Tuesday, May 9, 2017

ព្រះស្តេចកន ភាគ៤

ក.ក.ន ៖ ហ្លួងព្រះ ស្តេចកន គឺជាអ្នកធ្វើបដិវត្តមួយនាសម័យដែលគ្មាននរណាអាចប៉ះពាល់ដល់ ព្រះរាជតំរិះរបស់ ស្តេចបាន ។ ការជំរុញឱ្យ ស្តេចកន តស៊ូធ្វើសង្គ្រាមជាមួយស្តេច គឺដោយសារតែ ស្តេចបានយកសុបិនរបស់ខ្លួនមក ចងអាឃាតសម្លាប់ ស្តេចកន ដែលគ្មានកំហុសថា ជាអ្នកជ្រែក រាជ្យ ហេតុនេះទើបមានការរត់គេចហើយបង្កជាទ័ព ធ្វើចំបាំងជាមួយស្តេច ។ នេះជាប្រវត្តិសាស្ត្រ មួយតែប៉ុណ្ណោះ ដែលគ្មាននរណាកាឡៃព្រឹត្តិការណ៍ដែលបានកើត ឡើងរួចទៅហើយនោះបានទេ ។


ផែនដីព្រះស្តេចកន

ខណៈនោះចៅពញាសួគ៌ាលោកមឿងយល់ថា កងទ័ពចៅពញាចក្រីមានពលច្រើនណាស់ សេនាទាហាន ទាំងនោះក៏មានថ្វីដៃខ្លាំងៗទៀត ឯពលខាងខ្លួនក៏ស្លាប់ប្រមាណជា៦០នាក់ទៅហើយ ឃើញថានឹងតយក ជ័យជំនះពុំបានទេ ។ លុះវេលាព្រលប់មកដល់ហើយ ចៅពញាសួគ៌ាលោកមឿង ក៏វាយស្គរជាសញ្ញា ឱ្យដំណឹងដល់កងទ័ពឱ្យឈប់ច្បាំងគ្នាទាំងសងខាង ។

ពញាសួគ៌ាលោកមឿង និងកូនទាំងបួននាក់ ក៏នាំសេនាទាហានរេហ៍ពលថយទ័ពទៅក្រាបបង្គំគាល់ព្រះចៅ ពញាចន្ទរាជា នៅបន្ទាយខេត្តពោធិ៍សាត់ ព្រមទាំងក្រាបបង្គំទូលតាមហេតុការណ៍គ្រប់ប្រការ ។ ចៅពញា ចក្រីឃើញចៅពញាសួគ៌ាលោកមឿង ថយទ័ពទៅនោះ មិនហ៊ានដេញតាមទៅទេ ដោយខ្លាចចាញ់ កលតាមឿងផង ដោយព្រះអាទិត្យអស្តង្គតរលត់រស្មីទៅហើយផង ។

លុះព្រឹកឡើងចៅពញាចក្រីបម្រុងនឹងលើកកងទ័ពតាមចៅពញាសួគ៌ាលោក តែទទួលពេលនោះសម្តេច ចៅហ្វាកៅនាំពល៥០.០០០នាក់លើកឆ្លងមកដល់ដែរ ចៅពញាចក្រីក៏បញ្ឈប់ទ័ពរង់ចាំស្តាប់ចៅហ្វាកៅ ដែលនឹងចាត់ទ័ពជាថ្មីវិញ ។

វេលានោះចៅពញាកៅ បានចាត់កងទ័ពជា៥កងដូចតទៅនេះ

១-ឱ្យចៅពញាចក្រីកែវឃុំពល ៣០.០០០ នាក់ ជាមេទ័ពមុខ(ទ័ពស្រួច) ។
២-ឱ្យចៅពញាមេត្រីទិព្វ ចៅហ្វាយស្រុកភ្នំពេញ ឃុំពល ២០.០០០ នាក់ ជាមេទ័ពប៉ែកឆ្វេង ។
៣-ឱ្យចៅពញាស្រែន្យសេនាឫទ្ធីជ័យ ចៅហ្វាយស្រុកខែត្រលង្វែក ឃុំពល១.៥០០ នាក់ ជាប៉ែកស្តាំ ។
៤-ចៅពញាសេនាសង្គ្រាមសួស ចៅហ្វាយស្រុកខែត្រអមរគីរីន្ទបូរ ឬអម្រិន្ទបូរគឺ ស្រុកបរិបូណ៌ ឃុំពល ១៦.០០០នាក់ ជាទ័ពក្រោយ ។
៥-ឯខ្លួនចៅហ្វាកៅ ឯងឃុំពល៤០.០០០ នាក់ ជាមេទ័ពធំ ។

សម្តេចចៅហ្វាកៅ លើកទ័ពដេញតាមទ័ពចៅពញាសួគ៌ាលោកមឿង ដែលថយទ័ពមកក្រាបបង្គំ ចៅពញាចន្ទរាជានោះ ។ គ្រាដែលចៅហ្វាកៅ លើកទ័ពដេញតាមមកនោះ កងទ័ពចៅពញាសួគ៌ា លោកមឿង បានចូលទៅក្នុងបន្ទាយអស់ទៅហើយ ។

សម្តេចចៅពញាចន្ទរាជា កាលទ្រង់បានជ្រាបថា “កងទ័ពខាងគេលើកមកច្រើនណាស់ដូច្នេះហើយ” ទ្រង់ក៏ ត្រាស់ឱ្យកេណ្ឌពលបាន ២០.០០០ នាក់ឱ្យឡើងទៅការពារបន្ទាយ ។ លុះកងទ័ពខាងចៅពញាកៅមក ចោមវាយបន្ទាយ ទ្រង់ក៏ឱ្យទ័ពក្នុងបន្ទាយបាញ់ព្រួញ ចោលដុំថ្មទៅត្រូវកងទ័ពសម្តេចចៅហ្វាកៅស្លាប់ អស់ជាច្រើន ។ ចៅហ្វាកៅ ខំដេញពលឱ្យពានកំផែងបន្ទាយណែនណាន់តាន់តាប់ ដូចស្រមោចរោមស្ករ តែវាយមិនបាន ។ កាលដឹងថា វាយយកបន្ទាយសម្តេចចៅពញាចន្ទរាជាពុំបាន ចៅហ្វាកៅបោះទ័ព ព័ទ្ធចោមបន្ទាយនោះជាប់ ដើម្បីទប់ទ័ពខាងក្នុងមិនឱ្យចេញរួចផង ឱ្យអត់បាយបរិភោគ រហូតដល់ស្លាប់ ឬត្រូវដាច់ពោះគ្រប់ៗគ្នាផង។

សម្តេចចៅហ្វាកៅ, ចៅពញាចក្រីកែវ ឱ្យពលចោមរោមបន្ទាយរហូតដល់១២ខែ ។ កងទ័ពខាង សម្តេចចៅពញាចន្ទរាជា ចេញមិនរួចមែន ស្បៀងអាហារក្នុងបន្ទាយក៏ចេះតែហោចទៅៗ គួរឱ្យព្រួយបារម្ភ ណាស់ដោយបន្ទាយនោះមិនមានការប្រុងប្រៀបមាំមួន ប៉ុន្តែដោយហេតុបារមីរបស់ព្រះអង្គ ដែលបានសាង មកពីអតីតកាល បណ្តាលឱ្យកងជញ្ជូនស្បៀង ខាងសម្តេចចៅហ្វាកៅ បញ្ជូនទៅពុំទាន់ ។ ដូច្នេះសម្តេច ចៅហ្វាកៅក៏ឱ្យកងទ័ព មកតាំងបន្ទាយឆ្ងាយពីបន្ទាយព្រះចន្ទរាជា ចម្ងាយ៣សិន ឱ្យកងទ័ពព័ទ្ធជុំវិញទៀត។ ការណ៍ដែលចៅហ្វាកៅឱ្យថយទ័ពនេះ ប្រយោជន៍ឱ្យកងទ័ពផ្លាស់ប្តូរគ្នា ចេញទៅរកស្បៀង អាហារក្នុងភូមិជិតខាង ។

សម្តេចចៅពញាចន្ទរាជា កាលទតឃើញថា កងទ័ពសត្រូវថយឃ្លាតពីបន្ទាយព្រះអង្គហើយ ព្រះអង្គ ក៏ទ្រង់ព្រឹក្សានឹងនាយកងនាយទ័ពថា “ទ័ពសត្រូវរំលៀកចេញពីបន្ទាយយើងបន្តិចហើយ ការណ៍នេះល្អ ប្រពៃហើយជាឱកាសឱ្យយើងគិតដោះដៃចេញពីសត្រូវបានដោយស្រួល ចុះយើងនឹងគិតធ្វើយ៉ាងណា ដើម្បី ឱ្យចេញរួចពីចំណោទនេះ ?” ។

ចៅពញាសួគ៌ាលោកមឿង ក្រាបទូលថា “បើយើងនឹងគិតវាយទំលាយចេញនោះ ក៏ចេញរួចបានដែរ ពីព្រោះពលយើងមាន២០.០០០នាក់ ឯខាងពលគេមានចំនួនដល់ទៅជាង ១០០.០០០នាក់ បើយើងចេញរួច ទៅ ទ័ពទាំងសងខាងក៏គង់ស្លាប់ច្រើនជាមិនខាន បើយើងរឹងនៅតែក្នុងបន្ទាយនេះមិនចេញទទួលច្បាំង សោះក៏មិនបានដែរ ពីព្រោះបន្ទាយរបស់យើងទើបនឹងតាំងថ្មី, ឯស្បៀងអាហារក៏ពុំទាន់មានបរិបូណ៌ ដល់យូរទៅក្រែងលំបាកក្នុងការខ្វះខាតគ្រប់យ៉ាង, ទូលព្រះបង្គំជាខ្ញុំគិតយកគំនិតមួយមកសូមទទួល អាសាគឺទៅកេណ្ឌកងទ័ពបីសាចឱ្យមកចោមរោមវាយទ័ពចៅហ្វាកៅ បើទ្រង់ព្រះរាជានុញ្ញាត, ទូលព្រះ បង្គំយល់ឃើញច្បាស់ថា មុខជាឈ្នះសត្រូវដោយងាយ បើទ្រង់ព្រះករុណាពិសេសយល់ព្រមផងនោះ សូមឱ្យជីករណ្តៅកណ្តាលបន្ទាយនេះឱ្យបានជាប្រញាប់ ដើម្បីទូលព្រះបង្គំនិងបានគិតការថ្វាយឱ្យទាន់ពេល វេលា ។

សម្តេចចៅពញាចន្ទរាជា កាលទ្រង់សណ្តាប់ចៅពញាសួគ៌ាលោកទូលសុំយ៉ាងនេះ ទ្រង់ពុំជឿសោះទេ ទើបព្រះគ្រវីព្រះសិរសា ហើយត្រាស់ថា “ពីបូរាណរៀងមកយើងពុំដែលឮថា មានឈ្មោះណាទៅ កេណ្ឌយកទ័ពខ្មោចបិសាចមកជួយច្បាំងមនុស្សដល់ម្តងឡើយ ណ្ហើយអ្នកចៅពញាលែងគិតគំនិតបែបនេះ ចុះ ព្រោះជាគំនិតមិនដែលមានអ្នកណាគិតមកពីមុនផង និងជាកិច្ចការមួយដែលខ្ញុំមិនជឿថា មាន ប្រសិទ្ធភាពទាល់តែសោះផង” ។

ចៅពញាសួគ៌ាលោក មឿង ក្រាបទូលថា “បើទ្រង់មិនសព្វព្រះរាជហឫទ័យឱ្យគិតធ្វើតាមចំណេះ និង តាមមន្តវិជ្ជាការទូលព្រះបង្គំទេ នោះទូលបង្គំនឹងអារ.កឱ្យស្លាប់នៅទីនេះ ក្នុងពេលឥឡូវនេះហើយ ព្រោះបើនឹងរស់នៅតទៅទៀត ក៏មិនបានជួយយកអាសាផែនដីថ្វាយព្រះអង្គដល់កម្រិតដែរ” ។

ថាហើយ ចៅពញាសួគ៌ាលោក មឿង ក៏ហូតដាវបំរុងនឹងអារ.កតាមពាក្យដែលខ្លួនបានក្រាបទូល ។ ខណៈនោះសម្តេចចៅពញាចន្ទរាជា ទ្រង់ក្រឡេកព្រះនេត្រា ឃើញទាន់ក៏ស្ទុះទៅចាប់ដាវនោះចេញពីដៃ ហើយទ្រង់ត្រាស់ថា “ កុំ ! កុំ ចៅពញា កុំសម្លាប់ខ្លួន ខ្ញុំស្តាយលោកណាស់ ខ្ញុំព្រមតាមចៅពញាហើយ ដូច្នេះបើចៅពញាគិតឃើញដូចម្តេចស្រួល សូមចៅពញាធ្វើតាមគំនិតនោះចុះ” ។

ចៅពញាសួគ៌ាលោកឮហើយ មានអំណរណាស់ ទើបថ្វាយបង្គំលាចេញមកក្រៅដំណាក់ ហើយក៏ចាត់ កូនទាហានឱ្យជីករណ្តៅធំមួយជម្រៅ៨ហត្ថបួនជ្រុង, ធ្វើរានទេវតា៧ថ្នាក់ ដាក់បាយសី ទឹកអប់ និងគ្រឿង បូជា ហើយធ្វើរាជវ័តិព័ទ្ធជុំវិញ ។ លុះពួកពលធ្វើតាមបង្គាប់សព្វគ្រប់ហើយ ចៅពញាសួគ៌ា លោកមឿង ក៏ស្លៀក.ស ពាក់.ស ហើយឱ្យរៀបចំភ្លេងទាំង៨ទិស ។

រឿងចៅពញាមឿង នេះមានក្នុងព្រះរបាក្សត្រថា ពញាមឿងនេះ ជាមេស្មឹង មានកូនប្រុស៤នាក់ គឺឈ្មោះកែវ១ កែ១ ទេព១ សុខ១។ ពញាមឿង មានសម្លាញ់ម្នាក់ឈ្មោះ ចន្ទ ធ្វើជាជំទប់ស្មឹងក្រវាញ។ ក្នុងគ្រានោះ សម្តេចចៅពញាចន្ទរាជា ព្រះអង្គមានអ្នកម្នាងម្នាក់ឈ្មោះ អ្នកម្នាងខៀវ ។ អ្នកម្នាងខៀវ នោះទ្រង់មានគភ៌៧ខែ ហើយអ្នកម្នាង មានបាវស្រីមួយឈ្មោះនាងពេញ ។
សាស្ត្រារបាក្សត្រនោះនិយាយទៀតថា ក្នុងគ្រាដែលសម្តេចចៅញាចន្ទរាជា ស្តេចលើកទ័ពពីក្រុងអយុធ្យា មកខែត្រពោធិ៍សាត់នោះ ពញាមឿង នាំដំរី សេះ ជាច្រើន ថ្វាយទុកធ្វើសង្គ្រាមប្រយុទ្ធនឹងព្រះស្រីជេដ្ឋា (ស្តេចកន) ។ សម្តេចចៅពញាចន្ទរាជា ស្តេចមកដល់ខែត្រក្រគរ បានប្រយុទ្ធនឹងទ័ពព្រះស្រីជេដ្ឋា ដូច្នេះព្រះអង្គក៏ថយទៅប្រថាប់ទ័ព នៅបន្ទាយមានជ័យ ខែត្រពោធិ៍សាត់ក្នុងឃុំបាក់នឹមវិញ ។

ខណៈនោះពញាមឿង កាលឱ្យពលជីករណ្តៅជម្រៅ៨ហត្ថបួនជ្រុងហើយ ក៏ថ្វាយបង្គំលាសម្តេចចៅ ពញាចន្ទរាជា ទៅកេណ្ឌបិសាចឱ្យមកជួយធ្វើសង្គ្រាម ។
ផែនដីព្រះស្តេចកន

មុននឹងទៅកេណ្ឌបិសាចនោះ ពញាមឿង បានផ្តាំនឹងពញាចន្ទជាសម្លាញ់ដែលជាជំទប់មេស្មឹងភ្នំក្រវាញថា “ឱ្យសម្លាញ់ឯងនៅជាមេស្មឹងជំនួសអញ ដើម្បីនិយាយតពីព្រះមហាក្សត្រអញ កុំបីឱ្យព្រះអង្គនិយាយ ផ្ទាល់នឹងអញឡើយ មួយទៀត បើដល់ថ្ងៃស្អែកពេញបូណ៌មី ខែពិសាខ វេលាយប់ បើឯងឮសូរសន្ធឹក ខ្ទរខ្ទាមេឃក្នុងដីហើយឱ្យឯងក្រាបទូលព្រះបរមបពិត្រសូមឱ្យទ័ពទៅចោមបន្ទាយសត្រូវជាប្រញាប់ចុះ”។

ឯអ្នកម្នាងខៀវ កាលឮថា “ពញាមឿង សម្លាប់ខ្លួនទៅកេណ្ឌទ័ពបិសាច ហើយក៏មានចិត្តឈឺឆ្អាលជួយផែនដី។ កាលឃើញពញាមឿងចូលក្នុងរោងរាជវ័តី តាំងពិធីបួងសួងទេវតាដូច្នោះ អ្នកម្នាងក៏ថ្វាយបង្គំលា សម្តេចចៅពញាចន្ទរាជាចូលទៅក្នុងទីព្រះរាជពិធីដែរ។ លុះបួងសួងទេវតាស្រេចហើយ អ្នកម្នាងខៀវ និងចៅពញាសួគ៌ាលោក ក៏លោតទាំងពីរនាក់ទៅក្នុងរណ្តៅ ។ ព្រះបរមបពិត្រ និងបណ្តាជាខ្ញុំ ក្រុមរាជការ ជួយឃាត់ផងក៏ពុំស្តាប់ ។ ក្នុងគ្រានោះកូនពញាមឿងទាំង៤នាក់ ដែលព្រះបរមបពិត្រស្តេចបានតាំងជា មន្ត្រីទាំង៤នាក់នោះគឺ ៖

១-ឈ្មោះ កែវ ទ្រង់បានតាំងជា “ចៅ ពញាវង្សាអគ្គរាជ”
២-ឈ្មោះ កែ ទ្រង់បានតាំងជា “ចៅ ពញាបរទេសរាជ”
៣-ឈ្មោះ ទេព ទ្រង់បានតាំងជា “ ចៅ ពញាវិបុលរាជ”
៤-ឈ្មោះ សុខ ទ្រង់បានតាំងជា “ចៅ ពញារាជតេជៈ” ។

កូនទាំងបួននាក់ កាលនោះបានឃើញបិតាលោតសម្លាប់ខ្លួនទៅកេណ្ឌបិសាចដូច្នោះ ក៏និយាយគិតគ្នាថា “បិតាយើងទៅតែម្នាក់ឯង គ្មានគេទៅជួយបម្រើ ជួយគិតកេណ្ឌបិសាចផងសោះ បើយ៉ាងនេះក្រែងឪពុក យើងធ្វើការនេះពុំទាន់ការ ដូច្នោះយើងទៅកេណ្ឌទ័ពខ្មោចជាមួយគាត់” ។ ថាតែប៉ុណ្ណោះ កូនទាំង៤នាក់ នោះក៏ស្ទុះទៅលោតតាមបិតាទាំងអស់គ្នា ។ តែខណៈនោះក្រុមរាជការចាប់មិនឱ្យលោតតាម ដើម្បីឃាត់ឱ្យ នៅធ្វើរាជការបានពីរនាក់មកវិញ គឺចៅពញាវិបុល រាជ ទេព១ និងចៅពញាតេជៈ សុខ១ ។ ឯ ចៅពញា វង្សាអគ្គរាជ កែវ និងចៅពញា បរទេសរាជ កែ(ឬអង់) ជាកូនទី១, ទី២ នោះ ខ្ញុំរាជការចាប់ឃាត់ពុំទាន់ ក៏លោតចុះទៅក្នុងរណ្តៅ ស្លាប់ជាមួយបិតាទៅ។ អ្នកម្នាងខៀវ ក៏លោតសម្លាប់ខ្លួនទៅក្នុងរណ្តៅរួមជា ៤នាក់ ។ (ខ្មោចទាំង៤នោះ បានកើតឡើង ជាដំបូកឃ្លាំងមឿង ដល់សព្វថ្ងៃនេះ)។ លុះដល់ព្រះចន្ទចរត្រង់ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ នោះក៏ស្រាប់តែឮសូរសន្ធឹក ខ្ទរខ្ទារមហិមា នៅលើមេឃ និងនៅក្នុងដី នាំឱ្យភិតភ័យក្រៃលែង ហាក់ដូចជាកក្រើកក្រឡាមហាប្រថពី ។ ខណៈនោះពញាចន្ទ មេស្មឹងបានយកសេចក្តីក្រាបទូលសម្តេចចៅពញាចន្ទរាជា តាមបណ្តាំចៅពញាសួគ៌ាលោកមឿង ដែលបានផ្តាំនោះ ។ សម្តេចចៅពញាចន្ទរាជា ក៏លើកទ័ពទៅចោមបន្ទាយសត្រូវ ។ ឯកងទ័ពសត្រូវបានឮសូរសន្ធឹក ខ្ទរខ្ទាលើកមកក្នុងដីលើមេឃ សន្ធឹកដូចជារន្ទះដូច្នោះ ក៏ភិតភ័យញ័រដៃញ័រជើងរន្ធត់តក់ស្លត់រត់ចោលបន្ទាយ ចោលសាស្ត្រាវុធ រត់គេចខ្លួនដោះឱ្យរួចជីវិតតែសព្វខ្លួន។ សម្តេចចៅពញាចន្ទរាជា ព្រះអង្គលើកពលយោធាចូល ក្នុងបន្ទាយសត្រូវ ហើយទ្រង់ចាត់កងទ័ពឱ្យដេញតាមសត្រូវទៅ ។ ព្រះអង្គបាន គ្រឿងសាស្ត្រាវុធ ស្បៀងអាហារ សេះ ដំរី ជាច្រើនដែលនៅក្នុងបន្ទាយនោះទាំងប៉ុន្មាន ។ ថ្ងៃក្រោយមកនាងពេញជាបាវអ្នកម្នាងខៀវបានដឹងថា “ចៅហ្វាយខ្លួន ស្លាប់ទៅហើយ ហើយកើតជាបិសាចរក្សាស្រុកដូច្នោះ” នាងអធិដ្ឋានថា “ខ្ញុំសូមឱ្យបានទៅជួបនឹងចៅហ្វាយខ្ញុំ ហើយឱ្យ បានជាផ្នូកផ្នូលព្រះនគរ” លុះបួងសួងហើយ នាងពេញក៏លោតទឹកស្ទឹងពោធិ៍សាត់ជិតផ្សារក្រោមនោះ ហើយស្លាប់ទៅកើតជាបិសាច ស្ថិតនៅក្នុងទីដំបូកទាំងបី។ អ្នកម្នាងខៀវ កើតជាដំបូកមួយនៅខាងជើង, ពញាមឿង កើតជាដំបូកមួយនៅខាងត្បូង, វង្សាអគ្គរាជ កែវ និងបរទេសរាជកែ ដែលជាកូនពញាសួគ៌ាលោកមឿងនោះ កើតជាដំបកូមួយនៅខាងលិច ។ ដំបូកបីដុះជាប់គ្នាជាបីមុំ ទៅជាដំបូកផ្នូកផ្នួលនៃព្រះនគរ ដូចដែលនិយាយក្នុងទំនាយដូចខាងក្រោមនេះ ៖

១-ដំបូកខាងជើង គឺជាដំបូកអ្នកម្នាង ខៀវ ជាដំបូកផ្នូកផ្នូលខាងម្ចាស់ផែនដី ។

២-ដំបូកត្បូង គឺជាដំបូកចៅពញាមឿង ជាដំបូកផ្នូកផ្នូលខាងចៅហ្វាយស្រុក ។

៣-ដំបូកខាងលិច គឺជាដំបូកកូនពញា មឿង ជាដំបូកផ្នូកផ្នួលខាងក្រវាញ។

៤-កោះមួយនៅក្នុងស្ទឹងនៃខែត្រពោធិ៍សាត់នោះនៅផ្សារក្រោមជាកោះនាងពេញ ។ កោះនេះជាផ្នូកផ្នូល ខាងចៅហ្វាយស្រុកដែរ។

ផ្នូកផ្នូលនៃដំបូកទាំងបួន

១-ដំបូកអ្នកម្នាងខៀវនោះប្រែឈ្មោះ ថា “ដំបូកកន្ទោងខៀវ” ។ បើដំបូកនេះដុះលូតលាស់ទំនាយថា ៖ ព្រះមហាក្សត្រនឹងក្សេមក្សាន្ត ។ បើដំបូកនេះរបេះរេចរឹលទំនាយថា ៖ ព្រះមហាក្សត្រនឹងមានទុក្ខ ឬ មានព្រះរោគ ។ បើដំបូកនោះប្រេះ ឬបែកទំនាយទាយថា ព្រះមហាក្សត្រនឹងអស់ព្រះជន្ម ។

២-ដំបូកពញាមឿង ប្រែឈ្មោះថា “ដំបូកឃ្លាំងមឿង” (ពីដើមហៅថា “ខ្លាងមឿង” តែពាក្យនេះ ជាពាក្យសៀមប្រែជាខ្មែរថា “អ្នកតាចាស់ស្រុក”) បើដំបូកនេះដុះលូតលាស់ល្អទំនាយថា ចៅហ្វាយស្រុក នឹងក្សេមក្សាន្ត ។ បើដំបូកនោះរបេះរេចរឹលទំនាយថា ចៅហ្វាយស្រុកនឹងមានទុក្ខព្រោះកិច្ចការរាជការ ឬមានរោគ ។ បើដំបូកនោះប្រេះបែក ទំនាយថាចៅហ្វាយស្រុកនឹងអស់បុណ្យ ឬអស់ជីវិត ។

៣-ដំបូកកូនពញា មឿង នៅខាងលិច នោះប្រែឈ្មោះថា “ដំបូកក្រវាញ” ។ បើដំបូកនោះដុះលូតលាស់ល្អ ទំនាយថា ក្រវាញ នឹងកើតដើមច្រើន មានផ្លែ មានផ្កាច្រើន ។ បើដំបូកនោះរបេះរេចរឹលតែខាងៗទំនាយថា ក្រវាញនោះពុំសូវផ្លែផ្កាទេ ។ បើដំបូកនោះ របេះរេចទាបចុះមកទំនាយថា ក្នុងព្រៃនឹងឆេះក្រវាញអស់។ បើមានសត្វទៅធ្វើរូង នៅក្នុងដំបូកនោះទំនាយថា និងមានអ្នកបរទេសដណ្តើមយកសួយក្រវាញនោះ ។
៤-កន្លែងដែលនាងពេញលោតសម្លាប់ខ្លួនក្នុងស្ទឹងនោះឈ្មោះថា “កន្លែងដូនពេញ” បើច្រាំងស្ទឹងនោះ ដុះលូតលាស់ល្អ ទំនាយថា ចៅហ្វាយស្រុកនឹងក្សេមក្សាន្ត ។ បើច្រាំងនោះបាច់រេចរឹលទំនាយថា ចៅហ្វាយស្រុកមានទុក្ខក្នុងផ្ទះ ឬមានទុក្ខពីរាជការ ។ បើច្រាំងស្ទឹងនោះបាក់ទំនាយថា ចៅហ្វាយស្រុក នឹងអស់បុណ្យ ។

របៀបគោរពអ្នកតាឃ្លាំងមឿងនោះមាន ដូចនេះគឺ ៖

១-ដល់ខែពិសាខ មេស្មឹងត្រូវតែងខ្លួនឱ្យមានមនុស្សពាក់ស្នែងទន្សោង តាមរបៀបពញាមឿងកាលដែល នៅរស់ដើរបរបាញ់សត្វក្នុងព្រៃ ។ ត្រូវឱ្យមានភ្លេងលេងច្រៀងរាំ ថ្វាយក្នុងវេលាព្រឹក ។ សាស្ត្រាច្បាប់ ដើមមិនមានបង្គាប់ឱ្យលេងភ្លេងបទអ្វីៗទេ ប៉ុន្តែតាមពាក្យអាចាមអារ៉ាមថា បទភ្លេងត្រូវលេងតាម របៀបភ្លេងអារក្ស ។

២-ឯរបៀបតង្វាយអ្នកតាឃ្លាំងមឿង នោះគឺចំអាបពីរគូ, ប្រាក់៥ស្នឹង, សំពត់.ស អាវមួយ, កាស ៥, ទៀន, ស្លាធ័រ៤, ស្លាជម ៤, ទឹកអប់៤, ក្បាលដំរីមួយគូ, មាន់ស្ងោរ មួយគូ, ផ្លែឈើបួនតោក ។ ក្នុង មួយតោកមួយតោក ត្រូវមានអង្ករទ្រាប់បាតតោកនោះ ចំនួនមួយនាឡិ, ស្លាពីរពាន់, ស្រាពីរដប ។ នេះជា តង្វាយ ព្រមទាំងរបៀបដែលពួកគេ រៀបចំឱ្យពួកអ្នកលេងនោះសប្បាយជាច្រើនដង ។

៣-តង្វាយអ្នកតាកន្ទោងខៀវនោះ របៀបដូចតង្វាយអ្នកតាឃ្លាំងមឿងដែរ ខុសគ្នាត្រង់តង្វាយកន្ទោងខៀវ ត្រូវមានកន្ទោងធំមួយដាក់បង្អែម ចំអាប និងពងមាន់៧ ។

៤-ក្នុងថ្ងៃដែលឡើងអ្នកតានោះមេស្រុក និងអ្នកស្រុកទាំងបួនទិស ត្រូវយកទឹកទៅជូនចៅហ្វាយស្រុក ។ ឯចៅហ្វាយស្រុកត្រូវទទួលទឹកនោះហើយ លើកទឹកចាក់ឱ្យចំអ្នកតាឃ្លាំងមឿង ។ បើទឹកនោះហូរទៅ ទិសខាងណាច្រើនជាងទំនាយថា ភ្លៀងច្រើនទិសខាងនោះ ។
ផែនដីព្រះស្តេចកន

ឯត្រង់ទីដីដែលហៅថា “កន្លែងដូនពេញ” នោះក្នុងមួយឆ្នាំមេស្រុក និងអ្នកស្រុកត្រូវយកកន្ទោងធំមួយ ដាក់ពងមាន់៧ និងបង្អែមចំអាបទៅដាក់ថ្វាយនៅត្រង់នោះ សូមសុខសប្បាយ បើខានមិនបានដាក់ទេ អ្នកស្រុក ភូមិ នឹងកើតជម្ងឺតម្កាត់ជាខ្លាំង ។

ឥឡូវនេះនិយាយពីព្រឹត្តការណ៍ក្រោយពញាមឿង បូជាខ្លួន ៖

កាលពញាមឿង, ពញាវង្សាអគ្គរាជ, ពញាបរទេសរាជកែ, អ្នកម្នាងខៀវ លោតចុះទៅក្នុងរណ្តៅ ហើយពួកតូរ្យតន្ត្រីតាំងប្រគំរងំខ្ទរខ្ទារទាំង៨ទិសនោះមក ដំណឹងក៏ជ្រាបដល់ព្រះបាទសម្តេចចន្ទរាជា ។ ព្រះបរមបពិត្រទ្រង់ឱ្យនិមន្តព្រះសង្ឃបង្សុកូល ធ្វើបុណ្យសង្គាយនា៣ថ្ងៃ៣យប់ ទើបទ្រង់តាំងចៅ ពញាវិបុលរាជទេពជា “សួគ៌ាលោក” ជំនួសពញាមឿង។ ចៅពញាតេជៈសុខជា កូនពញាមឿង ទ្រង់ឱ្យ គ្រងងារជា “ចៅពញាសង្គ្រាម” ជាចៅហ្វាយស្រុកខែត្រអមរគិរីន្ទ បូរ (ឬអម្រិន្ទបូរ) ស័ក្តិ១០ហ៊ូពានដូច គ្នា ។ ទ្រង់ត្រាស់បង្គាប់ឱ្យចៅពញាសេនាសង្គ្រាម សុខ ចាត់ពលនឹងលើកទៅតាមសឹកសត្រូវ ។

ក្រោយថ្ងៃបុណ្យឧទ្ទិសកុសលជូនខ្មោចពញាមឿងនោះ ក្នុងពេលព្រឹកមានមនុស្សម្នាក់ឈ្មោះ ហ្ម ជ័យ យកដំរីភ្លុកមួយកំពស់៦ហត្ថ ១២ធ្នាប មានរូបល្អបរិសុទ្ធ មកក្រាបទូលថ្វាយព្រះចន្ទរាជា ។ ដំរីនោះ មានកិរិយាប្រពៃក្រៃលែងជាងដំរីទាំងពួង។ សម្តេចចៅពញាចន្ទរាជា ស្តេចទ្រង់សព្វព្រះទ័យណាស់ ទុកដំរីនោះជាព្រះទីនាំង តាំងខ្នាន់នាមជា “ព្រះពិជ័យគជា” តាមឈ្មោះហ្ម និងតាមជាតិដំរី ។ ត្រង់តាំងហ្មជ័យនោះជាចៅហ្វាយស្រុកខែត្រក្រង រួចហើយស្តេចយាងទៅឯមុខព្រះពន្លា ។ លុះឃើញ អ្នកមុខអ្នកការ បណ្តារាស្ត្រនាំដំរី សេះ មកក្រាបបង្គំ ទូលថ្វាយ ខ្លះមួយ ខ្លះពីរ, ស្តេចទទួលបានដីរី៣៥ និងសេះ៣០។ ទ្រង់មានព្រះអំណរណាស់ ស្តេចប្រោសព្រះរាជទានរង្វាន់ជា មាស ប្រាក់ និងយ័សសក្តិ ដល់ជនជាម្ចាស់ដំរី ម្ចាស់សេះដែលថ្វាយព្រះអង្គ ។

ឯសម្តេចចៅហ្វាកៅ និងពញាចក្រីកែវ (មេទ័ពខាងស្តេចកន) កាលបែកទ័ព ដោយសារទ័ពបិសាចនោះ ក៏ថយមកឈប់ប្រមូលកងទ័ពតាំងខ្ជាប់ខ្ជួននៅខែត្រក្រគរ។ ក្រោយពីនោះបីបួនថ្ងៃចៅហ្វាកៅ និងពញា ចក្រីកែវ លើកទ័ពមកចោមបន្ទាយពោធិ៍សាត់ ហើយមិនទាន់ចូលទៅវាយទេ ព្រោះមេទ័ពទាំងពីរនោះ រង់ចាំមេទ័ពពញាឧទ័យធិរាជ ជាចៅហ្វាយខែត្រអាសន្នទុក្ខ ដែលត្រូវមកព័ទ្ធទ័ពសម្តេចចៅពញាចន្ទរាជា ពីក្រោយ ដើម្បីកុំឱ្យស្តេចចៅពញាចន្ទរាជា និងស្តេចរត់រួច ។

សម្តេចចៅពញាចន្ទរាជា តាំងពីបានឈ្នះសង្គ្រាម សម្តេចចៅហ្វាកៅ និងចៅពញាចក្រីកែវមក, ទ្រង់ក៏តាំងឱ្យផ្តើមកេណ្ឌប្រមូលកងទ័ពថែមទៀត ។ ថ្ងៃមួយនោះទ្រង់ជ្រាបថា សម្តេចចៅហ្វាកៅ និង ចៅពញាចក្រីកែវ លើកទ័ពមកបោះចោមបន្ទាយម្តងទៀត តែពុំទាន់ឃើញចូលវាយ។ យប់នោះទ្រង់ ចាត់ចែង តែងនាយកង នាយទ័ព តាមចំនួនដែលត្រូវការ ទ្រង់តាំងចៅពញារាជតេជៈសុខជា កូនពៅ នៃពញាមឿង ឱ្យគ្រងងារជា “សេនាបតី” ធ្វើជាទ័ពមុខ ឃុំ ពល ៥.០០០នាក់, ឱ្យចៅពញាសួគ៌ាលោកទេព ជាកូនទី៣របស់ពញាមឿងធ្វើជាមេទ័ព ឃុំពល៥.០០០នាក់ ទៅនៅទល់មុខទ័ពនៃចៅពញាចក្រីកែវ និងសម្តេចចៅហ្វាកៅ ដែលមានពល ៣០.០០០នាក់ ជាទ័ពមុខ ។ ព្រះចន្ទរាជា ទ្រង់ពល១៥.០០០នាក់ ជាទ័ពហ្លួង លើកទៅតាមជាក្រោយ រួចទ្រង់ឱ្យពញាយសរាជ ជាព្រះភាគិនេយ្យា និងឧកញ៉ាវៀត ជាព្រះពិលៀង ឃុំពល៣.០០០នាក់ នៅរក្សាបន្ទាយ ។ លុះចាត់ទ័ពស្រេចហើយ ល្មមពេលព្រះចន្ទចរ ត្រង់ចំពីលើទ្រង់ហើយ សម្តេចចៅពញាចន្ទរាជា ក៏អុជទៀនធូបភ្ញីផ្កា តាំងធ្វើនមស្ការ ទ្រង់ប្រតិស្ថាន ដល់គុណព្រះរតនត្រ័យ និងព្រះព្រហ្ម បរមឥន្ទ្រាធិរាជ ព្រមទាំងទេវតាទាំងឆកាមាសួគ៌ ដែលមាន ឫទ្ធីស័ក្តិសិទ្ធិ និងអ្នកតាឃ្លាំងមឿងថា “ឱ្យយើងខ្ញុំមានជ័យជំនះឈ្នះ បានសេចក្តីសុខ ទាំងរេហ៍ពល សកលយោធា” ។ ទ្រង់បួងសួងស្រេចហើយ ស្តេចឡើងគ្រងព្រះទីនាំងពិជ័យគជេន្ទ្របវរសសុទ្ធដ៏ប្រពៃ ។ ខណៈនោះស្រាប់តែឮសូរហ៊ោក្រោមប្រថពី លើអាកាស ដាស់កក្រើក រំពើកទាំងផែនដី ។ សូរសព្ទទាំងនោះ អស្ចារ្យពន់ប្រមាណណាស់។ ព្រះបរមក្សត្រក្សាន្តទ្រង់ឱ្យវាយគង ទូងភេរី លើកយោធាចេញទៅទាំង បួនទិសតម្រង់ទៅបន្ទាយសម្តេចចៅហ្វាកៅ និងចៅ ពញាចក្រីកែវ ។

សម្តេចចៅហ្វាកៅ និងចៅពញាចក្រីកែវ បានដឹងហើយ ក៏ចេញកងទ័ពឱ្យបាញ់ត។ ក្នុងពេលដែលកង ទ័ពកំពុងតែចាក់កាប់គ្នានោះ កងទ័ពខាងសត្រូវគឺខាងលោកកៅ និង លោកកែវ ទាំងប៉ុន្មាននោះ ក៏ឮសូរសន្ធឹកនៃកងទ័ពជាច្រើនកងព័ទ្ធពីក្រោយខ្នងខ្លួន។ សូរសព្ទហ៊ោនោះ លាន់ឮកក្រើកទាំងប្រថពី ដូចជាស្នូររន្ទៈ ឮដូចជាភ្នំរលំលើកងទ័ពរបស់ខ្លួន។ សូរសព្ទនេះកើតឡើងដោយសារខ្មោចពញាមឿង កេណ្ឌបិសាចមកជួយ។ ខណៈនោះនាយកងទ័ពសេះ ដំរី ខាងសត្រូវក៏ផ្អើលវឹកវរ ជាន់ជល់ដួលអស់សេនា ទាហានខាងខ្លួនឯង ។ រេហ៍ពលខាងសត្រូវក៏បែកទ័ពរត់ យកតែអាយុជីវិតគ្រប់ខ្លួនទីទៃៗគ្នា ។

ចៅពញាសួគ៌ាលោកកែវ និងចៅពញាមហាសេនាសង្គ្រាមសុខ ក៏ដេញរេហ៍ពលឱ្យចូលចោមកងទ័ពចៅ ពញាចក្រីជិតជុំវិញ ។ ចៅពញាចក្រីកែវ ឃើញដូច្នោះក៏លោតឡើងជិះដំរី បរចូលតទល់ជាមួយនឹង ចៅពញាសួគ៌ាលោកកែវ(កែវតទល់នឹងកែវ) ។ លុះទៅជិតរៀបនឹងបានប្រកាប់ជាមួយចៅពញាសួគ៌ា លោកទៅហើយ ក៏ស្រាប់តែដំរីជំនិះនៃចៅពញាចក្រីកែវ ភ្ញាក់ផ្អើលពេញទំហឹង បណ្តាលឱ្យដូចគេគ្រវាត់ ខ្លួនចៅពញាចក្រីកែវទៅលើភ្លុកដំរីជាជំនិះនៃចៅពញាសួគ៌ាលោក។ ភ្លាមនោះចៅពញាសួគ៌ា លោកក៏កាប់ ចៅពញាចក្រីកែវ នឹងដាវដាច់.ក ស្លាប់ភ្លាមមួយរំពេច។ រេហ៍ពលខាងចៅពញាចក្រីកែវ ឃើញនាយ ស្លាប់ហើយមិនហ៊ានទល់ទៅទៀតទេ ក៏បែកទ័ពរត់ទៅខ្ចាត់ខ្ចាយទៅទីទៃៗអស់ ។

ពញាសួគ៌ាលោកកែវ និងចៅពញាសេនាសង្គ្រាមសុខ កាលបានជ័យជំនះហើយ ក៏នាំយកក្បាលពញាចក្រី កែវ ទៅក្រាបបង្គំទូលសម្តេចចៅពញាចន្ទរាជា សូមទ្រង់ជ្រាបគ្រប់ប្រការ ។ សម្តេចចៅពញាចន្ទរាជា ទ្រង់មានព្រះអំណរណាស់ ។ លុះព្រឹកឡើងកងទ័ពសម្តេចចៅពញាចន្ទរាជា ចាប់បានដំរី សេះ គោ ក្របី ស្បៀងអាហារ សាស្ត្រាវុធ និងរបស់ផ្សេងៗជាច្រើននាំមកក្រាបថ្វាយសម្តេចចៅពញាចន្ទរាជា សម្តេច ទ្រង់ឱ្យដោតក្បាលចៅពញាចក្រីកែវ ជាសត្រូវរួចហើយ សម្តេចក៏រៀបចំដំណើរកងទ័ពចេញមកដល់ ខែត្រក្រគរ។ នៅទីនោះទ្រង់បញ្ឈប់កងទ័ពឱ្យតាំងបន្ទាយមួយ ។ ទ្រង់ត្រាស់បង្គាប់ចៅហ្វាយស្រុកដែល ទ្រង់តាំងថ្មី ឱ្យទៅប្រមូលស្បៀងអាហារអំពីប្រជារាស្ត្រទុកក្នុងខែត្រក្រគរ ហើយព្រះអង្គស្តេចចេញ ព្រះរាជដំណើរក្បួនទ័ពមកដល់ខែត្រក្រង ទ្រង់លើករំលងទៅដល់ខែត្រខ្លុង។ នៅទីនោះទ្រង់ត្រាស់ឱ្យ កងទ័ពឈប់តាំងបន្ទាយមួយទៀត ហើយទ្រង់ត្រាស់តាំងចៅហ្វាយស្រុកថ្មីឱ្យនៅប្រមូលស្បៀងអាហារ អំពីប្រជានុរាស្ត្រទុកឱ្យបានច្រើនសម្រាប់នឹងបើកឱ្យកងទ័ព កុំឱ្យមានខ្វះខាត ។ តមក ស្តេចធ្វើព្រះរាជ ដំណើរទៅថ្វាយបង្គំព្រះពុទ្ធរូប នៅព្រះវិហារប្របភូមិប្រាសាទ កាលសម្តេចទ្រង់បកព្រះសុភ័គ ពីព្រះអង្គ យកទៅឃ្លុំបូជាព្រះពុទ្ធរូប រួចទ្រង់អធិដ្ឋានបន់ឱ្យបានឈ្នះសឹកសង្គ្រាម ។ ហេតុនេះហើយ បានជាមាន ជាប់ពាក្យប្រជារាស្ត្រ ហៅវត្តនោះថា វត្តព្រះជីវលួងបន់នៅក្នុងខែត្រខ្លុង រៀងមកដល់សព្វថ្ងៃនេះ ។

លុះចប់ពិធីបួងសួងដល់គុណព្រះរតនៈត្រ័យហើយ សម្តេចចៅពញាចន្ទរាជា ស្តេចលើកកងទ័ពចេញពី ខែត្រខ្លុង លើកសំដៅទៅខែត្រអម្រិន្ទបូរ(ឬអមរគីរីន្ទបូរ) ទៀត។

កាលនោះអស់រាស្ត្រប្រជាក្នុងខែត្រអម្រិន្ទបូរ ពុំព្រមធ្វើកំណែនតាមចៅហ្វាយស្រុកចាស់នាំគ្នារៀបគ្រឿង តង្វាយនាំទៅថ្វាយសម្តេចចៅពញាចន្ទរាជា។ ចៅហ្វាយស្រុកចាស់ឃើញរាស្ត្រតម្អឹងរឹងនឹងអំណាចខ្លួន ពុំព្រមស្តាប់ ហើយទៅក្រាបទូលស្តេចដូច្នោះ ក៏ភ័យរត់ដោះខ្លួនទៅខែត្ររលាប្អៀរ ។
ផែនដីព្រះស្តេចកន

សម្តេចចៅពញាចន្ទរាជា ព្រះអង្គឱ្យជួសជុលបន្ទាយពីបុរាណ រួចហើយទ្រង់ប្រថាប់ទ័ពនៅទីនេះចំនួន៣ ថ្ងៃ។ ក្រោយពីនោះមកព្រះអង្គឡើងគង់ព្រះទីនាំងអស្សតរ ព្រមដោយនូវសេនាទាហានយាងទៅដល់ទីដីច មួយអន្លើ ជាឯត្បូងចុងខែត្រអម្រិន្ទបូរ ។

កាលស្តេចយាងដល់ទីនេះ ទ្រង់ទតឃើញសណ្ឋានដីមួយអន្លើ ដែលមានទីដីរាបស្មើមានជ័យភូមិល្អ ហើយ ទ្រង់ឱ្យលើកបោះបង់បន្ទាយចាស់ ផ្លាស់ទៅតាំងបន្ទាយថ្មី នៅដីដែលមានជ័យភូមិល្អវិញ ព្រោះនៅទីនោះ ជាទីឧត្តមធំទូលាយមាំមួន ។ លុះទ្រង់ធ្វើបន្ទាយនោះរួចហើយ ព្រះអង្គលើកយោធា ទៅប្រថាប់ក្នុង បន្ទាយថ្មីនោះ។ ហេតុនេះបានជាមានពាក្យអ្នកស្រុកហៅបន្ទាយដែលបោះបង់ចោលនោះថា “បន្ទាយចាស់” រៀងមក ។

ក្នុងពេលដែលសម្តេចពញាចន្ទរាជា យាងទៅគង់នៅបន្ទាយថ្មី ក្នុងខែត្រអម្រិន្ទបូរនោះ មានចៅអធិការ មួយអង្គព្រះនាមជ័យងារជា “មង្គលសត្ថា” ។ ព្រះថេរៈអង្គនេះនាំទូក.ង មួយជាតង្វាយមកថ្វាយ ហើយ ទូលសម្តេចចៅពញាចន្ទរាជាថា ៖

“សូមថ្វាយព្រះពរ ! ទូក.ងនេះឈ្មោះ “សារាយអណ្តែត” កាលក្នុងផែនដីនៃព្រះបាទ សុគន្ធបទបរមបពិត្រជា សម្តេចព្រះរៀមនៃទ្រង់ដែលកើតចលាចលព្រោះស្តេចកន សព្វថ្ងៃនេះ, អាចក្តីបានលាក់ទុកឈើដែលធ្វើ ជាទូកពុំទាន់ហើយនោះ ទុកចោលនៅវាលមួយឆ្ងាយពីព្រៃចម្ងាយ៦សិនប្លាយ ។ ដល់ខែប្រាំងរាំងរឹះត្រូវ ថ្ងៃក្តៅ មានហ្វូងដំរីព្រៃទៅបោចសារាយត្រឹបបឿន យកទៅគ្របពីលើឈើដែលធ្វើទូកនោះមិនឱ្យត្រូវថ្ងៃ ក្រែងប្រេះស្រាំ ។ លុះស្រុកសាន្តត្រាណបន្តិចទៅអាចក្តីក៏នាំសិស្សានុសិស្សទៅកាប់ចាំងឈើនោះធ្វើ ជាទូក.ង។ លុះយកទូកនោះមកអុំទៅអាចក្តីក៏ឃើញថា ទូកនេះលឿនជាងទូកទាំងពួង។ ហេតុនេះហើយ បានជាអាចក្តីឱ្យឈ្មោះទូកនេះថា “សារាយអណ្តែត” មួយទៀតកាលពីខែវស្សាអាចក្តីជិះទូកនោះ ទៅបិណ្ឌបាតឯស្រុកមហានគរ, អាចក្តីត្រឡប់មកវិញទាន់ពេលឆាន់ ហើយចង្ហាន់ក៏នៅក្តៅហុយៗ ។ ហេតុនេះហើយបានជាមានពាក្យហៅថា “ទូកចង្ហាន់ហុយ” ។ អាចក្តីយល់ថា ទូក.ងនេះ លឿនលើសចម្លែក នឹងទូកទាំងពួងជាអស្ចារ្យ ក្នុងព្រះនគរបានជាអាចក្តីនាំមកថ្វាយព្រះបរមបពិត្រ ។

សម្តេចចៅពញាចន្ទរាជាទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ទ្រង់ថ្វាយអភិវន្ទកម្ម ហើយត្រាស់ថា “ព្រះជីតុនឱ្យទូកនេះមកញោមៗមានអំណរណាស់ តែសព្វថ្ងៃនេះ ញោមនៅទ័លពេក ។ បើទៅថ្ងៃមុខ ញោមបានព្រះនគរកាលណា ញោមនឹងតបស្នងព្រះគុណឱ្យគាប់ព្រះទ័យពុំខានឡើយ” ។

លំដាប់នោះ សម្តេចចៅពញាចន្ទរាជាព្រះអង្គឱ្យមន្ត្រីមុខងារទទួលទូកនោះ ហើយបញ្ចុះពួកស៊ីថាយ ១២៤នាក់ អុំទៅមហានគរ វត្តសាកល្បងមើល ។ លុះទូកនោះត្រឡប់មកវិញបាយដែលដាំនៅក្តៅហុយៗ នៅឡើយ ដូចព្រះពុទ្ធដីកានៃចៅអធិការនោះថ្វាយព្រះពរមែន ។

សម្តេចចៅពញាចន្ទរាជា ស្តេចមានព្រះតម្រាស់ប្រាប់មន្ត្រីទាំងពួងថា “យើងមានភ័ព្វវាសនាល្អណាស់ ខាងជើងគោកយើងបាន “ព្រះពិជ័យគជេន្ត្រ” ស.សុទ្ធជាព្រះទីនាំង, ខាងជើងទឹកយើងបានទូក.ង “សារាយ អណ្តែត” ជាព្រះទីនាំងលឿនដូចខ្យល់” ។ រួចទ្រង់ត្រាស់បង្គាប់ឱ្យអ្នកងារធ្វើរោងដាក់រក្សាទុកូទិព្វនោះ។ ទ្រង់តាំងនាមទូកនោះថា “ព្រះទីនាំងចក្រពត្តិ” លុះទ្រង់ត្រាស់សន្មតនាមស្រេចហើយ ស្តេចបង្គាប់ចៅ ពញាសេនា ធិបតីសង្គ្រាមសុខ ឱ្យប្រមូលស្បៀងអាហារ និងគ្រឿងសាស្ត្រាវុធទុកក្នុងបន្ទាយនោះ ជា កំលាំងទ័ព។ លុះប្រមូលរេហ៍ពលបានរួចស្រេចហើយ ស្តេចធ្វើព្រះរាជដំណើរទ័ពទៅដល់វាលសាប អង្កាម(ភូមិនេះនៅខាងលិចកំពង់ឆ្នាំង) នៅទីនោះទ្រង់បានប្រទះនឹងទ័ពសម្តេចចៅហ្វាកៅ ។ មួយរំពេច នោះស្តេចចាត់ឱ្យកងទ័ពចូលច្បាំងនឹងទ័ពចៅហ្វាកៅឥតរួញរា ទ័ពទាំងសងខាងច្បាំងគ្នាជាកោលោហល តាំងពីអាវុធវែង រហូតដល់អាវុធខ្លី ។ ពួកពលសេនាចូលតតាំងច្បាំងប្រកាប់គ្នា ខ្លាំងមហិមាណាស់ នឹងរៀបរាប់ឱ្យអស់ពុំបាន។ ខណៈនោះមានអភូតហេតុមួយគួរឱ្យអស្ចារ្យណាស់ គឺដំរីភ្លុកមួយជាឧត្តមធំ ណាស់ របស់សម្តេចចៅហ្វាកៅ (ខាងស្តេចកន) ជាមេទ័ពត្រើយខាងកើត វាផ្អើលរត់ទៅដល់ព្រេចដំបូក មួយរលើងរលំទាំងដើមឈើរមៀលទៅលើកងទ័ពខ្លួនឯង បែកទាំងសំបុកឧម៉ាល់ ព្រលួតល័ក្ខ ហើយ ហើរទៅទិចកងទ័ពសម្តេចចៅហ្វាកៅទៀត ។ រេហ៍ពល ទាំងនោះទ្រាំនឹងឧម៉ាល់ព្រលួតល័ក្ខពុំបាន ក៏ រត់ខ្ចាត់ខ្ចាយបែកទ័ពអស់ទៅ ។

ខាងកងទ័ពនៃសម្តេចចៅពញាចន្ទរាជា ឃើញដូច្នោះ ក៏តាមទ័ពសម្តេចចៅហ្វាកៅទៅទៀត ។ លុះកងទ័ព នេះបានឃើញសម្តេចចៅហ្វាកៅ ហើយសម្តេចចៅហ្វាកៅក៏ប្រយុទ្ធនឹងសេនាទាហានសម្តេចចៅពញាចន្ទរាជា។ សម្តេចចៅពញាចន្ទរាជា ស្តេចចូលតយុទ្ធទល់គ្នានឹងចៅហ្វាកៅ។ លុះប្រយុទ្ធមិនបាន ប៉ុន្មានភ្លេងផង សម្តេចចៅពញាចន្ទរាជា ក៏កាប់ត្រូវស្មាចៅហ្វាកៅមួយអន្លើ, ចៅហ្វាកៅមានរបួសជា ទម្ងន់។ សេនាទាហានខាងសម្តេចចៅហ្វាកៅជួយការពារ នាំរត់ឆ្លងទៅក្រាបទូលព្រះស្រីជេដ្ឋា(ស្តេចកន) តាមការណ៍ដែលបែកទ័ព ហើយស្លាប់ចៅពញាចក្រីកែវនោះ។ ឯសេនាទាហានខាងសម្តេចចៅពញាចន្ទរាជា កាលេបីសម្តេចចៅហ្វាកៅរត់ទៅនោះ ហើយដេញតាមពុំទាន់ក៏ចាប់យកតែគោ ក្របី ដំរី សេះស្បៀង អាហារ សាស្ត្រាវុធ ជាច្រើននាំទៅក្រាបទូលថ្វាយ។ សម្តេចចៅពញាចន្ទរាជាស្តេចទ្រង់ជ្រាបហើយ ទ្រង់លើកកងទ័ពចូលទៅបោះទ័ពនៅខាងលិចភូមិរលាប្អៀរ (ខែត្រកំពង់ឆ្នាំងសព្វថ្ងៃ)។

ចំណែកខាងចៅពញាស្រែន្យាធិបតី សោម ចៅហ្វាយស្រុករលាប្អៀរ ខាងព្រះស្រីជេដ្ឋា(ស្តេចកន) បានដឹងហើយក៏កេណ្ឌកងទ័ពឡើងរក្សានាទីបន្ទាយ។ ប៉ុន្តែរាស្ត្រពុំចុះកំណែនសោះ បែរជានាំគ្នាយក បណ្ណាការចូលទៅគាល់ថ្វាយខ្លួនធ្វើរាជការ ក្នុងសម្តេចចៅពញាចន្ទរាជា ជាច្រើននាក់ទៅវិញ ។ ចៅហ្វាយ ស្រុកសោមដឹងដូច្នោះហើយ ក៏នាំគ្រប់គ្រួដឹកជញ្ជូនរត់តាមសម្តេចចៅហ្វាកៅ។ លុះរត់ទៅពុំទាន់ ចៅហ្វាកៅ ចៅហ្វាយស្រុកសោមក៏ចូលទៅជ្រកក្នុងបន្ទាយភ្នំពេញ ហើយស្លាប់ក្នុងទីនោះ ។

សម្តេចចៅពញាចន្ទរាជា ព្រះអង្គទ្រង់ជ្រាបថា “ចៅពញាស្រែន្យាធិបតីសោម ចៅហ្វាយស្រុកខែត្រ រលាប្អៀររត់ទៅហើយ” ទ្រង់ក៏ជ្រើសរើសយកហ្លួងរាជាភឹម ឱ្យធ្វើជាចៅហ្វាយស្រុក ។ ទ្រង់ឱ្យប្រមូល រាស្ត្រប្រជា ស្បៀងអាហារ សាស្ត្រាវុធ ទុកជាកំលាំងសឹកសង្គ្រាមសម្រាប់ស្រុកនោះ ។

ចៅពញាស្រែន សេនាទន់ ចៅហ្វាយស្រុកខែត្រលង្វែក កាលដឹងដើមទងថាសម្តេចចៅពញាចន្ទរាជា ព្រះអង្គត្រឡប់មកពីស្រុកសៀមវិញហើយៗទ្រង់បាននាំទាំងឈ្នះសង្គ្រាមបានខែត្រខាងជើងជាច្រើន ទ្រង់ បានសំលាប់ចក្រីកែវ ដេញទាំងទ័ពចៅហ្វាកៅទៀត “ចៅពញាក៏នាំស្ម័គ្របក្សពួករាស្ត្រប្រជា និងបណ្ណាការ យកទៅថ្វាយសម្តេចចៅពញាចន្ទរាជា ថ្វាយទាំងខ្លួនចូលទៅធ្វើការរាជការជាច្រើននាក់ ។

នេះនឹងនិយាយអំពីព្រះស្រីជេដ្ឋា(ស្តេចកន)តាំងខ្លួនជាម្ចាស់ផែនដី ៖

លុះមកដល់ឆ្នាំ ជូត អដ្ឋស័ក ព.ស២០៦០ គ.ស ១៥១៦ ម.ស ១៤៣៨ ច.ស ៨៧៨ សម្តេចព្រះស្រីជេដ្ឋា ព្រះអង្គសោយរាជ្យបាន៤ឆ្នាំ ។ លុះទ្រង់ជ្រាបថា “សម្តេចចៅពញាចន្ទរាជា វាយយកបានខែត្រខាងលិច ប៉ែកខាងជើងបានហើយ ហើយបានសំលាប់ចៅហ្វាយស្រុកជាច្រើនផង មិនតែប៉ុណ្ណោះទាំងពញាចក្រី កែវ ក៏ស្លាប់ ទាំងសម្តេចចៅហ្វាកៅ ជាមាក៏របួសជាទម្ងន់ទៀត ។ ទ្រង់មានព្រះវិតក្កទុក្ខទោមនស្សណាស់ រហូតដល់ព្រះកន្សែងសោកស្តាយជាខ្លាំង ។ លុះស្វាងសោកហើយ ទ្រង់មានព្រះតម្រិះពីការសង្គ្រាមសព្វប្រការ ទើបទ្រង់ត្រាស់បង្គាប់មុខមន្ត្រីឱ្យចេញទៅកេណ្ឌទ័ព ។ លុះមន្ត្រីកេណ្ឌបានរេហ៍ពលត្រើយខាងកើត ១២០.០០០នាក់ ហើយទ្រង់ចាត់បម្រើសេះឱ្យទៅតាមកងទ័ពចៅពញាឧទ័យធិរាជ នាំរេហ៍ពល ៥០.០០០នាក់ ទៅជួបជុំគ្នានឹងមេទ័ពឯទៀតនៅបន្ទាយភ្នំពេញ ហើយកចា៏ត់ចែងដាក់រេហ៍ពលឱ្យផ្លាស់ប្តូរគ្នានៅរក្សាទីបន្ទាយ ។
ផែនដីព្រះស្តេចកន

ចៅពញាតេជោកុយ ចៅហ្វាយស្រុកខែត្រសំរោងទង និងចៅពញាវង្សាអនុជិតយស ចៅហ្វាយខែត្របាទីថ្មី មានរេហ៍ពល ១.០០០នាក់ ជាកងទ័ពក្រវែល រួមទាំងអស់ត្រូវជា១៩០.០០០នាក់ ។

ព្រះស្រីជេដ្ឋា ទ្រង់ចាត់កងទ័ពទាំង១៩០.០០០នាក់នោះជាពីរផ្លូវ ។ ក្នុងមួយផ្លូវទ្រង់តាំងដូចមាន ខាងក្រោមនេះ ៖

ផ្លូវទី១-

ក). ទ្រង់ចៅពញាយមរាជ ព្រាប ឃុំពល ១០.០០០នាក់ ជាទ័ពមុខ ។
ខ). ឱ្យចៅពញាវង្សាអគ្គរាជ ស្រី ឃុំពល ១០.០០០ នាក់ ជាប៉ែកឆ្វេង ។
គ). ចៅពញាពិស្ណុលោក ទេព ចៅហ្វាយស្រុកទ្រាំង ឃុំពល ១០.០០០នាក់ ជាប៉ែកស្តាំ ។
ឃ).ចៅពញាអធិកវង្សា វេត ចៅហ្វាយស្រុកខែត្របាសាក់ ឃុំរេហ៍ពល ១០.០០០នាក់ ជាប៉ែកក្រោយ ។
ង). ទ្រង់ឱ្យយកឧកហ្លួង សូរ ត្រូវជាមាម៉ែបាន តាំងឡើងជា “ចៅពញាចក្រី ធិបតីកុញ្ចរ” សម្រេចរាជការ មហាក្រប័ត្រសឹក ហើយឱ្យលើកទ័ពទៅមុន។

ផ្លូវទី២-ក្រោយដែលឧកហ្លួងសូរលើកទ័ពទៅនោះ សម្តេចព្រះស្រីជេដ្ឋា ព្រះចៅហ្វាយក្រុងស្រឡប់ពិជ័យ ព្រៃនគរ ស្តេចរើសយកក្មួយម៉ែបាន៤នាក់ មកតាំងជាសេនាបតីគឺ ៖
ក).ឧកហ្លួងសូរ តាំងជា ឧកញ៉ាវៀង ឱ្យឃុំពល ២០.០០០នាក់ ជាទ័ពមុខ ។
ខ).ឧកហ្លួង នៅ តាំងជាឧកញ៉ាវាំង ឱ្យឃុំពល ១៥.០០០នាក់ ជាទ័ពឆ្វេង ។
គ).ឧកហ្លួង ទេព តាំងជាឧកញ៉ា លំពាំង ឃុំពល ១៥.០០០នាក់ ជាទ័ពស្តាំ ។
ឃ).ឧកហ្លួងមាន់ តាំងជាឧកញ៉ាស្រាល ឱ្យឃុំពល ១៥.០០០នាក់ ជាទ័ពក្រោយ ។
ឯព្រះអង្គឯង (ព្រះស្រីជេដ្ឋា) ឃុំពល៣០.០០០នាក់ជាទ័ពហ្លួង។ ឯអស់ចៅហ្វាយស្រុកទាំងពួងទ្រង់ ចាត់ឱ្យធ្វើជាបាឡាត់ទ័ព យោក្បាត់ទ័ព ជាកងក្រវែល១៥កង សឹងឱ្យកាន់ទង់ជ័យពណ៌ ដែលមានរូប ខុសៗគ្នា ដើម្បីមិនឱ្យច្រឡូកច្រឡំចូលគ្នាឡើយ ។

ព្រះស្រីជេដ្ឋានេះមានបុណ្យអស្ចារ្យណាស់ ទ្រង់មានព្រះទីនាំង គជេន្ទ្រភ្លុកធំ១ កំពស់១០ហត្ថ ឈ្មោះ “ព្រះគជេន្ទ្រយាវុធ” មានសេះព្រះទីនាំងសម្បុរស៊ីសាំ កំពស់៣ ហត្ថ ៤ធ្នាប់ មានកំលាំងបោលក្នុងមួយថ្ងៃ កំណត់ ២.០៥០ សិន ហែលទឹកលឿនបីដូចរន្ទះ រូបល្អបីដូចរូបរាជសីហ៍ ឈ្មោះ “ព្រះទីនាំងស័ង្ខរង្សី”។ សេនាសេនីយ ដែលទ្រង់ចាត់ចែងហើយនោះ បានមកគ្រប់មុខងារ គឺអ្នកកាន់ស្វេតច្ឆត្រ អភិរម្យ សែនត្វាន់ ចាមរ ប៉ៃមន់ តូរ្យ តន្ត្រី តាមលំដាប់ព្រះមហាក្សត្រ ។ លុះដល់ពេលមានជោគជ័យបើកហើយ បុរោហិតផ្លុំ ស័ង្ខ ពួកតូរ្យតន្ត្រីក៏ប្រគំនូវរគាំងស្គរស្នែង ដែលតាក់ត្រងសម្រាប់បង្គាប់ទ័ព។ ព្រះស្រីជេដ្ឋា ជាម្ចាស់ផែនដី ស្រឡប់ពិជ័យព្រៃនគរ ស្តេចឡើងគង់ព្រះទីនាំងគជេន្ទ្របវរេតនមង្គល លើករេហ៍ពលចេញទៅ សូរសព្ទរេហ៍ពល និងសូរសព្ទរទេះសេះ ដំរី ព្រមទាំងសូរ សព្ទតូរ្យតន្ត្រីនោះ នាំឱ្យព្យុហយាត្រាកងទ័ព ជាឧត្តមរងំ ខ្ទរខ្ទារទាំងព្រៃប្រឹក្សាក្រឡាមហាប្រថបី ។ លុះទៅដល់ស្ទឹងក្រាំងពន្លៃ (សព្វថ្ងៃនៅក្នុងខែត្រ កំពង់ស្ពឺ ក្បែរផ្សារឧដុង្គ) ហើយព្រះអង្គទ្រង់តាំងបន្ទាយទ័ពធំ នៅស្ទឹងក្រាំងពន្លៃនោះ ទ្រង់ត្រាស់បង្គាប់ ចៅពញាយមរាជ ព្រាបជាមេទ័ពមុខឱ្យឃុំ ពល ៤៥.០០០ នាក់ លើកទៅចោមវាយបន្ទាយខែត្រលង្វែក ។ ចៅហ្វាយស្រុក ខែត្រ លង្វែក ក៏ដេញពលតតាំងច្បាំងគ្នាជាមាំមួន។

ខណៈនោះ សម្តេចចៅពញាចន្ទរាជា ទ្រង់ជ្រាបថា “កងទ័ពសត្រូវមកចោមបន្ទាយលង្វែកហើយ” ព្រះអង្គ ក៏ប្រើទ័ពសេះឱ្យទៅប្រាប់ចៅហ្វាយខែត្រលង្វែកថា “ឱ្យក្លែងធ្វើជាចាញ់ទ័ពសត្រូវ ហើយរត់តាមផ្លូវ ទៅទិសខាងជើង” ។ ក្រោយបម្រើសេះចេញទៅនោះ ព្រះអង្គលើកកងទ័ព៤៥.០០០នាក់ ស្រូតរូត ទៅជួយចៅស្រុកខែត្រលង្វែក។ លុះស្តេចទៅដល់ព្រៃមួយធំ ទ្រង់ឮសូរកាំភ្លើងច្បាំងគ្នាជាឱឡារិកណាស់ ទើបព្រះអង្គបង្កប់រេហ៍ពលនៅទីនោះ ។ ឯចៅហ្វាយស្រុករលាប្អៀរបានដឹងឧបាយកលដោយ បម្រើសេះ ហើយក៏ឱ្យកងទ័ពទាំងនោះថយ តាមព្រះរាជបញ្ជា ។

ចៅពញាយមរាជ និងនាយកងទ័ពមុខក្រោយ ឆ្វេងស្តាំ៥កង ខាងព្រះស្រីជេដ្ឋាយល់ថា “មានជ័យជំនះ ហើយ” ក៏មានចិត្តកម្រើក កងទ័ពដេញជិតប្រកិតតាមទៅរហូតដល់ទីដែលសម្តេចចៅពញាចន្ទរាជា ស្តេចបង្កប់ទ័ពចាំនោះ។ មួយរំពេចនោះសម្តេចចៅពញាចន្ទរាជា ស្តេចបរព្រះទីនាំងគជេន្ទ្រពិជ័យ នាំសេនា ទាហានរេហ៍ពលលើកចេញដេញទៅវាយខ្ចប់សម្លាប់កងទ័ពសត្រូវពីក្រោយ ដោយទ័ពសត្រូវពុំដឹងខ្លួន ។ កងទ័ព ត្រូវស្លាប់ដោយក្របីវ័ធ ដំរីជល់ព្រេច និងដោយអាវុធ វែងខ្លីស្លាប់អស់ជាង៣.០០០នាក់ ឈាម ក្រហមដាលច្រាលទាំងព្រៃវាលចាប់បានចៅពញាយមរាជ និងនាយកងនាយទ័ពទាំង១០នាក់ទៀត ។ សម្តេចចៅពញាចន្ទរាជា ស្តេចត្រាស់បង្គាប់ឱ្យកាត់ក្បាលចៅពញាយមរាជ និងមេទ័ព១០នាក់ ហើយឱ្យ ចៀរស្លឹកត្រចៀកមេកងដែលចាប់បានទាំងរស់១០នាក់ទៀត ។ ទ្រង់មានព្រះបន្ទូលថា “អាឯងទាំង ១០នាក់នេះ ចូលនាំក្បាលគូកនឯងទាំង១១នាក់នេះ ទៅឱ្យអាព្រះស្តេចកនចុះ ហើយឱ្យប្រាប់អាកនថា បើវាអាងពលច្រើនឱ្យលើកមកទៀត ឬបើយល់ថាភ្លៀងធ្លាក់មក ហើយជិតដល់ល្មមនឹងឱ្យរាស្ត្រធ្វើស្រែចំការ ហើយនឹងចង់ឈប់ច្បាំងឱ្យរាស្ត្រធ្វើស្រែចំការសិនក៏តាមចិត្តចុះ” ។ ទ្រង់ត្រាស់ផ្តាំរួចស្រេច ហើយ ព្រះអង្គលើកទ័ពត្រឡប់មកបន្ទាយខែត្ររលាប្អៀរវិញ ។ ទ្រង់បម្រើចេញទៅស៊ើបការណ៍ក្នុងកងទ័ពសត្រូវ ។ បម្រើដឹងការណ៍ហើយក៏វិលត្រឡប់មកក្រាបបង្គំទូលសព្វគ្រប់ពុំមានហ៊ានធ្វេសប្រហែស ឡើយ។
នេះនឹងស្រដីអំពីបម្រើ១០នាក់ ដែលរែកយួរក្បាល១១នាក់នោះ ទៅដល់ស្ទឹងក្រាំងពន្លៃ ហើយក៏ចូលទៅ ថ្វាយបង្គំយំក្រាបម្ចាស់ របស់ខ្លួនសព្វគ្រប់តាមដំណើរ។ ព្រះស្រីជេដ្ឋា ក្រុងស្រឡប់ពិជ័យព្រៃនគរ ទ្រង់បានជ្រាបហើយ ទ្រង់ញ័រភ័យខ្លាចព្រះបារមី ថ្វីព្រះហស្តនៃសម្តេចចៅពញាចន្ទរាជា។ លុះដល់ ភ្ញាក់ស្មារតីយ៉ាងនេះ ព្រះស្រីជេដ្ឋាត្រាស់ថា “យើងនឹងខ្លាចអ្វីថ្វីដៃចៅពញាចន្ទរាជានោះ ប៉ុន្តែឥឡូវនេះ គេសុំយើងឱ្យកងទ័ពយើងធ្វើស្រែសិន យើងក៏គួរឈប់តាមសណ្តាប់ព្រះនគរ បើយើងនឹងរឹងទទឹងទៅ ក៏ឃើញថា ការណ៍នេះមិនត្រឹមត្រូវដែរ យើងត្រូវតែព្រមតមាគេចុះ” ។ ទើបទ្រង់ត្រាស់ឱ្យតែងព្រះរាជសារបោះត្រាសម្រាប់ផែនដីទៅឱ្យពញាមហាមន្ត្រី ជារាជទូត ឱ្យពញាមន្ត្រីជារាជទូត, ឱ្យពញាឫទ្ធាធិបតី ជាឧបទូត, ឱ្យឧកញ៉ាជុំជិតជំនិតទឡជាត្រីទូត នាំពានមាសមួយ តម្កល់ព្រះរាជសារនោះ និងព្រែផ្កាមាស ១០កី, ព្រែញ័រ១០, ព្រំយ៉ាងធំ២ក្បាលជាគ្រឿងបណ្ណាការ ។ លុះរាជទូត, ឧបទូត, ត្រីទូត នាំទៅដល់ ខែត្ររលាប្អៀរ ហើយអស់នាយកងទាហានខាងសម្តេចចៅពញាចន្ទរាជាក៏ឃុំខ្លួន នាំទៅក្រាបថ្វាយបង្គំគាល់ សម្តេចចៅពញាចន្ទរាជា ។ ខណៈនោះស្តេចចេញជួបមុខមន្ត្រី សេនាយោធាកងទ័ពក្រាបបង្គំគាល់តាម បណ្តាស័ក្តិធំតូច ហើយស្តេចឱ្យអាល័ក្សថ្លែងព្រះរាជសារថ្វាយ ។ ឯព្រះរាជសារនោះមានសេចក្តីដូច ខាងក្រោមនេះ ៖

“ព្រះរាជសារ សម្តេចព្រះស្រីជេដ្ឋាធិរាជ រាមាធិបតី បរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង ក្រុងកម្ពុជាធិបតី សិរីយសោធរ បវរឥន្ទ កុរុរដ្ឋ រាជធានី ដែលរាស្ត្រ និងព្រះរាជវង្សានុវង្ស ស្រឡាញ់ស្ម័គ្រចិត្តលើកឡើងឱ្យ សោយរាជសម្បត្តិ ក្នុងមហាស្រឡប់ពិជ័យ ព្រៃនគរ បវរបូព៌ាទិសា ។

សូមចម្រើនព្រះរាជមេត្រី មកសម្តេចព្រះអនុជាធិរាជ គឺសម្តេចចៅពញាចន្ទរាជាបានទ្រង់ជ្រាប ។

ដ្បិតអ្នកអូន លើកចតុរង្គសេនាទាហាន រេហ៍ពលមកធ្វើសង្គ្រាមនេះ យើងមានចិត្តអំណរណាស់ ដោយហេតុថា យើងនឹងបានទតនូវសេនាទាហានច្បាំងប្រកាប់គ្នាដោយអាវុធវែងខ្លី លើខ្នងសេះ ដំរី ជាសិរីសួស្តី នៃចក្ខុទាំងសងខាង ។
ផែនដីព្រះស្តេចកន

ប៉ុន្តែឥឡូវនេះ ជិតដល់វស្សារដូវហើយ រាស្ត្រត្រូវធ្វើស្រែ ដូច្នេះយើងសូមឱ្យឈប់ធ្វើសង្គ្រាមនឹងគ្នាក្នុង មួយរដូវនេះចុះ តែសុំឱ្យចាំពាក្យដែលសន្មតសញ្ញា កុំឱ្យលបលួចវាយយកខែត្រគ្នាដូចជាកងទ័ពចោរ នោះឡើយ។ បើដល់រាស្ត្រធ្វើស្រែចំការរួចហើយ មុននឹងធ្វើសង្គ្រាមនឹងគ្នាកាលណាឱ្យមានរាជសារចារ ជាព្រះរាជកំណត់ទៅមក ទើបគួរសមជាឧត្តមមហាក្សត្រធិរាជ” ។

លុះអាល័ក្សថ្លែងព្រះរាជសារចប់ហើយ សម្តេចចៅពញាចន្ទរាជា ទ្រង់ពិរោធខ្លាំងណាស់ ទ្រង់ត្រាស់ថា អារាជទូតឯងវិលទៅប្រាប់ម្ចាស់ឯងចុះថា អញព្រមសម្រាកឱ្យរាស្ត្រធ្វើស្រែហើយ តែថាអញសុំកុំឱ្យម្ចាស់ ឯងហៅអញថា ជាបងជាប្អូនឡើយ ដ្បិតម្ចាស់ឯង និងអញនេះ មានជាតិត្រកូលឆ្ងាយពីគ្នាណាស់” ។ ទ្រង់ត្រាស់ហើយ ទ្រង់ព្រះរាជទានមាសដួងមួយជញ្ជីងសៀម ប្រាក់ដួង ពីរជញ្ជីងដែលបានមកពីក្រុង ស្រីអយុធ្យានោះ ហើយប្រទានឱ្យជារង្វាន់រាជទូត ជាគ្រឿងឧបរាជបណ្ណាការ រួចទ្រង់បណ្តេញឱ្យទៅជាប្រញាប់ ។

លុះរាជទូតចេញផុតទៅនោះ អស់នាយកងទ័ព យកសេចក្តីក្រាបបង្គំទូលថា ៖

“យើងធ្វើសង្គ្រាមកំពុងមានជ័យជំនះ ហើយហេតុអ្វីក៏ទ្រង់ទទួលសញ្ញាឱ្យឈប់សង្គ្រាមដូច្នេះ, មួយទៀត ខែត្រខាងសត្រូវនៅច្រើនជាងយើងដែរ គឺថាបានទៅគេនោះជាង១០សួន បានមកយើងមិនទាន់បាន១សួន ទេ ។ បើខាងសត្រូវឱ្យកេណ្ឌបណ្តារាស្ត្រតាំងពីខែត្រខាងជើងទល់នឹងស្រុកលាវ ខាងត្បូងទល់នឹងសមុទ្រ ខាងកើតទល់នឹងនគរចាម បានមកទាំងអស់ប្រហែលជាង១.០០០.០០០ (ដប់សែននាក់) ទៅហើយ ។ ឯខាងយើងទើបតែវាយបាន ៦-៧ ខែត្រ គឺខែត្រមហានគរ ដែលសម្តេចព្រះបរមរាជពញាយ៉ាត វាយដណ្តើមបានពីសៀមមកវិញ ហើយឱ្យឈ្មោះថា សៀមរាប នេះមួយ, ខែត្របាត់ដំបងមួយ, និងខែត្រ តូចៗ១២ ឬ១៣នេះមួយ។ ម៉្យាងទៀតខេត្តនេះ កាលបើបែកព្រះមហានគរកម្ពុជាហើយ សៀមកៀរគ្រួ យកទៅអស់ នៅតែពីរឬបីពាន់នាក់ប៉ុណ្ណោះ បើដូច្នេះ តើយើងធ្វើដូចម្តេចនឹងទទួលជ័យពីសត្រូវបាន បើសត្រូវកេណ្ឌពលពីក្រុងខែត្រ ទាំងអស់លើកមកយើងនឹងមិនបងកា់រណ៍ទេឬអ្វី ? ។ ទូលព្រះបង្គំយល់ថា យើងនឹងរក្សាខ្លួនពិបាកណាស់” ។

សម្តេចចៅពញាចន្ទរាជា ជាម្ចាស់បានត្រាស់ថា ការណ៍នេះ យើងបានគិតស្រេចហើយ បានជាយើងព្រមឈប់ច្បាំងសិន ព្រោះយើងមានប្រយោជន៍៧ប្រការគឺ ៖

ប្រការទី១-មានសុភាបុរាណថា “ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ” បើយើងខំតែធ្វើសង្គ្រាមទៅ កូនប្រពន្ធ របស់ឈ្មោះដែលមកចុះកំណែននោះ នឹងដាច់ពោះស្លាប់ បើកូនប្រពន្ធនោះអត់បាយហើយ វាពុំយកចិត្តទុក ដាក់ក្នុងការធ្វើការរាជការយើងឡើយ ។

ប្រការ២-យើងបានខែត្រតូចធំចំនួន១២ ឬ១៣ខែត្រនេះ ល្មមទុកជាសំណាក់បានហើយ បើយើងមិនទាន់ឱ្យ ទៅបញ្ចុះបញ្ចូលខែត្រផ្សេងទេ យើងលើកទ័ពទៅវាយគេតែម្តងនោះ នឹងខ្ទេចខ្ទាំរកាំចិត្តនៃអាណាប្រជារាស្ត្រមិនខាន។ លុះតែយើងបញ្ចុះបញ្ចូល លួងចិត្តចៅហ្វាយស្រកុ និងបណ្តារាស្ត្រជាមុនសិនឱ្យចូលចិត្តយើង ដែលជាព្រះរាជត្រកូល ឬបើគេមិនចូលចិត្តនឹងយើងទេ គេបែរជាចូលចិត្តខាងពួកក្បត់ ដែលតាំងខ្លួនជាស្តេចនោះ ចាំយើងបានចំណាប់កាលណា សុំលើកទ័ពទៅបង្ក្រាបពួកដែលរឹងទទឹងនោះ ធ្វើឱ្យសំរេចការណ៍ក្នុងកាលខាងក្រោម ។

ប្រការ៣-ខែត្រអាសន្នទុក្ខជាខែត្រធំ មានអាណាខែត្រក៏ច្រើន ចៅពញាឧទ័យធិរាជប្រាង្គ ជាចៅហ្វាយខែត្រ នៃស្រុកនេះ គាត់មានថ្វីដៃ និងតម្រិះប្រាជ្ញាមាំមួនណាស់ ប្រសិនយើងខំធ្វើចម្បាំងរហូតទៅមិនឈប់ ហើយពញាប្រាង្គគេលើកទ័ពមកព័ទ្ធយើងពីក្រោយ យើងនិងទៅជាកណ្តាលចំណោមគេ នោះយើងនឹង ពិបាករក្សាខ្លួនណាស់ ។ ហេតុនេះហើយបានជាយើងព្រមបង្អង់ចំបាំង ចាំប្រាប់ប្រាមនូវខែត្រធំៗនេះ និងខែត្រតូចៗ នៅត្រើយខាងកើតទិសខាងជើងនោះឱ្យបានមកជារបស់យើងសិន ។

ប្រការ៤-ខាងព្រះស្តេចកន ដែលវាតាំងខ្លួនជាស្តេចនោះ តែវាចេញច្បាំងកាលណា វាបាំងស្វេតច្ឆត្រ និងចាមរបៃមន់ សែនត្វាន់ តាមទំនៀមទំលាប់ព្រះមហាក្សត្រ ។ ឯខាងយើង ដែលពេញជាព្រះរាជត្រកូល យើងគ្មានអ្វីសោះ យើងចេញច្បាំងកាលណា ឥស្សរិយសយើង ជាទ័ពថោកជាងវា។ ទោះយើង ឈ្នះប៉ុន្មានដងក្តី ឥស្សរិយសយើងនោះក៏នៅតែថោកទាបជាងវា ។

ប្រការ៥-កាលដែលបម្រើនៃព្រះស្តេចកន នាំព្រះរាជសារមកហើយ ទៅវិញនោះ យើងបានផ្តាំថា បើនឹងចង់ឈប់សង្គ្រាម ឱ្យរាស្ត្រឈប់ធ្វើស្រែ ក៏ឈប់តាមចិត្តចុះ។ បើរាស្ត្រកំពុងត្រេកអរ ព្រោះបាននៅមូលកូន ប្រពន្ធផង ត្រេកអរនឹងយើងជាដើមគំនិតនេះផង ហើយបើយើងត្រឡប់ទៅប្រែសំដីវិញ រាស្ត្រកំពុងបាក់ចិត្តស្រឡាញ់យើងនោះ ក៏នឹងប្រែចិត្តស្អប់យើង ព្រោះយើងមានវាចាពុំទៀងត្រង់ ។

ប្រការ៦-សេនាទាហានខាងយើងមានថ្វីដៃក៏ច្រើននាក់ តែយេងីពុំបានប្រឡងថ្វីដៃឱ្យឃើញជាក់ច្បាស់នៅឡើយ ។

ប្រការ៧-ខាងយើងពិតជាព្រះរាជត្រកូលមែន តែបើតាំងខ្លួនថ្មីពុំទាន់មានទូកចម្បាំងដល់មួយសោះ ។ ឯខាងព្រះស្តេចកនវិញ គេពិតជាក្រៅត្រកូល តែគេតាំងខ្លួនមកយូរហើយ គេមានទូកចម្បាំងក៏ច្រើន ។ បើ គេលើកទ័ពជើងទឹកមកព័ទ្ធចោមយើងកាលណា យើងគ្មានអ្វីទប់ទល់នឹងគេឡើយ ។

ហេតុនេះហើយបានជាយើង ព្រមតាមស្តេចកនសុំ ដែលសុំតាមគំនិតរបស់យើង ។

ឯមន្ត្រីខ្ញុំរាជការ សេនាទាហានទាំងប៉ុន្មាន បានថ្លែងសរសើរព្រះប្រាជ្ញាញាណនៃទ្រង់គ្រប់ៗគ្នា ។ សម្តេច ចៅពញាចន្ទរាជា ជាអម្ចាស់ កាលទ្រង់បានយល់ចិត្តនៃមន្ត្រី ខ្ញុំរាជការ ដែលទុកចិត្តជឿចំពោះព្រះ តម្រិះប្រាជ្ញាព្រះអង្គហើយ ព្រះអង្គក៏តាំងចៅពញាសួគ៌ា លោកទេពជាកូនទី៣ របស់ពញាមឿងឱ្យ សម្រេចរាជការលើចៅហ្វាយស្រុកខែត្រ រលាប្អៀរ ខែត្រលង្វែក ខាងក្រុងស្រឡប់ពិជ័យព្រៃនគរនោះ ស្តេចត្រាស់ឱ្យកងទ័ព ឈររក្សាខែត្រជាប់តាំងពីស្ទឹងក្រាំងពន្លៃ រៀងទៅដល់ខាងត្បូង ហើយស្តេចលើកទ័ព ត្រឡប់ទៅក្រុងពិជ័យព្រៃនគរទិសខាងកើតវិញ ។ នេះនឹងនិយាយអំពី ចៅឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកវិញ ។ ចៅហ្វាយស្រុក ខែត្រអាសន្ទុកលុះដឹងថា “សម្តេចចៅពញាចន្ទរាជា ស្តេចលើកទ័ពហួស រហូតទៅដល់ខែត្រ រលាប្អៀរ លង្វែក ហើយ” ក៏តាំងកេណ្ឌកងទ័ពគ្រប់ខែត្រដែលឡើងខែត្រ អាសន្នទុក្ខនោះ គឺមឿង ជីក្រែង ស្ទោង ព្រំទេព ព្រៃក្តី សៀមបូក សៀមប៉ាង, ព្រះប្រសប់ មឿងទាំង២៥ នេះ កេណ្ឌបានពល ៨០.០០០នាក់ ហើយឱ្យកេណ្ឌទូករាស្ត្រ សម្រាប់ចំលងកងទ័ពឆ្លងទៅខែត្រក្រគរ ដើម្បីវាយកងទ័ពសត្រូវ ផ្ទប់ពីខាង ក្រោយកុំឱ្យសម្តេចចៅពញាចន្ទរាជារត់គេចខ្លួនបាន ។

ឯសម្តេចចៅពញាចន្ទរាជា ជាអម្ចាស់ ព្រះអង្គប្រថាប់ទ័ពនៅបន្ទាយស្រុកអមរគីរីន្ទបូរ (អម្រិន្ទបូរី) ។ ក្នុង មួយថ្ងៃនោះព្រះអង្គជ្រាបថា “កងល្បាតនៃចៅពញាឧទ័យធិរាជ កំពុងឱ្យកងទ័ពឆ្លងទន្លេសាបមកខែត្រ ក្រគរហើយ” ទ្រង់ឈ្វេងយល់គ្រប់ប្រការស្រេច ទើបស្តេចត្រាស់បង្គាប់បម្រើសេះឱ្យទៅទូល ចៅពញាយសរាជា ដែលនៅរក្សាខែត្រពោធិ៍សាត់ថា ឱ្យលើកកងទ័ពទេស្ទៅកា់ចាំនៅកំពង់ដៃទន្លេសាប កុំឱ្យកងទ័ពសត្រូវឡើងគោករួច” ។ ឯចៅពញាយសរាជាជាស្តេចព្រះភាគិនេយ្យា (របស់ព្រះចន្ទរាជា) ទ្រង់ ជ្រាប ហើយទ្រង់ឱ្យនាយកងទ័ពនាំរេហ៍ពល ១០.០០០នាក់ កាន់កាំភ្លើងធំតូចទៅបង្កប់ចាំនៅមាត់ព្រៃ ទន្លេសាបពីរអន្លើ ហើយឱ្យកេណ្ឌទូកបានជាច្រើន ។ ទ្រង់ត្រាស់កំណត់ថា បើកងទ័ពសត្រូវវាថយ រត់ទៅត្រូវឱ្យតាមបាញ់តាម ចាប់យកជ័យជំនះឱ្យបាន ។

សម្តេចចៅពញាចន្ទរាជា កាលឱ្យបម្រើទៅទូលសម្តេចព្រះភាគិនេយ្យោចៅពញាយសរាជារួចហើយ ស្តេច ត្រាស់បង្គាប់ចៅពញាធិបតីសេនាពេជ្រ និងចៅពញាយោធាសង្គ្រាមពៅ ឱ្យនាំរេហ៍ពល២០.០០០នាក់ទៅ បង្កប់ចាំនៅមាត់ព្រែកទន្លេសាបត្រើយខាងកើត ហើយទ្រង់ផ្តាំថា “បើឮកាំភ្លើងសន្យាទ័ពហើយ ឱ្យលើក កងទ័ពចូលច្បាំងឱ្យបានសម្រេចចុះ” ។ ចៅពញាទាំងពីរក៏ក្រាបបង្គំថ្វាយលាចេញទៅតាមព្រះរាជបញ្ជា។ ឯសម្តេចចៅពញាចន្ទរាជា ព្រះអង្គស្តេចឡើងគង់លើព្រះទីនាំងចក្រពត្តិ គឺទូក-ង សារាយអណ្តែតនោះ ព្រមដោយទូក-ង ផ្សេងៗ ២៥ទៀត ចេញទៅបង្កប់ស្ទាក់នៅមាត់ព្រែកទន្លេសាបចាំទ័ពសត្រូវ ។

ចៅពញាឧទ័យធិរាជចៅហ្វាយស្រុក ខែត្រអាសន្នទុក្ខ (ខាងស្តេចកន) កាលបានទូក និងទ័ពមកជួបជុំ ហើយក៏ដេញពលឱ្យចុះទូកទៅដល់ជិតព្រៃត្រើយខាងលិច ។ ខណៈនោះកងទ័ពចៅពញាយសរាជាដែល បង្កប់ខ្លួននោះក៏តាំងហ៊ោរបាញ់កាំភ្លើងធំតូចរំពងឡើង ។ កងទ័ពចៅពញាឧទ័យធិរាជជិះទូកកំណែន គ្មានចំណាប់នឹងបាញ់ ក៏បែកកងទ័ពរត់ទៅពួនក្នុងព្រៃមួយអន្លើក្នុងខែត្រអម្រិន្ទបូរ ។ នៅទីនោះកងទ័ព ចៅពញាឧទ័យធិរាជ ទាំងនោះរត់ទៅជួបនឹងកងទ័ពចៅពញាសេនាសង្គ្រាម ។ ខាងកងទ័ពចៅពញាសេនា សង្គ្រាមក៏ទទួលបាញ់កាប់ចាក់កងទ័ពសត្រូវឥតត្រាប្រណីឡើយ ធ្វើឱ្យកងទ័ពសត្រូវទ្រាំមិនបានក៏រត់ឆ្លង ទៅត្រើយខាងកើតវិញ ។ ទ័ពដែលស្លាប់ដោយធ្លាក់ទឹកទន្លេសាបនោះ ប្រមាណជាពីរឬបីពាន់នាក់ ។

ឯសម្តេចចៅពញាចន្ទរាជាដែលបង្កប់ក្នុងព្រៃ លុះឮសូរកាំភ្លើងហើយឃើញទ័ពនៃចៅពញាឧទ័យធិរាជ រារង់ថយមកនោះ ទ្រង់ក៏ឱ្យទូក-ងទាំង២៥ និងទូកព្រះទីនាំងព្រះចក្រពត្តិអុំសំរុកចូលទៅចាប់ ហើយចាប់ បានទាំងពល ទាំងពញាឧទ័យធិរាជ និងចៅមឿង១០នាក់ទៀត ។ ឯចៅមឿង១១នាក់ទៀត លោតរត់ដោះ ខ្លួនទៅដល់ច្រាំងត្រើយខាងកើតជាមុន ។

ឯចៅអពញាធិបតីសេនា និងចៅពញាយោធាសង្គ្រាមដែលនៅបង្កប់ទ័ពនៅមាត់ទន្លេត្រើយខាងកើតនោះ លុះឃើញចៅមឿងទាំង១១នាក់រត់ទៅដល់ហើយ ក៏ឱ្យទ័ពខ្លួនដេញចាប់បានទាំងអស់ ហើយឱ្យដាក់ ក្តីប្រចាំការទម្រាំស្តេចយាងទៅដល់។ លុះដល់ថ្ងៃរសៀលសម្តេចចៅពញាចន្ទរាជាព្រះអង្គចេញព្រះរាជ ដំណើរទៅដល់ព្រះពន្លា នៅត្រើយខាងកើតនោះហើយ ចៅពញាអធិបតីសេនាពេជ្រ និងចៅពញាយោធា សង្គ្រាមពៅ នាំចៅហ្វាយស្រុកចៅមឿងទាំង២២នាក់ និងឈ្លើយទាំង៦០.០០០នាក់ដែលចាប់បាននោះ នាំមកក្រាបបង្គំទូលថ្វាយ ។ ខណៈនោះចៅហ្វាយស្រុក ចៅមឿង ចៅបាន សេនាទាហាន ឯក ទោ ត្រី ដែលចាប់បានជាប់ទាំងរេហ៍ពល៦០.០០០នាក់ ក៏កោតខ្លាចអំណាចបុណ្យបារមីនៃសម្តេចចៅពញាចន្ទរាជា ហើយសន្មតសញ្ញាសូមនៅជាខ្ញុំរាជការត្រាអស់មួយជីវិត ។

សម្តេចចៅពញាចន្ទរាជាទ្រង់ព្រះរាជានុញ្ញាតឱ្យតាមសុំ។ តែក្នុងគ្រានោះព្រះអង្គពុំទាន់រកឃើញនូវក្រុម ព្រះបុរោហិតនៅឡើយ នឹងឱ្យធ្វើសច្ចាប្រណិធានតាមច្បាប់ប្រពៃណីពុំកើត ទើបទ្រង់ត្រាស់បង្គាប់ឱ្យ ក្រុមទាំងនេះទទួលថាតាមព្រះអង្គ៣ដងម្នាក់ៗ ហើយឱ្យក្រុមទាំងនោះទទួលទានទឹកពិភទ្ទសច្ចាទុកជា ការស្រេច។ លុះពលទាំងនោះសុំចុះចូលអស់ហើយ ព្រះអង្គត្រាស់បង្គាប់ទៅពញាឧទ័យធិរាជជាចៅហ្វាយ ស្រុកខែត្រអាសន្ទុក ដែលទើបនឹងសុំចុះចូលឱ្យនាំមឿងទាំង២២ស្រុក និងរេហ៍ពល៦០.០០០នាក់ដែល សល់ពីស្លាប់នោះឱ្យលើកទ័ព ទៅវាយបន្ទាយខែត្រកំពង់សៀម បន្ទាយខែត្រជើងព្រៃ និងស្ទឹងត្រង់ ទាំង៣ខែត្រនេះឱ្យបាន ។

ចៅហ្វាយស្រុកទាំង ៣ខែត្រនេះ ធ្លាប់ខ្លាចថ្វីដៃចៅពញាឧទ័យធិរាជស្រាប់ លុះឃើញកងទ័ពពញាឧទ័យធិរាជ ចាត់សេនាទាហានឱ្យនៅរក្សាខែត្រទាងំ៣នោះហើយ ក៏លើកទ័ពមកក្របាបង្គំទូលស្តេច ចៅពញាចន្ទរាជា អំពីជ័យជំនះដែលខ្លួនយកបានគ្រប់ប្រការ ។ ស្តេចចៅពញាចន្ទរាជាទ្រង់មានព្រះអំណរណាស់ ទ្រង់ត្រាស់ព្រះរាជទាន មាស ប្រាក់ យសស័ក្តិដល់សេនា ទាហានទាំងនោះ ឱ្យឡើងទីទៃៗពីគ្នាតាមសមគួរហើយ ទ្រង់ផ្តាំនិងចៅពញាឧទ័យធិរាជ ឱ្យការពារសឹក សង្គ្រាមត្រើយខាងកើត ទិសខាងជើងនេះឱ្យជាប់នៅនឹងបាឯង ឱ្យបាឯងខំរក្សាអាណាខេត្ត ព្រមទាំងបញ្ចុះ បញ្ចូលចៅហ្វាយស្រុក ចៅមឿងទីទៃៗឱ្យបានមកជាចំណែកខាងយើងទាំងអស់ ។ ចៅពញាឧទ័យធិរាជ និងចៅមឿង២១ខែត្រ ក៏ថ្វាយបង្គំទូលថ្វាយទទួលព្រះបន្ទូលពិសេសហើយ ក៏លើកទ័ពត្រឡប់ទៅខែត្រទីទៃៗរៀងខ្លួន ។

ចៅពញាឧទ័យធិរាជទៅដល់ខែត្រហើយ ក៏ឱ្យកេណ្ឌសេនាទាហាន និងអ្នកមានប្រាជ្ញា ស្មារតីមានថ្វីមាត់ ចេញទៅនិយាយបញ្ចុះបញ្ចូលចៅហ្វាយស្រុកចៅមឿងដែលនៅទិសខាងកើត ប៉ែកខាងលិចនោះទាំងអស់។ សេនាទាហាន និងអ្នកមានប្រាជ្ញាស្មារតី ថ្វីមាត់ទាំងនោះ ទៅបញ្ចុះបញ្ចូលបានចៅហ្វាយ ស្រុកមហានគរ, ចៅមឿងសូត្រនិគម, ចៅមឿងពួក, ចៅមឿងក្រឡាញ់, ចៅមឿងចុងកាល់ និងរហូតរៀងទៅដល់ចុងផែនបានជាច្រើននៅទិសខាងលិច ជាស្រេចដាច់ខាតមកខាងស្តេចពញាចន្ទរាជាទាំងអស់។ ចៅពញាឧទ័យធិរាជជោគជ័យដូច្នោះហើយ ក៏ធ្វើសំបុត្រក្រាបបង្គំទូលចូលមកព្រះបាទចន្ទរាជា ជាមស្ចា់តាមដំណើរ។ ព្រះបាទអ្នកអង្គម្ចាស់ទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ ទើបព្រះអង្គថយទ័ព ត្រឡប់មកខេត្តអម្រិន្ទបូរវិញ ។

ក្នុងឆ្នាំជូតអដ្ឋស័កនោះ ព្រះសង្ឃរាជ រាជាគណៈឋានានុក្រម និងព្រះបុរោហិត ព្រឹទ្ធាចារ្យ ព្រះរាជ វង្សានុវង្ស ដែលរត់ខ្ចាត់ភ្លាត់ចេញពីក្រុងភ្នំពេញ និងពីក្រុងបាសាននោះដឹងថា “សម្តេចព្រះអនុជ (ព្រះចន្ទរាជា) ព្រះអង្គមានជ័យជំនះហើយ” ក៏ចេញពីព្រៃ ដែលពួនជ្រកនោះ មកជួបជុំនាយកង នាយទ័ព សុំឱ្យនាំខ្លួនយកទៅថ្វាយជាខ្ញុំរាជការ ហើយប្រឹក្សាគ្នាថា “ទ្រង់ព្រះករុណាពិសេស ជាអម្ចាស់យើងនេះ ពេញជាព្រះរាជបុត្រាបង្កើតនៃព្រះបាទសម្តេចព្រះរាជឱង្ការ ព្រះធម្មរាជា ដែលជាព្រះមហាក្សត្រទ្រង់ធម៌ ទ្រង់ប្រាថ្នា ជាពុទ្ធភូមិ វិរិយោធិក, ព្រះអង្គម្ចាស់យើងនេះពេញជាមានសតិបញ្ញាឈ្លាសវៃណាស់ ព្រះអង្គឈមព្រះភ័ក្ត្រទៅធ្វើសង្គ្រាមទិសណា ក៏វាយទិសនោះបាក់បបខ្លបខ្លាចទាំងអស់ ពុំដែលទើសទាក់ និងព្រះរាជានុភាពបានឡើយ ។ ព្រះអង្គមានបុណ្យបានរបស់ត្រកាលពីរយ៉ាងគឺ ៖
១-ទ្រង់មានពិជ័យគជេន្ទ្រសសុទ្ធមួយ កាលដែលទើបនឹងបានកំពស់តែ៦ហត្ថ មកដល់ឥឡូវនេះកំពស់ ៧ហត្ថប្លាយ, ដំរីនោះមានដំណឹង(ការចេះដឹង)ច្រើនជំពូកណាស់ គឺជំពូកមួយវាចេះកាន់អាវុធចាក់កាប់ដូចមនុស្ស, ជើងទាំងពីរចេះធាក់ផង រងអាវុធផង ។ ជំពូកពីរ បើមានជម្ងឺដម្កាត់នៅទីណា ក្នុងព្រះនគរ ព្រះករុណាជាអម្ចាស់យើងឱ្យហ្មធ្វើពិធីសុំទឹកយកទៅជះបាចសាចនៅទីណាដែលមានជម្ងឺនោះ ជម្ងឺក្នុង ទិសនោះសឹងតែស្ងប់ស្ងាត់បាត់ទៅ។ ជំពូកបី បើរដូវវស្សា ហើយរាំងភ្លៀង, ព្រះអង្គជាម្ចាស់យើងឱ្យ ហ្មថៅនាំទៅធ្វើពិធីក្នុងទីនោះ៣ ឬ ៤ថ្ងៃតែប៉ុណ្ណោះ ភ្លៀងក៏ធ្លាក់បរិបូណ៍ ។ ជំពូកបួន បើព្រះអង្គជា អម្ចាស់យើងឡើង គង់និងធ្វើសង្គ្រាមយុទ្ធកាលណា បើវាស្រែកឱ្យឮសំលេងក្រអៅហើយនោះ ឱ្យសង្ឃឹមទុកចិត្តចុះថា មុខជាមានជ័យជំនះឈ្នះបានដំរីជាបរិវារច្រើនជាមិនខាន ។

២-ព្រះអង្គទ្រង់បានទូក-ងឈ្មោះសារាយអណ្តែត មកជាព្រះទីនាំងចក្រពត្តិនោះ ក៏មានបុញ្ញាធិការច្រើន ជំពូក គឺជំពូកមួយ បើទូកធម្មតាទៅនគរវត្តមិនមានខ្យល់រលកទេ កំណត់បីបួនថ្ងៃទើបមកដល់ បើខ្យល់ រលកផងទូកធម្មតាទៅនគរវត្តត្រូវប្រើពេលអស់១០ឬ១៥ថ្ងៃ ឯព្រះទីនាំងចក្រពត្តិនោះ ព្រះអង្គទៅ បិណ្ឌបាត្រនៅព្រះនគរវត្ត ត្រឡប់មកដល់វត្តយើងវិញ កំណត់តែបាយ ចង្ហាន់ហុយៗនៅឡើយ ព្រោះលឿន បីដូចជាទូកទិព្វ ។

ជំពូកពីរ បើសេនាទាហាននឹងឡើងជិះធ្វើសង្គ្រាមចំណុះទូក១២៥នាក់នោះ ទោះកាំភ្លើង ធ្នូ ស្នា ច្រើន ប៉ុន្មានក្តីក៏ពុំដែលមកជិតចំណុះទូកនេះឡើយ។ ជំពូកបី បើនឹងលើកទ័ពចេញទៅហើយ គេលេងភ្លេងពិធី អូសចេញពីបង្គងនោះ លុះលេងរួចហើយឱ្យពិនិត្យមើលពងមាន់១២៥ដែលថ្វាយទូកនោះ បើបីសាចដែល រក្សាទូកនោះឮសូរគាំហ៊ោជាត្រេកត្រអាលនោះ អ្នកស្នែងអាចសែងតែ១៦នាក់រួចយ៉ាងស្រួល ហើយឱ្យសង្ឃឹមថា មុខជាមានជ័យបើពងមាន់នោះមិនបាត់មាត់ក៏ឮហ៊ោក្រេវទេ ទូកដែលចេញទៅនោះមុខជា ពុំប្រទះច្បាំងនឹងសត្រូវសោះឡើយ ។ របស់វិសេសទាំងពីរប្រការនេះអស់អាត្មាភាព និងយើងខ្ញុំ ទាំងឡាយយល់ថា ចូលជារបស់ចុល្លចក្រ, មហាចក្រ, ទៅធ្វើការឯណាក៏នឹងមានជ័យជំនះ ហើយយើងទាំង អស់គ្នាមកនៅស្ងៀមពុំបានធ្វើព្រះរាជពិធីអភិសេក ឱ្យបានរុងរឿងឥស្សរិយយសខ្ពស់ ជាឯកព្រះមហាក្សត្រ ឱ្យបានថ្កុំថ្កើង ជាងរាជសត្រូវនោះពុំខានឡើយ ។ លុះគិតព្រមគ្នាហើយ ក៏នាំគ្នាចូលទៅក្រាបបង្គំទូលថ្វាយ សូមអញ្ជើញព្រះអង្គសោយរាជ្យសម្បត្តិតាមសេចក្តីពិភាក្សា ហើយយល់ព្រមជាឯកច្ឆន្ទ ។

ទើបសម្តេចចៅពញាចន្ទរាជាជាអម្ចាស់ទ្រង់ត្រាស់ថា ព្រះនគរក៏ពុំទាន់បានរាបទាប ទាំងព្រះខ័នក៏ពុំទាន់រកឃើញ បើរៀបអភិសេកក្រែងពុំគួរទេដឹង។ ពេលនោះអស់ព្រះសង្ឃ និងព្រះបុរោហិត ព្រះរាជវង្សា នុវង្ស មន្ត្រីចាស់ទុំ ខ្ញុំរាជការក្រាបបង្គំទូលថា សូមព្រះរាជទាននឹងរៀបព្រះរាជពិធីជាសង្គ្រាម មាភិសេក ថ្វាយជាសុវត្ថិមង្គល គ្រាន់នឹងគ្រប់គ្រងរាស្ត្រប្រជា ជាបណ្តោះអាសន្នសិន ប៉ុណ្ណោះទេ បើទ្រង់ច្បាំង ឈ្នះបានព្រះនគរ ស្រេចកាលណា និងសូមថ្វាយប្រាប្តាភិសេក ក្នុងកាលនោះ ។

ខណៈនោះសម្តេចបរមបពិត្រទ្រង់ព្រះរាជានុកូលចូលព្រះហឫទ័យផង ហើយទ្រង់ត្រាស់ថា បើព្រមគ្នា យល់ថាត្រូវតែឱ្យយើងទទួលអភិសេកហើយ ក៏ឱ្យគិតសម្រេចធ្វើតាមក្បួនសង្គ្រាមមាភិសេកនោះ ឱ្យបាន ត្រឹមត្រូវតាមប្រពៃណីចុះ។ រំពេចនោះព្រះសង្ឃ និងខ្ញុំរាជការទាំងឡាយត្រេកអរសោមនស្សណាស់ ហើយក៏ចេញទៅចាត់ចែងកេណ្ឌកង កំណែនឱ្យចាំងដីជម្រះស្មៅជាឯលិចបន្ទាយ ដែលគង់ឱ្យសង់រោង រាជពិធីតាមពុទ្ធសាសន៍, សេយ្យសាសន៍ ព្រះរាចវ័តីឆត្រ ទ្រង់ធ្វើភ្នំមហាបណ្ឌបធ្វើព្រះបុស្បក មាន ព្រះស្វេតច្ឆត្រ គ្រឿងរាជអភិសេកសព្វសារពើ។ ចំណែកឯព្រះស្វេតច្ឆត្រនោះសម្តេចចៅពញាចន្ទរាជា ទ្រង់ពុំឱ្យធ្វើគ្រប់៩ជាន់ទេ ទ្រង់ឱ្យធ្វើតែ៥ជាន់ ហើយទ្រង់ឱ្យធ្វើគ្រឿងព្រះទីនាំងគជេន្ទ្រយុទ្ធ គ្រឿង ព្រះទីនាំងអស្សតរ តែងខ្លួនឱ្យប្រពៃបម្រុងកាន់ទង់ជាតិដើរហែរចូល ទៅក្នុងរោងព្រះពិធីពរជ័យ ។

ឯបណ្តារាស្ត្រជិតឆ្ងាយឮថា ព្រះបរមបពិត្រទ្រង់រៀបសង្គ្រាមមាភិសេកហើយត្រេកអរណាស់ ក៏នាំគ្នាយក គោ ក្របី សេះ ដំរី ទូក មាស ប្រាក់ សំពត់ អាវ សាវស្បៃ តាមដែលខ្លួនមាននោះ មកក្រាបទូលថ្វាយជាច្រើនអនេក ។

លុះមកដល់ថ្ងៃទី៩កើត ខែផល្គុន ឆ្នាំជូត អដ្ឋស័ក ព.ស ២០៦០, គ.ស ១៥១៦ ម.ស ១៤៣៨, ច.ស ៨៧៨ សម្តេចចៅពញាចន្ទរាជា ព្រះអង្គទ្រង់គ្រឿងមហាខត្តិយាធិបឌិន ទ្រង់ធ្វើព្រះរាជដំណើរចូលក្នុង រោងរាជពិធី។ ព្រះរាជគ្រូថ្វាយមហាស្វេតច្ឆត្រ ស្តេចឋិតនៅនាបូព៌ាមុខស្វេតច្ឆត្រ ទើបព្រះរាជវង្សានុវង្ស សេនាមុខមន្ត្រីក្រាបថយ្វាព្រះរាជមង្គល ព្រះរាជពិធីពរជ័យ ។ សម្តេចចៅពញាចន្ទរាជាព្រះអង្គគ្រឿង គ្រងរាជ្យសម្បត្តិ ទ្រង់ព្រះនាមថា “ព្រះបរមរាជា ចន្ទរាជា គ្រងក្រុងកម្ពុជាធិបតី” ។

លុះរួចពិធីហើយ ព្រះអង្គតាំងព្រះសង្ឃ និងមន្ត្រីតាមគុណបំណាច់ និងចំណេះវិជ្ជាដូចតទៅនេះ ៖

១-ចៅអធិការ សួស ជាទីសម្តេចព្រះសុគធាធិបតី សិរីសោធរសង្ឃនាយក ។
២-ចៅអធិការស្រី ជាទីសម្តេចមង្គល ទេពពាចារ្យ ។
៣-ចៅអធិការសោម ជាទីសម្តេចព្រះ ធម្មលិខិត ។
៤-ចៅអធិការលាស់ ជាទីសម្តេចព្រះ ពោធិវង្ស ។
៥-ចៅអធិការទន់ ជាទីសម្តេចព្រះ វនរ័ត។
៦-ចៅអធិការ សោម ជាទីសម្តេចព្រះ វន័រ ។
៧-ចៅអធិការ ជ័យ ជាទីសម្តេចមហា វិមលធម្ម ។

ចៅអធិការ សួស មានបណ្តាស័ក្តិស្មើនឹងទីក្រឡាហោម, ស្រី ស្មើនឹងទីយមរាជ, លាស់ស្មើទីវាំង, ទន់ស្មើទីចក្រី, សោម ស្មើនឹងមហាមន្ត្រី, ជ័យ ស្មើនឹងមហាទេព ។

លំដាប់មកទ្រង់តាំងព្រះរាជាគណៈ សម្រាប់ ទោ ត្រី ចត្វា តទៅទៀត។ លុះតាំងទាំងទ្រទូងរត្នទាំង៧ គ្រប់ទាំង៤ សម្រាប់នោះហើយ ទ្រង់តាំងមន្ត្រីរត្នទាំង៧ទៀត ហើយទ្រង់បញ្ញាតិទុកថា តាំងពីថ្ងៃនេះ តទៅបើនឹងតាំងសេនាធិបតីក្នុងក្រៅឱ្យតាំងដោយរបៀបដូច្នោះ ៖

បើខ្ញុំរាជការស័ក្តិ៥ហ៊ូពាន់ឱ្យតាំងជាហ្លូង ។ បើ៤ហ៊ូពាន់ឱ្យតាំងជាឃុនម៉ឺន ។ បើ៣ហ៊ូពាន់ឱ្យតាំង ជាឱកម៉ឺន។ បើ២ហ៊ូពាន់ឱ្យតាំងជាចៈម៉ឺន ។ បើមួយម៉ឺនឱ្យតាំងជាម៉ឺន បើខ្ញុំរាជការហើយតែពុំទាន់ប្រោស ព្រះរាជទានឱ្យយកស័ក្តិទេ នោះឱ្យហៅថានាយ ។

មួយទៀតសេនាបតី និងចៅហ្វាយស្រុកស័ក្តិ១០ហ៊ូពាន់ពីបុរាណរៀងមក គឺតាំងពីផែនដីព្រះបាទ អរត្តពលពោលានោះ ទ្រង់តាំងឱ្យសុទ្ធធ្វើជាទី “សម្តេចចៅពញា” ព្រោះចៅហ្វាយស្រុកទាំងនោះ សុទ្ធតែ សម្តេចព្រះរាជត្រកូល ដែលចេញទៅគ្រងស្រុកស័ក្តិ១០ហ៊ូពាន់ក៏មាន៩ហ៊ូពាន់ក៏មាន មកដល់ផែនដី ព្រះបាទធនញ្ជ័យកោរព្យារាជនោះ ចៅហ្វាយស្រុកទាំងនោះពុំសូវកោតខ្លាចសេនាបតី ទើបព្រះបាទ កោរព្យារាជទម្លាក់ចៅហ្វាយស្រុកទាំងនោះមកត្រឹមតែទី “ចៅពញា” វិញ ។ បើស័ក្តិ៨ហ៊ូពាន់ចុះមកតាំង ជាទី “ពញា” ។ ឯសេនាបតី និងមន្ត្រីស័ក្តិ៩ហ៊ូពាន់ក្នុងវង្សមន្ត្រីរាជការនោះពីមុនមក បានតែងតាំងជា “សម្តេចចៅពញា” ដល់មកផែនដីនេះយើងពិនិត្យទៅក៏ឃើញថា នៅតែច្រឡូកច្រឡំនៅឡើយ ។ ដូច្នោះ យើងត្រូវគិតរៀបចំជាថ្មី គឺថា នាម៉ឺនក្រៅពីខ្នងពស់ទាំងបួនសម្រាប់ បើតាំងឡើងឱ្យតាំងជា “ឧកញ៉ា” ។ ឯចៅហ្វាយស្រុកស័ក្តិ៩ ឬ១០ ហ៊ូពាន់នោះឱ្យតាំងជា “ចៅពញា” ។ បើ ៧ ឬ៨ ហ៊ូពាន់ឱ្យតាំងជា “ពញា”។

តមកទ្រង់តាំងភីលៀងខាងព្រះអង្គទាំង ៤នាក់គឺ ៖

១-ព្រះទិព្វជាញជ័យ ទេព ឱ្យជាទីសម្តេចហៅហ្វាទឡៈ (នាយករដ្ឋមន្ត្រី) ។
២-ហ្លួងស្នេហានុរ័ក្ស ព្រំ ជាទីឧកញ៉ា យមរាជ (រដ្ឋមន្ត្រីក្រសួងយុត្តិធម៌) ។
៣-ហ្លួងវិជិត ព្រះអង្គឱ្យតាំងជាទីឧកញ៉ា ក្រឡាហោម(រដ្ឋមន្ត្រីក្រសួងទ័ពជើងទឹក)។
៤-ហ្លួង ឧត្តម ចិន្តាស្រី ជាទីឧកញ៉ាវាំង (រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង) ។
៥-ហ្លួងភក្តីនុរ័ក្ស កែវ ជាទីឧកញ៉ាចក្រី (រដ្ឋមន្ត្រីខាងទាហានជើងគោក) ។

ទ្រង់តាំងខ្ញុំរាជការដែលជាទីកំសត់ជំនិត នឹងព្រះអង្គទាំង៥០នាក់នោះជាមន្ត្រីក្រុមរក្សាព្រះអង្គគ្រប់ៗគ្នា ។ ទ្រង់តាំងចៅពញាយសរាជ ជាទីសម្តេចព្រះភាគិនេយ្យាយសរាជា ។

ទ្រង់តាំងព្រះភីលៀងសម្តេចព្រះភគិនេយ្យា ៖

១-ឃុនស្នេហានុរ័ក្ស កែ ជាទីឧកញ៉ា វង្សាអគ្គរាជ ។
២-ម៉ឺនវិជិតសិទ្ធិរស សម ជាទីឧកញ៉ា វិបុលរាជ ។
៣-ម៉ឺនភក្តីនុរ័ក្ស ទេព ជាទីឧកញ៉ា ធម្មា ធិរាជ ។
៤-ម៉ឺនវិសេស ហឫទ័យ កៅ ជាទីឧកញ៉ា រាជតេជៈ។

ឯមន្ត្រីក្នុងសេនាទាហានក្រៅពីនេះទ្រង់ តាំង ៖

១-ចៅពញាសេនារឿងឫទ្ធិ ទ័យ ជាទី សម្តេចជេដ្ឋាមន្ត្រី
២-ចៅពញា ជំរង់ស្នេហា ស៊ុន ជាទីឧក ញ៉ាឯករាជ
៣-ចៅពញាសេនាវុធ ស៊ុន ជាទីឧកញ៉ា បរទេសរាជ
៤-ចៅពញាសេនាសមសក្តិ នូរ ជាទី ឧកញ៉ាស្រីសូរទិព្វវាំង
៥-ចៅពញាសំដែងអាវុធ មោ ជាទី ឧកញ៉ានរិន្ទ្រាធិបតី ។

ចំពោះមន្ត្រីក្នុងសេនាទាហានក្រៅពីនេះតទៅទៀត ព្រះបាទសម្តេចព្រះចន្ទរាជា ទ្រង់តាំងឱ្យធ្វើជា ចៅហ្វាយស្រុក ខ្លះជាក្រុមព្រះតម្រួត ខ្លះជាក្រុមវាំង ខ្លះជានាយទាហាន គ្រប់មន្ត្រីដែលមានគុណបំណាច់ ក្នុងការធ្វើចម្បាំងគ្មានខ្វះចន្លោះអ្នកណាម្នាក់ឡើយ ។

ទ្រង់កោតសរសើរពីគុណបំណាច់នៃចៅពញាសួគ៌ាលោកមឿង (នូវ) ដែលបានថ្វាយសេះ ដំរី និងថ្វាយ កូន៤នាក់ ក្នុងគ្រាដែលព្រះអង្គទ័លព្រះសម្បត្តិ ទាំងគ្មានពលសោះ ហើយរត់ទៅក្រុងទេព និងកាល ទ័ពសត្រូវចោមបន្ទាយពោធិ៍សាត់ ហើយពញាមឿង(នូវ)ប្តូរជីវិតស្លាប់នៅកេណ្ឌបីសាចយកមកជួយឱ្យ ឈ្នះសង្គ្រាមច្រើនគ្រានោះថា ទ្រង់តាំងកូនទាំងពីរនាក់ឱ្យធ្វើជាសួគ៌ាលោកមួយ, សេនាសង្គ្រាមមួយ នោះ ឃើញថា ពុំទាន់ធួនល្មមនឹងកម្លាំងបំណាច់ទើបទ្រង់តាំងចៅពញាសួគ៌ាលោកទេព កូនទី៣ ជាសម្តេចចៅ ពញាយោធារិន្ទ តាំងចៅពញាសេនាសង្គ្រាមសុខកូនទី៤ ជាឧកញ៉ាសួគ៌ាលោក ឱ្យមានអាណាខេត្ត ឡើង(ខែត្រឡើងគឺជាខែត្រចំណុះ) គឺខែត្រក្រគរ ក្រងមួយ ខ្លុងមួយ ។

តមក ទ្រង់គិតដល់គុណបំណាច់នៃពញាមនោមន្ត្រីគល់ ជាចៅមឿងស្រុកបាត់ដំបង ដែលកាលសម្តេច ត្រឡប់ ពីស្រុកសៀមមក ដល់នោះ ហើយចៅពញាមនោមេត្រីបានថ្វាយដំរី៥ និងសេះ១៥ ព្រមទាំងថ្វាយ ស្បៀងអាហារ១.០០០រទេះ ។ ទ្រង់មានបន្ទូលថា ចៅមឿងនេះមានសក្តិស្មើនឹងស័ក្តិ ៦ហ៊ូពាន់ តែពញាមឿងមានស្ម័គ្របក្សពួកច្រើនស្រុក ដូច្នេះទ្រង់លើកឡើងជាចៅហ្វាយ ស្រុកធំ មានស័ក្តិ៩ហ៊ូពាន់ ហើយឱ្យមានចៅមឿងឡើងស្តាប់បង្គាប់៥ស្រុក គឺស្រុកមង្គលបុរី១ ទឹកជោរ បរត្បូង១ ពាមសីមា១ មោង ឫស្សី១ ស្រុកខាងលើទាំង៥នេះឱ្យឡើងស្តាប់នៃចៅពញាមនោមេត្រីទងាំអស់ ។ សេចក្តីសារសព្ទអំពីព្រះកិត្តិយសពីរោះ ខ្ពស់ប្រសើរផ្សាយចេញទៅដល់ខេត្តនានាថា ទ្រង់ពុំដែលបកស័ក្តិខ្ញុំរាជការនេះមួយ ថាទ្រង់ពុំអួតអាងមានថ្វីដៃនេះមួយ ថាបើមានប្រាជ្ញាស្មារតី មានវោហារចេះអធិប្បាយ ធម៌អាថ៌នេះមួយ, អ្នកប្រាជ្ញារាជបណ្ឌិតដែលចេះដឹងគម្ពីរបាលី ក្បួនតម្រានេះមួយ ទ្រង់ឱ្យស៊ើបសួររក យកខ្លួនមកតាំងចិញ្ចឹមជានាម៉ឺនតាមប្រាជ្ញាស្មារតីរបស់ខ្លួនទាំងអស់ ។ ម្លោះហើយអ្នកប្រាជ្ញរាជបណ្ឌិតអ្នកចេះដឹងនាំគ្នាមកជ្រកក្រោមម្លប់បុណ្យបារមីនៃព្រះអង្គ ច្រើនក្រៃពេក។

ក្នុងថ្ងៃមួយនោះ ព្រះបាទសម្តេចចន្ទរាជា ទ្រង់ព្រះតម្រិះថា “តាំងពីយើងបានមកនៅក្នុងខែត្រ អម្រិន្ទបូរនេះ យើងគិតការណ៍អ្វីៗក៏ពុំទាន់សំរេចដោយធូរទូលាយ អស់អាណាប្រជានុរាស្ត្រក៏មិត្តមូល ចូលមកយកយើងជាទីពុំនាក់ សម្បូរទាំងមនុស្ស ទាំងសម្បត្តិ ជាទីឋាននាំឱ្យបានរបស់ចម្លែកអស្ចារ្យ ទាំងសេនាទាហានក៏មានបរិបូណ៍” ។ លុះទ្រង់ព្រះតម្រិះឃើញយ៉ាងនេះហើយ ទើបទ្រង់ប្រែឈ្មោះ អមរគិរិន្ទបូរ ឬអម្រិន្ទបូរនោះឱ្យឈ្មោះជា “ខែត្របរិបូណ៍”វិញ តាំងពីថ្ងៃនោះតរៀងមក ។ ក្នុងពេលដែលទ្រង់កំពុងតែតែងតាំងនាម៉ឺនមុខមន្ត្រីនោះ ថ្ងៃរះច្បាស់គ្មានភ្លៀងសោះ ក៏ស្រាប់តែមាន ឥន្ទធនូ៧ពណ៌ចុះពាសពេញទាំងអាកាស ទាល់តែព្រះអង្គទ្រង់តាំងមន្ត្រីនាម៉ឺនរួច ទើបស្ងប់ស្ងាត់ទៅវិញ។ ខណៈនោះព្រះបរមបពិត្រ និងសេនាបតីមន្ត្រីធំតូច ខ្ញុំព្រះរាជការសង្ស័យណាស់ ក៏ទ្រង់ត្រាស់សួរហោរា សុំឱ្យទំនាយថ្វាយ ។

សូមទ្រង់ព្រះមេត្តាប្រោស ! អព្ភូតហេតុដ៏អស្ចារ្យនេះប្រាប់ឱ្យដឹងថា ព្រះអង្គនឹងមានបុណ្យបារមី ជាឱកាស ព្រះនគរ ទាំងព្រះខ័នជ័យ និងទេវរូបក៏បានមកជារបស់សម្រាប់ ផែនដីវិញមិនខាន ។ ព្រះបរមបពិត្រទ្រង់ត្រាស់សួរ បញ្ជាក់ ហោរាថែមទៀតថា ៖ ហេតុអ្វីបានជាហោរាទាយដូច្នេះ ? តើឃើញហេតុដូចម្តេចខ្លះ ?

ហោរាក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស! ទូលព្រះបង្គំបានពិនិត្យសង្កេត ក្នុងហោរាសាស្ត្រទៅ ឃើញមានហេតុ៧ប្រការគឺ ៖

ប្រការ ១ ៖ កាលព្រះអង្គចាប់បដិសន្ធិនោះ សម្តេចព្រះកន្លោង (សម្តេចព្រះមាតា) ទ្រងព្រ់សុះបិន ឃើញចន្ទគ្រាសក្នុងផ្ទៃពេញបូណ៍មី។
ប្រការ ២ ៖ ពេលព្រះអង្គប្រសូតមកទៀតេនាះ ក៏ប្រសូតក្នុងថ្ងៃពេញបូណ៍មី ថ្ងៃនោះក៏មានចន្ទគ្រាស ទៀត ។
ប្រការ ៣ ៖ ទ្រង់មានព្រះនាមទៀត ក៏ ហៅថា ព្រះចន្ទ ។
ប្រការ ៤ ៖ កាលសម្តេចព្រះជេដ្ឋានៃព្រះអង្គគង់ព្រះជន្មនៅឡើយ ទ្រង់បានព្រះសុបិន និម្មិតឃើញថា ព្រះវររាជបិតានៃទ្រង់មកហៅព្រះអង្គទៅ កុំឱ្យព្រះអង្គនៅតស៊ូនឹងនាគ, ថានាគនេះ លុះត្រាតែព្រះចន្ទ ពីទិសខាងលិចមកក្នុងថ្ងៃណា ទើបវានោះរលាយបាត់បង់ទៅវិញ ។ ឥឡូវនេះព្រះអង្គក៏ស្តេចមកពី ប្រទេសសៀមជានគរនៅទិសខាងលិច នៃព្រះនគរកម្ពុជានេះ គឺត្រូវនឹងសុបិននិម្មិតនេះមែន ។
ប្រការ ៥ ៖ ព្រះអង្គទ្រង់ព្រះនាមថា ព្រះចន្ទ នេះជានិម្មិតរូបនៃទីត្រជាក់របស់អាណាប្រជានុរាស្ត្រ ។
ប្រការ ៦ ៖ ឥឡូវនេះឃើញថា តាំងពីព្រះអង្គស្តេចចូលមកជាន់ដីក្រុងកម្ពុជាថ្ងៃណា អាណាប្រជានុរាស្ត្រ ក៏ក្សេមក្សាន្តក្នុងចិត្តណាស់ ។
ប្រការ ៧ ៖ ព្រះនគរនេះ សម្តេចអម្រិន្ទ្រាធិរាជ ទ្រង់បានឧបត្ថម្ភជួយទំនុកបំរុង ឱ្យកើតជាមហានគរ ។ ដល់ទ្រង់ព្រះករុណាវិសេសបានគ្រប់គ្រងនគរ ទំនុកបំរុងព្រះពុទ្ធសាសនា ក៏ធ្វើដោយបុណ្យ ដោយឫទ្ធី ទាំងតែងតាំងមន្ត្រីរាជការក៏ត្រឹមត្រូវតាមដំណើរ នៃអ្នកមានគុណបំណាច់ ។ ហេតុនេះហើយ ទើបសម្តេច អម្រិន្ទ្រាធិរាជទ្រង់បណ្តាលជាឥន្ទធនូ៧ពណ៌ពាសពេញទាំងអាកាសក្នុងវេលាដែលទ្រង់តាំងមន្ត្រីនោះ។
បានសេចក្តីថា ព្រះឥន្ទ្រាធិរាជ ទ្រង់ប្រទានសព្ទសាធុការពរ ថ្វាយព្រះអង្គឱ្យបានជាកំពូលភពជាម្លប់ កម្ពុជា នេះ ហើយកុំឱ្យរាស្ត្រស្តាប់មនុស្សក្រៅ ពីព្រះរាជត្រកូលឡើយ ។

ព្រះបាទសម្តេចព្រះចន្ទរាជា ទ្រង់ព្រះសណ្តាប់ហើយ ទ្រង់យល់ឃើញថា ហោរាទាយនេះមានលក្ខណៈ មានគោលចារឹកគ្រប់គ្រាន់ ល្មមជឿបាន ទើបទ្រង់មានព្រះអំណរណាស់ ។ ទ្រង់បានចំណាយព្រះរាជទ្រព្យ ប្រទានដល់ហោរានោះ ហើយទ្រង់ចំណាយព្រះរាជទ្រព្យដល់កងទ័ពដែលកាប់ឈើធ្វើព្រះវិហារ នៅជំរំ ដែលធ្វើរោងរាជពិធីនៅមាត់ស្ទឹងនោះ ។

លុះថ្ងៃក្រោយមក សម្តេចព្រះបរមបពិត្រទ្រង់ជ្រាបថា “ទឹកស្ទឹងនេះរីងស្ងួតអស់” ទ្រង់សង្ស័យក្នុង ព្រះរាជហឫទ័យណាស់ ទើបស្តេចឡើងគង់លើព្រះទីនាំង អស្សតរ ព្រមទាំងពួកនិករចេញទៅទតដល់ ក្បាលស្ទឹង ។ ទ្រង់ឃើញទឹកស្ទឹងនោះហូរច្រោះជារូងហូរទៅទិសខាងជើង មានឈើ មានថ្ម រលីងរលំ ត្រង់មាត់ស្ទឹងខាងត្បូង ។ ទើបត្រង់ត្រាស់បង្គាប់ឧកញ៉ាវង្សាធិបតីសមក្រុមព្រះសុរិយោដី ឱ្យប្រមូល រាស្ត្រឱ្យបួងសួងអ្នកតាធ្វើពិធីលើកដី បិទផ្ទៃស្ទឹងនោះមិនឱ្យហូរទៅទិសខាងជើង ។ ទឹកនោះក៏ហូរតាម ប្រឡាយដែលជីកថ្មី ហើយហូរចុះទៅ ស្ទឹងធំដូចដើមវិញ ហើយក៏ស្តេចព្រះរាជដំណើរមកបន្ទាយវិញ ។

ក្រោយពីនេះមក មានស្រីពីរនាក់មួយឈ្មោះឯក មួយទៀតឈ្មោះអាំ មានប្តីទាំងពីរនាក់ មានផ្ទៃពោះ ហើយផិតប្តី ។ នាងឯកសហាយនិងចៅកៅ ហើយចាក់ចៅសួសជាប្តីស្លាប់ ។ នាងអាំសហាយ និង ចៅគាំកាប់ចៅសោមជាប្តីស្លាប់ ។ ពេលនោះទីទំនប់ស្ទឹងក៏ហូរធ្លាយចេញចុះទិសខាងជើងដូចជាមុនទៀត។ ចៅហ្វាយស្រុកក្រមការនៃខែត្របរិបូណ៍ ចាប់បានអាចោរមេចោរទាំងប្រុសស្រីនាំខ្លួនយកទៅ ក្រាបបង្គំទូលថ្វាយ។ ព្រះបរមបពិត្រត្រង់ជ្រាបសេចក្តីគ្រប់ប្រការ ហើយទ្រង់ត្រាស់ថា អញបិទទំនប់នេះ ព្រោះត្រូវការឱ្យទឹកហូរចេញចុះមកក្នុងស្ទឹង ដើម្បីឱ្យអ្នកស្រុកធ្វើរហាត់ទឹក យកទឹកដាក់ស្រែ យកស្រូវ ឱ្យបរិបូណ៍ ពុំគួរឡើយអាចោរមេចោរពីរ៤នាក់ទៅបំផ្លាញពិធីទំនប់ទឹកនេះឡើយ ។ បើដូច្នោះត្រូវមាន ទោស៣ស្ថានគឺ ៖

១-ត្រូវថាវាទាំងពីរនាក់លួចប្រពន្ធគេ ។
២-ត្រូវវាទាំង៤នាក់មានទោស ព្រោះបានសម្លាប់មនុស្សពីរនាក់ ។
៣-វាទាំង៤នាក់ត្រូវមានទោសថាបង្អត់បាយគេទូទាំងខែត្រ ។

ទើបទ្រង់បង្គាប់មន្ត្រីក្រុមព្រះនគរបាល និងក្រុមព្រះសុរិយោដីឱ្យយកអាចោរមេចោរទាំង ៤នាក់ ទៅដាក់ ក្នុងទំនប់នោះ។ មន្ត្រីក្រុមទាំងពីរក៏ថ្វាយបង្គំលានាំចោរទាំង៤នាក់នោះទៅសំលាប់ ដោយបួងសួងអាកាស ទេវតា អារក្ខទេវតា ហើយសម្រេចទោសអាមេទាំង៤នាក់រួចលើកដីលប់ទៅ។ បិសាច ខ្មោចអាមេ ទាំង៤នាក់ និងកូនក្នុងពោះ២នាក់ទៀត ត្រូវជា៦នាក់ក៏នៅឃុំរក្សាទំនប់នោះជាប់រៀងមកទល់ឥឡូវនេះ។ អស់បណ្តាអ្នកស្រុកធ្វើស្រែដោយហេតុទំនប់នេះ ចម្រើនផលស្រូវជាងសព្វឆ្នាំ។ ទឹកស្ទឹងនេះ ហូរខ្លាំងមក ប្រេះដីនោះជ្រៅធំទូលាយអាចឱ្យចេញចូលទូកបានអ្នកឈ្មួញជួញលក់ចេញចូល ទៅនៅរកស៊ីតាំងជាផ្ទះ ផ្សារជាច្រើន។ ហេតុនេះហើយបានជាគេហៅថា “ផ្សារបរិបូណ៍” តមកដល់សព្វថ្ងៃនេះ។ ឯដីចុងស្ទឹង នោះទ្រង់ត្រាស់ឱ្យកងទ័ព និងអ្នកស្រុកធ្វើស្រែសឹងតែបានចម្រើនផលជាច្រើនសមប្រកប នឹងនាម ខេត្តបរិបូណ៍ ដែលទ្រង់ប្រែឈ្មោះនោះ ។

អានបន្ត :​ ព្រះស្តេចកន ភាគ៥
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!



EmoticonEmoticon