច ឱ្យបានស្រឡះទាំងមាតាបិតា ទាំងអ្នកព្រះស្នំឯកផងនោះសោះ។ លុះទ្រង់ ព្រះចិន្តា តែម៉្លោះហើយព្រះបរមបពិត្រស្តេច ចេញគង់ចុងព្រះរាជរោងមេរុ ជួបជុំព្រះរាជវង្សានុវង្ស ព្រាហ្មណ៍ព្រឹទ្ធាចារ្យ សេនាបតី មន្ត្រីតូចធំ ខ្ញុំរាជការទាំងអស់ ទើប ទ្រង់ត្រាស់ប្រឹក្សាដូចទ្រង់ គិតគ្រប់ប្រការនោះ ។ ព្រះរាជវង្ស សេនាបតី មន្ត្រីទាំងប៉ុន្មាន ព្រមគ្នាក្រាបទូលថា ពលទាំងនេះ ព្រះមហាក្សត្រអំពីបុរាណទ្រង់បានឧទ្ទិសថ្វាយទៅព្រះស្រីរតនត្រ័យ ទ្រង់សច្ចាថាឱ្យគ្រប់ ៥០០០ ព្រះវស្សា ទើបមនុស្ស អាចដោះសាចេញឱ្យរួចបាន ។ ប្រសិនបើទ្រង់ដោះសាក្នុងពេល ឥឡូវនេះទៅ រឿងនេះគឺហាក់ដូចជាពុំឈឺឆ្អាលនឹងព្រះស្រី រតត្រ័យនោះក៏ពុំបានដែរ ដ្បិតព្រះស្រីរតនត្រ័យនេះ ព្រះអងព្គុំប្រាថ្នាចំពោះយសស័ក្តិតម្លៃនោះសោះឡើយ ។ ព្រះបាទ បរមនាថបរមបពិត្រ ទ្រង់ព្រះសណ្តាប់មន្ត្រីក្រាបទូលគ្រប់ប្រការហើយ ទ្រង់ចូល

ព្រះទ័យគ្រប់ ទាំងអស់ ហើយស្តេចចូល ទៅខាងក្នុងវិញ ។ លុះក្រោយមក ព្រះម៉ែនាងកេសរបុប្ផា ព្រះស្នំឯកកើតរោគាជាទម្ងន់។ ពេទ្យហ្ម ច្រកថ្នាំប៉ុន្មាន ក៏មិន បានស្រាកស្រាន្តនោះឡើយ ។ ព្រះអង្គទ្រង់ព្រួយព្រះទ័យណាស់ ទើបទ្រង់ឧទ្ទិសឋានថា សូមឱ្យតែព្រះម្នាង កេសរបុប្ផា ព្រះស្នំឯកជាសះស្បើយចុះ ព្រះអង្គនឹងសាងព្រះវិហារថ្វាយ ហើយព្រះអង្គនឹងឱ្យខ្លួនអ្នកព្រះម្នាង កេសរបុប្ផា ព្រះស្នំឯក ទៅជម្រះស្មៅព្រះអារាមរាល់ថ្ងៃសីល ។ ទ្រង់បួងសួងតមក៧ថ្ងៃ ជម្ងឺនោះបានជាសះស្បើយជាដូចព្រះហឫទ័យ ។ ព្រះ អង្គស្តេចមានព្រះអំណរណាស់ ទ្រង់ត្រាស់ ឱ្យសាងព្រះវិហារមួយជាព្រះអារាមលួង ។ អ្នកព្រះមាតាបិតាក៏ធ្វើបុណ្យឆ្លង តាមព្រះពុទ្ធានុញ្ញាត រួចស្រេច ស្តេចត្រាស់បង្គាប់ភ្នាក់ងារ ព្រះសន្ធិយា (មកពីពាក្យសាណី ក្លាយមកជាសាណីយ ហើយ ក្លាយមកទៀតជាសន្ធិយា ប្រែថា វាំងនន) ឱ្យយកវាំងននទៅបាំងជួរស្នួទាំងសងខាងផ្លូវ តាំងពី ព្រះរាជវាំងរៀងទៅដល់ វត្តនោះ។ ទ្រង់ត្រាស់បញ្ញត្តិលើចាស់ទុំអករ៍យាយថា ៖ បើដល់ថ្ងៃ ឧបោសថកាលណា ឱ្យនាំអ្នកព្រះស្នំឯកទៅជំរះស្មៅ ព្រះវិហារនោះ រៀងរាល់ថ្ងៃសីល កុំឱ្យខានឡើយ ។ តែធ្វើដូច្នេះលុះកន្លងមកជាយូរអង្វែង វាំងននក៏ចេះតែដាច់ដោចទៅ ជារឿយៗ និងតាំងដេរធ្វើសាជាថ្មីឡើងវិញក៏គ្មានប្រយោជន៍ប៉ុន្មាន។ ខណៈនោះព្រះបរមបពិត្រ ទ្រង់ត្រាស់ បង្គាប់ឱ្យមន្ត្រី ក្រុមវាំង រកកូនឈើឫស្សីព្រេចមកដាំជារបងជាកំផែងទ័ពរាយរៀបដាក់ឱ្យជិតគ្នាជា របាំងវាំងនន ជាស្នួមិនឱ្យមនុស្សមើល ពីក្រៅទៅឃើញ អស់អ្នក អស់នាង នោះឡើយ ។ អាស្រ័យហេតុនេះហើយបានជាកាលអនាគតរៀងមក ខ្លះហៅវត្ត ម៉ែបាន ខ្លះហេវៅត្តព្រៃបាំង ព្រោះចូលចិត្តតាមហេតុដែលដឹងខ្លួនទីទៃៗគ្នា ។ ក្រោយពីនោះមកអ្នកព្រះស្នំឯក មានព្រះរាជ បុត្រាមួយព្រះអង្គព្រះនាមចៅពញាយសរាជា ជាព្រះរាជឧរសាធិរាជ នៃព្រះបរមបពិត្រអ្នកជាម្ចាស់ ជីវិតលើត្បូង ។

ចំណែកអ្នកឧកញ៉ាម៉ឺនស្នេហាចមចិត្ត ដែលត្រូវជាប្អូនអ្នកស្នំឯកនេះ ព្រះបរមបពិត្រចង់តាំងឱ្យជា មន្ត្រីធំស្តីរាជការថ្វាយ ប៉ុន្តែព្រះអង្គទើសទាល់នឹងមាតានៃឧកញ៉ាម៉ឺនស្នេហាចមចិត្តនោះជាប់ជា ពលព្រះ ក្រែងខ្ញុំរាជការផងទាំងពួងគេនិន្ទាព្រះ អង្គ ព្រះអង្គនឹងខូចកិត្តិយសជាមិនខាន។ ដូច្នេះព្រះបរមបពិត្រស្តេចទ្រង់ប្រទានងារដល់អ្នកឧកញ៉ាម៉ឺនស្នេហាចមចិត្ត ជាឃុនហ្លួងព្រះស្តេច សមុហសេនាបតីវិញ ។ ក្នុងមុខងារនេះ ឃុនលួងព្រះស្តេចត្រូវមានជំទប់ ៤នាក់ ដែលមានងារឃុន នរេន្ទ្ររាជបញ្ញោ១ ឃុនមនោរាជបញ្ញា១ ឃុនធម្មធារា១ ឃុនបញ្ញាធិរាជ១ ។ ឃុនហ្លួងព្រះស្តេច ក្នុងមុខងារថ្មីនេះ មាន អំណាចឱ្យស្រដីត្រួតត្រាមើលពលបំរើព្រះស្រីរតនត្រ័យទាំងអស់ តែព្រះបរមបពិត្រស្តេចពុំទាន់បានប្រទានស័ក្តិដូចមន្ត្រី ទាំងពួងឡើយ។ ឃុនលួងព្រះស្តេចមាន ព្រះរាជអាជ្ញាឱ្យផ្តន្ទាយកទោសមនុស្សពាលាពោលាមោហ៍បិទចិត្តអក្កតញ្ញូ និង បង្ខូចបង្ខុស ព្រះស្រីរតនត្រ័យ ល្មើសបុរាណរាជ្របវេណី ចាស់ព្រឹទ្ធាចារ្យផងទាំងពួង ។ កាលនោះព្រះរាជសីមា អាណាចក្រ នៅជាសុខក្សេមក្សាន្ត ឥតមានភ័យអន្តរាយអ្វីមកបៀតបៀនឡើយ។ អស់មន្ត្រីសេដ្ឋី ពាណិជ្ជករប្រកបមុខរបររៀងមកជា សុខគ្រប់ៗគ្នា ។ ឃុនហ្លួងព្រះស្តេចក៏មានកេរ្តិ៍ឈ្មោះ អស់ខ្ញុំរាជការក៏កោតក្រែងណាស់ ម៉្លោះហើយឃុនហ្លួងព្រះស្តេចក៏ កម្រើកចិត្ត ព្រហើនអាងខ្លួន ជាប្អូនព្រះស្នំឯក ជាមារបស់ព្រះរាជឱរសាថិរាជផង ពុំកោតក្រែងមន្ត្រីចាស់ទុំឡើយ ។

ផែនដីព្រះស្រីសុគន្ធបទ

លុះមកដល់ឆ្នាំរោង សំរឹទ្ធិស័ក ព.ស ២០៥២ គ.ស ១៥០៨ ម.ស ១៤៣០ ច.ស ៨៧០ ក្នុងខែចេត្រ ចូលមហាសង្ក្រាន្ត នៅថ្ងៃនក្ខតឫ្តក្សនោះ អស់មហាជនសឹងជួបជុំធ្វើបុណ្យសក្ការបូជាទាំងទេពនិករ អមមេឃ សូមមង្គលសួស្តីចូលឆ្នាំថ្មី តទៅ។ ខណៈនោះទ្រង់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គធ្វើសក្ការបូជាថ្វាយព្រះស្រីរតនត្រ័យ សព្វទេពទិស ទសស្រេចហើយ ស្តេចចូលក្រឡា ព្រះបន្ទំ បរម សេយ្យាសន៍ (ឫសយ្យាសន៍ប្រែជាទីដេក រឺទីងងុយ) ជាសុខស្កល់ ។


