ជាទូទៅគេធ្លាប់ដឹងឮពីកិត្តិនាមសម័យអង្គរថា ខ្មែរមានទឹកដីធំទូលាយ ខ្មែរមានស្នាដៃកសាងប្រាសាទដ៏អស្ចារ្យ ព្រះរាជាមានប្ញទ្ធិខ្លាំងពូកែជាដើម ប៉ុន្តែតាមជនជាតិចិន លោកជីវ តាក្វាន់ ដែលបានមកប្រទេសខ្មែរនៅចុងសតវត្សរ៍ទី១៣បានកត់ត្រានិទានពីក្បួនព្រះរាជដំណើរយាងចេញពីព្រះរាជវាំងរបស់ព្រះរាជាថា មានភាពអធិកអធមគួរឱ្យចាប់អារម្មណ៍ណាស់ ។ បើគេស្រមៃតាមការនិទាននោះ គឺវាដូចជាផ្ទាំងទស្សនីយភាពសិល្បៈ ឬការរៀបចំឈុតឆាកសម្រាប់ថតខ្សែភាពយន្តមួយដ៏អស្ចារ្យ ។
តើក្បួនព្រះរាជដំណើររបស់ព្រះរាជាសម័យអង្គរនោះយ៉ាងដូចម្តេចខ្លះ ?
លោកជីវ តាក្វាន់ និទានថា នៅមុខក្បួនដង្ហែព្រះរាជាមានពួកទាហាន បន្ទាប់មកមានអ្នកកាន់ទង់ជ័យ និងអ្នកភ្លេង ។ បន្ទាប់មកទៀត គឺផ្នែកស្រីៗមានគ្នាពីបីរយទៅប្រាំរយនាក់ ប្រកបដោយសម្លៀកបំពាក់មានភ្ញីស្លឹកឈើ មានផ្កាសៀតក្នុងផ្នួងសក់ និងដៃកាន់ទៀនដែលទោះជានៅពេលថ្ងៃក៏ត្រូវឱ្យឆេះដែរ ។ តពីក្រុមនេះ មានស្រីៗមួយពួកផ្សេងទៀត កាន់គ្រឿងប្រដាប់ស្តេចធ្វើពីមាស និងប្រាក់ និងគ្រឿងលម្អទាំងអស់សុទ្ធសឹងតែជារបស់ប្លែកៗ ។ បន្ទាប់មកទៀតគឺក្រុមស្រីៗដែលជារាជអង្គរក្សដើរកាន់លំពែង និងខែល ។
ប្រភពដដែលរៀបរាប់បន្តថា តមកទៀត គឺក្រុមរទេះពពែ រទេះសេះ សុទ្ធសឹងតុបតែងដោយគ្រឿងមាស ។ គួរឱ្យចាប់អារម្មណ៍ថែមទៀតនោះគឺពួកក្សត្រ និងពួកនាម៉ឺនសព្វមុខមន្ត្រីជិះដំរីដែលគេមើលពីចម្ងាយទៅឃើញតែក្លស់ពណ៌ក្រហមច្រើនដេរដាសសន្ធឹកសន្ធាប់ ។ បន្ទាប់ពីផ្នែកនេះ គឺមហេសី និងស្នំរបស់ព្រះរាជាដែលជិះគ្រែស្នែងរទេះសេះ និងដំរី ហើយមានក្លស់ជាងមួយរយលាបទឹកមាស ។
ចុងក្រោយបង្អស់ គឺព្រះរាជាគង់ឈរលើដំរី និងព្រះហស្តកាន់ព្រះខាន់ ។ ភ្លុកដំរីនេះស្រោបដោយមាស ឯក្លស់បាំងព្រះរាជាមានជាងម្ភៃ ដោយពណ៌មាស និងដងស្រោបមាសដែរ ។ ក្រៅពីនេះមានដំរីដទៃទៀតជាច្រើនដើរអមដំណើរព្រះរាជា ព្រមទាំងមានទាហានដទៃទៀតតាមការពារព្រះអង្គ ។ជនណាដែលឃើញព្រះរាជាហើយ ត្រូវតែលុតជង្គង់ ហើយឱនក្បាលដល់ដី ។
តាមរយៈការប្រារព្ធធ្វើពិធីទេវរាជ ព្រះរាជានាសម័យអង្គរមានឋានៈស្មើអាទិទេព ហើយពេលសោយទីវង្គតទៅព្រះអង្គនឹងយាងទៅគង់នៅឋានទេវលោក ។
រាជធានីរបស់ព្រះរាជាជាតំណាងចក្រវាលទាំងមូល ប្រាសាទភ្នំនៅកណ្តាលក្រុងជានិមិត្តរូបភ្នំព្រះសុមេរុ ដែលគេចាត់ទុកថាជាស្នូលនៃចក្រវាល ។ កំពែង និងគូទឹកជានិមិត្តរូបជួរភ្នំ និងសមុទ្រ ដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ ។ ចំពោះប្រាសាទភ្នំសម្រាប់តម្កល់លិង្គទេវរាជ អាចប្រើបានសម្រាប់តែព្រះរាជាមួយអង្គប៉ុណ្ណោះ លុះព្រះអង្គសោយទិវង្គតទៅប្រាសាទនោះនឹងក្លាយជាផ្នូររបស់ព្រះអង្គ ។
តាមរយៈការនិទានពីក្បួនព្រះរាជដំណើរដ៏អធិកអធមរបស់ព្រះរាជានោះ ក៏អាចជាភស្តុតាងមួយថា ប្រទេសខ្មែរនាសម័យអង្គរពិតជាមានភាពរុងរឿងដល់កំពូលមែន ៕
ប្រភព៖ កាសែតកោះសន្តិភាព
ប្រភព៖ កាសែតកោះសន្តិភាព
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon