Monday, November 2, 2015

ប្រវត្តិបុណ្យចូលឆ្នាំខ្មែរ




កាលពីបុរាណកាលមានកុមារមួយរូបឈ្មោះថាធម្មបាល មានបញ្ញាវាងវៃ កាលអាយុគម្រប់៧ឆ្នាំ ចេះយកការយល់ដឹងរបស់ខ្លួនទៅផ្សព្វផ្សាយដល់អ្នកដទៃ។ មហាជនមានការកោតគោរពនិងពេញចិត្តស្ដាប់នូវធម្មទេសនារបស់មាណពយ៉ាង ខ្លាំង។


កិត្តិស័ព្ទអំពីចំណេះបញ្ញារបស់ធម្មបាលមួយថ្ងៃកាន់តែសាយភាយ, មិនយូរប៉ុន្មានល្បីទៅដល់ឋានព្រហ្ម។ កុំថាឡើយតែមនុស្សបុថុជ្ជន សូម្បីទេវតានៅឋានលើក៏ចុះមកស្ដាប់ធម្មបាលទេសនាដែរ។ ម្លោះហើយធ្វើឲ្យធម្មទេសនារបស់កបិល មហាព្រហ្មមួយថ្ងៃកាន់តែសាបសូន្យទៅៗ។

កបិលមហាព្រហ្មធ្លាប់មានកិត្តិស័ព្ទនៅឋានលើ។ ឥឡូវឮនៅឋានកណ្តាល មានអ្នកពូកែជាងខ្លួន កបិលមហាព្រហ្មកើតចិត្តឈ្នានិស។ ចេញបញ្ជាឲ្យហៅពួកទេព្តាទាំងអស់វិលមកឋានវិញ រួចបំរាមមិនចុះទៅស្ដាប់ទេសនាទៀត។ ទន្ទឹមនឹងនេះ, ទេវរាជរកវិធីដើម្បីប្រទុសធម្មបាល។ ថ្ងៃមួយ, ពេលធម្មបាលកំពុងទេសនាឲ្យមហាជនស្ដាប់ កបិលមហាព្រហ្មបានទៅដល់ រួចមានតម្រាស់ថា៖

យើងឮពាក្យដំណាលថា អ្នកមានប្រាជ្ញលើសគេលើមហាជន, ប៉ុន្តែយើងពុំ ទាន់ជឿនៅឡើយទេ។ ឥឡូវយើងដាក់ប្រស្នាឲ្យឯង៣ខ បើឯងឆ្លើយត្រូវ យើងនឹងកាត់ក្បាលយើងនៅចំពោះមុខឯង។ តែបើឆ្លើយពុំត្រូវទេ ឯងត្រូវតែប្រគល់ជីវិតមកឲ្យយើងវិញ។

ពុំអាចប្រកែកបាន ធម្មបាលក៏យល់ព្រមឆ្លើយនូវប្រស្នានោះ, កបិលមហា ព្រហ្មក៏ដាក់ប្រស្នាភ្លាម៖

- ចូលឲ្យយើងដឹងថាតើសិរីរបស់មនុស្សពេលព្រឹក តាំងនៅកន្លែងណា? ថ្ងៃត្រង់តាំងនៅកន្លែងណា? និងរសៀលនៅកន្លែងណា?

ដាក់ប្រស្នារួចកបិលមហាព្រហ្មសន្យា៧ថ្ងៃទៀត នឹងចុះមកស្ដាប់ចម្លើយ។ ធម្មបាលត្រិះរិះទាំងយប់ទាំងថ្ងៃរកចម្លើយពុំចេញ។ លុះដល់ថ្ងៃទី៦ មាណពធ្វើដំ ណើរដោយគ្មានគោលដៅ ពីព្រឹករហូតដល់ថ្ងៃត្រង់។ ដោយអស់សង្ឃឹម និងហេវ ហត់ពេកមាណពអង្គុយសំរាក់នៅក្រោមដើមត្នោតមួយ។

ពេលនោះនៅលើចុងដើមត្នោតមានបក្សីឥន្រ្ទីយ៍មួយគូកំពុងសាស័ព្ទនឹងគ្នា។ ឥន្រ្ទីយ៍ញីសួរឥន្រ្ទីយ៍ឈ្មោលថា៖

- ថ្ងៃស្អែកយើងទៅរកចំណីនៅទីណា?

- ថ្ងៃស្អែកយើងនឹងបានឆីសាច់ធម្មបាល ឥន្រ្ទីយ៍ឈ្មោលឆ្លើយ។

ឥន្រ្ទីយ៍ញីឆ្ងល់សួរបន្ត៖

- ហេតុអ្វីបានជា ឆីសាច់ធម្មបាល?

ឥន្រ្ទីយ៍ឈ្មោលព៌ណនាអំពីរឿងកបិលមហាព្រហ្មសំណូមពរឲ្យធម្មបាល ឆ្លើយប្រស្នា។ ស្ដាប់រួចឥន្រ្ទីយ៍ញីសួរ៖

- ដូច្នេះមានអ្នកណាឆ្លើយបានទេ?

ឥន្រ្ទីយ៍ឈ្មោលឆ្លើយដោយក្ដីសង្ឃឹមថា៖ គឺសិរីមនុស្សពេលព្រឹកតាំងនៅលើមុខ ម្លោះហើយបានជាពេលព្រឹកក្រោកពីដំណេកមនុស្សតែងលុបមុខដើម្បីឲ្យមានសិរី។ ពេលថ្ងៃត្រង់សិរីមនុស្សតាំងនៅត្រង់ទ្រូង ម្លោះហើយបានជាមនុស្សតែងងូតទឹកពេលថ្ងៃត្រង់ដើម្បីឲ្យត្រជាក់ត្រជុំ។ ពេលយប់សិរីមនុស្សតាំងនៅជើង ម្លោះហើយបានជាមនុស្សតែងជំរះជើងឲ្យស្អាត មុនពេលចូលដំណេក។

ធម្មបាលអង្គុយក្រោមដើមឈើ ពេលឮស័ព្ទសាសង របស់ឥន្រ្ទីយ៍ដូច្នោះ មានក្ដីសោមនស្សឥតឧបមារួចក៏វិលមកផ្ទះវិញ។

ថ្ងៃក្រោយមកគម្រប់សន្យាទេវរាជកបិលមហាព្រហ្មបានចុះមកជួបធម្មបាល ដោយកាន់មកជាមួយនូវព្រះខាន់មាសមួយផង។ ពិតដូចសម្ដីសាសងនៃឥន្រ្ទីយ៍មែន ធម្មបាលឆ្លើយត្រូវនូវបញ្ហាទាំង៣ខដែលកបិលមហាព្រហ្មដាក់ឲ្យនោះ។

កបិលមហាព្រហ្ម បរាជ័យងើបព្រះភ័ក្រ្តឡើងលើ ស្រែកហៅបុត្រីទាំង៧ ឲ្យចុះមកឋានកណ្តាលរួចត្រាស់ថា៖

- បិតាចាញ់ប្រាជ្ញធម្មបាលហើយ។ តាមពាក្យសន្យា បិតាត្រូវតែស្លាប់។ ដូច្នេះបុត្រីទាំងឡាយត្រូវយកព្រះកេសារបស់បិតាទៅប្រតិស្ថានក្នុងចេតិយមួយលើកំពូលភ្នំព្រះសុមេរុ៍ កន្លែងដែលមនុស្សបុថុជ្ជនទៅមិនដល់នោះចុះ។

ហើយកូនៗត្រូវចាំថា បើធ្វើឲ្យព្រះកេសាបិតាធ្លាក់ចុះសមុទ្ទ សមុទ្ទនឹងរីងគោក, បើបោះឡើងលើ អាកាសនឹងឥតភ្លៀង, បើដាក់លើប្រថពី ប្រថពីនឹងហួតហែងរុក្ខជាតិទាំងឡាយពុំអាចដុះដាលបាន។

ផ្តែផ្តាំបុត្រទាំងឡាយរួច ទេវរាជកបិលមហាព្រហ្មលើកព្រះខាន់កាត់ព្រះកេសា ហើយប្រគល់ឲ្យបុត្រីច្បង ចំណែកសារីរកាយក្លាយជាដុំពន្លឺមួយហោះបាត់ទៅ។ បុត្រីច្បងដាក់ព្រះកេសាក្នុងថាសមាសមួយ រួមជាមួយប្អូនៗ យកព្រះកេសានោះទៅតម្កល់ក្នុងចេតិយលើកំពូលភ្នំព្រះសុមេរុ៍។

ចាប់តាំងពីពេលនោះមក ជារៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃទេវរាជកបិលមហា ព្រហ្មកាត់កេសានោះបុត្រីទាំង៧រូប នាំគ្នាទៅកាន់ភ្នំព្រះសុមេរុ៍ ហើយនាំគ្នាប្រទាក់ ក្សិណជុំវិញបើម្បីធ្វើពិធីរំឮកវិញ្ញាណក្ខន្ធចំពោះបិតាខ្លួន។

ថ្ងៃនោះឯងគឺជាំថ្ងៃចូលឆ្នាំរបស់ប្រជាជនខ្មែរ៕

សឺនភឿកហ្វាង, ១៩៩៥, រឿងនិទានខ្មែរ, អាគារបោះពុម្ភផ្សាយអប់រំ, ទំព័រទី១០-១៧ ភាគទី៤


ក្រោយពីបានអានអត្ថបទខាងលើហើយ តើអ្នកជ្រាបទេថា ធម្មបាលកុមារជាកុមារដែលពូកែប៉ិនប្រសប់និងមានបញ្ញាខាងផ្លូវធម៌ (ធម៌+បាល+កុមារ) សិរីបីប្រការក៏ជាធម៌ (វាចាសុចរិក មនោសុចរិក កាយសុចរិក) ដោយស្ដាប់សត្វឥន្រីយ៍(ឥន្រិយទាំង៥ក្នុងពោធិបក្ខេយធម៌ទាំង៣៧)។ ចូរអានអត្ថបទវិភាគខាងក្រោម:

តើកបិលមហាព្រហ្មតំណាងអោយអ្វី? ហេតុអ្វីកបិលមហាព្រហ្មមានតែព្រះសិរដង្ហែរាល់ៗឆ្នាំដោយបុត្រី៧នាក់?ហេតុអ្វីកូនកបិលមហាព្រហ្មមាន៧នាក់ហើយសុទ្ធតែស្រី?

កូនស្រី តំណាងនគរមេ នគរមាតាធិបតេយ្យ នគរដែលមានស្រ្ដីជាអ្នកបង្កើតរដ្ឋដំបូង ដែលគេតាំងនាមហៅថានាងនាគ សត្វនាគ តំណាង ធាតុទឹក ត្រជាក់ ងងឹត ព្រះចន្ទ ទន់ មនុស្សស្រី នេះជាមូលហេតុដែលទេវតានៅស្រុកខ្មែរសុទ្ធតែស្រីគ្មានប្រុស ឬ កូនកបិលមហាព្រហ្មមានសុទ្ធតែស្រី។

៧នាក់តំណាង ៧ថ្ងៃក្នុងមួយសប្ដាហ៍ ហេតុដូច្នេះហើយបានជា ចូលឆ្នាំប៉ះចំថ្ងៃណា កូនស្រីតំណាងថ្ងៃនោះមកថែរក្សាដែនដី មកដង្ហែព្រះសិរកបិលមហាព្រហ្ម។ ប្រសិនបើឆ្នាំនេះចំថ្ងៃចន្ទ កូនស្រីថ្ងៃចន្ទមក ប្រសិនបើឆ្នាំក្រោយចំថ្ងៃសុក្រ កូនស្រីថ្ងៃសុក្រមក ហើយប្រសិនបើឆ្នាំទី៣ចំថ្ងៃចន្ទ គឺកូនស្រីថ្ងៃចន្ទមកម្ដងទៀត មិនមែនមកម្ដងម្នាក់នោះទេ ព្រោះកូនស្រីមិនមែនជាទេវតា មិនមែនជាមនុស្ស គឺតំណាងអោយថ្ងៃទាំង៧នៃសប្ហាហ៍តែប៉ុណ្ណោះ។

ព្រះសិរកបិលមហាព្រហ្ម តំណាងអោយព្រហ្មវិហារធម៌របស់មនុស្ស រួមមានមេត្តា ករុណា មុទិតា ឧបេក្ខា។

មាតាបិតាមានមុខ៤ ជាព្រហ្មនៃកូន ជាអ្នកដឹកនាំកូន
មន្រ្ដីរាជ្យការមានមុខ៨ (៤លើ៤) ជាព្រហ្មនៃពលរដ្ឋ និង ព្រហ្មនៃកូនខ្លួនឯង ជាអ្នកដឹកនាំពលរដ្ឋ និង ដឹកនាំកូនខ្លួនឯង។
ព្រះពុទ្ធមានមុខ១២ (៤ត្រួតគ្នា៣ដង) ជាព្រហ្មនៃសត្វលោក ជាព្រហ្មនៃពលរដ្ឋ ជាព្រហ្មនៃបុត្រាបុត្រី។

ហេតុអ្វីពេលក្រវែងព្រះសិរកបិលមហាព្រហ្ម ដល់ដីឆេះដី ដល់សមុទ្ររីងសមុទ្រ ដល់អាកាស ឆេះអាកាស? ន័យនេះប្រដូចទៅនឹង បុគ្គលប្រសិនបើបោះបង់ព្រហ្មវិហារធម៌ក្នុងខ្លួនចោលហើយ គឺអាចបង្កអោយលោកវិនាសបាន។

មាតាបិតាបោះព្រហ្មចោល (លក់កូន រំលោភកូន)
មន្រ្ដីរាជ្យការបោះព្រហ្មចោល (ធ្វើបាបរាស្រ្ដ កេងទ្រព្យសម្បត្តិជាតិ)
ប្រធានាធិបតេយ្យទូទាំងពិភពលោកបោះព្រហ្មចោល (បង្កើតគ្រាប់បែកប៉ារ៉ាវ៉ាន់ណូ អាវុទ្ធជីវសាស្រ្ដកំទេចពិភពលោក) 

ធម្មបាលកុមារ ស្ដាប់សត្វឥន្រ្ទីនិយាយគ្នាដឹងថា សិរី៣ប្រការ សិរីទី១ពេលព្រឹកនៅមុខ សិរីទី២ពេលថ្ងៃនៅដើមទ្រូង សិរីទី៣ពេលយប់នៅចុងជើង។
ធម្មបាលកុមារ ជាកុមារដែលមានចំណេះបញ្ញាខាងផ្លូវធម៌យ៉ាងជ្រាលជ្រៅ អក្សរសិល្ប៍បង្កប់ន័យថាស្ដាប់សត្វឥន្រ្ទីដោះប្រស្នា តែន័យពិតគឺធម្មបាលកុមារ
ប្រើឥន្រ្ទិយទាំង៥ក្នុងពោធិបក្ខេយធម៌ទាំង៣៧ដើម្បីដោះប្រស្នាធម៌របស់កបិលមហាព្រហ្ម។
ឥន្រ្ទិយទាំង៥រួមមាន:
ទី១ សទ្ធិន្រ្ទិយ សទ្ធាជាធំ
ទី២ វិរិយិន្រ្ទិយ វិរិយៈជាធំ (សេចក្ដីព្យាយាម)
ទី៣ សតិន្រ្ទិយ សតិជាធំ
ទី៤ សមាធិន្រ្ទិយ សមាធិជាធំ
ទី៥ បញ្ញិន្រ្ទិយ បញ្ញាជាធំ

សិរីទី១ នៅមុខ មានមាត់ជាធំ គឺ វាចាសុចរិក
សិរីទី២ នៅទ្រូង មានចិត្តជាធំ គឺ មនោសុចរិក
សិរីទី៣ នៅជើង មានកាយជាធំ គឺ កាយសុចរិក
បុគ្គលណាប្រព្រឹត្តល្អទាំងកាយវាចាចិត្ត នោះនឹងទទួលបានសិរីសួស្ដីសុភមង្គលពេញមួយថ្ងៃ និង រាល់ៗថ្ងៃ ពុំមែនគ្រាន់តែយកទឹកលុបលាងមុខទ្រូងជើងមានសិរីសួស្ដីនោះឡើយ។



សូមអរគុណសម្រាប់ការអានរបស់លោកអ្នក! 


EmoticonEmoticon