Tuesday, May 9, 2017

ព្រះស្តេចកន ភាគ៥


ក.ក.ន ៖ ហ្លួងព្រះ ស្តេចកន គឺជាអ្នកធ្វើបដិវត្តមួយនាសម័យដែលគ្មាននរណាអាចប៉ះពាល់ដល់ ព្រះរាជតំរិះរបស់ ស្តេចបាន ។ ការជំរុញឱ្យ ស្តេចកន តស៊ូធ្វើសង្គ្រាមជាមួយស្តេច គឺដោយសារតែ ស្តេចបានយកសុបិនរបស់ខ្លួនមក ចងអាឃាតសម្លាប់ ស្តេចកន ដែលគ្មានកំហុសថា ជាអ្នកជ្រែក រាជ្យ ហេតុនេះទើបមានការរត់គេចហើយបង្កជាទ័ព ធ្វើចំបាំងជាមួយស្តេច ។ នេះជាប្រវត្តិសាស្ត្រ មួយតែប៉ុណ្ណោះ ដែលគ្មាននរណាកាឡៃព្រឹត្តិការណ៍ដែលបានកើត ឡើងរួចទៅហើយនោះបានទេ ។

ផែនដីព្រះស្តេចកន
លុះមកដល់ឆ្នាំឆ្លូវ នព្វស័ក ព.ស ២០៦១ គ.ស ១៥១៧ ម.ស ១៤៣៩ ច.ស ៨៧៩ នោះ ព្រះបរម បពិត្រទ្រង់ត្រាស់ឱ្យរំលាយរេហ៍ពលទៅធ្វើស្រែគ្រប់ខែត្រ ហើយត្រាស់ឱ្យធ្វើព្រះរាជបន្ទូល ដែលជាព្រះរាជត្រកូល ពុំចូលនឹងពួកអាព្រះស្តេចកន ជាអ្នកងារពលព្រះទេ ក៏ចូលសារភាពតាំងពីឥឡូវនេះ ឱ្យហើយទៅ។ តែទុកឱ្យយូរទៅដរាបដល់បានរាបទាបក្នុងព្រះនគរនោះ ព្រះអង្គនឹងយកទោសចាត់ទុក ជាក្បត់ផែនដី ដូចពួកអាស្តេចកន ជាប្រាកដពុំលែងឡើយ ។

កាលនោះហេតុតែបុណ្យបារមីរបស់សម្តេចចៅពញាចន្ទរាជា អស់បណ្តារាស្ត្រទាសកម្មករ គ្រប់ភាសា ក្នុងក្រុងកម្ពុជា ក៏កើតមានគំនិតប្រាជ្ញា ស្នេហាមេត្រីនឹងព្រះបរមបពិត្ររាប់រូបកាយពុំមានខាន។ បណ្តារាស្ត្រទាសកម្មករទាំងនោះ ក៏នាំគ្នាចូលមកថ្វាយបង្គំសុំសារភាពច្រើនស្រុកច្រើនខេត្ត ។

នេះនឹងនិយាយអំពីព្រះចៅក្រុងស្រឡប់ ពិជ័យព្រៃនគរ ទិសខាងកើតវិញ ។

លុះដល់វស្សានរដូវក្នុងឆ្នាំឆ្លូវ នព្វស័ក នោះ សម្តេចព្រះស្រីជេដ្ឋាស្តេចកន ព្រះអង្គចេញជួបជុំសេនាបតី មន្ត្រីតូចធំ ខ្ញុំព្រះរាជការ ហើយត្រាស់ថា “ចៅពញាចន្ទរាជាលើកកងទ័ពទៅវាយយកផែនដីត្រើយ ខាងជើង ហើយលើកខ្លួនជាម្ចាស់ផែនដីទៀត ដូច្នេះឱ្យសេនាបតីចេញសំបុត្រកេណ្ឌរេហ៍ពលឱ្យមកគ្រប់ ខែត្រថា កាលណាចេញព្រះវស្សា ព្រះអង្គនឹងលើកទ័ពទៅវាយយកខែត្រអម្រិន្ទបូរពោធិ៍សាត់វិញឱ្យបាន។

សេនាបតីទទួលព្រះរាជបញ្ជាហើយ ក៏ចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុក ចៅមឿង ចៅបាន ឱ្យ កេណ្ឌកងទ័ព តាមត្រាស់បង្គាប់ ។ លុះដល់ខែនោះ គ្រប់ចៅហ្វាយស្រុកបញ្ជូនរេហ៍ពលមកជួបជុំបានចំនួន ១២០.០០០នាក់ ។ ទ្រង់ត្រាស់ឱ្យបង្ហាត់ កាន់អាវុធឱ្យស្ទាត់តាមក្បួនពិជ័យសង្គ្រាម ទ្រង់ត្រាស់ឱ្យចៅពញា លំពាំង ចៅពញាស្រាល ឱ្យឃុំកងទ័ព ២០.០០០នាក់ ឆ្លងេទៅតាំងទ័ពនៅខេត្តសំរោងទង ឱ្យសម្តេចចៅហ្វាកៅ ឃុំពល ៣០.០០០នាក់ទៅតាំង បន្ទាយនៅភ្នំពេញ ។

ក្នុងខណៈនោះសម្តេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទ្រង់ជ្រាបដោយបម្រើសេះ ពីខេត្តលង្វែកចូលទៅ ក្រាបបង្គំទូលសព្វគ្រប់ប្រការហើយ ទ្រង់ព្រះពិរោធជាខ្លាំងណាស់។ ទ្រង់ប្រាប់ឧកញ៉ាចក្រីកែវ និង ឧកញ៉ាវង្សា អគ្គរាជកែ ឱ្យឃុំពល២០.០០០នាក់លើកចេញទៅ ។ ព្រះបរមបពិត្រអម្ចាស់ត្រាស់ឱ្យ ស្តេចព្រះភាគិនេយ្យាយសរាជា នៅចាំរក្សាបន្ទាយ ហើយព្រះអង្គព្រមដោយសេនាទាហាន រេហ៍ពល ៣០.០០០នាក់លើកចេញទៅតាំងនៅភូមិជ័យសួគ៌ នៅខេត្តលង្វែក រង់ចាំស្តាប់រាជការសង្គ្រាម បើឃើញ អាសន្នទ្រង់នឹងលើកទ័ពទៅជួយជាឆាប់។ ក្នុងគ្រានោះឧកញ៉ាចក្រី កែវ, ឧកញ៉ាវង្សាអគ្គរាជកែ លើកទ័ពចូលច្បាំងនឹងកងទ័ពចៅពញាស្រាល។ វង្សាអគ្គរាជលើកទ័ពតទល់នឹងចៅពញាលំពាំង ជាសេនាបតីមេទ័ព ត្រើយខាងកើត ។ ខណៈនោះសេនាទាហានរេហ៍ពលទាំងសងខាងចូលប្រយុទ្ធគ្នាដោយអាវុធវែងខ្លីជា សន្ធឹកគិកកងកោលាហល។

ពួកពលស្លុតស្លាប់ទាំងសងខាង កងទ័ពដំរី (ទ័ពខាងសម្តេចចៅពញាចន្ទរាជា) ដែលឧកញ៉ាចក្រីឱ្យ ឧកញ៉ានរិន្ទនាយកព្រះរាជានុកូល ទៅបង្កប់ក្នុងព្រៃនោះចំនួនដំរីសឹក១៤០នាក់ វាងបានទៅខាងក្រោយ ទ័ពសត្រូវហើយក៏បរចូលទៅរួសរាន់ជាន់ជល់ពង្រាបពីក្រោយកងទ័ព។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាល ទ្រាំពុំបានក៏បែកទ័ពរត់ទៅនៅក្នុងបន្ទាយភ្នំពេញវិញ ។

មេទ័ពនៃសម្តេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទាំងពីរកងក៏លើករហូតទៅវាយបានបន្ទាយខេត្តបាទី ខែត្រទ្រាំងមួយ ចាប់បានចៅហ្វាយស្រុកបាទីមួយ ចៅមឿងព្រៃកប្បាសមួយ ចៅមឿងកណ្តាលស្ទឹងមួយ ចៅមឿងគងពិសីមួយ ចៅមឿងភ្នំស្រួចមួយ ព្រមទាំងចាប់បានចៅមឿងបន្ទាយមាសមួយ ចៅមឿងពាមមួយ ចៅមឿងស្រែរនោងមួយ ចៅមឿងជើងកញ្ជមុំយួ នាំមកក្រាបទូលថ្វាយ ។ ព្រះបរមបពិត្រទ្រង់ចាត់ឱ្យទទួលទានបាយទឹក ព្រះពិភ័ទ្ធសច្ចា ហើយទ្រង់ព្រះមេត្តាប្រោសលើកលែងខ្លួន និងឱ្យនៅរក្សាស្រុកខែត្រដូចដើមវិញ ។
ចៅពញាពិស្ណុលោកឯក ជាចៅហ្វាយស្រុកខេត្តទ្រាំង ក្នុងពេលនោះរត់រួច ហើយទៅរួមនឹងចៅហ្វាយ ស្រុកបាសាក់មួយ ព្រះត្រពាំងមួយ ក្រមួនសមួយ ឪ ម៉ៅមួយ តាំងបន្ទាយមាំមួននៅខេត្តនោះ ។

ដល់រដូវទ្វាទសមាស អកអំបុកនោះ អស់មុខមន្ត្រីខាងសម្តេចចៅពញាចន្ទរាជា ជាព្រះបរមបពិត្រ អម្ចាស់ ផែនដីត្រើយខាងចតុមុខទៅធ្វើប្រាសាទគ្រឿងឈើ ប្រកស្បូវ នៅកំពង់ខែត្រលង្វែក ។ លុះដល់សម្រេច ហើយក៏អញ្ជើញស្តេចទៅប្រថាប់ទត ប្រណាំងទូក និងលយកន្តោងធំ ទូកប្រទីប ថ្វាយទៅព្រះចង្កូមកែវ ដែលតម្កល់នៅពិភពនាគ និងអុជកាំជ្រួចរន្ធថ្វាយទៅចូឡាមណី ចេតិយ ដែលតម្កល់ព្រះចង្កូមកែវនៅឋាន ត្រៃត្រឹង្ស៣ថ្ងៃ។ ទ្រង់ប្រោសប្រទានឈ្មោះភូមិជ័យសូរ ដែលព្រះអង្គតាំងបន្ទាយនោះ ឱ្យហៅថា “ភូមិសូរវង្ស” ។ ឯភូមិកំពង់សែតនោះទ្រង់ឱ្យហៅថា កំពង់ប្រាសាទ ។ ហេតុនេះហើយបានជា មានឈ្មោះហៅថា ភូមិសូរវង្សកំពង់ប្រាសាទរៀងមក ។ លុះការបុណ្យទ្វាទសមាសហើយ សម្តេចចៅពញាចន្ទរាជា ព្រះអង្គត្រាស់បង្គាប់ឧកញ៉ាចក្រីកែវ, ឧកញ៉ា វង្សា អគ្គរាជកែ និង ឧកញ៉ាក្រឡាហោមគាំឃុំពលរេហ៍ ៣០.០០០នាក់លើកទៅចោមបន្ទាយខេត្ត ភ្នំពេញ។ ឧកញ៉ាទាំង៣នាក់ក៏ថ្វាយបង្គំលាចេញទៅចាត់ចែងកងទ័ព ព្រមទាំងគ្រឿងសាស្ត្រាវុធ ស្រេចហើយក៏លើកចេញទៅចោមវាយបន្ទាយនោះតាមត្រាស់បង្គាប់ ។ ខណៈនោះមេទ័ពខាងស្តេចកន គឺចៅហ្វាកៅ, ចៅពញាលំពាំង, ចៅពញាស្រាល, ចៅពញាតេជោ, ចៅហ្វាយស្រុកសំរោងទង, ចៅពញារាជាមេត្រី, ចៅហ្វាយស្រុកភ្នំពេញ ជាមេទ័ពម្ចាស់ផែនដីត្រើយខាងកើតចេញច្បាំង នឹងមេទ័ពនៃអម្ចាស់ត្រើយ ខាងលិច ជួនឈ្នះ ជួនចាញ់ម្តងម្នាក់ជាច្រើនដង។ លុះដល់រដូវភ្លៀងរាស្ត្រអត់ឃ្លានបាយ គ្មានស្រូវ វេទនាណាស់ ក៏សន្យាបើកកងទ័ពទាំងសងខាងឱ្យឈប់ច្បាំងរហូតដល់ធ្វើស្រែហើយ ។

លុះមកដល់ឆ្នាំខាល ទោស័ក ព.ស ២០៧៤, គ.ស ១៥១៨, ម.ស ១៤៥២, ច.ស ៨៩២ តាំងពីខែមិគសិរ បុស្សរៀងទៅ មន្ត្រីត្រើយខាងកើត(ស្តេចកន)ចេញកេណ្ឌមនុស្សចុះក្បួនទ័ពលើកច្បាំងគ្នា ដណ្តើមយកខែត្រត្រើយខាងលិចទៀត ។ ច្បាំងគ្នា ជាច្រើនគ្រា លុះផុតវេលាក៏ឱ្យទ័ពឈប់ទាំងសងខាង ។

សង្គ្រាមគ្រានោះជ្រាបដល់ព្រះបរមបពិត្រជាអម្ចាស់ផែនដីត្រើយខាងលិចព្រះចន្ទរាជា ទ្រង់យល់ថា ៖
ផែនដីព្រះស្តេចកន

“សង្គ្រាមលើកក្រោយនេះតាំងពីឆ្នាំឆ្លូវ ដល់ឆ្នាំខាល មេទ័ពទាំង៣យកជ័យជំនះពុំបានសោះ ។ ទើបទ្រង់ ត្រាស់ប្រើឃុនវិជិតតរង្គពៅ ឱ្យទៅប្រាប់ឧកញ៉ាចក្រី និងឧកញ៉ា វង្សាអគ្គរាជថា ច្បាំងរារត់ថយ ក្រោយរហូតទៅជួបនឹងទ័ពឧកញ៉ាក្រឡាហោមថា ឱ្យឧកញ៉ាក្រឡាហោមក្លែងទង់ជ័យជារូបមនុស្សថាបើ ឃើញកងទ័ពសត្រូវបាក់រត់មក ឱ្យធ្វើជាភ្ញាក់ផ្អើលរត់ទៅជាមួយនឹងកងទ័ពឧកញ៉ាចក្រី ឧកញ៉ាវង្សា អគ្គរាជ ត្រង់រហូតទៅដល់ស្រុកឧដុង្គ ។ ឃុនវិជិតតរង្គពៅ ក៏ប្រាប់ទៅមេទ័ពទាំង៣កងតាមព្រះរាជបន្ទូលពិសេស។ ក្រោយព្រះរាជបម្រើទៅនោះ ទ្រង់អនុញ្ញាតឱ្យឧកញ៉ាយមរាជ ព្រំ ជា មេទ័ពធំ ឧកញ៉ា មហាសេនាសុខ ជាមេទ័ពមុខ ឧកញ៉ាយោធាសង្គ្រាមជាប៉ែកឆ្វេង, ឧកញ៉ាយោធាសង្គ្រាមទេព ជាប៉ែកស្តាំ ទៅឃុំពល ២០.០០០នាក់ បង្កប់នៅក្នុងព្រៃមួយខាងជើងបឹងពោងពាយ ។ ទ្រង់ផ្តាំថា បើឃើញកងទ័ព សត្រូវនៅបន្ទាយដេញកងទ័ព យើង៣កងទៅហើយនោះឱ្យដេញកងទ័ពយើង ឱ្យលើកជណ្តើរកាន់គប់ភ្លើង យកទៅចោមអុជបន្ទាយនោះឱ្យបាន ។ ទើបទ្រង់ចាត់ឧកញ៉ាវិបុលរាជគាំ, ឧកញ៉ាប្រទេសរាជសួរ ឱ្យកេណ្ឌ ទូករាស្ត្រផ្សំនឹងទូកចម្បាំងរបស់ខ្លួន ទៅបោះនឹងជ្រោយពន្លាថា បើឃើញកងទ័ពសត្រូវលើកចេញមកឱ្យ រាថយមកដល់ព្រែកព្នៅ ។ ទ្រង់ចាត់សម្តេចចៅហ្វាឡៈទេព ជាកូនទី៣ចៅពញាមឿង ឱ្យលើកទ័ពទូកទៅ បង្កប់នៅព្រែកតាទែន ដោយផ្តាំថា បើឃើញទ័ពសត្រូវដេញតាមឧកញ៉ាវិបុលរាជ និង ឧកញ៉ាប្រទេស រាជមក ឱ្យព័ទ្ធពីក្រោយព្រួតគ្នាច្បាំងដណ្តើមយកជ័យជំនះឱ្យបាន ។

មេទ័ព មេកង ទាំងជើងទឹក ជើងគោក ក៏ថ្វាយបង្គំលាឃុំកងទ័ពលើកទៅធ្វើតាមព្រះរាជបញ្ជាការ ។ លុះមកដល់ថ្ងៃ១២កើត ខែមិគសិរ ឆ្នាំខាល ទោស័កនេះ ឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជ លើកកងទ័ព ចូលចោមបន្ទាយភ្នំពេញបានមួយស្របក់ ក៏ថយរត់ទៅវិញ ។ ចៅពញាតេជោ និងចៅពញារាជាមេត្រី ឃើញហើយពុំដឹងកល ក៏បើកទ្វារបន្ទាយនាំកងទ័ពរបស់ខ្លួន២.០០០នាក់នោះ ដេញតាមទ័ពដែលចោម ព័ទ្ធខ្លួនដល់អូរផ្អរ ក៏ប្រទះទង់ជ័យទ័ពហ្លួងមួយកងទៀតបែកទ័ពរត់ទៅវិញ ដូច្នេះទ័ពខាងស្តេចកន ក៏កម្រើកចិត្តពន់ប្រមាណ ។ លុះឃើញទង់រូបមេទ័ពទាំងពីរនោកះស៏ម្គាល់ថា ជាទ័ពហ្លួងចាញ់បែកទ័ពរត់ទៅហើយ ទើបឱ្យលើកកងទ័ពដេញតាមទៅទៀត។ លុះទៅដល់ដំបូកមានលក្ខណ៍ទ័ពសត្រូវដេញតាម ឧកញ៉ាចក្រីហួសទៅ ។ ខណៈនោះឧកញ៉ាក្រឡាហោម ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ានរិន្ទ្រាធិបតី (ទ័ពខាង សម្តេចព្រះចន្ទរាជា) ត្រឡប់ទ័ពបានពីក្រោយឡោមចោមច្បាំងផ្ទប់មក ។ ឧកញ៉ាចក្រី(ខាងសម្តេច ព្រះចន្ទរាជា) ក៏រាទ័ពត្រឡប់មកវិញ ចូលបាញ់ចាក់កាប់សម្លាប់ទ័ពសត្រូវដែលនៅជាកណ្តាលសត្រូវក៏ បែកទ័ពរត់ទៅ មេទ័ពខាងសម្តេចព្រះចន្ទរាជាចាប់បានចៅហ្វាយស្រុកទាំងពីរ និងក្រុមសេនាទាហានទាំង ២៣នាក់ ព្រមទាំងគោ ក្របី ដំរី សេះ ហើយនាំខ្លួនឈ្លើយទាំងនោះទៅក្រាបបង្គំទូលថ្វាយ ។ សម្តេច ព្រះមហា ខត្តិយាចន្ទរាជា ទ្រង់ឱ្យដាក់ក្តីទាំងនោះទុកចាំជួបមេទ័ពគ្រប់កង ។

ឯសម្តេចចៅហ្វាកៅ កាលក្រឡេកទៅឃើញកងទ័ពទូកបោះនៅេជ្រាយចង្វាមានចំនួនតិចតួចស្តួចស្តើងណាស់ ក៏គិតថាចៅហ្វាយស្រុកទាំងពីរ(ខាងខ្លួន)ច្បាស់ជាមានជ័យជំនះហើយ ដែលដេញតាមទ័ពត្រើយ ខាងលិចនោះ ប្រហែលជាបានសម្រេចការសង្គ្រាមក្នុងគ្រានេះហើយថាបើបានសម្រេចហើយ មុខជា ចៅហ្វាយស្រុកទាំងពីរនោះនឹងបានគុណគាប់ជាងអញហើយ” ។ ចៅហ្វាកៅ គិតទៀតថា “ពីមុនអញ អធ្យាស្រ័យឱ្យម្តង ពុំទាន់បានកែខ្លួន, គ្រាម្តងនេះចៅហ្វាយស្រុកទាំងពីរមានជ័យលើទ័ពត្រើយខាងលិច ទៀតនោះឃើញថា មិនស្រួលដល់អញជាខ្លាំង”។ សម្តេចចៅហ្វាកៅ គិតឃើញដូច្នេះហើយ ទើបឱ្យចៅ ពញាលំពាំង ចៅពញាស្រាល ចៅពញាវៀង នៅរក្សាបន្ទាយ ឯខ្លួនចៅហ្វា ដេញកងទ័ពឱ្យចុះទូក ចម្បាំងប្រមាណ៦០ ទៅច្បាំងនឹងឧកញ៉ាវិបុលរាជឧកញ៉ាប្រទេសរាជ ដែលចតទូកនៅជ្រោយចង្វា ។ កាលទ័ពសត្រូវមកដល់ហើយ ឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជ(មេទ័ពខាងព្រះចន្ទរាជា) ក៏ដេញ ពលឱ្យទទួលច្បាំងតនឹងអាវុធវែងយ៉ាងឃោរឃៅ ។ មួយស្របក់ក្រោយមកឧកញ៉ាទាំងពីរនាក់ក៏ឱ្យ ពលថយទូករត់ទៅដល់ព្រែកព្នៅ ។ ចៅហ្វាកៅ ឃើញដូច្នេះក៏ចែវទូកដេញទៅតាម ។

សម្តេចចៅពញាទេព កូនចៅពញាមឿងមេទ័ពម្ចាស់ផែនដីត្រើយខាងលិចកាលឃើញ ចៅហ្វាកៅ ដេញទ័ព ឧកញ៉ាទាំងពីរហួសទៅហើយ ក៏បង្គាប់ឱ្យនាយកងនាយទ័ព ឱ្យចេញទូកចម្បាំងពីក្នុងព្រែកតាទែន ហើយដេញបាញ់ពីក្រោយ ។ ឯកងទ័ពឧកញ៉ាវិបុលរាជ ឧកញ៉ាទេសរាជ មេទ័ពអម្ចាស់ផែនដីត្រើយ ខាងលិចពេលនោះក៏រាបែរមកច្បាំងតាំងតជាឱឡារិក ។ កងទ័ពខាងចៅហ្វាកៅ នៅជាកណ្តាលនៃទ័ព សត្រូវ ទ័លកម្លាំងណាស់ ក៏តទៅទៀតពុំបាន ។ ដូច្នេះហើយក៏លោតទឹកស្លាប់ទៅ ខ្លះក៏ត្រូវនឹងអាវុធ ស្លាប់ ខ្លះទៀតពិការជាច្រើន ។ ចំណែកឯចៅហ្វាកៅវិញ លោតទឹកទន្លេហែលរត់ត្រាតែរួចទៅដល់ ក្រុងបាសាន ។

កងទ័ពឧកញ៉ាយមរាជ ឧកញ៉ាមហាសេនា ឧកញ៉ាយោធាសង្គ្រាម ដែលបង្កប់ទ័ព ក្នុងព្រៃមួយកាលឃើញ កងទ័ពក្នុងបន្ទាយសត្រូវចេញដេញមេទ័ពត្រើយខាងលិចអស់ជាច្រើនកងហើយ យល់ថាមានមនុស្សតិច ក្នុងបន្ទាយក៏ឱ្យពួកសេនារេហ៍ពលកាន់គប់ភ្លើងលីជណ្តើរទៅព័ទ្ធឡើងបន្ទាយនោះ ។ ខណៈនោះចៅពញា លពាំងំ ចៅពញាស្រាល ដេញពលឱ្យចូលតទល់នឹងទ័ពឧកញ៉ាទាំងពីរ តែទ័ពចៅពញាទាំងពីរនេះ ទប់មិនឈ្នះកងទ័ពខាងព្រះចន្ទរាជា ទើបចៅពញាទាំងពីរលោតចេញពីបន្ទាយចុះរត់មកទៀត ។ សេនា ទាហានខាងឧកញ៉ាយមរាជ មេទ័ពហ្លួង ត្រើយខាងលិចទទួលចាក់កាប់សម្លាប់ទាំងពីរនាក់នោះទៅ ។ កងទ័ពជើងគោក ជើងទឹក របស់ព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងលិចទ្រង់ព្រះសណ្តាប់មេទ័ព និងនាយកងទ័ពទាំងជើងទឹក ជើងគោកក្រាបបង្គំទូលថ្វាយមនុស្សទោសក្បត់គ្រប់ប្រការហើយ ទ្រង់ឱ្យ ចៅក្រមប្រឹក្សាទៅឃើញថា អាក្បត់ដែលមានទោសធ្ងន់៣៥នាក់ទ្រង់ឱ្យប្រហារជីវិតទាំងអស់ ឃើញថា មនុស្សសល់ពីនោះ មានទោសស្រាលល្មមត្រាស់ឱ្យដាក់ក្តីទាំង៥០នាក់ ។ ព្រះអង្គឈ្នះសង្គ្រាមក្នុងគ្រានេះ យកបានខែត្រភ្នំពេញ, សំរោងទង, បាទី, ទ្រាំង, កំពត និងកំពង់សោម ។ ចៅមឿង ដែលឡើងខែត្រ ទាំងនេះនៅទិសខាងលិចទាំងប៉ុន្មាននោះ ទ័ពហ្លួងត្រើយខាងលិចចាប់បានខ្លួនទាំងអស់ នៅសល់តែខែត្រ បាសាក់, ព្រះត្រពាំង, ក្រមួនស, ឪម៉ៅ តែប៉ុណ្ណោះ ព្រោះចៅពិស្ណុលោករត់ទៅប្រមូលចៅហ្វាយ ស្រុកក្រៅបន្ទាយទាំងនោះឱ្យតាំងបន្ទាយរឹងនៅឡើយ មិនទាន់យកបាន ។

សម្តេចព្រះស្រីជេដ្ឋា ម្ចាស់ផែនដីដែល ឡើងខែត្រត្រើយខាងកើត ទ្រង់ជ្រាបអំពីបរាជ័យនេះហើយ ទ្រង់ព្រះពិរោធណាស់ថា ចៅពញាចន្ទនេះកាន់តែទន្ទ្រានបានទី ច្រើនពន់ប្រមាណ ហើយមេទ័ព និងនាយកង ដែលយើងប្រើទៅទាំងប៉ុន្មានក៏ចេះតែធ្វេសប្រហែសឱ្យចាញ់ឧបាយកលគេ ខូចរេហ៍ពលច្រើនដង មិនគិត សងសឹកវិញឱ្យបានសោះ។ ទើបទ្រង់គិតឧបាយកលរើសសេនា ទាហាន ដែលមានទំនុកចិត្ត ទុកព្រះទ័យ បាន១០០នាក់ ហើយត្រាស់បង្គាប់ថា “ឱ្យក្លែងរត់ចូលទៅនៅនឹងសម្តេចចៅពញាចន្ទរាជា កាលបើល្បងឱ្យ ទុកព្រះទ័យបានកាលណាហើយឱ្យទាហានទាំងនោះនាំគ្នាលុកសម្លាប់ឱ្យបាន បើអ្នកទាំងឡាយធ្វើបានយើង នឹងឱ្យអ្នកឡើងយសស័ក្តិឱ្យទ្រព្យសម្បត្តិឱ្យពេញចិត្ត”។ សេនាទាំង១០០នាក់នោះថ្វាយបង្គំ សុំទទួល អាសាថា “ទូលព្រះបង្គំទាំងឡាយ នឹងធ្វើឱ្យបានតាមព្រះរាជហឫទ័យ” ។ ព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្តាប់ ឮថាសេនាទាហាន ព្រមព្រៀងហើយទ្រង់ព្រះអំណរណាស់ ទើបទ្រង់តាំងឱ្យធ្វើហ្លួងជ័យជាក្មួយមេបាន (ម្តាយព្រះស្តេចកន) ឱ្យធ្វើជាចៅពញាមន្ត្រីតេជៈ (មេទ័ព)ឃំពុលទាហានទាំង១០០នាក់នោះឱ្យទៅចាត់ការឱ្យបានសម្រេច ។

លុះទៅដល់បន្ទាយផែនដីទិសខាងលិច ទាហានទាំង១០១នាក់នោះក៏ចូលទៅរកសេនាបតី ឱ្យនាំចូលទៅ ថ្វាយខ្លួននៅជាខ្ញុំរាជការ ទ្រង់ព្រះករុណាពិសេស ។

លុះដល់ខ្នើត ខែពិសាខ ព.ស ២០៦៣ គ.ស ១៥១៩ ម.ស ១៤៤១ ច.ស ៨៨១ ឆ្នាំ ថោះ ឯកស័ក សម្តេចព្រះចន្ទរាជា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គស្រង់ក្នុងទឹកស្ទឹងខែត្របរិបូណ៌នោះ ព្រមទាំងសេនា ទាហានស្និទ្ធ ព្រះអង្គជាច្រើន សុទ្ធតែដៃទទេគ្មានសាស្ត្រាវុធសោះ។ ទ្រង់ត្រាស់ឱ្យក្រុមទាំងនោះផ្លាស់ សំលៀកបំពាក់ឱ្យចុះងូតទឹកគ្រប់គ្នា ។ មន្ត្រីសេនាទាហានស្និទ្ធព្រះអង្គទាំងអស់ក៏ផ្លាស់សំពត់ងូតទឹកតាម ព្រះរាជអធ្យាស្រ័យ។ ឯពញាមន្ត្រីតេជៈ និងទាហាន១០០នាក់ដែលព្រះស្រីជេដ្ឋាប្រើទៅនោះ ងូតទឹក ទាំងសំពត់ស្លៀក ពុំហ៊ានផ្លាស់ព្រោះក្រែងគេមើលឃើញកាំបិតដែលខ្លួនចងជាប់នៅភ្លៅនោះ ។ សម្តេច បរមបពិត្រទ្រង់យល់ដូច្នេះហើយ ទ្រង់មានការសង្ស័យក្នុងព្រះហឫទ័យណាស់ ក៏ត្រាស់តឿនឱ្យផ្លាស់ សំលៀកបំពាក់ឱ្យអស់គ្រប់គ្នា ។ ពួកក្បត់ទាំង១០១នាក់នោះយល់ថា មុខជាពុំរួចខ្លួនទេក៏ថោះទឹកមុខ គ្រប់ៗគ្នា។ ទ្រង់យល់ពិរុទ្ធដូច្នោះហើយ ហេតុតែបុណ្យបារមី, ទ្រង់រឹតតែសង្ស័យក្នុងព្រះរាជហឫទ័យ ក៏ស្ទុះឡើងពីក្នុងស្ទឹងទៅប្រថាប់ក្រោមម្លប់ឈើមួយ។ ទ្រង់ចាប់បានព្រះស្តែងដាវទាំងស្រោម ឯពួកក្បត់ ទាំងនោះគិតថា ការណ៍ម្តងនេះបើមិនធ្វើឱ្យហើយទេ មុខជាមិនរួចខ្លួនឡើយ ទើបពួកវាទាំងនោះក្លែងថា សូមចូលទៅក្រាបទូលត្បិតថាវាមានការណ៍ជាសម្ងាត់នឹងត្រូវក្រាបទូល ។ ព្រះអង្គទ្រង់ជ្រាបឧបាយកល ហើយ ក៏កាន់ព្រះរាជអាវុធជាប់នឹងព្រះហត្ថា ហើយព្រះអង្គក៏ក្លានៅគុណអាវុធផង។ លុះពួកក្បត់ ហូតកាំបិតចូលមកប្រហារព្រះអង្គ ព្រះអង្គទ្រង់តនឹងអាវុធដាវនោះ ដោយកាប់ត្រូវអាមន្ត្រីតេជៈជាមុនគេ ហើយទ្រង់ស្ទុះទៅតនឹងអាក្បត់១០០នាក់ទៀត ។ ឯអស់ខ្ញុំរាជការដែលតាមហែក៏ផ្អើលឆោឡោឡើង ខ្លះចូលចាប់ដោយដៃទទេ តែត្រូវពួកអាក្បត់ចាក់ត្រូវស្លាប់ និងពិការជាច្រើន ។ ខ្ញុំរាជការខ្លះទៀត ស្ទុះទៅដកបានបង្គោលរបងចូលតនឹងពួកអាក្បត់យ៉ាងអង់អាច។ ពួកអាក្បត់ ស្លាប់ និងចាប់បាន៣៥នាក់ ក្រៅពីនោះរត់រួចទាំងអស់ ឯពួកអាក្បត់ដែលស្លាប់ និងត្រូវចាប់បាននោះ ទ្រង់ត្រាស់សុំឱ្យកាត់ក្បាល ដោតជាបម្រាម ហើយស្តេចព្រះរាជដំណើរត្រឡប់ចូលទៅបន្ទាយវិញដោយសុវត្ថិភាព។

ក្រោយពីនោះមកទ្រង់ព្រះតម្រិះយល់ថា ការធ្វើសឹកសង្គ្រាមនៅវែងឆ្ងាយណាស់ទៅទៀត ឯមុខដំរីសឹក ក៏នៅតិច ទូកចម្បាំង គ្រឿងសាស្ត្រាវុធក៏នៅមិនទាន់គ្រប់គ្រាន់ ទើបទ្រង់ត្រាស់បង្គ្រាប់ក្រុមហ្មថៅ ហ្មទាំង ពួងឱ្យចេញទៅទាក់ដំរី ទ្រង់បង្គាប់ជាងទូក ឱ្យរកមកធ្វើទូកចម្បាំងឱ្យច្រើន ទ្រង់បង្គាប់ជាងដែកឱ្យសិត កាំភ្លើង និងលំពែងដាវ ផ្គាក់ឱ្យបានច្រើន ទ្រង់បង្គាប់ក្រុមសេះឱ្យទិញសេះមកបន្ថែមទៀត ។ ទ្រង់ បង្គាប់ភ្នាក់ងារដំរីថា ការដែលរង់ចាំឱ្យហ្មទៅទាក់ដំរីនោះ ឃើញថា យឺតយូរពុំទាន់ការណ៍ទេ យើងត្រូវតែឱ្យទិញដំរីពីស្រុកលាវយកមកបង្ហាត់ឱ្យបានជាដំរីសឹកឱ្យស្ទាត់ ទាំងព្រេច ទាំងជាន់ ទាំងជល់ឱ្យបានជាច្រើន ។

លុះចូលដល់រដូវភ្លៀង ទ្រង់បើកកងទ័ពឱ្យទៅធ្វើស្រែចំការដាក់ឱ្យមាននាយត្រួតត្រា ធ្វើឱ្យបានច្រើន។ ស្រូវក្នុងឆ្នាំនោះបង្កើតផលចម្រើនឡើងបាន១ជា៥ជា៦ភាគ កាត់យកជាពន្ធដាក់ឃ្លាំងសម្រាប់សេនា ទាហាន មិនឱ្យអត់ឃ្លាន ។

លុះចេញវស្សារដូវរួច ដល់ខែមិគសិរ ឆ្នាំថោះនោះ ព្រះអង្គយកព្រះក្សត្រី ព្រះវង្សធំ លើកឡើងជា ព្រះអគ្គមហេសី ទ្រង់ព្រះនាមសម្តេចព្រះភគវតី សិរីចក្រពត្តិ ហើយព្រះអង្គតែងតាំងឱ្យមានព្រះស្នំឯក ទោ ត្រី ចត្វា ឱ្យមានយសស័ក្តិធំតូចតាមលំដាប់ ។

ឯសម្តេចព្រះស្រីជេដ្ឋាជាម្ចាស់ផែនដីត្រើយខាងកើតទ្រង់ជ្រាបថា សម្តេចចៅពញាចន្ទរាជា យកបានផែនដី ខែត្រខាងលិចទាំងអស់ហើយ ចៅពញាលំពាំង ចៅពញាស្រាលក៏ស្លាប់ក្នុងសង្គ្រាមអស់ ចៅពញាវៀង ចៅពញាវាំង ក៏មានរោគអនិច្ចកម្មទៅទាំងអស់គ្នាទៀត ទ្រង់ព្រះពិរោធណាស់ ទើបទ្រង់រើសព្រះញាតិ ខាងព្រះអង្គមកតែងតាំងថ្មី ៖

១-ឈ្មោះព្រំ តាំងជាចៅពញាវៀង “ទីយមរាជ”
២-ឈ្មោះជុំ តាំងជាចៅពញាវាំង “ទីវាំង”
៣-ឈ្មោះផាត់ តាំងជាចៅពញាស្រាល “ទីក្រឡាហោម”
៤-ឈ្មោះពេញ តាំងជាចៅពញាលំពាំង “ទីចក្រី” ហើយទ្រង់បង្គាប់សេនាទាំង៤នេះ ឱ្យចេញសំបុត្រប្រាប់ ទៅចៅហ្វាយស្រុកគ្រប់ខែត្រដែលឡើងព្រះអង្គទិសខាងកើត ទិសអាគ្នេយ៍ទាំងប៉ុន្មាន កេណ្ឌកងទ័ពឱ្យបានច្រើន។ ចៅហ្វាយស្រុកទាំងនោះទទួលព្រះរាជបង្គាប់ហើយ ក៏កេណ្ឌបាន៨០.០០០នាក់ មកជួបជុំតាម ព្រះរាជកំណត់គ្រប់ប្រការ ។ ខណៈនោះព្រះស្រីជេដ្ឋាស្តេចចាត់សម្តេចចៅហ្វាកៅ ជាមា ឱ្យនៅចាំរក្សា ព្រះនគរជាមួយនឹងចៅពញាវាំង ចាត់ចៅពញាវៀង (ព្រំ) និងសេនាទាហានរេហ៍ពល១៥.០០០នាក់ ជាទ័ពមុខ ចាត់ចៅពញាលំពាំងឱ្យឃុំពល១០.០០០នាក់ជាប៉ែកឆ្វេង ចាត់ចៅពញាយោធាធិបតី (នួន) ឃុំរេហ៍ពល ១០.០០០នាក់ជាប៉ែកស្តាំ ចាត់ចៅពញាមហាសេនា“ទន់” ឃុំរេហ៍ពល១០.០០០នាក់ ជាទ័ពក្រោយ ។ ចំណែកព្រះអង្គឯងឡើងគង់ព្រះទីនាំង ព្រមដោយស្វេតច្ឆត្រ ចាមរ បៃមន សែនក្វាន់ អភិរម្យ ឃុំរេហ៍ពល ២០.០០០នាក់ លើកចេញជាទ័ពហ្លួង ។ ទ្រង់ចាត់ចៅពញាស្រាល និងចៅ ពញាវិបុលរាជ ឃុំរេហ៍ពល២០.០០០នាក់ចុះទូកចម្បាំង ៣០០ លើកចេញទៅទាំងជើងគោក ជើងទឹក ។ ខណៈនោះកងទ័ពជើងទឹកក៏ចតទូកបោះនៅកំពង់ព្រែកពោធិ៍ ។ ទ័ពជើងទឹកជើងគោកបោះទ័ពហ្លួង នៅភូមិមាត់ឃ្មុងក្នុងខែត្រត្បូងឃ្មុំ ។ ទើបសម្តេចព្រះស្រីជេដ្ឋាជាអម្ចាស់ផែនដីត្រើយខាងកើត ក្រុងស្រឡប់ពិជ័យព្រៃនគរ ត្រាស់បង្គាប់ចៅពញាវៀងចៅពញាលំពាំង ឱ្យលើកទ័ពឆ្លងទៅចោមវាយបន្ទាយ កំពង់សៀម ។

ចៅពញាមន្ត្រីភក្តី ចៅហ្វាយស្រុក និងក្រមការខែត្រកំពង់សៀមដឹងហើយ ក៏ឱ្យកេណ្ឌកងទ័ពរក្សានាទី បន្ទាយ យ៉ាងមាំមួន ទើបធ្វើសំបុត្រចាត់បម្រើឱ្យនាំទៅជូនសេនាបតីត្រើយខាងលិច សេនាបតីនាំសេចក្តី ក្រាបបង្គំទូលទ្រង់ជ្រាបគ្រប់ប្រការ ។

ព្រះបរមបពិត្រចៅពញាចន្ទរាជា ជាអម្ចាស់ផែនដីទ្រង់ជ្រាបហើយក៏ត្រាស់បង្គាប់ឱ្យឧកញ៉ាធម្មាធិរាជឈឹម ឧកញ៉ាពិភ័ក្តិ និវេសន៍កោ ឱ្យនាំព្រះអគ្គមហេសី ស្រីស្នំ ក្រុមបរិពារ និងគ្រប់គ្រួនាម៉ឺនសព្វមុខមន្ត្រី ថយទៅនៅក្នុងបន្ទាយខែត្រពោធិ៍សាត់សិន ហើយព្រះអង្គឱ្យសេនាបតីមន្ត្រីតាមក្រសួង ចម្លងរេហ៍ពល ៥០.០០០នាក់ ដាក់នៅត្រើយខាងកើតចុងខែត្រអាសន្ទុក ព្រមដោយ ដំរី សេះ។ ព្រះអង្គ ស្តេចព្រះរាជដំណើរចុះព្រះទីនាំងនាវា ឆ្លងទៅដល់ហើយ ទ្រង់ឡេងីប្រថាប់លើព្រះពន្លាស្រេច ទើបទ្រង់ចាត់កងទ័ពជើងទឹកដូច្នោះ

១-ឧកញ៉ាវិបុលរាជ ជាទ័ពមុខ ឃុំទូក ចម្បាំង១០០ មានរេហ៍ពល១.០០០នាក់ ។
២-ឧកញ៉ាបរទេសរាជ ជាប៉ែកឆ្វេង ឃុំ ទូកចម្បាំង៥០ មានរេហ៍ពល៥០០នាក់ ។
៣-ឧកញ៉ារាជាបវេររាជ ឃុំទូកចម្បាំង ៥០ មានរេហ៍ពល៥០០នាក់ជាប៉ែកស្តាំង ។
៤-ឧកញ៉ាត្រាច ឃុំទូកចម្បាំង៥០ មានរេហ៍ពល៥០០នាក់ជាទ័ពក្រោយ ។
៥-ឧកញ៉ាក្រឡាហោមជាទ័ពហ្លួង ឃុំ ទូកចម្បាំង១០០ មានរេហ៍ពល១.០០០នាក់ ។

ព្រមដោយគ្រឿងសាស្ត្រាវុធលើកទៅបោះទ័ពនៅភូមិព្រៃរកាកោង ។ ទើបទ្រង់ចាត់ទ័ពជើងគោក តទៅទៀត ៖

១-ឧកញ៉ាចក្រី ឃុំរេហ៍ពល ១០.០០០ នាក់ លើកទៅជាទ័ពមុខ ។
២-ឧកញ៉ាវង្សាអគ្គរាជ ឃុំរេហ៍ពល ៦.០០០នាក់ ជាប៉ែកស្តាំ ។
៣-ឧកញ៉ារាជតេជៈ ឃុំរេហ៍ពល៦.០០០ នាក់ ជាប៉ែកឆ្វេង ។
៤-ឧកញ៉ានរិន្ទ្រាធិបតី ឃុំពល ៦.០០០ នាក់ ជាទ័ពក្រោយ ។
៥-ព្រះអង្គឯង ទ្រង់ជាទ័ពហ្លួង នាំរេហ៍ពល ២.០០០នាក់ ព្រមដោយសេនាទាហាន រេហ៍ពល ដំរី សេះ និងស្វេតច្ឆត្រ អភិរម សែនក្វាន់ត្រៀបត្រា ។
៦-ឱ្យឧកញ៉ាយមរាជ ជាមេទ័ពធំមួយ កងផ្សេងឃុំរេហ៍ពល១០.០០០នាក់ លើកទៅព័ទ្ធដីព្រៃចំការលើចុះមក ។
៧-សម្តេចចៅពញាយោធានរិន្ទ ឃុំពល ១០.០០០នាក់ លើកទៅតាមផ្លូវក្រោម គឺតាមមាត់ព្រៃខាងលិច កំណត់ឱ្យជួបជុំនៅ បន្ទាយខែត្រកំពង់សៀម ។
៨-ឯទ្រង់ព្រះករុណាពិសេស ព្រះបរមបពិត្រ ព្រមដោយសេនាទាហាន នាយកងទ័ពមុខ ក្រោយ ឆ្វេង ស្តាំ លើកតាមផ្លូវកណ្តាលចេញទៅ ។ តែដោយហេតុថា ផ្លូវនោះមានទឹកច្រើនពេក រេហ៍ពលធ្វើដំណើរ យឺតយូរ ក៏ចាត់ចៅពញាលំពាំង ចៅពញាយោធាធិបតី មេទ័ពស្តេចខាងកើតដែល ចោមវាយបន្ទាយខែត្រ កំពង់សៀមនោះវាយបែកបន្ទាយនោះមួយថ្ងៃមុន។ លុះព្រះរាជដំណើរទ័ពទៅដល់ហើយ ស្តេចឱ្យរេហ៍ពល ឡើងរក្សានាទីបន្ទាយមាំមួន។ ក្នុងគ្រាដែលស្តេចព្រះរាជដំណើរទ័ពទៅប្រថាប់នៅប្រាសាទគុហ៍ពង្រនោះ ក៏ស្រាប់តែឃើញចៅពញាមន្ត្រីភក្តី និងក្រមការខេត្តកំពង់សៀម ចូលទៅក្រាបបង្គំយំថ្វាយទោសថា ស្តេចកនឱ្យចៅពញាលំពាំង និងចៅពញាយោធាធិបតីលើកកងទ័ព ៤០.០០០នាក់ មកចោមវាយបន្ទាយ នោះ១៦ថ្ងៃយ៉ាងសាហាវក្រៃពេក កងទ័ពក្នុងបន្ទាយតែ១០.០០០នាក់ ហើយខ្វះស្បៀងអាហារផង ទ្រាំ ពុំបាន ទើបបានជាបែកទ័ព រត់ជ្រកក្រោមបុណ្យបារមីនេះ ។ ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ ទ្រង់ត្រាស់សណ្តាប់ហើយ ទ្រង់មានព្រះបន្ទូលពិសេសថា ការដែលយើងយឺតយូរក្រមកជួយអ្នកនេះ ពីព្រោះតាមផ្លូវមានទឹកច្រើនណាស់ ហេតុនេះហើយបានជាសត្រូវវាយបែកបន្ទាយអ្នកទាំងអស់គ្នា ។ ការបាត់បង់ជោគជ័យនេះមិនមែនជាកំហុសឧកញ៉ា និងក្រមការខេត្តធ្វេសប្រហែសទេ គឺជាកំហុសពីយើងដើរកាត់យឺតយូរមកពុំទាន់ ពុំត្រូវឱ្យអ្នករាល់គ្នាមានទោសទេ ។ ស្អែកនេះយើងនឹងវាយបន្ទាយនេះឱ្យបានវិញ ចូលកុំបារម្ភឡើយ ។

ចៅពញាមន្ត្រីភក្តី និងក្រមការទាំងអស់ ឮព្រះបន្ទូលទ្រង់ព្រះមេត្តាប្រោសលើកទោសដូច្នោះក៏ត្រេកអរណាស់។ លុះព្រឹកឡើងព្រះបរមបពិត្រទ្រង់ចាត់កលឧបាយប្រាប់នាយទ័ព នាយកងឱ្យដឹងឱ្យធ្វើតាមគ្រប់ៗគ្នា ហើយទ្រង់ចាត់ឱ្យបម្រើសេះចេញទៅជាពីរផ្លូវ ទៅប្រាប់សម្តេចយោធានរិន្ទមួយផ្លូវ ទៅប្រាប់ឧកញ៉ាយមរាជមួយផ្លូវ ឱ្យលើកទ័ពវាយប្រសព្វចូលមក ។ ឯឧកញ៉ា វង្សាអគ្គរាជ ឧកញ៉ារាជតេជៈ ឃុំរេហ៍ពល របស់ខ្លួន ហើយក៏លើកទៅចោមបន្ទាយកំពង់សៀមតាមត្រាស់បង្គាប់ ។ ខណៈនោះ ចៅពញា លំពាំងយោធាធិបតី មេទ័ពសម្តេចស្រីជេដ្ឋាឃើញហើយ ក៏លើកទ័ពចេញមកច្បាំងគ្នាយូរបន្តិចមក ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ាតេជៈ ក៏ក្លែងធ្វើជាចាញ់ ហើយលើកកងទ័ពរត់ទៅដល់ភូមិសៀមបោយ ឧកញ៉ាចក្រី ឧកញ៉ានរិន្ទនាយក ដែលបង្កប់ទ័ពនៅទីនោះឃើញទ័ពសត្រូវមកដល់ហើយ ក៏ដេញកងទ័ពរបស់ខ្លួន ស្ទាក់ព័ទ្ធពីឆ្វេងពីស្តាំ។ ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ារាជតេជៈ ក៏ដេញពលទ័ពឱ្យរាមកតវិញ ។ ទ័ពសត្រូវ ទាំងពីរកងដែលដេញទៅនោះ ក៏ត្រឡប់ជានៅកណ្តាលកងទ័ពហ្លួងខាងលិច ។ លុះឃើញថា ទ័ពនេះច្រើន លើសកម្លាំងតស៊ូពុំបាន មេទ័ពសត្រូវនោះក៏នាំកងទ័ពរបស់ខ្លួនវាយបំបែកការឡោមព័ទ្ធ ហើយចេញមកដល់ព្រៃមួយអន្លើសិន ផ្នែកខាងកើតភូមិសៀមបោយប្រមាណ ៣៥សិន ។ ខណៈនោះព្រះបរមបពិត្រ ព្រះអង្គទ្រង់បរព្រះទីនាំងពិជ័យគជេន្ទ្រនាំយោធាចេញពីព្រៃស្ទាក់ទ័ពចៅ ពញាលំពាំង ចៅពញាយោធា ធិបតីជាប់។ មេទ័ពសត្រូវក៏ទទួលច្បាំងគ្នាជាមាំមួនដោយអាវុធវែងខ្លី ។ ឯអស់ពលខាងទ័ពចៅពញា លំពាំង និងយោធាធិបតី កាលឃើញសម្តេចព្រះចន្ទរាជាគង់លើដំរី.សសុទ្ធហើយនោះក៏ចេះតែនឹកថា ព្រះបរមបពិត្រអង្គនេះហើយ ដែលគេហៅថាអ្នកមានបុណ្យមានតេជៈ ។ មិនយូរប៉ុន្មានពួកពលទាំងនោះ ក៏បោះចោលគ្រឿងសាស្ត្រាវុធពីដៃ ហើយរត់ចូលទៅថ្វាយបង្គំសុំព្រះរាជទានឱ្យអភ័យទោស ។ ព្រះអង្គ ក៏ទ្រង់លើកទោសឱ្យទាំងអស់ ឯចៅពញាលំពាំង ចៅពញាយោធាធិបតី ទ័លគំនិតនឹងច្បាំងតទៅទៀតពុំកើត ក៏គេចចូលព្រៃអារ.កខ្លួនឯងស្លាប់ទាំងពីរនាក់ទៅ ។

ព្រះបរមបពិត្រខត្តិយាមហាចន្ទរាជាទ្រង់យល់បាត់មេទ័ពខាងសត្រូវទាំងពីរនាក់ហើយ ឱ្យសេនាទាហាន ដេញតាមរកសព្វព្រៃ។ លុះឃើញថាស្លាប់ហើយសេនាទាហានក៏កាត់ក្បាលយកទៅថ្វាយបង្គំទូលព្រះបរមបពិត្រ។ គ្រានោះទ្រង់ត្រាស់ឱ្យដោតក្បាលមេទ័ពសត្រូវទាំងពីរទុកជាបម្រាម។ ឯសម្តេចចៅពញា យោធានរិន្ទ១ ឧកញ៉ាយមរាជ១ ជាមេទ័ពដែលចេញទៅទាំងពីរផ្លូវលុះដឹងសេចក្តីដោយព្រះរាជបម្រើ ជិះសេះទៅប្រាប់ហើយ ក៏លើកកងទ័ពស្រូត ទៅដល់ទីណាតា់ ហើយចោមបន្ទាយកំពង់សៀម ។ ខណៈ នោះចៅពញាមហាសេនាមេទ័ពខាងស្តេចត្រើយ ខាងកើត ដែលនេរៅក្សាបន្ទាយនោះ លុះឃើញហើយក៏ដេញរេហ៍ពលឱ្យឡើងរក្សានាទីបន្ទាយ តែដោយពលខ្លួនតិចពេកយល់ថា នឹងស៊ូពុំបានក៏នាំពួកពលចេញពី បន្ទាយទៅចុះទូក តែចុះជាបន្ទាន់ពេកទូកភ្លូកលិចអស់ជាច្រើនទៅ ពលរេហ៍ធ្លាក់ស្លាប់ក៏ច្រើន រួមទាំង ចៅពញាមហាសេនាផង។

ឯព្រះបរមបពិត្រ ព្រះអង្គធ្វើសង្គ្រាមមានជ័យហើយ ព្រះអង្គត្រឡប់មកបន្ទាយកំពង់សៀមវិញ ។ សម្តេច ចៅពញាយោធានរិន្ទ និងឧកញ៉ាយមរាជឃើញស្តេចព្រះរាជដំណើរមកដល់ ក៏ចេញមកទទួលស្តេចចូល ទៅប្រថាប់ក្នុងបន្ទាយ។ នៅទីនោះព្រះបរមបពិត្រស្តេចត្រាស់បញ្ចុះបញ្ចូលសេនាទាហាន រេហ៍ពលដែល មេទ័ពព្រះអង្គទាំងពីរចាប់បានមកថ្វាយនោះជាសេចក្តីស្រុះស្រួល ហើយកងទ័ពទាំងនេះក៏ទទួលខ្លបខ្លាច អំណាចព្រះបារមីថ្វាយខ្លួនជាខ្ញុំរាជការទាំងអស់គ្នា ។
ព្រះស្រីជេដ្ឋា ព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរ បានទ្រង់ជ្រាបថា បែកបន្ទាយកំពង់សៀមដូច្នោះហើយ ទ្រង់ត្រាស់ឱ្យបម្រើទៅប្រាប់ចៅពញាស្រាល ចៅពញាវិបុលរជាឱ្យលើកកងទ័ពជើងទឹកមកជួយទ័ពជើងគោកទៀត ។ គ្រានោះចៅពញាស្រាល និងចៅពញាវិបុលរាជ ជាសេនាបតីសម្រាប់ឯកភូ សម្រេចរាជការ ខាងជើងទឹកបានដឹងហើយ ក៏លើកទ័ពទៅដល់ រួចក៏ដេញកងទ័ពជើងទឹក ឱ្យឡើងចោមបន្ទាយខែត្រ កំពង់សៀម ។ ខណៈនោះកងទ័ពហ្លួងគ្រប់កងដេញពួកពលឱ្យចេញច្បាំងបាញ់គ្នាដោយកាំភ្លើងតូចធំសូរ សន្ធឹកកក្រើករំពើកទាំងប្រឹថពី។ ឯឧកញ៉ាក្រឡាហោម ឧកញ៉ាវិបុលរាជសេនាបតី សម្រេចរាជការ ហ្លួងត្រើយខាងលិច ដែលបោះទីតាំងនៅរកាកោងនោះ ចែវទូកទៅដល់ភូមិអង្គរបាន ស្រាប់តែឮសូរ កាំភ្លើងធំតូចជាខ្លាំងណាស់ ក៏ស្រូតទៅដល់កំពង់ចាម។ លុះឃើញទូកចម្បាំងខាងហ្លួងត្រើយខាងកើត ហើយ ដែលទូកនីមួយៗមានតែពល៥ឬ៦នាក់នៅរក្សា ។ ក្នុង១៥០ទូកនោះមានរេហ៍ពលតែ១.៥០០នាក់ ក៏ឱ្យសេនាទាហានចោមបាញ់ចាក់កាប់សត្រូវទាំងនោះឥតសំចៃឡើយ ហើយកងទព័ទាំងនោះបែកបាក់ទៅអស់។ មេទ័ពខាងព្រះបរមបពិត្រចាប់យកទូកចម្បាំងទាំងអស់មកក្រាបង្គំទូលថ្វាយយកថ្វីដៃ។ ខណៈនោះ រេហ៍ពលដែលរត់បែកពីទូកចម្បាំងនោះ ខ្លះក៏បែកផ្លូវទៅទីទៃៗ កងទ័ពខាងសម្តេចចៅពញាយោធានរិន្ទ និងកងទ័ពឧកញ៉ាយមរាជ ចាប់បានសត្រូវចំនួន៨០០នាក់ ហើយក៏នាំមកក្រាបបង្គំទូលដែរ ។ កងទ័ព ដែលចាំទូកសត្រូវនោះខ្លះក៏រត់ទៅពឹងចៅពញាស្រាល និងចៅពញាវិបុលរាជ រាយការណ៍តាមដំណើរ ។ ចៅពញាទាំងពីរជាមេទ័ពស្តេចត្រើយខាងកើតឮហើយក៏ស្លុតចិត្ត អស់គំនិតភិតភ័យបណ្តាលឱ្យដឹងដល់ នាយកងនាយទ័ពគ្រប់កង។ នាយទាំងនោះក៏អស់ទឹកចិត្តនឹងចលូច្បាំងទៀត ហើយក៏តាំងបែកទ័ពរត់ខ្ចាត់ខ្ចាយទៅ ខ្លះក៏លោតទឹកស្លាប់ ។

ឯកងទ័ពសម្តេចចៅពញាចន្ទរាជាជាអម្ចាស់ផែនដីត្រើយខាងលិចចេញពីបន្ទាយមកចាប់បានខ្លួនសត្រូវ ប្រមាណ ៥០០នាក់។ លុះជួបជុំនាយកងទ័ពជើងទឹក ជើងគោកគ្រប់គ្នា ព្រមទាំងឈ្លើយ និងស្បៀងអាហារ សាស្ត្រាវុធ និងទូកចម្បាំង១៥០នោះ ហើយក៏នាំគ្នាទៅក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ។ ព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ជ្រាបគ្រប់ប្រការ ទ្រង់ព្រះអំណរណាស់ បានប្រោសព្រះរាជទានរង្វាន់ដល់សេនាទាហានតាមសមគួរ ។

សម្តេចព្រះបាទស្រីជេដ្ឋាអម្ចាស់ផែនដីទិសខាងកើតកាលទ្រង់ជ្រាបថា ចៅពញាស្រាល ចៅពញាលំពាំង ជាក្មួយបរាជ័យរហូតដល់ស្លាប់ ខូចទាំងទូកចម្បាំងដូច្នោះ ហើយទ្រង់ព្រះពិរោធណាស់ ទ្រង់រើសយកកូន សម្តេចចៅហ្វាកៅពីរនាក់មកគឺឈ្មោះពេជ១ តាំងជាចៅពញាស្រាល (ទីក្រឡាហោម), ឈ្មោះក្រេះ១ តាំងជាចៅពញាលំពាំង (ទីចក្រី) និងចៅពញាវៀង ទីយមរាជ(កុយ) រួមជា៣ នាយឱ្យលើកទ័ព ទៅច្បាំងនឹងកងទ័ពសម្តេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជ ជាទ័ពអម្ចាស់ត្រើយខាងលិច ។ សម្តេច ព្រះជ័យជេដ្ឋាទ្រង់ផ្តាំថា បើសម្តេចចៅពញា និង ឧកញ៉ាយមរាជបែកទៅហើយ ឱ្យឃុំពល ២០.០០០នាក់ ទៅចោមបន្ទាយខែត្រកំពង់សៀមទៀត ។

មេកងធំទាំង៣នាក់ទទួលព្រះរាជតម្រាស់ ហើយក៏ថ្វាយបង្គំលាលើកទ័ពឆ្លងទៅចោមបន្ទាយរាយទ័ពច្បាំង និងកងទ័ពសម្តេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជ តាមត្រាស់បង្គាប់ ។ ទ័ពទាំងសងខាងច្បាំងគ្នា ជាច្រើនដង ច្រើនគ្រា ម្តងចាញ់ម្តងឈ្នះ ពុំបានសម្រេចជ័យជំនះទៅខាងណាៗឡើយ ។ លុះដល់ខែជេស្ន ជិតដល់ពេលឱ្យរាស្ត្រធ្វើស្រែ សម្តេចស្រីជេដ្ឋា ស្តេចពិជ័យនគរ ទ្រង់ឱ្យបន្ថយមេទ័ពទាំង៣នោះ ចូលទៅសម្រាកខ្លួនវិញ ទើបទ្រង់ព្រះតម្រិះថា តាំងពីធ្វើសង្គ្រាមនឹងពញាចន្ទមកនេះ ការខូចខាត ទ្រព្យសម្បត្តិ និងស្បៀងអាហារ អាណាប្រជានុរាស្ត្រក៏អស់ជាច្រើន ដូច្នោះគួរតែយើងបែកចែកផែនដី យកសេចក្តីសុខវិញ ជាការល្អជាង ។ លុះត្រង់ឈ្វេងយល់យ៉ាងនេះហើយ ទើបទ្រង់ឱ្យតែងព្រះរាជសារ ដាក់ក្នុងបំពង់មាសតម្កល់លើពានមាសពិសេសថ្លៃថ្លាប្រពៃល្អ ហើយទ្រង់ត្រាស់ប្រើពញាសង្គ្រាមកែវ ជា រាជទូតពញារក្សាសម្បត្តិឯម ជាឧបទូត ព្រះជំនាញអាវុធគាម ជាត្រីទូត ឱ្យយកព្រះរាជសារចុះទូក-ង បាំងសប្បធន៣ លើកព្រះពានព្រះរាជសារនោះមកថ្វាយសម្តេចព្រចះន្ទរាជា។ រាជទូត ឧបទូត ឆ្លងមកដល់ដែនកំពង់សៀម ប៉ងនឹងឡើងគោក ដើម្បីយកព្រះរាជសារទៅថ្វាយ ព្រះបរមបខត្តិយាមហាចន្ទរាជាធិរាជ ខណៈនោះម៉ឺនជំនិតសទ្រង់សួរ ជាព្រះញាតិដែលនាំរេហ៍ពល ៣០០នាក់ ដើរល្បាតដូចសព្វដង កាលេឃីញរាជទូតទាំង៣ ដែលយកព្រះរាជសារមកហើយក៏ស្រែកឱ្យពលចូលចាប់។ រាជទូតទាំង៣នាក់ក៏ប្រយុទ្ធគ្នា នឹងទ័ពល្បាត ធ្វើឱ្យធ្លាក់បំពង់ព្រះរាជសារ និងព្រះពានមាសនោះទៅក្នុងទឹក ។ ទ័ពល្បាតចាប់យកបាន តែរាជទូត ឧបទូត ត្រីទូត ទាំងបីនាក់ និងពល១០០នាក់ ចំណុះទូកទាំង៣នោះ នាំទៅក្រាបទូលថ្វាយ រាយសេចក្តីគ្រប់ប្រការ ។

សម្តេចព្រះបរមក្សត្រមហាចន្ទរាជា ទ្រង់ព្រះវិនិច្ឆ័យទោសឧកម៉ឺនជំនិតស ទ្រង់សួរថា “ដែលឧកម៉ឺនចាប់ បម្រើសត្រូវដែលមកជារាជទូត ឧបទូត ត្រីទូតនេះ ទាស់នឹងព្រះច្បាប់សម្រាប់ស្រុកអំពីបុរាណ រាជប្រវេណីហើយ ត្រូវតែមានទោស ទើបទ្រង់ប្រោសឱ្យចុះព្រះរាជអាជ្ញា(ឱ្យវាយខ្នង)២៤ខ្វាត់ម្នាក់, ឱ្យដាក់ឃ្នាងបណ្តើរអាក្រោស, ឧកម៉ឺនជំនិត“ស” ទ្រង់“សួ” ៣ជុំបន្ទាយទ័ព។ លុះធ្វើទោសរួចស្រេចហើយ ស្តេចមានព្រះបន្ទូលត្រាស់សួរទៅទូតទាំង៣ថា ឯងមកនេះតើដោយប្រការម្តេច ?

រាជទូតយកសេចក្តីក្រាបបង្គំទូលថា ទូលព្រះបង្គំជារាជបម្រើ ព្រះករុណាត្រើយខាងកើតស្តេចឱ្យនាំ ព្រះរាជសារ មកថ្វាយល្អងធូលីជាម្ចាស់ផែនដីប៉ែកខាងលិច ប៉ុន្តែឥឡូវនេះ ព្រះរាជសារនោះធ្លាក់ទឹកបាត់ ក្នុងគ្រាដែលចោមចាប់នោះអស់ទៅហើយ តែនៅចាំសេចក្តីខ្លះៗ បើនឹងក្រាបទូលទៅក្រែងសេចក្តីនោះ ពុំសព្វគ្រប់ ។ ហេតុនេះសូមទ្រង់ព្រះរាជទានទោស ។ សម្តេចព្រះចន្ទរាជាស្តេចទ្រង់ប្រោសឱ្យទូតទាំងនោះទូលព្រះអង្គ តាមចាំរៀងខ្លួនចុះ។ រាជទូតត្រើយ ខាងកើតក៏ទូលថា ដ្បិតហ្លួងជាម្ចាស់លើត្បូងទូលព្រះបង្គំជាខ្ញុំមានព្រះហឫទ័យប្រណីរាស្ត្រដែលវិនាស ស្លាប់ បាត់បង់ជាច្រើនក្នុងសង្គ្រាមដែលបានធ្វើមកជាច្រើនឆ្នាំនោះ ។ ឥឡូវនេះ ហ្លួងជាម្ចាស់លើត្បូង ទូលព្រះបង្គំជាខ្ញុំស្តេចមានព្រះហឫទ័យចង់បញ្ឈប់សង្គ្រាម សុំចងជាព្រះរាជមេត្រីចែកផែនដី និងម្ចាស់ ត្រើយខាងលិចឱ្យស្មើគ្នា ។ បើទ្រង់ព្រះករុណាវិសេស ជាអម្ចាស់លើត្បូងខាងនេះទ្រង់យល់ព្រម ល្មមផងនោះ ព្រះពុទ្ធសាសនា និងអាណាប្រជានុរាស្ត្រនឹងបានសុខក្សេមក្សាន្តតទៅ ដោយសារព្រះសតិប្រាជ្ញា ទ្រង់ព្រះករុណាពិសេសទាំងពីរអង្គ បម្រុងរាស្ត្រឱ្យសុខជាព្រះកិត្តិយសប្រសើរ ។

សម្តេចព្រះបរមរាជបរមបពិត្រជាអម្ចាស់ត្រាស់ថា ក្រុងកម្ពុជារាជធានីនេះជាព្រះរាជសម្បត្តិអំពីព្រះបរមរាជអយ្យកោ អយ្យិកាកាយើងរៀងមក។ ឯព្រះស្តេចកន អម្ចាស់ឯងនោះប្រៀបដូចជាចោរ មកលួចផែនដីយើង ហើយមកសុំចែកសម្បត្តិនិងម្ចាស់ទ្រព្យនេះតើឯងឃើញថា គប្បីហើយឬ? ប៉ុន្តែឥឡូវនេះ បើម្ចាស់ឯងចង់ឈប់សង្គ្រាម ក៏ឈប់តាមចិត្តចុះ ។ តែថាឱ្យម្ចាស់ឯងថយទៅជាមុនចុះ ចាំអញថយទៅជាក្រោយ ។ មានព្រះបន្ទូលចប់ហើយ ស្តេចព្រះរាជទានពានមួយជាជំនួសព្រះពានមាសដែលធ្លាក់ទឹកនោះទៅទូតទាំង ៣នាក់វិញ ។ រាជទូតត្រើយខាងកើត ទាំង៣នាក់ក្រាបបង្គំលាចេញទៅចុះទូក-ង ឱ្យពួកស៊ីផាយអុំឆ្លងទៅក្រាបបង្គំទូលអម្ចាស់ខ្លួនសព្វសេចក្តី ។

សម្តេចព្រះស្រីជេដ្ឋាក្រុងពិជ័យនគរ (ស្តេចកន) ទ្រង់ជ្រាបហើយឃើញថា ពុំសមប្រកបតាមព្រះហឫទ័យ ដែលទ្រង់ប្រាថ្នាទេ ទ្រង់ព្រះពិរោធណាស់ តែក្លែងធ្វើជាទ្រង់ព្រះសម្រួលហើយត្រាស់ថា ចៅពញាចន្ទរាជា ដែលលួចមកវាយស្រុកខែត្រខាងលិចនេះ តែត្រូវជាចោរដែរ ឬពុំមែនជាចោរទេ? ព្រះរាជទូតទាំង៣ក្រាបបង្គំទូលថា ទូលព្រះបង្គំទាំងឡាយនឹកឃើញថា នឹងតបទូលទៅវិញដែរ តែបើនឹងទូលតបតសេចក្តីទៅវិញ ដូច្នេះ ពុំហ៊ាន ដ្បិតនៅគ្នាតិចពេក ហើយទូលព្រះបង្គំទាំងឡាយបានរួចខ្លួនមកនេះ ក៏ព្រោះតែបុណ្យបារមី សម្តេចជាអម្ចាស់គ្រប់គ្រងហើយទើបបានរួចមកនេះ ។

សម្តេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្តាប់សព្វគ្រប់ហើយ ព្រះអង្គចាត់ចៅហ្វាយស្រុក និង កងទ័ពឱ្យនៅរក្សា បន្ទាយមាត់ឃ្មុងបន្ទាយស្រី.សឈរ ហើយព្រះអង្គលើកទ័ពត្រឡប់ទៅក្រុងពិជ័យនគរវិញ ។

សម្តេចព្រះបរមបពិត្រជាម្ចាស់ផែនដី ប៉ែកខាងលិចទ្រង់ជ្រាបថា ព្រះស្តេចកន លើកទ័ពត្រឡប់ទៅមុន ហើយ ទើបព្រះអង្គបង្គាប់ចៅហ្វាយស្រុកឱ្យនៅរក្សាបន្ទាយកំពង់សៀម បារាយណ៍ ជើងព្រៃ រួចស្តេច លើកទ័ពត្រឡប់មកបន្ទាយខែត្របរិបូណ៌វិញ។ ព្រះអង្គលើកហួសទៅខែត្រពោធិ៍សាត់ទៀត ហើយត្រាស់ ឱ្យពលធ្វើដំណាក់តូចធំ ប្រក់ស្លឹក មានសន្ធិយាចុងរោងទីក្រៅក្នុង ។ រួចស្រេចស្តេចចូលគង់ ទ្រង់មាន ព្រះរាជបន្ទូលនិងអស់សព្វមុខមន្ត្រីថា ទំនៀមទំលាប់ពីបុរាណរៀងមកដល់រដូវមហាសង្ក្រាន្តចូលឆ្នាំថ្មី ហើយព្រះមហាក្សត្រធិរាជ ស្តេចតែងចេញទតព្រះនេត្រអស់សេនាទាហាន និង អាណាប្រជានុរាស្ត្រ ក្នុងខែត្រ ដែលបានហាត់ក្បួនគុនដាវអាវុធមកប្រជុំថ្វាយថ្វីដៃ ។ បើគូណាដៃជាទ្រង់តែងប្រោសព្រះរាជទាន រង្វាន់ និងចិញ្ចឹមឱ្យជារេហ៍ពលតទៅទៀត។ ៣ឆ្នាំមកហើយយើងបានឃើញថា មនុស្សដែលចូលមកប្រឡងយកថ្វីដៃតិចណាស់ យើងនឹងរើសដាក់ជាទាហានក៏ពុំគ្រប់គ្រាន់ ពុំធួននឹងរាជការដែលត្រូវការ ។

ឥឡូវនេះជិតចូលឆ្នាំថ្មីហើយ គប្បីឱ្យអស់សេនាបតីប្រកាសឱ្យគ្រប់ខែត្របានដឹងថា បើឈ្មោះណាបាញ់ កាំភ្លើង ធ្នូ ស្នាត្រង់ ច្បាំងលើខ្នងដំរីឈ្នះគេ៣ថ្ងៃ យើងនឹងទុកជាលេខ១ ហើយនឹងប្រោស ព្រះរាជទានឱ្យមានយសស័ក្តិ៥ហ៊ូពាន់ ព្រមទាំងព្រះរាជរង្វាន់មាស ប្រាក់ ដីស្រែចំការច្បារដំណាំ ភូមិឋាន ឱ្យមានសមគួរ។ បើឈ្មោះណាកាន់អាវុធច្បាំងគ្នាលើខ្នងសេះឈ្នះគេ៣ថ្ងៃ យើងទុកជាលេខ២ ហើយ នឹងព្រះរាជទានយសស័ក្តិជា៤ហ៊ូពាន់ និងរង្វាន់មាសប្រាក់ ភូមិឋានឱ្យតាមសមគួរ ។ បើឈ្មោះណាកាន់ អាវុធច្បាំងគ្នាឈ្នះគេនៅលើដី៣ថ្ងៃ ទុកជាលេខ៣ ហើយនឹងប្រោសព្រះរាជទានយសស័ក្តិ៣ហ៊ូពាន់ និង រង្វាន់មាសប្រាក់តាមសមគួរ ។ បើគូណា មានថ្វីដៃចុះជារណ្តាប់ក្រៅពីនោះយើងនឹងព្រះរាជទានជាឧកម៉ឺន ជាម៉ឺន ជានាយរាល់រូប ។

អស់សេនាបតីក្រាបបង្គំទទួលព្រះរាជបន្ទូលថ្លៃវិសេស ហើយក៏ថ្វាយបង្គំលាចេញទៅធ្វើសំបុត្រប្រកាស ប្រាប់ទៅចៅហ្វាយស្រុកឱ្យប្រាប់អស់អ្នកមុខអ្នកការ បណ្តារាស្ត្រឱ្យដឹងគ្រប់គ្នាតាមត្រាស់បង្គាប់។ ខណៈ នោះអស់មនុស្សដែលមានចំណេះវិជ្ជាការ ខំហ្វឹកហ្វឺនហាត់រៀនរាល់គ្នា ។ លុះចូលសង្ក្រាន្តថ្មី ឆ្នាំរោង ទោស័កសេនាទាហាន អាណាប្រជានុរាស្ត្រចូលមករកនាយចៅហ្វាយទីទៃៗ ដើម្បីរង់ចាំដល់ថ្ងៃចូលប្រឡង ចំណេះវិជ្ជាការថ្វាយថ្វីដៃគ្រប់ៗគ្នា។ ការប្រឡងជាន់នោះរើសបានសេនាទាហានច្រើន លើសឆ្នាំមុនៗ ១០សួន ។

ព.ស ២០៦៤ គ.ស ១៥២០ ម.ស ១៤៤២ ច.ស ៨៨២ ឆ្នាំរោងទោស័ក សិរីរាជសម្បត្តិស្តេច គ្រប់គ្រងនគរនៅខែត្រខាងលិច បាន៥ព្រះវស្សា សម្តេចព្រះអគ្គមហេសី សម្ភពព្រះរាជបុត្រាមួយអង្គ ទ្រង់ព្រះនាម ព្រះរាមាធិបតីនោះ សម្តេចព្រះបិតុរង្គាធិរាជ ជាអម្ចាស់ត្រាស់ឱ្យព្រះរាជគ្រូបុរោហិត ព្រឹទ្ធាចារ្យ សេនាបតី រៀបទទួលតាមព្រះសិរីយស សម្តេចព្រះឱរសាធិរាជឯកតាមទំនៀម ។ លុះបាន មួយខែក្រោយមកទ្រង់ត្រាស់បង្គាប់ឱ្យមុខងារធ្វើព្រះរាជពិធីចំរើន ព្រះកេសាព្រៃ ។ លុះធ្វើស្រេចហើយ អស់សេនាបតី មន្ត្រីមុខងារទាំងពួងនាំកូនប្រុសស្រី និងទាសាទាសី គោ ក្របី សេះ រទេះ ទូក ចេញហែរ សុវណ្ណមាលាថ្វាយភួងព្រះហស្ថរាល់ៗគ្នា ។ ឯសម្តេចព្រះវររាជបិតាក៏ទ្រង់ ព្រះរាជទានសួយសារអាករ ក្នុងខែត្របាត់ដំបង ជាចំណងព្រះហស្តនៃសម្តេចព្រះ ប្រិយបុត្របរិសុទ្ធរាមាធិបតី ។

ឆ្នាំម្សាញ់ ត្រីស័ញ ព.ស ២០៦៥ គ.ស ១៥២១ ម.ស ១៤៥៣ ច.ស ៨៨៣ នោះ អ្នកម្នាងបទុមបុប្ផា ជាព្រះស្នំឯក សម្ភពព្រះរាជបុត្រាមួយអង្គទ្រង់ប្រោសព្រះនាមជាព្រះអង្គបរមិន្ទរាជា ។ សម្តេច ព្រះវររាជ បិតា ទ្រង់ពេញព្រះស្នេហាទាំងពីរអង្គដូចគ្នា។ នេះនឹងនិយាយអំពីឧកញ៉ាមន្ត្រីកែវ សេនាបតីភូសម្រេចរាជការផ្នែកកងទ័ពជើងគោក ខាងព្រះចៅក្រុងកម្ពុជាទិសខាងលិចនោះ កាលជិតដល់ចូលឆ្នាំម្សាញ់ ត្រីស័ក ឧកញ៉ា ក៏គិតថា ពីមុនព្រះស្តេចកនបានឱ្យ ពល១០០នាក់មកក្លែងកលប៉ងនឹងធ្វើអន្តរាយអម្ចាស់យើង យើងពុំទាន់បានសងកលវាម្តងនៅឡើយទេ ។ ឥឡូវនេះជិតចូលឆ្នាំថ្មី ហើយព្រះស្តេចកនមុខជានិងប្រមូល សេនាទាហានឱ្យល្បងថ្វីដៃជាមិនខាន ។ ដូច្នោះ នរណាហ្ន៎ ! បណ្តាអ្នកអាចនឹងទទួលអាសាទៅប្លមធ្វើជាពួករបស់ពួកវា ហើយបាញ់វាសម្លាប់ចេញ បានសោះនឹងនឿយព្រួយរវល់ច្បាំងតទៅទៀត ថាបើឯងរាល់គ្នាសម្រេចការនេះ ឱ្យបានដូចប្រាថ្នា យើងនឹងក្រាបទូលសុំឱ្យឡើងយសស័ក្តិឱ្យបានជាធំ ។ ខណៈនោះសេនា ៤នាក់ ដែលមានថ្វីដៃ ត្រង់ខាងបាញ់កាំភ្លើង គឺឈ្មោះប្រាច នៅខែត្រទ្រាំង ឈ្មោះក្តាន់ នៅខែត្រកំពត ឈ្មោះតោ នៅខែត្របន្ទាយមាស ឈ្មោះជ័យ នៅខែត្រសំរោងទង បានចូលមកនៅជាខ្ញុំរាជការ ហើយចងជាសម្លាញ់នឹងគ្នាគិតគ្នាថា យើងចូលមក នៅជាខ្ញុំរាជការនេះប្រាថ្នាស្វែងរកគុណបំណាច់ បើបានកលហើយត្រូវទទួលយកអាសាអម្ចាស់ផែនដី ។ លុះយល់ព្រមគ្នា ហើយសេនាទាំង៤នាក់ក៏ឆ្លើយថា យើងខ្ញុំប្របទាទាំង៤នាក់នេះសុំទទួលយកអាសាធ្វើការថ្វាយព្រះបរមបពិត្រ ថាហើយ សេនាទាំង៤នាក់នោះក៏សំពះជំរាបលាចេញទៅ ។ លុះមកដល់កំពង់លួង ក្នុងខែត្រសំរោងទងទាំង៤នាក់ ក៏សុំដោយសារទូកគេ ឆ្លងកាត់ទៅដល់ខែត្របាសាន ហើយកាត់ទៅដល់ក្រុងស្រឡប់ពិជ័យនគរ។ ពេលទៅដល់ក្រុងនេះពីរថ្ងៃ សេនាទាំងនោះបានសម្គាល់ឃើញថា មានមនុស្សម្នាកាន់កាំភ្លើងគ្រឿងអាវុធ ចូលទៅទីរាំងព្រ័ត្រនៅវាលមុខព្រះពន្លាជាច្រើន ឃើញរាស្ត្រប្រជានាំគ្នាមើលពិធីនោះរាប់ម៉ឺននាក់ ។ លុះដល់ថ្ងៃរសៀលម៉ោង២ សេនាទាំង៤នាក់ក៏ចូលទៅបន្លំអែប និងអ្នកស្រុក ដែលឈរមើលនោះ ។ ក្នុងវេលានោះ សម្តេចព្រះស្រីជេដ្ឋាព្រះចៅក្រុង ស្រឡប់ពិជ័យនគរស្តេច តើនចាកក្រឡាព្រះបន្ទំ ហើយចូលស្រង់ទ្រង់គ្រឿង សម្រាប់ព្រះមហាក្សត្រ រួចទ្រង់នាំអស់ស្នំធំតូច ចេញទៅគង់នៅព្រះពន្លាខ្ពស់ចំពោះមុខសេនាទាហានធំតូច ដែលមកជួបជុំ រួចទ្រង់ផ្គូមនុស្សជិះសេះ ជិះដំរីចូលប្រកាប់គ្នា។ អស់ភ្នាក់ងារក៏វាយស្គរជ្វាតាមទំនងចូលសង្គ្រាម។ ការប្រឡងយកថ្វីដៃ លុះបានឈ្នះចាញ់ហើយ ចៅពញាមហាសេនាយោធាសង្គ្រាមក៏នាំមនុស្សដែលខាងឈ្នះនោះ ចូលទៅថ្វាយបង្គំ ទើបសម្តេចព្រះស្រីជេដ្ឋាប្រទានប្រាក់មួយជញ្ជីង ហើយឱ្យជានាយពលរេហ៍ រួចទ្រង់ឱ្យលើកវង់ចង ឱ្យខ្ពស់ស្មើក្បាល។ វង់នោះគូសខ្សែក្រៅ ពណ៌ខ្មៅ ខ្សែបន្ទាត់ពណ៌ក្រហម ចំណុចខាងក្នុងវង់នោះ លាបពណ៌ស រួចឱ្យមនុស្សបាញ់ម្នាក់ ម្តងគ្រប់ៗគ្នា ។ មនុស្សដែលបានបាញ់ពេលនោះដល់ទៅ២៣នាក់ តែបាញ់ពុំត្រូវក្នុងវង់៣ជាន់នោះឡើយ ។ អស់អ្នកកាន់ធ្នូខ្លះបាញ់ដល់ ខ្លះបាញ់ពុំដល់ ។ អ្នកកាន់ស្នាបាញ់ ពុំដល់សោះ។ អ្នកកាន់កាំភ្លើងបាញ់ដល់ តែមិនត្រូវ ។ ទើបព្រះអង្គបែរព្រះភ័ក្ត្រទៅត្រាស់និងស្នំឯក ទោ ត្រី ចត្វា ថា អាចោលម្សៀតទាំងអស់នេះមានថ្វីដៃយ៉ាងនេះ ស្រីណានឹងដោយកើត ។ ខណៈនោះ ពួកព្រះស្នំក្រមការឮហើយក៏សើចទ្រហឹងអឺងកង។ ខ្លះទូលថា ក្រែងវង់នោះនៅឆ្ងាយណាស់ដឹងឬ? ទើប ព្រះអង្គថា ឆ្ងាយប៉ុណ្ណឹងក៏អញបាញ់ត្រូវដែរ បើអញបាញ់ត្រូវឱ្យអញធ្វើម្តេច? ពួកព្រះស្នំថា បើទ្រង់បាញ់ត្រូវនឹងក្រងផ្កាថ្វាយ។ ខ្លះថាបើទ្រង់បាញ់ត្រូវនឹងថ្វាយព្រះស្នំយ៉ាងក្រអូប៥ ។ ខ្លះថា ឱ្យដករោមភ្នែក។ ខ្លះថា បើទ្រង់បាញ់ត្រូវ ខ្ញុំម្ចាស់ទទួលកោត។ លុះអស់អ្នកព្រះស្នំទូលថ្វាយកំសាន្តចប់ហើយ សម្តេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្តាប់ហើយ ត្រូវព្រះទ័យណាស់ ទើបទ្រង់ស្ទុះចេញមកក្រៅកន្ទ្រាក់យក ព្រះកៅទណ្ឌចុះទៅរានហាល ហើយព្រះអង្គឡើងឈរលើព្រះកើយ ព្រះហស្តស្តាំចាប់ព្រួញទាំង៥គងឡើង ហើយទ្រង់ត្រាស់ប្រាប់នាម៉ឺនមុខមន្ត្រី ស្រីស្នំ ក្រមការដែលជួបជុំក្នុងទីនោះទាំងប៉ុន្មានថា ឱ្យចាំមើលយើង យើងនឹងបាញ់ឱ្យត្រូវវង់ស។ ទ្រង់ថ្លែងកៅទណ្ឌនោះទៅសរក៏ត្រូវវង់សមែន ។ លុះទ្រង់ថ្លែងព្រួញ មួយទៀត ព្រួញនេះក៏ត្រូវបញ្ជូនព្រួញចាស់រហូតទៅព្រួញថ្មីជាប់នៅទីនោះ ។ លុះបាញ់ព្រួញ ជាប់គម្រប់ ៣ទៀត ព្រួញនេះក៏ត្រូវបញ្ជូនព្រួញចាស់រហូតទៅព្រួញថ្មីជាប់នៅទីនោះ។ លុះបាញ់ព្រួញជាប់គម្រប់ ៣ទៀត ព្រួញគម្រប់៣នេះទៅត្រូវព្រួញគម្រប់២រហូតទៅត្រូវជាប់នឹងព្រួញគម្រប់មួយ ។ កាលនោះ អស់ព្រះស្នំ ក្រុមការ និងសេនាបតីម្រន្តីធំតូចឃើញដូច្នោះក៏ស្រែកហ៊ោគឹកកង។ ភ្នាក់ងារតូរ្យតន្ត្រី ក៏តាំងវាយស្គរថ្វាយសព្ទសាធុការពរ ខ្ទរខ្ទារនៅទីនោះ ។ ឯបំរើទាំង៤នាក់ដែលឧកញ៉ាចក្រីកែវ ប្រើទៅទីនោះ ឃើញវឹកវរដូច្នោះហើយក៏លើកកាំភ្លើងឡើង តម្រងច់ទៅំឆ្អឹងជំនីរព្រះស្តេចកនខាងឆ្វេង ។ តែដោយតេជៈព្រះស្តេចកនពុំទាន់អស់បុណ្យ គ្រាប់នោះបាញ់ខុសមួយទះដៃ និងបាញ់ថែមទៀតក៏ពុំទាន់។ ខណៈនោះសម្តេចព្រះស្រីជេដ្ឋាអម្ចាស់ផែនដីស្រឡប់ពិជ័យនគរ ស្តេចកំពុងឈរមាននៅ ជាប់ព្រួញពីរនៅព្រះហស្ថនោះ លុះឮសូរកាំភ្លើងបាញ់ខាងឆ្វេងហើយ ក៏ក្រលេកប្រែព្រះភក្ត្របាញ់តាមផ្សែងរំសេវនោះទៅ ព្រួញក៏ត្រូវប្រជុំចិញ្ចើមអ្នកបាញ់ព្រះអង្គ ស្លាប់នៅទីនោះមួយរំពេច ។

ទ្រង់ទតទៅឃើញម្នាក់លូកដៃទៅគ្រាហ៍គ្នាវានោះក៏បាញ់មួយព្រួញទៅទៀត ត្រូវត្រង់សៀតផ្កាអ្នកដែល លូកដៃទៅគ្រាហ៍នោះ ស្លាប់មួយរំពេចទៀត ។ អស់សេនាបតី មន្ត្រី នាយកងទ័ព និងប្រជានុរាស្ត្រ ក៏ភ្ញាក់ផ្អេលីវឹកវរជាកោលាហលរចល់រកចាប់ពួកអាក្បត់ តែពួកក្បត់ក៏រត់រួច ។ ព្រះស្តេចកនក៏បញ្ជាឱ្យ កាត់ក្បាលអ្នកដែលស្លាប់ទាំងពីរនាក់នោះ ដោតជាបម្រាម រួចស្តេចត្រឡប់ចូលព្រះរាជវាំងវិញ ។ ក្រោយ មកសម្តេចព្រះស្រីជេដ្ឋា ក្រុងស្រឡប់ពិជ័យនគរទ្រង់ព្រះចិន្តាថា ពញាចន្ទរាជាបានទទួលជោគជ័យជាច្រើន ដោយហេតុឱ្យរង្វាន់សេនាទាហាន ហើយឱ្យតែត្រឹមខ្លួនដែលចូលមកធ្វើខ្ញុំរាជការ ដូច្នេះគួរយើង គិតឱ្យរង្វាន់ឱ្យបានច្រើនជាងចៅពញាចន្ទរាជា ។ គិតហើយស្រេច ស្តេចចេញទៅជួបជុំសេនាបតី មន្ត្រីតូចធំ ខ្ញុំព្រះរាជការ ហើយត្រាស់បង្គាប់ឱ្យធ្វើបទប្បញ្ញត្តិជាច្រើនច្បាប់ ប្រាប់ទៅទូទាំងព្រះនគរថា ឱ្យបណ្តារាស្ត្រចូលមកប្រឡងថ្វីដៃគ្រប់ៗគ្នា បើឈ្មោះណាជាសេនាទាហាននោះ ឈ្មោះនោះត្រូវបានយសស័ក្តិទ្រព្យសម្បត្តិដូចបញ្ញត្តិមុន ហើយត្រូវបានរង្វាន់ដល់ឪពុកម្តាយ បុត្រ ភរិយា ដែលនៅរក្សាផ្ទះសំបែងនោះថែមទៀតផង។

អស់បណ្តារាស្ត្របានដឹងក្នុងសេចក្តីបញ្ញតិដូច្នោះហើយ ក៏ឱ្យកូនចៅនិងប្តីខំរៀនសិល្ប៍សាស្ត្រ មន្តវិជ្ជាការ ចូលមកថ្វាយខ្លួននៅជាខ្ញុំរាជការជាច្រើនជម្រើនឡើងជាងអម្ចាស់ផែនដីទិសខាងលិចមួយភាគជាបី ។

ឯបម្រើឧកញ៉ាចក្រី ដែលទៅលុកនោះ នៅរស់ពីរនាក់ លុះត្រឡប់ឆ្លងទន្លេដើរទៅដល់ខែត្រពោធិ៍សាត់ ហើយ ក៏ចូលទៅប្រណិប័តន៍ប្តឹងអ្នកឧកញ៉ាចក្រីតាមដំណើរសេចក្តីគ្រប់ប្រការ ។ ឧកញ៉ាចក្រីក៏នាំហេតុដំណើរនោះ ឡើងក្រាបបង្គំទូលក្រោមល្អងធូលីព្រះបាទតាមដំណើរសេចក្តី ទើបព្រះបរមចក្រ មហាចន្ទរាជា ធិរាជបរមរាមាជាអម្ចាស់ទ្រង់ ត្រាស់នឹងអស់ខ្ញុំព្រះរាជការសេនាទាំងឡាយថា ឧកញ៉ាចក្រីគិតធ្វើដូច្នេះ ពុំគួរទេ ដ្បិតដើមនោះអាស្តេចកន វាជាស្តេចព្រៃ វាឱ្យមនុស្សមកលុកយើងមុន វាខុសច្បាប់ ខុសទំនៀមទ័ពទៅហើយ ។ កាលដែលឧកញ៉ាចក្រី ឱ្យមនុស្សទៅលបលុកវាវិញ នឹងនាំឱ្យខូចព្រះកិត្តិយសដែរ។ ប៉ុន្តែគ្រានោះយើងអភ័យទោសឱ្យម្តងចុះ ហើយទ្រង់ត្រាស់ប្រដៅថា វិស័យសឹក ក្រស័ត្រ បើថា នឹងគិតជាឧបាយកលបែបណាៗនោះ លុះត្រាតែកុំប្រទល់ប្រទះទ័ពគ្នា ។ ឥឡូវនេះគេនឹងយើងវិលមកលំនៅ រាល់ខ្លួនហើយ ហើយយើងប្រើមនុស្សឱ្យទៅលបលុកគេនោះ ពាក្យបុរាណលោកហៅថា ចោរសង្គ្រាម ពុំប្រសើរឡើយ។ ទ្រង់ត្រាស់ហើយ ស្តេចយាងចូលទៅទីខាងក្នុងព្រះរាជរោងរមវិញទៅ ។
តាំងតែពីខែនោះរៀងមក ស្តេចទាំងពីរព្រះអង្គទ្រង់សម្រាកឈប់ធ្វើសង្គ្រាមនឹងគ្នា រាស្ត្រប្រជាក៏បានសុខបន្តិច។ តែបើអ្នកឈ្មួញ លក់រទេះ ទូកនោះ ស្តេចឱ្យមានកងទ័ពនៅត្រួតត្រាមើល ។ បើឃើញ រទេះណា ទូកណា មានគ្រឿងសាស្ត្រាវុធត្រូវដកហូតចេញពុំឱ្យមានឡើយ។ ពេលនោះឈ្មួញទៅមក ជួបទាំងនគរខាងកើត ខាងលិចលក់ដូរទំនិញជាសុខទាំងសងខាង។ កងទ័ពរបស់សម្តេចត្រើយខាងលិច ខាងកើតប្រកាន់ច្បាប់តែសព្វខ្លួនឥតខុសឆ្គងឡើយ ។

ព.ស ២០៦៥ គ.ស ១៥២១ ម.ស ១៤៤៣ ច.ស ៨៨៣ ឆ្នាំម្សាញ់ត្រីស័ក ក្នុងវេលាចូលឆ្នាំថ្មី៣ថ្ងៃនោះ អស់អាណាប្រជានុរាស្ត្រក្នុងបស្ចិមទិសអាណាចក្រចូលមកប្រឡងយកថ្វីដៃ គុនដាវ គុនអាវុធគ្រប់ធុន ច្រើនអស្ចារ្យ អាណាប្រជានុរាស្ត្រចូលមកក្រាបបង្គំសុំជ្រកក្រោមព្រះបារមីច្រើនលើសឆ្នាំមុន ។ សម្តេចព្រះបរមបពិត្រ ចន្ទរាជាធិរាជ ទ្រង់ក៏ប្រោសប្រទានយសស័ក្តិតាមថ្វីដៃរាល់រូបកាយ ។ នាយកង នាយទ័ព ក៏កាន់តែមានចំនួនច្រើននាក់មួយជាពីរ ។

ក្នុងឆ្នាំបញ្ចប់សង្គ្រាមនោះ ទ្រង់ព្រះករុណាជាអម្ចាស់ផែនដីត្រើយខាងលិច ស្តេចព្រះរាជដំណើរចេញ ពីបន្ទាយខែត្រពោធិ៍សាត់ ទៅប្រពាតព្រៃទាក់ដំរី ទ្រង់ឱ្យតាំងបន្ទាយចោមដេញបញ្ចូលចាប់បានដំរីភ្លុក ស្តញីក្នុងខែត្រពោធិ៍សាត់៤០ ហើយទ្រង់ត្រាស់បង្គាប់ហ្មថែមទៀតថា ឱ្យឡើងទៅទាក់ដំរីនោះតាំង ពីខែត្រពោធិ៍សាត់រហូតដល់ខែត្រសំរោងទង និងខែត្រងថ្ពង កំពង់សោម បានដំរី៣៥ទៀត រួមទាំងអស់បានដំរី៧៥។ ស្រេចហើយស្តេចនាំត្រឡប់វិញមកបន្ទាយទ័ពហ្លួងនៅខែត្រពោធិ៍សាត់វិញ ។ លុះចូលឆ្នាំថ្មី ព.ស ២០៦៦ គ.ស ១៥២២ ម.ស ១៤៤៤ ច.ស ៨៨៤ ឆ្នាំ មមី ចត្វាស័ក ទាហានដែលចូលមកប្រឡង ថ្វាយថ្វីដៃហើយរើសសម្រាំងបានជាប់លេខ ១, ២, ៣ ច្រើនជាងមុនមួយភាគទ្រង់ប្រោសព្រះរាជទាន យសស័ក្តិ និងប្រាក់មាសតាមសមគួរ ។ ខណៈនោះសេនាបតី មន្ត្រីខ្ញុំរាជការ ក្រាបបង្គំទូលថា ក្រុមទាហានក៏មានសមគួរ និងធ្វើការហើយ នៅឡើយជាខ្ញុំរាជការក្នុងស្រុកនោះ មានចំនួនតិច ពុំដែលដេញប្រយោគវិជ្ជាការរបស់អ្នករៀនលេខ និងអក្សរសោះ ព្រោះលោកទាំងនោះសំគាល់ថា កាលនៅបួសជា សាមណេរនោះ មានដេញប្រយោគសាស្ត្រាបាលី រួចហើយបើលោកធ្វេសប្រហែស ពុំបានសិក្សាឱ្យបានស្ទាត់ជំនាញខាងលេខនោះឡើយ ។ បុរាណរៀងមកឈ្មោះណាដេញបានប៉ុន្មានប្រយោគដល់ស័ក មកលោកបញ្ជូនឈ្មោះនោះជាក្រុមព្រះរាជបណ្ឌិតសម្រាប់តែងតាំងជាមន្ត្រីក្នុងស្រុក។ ក្នុងឆ្នាំនោះគួរតែពួកសង្ឃការី និមន្តព្រះសង្ឃរាជ ព្រះរាជាគណៈឋានានុក្រម និងគ្រឹហាវាសទៅប្រជុំដេញសាស្ត្រា ដេញលេខនព្វន្តគនុហា ក្នុងខែត្របរិបូណ៍ឱ្យបានច្រើន ។ ខណៈនោះព្រះបរមបពិត្រពិនិត្យតាមពាក្យមន្ត្រីយកសេចក្តីក្រាបបង្គំទូលនោះទៅ ឃើញថា ពេញព្រះរាជហឫទ័យណាស់ ទើបស្តេចព្រះរាជដំណើរនាំព្រះរាជបុរោហិត បណ្ឌិតកវី ស្រីព្រះស្នំ ក្រមការ និងពួកសេវ កាមហាមាត្រ មាត្រាចាកនិគមបរមនិវេសន៍ បន្ទាយពោធិ៍សាត់មកដល់ខែត្របរិបូណ៍ ។ ព្រះអង្គចូលគង់ ក្នុងព្រះពន្លាជ័យក្នុងបន្ទាយចាស់ ហើយទ្រង់បរិច្ចាគព្រះរាជទ្រព្យថ្វាយ ព្រះសង្ឃ និងព្រះរាជទាន រង្វាន់ឱ្យអស់អ្នកដែលដេញសាស្ត្រា បាលី ប្រយោគ ។ ខាងព្រះសង្ឃដេញប្រយោគបានលេខ ទ្រង់នឹង តាំងជាបាឡាត់សមុហ៍បៃដីកា។ បើខាងគ្រីហាវាសវិញ ទ្រង់ព្រះរាជទានជាមន្ត្រីខ្ញុំរាជការ ក្រុមស្រុកតាមគុណវិជ្ជាការ ហើយត្រាស់បង្គាប់ចាងហ្វាងមហោស្រពឱ្យតាំងហាត់ល្ខោនប្រុសស្រី ភ្លេងតូរ្យតន្ត្រីជា សម្រាប់ព្រះឥស្សរិយយស ។

នេះនឹងនិយាយខាងឯសម្តេចព្រះស្រីជេដ្ឋា អម្ចាស់ផែនដី នគរខាងកើតនោះឃើញការសង្គ្រាមស្ងាត់ហើយ ក៏ធ្វេសប្រហែស ពុំសូវយកព្រះទ័យទុកដាក់និងរាជការផែនដី ។ ទ្រង់សម្រាន្តព្រះរាជហឫទ័យតែនឹងអស់ អ្នកស្នំក្រមការ ព្រះចិន្តាភ្លើតភ្លើនទៅដោយនូវ ល្ខោន ចម្រៀង តូរ្យតន្ត្រី ជានិច្ចកាលជាអាលជី។ ក្នុងឆ្នាំមមីនោះក្នុងព្រះរាជនគរខាងកើត អស់រាស្ត្រប្រជារកស៊ីពុំសូវសុខសាន្ត ទាំងជំនួញជួញដូរលក់ ក៏ពុំសូវចម្រើនដូចសព្វឆ្នាំ ។ ក្នុងវេលាយប់មួយនោះ ទ្រង់ព្រះតម្រិះយល់ថា អញសោយរាជ្យនេះ មកយូរហើយ នៅឡើយតែចិត្តរាស្ត្រពុំដឹងស្រឡាញ់អញ ឬប្រែចិត្តគិតទៅចូលនឹងពញាចន្ទរាជាវិញទេដឹង។ លុះយប់ស្ងាត់ស្តេចយាងទៅតែមួយអង្គឯងលបស្តាប់រាស្ត្រ។ ខណៈនោះទ្រង់ឮរាស្ត្រជុំគ្នានិយាយថា អម្ចាស់ផែនដីយើងសព្វថ្ងៃនេះមានបុណ្យអស្ចារ្យណាស់ ទ្រង់ព្រះរាជហឫទ័យក៏ធូរទូលាយ យើងសុខសប្បាយមករាល់ឆ្នាំ តែក្នុងឆ្នាំនេះហេតុអ្វីក៏ខាតពុំបានចម្រើន ផលប្រយោជន៍សោះ។ ហេតុដូចម្តេច ក៏ព្រះបាទអស់ជុំនុំពុំឃើញជុំនុំដោះទុក្ខសុខរាស្ត្រឱ្យបានរកស៊ីធូរទូលាយឡើងវិញ ។ ខណៈនោះសម្តេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្តាប់បានជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រឡប់ទៅដំណាក់វិញ ។ លុះព្រឹកឡើងទ្រង់ បង្គាប់ព្រះអាល័ក្ស និងក្រុមព្រះសុភាធិបតី ឱ្យត្រាទុកថា ព្រះរាជបញ្ញតិឱ្យតុលាការធ្វើទោសអ្នកទោស ដែលចាញ់ក្តីគេឱ្យបែងជាភាគ៣ ឱ្យប្រណីចោលភាគ១ ឱ្យយកតែភាគ២ ជាទីសម្រាលជាងពីបុរាណ ច្បាប់មុន ។
ផែនដីព្រះស្រីសុគន្ធបទ

សេចក្តីដែលព្រះស្រីជេដ្ឋាបន្ធូរបន្ធយច្បាប់ឱ្យស្រាលមកនោះ ក៏ជ្រាបដល់សម្តេចព្រះបរមខត្តិយា មហាចន្ទរាជា អគ្គមហាបុរសរដ្ឋនគរខាងលិច ទើបទ្រង់មានព្រះរាជបរិយាយត្រាស់សួរអស់មន្ត្រីកវីរាជបុរោហិតថា តើនគរខាងកើតធ្វើច្បាប់បង្គាប់ឱ្យយកទោសស្រាលនេះត្រូវបខ្ញុសុ ? អស់សេវកាមហាមាត្យយកសេចក្តីក្រាបទូល ព្រះករុណាក្រោមលង្អធូលីព្រះបាទថា រាស្ត្រសព្វថ្ងៃក្រីក្រណាស់ ព្រះករុណាគេគិតប្រណីនេះត្រឹមត្រូវហើយ ។

ទើបព្រះបរមបពិត្រត្រាស់តបថា អាព្រះស្តេចកននេះវាជាមនុស្សខូច បនាជាវាប្រណីទោសអាពួកដែលធ្វើខុសនោះ។ បើដូច្នេះយើងឱ្យតាំងច្បាប់បង្គាប់ឱ្យលក់អាមនុស្សខូចកាចនោះ ក្នុងរឿងនីមួយៗឱ្យតាំង ក្រយាពិន័យជា៤ភាគ ចោល១ភាគ យកភាគ៣ ដើម្បីឱ្យអាមនុស្សនោះរាងចាលលែងខូចកាចតទៅទៀត។ សេចក្តីប្រណីរាស្ត្រ ដែលព្រះស្តេចកនវាបន្ធូរច្បាប់ដូច្នេះនេះ គឺធ្វើដើម្បីឱ្យញាតិត្រកូលវាដែលខូចកាចនោះ កម្រើកចិត្តលួចប្លន់តាមជាតិត្រកូលឱ្យបានច្រើនឡើង ហើយយើងនឹងយកតាមវាមិនបានទេ ។

ឧកញ៉ាសុភាធិបតី និងឧកញ៉ាមន្ត្រីធិរាជ ក៏ក្រាបបង្គំទទួលព្រះរាជតម្រាស់តំកល់លើត្បូង ហើយកត់ត្រា ទុកជាព្រះរាជបញ្ញតិ ប្រតិបត្តិតាមតរៀងមក ។

នេះនឹងនិយាយថា មានរាស្ត្រម្នាក់ឈ្មោះ ចៅលួង ប្រពន្ធឈ្មោះឥន្ទ មានក្មួយស្រីម្នាក់ ឈ្មោះនាងខ្មា បាវស្រីនាងខ្មាឈ្មោះនាងគាំ។ នៅភូមិជិតនោះមានប្រុសម្នាក់ទៀតឈ្មោះ ចៅពេជ បានជាមានពាក្យ រាស្ត្រទាំងផ្តាស ហៅរួមសេចក្តីថា ចៅលួងឥន្ឌខ្មាគាំពេជ ។ ខណៈនោះចៅពេជ ទៅដណ្តឹងនាងខ្មាយកមក ធ្វើប្រពន្ធ លុះនៅយូរបន្តិចចៅពេជទៅសហាយនិងនាងគាំជាខ្ញុំនាងខ្មា។ ដោយខ្លាច ចិត្តចៅលួង នាងឥន្ធ ជាមាជាមីង នាងខ្មាជាប្រពន្ធ, ចៅពេជ ក៏គិតនិងចៅទន់ នាងទាន ជាខ្ញុំរបស់ខ្លួនឱ្យជួយធុរៈ។ ចៅទន់ នាងទាន ក៏យល់ព្រមនាំពង្រត់នាងគាំចុះទូករត់ពីខែត្រស្រីសឈរ ទៅនគរខាងលិច ដើម្បីមិនឱ្យចៅ ក្រមនគរខាងកើតជំនុំជម្រះយកទោសបាន។ ឯចៅលួង នាងឥន្ធ លុះព្រឹកឡើងដឹងហេតុ ហើយក៏នាំបក្ស ពួក៦នាក់ចុះទូកចេញពីខេត្តស្រីសឈរតាមទៅទាន់ចៅពេជនាងគាំនៅកំពង់លង្វែក ។ ទទួលជាពេលនោះ មេគយកំពង់លង្វែកដឹងហេតុការណ៍ទាន់ ក៏ចាប់បញ្ជូនចៅពេជនាងគាំទៅឱ្យមេគយធំនៅកំពង់ឆ្នាំង ។ មេគយនៅកំពង់ឆ្នាំងក៏ជូនខ្លួនទៅឱ្យចៅហ្វាយស្រុក ដែលរក្សាបន្ទាយខែត្ររលាប្អៀរ ។ ចៅហ្វាយស្រុក សួរកត់យកចំលើយចៅពេជ ហើយចៅពេជឆ្លើយដោះសាខ្លួនថា ខ្លួនប្រាថ្នានឹងមកថ្វាយខ្លួនជាអម្ចាស់ ត្រើយខាងលិច តែចៅលួងជាមាមិនព្រមឱ្យមកទើបបានជាខ្ញុំនាំប្តីប្រពន្ធរត់មកនេះ ។ តែដោយដំណើរ របស់ខ្ញុំមិនបានស្ងប់ស្ងាត់ទើបបានជា ចៅលួងជាមាតាមមកទាន់ចាប់ខ្លួនខ្ញុំយ៉ាងនេះ ។

ចំលើយចៅលួងឆ្លើយថា ចៅពេជ ជាប្តី នាងខ្មា ដែលត្រូវជាក្មួយប្រសាខ្ញុំបាទ ។ វាផិតនាងខ្មា ទៅសហាយ នាងគាំ ជាបាវនាងខ្មា ហើយនាំពង្រត់នាងគាំ ព្រមទាំងយកទ្រព្យរបស់មកជាមួយផង ។ ចៅក្រម បាឡាក់ខែត្រវិនិច្ឆ័យសេចក្តីថា បើលួចពង្រត់ខ្ញុំគេមកមានក្នុងមាត្រា១ ច្បាប់ក្រម ទាសកម្មករ ត្រូវមាន ទោស ។ តែក្នុងរឿងនេះលួចខ្ញុំប្រពន្ធឯងនេះ គ្មានមាត្រាច្បាប់ឱ្យចៅពេជមានទោសឡើយ ។

ចៅក្រមកាត់សេចក្តីដូច្នេះ ចៅលួងមិនសុខចិត្ត ក៏សុំឱ្យសាលាខែត្របញ្ជូនទៅតុលាការក្នុងខែត្របរិបូណ៍។ ឧកញ៉ាសុភាធិបតី មន្ត្រីកុត្តរាជកាត់សេចក្តីតាមច្បាប់ ត្រូវនឹងសាលាខែត្រ ។ គូក្តីមិនសុខចិត្តនាំក្រាបបង្គំ ទូលព្រះករុណាមហាចន្ទរាជាធិរាជ ព្រះករុណាទ្រង់កាត់សេចក្តីថា ប្រពន្ធជាអ្នកទំនុកបម្រុង ហើយខ្លួន លួចនាំពង្រត់ខ្ញុំប្រពន្ធឯងនេះ ត្រូវមានទោសធ្ងន់ជាងលួចខ្ញុំអ្នកដទៃ ដូច្នោះអ្នកប្រព្រឹត្តខុសនេះ ត្រូវឱ្យ បណ្តើរអាក្រោស៣ថ្ងៃ ហើយវាយខ្នង១០០ខ្វាប់ និងព្រ័ត្រលួស ហើយហូតនាងគាំជាខ្ញុំនាងខ្មា និងចៅទន់ ចៅទាន ជាខ្ញុំចៅពេជនាំទៅប្រគល់ឱ្យនាងខ្មាវិញ ឱ្យនាងខ្មាដាក់មេត្រីក៏បាន ជាប់មេត្រីវិញក៏បាន ។ ក្រោយ នោះព្រះបរមបពិត្រត្រាស់ឱ្យតែងច្បាប់គ្រប់ក្រម ។ ឧកញ៉ាសុភាធិបតី មន្ត្រីកុត្តរាជ ក៏ប្រជុំគ្នាតែងច្បាប់ តាមព្រះត្រាស់បង្គាប់ ហើយព្រះករុណាក៏ចេញត្រួតត្រារាល់ពេលវេលា ។ លុះរួចជាស្រេចហើយ ទើបទ្រង់ ឱ្យកិត្តិយសដល់លោកជំទាវបែរ៉ា ជាព្រះមាតាចិញ្ចឹមត្រាស់ព្រះរាជបញ្ញាតិថា តាំងពីថ្ងៃនេះទៅនឹងធ្វើហត្ថ ធ្វើព្យាយាមជាអ្វីៗឱ្យយកហត្ថលោកជំទាវបែរ៉ាជាកំណត់ ។ ហេតុនេះហើយបានជារៀងមក មនុស្ស ទាំងពួងក៏យក តាមហត្ថបែរ៉ានោះ ។
លុះដល់ចេញវស្សា ឆ្នាំមមែ បញ្ចស័ក វស្សានោះ ព្រះបរមរាជមហាចន្ទរាជាទ្រង់មានព្រះរាជឱង្ការថា កាលមុនយើងមានធ្វើព្រះរាជពិធីចេញព្រះវស្សាម្តងហើយនៅ កំពង់ប្រាសាទខែត្រលង្វែក ។ ក្រោយនោះ យើងរវល់តែការសង្គ្រាមមិនទាន់បានធ្វើទេ ។ ដូច្នេះតាំងពីថ្ងៃនេះទៅយើងត្រូវធ្វើ ព្រះរាជពិធីអុំទូក លយកន្ទោង ផ្តាច់ព្រះវស្សាម្តង៣រដូវ អកអំបុក សំពះព្រះខែ ម្តង៣ថ្ងៃ ជាសណ្តាប់ព្រះមហាក្សត្រតទៅ តាមព្រះរាជពិធីកុំឱ្យខានឡើយ ។ នោះនាម៉ឺនសព្វមុខមន្ត្រីក៏បានរៀបព្រះរាជពិធីតាមព្រះរាជបញ្ញត្តិ តាំងពីពេលនោះរៀងមក ។ ព្រះរាជពិធីអុំទូកលយកន្ទោងនោះរួចមកហើយ ទ្រង់ត្រាស់ឱ្យបើក ព្រះរាជទ្រព្យ ចំណាយជួលសេនាទាហានរេហ៍ពលឱ្យលើកដីខឿន ព្រះវិហារខ្លះ កាប់ឈើធ្វើគ្រឿង ព្រះវិហារខ្លះ ធ្វើវត្តអារាម នៅទីដែលតាំងព្រះពន្លាជ័យឯជើងផ្សារបរិបូណ៍។ ព្រះអង្គតែងឡើងទត ព្រះនេត្រត្រួតត្រាការនោះរឿយៗ។ ខណៈនោះមានពួកល្ខោនម្នាក់ជាតួព្រះលក្ខណ្ស៍ប្រកបដោយ លោមឆោមពណ៍ល្អ ថ្វីដៃរាំនោះក៏ឯកណាស់ទ្រង់ប្រោសឱ្យហៅឈ្មោះនេះថានាយកំឡោះរូបល្អ ។ ស្តេច តែងអញ្ជើញគ្រឿងជិតព្រះអង្គ ។ លុះដល់ខែបុស្សថ្ងៃចន្ទនោះ កំឡោះរូបនោះក៏កាត់សក់ តែងខ្លួន ចូលទៅក្នុងវាំង អស់ជនទាំងឡាយសរសើររាល់មាត់ថា នាយកំឡោះរូបល្អនេះ កាត់សក់ម្តងនេះសមនឹង រូបកាយណាស់ ទាំងព្រះករុណាជាអម្ចាស់ជីវិតលើត្បូងក៏ពេញព្រះរាជហឫទ័យដែរ ទ្រង់នាំខ្លួនទៅបង្ហាញ ព្រះអគ្គទេពី និងព្រះស្នំក្រមការ ។ ព្រះអគ្គមហេសីក៏ក្រាបទូលសរសើរគ្រប់មាត់ ។ តែនៅពេល នោះទ្រង់ទតព្រះនេត្រទៅឃើញសក់នៅជាប់នឹងកៀនត្រចៀកនិងកចៅនោះនៅឡើយ ទើបទ្រង់ត្រាស់ថា ឱ្យចៅនោះទៅលាង.កនោះចេញ។ នាយកំឡោះរូបល្អនោះក្រាបថ្វាយបង្គំលាចេញទៅ ។ សម្តេចព្រះ បរមបពិត្រទ្រង់ក្រែងយឺតយូរក៏ក្រឡេកព្រះនេត្រទៅឃើញទាហានក្រុមវាំងពីរនាក់ ទ្រង់ត្រាស់ថា ឱ្យទៅ ជួយលាង.កវាឱ្យឆាប់ផង ។ ទាហានក្រុមវាំងពីរនាក់នោះឮពុំច្បាស់ស្មានថា ទ្រង់ត្រាស់បង្គាប់ឱ្យយកទៅ កាត់ក ក៏ចេញទៅទាន់ឃើញហើយ ក៏ចាប់ចៅនោះចងចំណងប្រាំប្រការ ឱ្យអង្គុយភាវនានៅវាលខាងត្បូង បន្ទាយ ហើយប្រហារជីវិត ។

ខណៈនោះមានតួល្ខោនម្នាក់ទៀតជាគូ និងចៅនេះ ហើយជាមិត្តផង លុះបានដឹងហេតុអស់ហើយក៏ចូលទៅ ក្រាបបង្គំទូលអម្ចាស់ផែនដីត្រើយខាងលិចឱ្យជ្រាប។ ក្រោយមកទ្រង់យល់ថា បម្រើដែលទៅឃាត់នោះ មិនទាន់ក៏ឱ្យយួរក្បាលទៅចោល ឱ្យដាក់នឹងតោក ឬតុ តំកល់ក្បាលនោះកុំឱ្យខូច ហើយឱ្យចូលមកនឹង បានមើលសក់ មើលមុខផ្លាស់ប្តូរដូចម្តេច ឬនៅល្អដូចដើម។ ព្រះរាជបម្រើចេញទៅឃើញទាហានក្រុម នោះយួរក្បាលចូលមក ក៏ស្រែកហៅថា ស្តាប់មិនជាក់ទៅកាប់ក្បាលកំឡោះ ទ្រង់ប្រោសគេម៉្លេះ ហើយទៅកាប់ចោលអាសារឥតការ តែបើបានជាកាប់ហើយកុំឱ្យយួរ “ហេតុនេះហើយបានជាជាប់ឈ្មោះ ហៅស្រែវាលភូមិកំឡោះ រហូតរៀងមក ។ ឯទាហានក្រុមវាំងទាំងពីរនាក់នោះឮហើយភិតភ័យណាស់ គិតថាខ្លួនមុខជាអស់ជីវិតហើយ រួចក៏ប្រគល់ក្បាលនោះឱ្យទៅព្រះរាជបម្រើនាំទៅថ្វាយ ឯខ្លួនក៏រត់គេច ពួនព្រៃទៅ ។

ទាហានទាំងនោះគិតថា បើខ្លួនខំតែនៅនគរខាងលិចនេះមុខជាហ្លួងឱ្យគេយកទៅសម្លាប់មិនខាន ដូច្នោះ មានតែរត់ទៅពឹងបារមីហ្លួងខាងកើតវិញទើបជា។ គិតព្រមគ្នាហើយ ទាហាននោះក៏នាំគ្នារត់ទៅ លុះរត់ទៅ ដល់វាលស្រាបអង្កាម ទាហានទាំងនោះគិតថា ទៅទាំងខ្លួនប្រឡាក់ឈាម ប្រឡាក់ដាវយ៉ាងនេះ តែជួប នឹងកងល្បាតមុខជាគេចាប់យកទៅថ្វាយវិញជាមិនខាន។ គិតដូច្នោះហើយក៏នាំគ្នាចូលទៅងូតទឹក លាងដាវ ក្នុងត្រពាំងវាលស្រាបអង្កាមនោះ “បានជាជាប់ឈ្មោះហៅត្រពាំងលាងដាវរៀងមក” ។ ឯព្រះរាជបម្រើ នាំក្បាលនាយកំឡោះរូបល្អនោះទៅថ្វាយព្រះបរមបពិត្រ ទ្រង់ត្រាស់សួររកទាហានក្រុមវាំងទាំងពីរនាក់ នោះ ។ ព្រះរាជបម្រើក្រាបទូលថា ទាហានទាំងពីរនាក់នោះ មុខជារត់ទៅពឹងអាព្រះស្តេចកនពុំខានឡើយ ទើបទ្រង់ត្រាស់បង្គាប់ឧកញ៉ាដ៏រុង សេនាចាងហ្វាងទាហាននោះ ឱ្យចាត់ទាហានសេះ២០នាក់ឱ្យទៅតាម ចាប់យកខ្លួនទាហានក្រុមវាំងទាំងពីរនាក់នោះឱ្យបាន។ ទាំង២០នាក់ក៏ស្រូតតាមទៅបានឃើញទាហានក្រុម វាំងទាំងពីរនាក់កំពុងងូតទឹកលាងដាវក៏ចាប់នាំខ្លួនមកក្រាបបង្គំថ្វាយ ។ ព្រះបរមបពិត្រទ្រង់ឱ្យតុលាការ ពិចារណាសួរកត់ចំលើយតាមច្បាប់ ។ ទាហានទាំងពីរនាក់នោះឆ្លើយថា ខ្លួនស្តាប់ឮថាទ្រង់ត្រាស់ឱ្យកាត់ក ទើបបានជាកាប់ លុះកាប់ហើយទើបភិតភ័យទើបបានជានាំគ្នារត់ចូលហ្លួងខាងកើតប្រាថ្នាឱ្យរួចជីវិត ។ ព្រះ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូងជ្រាបហើយ ទ្រង់ព្រះពិរោធណាស់ ទ្រង់ត្រាស់ឱ្យសេនាបតីចេញ សំបុត្របញ្ញត្តិឱ្យលើកលែងហៅហ្លួងខាងកើតឱ្យហៅតែព្រះស្តេចកនថា បើនរណាមិនស្តាប់ និងយក ទោសដល់ជីវិត។ បន្ទាប់មកព្រះបាទអ្នកម្ចាស់ទ្រង់ត្រាស់បង្គាប់ឱ្យយកក្បាលនាយកំឡោះរូបល្អនោះ ទៅធ្វើ បុណ្យតាមសមគួរ ។ ក្នុងខណៈនោះទ្រង់ត្រាស់ឱ្យយកទាហានក្រុមវាំងទាំងពីរនាក់ទៅប្រហារជីវិតទុក ជាបម្រាម ។

ក្រោយមកក្នុងឆ្នាំដដែល ព្រះបរមខត្តិយាចន្ទរាជា ព្រះអង្គឱ្យតែងសំពៅពីរផ្ទុកទំនិញទៅស្រុកជ្វា ម៉ាឡាយូ ហើយទិញបានកាំភ្លើងធំ១០០ កាំភ្លើងតូច១.០០០ដើម ថែមលើកាំភ្លើងចាស់ទុករក្សាព្រះនគរ ។

ឯសម្តេចព្រះស្រីជេដ្ឋាអម្ចាស់ត្រើយខាងកើតកាលជ្រាបថា សម្តេចចៅពញាចន្ទរាជា ទិញកាំភ្លើងបានជា ច្រើនមកទុកសំរាប់ព្រះនគរហើយ ព្រះអង្គក៏ឱ្យធ្វើសំពៅពីរផ្ទុកទំនិញទៅលក់ឯស្រុកម៉ាឡាយូដែរ ហើយ ទិញបានកាំភ្លើងធំ១៥០ កាំភ្លើងតូច៣.០០០ដើម។ លុះសំពៅនោះវិលមកវិញ ខ្យល់ផាត់សំពៅមួយ ទៅជាប់ពាម “ប្រហែលជាពាមមាត់ជ្រូក” សំពៅមួយទៀតជាប់នៅស្រុកកំពត ។ ពេលនោះនាយកង ស្រុកពាម ស្រុកកំពត ចាប់បានសំពៅមួយយកបានកាំភ្លើងធំ១៥០ កាំភ្លើងតូច៣.០០០ដាក់ទុកក្នុងរទេះ ឱ្យមេឃុំនាំទៅថ្វាយព្រះបាទអ្នកអម្ចាស់នៅខែត្របរិបូណ៍ ។ ព្រះបាទជាអម្ចាស់ត្រើយខាងលិច កាលទ្រង់ ទតឃើញបម្រើនាំគ្រប់សព្វសាស្ត្រាវុធមកក្រាបបង្គំទូលថ្វាយ ហើយទ្រង់ព្រះអំណរណាស់ ។ ទ្រង់ប្រោស ព្រះរាជទានរង្វាន់ដល់មេទ័ពមេកងនោះជាច្រើន ។

សម្តេចព្រះស្រីជេដ្ឋាអម្ចាស់ត្រើយខាងកើត ស្តេចគង់នៅព្រះរាជវាំងស្រីសឈរ ទ្រង់ត្រាស់ឱ្យកេណ្ឌកងទ័ព ១៤០.០០០នាក់ ទ្រង់ឱ្យចៅហ្វាទឡ្ណៈកៅ និងចៅពញាមោង នៅរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរ ហើយ ទ្រង់ចាត់ឱ្យចៅពញាចក្រីឃុំពល៣០.០០០នាក់ជាទ័ពមុខ ចៅពញាក្រឡាហោម ឃុំពល ២០.០០០នាក់ ជាទ័ពស្តាំ, ចៅពញាវៀង ឃុំពល ២០.០០០នាក់ ជាទ័ពឆ្វេង ចៅពញាវាំង ឃុំពល ២០.០០០នាក់ ជាទ័ពក្រោយ ចៅពញាស្រាល ឃុំពល ១០.០០០នាក់ ជាទ័ពក្រវែលខាងស្តាំ ចៅពញាលំពាំង ឃុំពល ១០.០០០នាក់ ជាទ័ពក្រវែលខាងឆ្វេង ចៅពញាស្នងធ្នឹមព្រះនគរឃុំពល ១០.០០០នាក់ ជាទ័ពក្រវែលខាង មុខព្រះអង្គស្រីជេដ្ឋាឯង ឃុំពល៣០.០០០នាក់ ជាទ័ពហ្លួង ឆ្លងមកដល់ស្រុកភ្នំពេញ ហើយលើកទ័ព គ្រប់កង ព្រមដោយនូវស្វេតច្ឆត្រអភិរម្យ សែនត្វាន់ ឡើងគង់ព្រះទីនាំងស័ង្ខរស្មី លើកទ័ពតម្រង់ទៅ ខែត្របរិបូណ៍ ។

ឯសេះល្បាតខាងព្រះបរមខត្តិយាចន្ទរាជាឃើញហើយ ក៏ឃ្មាតខ្មីយកសេចក្តី ទៅក្រាបបង្គំទូលព្រះបរម បពិត្រ ។ លុះទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ឱ្យសម្តេច ព្រះភាគិនេយ្យាយសរាជឡើងជាទីនាយក និងមន្ត្រីខាងជើងទឹកលើកទ័ពទូក គង់ព្រះទីនាំងចក្រពត្តិសារាយអណ្តែតនាំទូកចម្បាំង៤០០ ហើយទ្រង់ ចាត់ទ័ពជើងគោកថែមទៀត ។ ទ្រង់ត្រាស់ឱ្យឧកញ៉ាចក្រីទេព កូន ពញាមឿង ឃុំពល ២.០០០នាក់ ជាមេទ័ពមុខ ឱ្យចៅពញាសួគ៌ាលោក “សុខ” កូនពញាមឿង ឃុំពល ១០.០០០នាក់ ជាទ័ពស្តាំឱ្យ ចៅពញាឧទ័យធិរាជសូរ ឃុំពល១០.០០០ នាក់ជាទ័ពឆ្វេង ឱ្យឧកញ៉ារាជតេជៈ ឃុំពល ១០.០០០នាក់ ជាទ័ពក្រោយឱ្យឧកញ៉ា វង្សាអគ្គរាជ ឃុំពល ១០.០០០នាក់ ជាកងជន្ល ឱ្យឧកញ៉ានរិន្ទ្រាធិបតី ចៅពញាមនោមេត្រី ចៅពញាស្រែន្យាធិបតី ចៅពញាស្រែន្យសេនា ឃុំពលម្នាក់ៗ៣.០០០នាក់ ទៅ បង្កប់សងខាងផ្លូវឱ្យសម្តេចព្រះសុខត្តឃុំ ពលដំរី ៣.០០០ ទៅបង្កប់ក្នុងព្រៃខាងលិច វាលស្រាបអង្កាម ឱ្យឧកញ៉ាដ៏រុងសេនា ឃុំពលសេះ ៥០០ ជាកងជន្លទី២។ លុះបានឫកជាពេលាល្អហើយ បុរោហិតក៏តាំង ផ្លុំត្រែស័ង្ខហោរាថ្វាយឫក្សរួចហើយ ព្រះបរមបពិត្រមហាខត្តិយាចន្ទរាជាទ្រង់គ្រឿងកកុធភ័ណ្ឌ សម្រាប់ រាជយុទ្ធឡើងគង់ព្រះទីនាំងពិជ័យរាជកុញ្ជរ លើកអស់និករចេញទៅ ។

ឯឧកញ៉ាវង្សាអគ្គរាជជាកងជន្លទី១ លើកទ័ពទៅដល់ស្ទឹងក្រាំងពន្លៃជួបនឹងទ័ពព្រះស្រីជេដ្ឋា (ព្រះស្តេច កន) ហើយបានតតាំងច្បាំងគ្នានៅទីនោះយូរបន្តិច ឧកញ៉ាវង្សាអគ្គរាជក៏នាំពលរត់ថយក្រោយមកដល់ ខាងលិចភូមិឈូកស ខែត្រលង្វែក ។ ខណៈនោះឧកញ៉ានរិន្ទសេនាឃុំពលទាហានសេះ៤០នាក់កាល់ពលខ្លួន និងពលឧកញ៉ាវង្សា អគ្គរាជឱ្យចូលតតាំងច្បាំងគ្នាទៀត ហើយបណ្តែតទូកថយក្រោយ។ មេទ័ពខាងព្រះ ស្តេចកនឃើញហើយយល់ថា ខ្លួនមានជ័យជំនះក្នុងសង្គ្រាមពីរដងហើយ ក៏បរពលសម្រុកគ្រលុកតាម ដល់ស្ទឹងជ្រៃ។ ឧកញ៉ា ចក្រីទេព ជាកងជន្លទី៣ក៏ចេញពីក្នុងព្រៃបរពលចូលមួយស្របក់ ក៏នាំពលគេច រត់ថយក្រោយទៅទៀត ។ ខណៈនោះនាយកងនាយទ័ពខាងព្រះស្តេចកនស្រែកក្រាបទូលថា ចក្រីបាក់ទ័ព ទៀតហើយ ឯកងទ័ពគ្រប់កងខាងព្រះស្តេចកនឮថាចក្រីបាក់ទ័ពទៀត ហើយក៏រិតតែមានចិត្តជោរឡើង ក៏ដេញតាមទៅត្រាតែជួបនឹងទ័ពក្រឡាហោម ដែលបង្កប់ចាំនៅវាលស្រាបអង្កាមនោះ ។ ឧកញ៉ា ក្រឡាហោម ក៏ទទួលច្បាំងជាមាំមួន សម្តេចព្រះសុទត្ត ដែលឃុំពលដំរីច្បាំង៣០០នោះ បានឫកហើយ ក៏បរដំរីជល់ជាន់ពីក្រោយ។ ឯកងទ័ពដែលបង្កប់សងខាងនោះ ក៏ប្រសព្វពីឆ្វេងពីស្តាំ ទាំងព្រះបរមបពិត្រ ក៏បែរព្រះទីនាំងរាជកុញ្ជរ ចូលលុកលុយកាប់ចាក់ប្រសព្វគ្នាមក បណ្តាលឱ្យស្លាប់ពលខាងព្រះស្តេចកន ប្រមាណ២០.០០០នាក់ ។ លុះមកដល់មុខព្រះស្តេចកន ព្រះទីនាំងពិជ័យរាជកញ្ជរដែលចេះកាន់នូវអាវុធ គ្រវែងចាក់សម្លាប់ពលព្រះស្តេចកន បណ្តាលឱ្យស្លាប់ជាច្រើន ។ ព្រះស្តេចកនទ្រាំមិនបានក៏បែកទ័ព រត់កាត់ព្រៃមកដល់ចុងព្រែករលាប្អៀរខាងស្តាំ ចោលទ័ពអស់ ជាប់តែខាងទាហានស្ម័គ្រចិត្តប្រមាណ ១០០នាក់ ហើយមកជួបជុំនិងទ័ពឧកញ៉ាសួគ៌ាលោក ឧកញ៉ាមនោមេត្រី ឧកញ៉ាឧទ័យធិរាជដែលបង្កប់ ក្នុងព្រៃ ។ ទ័ពទាំងនោះក៏ស្ទុះចេញមកក៏តាំងហ៊ោដេញទ័ព ព្រះស្តេចកនខ្ចាត់ខ្ចាយទៅទៀត ។ ស្តេចកន នៅសល់តែទាហាន១០០នាក់រត់តាម លុះទៅដល់ចុងភូមិតាជេស ខែត្រលង្វែក កងទ័ពទាំង១០០នាក់ នោះពុំចេះហែលទឹកទាំងអស់គ្នាទេ ចេះតែ២០នាក់ប៉ុណ្ណោះ។ អ្នកចេះហែលទឹកក៏រត់ទៅលើកោះតូច នាំគ្នាតោង សេះ ព្រះទីនាំងសង្ខរស្មីនោះឆ្លងទៅស្ទឹងស្ងួត ជើងព្រៃជាត្រើយខាងកើត ។
ផែនដីព្រះស្រីសុគន្ធបទ

លុះកងទ័ពឧកញ៉ាយមរាជ ឧកញ៉ាសួគ៌ា លោកដេញទៅដល់ឃើញទ័ពសត្រូវកំពុងហែល ក៏ស្រែកហៅ កងទ័ពជើងទឹកឱ្យតាមចាប់ ។ សូរសព្ទដែលបង្កូកហៅទ័ពជើងទឹក តែមួយម៉ាត់ម្នាក់ក៏លាន់ដូចគេ ស្រែកហ៊ោ (ព្រោះហេតុនេះហើយបានជាកោះតូចនោះ ប្រែឈ្មោះថា កោះហ៊ោ រៀងមក)។ ឯម៉ឺន ពិភក្តីលិខិត ម៉ឺនជំនិតស ទ្រង់ម៉ឺនបម្រុងអក្ខរាទាំង៣ នាយជាអាល័ក្ស ជាមន្ត្រីព្រះស្តេចកនជាប់បាវ ប្រាំមួយប្រាំពីរនាក់ ស្ពាយត្រាជាសម្រាប់រាជរបស់សម្តេចកននោះ រត់បែកទៅដល់ចុងភូមិកំពង់ម្តា ខែត្រ រលាប្អៀរ ក៏ចាប់យកកូនទូកអ្នកស្រុកនោះចុះចែវតាមស្តេចកនទៅ ។

អានបន្ត :​ ព្រះស្តេចកន ភាគ៦​ ( ចប់ )
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!



EmoticonEmoticon