ពោធិកំបោរឈរជិតមាត់បង្អួចយ៉ាងស្ងៀមស្ងាត់ក្រសែចក្ខុសម្លឹងមើល ពពក ដែលបន្លាយជើងភ្នាយកាត់ទទឹងមេឃ សឹងជាប្រផ្នូលអាក្រក់សំរាប់ស្រុកទេស។ មេបដិវត្តន៍ឱនមុខជ្រប់ គាត់ដកដង្ហើយធំឮសូរឃូរ ! ទន្ទឹមនឹងគំនិតដល់វាសនានៃប្រទេសជាតិ។ ឱ!… មាតុភូមិខ្មែរ ដែលអោយកំណើតកើតជាដល់រូបអញមកប៉ុណ្ណេះ មិនគួរបើនឹងសសៀរទៅរកហាយនភាព ដោយសារតែហ្លួង លង់នឹងរាជសម្បត្តិចាត់ទុកបារាំងជាតិសាសន៍ដទៃជាអាណាព្យាបាលអ៊ី ចឹងសោះ។ រំពេចនោះ ស្នូរគោះទ្វារបន្លឺឡើង ពោធិកំបោរងាកក្រោយ ព្រមជាមួយនឹងពាក្យថា៖- សូមអញ្ជើញចូល !ដំណាលគ្នានឹងកន្ទុយពាក្យនេះ ទ្វាររបើកសន្សឹមៗ លេចមុខអ្នកជើងការពិសេសម្នាក់ ដើរតម្រង់មកសម្ដែងការគួរសមរួចរ៉ាយរ៉ាប់ប្រាប់ដំណឹងនានា។- លោកអាចារ្យ !…សម្ដេចស៊ីសុវត្ថិ មកតាំងទ័ពនៅពាមមង្គលហើយ មិនត្រឹមតែប៉ុណ្ណឹងទេ ហ្លួងនរោត្តមបានយាងមកសាកសួរសុខទុក្ខ និងពិគ្រោះគ្នាជាមួយព្រះអនុជពីបញ្ហាលោកអាចារ្យផង។គ្រាន់តែសេនាជនរាយការណ៍ចប់ភ្លាម ពោធិកំបោរបន្សាត់ខ្សល់ដង្ហើយយ៉ាងវែង ហាក់កុំអោយតឹងទ្រូងខ្លាំងពេក។ គាត់មិនរារែកនឹងកិច្ចការរំដោះដែនដីពីដៃអាណានិគមនិយមបារាំង សែស ដែលត្រូវជើងគ្នាជាមួយហ្លួងនោះទេ។ អាចារ្យលាក់អ្នកគិតគូរឃើញវែងឆ្ងាយក៏កាន់ តែយល់ច្បាស់ថា រឿងដេញបារាំងចេញពីស្រុក ចោទជាបញ្ហាធ្ងន់ឡើង ព្រោះស្ដេចគាំទ្របរទេសយ៉ាងពេញទំហឹងដូច្នេះទៅហើយ តើបេសកកម្មយើងត្រូវលំបាកប៉ុនណា។ ពោធិកំបោរប្រើគំនិតពិចារណាអស់មួយសន្ទុះស្រាប់តែភ្លាត់មាត់ឧទាន ហាក់ពុំដឹងខ្លួន ៖ - យើងជាកូនខ្មែរពូជអ្នកចម្បាំងធ្លាប់ជាញជ័យ ចាំបាច់ការពារទឹកដីទុកជាកេរ្ដិ៍អោយគង់វង្សរៀងរហូតតទៅ។ជាបន្ទាន់នោះ អាចារ្យលាក់ងាកមកនិយាយនឹងអ្នកជើងការពិសេស។-ចូរប្អូនឯងទៅប្រាប់មេកង ក្រុមពួកទាំងអស់ អោយចូលមកកាន់រោងជំនុំភ្លាម។អ្នកនាំពាក្យគោរពលាចេញបានមួយស្របក់ រោងជំនុំចំហទ្វារចាំទទួលមនុស្សម្នាជាហូរហែ ត្រាតែពេញស្ទើរ នឹងរកកន្លែងអង្គុយគ្មាន។ ពោធិកំបោរចាប់បើកសម័យប្រជុំមួយរំពេច។-បងប្អូនរួមឈាមជាទីស្នេហាទាំងឡាយ! ជាដំបូងខ្ញុំមានកិត្តិយសសូមជំរាបនូវដំណឹងមួយ។ ឥឡូវនេះសម្ដេចស៊ីសុវត្ថិបោះទ័ពនៅពាមមង្គល ហើយហ្លួងនរោត្ដមក៏យាងមកជំនុំគ្នាពីរឿងយើងក្នុងទីនោះដែរ។ ខ្ញុំជឿជាក់លើទឹកចិត្តបងប្អូនថា យើងឥតខ្លាចរអាទ័ពហ្លួង និងអាណានិគមនិយមបារាំងទេ តែស្ដាយត្រង់កងកំលាំងយើងមិនដល់គេ តើបងប្អូនគិតយ៉ាងណាទៅវិញ?។ខណ:នោះ មេក្រុមម្នាក់ឋិតក្នុងវ័យពាកកណ្ដាលមនុស្សឡើងបញ្ចេញយោបល់- សូមគោរពលោកអាចារ្យនិងអង្គប្រជុំទាំងមូល ខ្ញុំយល់ឃើញថា យើងត្រូវខិតខំប្រមូលកងទ័ពត្រាតែបាន គ្រប់គ្រាន់ដើម្បីកុំអោយចាញ់ប្រៀបសត្រូវ!។បន្ទាប់មក យុទ្ធជនជើងចាស់ម្នាក់ជំរាបអាចារ្យលាក់យ៉ាងសមហេតុផល។- បើនិយាយតាមក្បួនសឹក ដោយភូមិសុរិល និងពាមមង្គលនៅជិតគ្នាពេក យើងចាំបាច់ចាកចេញឆ្ងាយពីនេះសិន ទើបអាចនឹងសំរេចគម្រោងការឯទៀតៗបានដូចបំណង។មេកងម្នាក់លើកដៃនិយាយគាំទ្រ។- យោបល់បងប្អូនទាំងពីរត្រឹមត្រូវណាស់ ខ្ញុំគ្មានពាក្យអ្វីនឹងជំទាស់ទេ គ្រាន់តែសូមឆ្លៀតយកឱកាសនេះបញ្ជាក់ ជូនអង្គប្រជុំបន្តិចថា បើយើងនៅភូមិសុរិលតទៅទៀតបញ្ហាជ្រើសរើសពួកពលពិបាកដោះស្រាយ ណាស់ ព្រោះថា អ្នកស្រុកភូមិជិតៗនេះ ចុះចូល នឹងសម្ដេចស៊ីសុវត្ថិអស់ច្រើនដែរ។ ម៉្យាងទៀតស្ដេចចង់លើកទ័ពមកវាយប្រហារយើងថ្មើរណាក៏បាន ដោយសារតែទីតាំងនៅជិតគ្នានេះហើយ ដែលជាផលអាក្រក់គួរជៀសវាងអោយផុត។ពោធិកំបោរញញឹមបន្តិច ទន្ទឹមនឹងវាចារំពងសាយពេញរោងជំនុំ ។អរគុណចំពោះបងប្អូនគ្រប់គ្នា ដែលបានអោយយោបល់ល្អៗ ដល់អង្គប្រជុំ ! ដើម្បីកុំអោយខាតពេលច្រើនខ្ញុំមូលសួរថាតើមានបងប្អូនណាយល់ទាស់ ទេ ?។ឋិតក្នុងសភាពស្ងាត់ស្ងៀមមួយសន្ទុះទើបពោធិកំបោរសំរេចសេចក្ដី។
ទឹកចិត្ដពោធិកំបោរ
- បងប្អូនស្របចិត្តគំនិតគ្នាតែមួយអ៊ីចឹងហើយ ខ្ញុំនឹងចាត់ការតាមក្រោយតទៅ។ សូមទេវតាទាំងមួយម៉ឺនលោកធាតុ និងវត្ថុសក្ដិស័ទ្ធិទាំងអស់ក្នុងក្រុងកម្ពុជាធិបតី ជួយថែរក្សាយើងខ្ញុំរាល់គ្នា ដែលមានគោលបំណងដ៏ធំចម្បង គឺការពារជាតិសាសនា និងមាតុភូមិខ្មែរ អោយបានសំរេចសមតាមចិត្ត ប៉ុនប៉ងប្រាថ្នាតរៀងទៅកុំបីឃ្លៀងឃ្លាតឡើង។ ខ្ញុំសូមស្រែក ប្រកាសយកជ័យថា ជយោកងកំលាំងខ្មែរស្នេហាជាតិដ៏មុះមុត! បរាជ័យបរទេសឈ្លានពាន និងបរិវារវាគ្រប់ជាន់ថ្នាក់!។ សំរែកជយឃោសនេះ ត្រូវបានមេកង ក្រុម ពួកនាំគ្នាជួយបន្ទរតាមក្រោយ ចោលសំលេងខ្ទ័រខ្ទារប្រៀបបានទៅ នឹងសន្ធឹកផ្គរលាន់គម្រាមមេឃ។