កាលដែលនឹងកើតជាហេតុធំក្នុងព្រះនគរនោះ ទ្រង់ព្រះសុបិននិម្មិតឃើញថា មាននាគមួយធំមាន ឫទ្ធិមហិមា មកដេញ ខាំព្រះអង្គ និងមនុស្សម្នាឱ្យរត់ចេញអស់ពីព្រះរាជវាំង ហើយព្រួសពិសជា ភ្លើងឆេះ រាលដាលពេញទាំងព្រះមហានគរ។ អំណាចភ្លើងនោះក្តៅពន់ប្រមាណណាស់ ឃើញ ហាក់ដូចជានាគនោះ ស្ទុះចូលមកខាំពោំស្វតច្ឆត្រទៅកាន់ទិសបូព៌ា ។ លុះល្មមព្រឹកឡើង ព្រាងស្វាងព្រះសុរិយា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតើនចាកព្រះសេយ្យាសន៍ស្រេច ស្តេចព្រួយព្រះទ័យនឹងព្រះសុបិនប្លែកនោះពន់ប្រមាណណាស់។ លុះស្តេចស្រង់គ្រឿងស្រេច ស្តេចចេញព្រះរាជរោងរម គង់លើព្រះសុវណ្ណទែនទិព្វ អាសនា ។ សម្តេចព្រះអនុជចន្ទរាជាធិរាជ និងសម្តេចឱរសាធិរាជ ព្រមដោយព្រះបរមវង្សា ព្រាហ្មណ៍ ព្រឹទ្ធាចារ្យ សេនាបតីមន្ត្រីតូចធំ គាល់គ្រប់តំណែង ថ្វាយទៀនធូប មាលា ជាទីតបស្នងឆ្លងព្រះតេជៈគុណ តាម ព្រះរាជប្រវេណី ។ ក្នុងវេលានោះគ្រប់គ្នាទាំងអស់ ទាំងខ្ញុំព្រះរាជការក្នុងទាំងខ្ញុំព្រះរាជការក្រៅ មកថ្វាយទៀនធូប មាលា ពុំមានសេសសល់ម្នាក់ឡើយ ។ ព្រះបាទបរមបពិត្រជាអម្ចាស់ជិវិតលើត្បូង មានព្រះរាជបន្ទូលសួរសីហនាថ ព្រះរាជទាន ព្រះពរសុន្ទររាជមង្គលស្រេចហើយ ស្តេចទត ព្រះនេត្រទៅអស់ព្រះបរមវង្សា និងខ្ញុំរាជការរៀងទៅដល់ឃុនហ្លួងព្រះស្តេច ធិបតី ។ ខណៈនោះស្តេចទតឃើញតួនាគពីរព័ទ្ធព័ន្ធលើឃុនលួងព្រះស្តេច ហើយងើបក្បាលឆ្វេងស្តាំ ទន្ទឹមគ្នានឹងសិរសា ឃុនហ្លួងព្រះ ស្តេចកន ។

រូបនាគនោះដូចនាគដែលព្រះអង្គ ទ្រង់ព្រះសុបិន្តនិម្មិត ។ កិរិយានាគនោះហាក់ដូចជាចង់ស្ទុះទៅ ខាំព្រះអង្គ ទ្រង់ភ្ញាក់ព្រះទ័យ ត្រាស់ឱ្យមន្ត្រីមើល តែមើលពុំឃើញតាមព្រះរាជបញ្ជាសោះ ។ ដូច្នោះហើយព្រះអង្គទ្រង់ ព្រួយព្រះទ័យណាស់ ។ ក្នុងពេលជាមួយគ្នានោះ ចៅពញាមនោមេត្រី ចៅហ្វាយស្រុកបាត់ដំបង បានបកសំបុត្រប្តឹងមកថា ព្រះទឹកសម្រាប់ព្រះមហាក្សត្រដែលនៅក្នុងគុហារភ្នំបាណន់ នោះចេញ ជាឈាមដាលក្រហមដូចទឹកល័ក្ត។ ព្រះចៅអធិការ វត្តព្រះវិហារសួគ៌ក៏មានសង្ឃដីកាបក ចូលមកថា ព្រះជ្រៃប្រផ្នូលនោះបាក់មែកចេញជាឈាម ថាព្រះឥសូរ ព្រះនារាយណ៍ ប្រេះព្រះ ឧរាចេញជាឈាមដែរ។ ព្រះរាជគ្រូបុរោហិតក៏ថ្វាយសេចក្តីថា ព្រះខ័នជ័យមង្គលនោះមាន ស្នឹមច្រាលឈាម ក្រហមពីលើស្រោចដល់គល់។ ចៅហ្វាយស្រុកពោធិ៍សាត់ បកសំបុត្រប្តឹងមកថា ព្រះកាំបិតស្តាំរង្គោះផ្លែពីដងថា មានផេះ នៅក្នុងស្រោមកាំបិតនោះ ។ ចៅហ្វាយ ស្រុកបាភ្នំបក សំបុត្រចូលមកថា ព្រះពុទ្ធរូបនៅក្នុងទីបាភ្នំហូរទឹកព្រះនេត្រមកជា ឈាមក្រហមដូចល័ក្ត ។ ព្រះបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការ ហើយទ្រង់ព្រួយព្រះទ័យណាស់ ។ លុះផុតវេលាក្រាបបង្គំ គាល់ហើយ ព្រះអនុជអង្គចន្ទរាមាធិបតី ស្តេចយាងត្រឡប់ទៅភ្នំពេញវិញ ។ ខ្ញុំរាជការទាំងពួង ក៏ថ្វាយបង្គំលាទៅផ្ទះទីទៃៗ រៀងខ្លួន។ ឯព្រះបរមបពិត្រ ព្រះអង្គចូលទៅដល់រតនបល្ល័ង្ក តាំងប្រថាប់នៅមុខស្វេតច្ឆត្រ ទើបត្រាស់ព្រះឥសីភ័ទ្ទ មហា រាជគ្រូ និងព្រះរាជហោរាធិបតី ឱ្យចូលទៅគាល់ខាងក្នុងជាទីស្ងាត់ ។ ខណៈនោះទ្រង់ប្រឹក្សាការងារថា កាលផែនដីពេលនេះ មានហេតុគ្រប់ប្រការដូច្នេះ អស់អ្នកយល់ថាដូចម្តេច ? សម្តេចព្រះឥសីភ័ទ្ទ យកសេចក្តីក្រាប បង្គំទូលថា ៖ តាមហេតុនេះ ផែនដីកើតកោលាហល ដល់អស្ចារ្យ ហើយផែនដីនឹងមាន ព្រះគ្រោះកាចខ្លាំងណាស់ ។ លុះទ្រង់ព្រះសណ្តាប់ទំនាយឥសីភ័ទ្ទ និងហោរាសព្វគ្រប់ហើយ ទើបព្រះអង្គត្រាស់សួរទៀតថា ៖ “រាជសត្រូវនោះមកពីខាងក្នុង ឬក្រៅក្រុង ឱ្យគន់គូរតទៅ ទៀតមើល?” ហោរាតាំងលេខតម្រាគន់គូរបូកហាត់ទៅទៀត ដឹងច្បាស់ក្នុងតម្រាហើយក្រាបទូលថា “រាជសត្រូវនោះ នៅក្នុងព្រះនគរ”។ វាកើតឆ្នាំរោងពង្សនាគ ។ ទំនាយនោះឃើញចំពោះត្រូវត្រង់ខ្លួន ឃុនហ្លួង្រពះ ស្តេចកន ដ្បិតជតារាសី របស់វាកំពុងឡើងខ្លាំងណាស់ ។ ទំនាយថា បើកើតកលិយុគម្តងនេះ គឺកើតមកពីឃុនហ្លួងព្រះស្តេចកននេះឯង ព្រោះវា កើតឆ្នាំរោងនាគរាជ។ នាគដើមឆ្នាំនេះកំពុងខ្លាំងក្លាណាស់ សូមទ្រង់ជ្រាប ហើយសូមព្រះអង្គស្តេចកុំប្រហែសព្រះអង្គ ឡើយ។ ព្រះបរមបពិត្របានទ្រង់ជ្រាបទំនាយត្រូវនឹងហេតុនិម្មិត ដែលព្រះអង្គយល់ឃើញគ្រប់ ប្រការហើយទ្រង់ស្លុត ក្នុងព្រះរាជហឫទ័យណាស់ ទើបត្រាស់ថា ៖ អញក៏ឃើញពិតដូច ហោរាឯងទាយដែរ តែបើនឹងចាប់វាយកទៅប្រហារជីវិត តែម្តង វាឥតខុសឥតទោសនឹងអញសោះ។ ការធ្វើយ៉ាងនេះមុខជានឹងមានពាក្យគេនិន្ទាជាមិនខានឡើយ ។ មួយវិញទៀត បងវាក៏ជា ព្រះស្នំឯកមានទាំងព្រះរាជបុត្រផង ។ បើបងវាដឹងក្រែងនឹងញុះញង់កូនវាឱ្យចេញ ជាសត្រូវ នឹងអញ ។ អញនឹង កើតសត្រូវចម្បាំងព្រោះកូនឯងនាំឱ្យលំបាករាស្ត្រ ។ អញគិតយល់ឧបាយកល ម៉្យាងយ៉ាងនេះ គឺថាដល់វេលាព្រឹកនេះ យើងក្លែងទៅបង់សំណាញ់ ហើយក្លែងធ្វើជាសំណាញ់ ជាប់គល់ រួចហើយបង្គាប់ឱ្យវាមុជចុះទៅដោះ ។ លុះវាមុជទៅក្នុង ទឹកហើយ យើងព្រួតគ្នាបង់ សំណាញ់គ្របឱ្យជាប់ទាំងដៃ ទាំងជើង វានឹងឡើងមកក៏មិនរួចហែលក៏មិនបាន ។ វាគង់តែ ស្លាប់ដោយងាយ តែកាលណាវាបាត់ខ្លួនទៅ សេចក្តីដែលនឹងកើតពាក្យនិន្ទានោះក៏គ្មានដែរ ។ តើអ្នករាល់គ្នាយល់ដូចម្តេច? ព្រះឥសីភ័ទ្ទ និងរាជហោរាឆ្លើយថា យល់តាមព្រះរាជបរិហារគ្រប់គ្នា ។ ឯព្រះម្នងាកេសរបុប្ផា ព្រះស្នំឯកកាលស្តេចកំពុង ប្រជុំមន្ត្រីប្រឹក្សាការងារផែនដីនោះ លបស្តាប់ផ្ទាប់ខាងឡប់ឡែ តែឮពុំសូវច្បាស់ ។ អ្នកព្រះម្នាងឮតែចុងពាក្យថា ឱ្យព្រះ ស្តេចកន មុជទឹក ហើយឱ្យបង់សំណាញ់គ្របឱ្យស្លាប់តែប៉ុណ្ណោះ ថាខុសពីហេតុអ្វីក៏ពុំដឹង។ លុះលបស្តាប់ បនាប៉ុណ្ណោះហើយ ក៏លបវិលទៅដំណាក់ខ្លួនវិញ ។ ឯមុខមន្ត្រី ដែលចូលជំនុំរោងការនោះ លុះទៅដល់មុខព្រលានក្រៅហើយ ក៏បង្គាប់ឱ្យ ត្រៀមព្រះរាជយាន និងព្រះទីនាំងនាវា សម្រាប់គង់ប្រពាតមច្ឆា។ អស់ខ្ញុំរាជការទាំងពួងតម្រូវឱ្យមានសំណាញ់មួយ ទូកមួយ ។ សំណាញ់មួយម្នាក់ប្រចាំហែស្តេចទៅប្រពាតមច្ឆាក្នុងបឹងថ្ងៃព្រឹកស្អែកនោះ។ មន្ត្រីគ្រប់ក្រុម ខ្ញុំព្រះរាជការ ក៏ទទួលតាមបង្គាប់ព្រៀងព្រមេស្រចរង់ចាំនៅតាមតំណែងព្រះរាជការ ។ លុះព្រឹក ស្វាងស្រេច ស្តេចគង់ព្រះរាជយាននាំ អស់រាជការខាងក្នុងខាងក្រៅ ហែចុះព្រះទីនាំងតូចសម្រាប់ ទ្រង់សំណាញ់នោះ ។ ពួកពលក៏តាំងស្រែកហ៊ោគឹកកង ឆ្លងទៅ ដល់ទំនាបមានម្លប់ព្រឹក្សា ទើបស្តេចត្រាស់ឱ្យឈប់ តាំងគ្រឿងសោយ ហើយឱ្យរៀបលាងភោជនាហារ អស់ខ្ញុំព្រះរាជការ ទាំងក្នុងទាំងក្រៅ ពុំរើសមុខជាសុខសប្បាយរាល់គ្នា ។ តែព្រះស្នំឯកដែលបានដឹងសេចក្តី នៃការប្រជុំប្រឹក្សារាជការនោះ មានចិត្តថប់បារម្ភនឹងប្អូនពុំស្រាកស្រាន្ត សោះ។ កាលព្រះបរមបពិត្រ ស្តេចឱ្យអស់ខ្ញុំរាជការទទួលលៀងភោជនាហារនោះ ព្រះស្នំឯកបង្គាប់ថាឱ្យ ថយទូកទៅទីស្ងាត់ រួចសឹមបរិភោគគ្រប់គ្នា។
ផែនដីព្រះស្រីសុគន្ធបទ

លុះទូកថយទៅដល់ទីស្ងាត់ហើយ ព្រះស្នំឯកក៏តាំងសរសេរជាអក្សររាយសេចក្តី តាមហេតុស្រេច ដាក់ក្នុង កញ្ចប់បាយ ហើយឱ្យទាសីម្នាក់យកទៅឱ្យឃុនហ្លួងព្រះស្តេចជាប្អូន ។ ឃុនហ្លួងព្រះស្តេច ធិបតី កាលឃើញកញ្ចប់បាយនោះហើយ ក៏គិតថា បងអញពុំដែលឱ្យបាយកញ្ចប់ដូច្នេះសោះ ។ បងធ្លាប់ឱ្យតែនឹងតុ នឹងថាស។ ម្តងនេះបងឱ្យយ៉ាងដូច្នេះ គួរឱ្យ សង្ស័យណាស់ ។ លុះគិតដូច្នេះក៏កាន់បាយកញ្ចប់នោះ ទៅជ្រក ក្នុងព្រៃទ្រុបទ្រុល។ ពេលយល់ថាស្ងាត់ហើយ ហ្លួងព្រះ ស្តេចក៏លាកញ្ចប់បាយនោះមើលឃើញកំណត់មួយច្បាប់មានសេចក្តីថា “ឱ្យប្អូនប្រយ័ត្ន មែនទែនគេនឹងសម្លាប់ហើយ។ បើហ្លួងប្រើឱ្យមុជទឹក ឱ្យប្អូនចេញ រត់ទៅឱ្យឆ្ងាយ កុំត្រឡប់មកវិញឡើយ” ។ ឃុនហ្លួងព្រះស្តេចធិបតីដឹងជាក់សេចក្តី ហើយធ្លាក់ថ្លើមក្តុក ភ័យណាស់ ចាប់ដៃដាក់លើក្បាលប្រណម្យដៃទាំងពីរហើយតាំងសច្ចាថា ខ្លួនខ្ញុំនេះសុចរិតពិត ត្រង់ណាស់ ឥតមាននឹងទាស់ខុសនឹងអ្នកណាសោះឡើយ ។ ដូច្នេះសូមគុណបុណ្យលោកជួយខ្ញុំឱ្យ បានគង់ជីវិតក្នុងគ្រានេះ ខ្ញុំតាំងពីថ្ងៃនេះតទៅ្របាកដជាអស់ទីពឹងហើយ ។ លុះសច្ចាចប់ហើយក៏ ត្រឡប់ទៅទីប្រជុំមន្ត្រីវិញ ។ ខណៈនោះព្រះបរមប ពិត្រជាអម្ចាស់ជីវិតលើត្បូង កាលសោយស្រេច ហើយ ស្តេចគង់ចុះព្រះទីនាំងសម្រាប់បង់សំណាញ់ អស់ខ្ញុំរាជការក៏ចាប់ បង់សំណាញ់ លយតាមជលធីហែលទៅ។ ចំណែកឃុនហ្លួងព្រះស្តេចធិបតី ក៏ចុះទូកតូចតាមហែទៅជិត ព្រះទីនាំងដែរ អ្នកខាងក្នុង និងជំទាវ នាងឃុនណាង ចាស់ទុំប្រជុំគ្នានៅលើគោក មើលហ្លួងទ្រង់សំណាញ់ និងអស់ ខ្ញុំរាជការ ធំ តូច បង់សំណាញ់ ។ អ្នកទាំងអស់ ទំនងល្អអាក្រក់ផ្សេងគ្នា ខ្លះបានត្រីធំ ខ្លះបានត្រី តូច ខ្លះបានមែកឈើ ខ្លះបានទៅលើត្រឹប ចឿនចក អស់អ្នកអស់នាងជំទាវឃុនណាង ដែលនៅលើគោកនោះ ក៏ស្តីចំអនច់អំកសើចឡើងតែសព្វខ្លួន ។ ចំណែកឯ ព្រះបរមបពិត្រជាអម្ចាស់ ជីវិតលើត្បូង ព្រះអង្គទ្រង់បង់សំណាញ់ ពាក់ត្រូវមច្ឆាតរៀងទៅ។ លុះដល់អន្លង់មួយអន្លើ ជ្រៅក្រៃលែងជាងអន្លង់ទាំងពួង មានឫសឈើក៏ ច្រើន ទើបមន្ត្រីម្នាក់បង់សំណាញ់ ចុះទៅក្នុងទីនោះ ហើយក្លែងថា ជាប់សំណាញ់ហើយ ។ ដោយក្រាបទូលថា ត្រង់នេះត្រីច្រើនណាស់ ទូលព្រះបង្គំបង់ត្រូវទាញលើកឡើងពុំរួចសោះ ។ ខណៈនោះព្រះបរមបពិត្រ ទ្រង់ព្រះសណ្តាប់ទ្រង់ជ្រាបឧបាយដូច្នេះហើយ ទើបទ្រង់ត្រាស់បង្គាប់ ឱ្យប្រមូលទូកសំណាញ់ មកព័ទ្ធទីនោះ ហើយទ្រង់គ្រវែងសំណាញ់សម្រាប់ព្រះហស្តចុះ ទៅក្នុងព្រះគង្គាជាមួយនឹងមន្ត្រីដែលបង់មុននោះ ។ ខណៈនោះទ្រង់បង្គាប់ថា អាកនឯងលេតា ចុះទៅដោះសំណាញ់ឱ្យអញមួយរំពេច ។ ឃុនហ្លួងព្រះស្តេចធិបតីថ្វាយបង្គំ លោតចុះទៅក្នុង ទឹកចាប់រាម (រាមគឺរនាម) ក្រាបរាបទៅនៅបាតបឹងនោះ ។ ទូកមន្ត្រីជាងពីររយចូល ព្រួតបង់សំណាញ់ គ្រប់ប្រកិតច្រើនត្រួតច្រើនជាន់ ដោយគិតថាឱ្យ ស្លបា់កុំឱ្យហែលរត់ចេញអំពី ទីនោះរួច ។ ឃុនហ្លួងព្រះស្តេចធិបតីកន កាលមុជចុះទៅក្នុងទឹកនោះភ័យណាស់ គិតអ្វីក៏ពុំឃើញ លុះទៅដល់បាតដី ហើយឮស័ព្ទសូរសំណាញ់បង់គ្រាំគ្រេងខ្វែងខ្វាត់ គឹកកងរំពងទឹកពីលើខ្លាំង ណាស់ ក៏ដកដង្ហើមធំថប់គិតថា អញមុខជានឹងស្លាប់ប្រាកដណាស់ម្តងនេះ ។ សំណាញ់ទាំងពួងក៏ កាន់តែរួបរឹតជិតមកហើយ តែដោយហេតុថាជាតេជៈកុសល ដែលគាត់បានកសាងបណ្តាល ឱ្យនាគរាជមួយមកព័ទ្ធ កណ្តាលខ្លួន នាំហែលរត់យ៉ាងរហ័សផុតពីសំណាញ់រួចអំពីចំណោម ហើយហែលបណ្តោយបឹងទៅទិសខាងជើង រួចហើយ នាគនោះក៏ភៀសកាយបាត់ទៅ ។ ឃុនហ្លួងព្រះស្តេចធិបតីក៏ផុសលោតឡើងដែរ បន្លុយក្នុងទឹកទៅ។ ហេតុតែជាបុណ្យ ឱ្យបាន សោយរាជ្យ ពេលនោះមានសត្វទាព្រៃហើរពីលើខ្មួលខ្មៅហើយចុះទៅទំលើក្បាលឃុនហ្លួង ព្រះស្តេចប្រមាណ ជាពីរឱប មើលពីឆ្ងាយទៅដូចជាគល់ឈើកំបាំងបាត់ខ្លួនព្រះស្តេច។ ព្រះស្តេចខំបន្លុយខ្លួនក្នុងទឹក រត់ដោះទៅជ្រកពួន ក្នុងត្រឹបច្រើនមួយអន្លើ ទម្រាំយប់នឹងរត់ត ទៅទៀត។ អាស្រ័យហេតុនេះ ហើយទើបបានជាបឹងនោះមានឈ្មោះថា បឹងទា យូរមកហៅថា បឹងទទា វិញ ទីបំផុតប្រែក្លាយជាបឹងទទងលុះដល់សព្វថ្ងៃនេះ ។
សម្តេចព្រះបរមបពិត្រលុះបាត់ ព្រះស្តេចកន យូរពេក ទ្រង់ឱ្យស្រាវសំណាញ់ឡើង តែស្រាវមកពុំ ឃើញខ្លួនព្រះ ស្តេចកន សោះ ។ ស្តេចឱ្យយកច្បូកសមចាក់រកគ្រប់រាមក៏ពុំឃើញទៀត។ ទ្រង់មិន អស់ព្រះទ័យសោះ ទើបទ្រង់ឱ្យមនុស្សពូកែ មុជទឹក ឱ្យមុជចុះរកទៀតក៏ពុំឃើញ។ ស្តេចរឹងព្រួយ ព្រះទ័យណាស់ ទ្រង់ត្រាស់ថា “អានេះ រត់រួចទៅ ដូចជាខ្លារួចពីទ្រុង វាគង់នឹងត្រឡប់មកសង សឹកវិញពុំខានឡើយ ។ ចៅពញាយមរជា ចៅពញាវង្សាអគ្គរាជ ក្រាបទូលថា ៖ ចំពោះស្ថាន ការណ៍ដូច្នេះ សូមព្រះអង្គកុំព្រួយព្រះរាជហឫទ័យ ។ ទូលព្រះបង្គំទាំងពីរនាក់ នឹងតាក់តែង ទាហានឱ្យតាមចាប់ខ្លួន ឃុនហ្លួងព្រះស្តេចថ្វាយស្នងព្រះតេជៈគុណឱ្យបាន ថាហើយក៏ថ្វាយបង្គំ លាចេញទៅចាត់ទាហានស្រាល់ឱ្យទៅល្បាត ក្រវែលចាំរកចាប់ខ្លួនឃុនហ្លួងព្រះស្តេចកនជុំវិញបឹង ។ សម្តេចព្រះបរមបពិត្រ ទ្រង់គិតមកនេះពុំបានសំរេចដូចព្រះចិន្តា ទ្រង់ពុំស្បើយព្រះវិតក្កសោះ ទើបស្តេចត្រឡប់ចូលក្នុងព្រះបរមរាជវាំងវិញ ហើយស្តេចក៏រឹតទ្រង់ព្រះវិតក្កណាស់ទៅ ទៀត។ ចំណែកឯឃុនហ្លួងព្រះស្តេចធិបតីកនវិញ កាលខំរត់ឡើងអំពីបឹង ហើយក៏ខំដើរ ទាំងយប់ ទាំងអធ្រាត្រ ឥតឈប់ឈរ ។ លុះដើរមកបានបន្តិចក៏ជួបនឹងមនុស្សល្បាត។ មនុស្សល្បាតឃើញ ឃុនហ្លួងព្រះស្តេចកន ហើយក៏ដេញ ភ្លាមឥតបង្អង់ ។ ឃុនហ្លួងព្រះស្តេចកនរត់ជ្រកពួនតាមគុម្ពព្រៃ ចេញផុតពីចំណោមទៅ ក៏ទៅប្រទះនឹងមនុស្សម្នាក់ទៀត កាន់ដាវវែង ។ មនុស្សនេះឃើញ ហើយក៏ស្រែកថា ៖
នែលោកព្រះស្តេចទៅណាលួងត្រាស់បង្គាប់ឱ្យចូលទៅគាល់ ។  ព្រះស្តេចកនឮហើយភ័យស្លុតរត់ ទៅជល់នឹងដង្គត់ឫស្សីក៏ដួលចុះ ។ នាយល្បាតម្នាក់នោះដេញ ទៅទាន់ យាដាវបំរុងនឹងកាប់ ត្រឡប់ជាឃើញនាគមួយធំបើកពពារដេញមក ។ នាយភ័យធ្លាក់ ដាវពីដៃ ដួលចុះទៅនៅទីនោះ។ ព្រះស្តេចកនយល់បានការហើយ ក៏ស្ទុះកន្ត្រាក់យកដាវ បានហើយកាប់ចៅនោះស្លាប់នៅនឹងកន្លែង ។ ព្រះស្តេចកន បានដាវនោះ រត់ទៅដល់វត្ត សម្តេចព្រះសង្ឃរាជ “សង្ឃសត្ថា” តាមដំណើរ។ សម្តេចមានថេរវាចាថា ៖

បាកុំនៅក្នុងទីនេះឡើយ បានឹងមានរឿងភ័យអន្តរាយជាមិនខាន។ បើបាឯង ចង់ឱ្យរួចភ័យ ចូរបារត់ទៅ ទិសបូព៌ាចុះ តែ៣ឆ្នាំបានឹងបានជាធំពុំខានឡើយ ។

ព្រះស្តេចកន បានឮទំនាយគ្រូហើយ ត្រេកអរណាស់ក៏ថ្វាយបង្គំលាទៅដល់ក្រៅវត្ត ។ នៅទីនោះ ព្រះ ស្តេចកន បានប្រទះនឹងទាសកម្មកររបស់ខ្លួនដែលបិតាមាតា ឱ្យមករកលោកចាំយាមឱ្យ ។ ព្រះស្តេចកនត្រេកអរណាស់ ក៏ប្រើឱ្យទៅយកធ្នូព្រួញរបស់ខ្លួននៅឯផ្ទះហើយប្រមូលបាវព្រាវសន្មត ឱ្យ មកជួបជុំនៅ ព្រៃថ្មដា ។ ឯខ្លួនក៏រត់ទៅពួន នៅប្របភូមិថ្មដានោះ ចាំអស់បាវព្រាវនិង ស្ម័គ្របក្សពួក ។ ទាសកម្មករនោះ លុះទៅដល់ផ្ទះវិញហើយក៏ជំរាបអ្នកបិតាពិជ័យនាគ និងអ្នកមាតា ម៉ែបានថា ទៅជួបនឹងលោកព្រះស្តេចហើយ។ លោកសុខសប្បាយទេ ហើយលោកប្រើខ្ញុំបាទឱ្យ ត្រឡប់មកយកធ្នូសម្រាប់កាន់នោះ ទៅជូនលោកវិញ ។ មាតាបិតាទាំងពីរនាក់បានកូននៅរស់ទេ ក៏មានចិត្តត្រេកអរណាស់ ក៏យកធ្នូនោះ ប្រគល់ឱ្យទៅទាសកម្មករជាបម្រើ ។ បម្រើទាំងនោះ ក៏ប្រមូលបាវព្រាវស្ម័គ្របក្សពួក បានប្រមាណ៥០នាក់ រួចក៏រត់ត្រឡប់មកជួបនឹងស្តេចកនវិញ ។ ព្រះស្តេចកននាំបក្សពួកទាំងនោះរត់ទៅដល់ស្រុកបាភ្នំ។ វេលាព្រលប់ហើយទាំងអស់គ្នាក៏ឡើងទៅ លើផ្ទះចៅហ្វាយស្រុក។

អានបន្ត :​ ព្រះស្តេចកន ភាគ២
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!






EmoticonEmoticon