Friday, November 6, 2015

រឿងដើមកំណើតសត្វកូនលោក


​​​​​​                      មានបក្សីម្យ៉ាងហៅថា សត្វកូនលោក រូបរាងស្រដៀងនិងសត្វ គ្រលេងគ្រលោង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែមានមាឌធំជាងបន្តិច សម្បុរវាក្រហមរទុះៗ ច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ ឬព្រៃស្រោងស្រឹងសត្វនេះចាស់ៗ​​​​ខែ្មរយើងបាននិយាយតៗ មកថាមានដើមកំណើតមកពីមនុស្ស ដូចដែលមានរឿងដំណាលត​ទៅនេះ ៖

             កាលពីព្រេងនាយ មានកសិករពីរនាក់ប្តីប្រពន្ធ ជាមនុស្សក្រលំបាក​ មានកូនស្រីតូចៗ៣​នាក់​ ។ កូនទី១ចេះដងទឹកដាំបាយ កូនទី២ចេះនាំប្អូនដើរលេង កូនទី៣ ចេះរត់លេង។​ក្រោយពីពេល​  ដែល​ប្តី​ស្លាប់ចោលទៅ​  នាងប្រពន្ធនៅមេម៉ាយជាមួយនិងកូនស្រី៣នាក់  តែងទៅកាប់អុស បេះ​បនែ្ល​ទូលទៅលក់ឯផ្សាររាល់ថៃ្ង។ថៃ្ងមួយនាងបានទៅជួបនិងអ្នកលេងស៊ីផឹកម្នាក់​ដែលតែងតែដើរលួចឆក់​អ្នកដំណើរឆ្ងាយជិត  បានលុយកាក់  យកមកស៊ីផឹកហ៊ឺហា ។ អ្នកលេងនោះកាលបើក្រឡេក ឃើញនាងមេម៉ាយ ក៏សំដែងអាកប្បកិរិយាជាអ្នកគួរសមសួរនាងថា ចុះនាងនៅភូមិណា?ឆ្ងាយឬអត់? ហេតុអ្វីក៏មិនឲ្យប្តីជួយរែកប្រឹងផ្ទុកទូលម្នាក់ឯងច្រើនម៉េ្លះ? នាងក៏ប្រាប់ដោយត្រង់​ថា «​ ខ្ញុំជាស្រីមេម៉ាយ  ប្តីស្លាប់ចោលទៅ  សព្វថៃ្ងក្រលំបាកណាស់  ប្រឹងកាប់អុសបេះ បនែ្លលក់គ្រាន់​បាន​ប្រាក់កាសបន្តិចបន្តួចយកទៅទិញអាហារចំណីឲ្យកូនស្រី៣នាក់បរិភោគ»។ លឺដូច្នោះអ្នកលេងនឹកអរព្រួចក្នុងចិត្តគិតថា នាងនេះមេម៉ាយមែន ប៉ុនែ្តមានរូបស្អាតគ្រាន់បើ គួរអញតាមទៅសួរដល់​ផ្ទះយកជាប្រពន្ធឲ្យបាន ហើយក៏និយាយថា «នាង! ខ្ញុំមានចិត្តអាណិតនាងណាស់ខ្ញុំសូមជូន ១០កហាបណៈសម្រាប់ទិញឥវ៉ាន់ផ្ញើកូន»។នាងមេម៉ាយក៏ទទួលយកភ្លាមដោយ​សេច​​​​​​​​
ក្តីត្រេកអរ។ លុះលក់អុស និងបនែ្លអស់ហើយ នាងត្រឡប់មកផ្ទះវិញ ​ ឯអ្នកលេងក៏លប​ដើរមក​តាមក្រោយ ដើម្បីគន់មើលផ្ទះ។ លុះពេលព្រលប់ក៏ទៅជួបឯផ្ទះនាងនិយាយគ្នាត្រូវមាត់ហើយ​ក៏​យកគ្នា​ជាប្តីប្រពន្ធតទៅ។

             ចាប់តាំងពីថៃ្ងនោះមក អ្នកលេងតែងចេញទៅប្លន់អ្នកស្រុក ពីរបីថៃ្ងមកផ្ទះម្តងក៏មាន កន្លះខែមកម្តងក៏មាន។ នាងនោះមានមាស់ប្រាក់ចាយបរិបូរណ៍ ស្លៀកពាក់សុទ្ធតែរបស់ល្អៗ ក៏ទៅជាធំ​ចិត្តក្តៅក្រហាយ ស្អប់កូនស្រីរបស់ខ្លួន ឃើញមុខកូនពេលណាចង់តែយកកាំបិតមកកាប់ឲ្យដាច់កទាំង៣នាក់។ ពេលដាំស្ល ឆ្អិនហើយ នាំប្តីបរិភោគតែពីរនាក់ សល់បាយក្នុងឆ្នាំបន្តិចបន្តួច កូនទាំង៣នាំបងប្អូនកេះកាយស៊ី ខ្លះដេកលក់កែ្បរជើងក្រាន ខ្លះដេកលក់នៅលែ្វងផ្ទះខាងក្រៅ មូសខាំសុះពេលខ្លួន។  ពេលព្រឹកៗ  នាងនោះតាក់តែងខ្លួនប្រាណទៅស៊ីផឹកនៅឯផ្សារ​ជាមួយប្តីរាល់ថៃ្ង។  ថៃ្ងមួយប្តីបាននិយាយរំលឹកថា «​ បងមានសេចក្តីអៀនខ្មាស់មិត្តភ័ក្តខ្លាំងណាស់ ព្រោះអូនចេះតែតាមបងទៅ ស៊ីផឹកឯផ្សារ ដូចេ្នះបងសូមអង្វរចិត្តអូន​សូមនៅផ្ទះថែទាំ​កូនស្រីទាំង៣នាក់ចុះ»។ឮប្តីនិយាយយ៉ាងនេះ នាងនោះគិតថា «ប្តីអញគាត់ហ៊ឺហាណាស់ ពួកស្រីខូចក្នុងផ្សារស្គាល់គាត់ទាំងអស់។ បើអញបណ្តោយតទៅថៃ្ងមុខ គាត់នឹងបោះបង់អញពុំខាន។ គួរអញរកឧបាយ​សំលាប់កូនស្រីទាំង៣នាក់ចោល កុំឲ្យគាត់មានពាក្យចាក់ដោតថា ឲ្យអញនៅចាំផ្ទះព្រោះតែកូនឡើយ»។ លុះដល់ខែពិសាខមានភ្លៀងធ្លាក់ជោគជាំ នាងនោះនិយាយបញ្ឆោតកូនថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«កូនអើយ!កាលឪពុកឯងរស់នៅ តែដល់រដូវនេះហើយ គាត់តែងនាំម្តាយទៅសាបព្រោះស្រូវនៅត្រពាំងទឹក​ក្នុងព្រៃជិតជើងភ្នំមាន ខ្ទមលំហដេកចាំស្រូវ​សែ្អកនេះម្តាយនឹង​យកស្រូវពូជទៅសាបព្រោះ ចូរកូន​ទៅដេកចាំចាបព្រាបលលក កុំឲ្យស៊ីស្រូវ»​។ លុះព្រឹកឡើងនាងនោះនាំកូនចូលទៅក្នុងព្រៃរហោ​ឋាន​ជិត​ជើង​ភ្នំ យកស្រូវទៅបាចសាច ក្នុងត្រពាំង រួចផ្តាំកូនថា «នែហងរាល់គ្នា ត្រូវនៅចាំស្រូវទៅណាឆ្ងាយ កុំទៅផ្ទះ បើទៅអញវាយសំលាប់»។ ផ្តាំហើយនាងនោះទុកបាយឲ្យ១ចំអែតម្នាក់អង្ករ៣ចាន ពោតបួនដប់គ្រាប់ កូនឆ្នាំងដីមួយ​និងអំបិលប្រហុក​បន្តិចបន្តួចដោយគិតថា «យប់​នេះ​ខ្លាវានឹងមកខាំស៊ី បើមិនស្លាប់ដោយខ្លាស៊ី ក៏គង់ស្លាប់ ដោយអត់បាយពុំខាន»។ លុះផ្តាំកូន​ស្រេចហើយ ក៏ត្រឡប់មកផ្ទះវិញដេកចាំមើលប្តីមកពីរកស៊ី លុះប្តី មកដល់ក៏សួរថា «កូនស្រី៣​នាក់ទៅដើរលេងឯណាពុំឃើញមកផ្ទះ?» ប្រពន្ធប្រាប់ថា «ខ្ញុំប្រើឲ្យទៅចាំ ស្រូវជាមួយចាស់ទុំជា​ច្រើន លុះស្រូវទុំទើបវាត្រលប់មកវិញ»។

           ចំណែកកុមារីទាំង៣នាក់ នាំបងប្អូនយកគ្រប់ពោតទៅកប់តាមភ្លឺត្រពាំងពេលយប់នាំគ្នាឡើងទៅដេក លើខ្ទម លឺសូរតែមាត់ដំរី ចចក ស្វាន ស្វា ស្រែកទ្រហឹងអឺងកងពេញព្រៃស្មសាន។ នាងបង​មានសេចក្តីភិតភ័យញ័រខ្លួនដូចកូនសត្វ  ស្ទើរគ្មានព្រលឹងនៅក្នុងខ្លួនលួងប្អូនៗ  កុំឲ្យយំខ្លាចសត្វសាហាវ ទាំងនោះ វាមកខាំសម្លាប់។ គ្រានោះ អារក្ខទេវតាដែល​ឋិតនៅក្នុងព្រៃ​ស្មសានគិតថា «នាងម្តាយ ហេតុអ្វីក៏យកកូនតូចៗ មកប្រាស ចោលក្នុងព្រៃដូចេ្នះ បើអញមិនជួយកុមារទាំង​បី​នេះផងទេ មុខជាម្រឹគពាលយង់ឃ្នងស៊ីពុំខាន។ គួរអញ សង្គ្រោះកុមារទាំងនេះ​ទម្រាំផុត​ពេលរាត្រីនេះ ហើយអញនឹងក្រាបទូលសមេ្តចឥន្រ្ទាធិរាជ»។ គិតស្រេចហើយ អារក្ខទេវតាសមែ្តងឫទ្ធិ ស្រែកគំរាមពួកសត្វសាហាវឲ្យរត់ខ្ចាត់ខ្ចាយអស់ទៅ។ លុះព្រឹកឡើងក៏ចូល ទៅកាន់សំណាក់​ទេវរាជឈ្មោះ វរុណៈ នៅទិសឥសាន ដើម្បីឲ្យទេវរាជនេះ នាំដំណឹងទៅក្រាបទូល ព្រះឥន្រ្ទាធិរាជ។វរុណទេវរាជរំពឹងឃើញថា «ការនេះមិនចាំបាច់ទៅក្រាបទូលព្រះឥន្រ្ទាធិរាជទេ ព្រោះកុមារីទាំង៣នេះ ត្រូវក្លាយខ្លួនទៅជាសត្វបក្សី» ហើយបង្គាប់ថា ​«ត្រូវអ្នកឯងជួយការពារកុមារីទាំង៣​ឲ្យមធ្យ័តកុំឲ្យសត្វសាហាវបៀតបៀនបានទម្រាំវាក្លាយខ្លួនទៅជាសត្វ​ ។  បើវាឃ្លានអាហារត្រូវ​និមិ្មតជាត្រីក្រឹម ទន្សាយ ខ្យងខ្ចៅ ដាក់ក្នុងត្រពាំងមួយឲ្យវាស៊ីទៅ»។ អារក្ខទេវតាត្រលប់មកវិញ​ក៏ធ្វើតាមបង្គាប់វរុណទេវរាជ។  ឯកុមារីទាំងបីនាក់នោះនៅចាំស្រូវបានបីយប់បីថៃ្ង  ក៏អស់អង្ករបី ចានដែលម្តាយទុកឲ្យស៊ី   ប្អូនយំរកបាយស៊ី។  បងបានដើរទៅបេះស្លឹកថ្នឹង  ចូលទៅក្នុងថ្លុក​ក្តិចត្រួយត្រកួន និងដើមអំពៅដៀប យកមកចែកគ្នាស៊ី។ប្អូនបង្អស់ចេះតែស្រែកយំ។ បងក៏នាំគ្នាចុះ ទៅចាប់ត្រីក្រឹមទន្សាយធំមួយ បានមកប្រុងដុតស៊ី តែភ្លើងដែល ម្តាយបង្កាត់ទុកឲ្យរលត់​អស់ទៅ ក៏នាំបងប្អូនហែកស៊ីឆៅបន្តិចម្នាក់។ ប្អូនចេះតែយំកន្ទក់កនេ្ទញចង់ទៅផ្ទះ បងថាមិនហ៊ានទៅទេខ្លាចម៉ែវាយ តែប្អូនទាំង2ស្រែកយំខ្លាំងពេកបងទ្រាំពុំបានក៏នាំទៅផ្ទះ។

               ឯម្តាយកាលបើឃើញ​កូនស្រី​បណ្តើរគ្នាមកដូចេ្នះ ក៏មួរម៉ៅស្រែកជេរពីលើផ្ទះថា«មេកូនចង្រៃ!អញថា យកវាទៅប្រោសចោលឲ្យស្លាប់ព្រាត់ប្រាស់អស់ទៅ។ ឥឡូវមិនស្លាប់បែរ​ជានាំគ្នាត្រលប់​មកវិញ អញវាយសម្លាប់ឥឡូវហើយ អញមិនឲ្យហងឡើងផ្ទះសំបែងទេ»។នាងបងអង្វរថា«សូមអ្នកម្តាយ អាណិតកូន ផងចុះ ព្រោះប្អូនចេះតែយំឃ្លានបាយអត់ពីរបីថៃ្ងមកហើយ ស៊ីតែ​ស្លឹកឈើ​ជំនួយបាយ ភ្លើងក៏រលត់អស់ បើម៉ែមិនឲ្យកូននៅ កូនសូមតែអង្ករ និងភើ្លងត្រឡប់ទៅវិញ សូម​ម្តាយកុំធ្វើបាបកូន កូនសូមទោស»។ ឯកូនប្អូននិយាយប្រាប់ម្តាយថា «ម៉ែ ! បងចាប់​បានសាយ​ស៊ីអែត»។ ម្តាយលឺកូនប្រាប់ថា «ចាប់បាន ទន្សាយស៊ីឆែ្អត» ក៏រឹតតែមួរម៉ៅខ្លាំងណាស់ទៅទៀតជេរបញ្ចោរថា «មេកូនចង្រៃ ! វាបាទន្សាយចែកគ្នា ស៊ី មេ្តចមិនយកឲ្យអញស៊ីផង»។ និយាយ​តែប៉ុណេ្ណះ ក៏ស្ទុះទៅវាយកូនទាំងបីនាក់ ធាក់ច្រំបណេ្តញឲ្យទៅព្រៃវិញ របស់អ្វីបន្តិចបន្តួចក៏មិនឲ្យសោះ ប៉ងឲ្យតែស្លាប់បាត់បង់ទៅ។ គួរឲ្យអាសូរកុមារីទាំង3នាក់នោះពន់ពេក ម្តាយវាយបែក​ឈាមហូរ សស្រាក់ក៏នៅតែមិនបាត់វាចាថា «ម៉ែៗ!» ឥតដឹងថាម្តាយប្រុងសម្លាប់ខ្លួនចោល​សោះ ឯកុមារីប្អូនចេះតែអួតប្រាប់ម្តាយថា «បានសាយស៊ីអែតៗ» ។ ម្តាយលឺដូចេ្នះ​រឹតតែវាយ​ខ្លាំងថែម​ ទៀត នាងបងប្រឹងអូសទាញប្អូនទាំងពីរនាក់ទៅដោយគិតឃើញថាបើទ្រាំនៅមុខតែម្តាយ​សម្លាប់​​​​​​​​​​​​​​​​ មិនខានហើយ​   នាំគ្នាទៅនៅក្នុងខ្ទមដដែល   ដោយគ្រាំគ្រាដោយម្តាយវាយសំពងក៏សន្លប់​បាត់​ស្មារតីទាំងបីនាក់។

             អារក្ខទេវតា កាលបើឃើញដូច្នោះ ក៏យកទឹកមកប្រាះព្រំកុមារីទាំង៣នាក់ឲ្យមានស្មារតីឡើងវិញ។ កុមារីទាំងបីនាក់ លុះដឹងស្មារតីឡើងវិញ ស្រែកទ្រហោយំទាំងអស់គ្នា ឯនាងបងក៏ចុះ​ទៅចាប់​ត្រីក្រឹមទន្សាយ និងរាវរកខ្ចងមកហែកចែកបងប្អូនស៊ីជំនួសបាយជានិច្ចរាល់ថៃ្ង។ ត្រីនិងខ្ចង ខ្ចៅចេះតែមានមិនអស់   ព្រោះទេវតានិម្មិតអោយ កាលណាថៃ្ងក្តៅល្អ  ស្រង់មកហាលថៃ្ងឲ្យតែកៀ្រមៗ វាយបំបែកហែកចែកគ្នាស៊ីទៅ។ នាងបងនិយាយកៀកកប្អូនលួងលោមថា «អូនអើយ!យើងទាំង៣នាក់នេះ​  ពុំបានជួបមុខម៉ែទៀតទេ  ព្រោះគាត់មានប្តីថ្មីទៀតបានជាគាត់ស្អប់យើងហើយ​រករឿងសម្លាប់យើងចោល យើងកុំសង្ឃឹមថា មានជីវិតរស់នៅតទៅមុខទៀត ណាមួយសំ ពត់អាវមានតែមួយម្នាក់សំរាប់ស្លៀកដណ្តប់ ឥឡូវនេះដាច់អស់ហើយ។ តទៅមុខយើងនឹងរងារអោបក្បាលជង្គង់ ហើយនឹងអាក្រាតកាយនៅតែខ្លួនទទេ ដូចសត្វតិរច្ឆាន»។

             អំពីពោតដែលនាងបានដាំជុំវិញភ្លឺត្រពាំងនោះ បាន៣ខែមានផែ្លចាស់ខ្ចី សត្វជ្រូក ក្តាន់ ស្វាកំប្រុក ពុំហ៊ាន ទៅស៊ីឡើយ ព្រោះអារក្ខទេវតាតែងថែរក្សា នាងបងតែងទៅបេះយកមកបរិភោគជាមួយនិងត្រីក្រឹមទន្សាយ ហើយនិងខ្យងខ្ចៅ។ លុះបាន៦ខែ កុមារីទាំង៣នាក់​ស្រាប់តែដុះរោម​ចេញពេញខ្លួនដៃសងខាងដុះចេញទៅជាស្លាបទទះហើរទៅដល់ចុងឈើចាប់ប្រតោងបេះផែ្លឈើបានទាំងអស់គ្នា។  តែហើរទៅឆ្ងាយពុំរួច  បបូរមាត់ដុំចេញទៅជាចំពុះ។  រីឯមាត់និយាយភាសា​មនុស្សពុំកើត គ្រាន់តែដឹងខ្លួនថាខ្លួននៅជាមនុស្ស តែដល់និយាយទៅជាសំលេងសត្វតិរច្ឆានយូរៗទៅ កាន់តែហើរបានឆ្ងាយបន្តិចម្តងៗ  ព្រោះតាំងពីបបូរមាត់ដុះចេញទៅជាចំពុះ   មិនដែល​និយាយ​ភាសាមនុស្សសោះ តែបើមនុស្សនិយាយទៅរកអាចស្តាប់បាន។

               ឯប្តីចុងរបស់នាងជាម្តាយនៃកុមារីទាំងនោះ  តែងប្រព្រឹត្តិអំពើចោរកម្មជានិច្ច ថៃ្ងមួយអ្នកជិតខាងគេប្តឹងដល់រាជការៗក៏ចាប់យកទៅដាក់គុកអស់មួយជីវិតទៅ​។ ពេលនោះនាងជាម្តាយដេក​ព្រួយចិត្ត នឹកអាណិតដល់កូនកំសត់ទាំងបីនាក់ ដែលខ្លួនបានធ្វើទុក្ខបុកមេ្នញ ហើយដើរទៅក្នុង ព្រៃឃើញកូននៅរញង់ក្នុងខ្ទម ស្គាល់ច្បាស់ជាកូន ព្រោះមានទម្រង់ជាមនុស្សនៅឡើយ តែដុះស្លាប មានចំពុះ ដូចសត្វតិរច្ឆាន ក៏ស្រែកហៅថា ​​ «កូនអើយ ! ឥឡូវម្តាយមកទទួលកូនទៅវិញម្តាយលែងឲ្យកូននៅក្នុងព្រៃទៀតហើយ»។ កូនទាំងបីនាក់ឮមាត់ម្តាយហៅ ស្គាល់ជាក់ជាម្តាយក៏គិតថា «ម៉ែយើងមករកសម្លាប់យើងទៀតហើយ ត្រូវយើងកុំទុកចិត្តគាត់ យើងនាំគ្នាហើរទៅល្អជាង»។គិតដូច្នោះក៏នាំគ្នាហើរត្រសងទៅទំលើចុងឈើខ្ពស់មួយដើម ស្រែកប្រាប់មកម្តាយដោយ​​បំណងនិយាយថា «យើងផុតនិស្ស័យជាកូនលោកហើយ យើងទៅជាសត្វតិរច្ឆានល្អជាង អ្នកកុំ​មកជិតយើង»។​ ប៉ុនែ្តសំដីដែលស្រែកប្រាប់មកម្តាយនោះ មិន​ច្បាស់លាស់​ជាសំដីមនុស្សទេ ទៅ​ជាស្រែកថា «កូនលោកៗ» ម្តាយចេះតែដើរស្រែកហៅកូនទាំងតែអស់កំលាំងដើរពុំរួច ណាមួយ​អស់អាហារបរិភោគផង ក៏ដួលស្លាប់ទៅ។

              នៅប្រទេសកម្ពុជា សត្វនេះវាតែងតែហើរមករើសខ្ចងខ្ចៅស៊ីតាមវាលស្រែ កែ្បរជើងភ្នំ ឬព្រៃ​ស្រោង កាលណាវាផ្អើលនឹងមនុស្សឬសត្វដូចគ្នា វាស្ទុះហើរស្រែកយំលឺថា កូនលោកកូនលោក!លុះរាត្រីស្ងាត់វាថ្ងួចថ្ងូរមុខគួរឲ្យស្រណោះពន់ពេក។

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!​​​​


EmoticonEmoticon