យោលទៅតាមការសំរេចរបស់អង្គប្រជុំ អាចារ្យលាក់ក៏នាំស្ម័គ្របក្សពួក ដោះចេញពីភូមិសុរិល ខេត្តត្បូងឃ្មុំ ឡើងដល់ខេត្តក្រចេះ រួចឆ្លងទៅកាន់ខេត្តកំពង់ស្វាយទៀត។ នៅទីនោះពោធិកំបោរតែងតែដើរពន្យល់ក្រមការ និងរាស្រ្ដអោយយល់ច្បាស់ពីបញ្ហាប្រទេសជាតិ ដែលត្រូវអាណានិគមនិយមបារាំងសែស ចូលមកជិះជាន់ ព្រោះតែ ហ្លួងបាក់បបខ្លបខ្លាចអំណាចបរទេសនេះដែរ។ មួយថ្ងៃៗគ្រូពៅហៅអាចារ្យលាក់ប្រតិស្ឋនាមថាពោធិកំបោរ ដោយមានសេនាជំនិតបួននាក់រួមដំណើរជាអង្គរក្សផង តែងត្រាច់រង្គាត់គ្រប់ច្រកល្ហក ដើម្បីនិយាយបញ្ចុះបញ្ចូលយកស្ម័គ្របក្សពួក អោយបានច្រើនគ្រប់គ្រាន់ នឹងសេចក្ដីត្រូវការ។ ពេលដែលនគរយើង កំពុងតែធ្លាក់ចុះទៅក្នុងកណ្ដាប់ដៃអាណានិគមនិយមបារាំង បងប្អូនរួមក្រសែលោហិតខ្មែរទាំងអស់ ចាំបាច់ត្រូវតែប្រមូលកំលាំង វាយប្រហារកម្ចាត់សត្រូវឈ្លានពានចេញពីទឹកដីកេរ្ដិ៍ដូនតាយើង កុំទុកនៅដល់ម្នាក់ឡើយ។ បើរួបរួមសាមគ្គីគ្នាជាធ្លុងមួយហើយ យើងនឹងបានទទួលជោគជ័យលើពួកមារសត្រូវមិនខាន សូមបងប្អូនជឿជាក់នឹងទុកចិត្តចុះ! បុរសចំណាស់ម្នាក់ដើរវែកគេឯងមកឈរខាងមុខ ព្រមទាំងបញ្ចេញសម្ដីតាមរបៀបចាស់ទុំ។
ថ្វីដ្បិតតែចំណាស់ប៉ុណ្ណោះហើយក៏ដោយ ក៏តាស្ម័គ្រចិត្តចូលជាកងកំលាំងនឹងចៅៗ ជំនាន់ក្រោយដែរគឺតស៊ូយ៉ាងម៉េចអោយតែបារាំង ចេញផុតពីស្រុកខ្មែរយើង ទើបបានតាស្វែងទៅរកធម៌អាថ៌ជាខាងក្រោយ។
មាណពម្នាក់ក្ដាប់ដៃលើកឡើងលើ សឹងប្រកបដោយទឹកចិត្តអង់អាច។ ខ្ញុំប្ដេជ្ញាថា បម្រើជាតិ សាសនា និងមាតុប្រទេសដរាបដល់ជីវិតសូន្យបង់ បរទេសណាហ៊ានប្រមាថខ្មែរពិតជាសត្រូវធំបំផុតរបស់ខ្ញុំ ដែលមិនអាចទ្រាំអោបដៃនៅស្ងៀមបានឡើយ។
- លោកអាចារ្យ !(ជនមួយរូបឧទាន) បេសកកម្មដ៏ថ្លៃថ្លារបស់លោក ត្រូវកូនខ្មែរកត់ត្រាទុកក្នុងក្រអៅបេះដូង គ្មានភ្លេចមួយដង្ហើមទេ។ ស្លេះទុកអោយពោធិកំបោរ និងប្រជារាស្រ្ដខ្មែរស្នេហាជាតិប្ដូរយោបល់គ្នាទៅវិញទៅមកចុះ ព្រោះនៅម្ខាងព្រៃឆ្ងាយឯណោះមានការប្រជុំជាសំងាត់មួយ តើគេជំនុំគ្នាពីរឿងអ្វី? ក្រមការម្នាក់ ហស់ជ្រុលបន្តិចហើយ សក់ស្កូវព្រោងតែកំលាំងកំហែងដូចជាមាំមួនមិនចាញ់ក្មេងស្រករក្រោយ ប៉ុន្មានទេ។ គាត់ដឹកនាំកិច្ចប្រជុំនេះឡើង ដោយមានវាចាជាអាទិ៍ថា៖
- អស់លោក និងបងប្អូនទាំងអស់គ្នាស្ដាប់ខ្ញុំអោយមែនទែន ពោធិកំបោរនេះ ខ្ញុំធ្លាប់ស្គាល់ច្បាស់ណាស់ វាឈ្មោះពៅទេហើយមានកំណើតកើតជា ក្នុងស្រុកកំពង់ស្វាយនេះតែម្ដង។ ពីដើមមិញវារកស៊ីធ្វើគ្រូហ្មមើលជម្ងឺនិងចេះអូមអាមល្បីថា ពូកែដែរ។ ស្រាប់តែវាដើរចោលស្រុកសាត់អន្រ្ដាត់ សែងអន្រ្ដែង បាត់ជាងមួយឆ្នាំជិតពីរឆ្នាំហើយ ដល់ឥឡូវនេះ វាតាំងខ្លួនជាពោធិកំបោរបែបគ្រាន់បើសម្បើមណាស់។ បងប្អូនដឹងទេសព្វថ្ងៃវាកំពុងតែដើរបញ្ចុះបញ្ចូលកៀរកូរប្រមូល យកពួកពលអោយបានច្រើន ដើម្បីវាយបារាំងសែស ដែលគេចូលមកជួយទំនុកបំរុងនគរយើងតាមច្បាប់ត្រឹមត្រូវ ពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង។ - បើដូច្នេះមិនបានសេចក្ដី វាក្បត់នឹងព្រះវាជបល្ល័ង្កទេឬ? ។បុគ្គល់ម្នាក់គំនិតខ្លីមុជមិនជ្រៅទៅមិនឆ្ងាយប្រញាប់លើកដៃ ប្រណម្យក្រមការចំពោះ ចំណាស់នោះបន្តិច រួចតម្លើងសំលេងទាំងទទឹងទិស។- ពិតដូចពាក្យលោកមានប្រសាសន៍មែន ពោធិកំបោរចងរំលំព្រះរាជបល្ល័ង្កហើយ។ បើមិនអ៊ីចឹងទេវាចាំបាច់ទៅដេញបារាំងចេញពីស្រុកធ្វើអី ដឹងហ្លួងសព្វព្រះទ័យហៅរកគេអោយមកជួយមើលការខុសត្រូវក្នុងនគរ ទេ។ នេះបានចំជាមនុស្សពាល ចិត្តចាងអាងកំលាំងបាយ ពុំគិតអ្វីវែងឆ្ងាយសោះ ទាល់តែមានឈ្មោះជារាជសត្រូវដូច្នេះទើបសមមុខ។អ្នកបាទម្នាក់ទៀតខាំមាត់បត់ដុំដៃ ទ្រង់ខឹងសម្បារមិនតិចទេ គេបញ្ចេញខ្យល់ទោស តាមច្រមុះឮសូរ។- ហ៊ឹះ ពោធិកំបោរថ្លើមធំពាសមេឃដល់ម្លឹងផង យើងអត់ឱនអោយតទៅទៀតមិនបានទេ វីវរផែនដីនេះនឹងក្រឡាប់ ដោយសារតែមនុស្សម្នាក់ហ្នឹងមិនខាន។កាលបើឮអ្នកទាំងនោះនិយាយចូលធ្លុងមកជាមួយដូច្នេះ ក្រមការឈររលាក់សំណើចក្អាកក្អាយ- ហា៎! ហា៎ ពួកយើងសុទ្ធតែយល់ត្រូវទាំងអស់គ្មាន នរណាថាខុសទេ ពោធិកំបោរក្បត់នឹងព្រះករុណាជាម្ចាស់ផែនដីមែន ដូច្នេះយើងត្រូវតែរកល្បិចចាប់ខ្លួនវាយកទៅថ្វាយព្រះអង្គទ្រង់ វិនិច្ឆ័យទោសតាមព្រះច្បាប់។- ខ្ញុំមានយោបល់ជនចំណាស់ម្នាក់ស្រែកឡើង ព្រមទាំងលើកដៃភ្លែតហាក់ចង់និយាយណាស់។ ក្រមការចង្អុលអោយសញ្ញា ជាមួយនឹងពាក្យថាសូមអញ្ជើញតាមការគួរ-ជាដំបូង យើងត្រូវប្រមូលគ្នាតាំងពីរាជការ រហូតដល់រាស្រ្ដសាមញ្ញអោយបានច្រើន រួចធ្វើកលជាលើកទៅចំណុះចុះចូលនឹងពោធិកំបោរ កាលបើជួបជុំ និងបានឱកាសល្អហុចអោយហើយ យើងព័ទ្ធចាប់វាតែម្ដងទៅក៏ជាការស្រេច។លុះបានឮកលោបាយដូច្នេះភ្លាម មនុស្សម្នាក់មករួមប្រជុំក្នុងទីនេះទាំងអំបាលម៉ាន ក៏នាំគ្នាទះដៃអបអរសាទរជាពន្លឹក ខ្លះបញ្ចេញវាចាថាអ៊ីចេះអ៊ីចុះតាមតែចិត្តនឹកឃើញ។- ឧបាយនេះប្រសើរណាស់ ខ្ញុំសូមគាំទ្រទុកជាបានការហើយ បន្តិចទៀត នរណាក៏ទទួលស្គាល់ថ្វីដៃអ្នកស្រុកកំពង់ស្វាយដែរ។ មូលមាត់គ្នាដូច្នេះហើយ ជនទាំងនោះដើរសំដៅទៅរកស្ដាប់មើលជើងការខាងពោធិកំបោរជាបន្តប ន្ទាប់។ ឯមេបដិវត្តន៍ដែលដឹង មិនដល់ពោះវៀនបត់ចន្ទាសរបស់គេក៏ខិតខំទទួលរាក់ទាន់ដោយស្មោះ ស្ម័គ្រ។- អូ៎! សូមអញ្ជើញៗ បងប្អូន ថ្ងៃនេះបងប្អូនបានមករួមប្រជុំច្រើនជាងសព្វដងឆ្ងាយណាស់ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនដែលយល់ច្បាស់ពី បញ្ហាប្រទេសជាតិយើង។រកតែពោធិកំបោរបញ្ចប់ប្រយោគ អោយស្រួលបួលមិនទាន់ ក្រមការចំណាស់នោះនិយាយកាត់គួរអោយទុកចិត្តត្រឹមមាត់ក្រៅ។- ពួកខ្ញុំទាំងអស់ ពិតជាចុះចូលនឹងលោកអាចារ្យគ្មានចិត្តងាករេទៅខាងណាទេ ដើម្បីជាតិ សាសនានិងទឹកដីកេរ្ដិ៍ពីដូនតាយើង នៅគង់វង្សជាស្ថាពរតទៅ។អ្នកស្រុកម្នាក់ ដែលមានគំនិតវៀចវេរដែរ តែខំបញ្ចេញសម្ដីចាក់បណ្ដោយតាមគ្នា។- បើរួមរួមចងបាច់នឹងបងប្អូនទាំងអស់ ក្នុងស្រុកបានមុតមាំហើយ យើងច្បាស់ជាឈ្នះបច្ចាមិត្ត។ម្នាក់ទៀតហាឡើងរបៀបវាយអែបស៊ីអុក មិនសមទំនងតែម្ដង។- ខ្ញុំសុខចិត្តស្លាប់រស់ជាមួយលោកអាចារ្យហើយ។ពោធិកំបោរញញឹមញញែមទទួលសម្ដីអ្នកទាំងឡាយដោយពុំបាននឹកនាថា ជាកលោបាយរបស់គេទេ។- សូមអោយសេចក្ដីប្រាថ្នារបស់បងប្អូន ចូរបានជាទីសំរេចគ្រប់ប្រការ។ខណ:នោះ ក្រមការចំណាស់មិនសូវរវល់អើពើ នឹងយកត្រចៀកស្ដាប់ប៉ុន្មានទេ គាត់អាត់តែចោលភ្នែករកគ្នីគ្នា នឹងអាលចុះដៃសំរេចគម្រោងការសំងាត់។ ក្រឡេកមើលឆ្វេងស្ដាំ ឃើញស្ម័គ្របក្សពួកច្រើនក្រាស់ក្រែលធួនល្មមនឹងដណ្ដើមយកជោគជ័យ តាមគំនិតខ្មៅកខ្វក់របស់ខ្លួនហើយ ក្រមការនោះបានបញ្ចេញកាឡាសាភ្លាម។- ហៃម្នាលពោធិកំបោរ! យើងសុំប្រាប់ឯងអោយភ្លឺភ្នែកទៅ នៅក្នុងខេត្តខណ្ឌកំពង់ស្វាយនេះ គ្មាននរណាចំណុះចុះចូលឯង ដែលជាមនុស្សក្បត់នឹងព្រះរាជបល្ល័ង្កនោះទេ។បណ្ដាសេនាជំនិតរបស់ពោធិកំបោរទាំងបួននាក់ មានម្នាក់ឆ្លើយកាត់មួយរំពេច។- យើះ! អីក៏ខ្លាំងភ្លើងសម្បើមម្ល៉េះ កញ្ចាស់ត្នោតឯងចង់បំបែកបំបាក់ក្រុមអ្នកស្នេហាជាតិ អោយវិលទៅចូលដៃនឹងបារាំងឬ?។នាយជំនិតម្នាក់ទៀតសង្កៀតធ្មេញលាន់ក្រឹកៗ ដោយទឹកចិត្តក្ដៅក្រហាយឥតឧបមា។- តាកញ្ចាស់ឯងសង្ឃឹមផ្កាយលើមេឃទៅ មនុស្សយល់ត្រូវគ្មាននរណាសុខចិត្តធ្វើខ្ញុំកញ្ជះគេទេ។ក្រមការសើចចំអកយ៉ាងខ្ទ័រខ្ទារ ព្រមជាមួយនឹងសម្ដីចាក់ចុចគួរអោយឈឺចាប់។- ពួកឯងនៅខំត្រដរខ្យល់យកលេសអីទៀត បើគេដឹងស្នៀតថា ឯងក្បត់នឹងព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងទៅហើយ។- ហ៊ឹះ! ចុះត្រង់ហ្លួងបើកដៃអោយបារាំងចូលស្រុកខ្មែរនោះ ម៉េចក៏កញ្ចាស់ឯងមិនលើកយកមកនិយាយផង?។- ព្រះករុណាជាម្ចាស់ផែនដីនេះ នរណាជំទាស់នឹងព្រះរាជតម្រិះរបស់ព្រះអង្គ មានឈ្មោះថាជាមនុស្សក្បត់ពេញទី។- ស្អី ស្ដេចពផែនដីម្នាក់ឯងរួចឬ ?- ហា៎ ! ហា៎ !…ពួកឯងថ្លើមធំពាសមេឃអ៊ីចឹង អ្នកស្រុកកំពង់ស្វាយមិនអាចអោបដៃទល់ភ្នែកមើលបានទេ។ពោធិកំបោរនៅស្ងៀមស្ងាត់មួយសន្ទុះមកហើយ អត់ទ្រាំឈរចាំស្ដាប់តទៅទៀតមិនកើត គាត់ប្រញាប់លូកមាត់ចូលមកថា- លោកបង! ខ្ញុំសុំចិត្តកុំអោយនិយាយផ្ដេសផ្ដាសរបៀបហ្នឹង សូមលោកបងគិតគូរវែងឆ្ងាយបន្តិចមើល៍។ឥតបង្អង់ ក្រមការនោះបន្លឺសំលេងបញ្ជាជ្រែកអាកាសហាក់មានអំណាចខ្លាំងដៃសម្បើមណាស់- ចូរចាប់ពួកអាក្បត់អស់នេះភ្លាម!និមិត្តតែឮសំរែកដូច្នេះ សេនាជំនិតទាំងបួននាក់ដកអាវុធយកមកកាន់គ្រប់ដៃ ដោយប្រុងប្រៀបចំខ្លួនវាយប្រហារតទប់វិញ។ អ្នកស្រុកមួយចំនួនធំស្ទុះស្រចូលទៅ តែមានបានសំរេចដូចចិត្តឯណាមិត្តយើងរារាំងជាប់។ ក្បួនគុនដំបង ដាវ លំពែង ប្រជែងគ្នាយកឈ្នះចាញ់តែរៀងខ្លួន ចាប់ផ្ដើមឡើងចោលស្នូរគគ្រឹកគគ្រេង ជាភ្លេងលេងបទមរណ: កន្រ្ដាក់ដួងព្រលឹងអោយញាប់ញ័ររាល់រូប។ ទំនងជាចង់ឈ្នះឆាប់ក្រមការចំណាស់ខំស្រែកបន្ថែមទៀត។- ចោមចាប់ពួកអាក្បត់អោយមែនទែនប្រយ័ត្នវារត់រួចណា៎ !ទន្ទឹមគ្នានឹងកន្ទុយប្រយោគនេះ សេនាជំនិតម្នាក់ប្រដាប់ដោយកាំភ្លើងវែង បានកេះកៃបាញ់ក្រមការមួយគ្រាប់តែខុសស្រឡះគួរអោយស្ដាយ។
ពីដំបូងទីពោធិកំបោរហាក់គ្មានចិត្តនឹងចូលប្រឡូកកាប់សំលាប់ អ្នកស្រុក ដែលតាំងខ្លួនជាគូប្រឆាំងនោះទេ តែទ្រាំបណ្ដោយអោយអង្គរក្សទាំងបួននាក់ទទួលប្រយុទ្ធ ដោយលំបាកភ្នែកដូច្នេះមិនកើត គាត់ហូតដាវខ្វាក រ៉ាប់រងមុខអាវុធបច្ចាមិត្តមួយរំពេច។ ខ្មាំងម្នាក់មាឌធំដំបូងធាក់ដីបំផ្លោងអាត្មាហក់ចូលមកដោយស្រែក ឡើង
- ពេលចនេះ យើងលេងកំពោធិកំបោរឯងអោយដឹងដៃកំលោះកំពង់ស្វាយហើយ។
ពុំមែនស្រដីតែមាត់ទេ គេវាត់មួយដាវសំដៅក្បាលពោធិកំបោរយ៉ាងចាស់ដៃ មេបដិវត្តន៍ភ្នែកវៃ និងមានកាយវិការរហ័សដូចផ្លេកបន្ទោរ គាត់មុជផុតស្រឡះ រួចកាប់សងទៅវិញភ្លាម។ នៅក្នុងពេលដំណាលគ្នានោះ តើនរណានឹកស្មានដល់ថា មានមនុស្សម្នាក់ លបសឡេះអាចារ្យលាក់ពីក្រោយខ្នង ដោយប្រើស្នៀតដាវសាហាវវិស័យសន្ទុះព្យុះព្យោមាជ្រុច។ អ្ហា៎!.. ពោធិកំបោរ ចេះវិជ្ជាស្ដាប់សូរប្រាកដប្រជា គាត់ចាក់តាមប្រឡោះភ្លៀកទៅក្រោយ ត្រូវចំពោះទឹកអ្នកចូលចិត្តលេងល្បិចអាក្រក់ ខ្ពុរឈាមចេញ មកភលៗឡើងក្រហមច្រាលឆ្អៅ ជនពាលដួលប្រកាច់វក់វីទម្រាំតែដាច់ខ្យល់ស្លាប់រមូរនបនៅមួយ កន្លែង។
ឆាកប្រយុទ្ធចេះតែប្រព្រឹត្តទៅមុខជាដរាប ដោយក្រមការនិងបណ្ដារាស្រ្ដនាំគ្នាទាំងហ្វូងៗ មកបង្កើនកំលាំងតស៊ូថែមទៀត ពោលគឺបាត់បង់ជីវិតម្នាក់សឹងថា កើតមកវិញដប់ម្កៃ ទីបំផុត គេព័ទ្ធចាប់បានពោធិកំបោរ និងសេនាទាំងបួននាក់ រួចនាំយកទៅថ្វាយហ្លួង ទើបតែដល់ពាក់កណ្ដាលផ្លូវពោធិកំបោរឈឺចិត្តអត់អាហារ អនិច្ចកម្មទៅប្រកបដោយវិរភាពឧត្តុង្គឧត្តម គួរអោយស្ងើចសរសើរយ៉ាងក្រែលេង។ នៅក្នុងខែធ្នូ គ.ស. ១៨៦៧ គ្រូពៅហៅអាចារ្យលាក់ អ្នកសិល្ប៍ប្រតិស្ឋនាមថា ពោធិកំបោរបានចែកឋានទៅ ក្រោមការស្រណោះស្រណោកសោកស្ដាយនៃស្ម័គ្របក្សពួកនិងប្រជារាស្រ្ដ ខ្មែរ ដែលស្នេហាប្រទេសជាតិមាតុភូមិពិតប្រាកដ និងយល់ច្បាស់ពីពលិកម្ម ដ៏ថ្លៃថ្លាបំផុតរបស់វិរបុរសរូបនេះ។
ផ្ទុយទៅវិញក្រមការនឹងបណ្ដារាស្រ្ដខ្លះ ក្នុងខេត្តកំពង់ស្វាយបានសំរេចកាត់ក្បាលពោធិកំបោរនាំទៅថ្វាយ ព្រះករុណាឯក្រុងភ្នំពេញ យកគាប់គួរ។ វាសនានៃសេនាទាំងបួននាក់ ត្រូវហ្លួងដាក់ទោសប្រហារជីវិតបង់។ រីឯក្បាលពោធិកំបោរវិញ ស្ដេចផែនដីត្រាស់បញ្ជាអោយសែងបណ្ដើរអាក្រោសតាមផ្លូវធ្លាផ្សារបី ថ្ងៃ ហើយយកទៅដោតចោលនៅជិតផ្លូវវាលបឹងតេជោ ដើម្បីគម្រាមកំហែងស្មារតីអ្នកស្នេហាជាតិឯទៀតៗកុំអោយងើបឡើងរួច ។
នយោបាយបារាំងបំបាត់ចោលវីរបុរសខ្មែរតាំងពី «អាចារ្យស្វា» រហូតដល់ «ពោធិកំបោរ» នេះទៀតក៏ស្ដេចនៅតែមាន ជំនឿនិងទុកចិត្តលើបរទេសដដែល។ ត្រាតែដល់បារាំងឡោមវាំង «ចតុម្មុខ» នៅថ្ងៃទី ១៧មិថុនា គ.ស ១៨៨៩ ទើបហ្លួងន:រាត្តមបានភ្លឺព្រះនេត្រខ្លះ ព្រោះសន្ធឹសញ្ញាចុះថ្ងៃទី១៨មិថុនា ឆ្នាំ១៨៨៤ ស្ដេចបានឡាយព្រះហស្ដលេខា ប្រគល់អំណាចចាត់ចែង កិច្ចការរដ្ឋទាំងខាងក្នុង ក្រៅទៅអាណានិគមនិយមបារាំងសែសទាំងអស់។ តើប្រជារាស្រ្ដខ្មែរនាសម័យនោះត្រូវរងទុក្ខវេទនាខ្លោចផ្សា ដូចម្ដេចទៅ បើឋិតនៅក្រោមនឹមដែករបស់បរទេសបែបនេះ? ខ្មែរមិនស្លាប់មួយក្រឡាទេ ខេមរកុលបុត្រ កុលធីតាខិតខំរើបំរះរហូតដល់ទទួលឯករាជ្យពេញបរិបូណ៌នៅថ្ងៃ៩ វិច្ឆិកា ១៩៨៣។ ពិសេសជាងនេះទៅទៀតគំនិតបដិវត្តន៍របស់ «ពោធិកំបោរ» ពុំសាបសូន្យឡើយកូនខ្មែរជាញជ័យលើរបបរាជានិយមចាស់គម្រិល ហើយយើងកំពុងតែរួបរួមគ្នាស្ថាបនាសាធារណរដ្ឋខ្មែរអោយរុងរោចន៍ ចីរកាលតទៅ ។ សូមវិញ្ញាណក្ខន្ធ «ពោធិកំបោរ» បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon