នៅក្នុងគម្ពីរព្រះត្រៃបិដកនៃពុទ្ធសាសនានិកាយថេរវាទ នៅក្នុងតាមគម្ពីព្រះពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតទីផ្សេងៗតាមកម្មរបស់ខ្លួន។ មនុស្សចិត្ដអាក្រក់ ដែលបានធ្វើបាបកម្មផ្សេងៗ លុះស្លាប់ទៅតែងតែកើតជាប្រេត៤ប្រភេទ គឺប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម ប្រេតស្រេកឃ្លានអាហារជានិច្ច ប្រេតដែលភ្លើងឆេះជានិច្ច និងប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសទៅឱ្យ។ ខាងក្រោមជាទម្រង់ពពួកប្រេតទាំង១២ពួក :
1. ប្រេតទី១ ឈ្មោះវន្តាសា
ពួកប្រេតនេះមានមុខក្រញូវ វង់ភ្នែកគ្រលួង ដុះរោមស្រមូវ មាត់វៀចកំប៉ូវ ស្មងកោងកំពួរ សក់រួញក្រញង់ ពោះប៉ោងកំប៉ង់ ខ្លួនធំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុសខុសជួរ សរសៃដូចពួរ ព័ន្ធព័ទ្ធពេញកាយ រាងខ្ពស់ចង្គ្រោង ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយ លានឆ្នាំ មិនដែលស្គាល់បាយ ទុក្ខឥតរសាយ ស៊ីតែកំហាក។ ប្រេតនេះកាលពីមុនមិនបានធ្វើ បុណ្យ ដោយចិត្ដជ្រះថ្លា ធ្វើដោយអំណាច ចិត្ដកាចឫស្យា ស្ដោះដាក់អាហារ ឱ្យអ្នកសីលខ្ពស់។ ម្យ៉ាងទៀតជ្រះថ្លា តែល្មើសក្នុងការ ឱ្យទានមានមោះ ចាត់ចែងភោជន ស្មោកគ្រោកលើសលោះ ឲ្យ ឥតពិគ្រោះកខ្វក់ក៏ឲ្យ។
2. ប្រេតទី ២ ឈ្មោះកុណបា
ពួកប្រេតនេះពោះធ្លាក់ត្រយោក មុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កា យារស្ដោក ធ្មេញធំប៉ុនចប សក់វែងអូសដី ច្រមុះខើចខ្លី កស្ដួចដូចដប ក្បាលធំជាងខ្លួន មិន សមប្រកប គួរឱ្យខ្លាចខ្លប ពួកប្រេតអប្រិយ។ ប្រេតនេះក្លិនស្អុយអសោចិ ស៊ីតែសពខ្មោច ស៊ីឥតប្រណី នាំគ្នាអង្គុយផ្ទាល់ដី ចាប់ហែកទាញបោច។ ប្រេតនេះអត់បាយរាប់កោដិឆ្នាំផ្លាយ ឃ្លានស្ទើរហិនហោច ខំស៊ីខ្ទុះឈាមនៃសាកសព្វខ្មោច ឥតបានប្រយោជន៍ ឱ្យបាត់អត់ឃ្លាន ឡើយ។ ស៊ីណាស់ឃ្លានណាស់ ព្រោះកម្មផលចាស់ ដែលខ្លួនបានធ្វើ ចេះតែបណ្ដោយ ឱ្យទុក្ខ ឥតស្បើយ បើបានស៊ីហើយ ឃ្លានរឹតលើសដើម។ ប្រេតនេះកាលពីមុន មិនបានធ្វើបុណ្យ ជាមនុស្សខូចឆ្នើម ឃើញកម្មអាក្រក់ មិនចេះរអើម ឥតមានសម្បើមប្រមាទគ្រប់យ៉ាង មិនមានកោតខ្លាច ឫទ្ធីអំណាច អ្នកមានសីលសាង បញ្ឆាតអ្នកបួស អ្នកមានសម្អាង ឱ្យសាច់១០យ៉ាង ខុសធម៌វិន័យ ឱ្យដោយឫស្យា ចិត្ដគ្មានមេត្ដា ឱ្យហើយបំភ័យ បំផ្លាញអ្នកបួស ឱ្យខុសវិន័យ ធ្វើសង្ឃឱ្យភ័យរន្ធត់ស្មារតី។
3. ប្រេតទី៣ ឈ្មោះគូថ
ប្រេតនេះមានភ្នែកវិលទទឹង មាត់ខើចសំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង។ ក្បាលធំ ក្រមាង សក់ដុះខាងៗកណ្ដាលរលីង ត្រចៀកកំប៉ិត ពោះធំកំភឹ្លង រូបរាងស្គមរឹង ស៊ីតែលាមក។ ក្លិនស្ទុយខ្មោះៗ សាច់ក្រៀក្រោះ ដៃជើងធំស្ទក់ ខំដើរស្កាត់រកគំនរលាមក ឃើញហើយជញ្ជក់លេបឥតគិតគន់ ច្រើនដើរតត្រុកក្រោមផ្ទះអ្នកស្រុកនឹងទីបង្គន់ ឃ្លានបាយខ្លាំងណាស់សោយទុក្ខទោសធ្ងន់ ឥតប្ដីប្រពន្ធរស់សែនវេទនា។ ប្រេតនេះរស់រងផល កម្មគឺពៀរវេរា កាលពីជាតិមុនជាជនពាលាមិនមានចិត្ដសទ្ធាកោងកាចអប្រិយ គម្រាមអ្នកបួសឱ្យឆាន់អាចម៍ឈ្លូសអាចម៍ក្របី។ អ្នកបួសខ្លាចអំណាចលោកីយ៍ចេះតែខំឆីមិនហ៊ានតវ៉ា។ មួយទៀតខ្លួនមានមិនចំណាយទានឱ្យដល់មាតាបិតា ជីដូនជីតាឱ្យលោកខ្លោចផ្សា។ លុះជននេះស្លាប់ទៅ ធ្លាក់នរកខ្ទះដែក សេសសល់ ផលកម្មកើតជាប្រេតប្លែកស្រេកឃ្លានអនេកកាយលាមកស៊ី។
4. ប្រេតទី៤ ឈ្មោះអគ្គីជាល
ប្រេតនេះភ្លើងឆេះរោលរាល ភ្នែកហើមលាន ក្បាលងងក់ស្រែកយំ ភ្លើងឆេះរន្ធមាត់។ ឆេះឆួល ក្នុងកាយកម្ដៅចំហាយក្ដៅខ្លាំងឆេះចេញតាមមាត់នៃប្រេតចង្រៃ តែប្រេតមិនក្ស័យព្រោះកម្មកណ្ដាល។ ពួកប្រេតនេះស្រេកឃ្លាន អាហារចុកសៀតដាល ណាមួយស្រេកទឹក ណាមួយឈឺក្បាល ទុក្ខធ្ងន់មិនស្រាលទុក្ខច្រើនប្រការ។ ប្រេតនេះច្រើននៅក្នុងដងព្រៃជ្រៅ ក្បែរមាត់សមុទ្រលើដុំសិលា ឬកោះក៏មានដែរ។ ពពួកប្រេតនេះ កាលពីជាតិមុនគំនិតស៊យស៊ុនជាមនុស្សប៉ោឡែ លេងឥតបើគិត។ ក្ដៅថាត្រជាក់បញ្ឆោតពេញវត្ដដល់សង្ឃទាំងឡាយ ឱ្យសង្ឃលូកចាប់ក្ដៅញ័រសព្វកាយ រួចខ្លួនសើចសប្បាយថាសង្ឃឆោត។ ហេតុនេះលោកអ្នកគួរចាំឱ្យជាក់រឿងលេងបញ្ឆោតលើអ្នកមានសីលល្អ គួរឱ្យកោតដុតប្រេតនេះសោតជាតួភស្ដុតាង។ បើបានដឹងហើយកុំធ្វើ តោះតើយ គួរខំកសាងកុសលសីលទានទុក្ខជាសម្អាងជាព្រេងសំណាងកំដរអាត្មា។ តែបើឡេះឡោះមុខជាភ្លាត់ថ្លស់ខ្លួនខកខូចការ លុះដល់ស្លាប់ទៅកម្មនាំជីវ៉ាកើតប្រេតនេះណាប្រាកដជាក់ស្ដែង។
5. ប្រេតទី៥ ឈ្មោះសុចិ
ប្រេតនេះរងទុក្ខព្រោះកម្មតាក់តែង មាត់ស្រួចដូចម្ជុល ក្បាលធំត្រមែង រន្ធមាត់នោះឯងប៉ុនរន្ធក្ដិតម្ជុល។ ដៃជើងធំប្លែកធំណាស់ចម្លែកធំពេកធំជ្រុលធំវែងខ្ពស់ស្ដុលឃើញស្មានជាភ្នំ។ ភ្នែកលានក្រឡោត ក្រចកដៃសោតស្រែងស៊ីសុសជុំ ដុះវែងក្រាស់ខុបចោតដូចជើងភ្នំ សាច់ពកធំៗប៉ុនធំថ្មដា។ សាច់ស្បែកគគ្រាតស្លែដុះព្រោងព្រាតដូចសិលា សក់ក្បាលពុកមាត់ និងពុកចង្កា ដុះដូចព្រឹក្សាលតាទាំងឡាយ។ ពួកប្រេតនេះច្រើននៅបព្វតាក្នុងព្រៃជ្រៅឆ្ងាយ ស្រេកឃ្លានអាហារ ខ្លោចផ្សាពេកកូវ ចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅរស់ដោយផលកម្ម។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យសម្បត្ដិ កំណាញ់រងកម្មលោភនៅប្រចាំស៊ូអត់ស៊ីឃ្លាន។ មាតាបិតាឱ្យលោកពិសាកុំឱ្យឃ្លាន មិនដែលបានធ្វើកូនបុណ្យកូនទាន ជាមនុស្សស្រេកឃ្លានចង់មានភ្លេចស្លាប់។ ហេតុនេះលោកអ្នកបើបានជ្រាបជាក់គួរប្រែក្រឡាប់ចិញ្ចឹមមាតាបិតា។ ចាយទ្រព្យតាមច្បាប់មិនចេះក្រឡើយ។
6. ប្រេតទី៦ ឈ្មោះកណ្ហជិ
ដៃជើងធំៗ ខ្លួនធំដូចយក្ស សាច់សពព្លាក់ពពាលឡើងចាំង។ កវែង ក្បាលផ្អៀង ភ្នែកកែកស្រលៀងធំលៀនម្ខាង ច្រមុះធំខ្លីរោមដុះដៃជើងក្រញាងស្រេកឃ្លានអាហារ ពោះញ័រផ្សាក្ដៅក្រៀមក្រំមួម៉ៅព្រោះស៊ីមិនបាន។ ស្រេកទឹកខ្លាំងណាស់ ឃើញបឹងឬស្រះនឹកថាបានក្សាន្ដថាបាត់ស្រេកឃ្លានដែលមានក្នុងប្រាណ ទឹកនោះក្លាយថ្កានជាភ្លើងជាថ្ម ចំណីអាហារបើឃើញកាលណា មានចិត្ដត្រេកអរ ដល់ដើរទៅជិតក្លាយជាក្រួសថ្មភ្លើង។ ប្រេតនេះជាតិមុនជាមនុស្សទុជនមិនស្គាល់ខុសត្រូវ ដឹកគោចូលវត្ដបែកដី ស៊ីដំណាំសង្ឃ ឱ្យគោផឹកទឹកស្រះជុះនោមល្អក់អស់ទឹកសង្ឃ។ សង្ឃបានប្រាប់ហាមរឹងណាស់ មិនតាមចចេសចងចិត្ដគំនុំ ហើយតាំងខំប្រើធម៌មិនប្រសើរបំផ្លាញចោលទឹក។ ហេតុនេះលោកអ្នកកុំធ្វើរវឹកឱ្យគោចូលវត្ដ ឱ្យស៊ីស្មៅផឹកទឹកបំផ្លាញទ្រព្យសង្ឃ។
7. ប្រេតទី៧ ឈ្មោះនិជ្ឈា
រូបកាយគ្រាំគ្រារងទុក្ខគ្មានស្បើយ ប្រេតនេះកម្មក្រាស់ព្រួយឥតល្ហែល្ហើយ ស៊ីមិនកើតឡើយមាត់ដុះកន្ទុយ។ រូបរាងអាក្រក់ ពោះប៉ោងកំប៉ក់ ផ្ចិតទល់លៀនស្ទុយ ច្រមុះកញ្ឆត ភ្នែកដូចទីទុយ មុខដុះរោមស្គុយ មាត់ស្អុយខ្មួរខ្មោះ សាច់ខ្មៅ ក្រងិតរាងខ្ពស់ស្គមស្វិតដៃជើងកក្រោះ ម្រាមដុះជាប់គ្នាជិតគ្មានចន្លោះរាងដូចចបបបូរមាត់ជ្រុងខាងលើសំយុងធ្លាក់គ្របចង្កា ត្រចៀក បាក់ធ្លាក់ យារដាបដល់ស្មា សក់ក្បាលវែងអាក្រក់ក្រៃពេក។ ប្រេតនេះច្រើននៅក្នុងដងព្រៃជ្រៅឆ្ងាយដាច់អាល័យ ឬនៅលើកោះក្នុង ជលស័យ ព្រោះខ្លួនចង្រៃប្រព្រឹត្ដអាក្រក់ជេរស្ដីទ្រគោះ។ ប្រេតនេះកាលពីជាតិមុននិយាយចាក់ដោតឡកឡាយ ធ្វើឱ្យអ្នកមានសីល អាប់កិត្ដិយស ឃើញជនពិការស្ដីឡកឡាយដាក់និយាយឱ្យខ្មាស។ ហេតុនេះលោកអ្នកបើបានជ្រាបជាក់គួរសាងសីលទាន ធ្វើចិត្ដឱ្យល្អ មានករុណា ឃើញជនពិការកុំឡកឡាយ តាំងចិត្ដឱ្យធ្ងន់និយាយឱ្យទន់កុំញុះមុខក្រោយ បំបែកពួកបក្ខនិយាយកោសកោយ ប្រយ័ត្នផលឱ្យមាត់ដុះកន្ទុយ។
8. ប្រេតទី៨ ឈ្មោះសព្វង្កា
រូបរាងទុយមុយ ដំបៅពេញកាយ សាច់សុទ្ធពងរុយ ខ្ទុះដូចជ័រគុយ រុយរោមអែអុក។ សាច់ហើមភ្នែក ធំលៀន ធំក្លិនស្អុយគគ្រក់ ច្រមុះធំវែង ពោះធ្លាក់ទ្រយុក ស្រែកថ្ងូររងទុក្ខឥតមានស្រាកស្រាន្ដ។ ស្រេកឃ្លានអាហារខំយកដៃខ្វាពាស ពេញខ្លួនប្រាណ ក្រចកវែងមុតខ្វេះហែកសាច់បានហែកសាច់ខ្លួនប្រាណស៊ីជាអាហារ ស៊ីណាស់ឃ្លានណាស់ ព្រោះផលកម្មចាស់អាក្រក់ក្លៀវក្លា ហែកសាច់ឯងស៊ីឈឺចាប់ខ្លោចផ្សា តែឥតបានការឱ្យឆ្អែតបាត់ឃ្លាន។ ប្រេតនេះច្រើននៅក្នុងព្រៃភ្នំ ជាតិមុនមិនមានធ្វើបុណ្យ ចិត្ដកាចឫស្យាដាល់តប់ម៉ែឪជីដូនជីតា ឬញាតិកាអ្នកមានគុណលើ។ មិនមានកោតខ្លាចប្រព្រឹត្ដកោងកាចកាន់ឫកក្រពើ បំភ្លេចគុណចាស់អ្នកដែលបានធ្វើជាជនភ្លីភ្លើអកតញ្ញូ។ សូមជនតាំងចិត្ដឱ្យធ្ងន់ខឹងខំបន្ធូរ ចំពោះម៉ែឪដូនតា និងគ្រូកុំខឹងតបស្នងអ្នកមានគុណ។ ត្រូវតែគោរពបូជាថ្ងៃយប់ បើបានចំណីល្អគួរជូនលោកមុនទៅ ទើបហៅដឹងគុណមានកតញ្ញូ។ បើមិនប្រព្រឹត្ដតាមពាក្យនេះពិតឥតមាន បន្ធូរ ស្លាប់ទៅពេលណាមិនបាច់គិតគូររបូតធ្លាក់ប្រេតនរក។
9. ប្រេតទី៩ ឈ្មោះបព្វង្កា
ប្រេតនេះដៃខ្លីជើងខ្លី ខ្លួនវែងធំខ្ពស់ដូចភ្នំឆេះ ដូចដុំដែកក្រហមក្ដៅញ័រកាយាលំបាកពេកក្រៃ ក្នុងចិត្ដខ្លោចផ្សា ក្រៀមក្រំឱរ៉ាហៅមហាលំបាក។ ស្រេកឃ្លានអាហាររាប់កោតសិបឆ្នាំឃ្លានឥតមានស្រាកតែមិនចេះស្លាប់ ព្រោះកម្មវិបាកមិនបរិច្ចាគ ធ្វើសីលឱ្យទាន។ ប្រេតនេះច្រើននៅក្នុងដងព្រៃជ្រៅ ប្រេតនេះពីជាតិមុនមនុស្សទុជនិចិត្ដរឹងដូចដែក ខឹងចងគំនុំប្រឈ្លោះប្រកែក កោងកាចអនេកគុំគួនព្យាបាទ។ អ្នកកាប់សម្លាប់មិនចេះខ្លាចស្លាប់ជាជនប្រមាទ បង្ហិនបង្ហោចធ្វើឱ្យខូចខាត ដុតព្រៃ និងផ្ទះសម្បែង ធ្វើឱ្យតែឈ្នះចិត្ដកាចមានៈឥតមានកោតក្រែង អំពើអាក្រក់មិនខ្លាចរអែងឃើញផលជាក់ស្ដែងនៅនាលោកីយ៍។ លុះដល់ស្លាប់ទៅធ្លាក់នរកជ្រៅឈ្មោះអវីចីសេសសល់ផលកម្មវិលឡើងមកខ្មីកើតប្រេតអប្រិយភ្លើងឆេះជានិច្ច។ ហេតុនេះលោកអ្នកបើបានជ្រាបជាក់ខិតខំ ខ្ចប់វេច កុំចងគំនុំនាំឱ្យវិលរេចខឹងខ្លាំងខំធ្មេចភ្នែកទប់ចិន្ដា។
10. ប្រេតទី១០ ឈ្មោះអជតរៈ
ក្បាលច្រើនប្រការ ខ្លួនជាពស់ថ្លាន់ ក្បាលជាសត្វខ្លា ជួនក្បាលដូចឆ្មាជាគោក្របី។ ប្រេតនេះចម្លែក មានរូបរាងប្លែកខុសប្រក្រតី ខ្លួនជាពស់ថ្លាន់ធំវាលើដី។ ម្ដងក្បាលជាខ្លា ម្ដងក្បាលជាស្វាដំរីមៀម ម្ដងជាក្បាលមាន់ជាប្រើសខ្លាឃ្មុំ ភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃ។ ស្រេកឃ្លានអនេក ចេះតែថ្ងូរស្រែក ទុក្ខ្ខខ្លាំងពេកក្រៃ ភ្លើងឆេះជានិច្ច ឥតមានសំចៃ តែប្រេតមិនក្ស័យព្រោះកម្មក្លៀវក្លា។ ប្រេតនេះជាតិមុនមិនបានធ្វើបុណ្យប្រព្រឹត្ដប៉ោឡែ ព្រហើនកោងកាចដុតផ្ទះដុតស្រែ មិនខ្លាចឪម៉ែជីដូនជីតា ដៀលអ្នកមានសីលមាត់ខូចរអិលប្រទេចផ្ដាសា ជេរអ្នកមានគុណថាឆ្កែថាឆ្មា ព្រះសង្ឃក្ដីណាក៏ជេរមិនខ្លាច។ លុះដល់ស្លាប់ទៅកើតនរកជ្រៅភ្លើងឆេះចិញ្ចាច សេសសស់ផលកម្មអំពើកំណាចជាប្រេតបិសាចក្បាលច្រើនប្រការ។
11. ប្រេតទី១១ ឈ្មោះវេមានិក
រូបធំទ្រមឹង រាងធាត់ក្រអាញ ដុះរោមជិតឈឹង ពោះប៉ោងត្រង់ភឹ្លងសម្បើមអស្ចារ្យ។ សោយវេទនាសុខ ទុក្ខស្មើគ្នា តាមធម្មតាដៃកាន់អាវុធចិត្ដកាចក្លៀវក្លាប្រេតនេះហៅយមរាជ។ ពេលដែលសោយទុក្ខចិត្ដ ពុះគគ្រុកក្ដៅផ្ទុះដូចលាចកាប់សត្វនរក ឈាមពីព្រឹកដល់ល្ងាចខឹងឥតស្រាកស្រាន្ដ។ អត់បានបាយអត់ទឹកខឹងញ័រគគ្រឹកទុក្ខព្រួយរំខាន វាយសួរចម្លើយកាត់ទោស គ្រប់ឋាន នរកប៉ុន្មានត្រួតត្រាទាំងអស់។ ពេលដែលសោយសុខឃ្លាតឆ្ងាយចាកទុក្ខបាត់សូន្យសោះ ក្លាយខ្លួនទៅជាទេវបុត្រកំលោះ រូបល្អឥតខ្ចោះនៅក្នុងឋានសួគ៌។ ស្រីទេពអប្សររូបស្រស់បវរចោមរោមទាំងគូរសោយទិព្វសម្បត្ដិខ្ចាត់ក្ដីអាប់អួរ សោយសុខក្នុងសួគ៌សប្បាយពេកក្រៃ។ ដល់ពេលសោយទុក្ខឃ្លានចាកក្ដីសុខកើតប្រេតចង្រៃ រងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ ទុក្ខខ្លាំងពេកក្រៃដូចបានរៀបរាប់។ កាលពីជាតិមុនជាមនុស្សដែលបានធ្វើបុណ្យផឹកស្រាសីល មិនបានសាងគឺបុណ្យក៏ធ្វើបាបក៏ធ្វើគ្រប់យ៉ាង ធ្វើទាំងពីរខាងធ្វើ ក្នុងប្រមាទ។ លុះដល់ស្លាប់ទៅកើតនរកជ្រៅសោយទុក្ខពេញខ្នាត សេសសល់ផលកម្មកើតវិនិបាតជាប្រេតសុទ្ធសាធ សោយផលទាំងពីរ។
12. ប្រេតទី១២ ឈ្មោះមហិទ្ធិកៈ
រូបល្អពេញទីជាស្ដេចនៃចក្រ អ្នកមានឫទ្ធីល្អឥតមានពីរស្មើរូបទេព្ដា។ មានគ្រឿងស្លៀកពាក់ ស្រស់ល្អពេញវគ្គ មានម្កុដសង្វារចាំងចែងចិញ្ចាចគួរចេតនា សាច់ល្អភ្លឺថ្លាពណ៌ស្រស់ប្រិមប្រិយ ទាស់តែស្រេកឃ្លានរាប់ឆ្នាំសែនលានឥតស្គាល់ ចំណី ឃ្លានស្រេកយ៉ាងខ្លាំងដើរសព្វផែនដី ខំដើររកឆីអាហារភោជន បើឃើញចំណីអាហារអ្វីៗត្រេកអរលើសលន់ ខំស្ទុះទៅចាប់ ភ្លើងឆេះពេកពន់សោយទុក្ខយ៉ាងធ្ងន់ស្ទើរក្ស័យជីវ៉ា។ បើមិនដូចនោះឃើញហើយខំស្ទុះចាប់កើបស្រវាបានដាក់ក្នុងមាត់លេបទៅកាលណាស្រាប់តែក្លាយក្លាជាដុំដែកក្ដៅ។ ដុំដែកនោះឯងភ្លើងឆេះចិញ្ចែងក្រហមច្រាលឆ្អៅ ឆេះឆាបក្នុងមាត់ស្រែកយំសោកសៅ ដុំដែលឆេះក្ដៅដុតក្នុងកាយា។ ខ្លះស៊ីលាមកស៊ីលេបជញ្ជក់យល់ថាអាហារ ស៊ីណាស់ឃ្លានណាស់ ព្រោះកម្មក្លៀវក្លាក្លិនស្អុយអស្ចារ្យ ល្អតែរូបកាយ។ ប្រេតនេះជាតិមុនបួសក្នុងសាសនា តែមិនប្រព្រឹត្ដវិន័យទាំងឡាយបួសឆាន់តែបាយញ៉ាំញីសាសនា។ ប្រព្រឹត្ដអាក្រក់ គំនិតតក់ម៉ក់ធ្វើមិច្ឆាចារ ឆបោកគ្រហស្ថ ប្លន់លាភសាសនា វិន័យសិក្ខាមិនប្រតិបត្ដិ។ ប្រើប្រាស់បច្ច័យ ឆាន់ដេកដល់ថ្ងៃ ធ្វើឫកដូចសត្វ ពេលឆាន់អាហារចិត្ដវិលរសាត់មិនប្រតិបត្ដិតាមច្បាប់ឱវាទ។ លុះដល់ស្លាប់ទៅកើតនរកជ្រៅសោយទុក្ខពេញខ្នាត សេសសល់ផលកម្ម កើតប្រេតរូបស្អាតដោយផាតឱវាទនៃព្រះសម្ពុទ្ធ។
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon