ដើម្បីស្វែងយល់ពីពិធីនេះ គប្បីត្រូវដឹងថា នាដើមសតវត្សរ៍ទី ១ នៃគ្រិស្តសករាជ ខ្មែរយើងបានទទួលឥទ្ធិពលនៃវប្បធម៌ក្លិង្គដែលមានព្រហ្មញ្ញសាសនា និងពុទ្ធសាសនាជាមូលដ្ឋាន ។ ដូច្នេះក្នុងបរិស្ថានវប្បធម៌សំស្ត្រឹត ជនជាតិខ្មែរយើងបានផ្លាស់ប្ដូរទម្រង់វប្បធម៌របស់ខ្លួនបន្តិចម្ដងៗ ពីពិធីកប់សពទៅពិធីបូជាសព ដូចដែលបានកត់ត្រាទុកក្នុងកំណត់ហេតុចិននាសម័យបុរាណ ។
តាមកំណត់ហេតុចិន បានឲ្យគេដឹងថា ខ្មែរយើងបូជាសពដោយមានវត្តមានរបស់ព្រះភិក្ខុសង្ឃ មិនខុសពីប្រពៃណីដែលខ្មែរប្រារព្ធនៅក្នុងពេលបច្ចុប្បន្នប៉ុន្មានទេ ។ ពេលឪពុកម្ដាយទទួលមរណភាព កូនចៅអត់បាយទឹក ៧ ថ្ងៃ ។ ពួកគេកោរសក់ដើម្បីកាន់ទុក្ខ ហើយទ្រហោយំផង ។ ក្រុមគ្រួសារបាននិមន្តព្រះសង្ឃនិងព្រះភិក្ខុនីមកសូត្រធម៌ ហើយហែក្បួនសពទៅកាន់កន្លែងបូជា ដោយមានភ្លេងខ្មោចលេងកំដរ ។ សពត្រូវបូជាក្នុងបច្ឆាសង់ដោយឈើក្រអូប ។ ក្រោយពីបូជាព្រះភ្លើងរួច គេរើសធាតុដាក់ក្នុងកោដ្ឋធ្វើអំពីដីដុតដោយមានលាបពណ៌ផ្សេងៗឬមាស បើអ្នកស្លាប់នោះជាព្រះរាជវង្ស នុវង្ស ឬជាព្រះមហាក្សត្រ ។
ឯកសារខាងលើនេះ បានបញ្ជាក់នូវចំណាស់នៃទំនៀមទម្លាប់ដុតខ្មោចនាសម័យនគរភ្នំ ក៏ប៉ុន្តែបញ្ហាដែលចោទឡើងនៅទីនេះ គឺហេតុដូចម្ដេចបានជាខ្មែរនាសម័យនគរភ្នំបូជាសពខុសពីបុព្វការីជនរបស់ខ្លួនដែលនិយមកប់សពច្រើនជាងបូជាទៅវិញ ។
បណ្ឌិតមីសែល ត្រាណេ ជាអ្នកស្រាវជ្រាវលើឯកសារជាច្រើនបានបញ្ជាក់ថា តាមទ្រឹស្ដីអំពីព្រលឹងឬវិញ្ញាណ ជនជាតិខ្មែរបុរាណជឿថា ក្រោយពីស្លាប់វិញ្ញាណនឹងចាប់បដិសន្ធិឡើងវិញ ។ ជំនឿនេះសមស្របនឹងលទ្ធិព្រហ្មញ្ញាសាសនា ។ គេជឿថា វិញ្ញាណមនុស្សឬអាត្ម័នក្រោយពីមរណភាពអាចនឹងវិវត្តន៍ឡើងទៅជួបប្រទះ នឹងវិញ្ញាណនៃលោកទាំងមូលឬព្រាហ្មណ៍ តាមរយៈព្រះអគ្គីដែលដុតកម្ដៅជម្រះធាតុទាំង ៥ ដែលមានក្នុងខ្លួនប្រាណរបស់បុគ្គលនីមួយៗ ។ អាស្រ័យហេតុនេះហើយ បានជាខ្មែរទាំងព្រាហ្មណ៍ទាំងពុទ្ធសាសនា និយមបូជាសពនឹងព្រះភ្លើង ។
លោកមីសែល ត្រាណេ បានបញ្ជាក់ថា អ្វីដែលពោលខាងលើនេះមិនមែនមានន័យថា ខ្មែរសម័យក្លិង្គចូលស្រុកមិនចេះបូជាសពនឹងភ្លើងទេ ។ តាមការពិត ជនជាតិខ្មែរបានប្រារព្ធធ្វើរួចហើយ ប៉ុន្តែគ្រាន់តែមិនទាន់មានលក្ខណៈទូទៅ ។ គេចូលចិត្តកប់សពច្រើនជាងដុតសព ។
តាមរយៈនៃការវិវត្តន៍នៃប្រវត្តិសាស្ត្របានឲ្យគេសន្និដ្ឋានថា ការដុតសពទាក់ទិននឹងជំនឿលើភ្លើង ដែលមានលក្ខណៈជាសកល ។
ភ្លើងជាធាតុមួយដែលមានលក្ខណៈពិសិដ្ឋ ដោយហេតុថាវាជាប្រភពនៃជីវិត ។ តាមគម្ពីរវេទ គឺធាតុភ្លើងនេះ ហើយដែលកម្ដៅលោក បង្កើតលោកទ្រទ្រង់លោកពីភាពឆៅទៅភាពឆ្អិន ពីល្ងង់ទៅភាពភ្លឺស្វាង ពីអវិជ្ជាទៅអរិយភាព ៘ ដូច្នេះហើយបានជាព្រាហ្មណ៍គោរពបូជាភ្លើងដោយតាំងឈ្មោះថា អគ្គី ។ នៅពេលដែលបុព្វបុរសខ្មែរចាប់ផ្ដើមកាន់ព្រហ្មញ្ញសាសនា គេឲ្យឈ្មោះភ្លើងថា ព្រះអគ្គី ក៏ប៉ុន្តែសម័យមុនប្រវត្តិសាស្ត្រគេហៅថា ថ្ងៃ ។ ហើយការដែលខ្មែរប្រើពាក្យអាទិត្យដែលជាភាសាសំស្ត្រឹតជំនួសថ្ងៃ អាចធ្វើឲ្យគេមានភាពងាយស្រួលក្នុងការស្វែងយល់ពីអត្តន័យរួម ។
អ្នកប្រាជ្ញខ្មែរសម័យបុរាណបានស្វែងយល់ថា : ខ្លួនប្រាណរបស់បុគ្គលមនុស្សជាការផ្សំផ្គុំរវាងធាតុទាំង ៥ ទឹក, ដី, ខ្យល់, ភ្លើងនិងវិញ្ញាណ ឬអាត្ម័ន ហើយក្រោយពីស្លាប់ ធាតុទាំង ៥ នេះ ត្រូវត្រឡប់ទៅកាន់ប្រភពដើមវិញសម្រាប់ជីវិតអមតៈ គឺព្រាហ្មណ៍ ។ ព្រាហ្មណ៍ គឺស្ថិតនៅទីខ្ពស់បំផុត ដែលជាទីផុតរំដោះទុក្ខ ។ ដូច្នេះដើម្បីអាត្ម័នអាចនឹងទៅកាន់អមតៈ គេត្រូវបំពេញនូវពិធីបូជាភ្លើងដើម្បីសម្អាតសពស្មោគគ្រោកទៅកាន់បរលោក ។
ការវិភាគពាក្យភ្លើង អាចនាំមកនូវសេចក្ដីបំភ្លឺខ្លះដែរទាក់ទិននឹងជំនឿសាសនាខ្មែរ ។ ពាក្យភ្លើងអាចកើតចេញពីពាក្យឡើង គឺអ្វីដែលត្រដែតឡើងពីក្រោមឡើងទៅលើ ។ ពីឋានមួយទៅឋានមួយ ។
តាមរយៈអត្ថន័យនេះ យើងអាចសន្និដានថា ភ្លើងមិនត្រឹមតែនាំមកនូវថាមពល កម្លាំងពលំ គឺនាំមកនូវគ្រឿងបូជាយញ្ញ ដូចជាសពទៅកាន់អាទិទេព ឬព្រាហ្មណ៍ថែមទៀតផង ក្រោយពីដុតសម្អាតភាពស្មោគគ្រោកឲ្យវិនាសអស់ ។ ដូចនេះ ពិធីបូជាសពរបស់ជនជាតិខ្មែរមានអត្ថន័យស៊ីជម្រៅ ពុំំមែនជាជំនឿអកុសលគ្មានខ្លឹមសារទេ ហេតុនេះហើយបានជាជនជាតិយើងនៅតែប្រារព្ធមិនដាច់តាំងពីបុរាណកាលរហូតដល់សព្វថ្ងៃ ៕
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon