ក.ក.ន ៖ ហ្លួងព្រះ ស្តេចកន គឺជាអ្នកធ្វើបដិវត្តមួយនាសម័យដែលគ្មាននរណាអាចប៉ះពាល់ដល់ ព្រះរាជតំរិះរបស់ ស្តេចបាន ។ ការជំរុញឱ្យ ស្តេចកន តស៊ូធ្វើសង្គ្រាមជាមួយស្តេច គឺដោយសារតែ ស្តេចបានយកសុបិនរបស់ខ្លួនមក ចងអាឃាតសម្លាប់ ស្តេចកន ដែលគ្មានកំហុសថា ជាអ្នកជ្រែក រាជ្យ ហេតុនេះទើបមានការរត់គេចហើយបង្កជាទ័ព ធ្វើចំបាំងជាមួយស្តេច ។ នេះជាប្រវត្តិសាស្ត្រ មួយតែប៉ុណ្ណោះ ដែលគ្មាននរណាកាឡៃព្រឹត្តិការណ៍ដែលបានកើត ឡើងរួចទៅហើយនោះបានទេ ។
ផែនដីព្រះ ស្តេចកន
ផែនដីព្រះស្រីសុគន្ធបទ
ព្រះ ស្តេចកន ឃើញចៅហ្វាយស្រុកកំពុងស្តីរាជការយល់ប្រហែលខ្លួនទើបស្តេចកន ក្លែងស្រែកថា មាន ព្រះរាជឱង្ការឱ្យអញមកប្រហារជីវិតឯង ដ្បិតឯងក្បត់ចូលនឹងចៅពញាចន្ទរាជា ។ ថាហើយកនក៏ស្ទុះ ទៅកាប់ចៅហ្វាយស្រុកដល់អនិច្ចកម្មទៅ។ អស់ក្រមការរាស្ត្រប្រជាក៏ភ្ញាក់ ផ្អើលឆោឡោ អឺងកងទើប ព្រះស្តេចកនឧបាយស្រដីថា ៖
ហ្លួងទ្រង់ជ្រាបថា ចៅហ្វាយស្រុកនេះ ក្បត់ចូលនឹងពញាចន្ទរាជា ដើម្បីនឹងដណ្តើមរាជ្យ ។ ហេតុនោះ ហើយបានជាទ្រង់ ត្រាស់បង្គាប់ឱ្យអញចេញមកសម្លាប់។ បើអញសម្លាប់បានហើយ ឱ្យកេណ្ឌទ័ពនាំចូលទៅ លើកចៅពញាយសរាជា ជាព្រះរាជឱរស ដែលត្រូវជាក្មួយអញឱ្យ ឡើងសោយរាជ្យ ។ អស់អ្នករាល់គ្នា ដែលឥតទោសកុំគិតវឹកវរបារម្ភឡើយ ។ ចូរអ្នកនាំគ្នាយកអាសាថ្វាយព្រះករុណាវិញទើបល្អជា ។ បើបាន សម្រេចការថ្ងៃណានោះ (គឺពូជមនុស្សដែលទុកជាវណ្ណៈថោកទាបជាងគេបំផុត បណ្តាវណ្ណៈទាំងបួនគឺ ព្រាហ្មណ ក្សត្រិយ វៃស្យ សូទ្រពល គឺជាពូជសូទ្រនេះឯង រីមនុស្សដែលមានទោសធ្ងន់ ហើយច្បាប់តម្រូវឱ្យទុកមនុស្ស នេះតកូនចៅរៀងទៅ) នឹងឱ្យរួចជាព្រៃងារ (ព្រៃងារគឺមនុស្សអ្នកជាធម្មតា ជាមនុស្សភាគទី៣។ មនុស្សពួកនេះមានសេរីភាពអាចធ្វើអ្វីបានគ្រប់យ៉ាង) ។ ព្រៃងារនឹងឱ្យឡើងជាមន្ត្រី ហើយមន្ត្រីនឹងឱ្យជានាម៉ឺនធំតាមគុណបំណាច់តិចច្រើន។ ឯអស់ក្រមការប្រជារាស្ត្របានឮឃុនហ្លួង ព្រះ ស្តេចកន និយាយបោកប្រាស់ដូច្នោះក៏ជឿចិត្តចុះចូលទាំងអស់ ។
ព្រះ ស្តេចកន ចាត់ចែងជាមេកង មេទ័ព ទៅកេណ្ឌពល ហើយឱ្យចេញទៅសង្កត់ស្រុកតូចធំ ដោយចាប់ ផ្តើមពីខេត្តព្រៃវែងជាមុន បណ្តាលឱ្យចៅហ្វាយស្រុកទាំងនោះ ជឿស្តាប់តាម ទើបបានខេត្តព្រៃវែង និង ខេត្តឯទៀតជាច្រើនធ្វើជាចំណុះ ។
ឯកងល្បាតរបស់ពញាយមរាជ និងវង្សាអគ្គរាជយល់មនុស្សម្នាក់ស្លាប់ក៏ដឹងថា ព្រះស្តេចកនសម្លាប់ តែពុំ ដឹងជារត់ទៅទិសណា ។ លុះស៊ើបតាមរាស្ត្រប្រជាទៅទើបដឹងជាក់រត់ទៅតាំងខ្លួនឯស្រុកបាភ្នំ ។ ទាហាន របស់ចៅពញាយមរាជ និងវង្សាអគ្គរាជគិតគ្នាថា នឹងលើកទ័ពទៅតាមចាប់ព្រះស្តេចកន តែរាស្ត្រទាំងនោះ ឃាត់ថា នឹងទៅជាល្បាតដូច្នេះពុំបានទេ ដ្បិតព្រះ ស្តេចកន សង្កត់បានទាំង ពលខេត្តតូចធំចុះចូលជាច្រើន មានកងទ័ពរាប់ម៉ឺនរាប់ពាន់នាក់ទៅហើយ ។ ឯនាយកងល្បាតក្តាប់ បានដំណឹងជាក់ហើយ ក៏នាំគ្នាយក សេចក្តីនោះចូលទៅប្តឹងចៅពញាយមរាជ និងចៅពញាវង្សា អគ្គរាជជាសេនាបតី។ សេនាបតីទាំងពីរនេះ យកសេចក្តីនោះ នាំឡើងក្រាបបង្គំទូលថា សូមទ្រង់ត្រាស់បង្គាប់លើព្រះពិជ័យនាគឱ្យធ្វើសំបុត្រ ប្រាប់ប្រាម ទៅកូនឱ្យចូលមកគាល់ ។ បើកូនពុំចូលមកទេ យើងនឹងលើកទ័ពធំទៅចាប់ព្រះស្តេចកន គង់រត់មិនរួចឡើយ ។ សម្តេចព្រះបរមបពិត្រទ្រង់ព្រះសណ្តាប់ ហើយទ្រង់ត្រូវព្រះទ័យណាស់ ទើបទ្រង់ត្រាស់បង្គាប់ ព្រះពិជ័យនាគជាបិតា និងព្រះស្នំឯកជាបង ឱ្យធ្វើសំបុត្រប្រាប់ទៅ ស្តេចកន ឱ្យចូលមកគាល់ចុះ ទ្រង់នឹងលើកទោស លែងឱ្យមានទោសតទៅទៀតហើយ ។ ព្រះពិជ័យនាគ និងព្រះស្នំឯកក៏បាន ធ្វើតាមទ្រង់ត្រាស់បង្គាប់ ។
លុះបម្រើនោះទៅដល់ទ្វាររបងហើយ ក៏ស្រែកប្រាប់នាយទ្វារថា ៖ ខ្ញុំជារាជបម្រើហ្លួង ។ ហ្លួងឱ្យនាំសំបុត្រ មកពិជ័យបិតា មកជូនឃុនហ្លួងព្រះស្តេច។ ឃុនហ្លួងព្រះស្តេចដឹងកល នេះយល់ប្រាកដជា បិតាឱ្យមកយកខ្លួនហើយក៏គិតថា អញបានចំណាប់ហើយអញ ត្រូវនិយាយឱ្យ រាស្ត្រដឹងឮច្បាស់ថា ហ្លួងឱ្យមកតឿនការសង្គ្រាមវិញ។ លុះគិតដូច្នេះហើយ ឃុនហ្លួង ព្រះស្តេចកនក៏ក្លែងនិយាយប្រាប់ក្រមការទាំងពួងថា ព្រះរាជឱង្ការនេះឱ្យមកតឿនការសម្ងាត់ហើយ ។ យើងក៏ត្រូវរៀបចំមិនទាន់ស្រេច ដោយក្រមការធ្វើការធ្វេសប្រហែលពេកបានជាយឺតយូរ។ ឥឡូវព្រះរាជឱង្ការ ឱ្យអញ្ជើញមកដល់ហើយ ដូច្នេះសូមអស់ក្រមការរៀបគ្រឿងបូជាទៅអញ្ជើញ ព្រះរាជឱង្ការនោះចូលមក។
ក្រមការឮដូច្នេះហើយឃើញថាកលរបស់ឃុនហ្លួងព្រះស្តេចនេះ ជាការពិតណាស់ ក៏តែងខ្លួន តាមយសសក្តិ ហើយមានសេនាទាហានកាន់គ្រឿងអាវុធ និងគ្រែមួយ ព្រមទាំងតោក៥ ជាន់ចេញទៅតម្កល់សំបុត្រនោះ ចូលមកដំកល់ក្នុងបន្ទាយ។ ព្រះស្តេចកនក៏ក្លែងធ្វើជាក្រាប បង្គំ៣ដង ហើយបណ្តេញក្រមការទាំងអស់ឱ្យ ចេញទៅឆ្ងាយសិន ដ្បិតត្រូវថ្លែងព្រះរាជឱង្ការនោះ សម្ងាត់ ។ ក្រមការទាំងអស់ក៏ជឿពិតថា សេចក្តី ព្រះរាជឱង្ការនោះជាសម្ងាត់ឱ្យមកតឿនការសម្ងាត់ គឺការសង្គ្រាមនោះមែន ក៏ដើរចេញទៅក្រៅអស់ទៅ។ ខណៈនោះព្រះស្តេចកនក៏មើលដឹងសេចក្តីថា ព្រះពិជ័យបិតា និងព្រះស្នំឯកប្រាប់មកឱ្យខ្លួនចូលទៅគាល់ ហ្លួងហ្លួងនឹងលើកទោសហើយ ។ ព្រះស្តេចកនមើលចប់ដឹងសេចក្តី ហើយក៏ឆ្លើយប្រាប់ក្លែងទៅនឹងបម្រើវិញថា ៖
ឱ្យជម្រាបលោកឪពុក និងអ្នកបងថា! ទ្រង់ព្រះមេត្តាប្រោសេលីកលែងទោស ដូច្នេះនោះ ព្រះគុណធំឥតស្មើជាទីបំផុត។ ខ្ញុំនឹងចូលទៅជាខ្ញុំរាជការដើមវិញ តែសូមបង្អង់ចាំចាត់ឱ្យរាស្ត្រប្រជា ដែលតាមមកផងនោះត្រឡប់ទៅទីលំនៅវិញសិន ។ ខ្ញុំចាត់ការនេះស្រេចកាលណា ខ្ញុំនឹងចូលទៅជាក្រោយ កុំឱ្យលោកឪពុកអ្នកបងព្រួយចិត្តឡើយ។ លុះប្រាប់ចប់ហើយនាយកន ក៏ឱ្យរាជបម្រើនោះត្រឡប់មកវិញ ។
រាជបម្រើនោះចេញផុតទៅព្រះស្តេចកនធ្វើជារត់តាមស្រែកផ្តាំថា ៖
ឱ្យលោកឪពុក និងអ្នកបងក្រាបទូលការនេះថា ជិតបានសម្រេចហើយ ខ្ញុំនឹងលើកទៅឆាប់ហើយ ឱ្យទ្រង់ ទុកព្រះរាជហឫទ័យចុះ ។ អ្នកឯងមកឃើញមនុស្សម្នាមកកកនឹងភ្នែកហើយ ។
ក្រោយនោះមកព្រះស្តេចកនឱ្យធ្វើសំបុត្រប្រកាសប្រាប់ក្រមការ និងរាស្ត្រឱ្យដឹងគ្រប់គ្នាថា ៖
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ត្រាស់មកឱ្យតឿនយើងឱ្យចេញមកជាមេកងធ្វើគតចៅពញាចន្ទរាជា។ ថាក្រែងអស់រាស្ត្រពុំជឿ ទ្រង់ចាត់រាជបម្រើឱ្យអញ្ជើញព្រះរាជឱង្ការបានឡាយព្រះហស្តលេខាថែមទៀតផង ។ នោះបើឈ្មោះណាយកអាសាចាប់ចៅពញាចន្ទរាជាសម្លាប់បាន ទ្រង់ឱ្យជាមាសមួយរយតម្លឹង ហើយយើងនឹងក្រាបទូលឱ្យលើកយសសក្តិអ្នកនោះជានាម៉ឺនធំផង ។ អស់ក្រមការប្រជារាស្ត្របានឃើញ សំបុត្រប្រកាស ហើយពុំបានដឹងឧបាយក៏នាំគ្នាចុះ ចូលទទួលអាសាជាច្រើន។
ព្រះរាជបម្រើនោះត្រឡប់ទៅដល់វិញ ហើយក៏ចូលទៅក្រាបបង្គំទូលដំណើរតាមសេចក្តីព្រះស្តេច កន ផ្តាំមក។ ព្រះបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការក៏ស្មានថា ជាការពិតមែន ទ្រង់ពុំបានឱ្យកេណ្ឌកង ទ័ពរក្សា ព្រះនគរឡើយ។ ទ្រង់បង្គាប់ព្រះស្នំឯកថា ឱ្យចាត់បម្រើស្រីៗឱ្យស្តីលួងលោម ព្រះស្តេចកនឱ្យចូលមក ឱ្យឆាប់ កុំឱ្យបង្អង់ឱ្យយឺតយូរឡើយ ។ អ្នកព្រះស្នំឯកពុំហ៊ានទូលទាស់ ក៏ចាត់បម្រើស្រីស្រដីថា ឱ្យទៅ ស្រដីលួងលោមបញ្ចុះបញ្ចូលតាមត្រាស់បង្គាប់ ។ លុះបម្រើទៅដល់ជម្រាបថា អ្នកជាម្ចាស់បានក្រាប បង្គំទូលសុំព្រះរាជទានទោសអ្នកព្រះស្តេច អស់ហើយ ។ បើអ្នកព្រះស្តេចមិនចូល ទៅគាល់ក្នុងវេលា នេះទេ ព្រះបរមបពិត្រ ស្តេចនឹងលើកទ័ពមកចាប់ដោយព្រះអង្គឯង។ ហេតុនេះ បើលោកបង្អង់ឱ្យយូរទៅ ការណ៍នេះនឹង កើតជាសឹកសង្គ្រាម ហើយអ្នកជាម្ចាស់នឹងជួយលោកពុំរួចទេ ។
ផែនដីព្រះស្រីសុគន្ធបទ
ព្រះស្តេចកនស្តាប់ហើយ ក៏នឹកថាស្តេចនេះល្ងង់ណាស់ ។ បើល្ងង់យ៉ាងនេះគង់នឹង បានរាជសម្បត្តិមកអញ ហើយ ។ លុះគិតដូច្នេះហើយ ព្រះស្តេចកនក៏តបជាឧបាយថា ឱ្យអ្នកបងបង្អង់ទម្រាំតែរាស្ត្រត្រឡប់ទៅ ស្រុកដើមវិញចុះ ប្រហែលជាខែក្រោយៗនេះ នឹងចូលទៅក្រាបបង្គំគាល់ព្រះបរមនាថបរមបពិត្រហើយ សូមកុំឱ្យទ្រង់ព្រួយព្រះទ័យឡើយ ។ កុំភ័យនឹងខ្ញុំមិនក្បត់ទេ ។ ស្រីបម្រើទាំងនោះត្រឡប់វិលមកយកសេចក្តីក្រាបបង្គំទូល តាមដំណើររឿងគ្រប់ប្រការ ។ ព្រះបរមបពិត្រ ស្តេចបានទ្រង់ជ្រាបហើយ ក៏ត្រាស់ឱ្យបង្អង់ស្តាប់ ការណ៍តទៅទៀត ។
ព្រះស្តេចកន កាលបើពួកស្រីបម្រើទាំងនោះត្រឡប់មកវិញហើយ ខ្លួនក៏រឹងរឹតតែចាត់កងទ័ព ចេញទៅ ធ្វើការគាបសង្កត់បញ្ចុះបញ្ចូលអាណាប្រជានុរាស្ត្រ បង្ហាត់សេនាទាហានបានច្រើនកើន ចំនួនតែរាល់ថ្ងៃ ។ អស់ប្រជានុរាស្ត្រដែលជាខ្ញុំរាជការឃើញមានព្រះរាជបម្រើឱ្យទៅមក រកគ្នារឿយៗ ហើយឮពាក្យប្រកាស របស់ព្រះស្តេចកនថា ព្រះបាទជាអម្ចាស់ត្រាស់ប្រើឱ្យចេញទៅ គិតការសម្លាប់ចៅពញាចន្ទរាជា ដូច្នេះ ក៏យល់ថាមែន។ រាស្ត្រទាំងនោះស្រដីតៗគ្នាថា ហ្លួងព្រះស្តេចកនទៅបង្កើតទ័ពលើកទៅវាយលុក សម្តេច ព្រះអនុជនេះឃើញថា ពិតមែនហើយ ព្រោះមានបម្រើទៅមកតឿនការងាររាជការនេះរឿយៗ សេចក្តី បរិហារនេះពុំស្ងាត់រឹងតែឮឡើងៗ ពេញទាំងព្រះនគរបវររាជធានី ។
សម្តេចចៅពញាចន្ទរាជា ព្រះអង្គប្រសូត្រ ឆ្នាំមមី អដ្ឋស័ក មកដល់ចុល្លសករាជ ៨៧០ ឆ្នាំ មមីឯកស័ក មានព្រះជន្មវស្សា២៤ឆ្នាំ។ លុះបានឮពាក្យដូច្នេះហើយទើបទ្រង់ព្រះចិន្តាថា ពាក្យដែលឮនេះប្រហែល ជាមែនហើយ បានជាសម្តេចព្រះជេដ្ឋាធិរាជធ្វើព្រងើយកន្តើយឱ្យបម្រើ ស្រីទៅមកយ៉ាងនេះ ណ្ហើយចុះ បើព្រោះតែយើងម្នាក់ យើងនឹងនៅឱ្យគេទើសទាល់រវល់ថ្វី ទើបស្តេចនាំអស់សេនាជាខ្ញុំ៥០នាក់ ដោយរត់ ជើងគោកទាំងរាត្រីនោះ ពីមុខក្រុងចតុមុខស្រូតរូត ចូលទៅក្រុងទេពបុរី ប្រទេសសៀម ។ លុះស្តេច ទៅដល់ខេត្តពោធិ៍សាត់ សម្តេចចៅពញាចន្ទរាជា បានចូលទៅសំណាក់អាស្រ័យនៅផ្ទះតាមឿង (ក្នុង សាស្ត្រាវត្តកំពង់ត្រឡាចក្រោមដដែលនេះ មានកន្លែងខ្លះនិយាយថាតាមឿងនេះមិនមែនឈ្មោះមឿង ឬ ឃ្លាំងមឿងដូច្នេះទេ គឺថាគាត់មានឈ្មោះជាពេជ ដូច្នេះទៅវិញ ។ គេនិយាយបែបនេះក៏សមដែរ ព្រោះតាមឿងនោះស្លាប់ ទៅកើតជាអ្នកតាស្រុកដែលសៀមហៅអ្នកតាចាស់ស្រុក តាមពាក្យវាចា “ខ្លាង មឿង” ហើយខ្មែរយើងហៅតាមវាយោៗមកជាឃ្លាំងមឿងដូច្នេះទេឬ?) មេស្មឹងភ្នំក្រវាញ។ តាមឿង ឃើញស្តេចយាងទៅដល់ហើយ ក៏អរណាស់ ចុះមកយាងស្តេចឡើងទៅគង់លើផ្ទះ ហើយរៀបក្រយា ស្ងោយថ្វាយសោយតាមភាសាអ្នកស្រែ។ លុះព្រឹកឡើង តាមឿងថ្វាយដំរី៨ សេះ១០ និងកូនប្រុស៤នាក់ ជាខ្ញុំតាមហែស្តេចទៅក្រុងទេព។ ព្រះចៅចន្ទរាជាបាន ដង្វាយគួរសមហើយ ទ្រង់ព្រះអំណរណាស់ ។ ទ្រង់ ត្រាស់ថា តាឯងធ្វើគុណនឹងយើង យើងពុំភ្លេចគុណតាឡើយ ហើយស្តេចលាតាមឿងឡើងជិះដំរីចេញទៅ តាមរយៈផ្លូវជាច្រើនថ្ងៃ។ លុះបានដល់ក្រុងទេពមហានគរហើយ ទ្រង់ក៏ឱ្យមន្ត្រីសៀមនាំឡើងក្រាបបង្គំ ទូលព្រះចៅ ចក្រពត្តិតាមដំណើរគ្រប់ប្រការ ។ ព្រះចៅចក្រពត្តិទ្រង់ជ្រាបហើយទ្រង់ព្រះអំណរណាស់ ។ ទ្រង់ត្រាស់ថា យើងនឹងជួយទំនុកបំរុងដល់អ្នកហើយទ្រង់ព្រះរាជទានគ្រឿងអម្ពរគ្រឿង ឧបភោគ បរិភោគ សម្រាប់យសស័ក្តិ និងវាំងដំណាក់ឱ្យស្តេចគង់ខាងវត្តប្រណែងធឿនជាសុខរៀងមក ។
ព្រះស្តេចកនដែលបានបញ្ជាឱ្យមេទ័ពចេញទៅសង្កត់ខេត្តតូចធំ កេណ្ឌពលរេហ៍ ពលបានមកជួបជុំល្មមជា មាំមួនហើយ លុះបានដឹងថាចៅពញាចន្ទរាជារត់ទៅស្រុកសៀម ដូចឧបាយដែលខ្លួនគិតដូច្នោះហើយ ក៏មានសេចក្តីអរណាស់ ទើបប្រឹក្សានឹងនាយកងទ័ពថា ពីដើមអញញញើតតែចៅពញាចន្ទរាជាមួយអង្គនេះឯង ក្រៅពីនេះអញពុំឃើញនរណានឹង ក្លាហានចេញនឹងអញបានឡើយ ។ ឥឡូវចៅពញាចន្ទរាជារត់ទៅ ស្រុកសៀមបាត់ហើយ បើដូច្នេះគំនិតអញនេះគង់នឹងបានសម្រេចដោយងាយជាមិនខាន។ ព្រះស្តេចកនថាហើយ ក៏ប្រជុំរេហ៍ពល ចាត់ទ័ពជាប៉ែកឆ្វេងប៉ែកស្តាំ ទ័ពស្រួចលើកទៅបោះនៅចុងខេត្តស្រីសឈរដែន ព្រះនគរហ្លួង។
ចំណែកឯព្រះបរមបពិត្រដែលស្តេចរង់ចាំស្តេចកននោះ លុះយលបា់ត់យូរពេក ក៏ត្រាស់សួរអ្នកព្រះស្នំឯកថា ៖
ប្អូនឯងម្តេចក៏ពុំឃើញចូលមក តើឯងឮដំណឹងដូចម្តេចដែរ ? ព្រះម្នាងកេសរបុប្ផាក្រាបទូលថា ៖
ខ្ញុំម្ចាស់ឱ្យបម្រើទៅតឿនវា វាថាកុំឱ្យភ័យនឹងវា វាមិនក្បត់ទេ ។ ថាកាលណាវាជូនរាស្ត្រទៅស្រុក រួចហើយ វានឹងចូលមកក្រាបបង្គំគាល់។ ឥឡូវស្រាប់តែបាត់ទៅៗ ចាំព្រឹកនេះខ្ញុំម្ចាស់នឹងចាត់ បម្រើឱ្យទៅ តឿនវាទៀត ។
ចំណែកឯកងល្បាតព្រះនគរ កាលឃើញថា ព្រះស្តេចកនលើកកងទ័ពធំមកបោះនៅចុង ខេត្តស្រីសឈរ ដូច្នេះហើយ ក៏ស្រូតរូតនាំយកសេចក្តីនេះទៅប្តឹងចៅពញាយមរាជសេនាបតីនេះ ក៏នាំឡើងក្រាបបង្គំ ទូលថា ៖
ឥឡូវនេះព្រះស្តេចលើកកងទ័ពមកបោះនៅចុងខេត្តស្រីសឈរ គឺចុងដែនក្រុងហើយ ។ កងល្បាតទប់ ពុំជាប់ក៏រត់ចូលមកប្តឹង ។
សម្តេចព្រះបរមបពិត្រលុះបានទ្រង់ជ្រាបហើយ ទ្រង់ខ្ញាល់ណាស់ ទ្រង់ត្រាស់ថា ៖ “អញស្មានថា វានឹងចូល មកគាល់បម្រើនៅជាខ្ញុំរាជការតទៅទៀត មិនដឹងជាវាមានគំនិតចិត្តធំដល់ម៉្លេះឡើយ” ។
ទ្រង់ត្រាស់តែប៉ុណ្ណោះហើយ ក៏ត្រាស់បង្គាប់ឱ្យកេណ្ឌកងទ័ពបានចំនួនជាងប្រាំពាន់ប្លាយនាក់ ទើបទ្រង់ចាត់ ហើយឱ្យនៅចាំរក្សា ព្រះនគរពីរពាន់នាក់ ចាត់ឱ្យចៅពញាយោធា សង្គ្រាមលើកទៅជាទ័ពមុន ១០០០នាក់ ចៅពញាចក្រីលើកទៅជាទ័ពធំ២០០០នាក់ ។ លុះបានឮកពារពេលាល្អហើយ ចៅពញាយោធាសង្គ្រាម ក៏លើកទ័ពទៅជាមុន ចៅពញាចក្រីលើក ទ័ពធំទៅជាក្រោយដោយក្បួនពិជ័យសង្គ្រាម ។ ព្រះបាទបរមបពិត្រ ទ្រង់យល់ទ័ពមុខទ័ពធំលើក ចេញហើយ ទ្រង់ត្រាស់បង្គាប់ក្រុមមន្ត្រីរក្សាព្រះអង្គឱ្យទៅអញ្ជើញ សម្តេចព្រះអនុជចន្ទរាជា នឹងឱ្យចេញជាមេទ័ពហ្លួងលើកទៅជាក្រោយទៀត។ ខណៈនោះក្រុមមន្ត្រីមហាថែ (សព្វថ្ងៃហៅ ក្រសួងមហាផ្ទៃ) ក្រាបទូលថា សម្តេចព្រះអនុជជ្រាបថា ព្រះអង្គត្រាស់ប្រើព្រះស្តេច កនឱ្យប្រមូលកងទ័ពនឹងលើកទៅលុកព្រះអង្គ ។ ព្រះអង្គភ័យណាស់ក៏ប្រមូលតែបណ្តា ខ្ញុំ៥០នាក់រត់ ទៅក្រុងទេពទាំងយប់នោះទៅហើយ ។ ព្រះបាទបរមនាថបរមពិត្រទ្រង់ជ្រាបហើយ ទ្រង់ស្តាយណាស់ ទ្រង់ត្រាស់ថា មិនគួរជាប្អូនមិនសួរបងសិន មិនគួររត់ចោលឱ្យបងព្រួយដល់ ម៉្លេះទេ ។ ត្រាស់ហើយព្រះ អង្គយាងចូលទៅខាងក្នុង ។
ចៅពញាយោធាសង្គ្រាមកាលជិះដំរីចេញទៅជាមេទ័ព មុខនោះបានជួបនឹងទ័ពព្រះស្តេចកន ។ ព្រះស្តេចកន ក៏បរដំរីចេញនាំមុខកងទ័ពនោះ ទើបចៅពញាសង្គ្រាមស្រែកថា យើងអ្នកព្រះស្តេច ម្តេចក៏អ្នកឯងមិនកោត ក្រែងព្រះចេស្តាសោះ។ បំណាច់ទ្រង់ព្រះមេត្តាប្រោសអ្នកឯងដល់ម៉្លេះ ម្តេចក៏ហ៊ានចេញក្បត់ ប្រព្រឹត្ត អកតញ្ញូនឹងព្រះមហាករុណាទិគុណយ៉ាងនេះ ?
ព្រះស្តេចកនឮហើយគិតថា បើអញនឹងបើកឱ្យចៅពញាយោធាសង្គ្រាមនិយាយវែង ទៅទៀត ក្រែងកងទ័ព យល់ថា ខ្លួនជាមនុស្សក្បត់ពុំមែនជាត្រាស់ប្រើទេ ទើបឆ្លើយថា ៖
អ្នកឯងកុំនិយាយការអ្វី ជាជ្រៅខាងក្នុងនោះឱ្យសោះទ្រង់ព្រះបណ្តាំនឹងខ្លួនខ្ញុំសព្វគ្រប់ហើយ ។
ព្រះស្តេចកនថាហើយក៏យឺតធ្នូបាញ់ទៅ ត្រូវដើមកចៅពញាយោធាសង្គ្រាម ចៅពញាយោធា សង្គ្រាម ក៏ធ្លាក់ពីលើដំរីស្លាប់មួយរំពេច ។
ផែនដីព្រះស្រីសុគន្ធបទ
កងទ័ពឃើញនាយបរាជ័យហើយក៏បែកទ័ពរត់ទៅរកទ័ពធំ។ ចៅពញាចក្រីកាលឃើញទ័ពមុខបែក មកហើយ ក៏បញ្ជាពលឱ្យចូលប្រយុទ្ធនឹងព្រះស្តេចកន តែចៅពញាចក្រីទប់ពុំឈ្នះ ទើបថយទ័ពមកជិត ព្រះនគរហើយបញ្ឈប់កងទ័ពនៅទីនោះដើម្បីរាំងទ័ពព្រះស្តេចកន កុំឱ្យដេញ ចូលមកទៀត។ ខណៈនោះ ចៅពញាចក្រីក៏បកសំបុត្រចាត់បម្រើឱ្យចូលមកសុំកងទ័ពថែមទៅទៀត ។ ព្រះបរមបពិត្រព្រះបាទ សម្តេច ស្រីសុគន្ធបទជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឱ្យប្រជុំសេនាបតីមន្ត្រីបុរោហិត ព្រឹទ្ធាចារ្យ អាមាត្រទាំងឡាយមកជួបជុំត្រាស់ ប្រឹក្សាកិច្ចការរាជការសង្គ្រាម។ ខណៈនោះ ចៅពញា យមរាជ យកសេចក្តីក្រាបទូលថា ៖ ទ័ពអាព្រះស្តេចកនលើកមកឥឡូវនេះប្រកិតជិតព្រះរាជវាំងណាស់ហើយ ថាបើយើងឱ្យទៅកេណ្ឌ កងទ័ព ត្រើយខាងលិចមកក៏មុខជាយូរហើយមកមិនទាន់ការណ៍ផង។ ថាពលកងល្បាតយើងមាន តែ១០០០០នាក់ ប៉ុណ្ណោះ ទូលព្រះបង្គំយល់ថា មិនសួនការនឹងទទួលតនឹងទ័ពធំ អាព្រះស្តេចកនបានឡើយ ។ ហេតុដូច្នេះ ហើយទូលព្រះបង្គំសូមយាងព្រះអង្គថយទាំងគ្រប់គ្រួ ទៅឯក្រុងចតុមុខសិន ។ លុះបានទ័ពសព្វគ្រប់ហើយ សឹម លើកត្រឡប់មកកាត់ក្បាលអាក្បត់ផែន ដីនេះ ដោតទុកជាបម្រាមតទៅ ។
ឯខ្លួនទូលព្រះបង្គំជាខ្ញុំ និងចៅពញាចក្រីពីរនាក់នេះ នឹងយកអាសាការ (គឺការពារ ឬកាល់) គ្រប់គ្រួមិន ឱ្យអាព្រះស្តេចកនវាមកធ្វើអុកឡុកឱ្យអន្តរាយបានឡើយ ។ លុះធ្វើការរួចសព្វ គ្រប់ហើយ ទូលព្រះ បង្គំនឹងលើកទ័ពតាមដង្ហែទ្រង់ព្រះករុណាទៅជាក្រោយ ។
ព្រះពិជ័យនាគខឹងនឹងព្រះស្តេចកនណាស់ថា ដ្បិតវារឹងទទឹងនឹងសំបុត្របង្គាប់របស់ខ្លួន ដែលឱ្យ ចូលមក មិនចូលមកនេះមួយថាទ្រង់ ប្រោសប្រាណម៉្លេះហើយ នៅតែប្រែចិត្តគិតក្បត់វិញ នេះមួយ ទើបព្រះពិជ័យ យកសេចក្តីក្រាបបង្គំទូលថា ៖
កូនប្រពន្ធញាតិសន្តានរបស់ទូលព្រះបង្គំជាខ្ញុំទាំងប៉ុន្មាននោះ សូមឱ្យនៅតាមហែព្រះករុណាជា អម្ចាស់ទៅ ជាមុនទាំងអស់ចុះ តែចំណែកខ្លួនទូលព្រះបង្គំជាខ្ញុំមួយ ទូលព្រះបង្គំសូមព្រះរាជ ទានពល ១០០០នាក់ ចេញទៅតដៃនឹងអាកនដែលក្បត់នោះយកថ្វីដៃថ្វាយ។ ថាបើទូលបង្គំជាខ្ញុំ ប្រែចិត្តគិតក្បត់ជាមួយនឹង អាកនវិញ សូមឱ្យទូលព្រះបង្គំស្លាប់តែនឹងត្រូវគ្រឿងសាស្ត្រាវុធ ហើយសូមឱ្យសម្លាប់បុត្រ ភរិយា ញាតិសន្តានទូលព្រះបង្គំជាខ្ញុំទាំងអស់តាមសព្វព្រះរាជហឫទ័យ ។
ព្រះបរមបពិត្រទ្រង់ព្រះសណ្តាប់ហើយ ទ្រង់ឱ្យបុរោហិតអញ្ជើញគ្រឿងអាវុធ មកពិធីសុំទឹកពិភទ្ទ សច្ចាឱ្យ ព្រះពិជ័យនាគផឹក។ ព្រះពិជ័យនាគផឹកស្រេចហើយ ព្រះបរមបពិត្រ ស្តេចព្រះរាជ ទានពល ១០០០នាក់ ឱ្យទៅព្រះពិជ័យនាគឱ្យលើកជាក្បួនទ័ពចេញទៅ ។
ថ្ងៃ ៥កើត ខែជេស្ឋ ឆ្នាំវក ចត្វាស័ក ព្រះបរមបពិត្រព្រះអង្គនាំគ្រប់គ្រួហ្លួង និងគ្រប់គ្រួខ្ញុំរាជការ ទាំងក្នុងទាំងក្រៅទៅឈប់នៅមុខបន្ទាយលង្វែក ហើយទ្រង់ត្រាស់ឱ្យរកកេណ្ឌកងទ័ពថែម បានរេហ៍ពល មកដល់២៥.០០០នាក់ ។ ខេត្តណាដែលនៅឆ្ងាយ ក៏ពុំទាន់មកដល់ ។ ឯពញាយមរាជ លុះឃើញទ័ព ហ្លួងចេញផុតទៅហើយ ហើយពុំឃើញមានកងទ័ពព្រះស្តេចកន លើកកងទ័ពចូល មកសោះ ក៏ថយទ័ព តាមហែឆ្លងមកចតុមុខស្រុកភ្នំពេញដែរ ។ ព្រះស្តេចកនលុះដឹងថាទ័ពហ្លួងថយ ចោលក្រុងហើយ ក៏លើកកងទ័ពរេហ៍ពល៥០.០០០នាក់ចូលទៅវាយ ទ័ពចៅពញាចក្រី ។ ចៅពញាចក្រីបែកទ័ពស្លាប់ទាំងខ្លួនក្នុងសង្គ្រាមទៀត។ ព្រះស្តេចកនលើកកងទ័ព ទៅដល់ទ្វារព្រះនគរ ក៏ប្រទះនឹងទ័ពព្រះពិជ័យនាគជាបិតា ។ នាយកនគិតថា បិតាខ្លួនមកនេះ ប្រាកដជា មកហាមប្រាមបញ្ចុះបញ្ចូលខ្លួន។ ថាបើដូច្នេះខ្លួននឹងនៅស្ងៀមឱ្យបិតានិយាយទៅក្រែង បែកការណ៍ថា ខ្លួនជាមនុស្សក្បត់ ។ លុះគិតដូច្នេះហើយ ព្រះស្តេចកនក៏ស្រែកឱ្យកងទ័ព ចូលប្រកាប់នឹងបិតាខ្លួន តែឯបិតា នោះព្រះស្តេចកនឱ្យពលចូលចាប់នឹងដៃ កុំបីធ្វើឱ្យសៅហ្មងដល់ រូបកាយឡើយ។ នាយកងទ័ព និងរេហ៍ពល ឮហើយក៏ស្ទុះចូលទៅដេញចាក់កាប់តែពលៗ។ ខាងព្រះស្តេចកន មានពលច្រើនខាងបិតាមានពលតិច ។ ពលខាងព្រះស្តេចកន សម្លាប់ពលខាងបិតាស្លាប់ជាច្រើន ។ ព្រះពិជ័យនាគឃើញដូច្នេះក៏ទាល់ប្រាជ្ញា និង ហាមាត់ស្តី ហាមប្រាមពុំបាន។ មួយរំពេចនោះពិជ័យនាគនាំរេហ៍ពលដែលសល់ពីស្លាប់នោះ រត់កាត់តាម ថ្នល់ព្រះនគរចេញទៅ ។ អស់រាស្ត្រដែលសល់នៅក្នុងព្រះនគរផ្អើលវឹកវរកោលាហល។ កងទ័ពព្រះស្តេច កន ក៏លើកដេញចូលទៅក្នុងព្រះនគរចាក់កាប់សម្លាប់រាស្ត្រដែលនៅសល់នោះ ហើយដេញព្រះពិជ័យនាគ ទៀត។ ព្រះពិជ័យនាគសល់ពលតែ៥០០នាក់នាំរត់ទៅជ្រកកោន ព្រះអារាមសម្តេចព្រះសុគន្ធាធិបតិ ឈ្មោះ ហៅវត្តស្តីធំ ជាគ្រូព្រះស្តេចកន ហើយឱ្យពលបិទទ្វារ កំផែងជាន់ក្នុងចាំទទួលច្បាំង។ កងទ័ពព្រះស្តេចកន ដែលដេញទៅទាន់ក៏តាំងចោមព្រះអារាមនោះ ជាមាំមួន ព័ទ្ធច្រើនជាន់ ច្រើនសង្កាត់ ។ វេលានោះមាន ចលាចលជាខ្លាំង រេហ៍ពលក៏ស្លាប់ជា ច្រើនណាស់ ទើបសម្តេចព្រះសុគន្ធាធិបតីទ្រង់ឮអឹកធឹក ហើយទ្រង់ ចេញមកទត ។ ឃើញហើយ ទ្រង់វេទនានឹងមនុស្សស្លាប់ជាច្រើននាក់នោះណាស់ ទើបសម្តេច ព្រះសុគន្ធាធិចេញមកឱ្យកង ទ័ពឈប់ ហើយហៅព្រះស្តេចកនឱ្យចូលទៅសំពះសុំទោសបិតា ។ លំដាប់ តមក ព្រះសុគន្ធាធិបតី ប្រាប់ពិជ័យនាគថា កូនអ្នកឯងនេះនឹងមានបុណ្យជាព្រះមហាក្សត្រកម្ពុជានេះហើយ។
ព្រះពិជ័យនាគកាលបានស្តាប់ថេរវាចា ហើយក៏ក្រាបទូលថា បើសម្តេចមានព្រះបន្ទូលដូច្នោះ បុត្រភរិយា ញាតិសន្តានរបស់ខ្ញុំព្រះករុណា មិនស្លាប់អស់ហើយឬ? ថាហើយព្រះពិជ័យនាគ ក៏ហូតដាវស្ទុះទៅនឹង កាប់ព្រះស្តេចកន។ តែពេលនោះអស់សេនា ទាហាន រេហ៍ពលខាង ព្រះស្តេចកនព្រួតគ្នាចូលទៅដណ្តើម យកដាវនោះ។ សម្តេចព្រះសុគន្ធាធិបតីនាំព្រះពិជ័យនាគយក ទៅទុកក្នុងព្រះវិហារ ។ ក្រោយនោះសម្តេច ព្រះសុគន្ធាធិបតីស្តេចមានថេរវាចាឱ្យបិតា និងបុត្រ សះជានឹងគ្នាទៅ។ លុះផ្សះផ្សាស្រេចហើយ សម្តេច ឱ្យកងទ័ពយកគ្រឿងអាវុធមកប្រគង ប្រគល់ដល់កំពស់ស្មើក្បាល ហើយស្តេចឱ្យពិជ័យនាគ និងព្រះស្តេច កន ឡើងលើគំនរអាវុធទាំង ពីរនាក់ឱ្យបិតានិងបុត្រសត្យសញ្ញា (សម័យពីដើមបុរាណាចារ្យច្រើនយក នាមមកធ្វើកិរិយាសព្ទ)។ សម្តេចព្រះសុគន្ធាធិបតី ធ្វើជាអាចារ្យស្រោចទឹកចម្រើនជ័យ មង្គលសិរីសួស្តីឱ្យ ទាំងពីរនាក់។ ស្រេចហើយ ព្រះស្តេចកនឱ្យរេហ៍ពលយកគ្រឿងអាវុធនោះ ទៅធ្វើជាចបជីកដីលើកជាថ្នល់ (សាស្ត្រា ខ្លះថា យកអាវុធនោះទៅកប់ ហើយយកដីលុបពីលើធ្វើជាថ្នល់) ថ្វាយសម្តេចព្រះសុគន្ធា ធិបតី ត្រង់ផ្លូវចេញពីព្រះវិហារក្នុងអារាមរៀងទៅ ហើយប្រែឈ្មោះវត្តស្តីធំនោះឱ្យឈ្មោះវត្ត ព្រះថ្នល់រៀងមក ដល់ឥឡូវនេះ ។
លុះសម្រេចការហើយ ព្រះស្តេចកនចាត់ចែងនាយកងទ័ព ឱ្យចេញកេណ្ឌសង្កត់ខេត្តធំ តូច ត្រើយខាង កើតទាំងអស់ ហើយឱ្យប្រមូលមកជួបជុំលើកទ័ពជើងគោក ជើងទឹកសន្ធឹកមហិមា ឆ្លងទៅវាយបន្ទាយ ភ្នំពេញទៀត ។
ព្រះបរមបពិត្រកាលបានទ្រង់ជ្រាបថា ព្រះស្តេចកនលើកទ័ពមកហើយ ក៏ស្តេចចាត់រេហ៍ពល សកលយោធា លើកចេញទៅទទួលច្បាំងនឹងស្តេចកន៣ថ្ងៃ តែពុំទាន់ចាញ់ឈ្នះសោះ ។ ព្រះស្តេចកនយល់ថា ទ័ពខាង ព្រះបរមបពិត្ររឹងរូសណាស់ នឹងវាយបង្ខំមិនបានទេ លុះវេលាយប់ស្ងាត់ក៏ឱ្យកងទ័ព៥០០០០នាក់ ឆ្លងទៅ ព័ទ្ធបន្ទាយភ្នំពេញពីទិសខាងលិច ឱ្យមួយកងទៀតទៅព័ទ្ធពីខាងត្បូង ។ កងទ័ពព្រះបរមបពិត្រតែ ៣០០០០នាក់ កងទ័ពខាងព្រះស្តេចកន នាយកង នាយទ័ពចេះតែកេណ្ឌបញ្ចូលមក បានជួបជុំទាំងមុន ទាំងក្រោយ១២០០០០នាក់ លើកចោមបន្ទាយភ្នំពេញជាបីផ្លូវ ព្រមដោយនៅកាំភ្លើងធំតូច ធ្នូ ស្នា ឧបមា បីដូចជាម្រោមចោម សំបុកជាសន្ធឹកគឹកកងពន់ប្រមាណ ។
ផែនដីព្រះស្រីសុគន្ធបទ
ព្រះបាទបរមបពិត្រស្តេចចេញកងទ័ពទៅក៏ឃើញថា កងទ័ពព្រះស្តេចកនច្រើនក្តាត់ ចោមព័ទ្ធជាបី ផ្លូវដូច្នេះ ហើយកងទ័ពខាងព្រះអង្គក៏ចេះតែរត់រាមិនទទួលច្បាំងសោះ។ ខណៈនោះព្រះអង្គថយទ័ព ទៅតាំងនៅ ខេត្តលង្វែក បន្ថយគ្រប់គ្រួឱ្យទៅឈប់នៅសំរោងសែន ដែនខេត្តអាសន្ទុក (សព្វថ្ងៃសំរោងសែនជាឃុំមួយ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង) ។ ស្តេចចាត់នាយកងនាយ ទ័ពឱ្យទៅកេណ្ឌកងទ័ព ពីខេត្ត ខាងជើងថែមទៀត ។
ស្តេចកនបានវាយបន្ទាយភ្នំពេញបែកហើយ ក៏ដេញកងទ័ពចូលបន្ទាយចាប់អស់រាស្ត្រប្រជា រឹបយក ស្បៀង អាហារ សាស្ត្រាវុធបានជាច្រើន ហើយក៏តាំងនាម៉ឺនសព្វមុខមន្ត្រី ចៅហ្វាយស្រុកធំតូច ឱ្យចេញទៅសង្កត់ ខេត្តខាងត្បូង ខាងលិចគឺខេត្តបាទី ព្រៃកប្បាស ទ្រាំង បន្ទាយមាស កំពត កំពង់សោម ខេត្តបាសាក់ ព្រះត្រពាំង ឪម៉ោ ក្រមួន.ស ទឹកខ្មៅ រៀងដល់ព្រៃនគរ បារៀន ដូនណាយ លង់ហោ ផ្សារដែក សឹងចុះចូល ព្រះស្តេចកនទាំងអស់ ព្រោះក្នុងវេលានោះបណ្តារាស្ត្រចូលចិត្តថា ព្រះស្តេចកននេះជាអ្នកមានបុណ្យ ទើបអាណាប្រជានុរាស្ត្រនាំគ្នាមកថ្វាយបង្គំចុះចូលជាច្រើន ។
លុះមកដល់ឆ្នាំ កុរ សប្តស័ក ព.ស ២០៥៩ គ.ស ១៥១៥ ម.ស ១៤៣៧ ច.ស ៨៧៧ ព្រះស្តេចកន ចាត់ចែងកងទ័ពជា៤កងឱ្យលើកទៅវាយបន្ទាយលង្វែកមួយកងមានរេហ៍ពល ៤០០០០នាក់ ឱ្យលើកទៅ នៅបន្ទាយភ្នំពេញមួយកងមានរេហ៍ពល ៥០០០០នាក់ ឱ្យលើកទៅខាងផ្លូវទន្លេធំ មួយកងមានពល ៣០០០០នាក់ ។ តែខ្លួន ព្រះស្តេចកនឯងមានកងពល ៤០ ០០០នាក់ ត្រឡប់ទៅខេត្តស្រីសន្ធរវិញ ។
មេទ័ពដែលព្រះស្តេចកនឱ្យទៅវាយបន្ទាយលង្វែកនោះ បានលើកទៅចោមវាយមួយថ្ងៃហើយ តែមិនទាន់ ជាបានការយ៉ាងណានៅឡើយ ។ ឯមេទ័ពដែលនៅខាងផ្លូវទន្លេធំនោះ លុះទៅដល់ខេត្តកំពង់សៀមហើយ ក៏បោះបន្ទាយបញ្ឈប់ទ័ពចាំស្តាប់កិច្ចកលចៅហ្វាយស្រុកនានា។ ចៅហ្វាយស្រុកខេត្តកំពង់សៀម ស្ទឹងត្រែង ដឹងថា មេទ័ពខាងព្រះស្តេចកនលើក ទ័ពចូលមកដល់ខេត្តរបស់ខ្លួន ហើយក៏កេណ្ឌទ័ពបំរុងទុកច្បាំង ចាំទទួលច្បាំង ហើយក៏បកសំបុត្រប្តឹងទៅសេនាបតីគ្រប់ប្រការ ។ សេនាបតីយកសេចក្តីក្រាបបង្គំទូល តាមដំណើរ។ ព្រះបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ថា ខាងនេះមានកងទ័ពចូលមក ចោមរោមខាងនោះក៏មានកងទ័ពចូលទៅចោមដែរ។ បើដូច្នេះយើងនឹងចែកកងទ័ពឱ្យទៅជួយខ្លះ កាលណា ទ័ពយើងទ្រាំនឹងទ័ពសត្រូវលែងបាន។ ព្រះបរមបពិត្រទ្រង់ត្រាស់តទៅទៀតថា ពីដើមឡើយសង្ឃឹមលើ សម្តេចព្រះអនុជចន្ទរាជា ឥឡូវសម្តេចព្រះអនុជចាញ់ឧបាយកលត្រូវ រត់ទៅក្រុងទេពបាត់ទៅហើយ ។ នៅឡើយ សង្ឃឹមតែចៅពញាយសរាជាដែលឧកញ៉ាយមរាជយកទៅរក្សា ។ តែបុត្រាក៏ទើបតែនឹងបាន ព្រះជន្មបួនប្រាំឆ្នាំប៉ុណ្ណោះនឹងរំពឹងលើអ្នកណាក៏ពុំបាន ទើបទ្រង់ត្រាស់ប្រើចៅពញាក្រឡាហោមឱ្យ ឃុំពលដែលទើបនឹងមកដល់ថ្មីនោះ ១០.០០០នាក់ ឱ្យលើកឆ្លងទៅជួយខេត្តខាងកើត ។ ចៅពញា ក្រឡាហោម បានទទួលរាជបញ្ជាហើយ ក៏ថ្វាយបង្គំឃុំពល១០.០០០នាក់ នោះលើកឆ្លងទៅតាម ព្រះ រាជបញ្ជា ។ ព្រះបរមបពិត្រស្តេចទុកទាហានឱ្យនៅរក្សាបន្ទាយលង្វែកតែពល ២៥.០០០នាក់ប៉ុណ្ណោះ ។
មេទ័ពដែលព្រះស្តេចកនឱ្យលើកទៅចោមទ័ពហ្លួង នៅបន្ទាយលង្វែកនោះកាលដឹងថា បន្ទាយនេះធ្វើមាំមួន ណាស់ ប៉ុន្តែកងទ័ពដែលនៅរក្សាបន្ទាយនោះមានតែ២៥.០០០នាក់ទេ ក៏មានសំបុត្របកមកសុំកងទ័ពពី បន្ទាយចតុមុខបាន១០.០០០នាក់ទៀតជា៥០.០០០នាក់ ព្រមដោយគ្រឿងសាស្ត្រាវុធផង ។ កាលបានទ័ព ហើយ មេទ័ពខាងព្រះស្តេចកនក៏លើកទៅ ចោមបន្ទាយលង្វែកច្បាំងគ្នាអស់៤យប់៤ថ្ងៃពុំឈប់ឈរសោះ។ វាយផ្លាស់គ្នាចូលចោមជាមាំមួនណាស់។ កងទ័ពហ្លួងដែលមានរេហ៍ពលតិចក្រឡេកមើលទៅ ខាងកើតទ័ព សត្រូវ ដែលផ្លាស់គ្នាដូចជាមានកងទ័ពថែមមកទៀត ព្រះអង្គក៏យល់ថា នឹងទ្រាំទៅ ទៀតពុំបានឡើយ ទើបទ្រង់ថយទ័ពទៅតាំងនៅខេត្តអម្រាគគិរិន្តបូណ៌ (គឺស្រុកបរិបូណ៌សព្វថ្ងៃនេះ) ។ ទ្រង់ឱ្យបន្ថយគ្រប់ គ្រួទៅនៅសំរោងសែនក្នុងខេត្តសន្ទុកអស់ ។ មេទ័ពព្រះស្តេចកន ក៏លើកទ័ពដេញតាមទៅ។ ចំណែកចៅពញាក្រឡាហោម ជាមេទ័ពហ្លួង ដែលហ្លួង បង្គាប់ឱ្យលើក ឆ្លងទៅជួយខេត្តខាងកើតនោះ លុះដល់ពាក់កណ្តាលផ្លូវ ដឹងហ្លួងបែកនឹងទ័ពសត្រូវហើយ ក៏លើកកងទ័ពត្រឡប់មកវាយទ័ពសត្រូវពីខាងក្រោយវិញ ។ ឯសត្រូវក៏រាយទ័ពត្រឡប់មកប្រកាប់គ្នា យ៉ាងក្លាហាននឹងទ័ពចៅពញាក្រឡាហោមជាមេទ័ពហ្លួង ។ ទ័ពសត្រូវនៅក្នុងចំណោម រេហ៍ពលហ្លួង ដែលវាយផ្ទប់ទាំងសងខាង ក៏ស្លុតស្លាប់ជាច្រើនពាន់ ប្លាយអន្តរាយបែកទ័ពរត់ត្រឡប់ចូលមកភ្នំពេញវិញ ។
ឯសម្តេចព្រះបរមបពិត្រ (មហាក្សត្រខ្មែរ) ស្តេចត្រាស់ឱ្យចៅពញាសួគ៌ាលោក (ចៅហ្វាយស្រុកខេត្ត ពោធិ៍សាត់) ជាមេទ័ពឃុំពល១០.០០០នាក់ ទៅឈររក្សាស្រុករលាប្អៀរ ឱ្យចៅពញាយមរាជជាបិតា លៀង (ឪពុកចិញ្ចឹម) របស់ចៅពញាយសរាជនាំពល៥.០០០នាក់ ទៅវាយយកខេត្តខាងកើត ឱ្យបានមក វិញ ។ លុះចាត់ការរួចហើយ សម្តេចព្រះបរមបពិត្រលើកទ័ពទៅប្រជុំនៅខេត្តអាសន្ទុក ។
ចៅពញាយមរាជបានទទួលព្រះរាជបញ្ជា ហើយក៏ចាត់ចែងកងទ័ពជាប៉ែកមុខប៉ែកក្រោយ ប៉ែកឆ្វេង ប៉ែកស្តាំ ហើយលើកទ័ពចេញទៅ ។ លុះទៅដល់ខេត្តបារាយណ៍ ចៅពញាយមរាជក៏បាន ជួបនឹងទ័ពខាង មេទ័ពព្រះស្តេចកន ហើយបានច្បាំងគ្នាជាកោលាហលយ៉ាងខ្លាំង។ ក្រោយដែល បានច្បាំងគ្នាជាច្រើនយប់ ច្រើនថ្ងៃមកទ័ពខាងចៅពញាយមរាជ មានកម្លាំងជាងខាងមេទ័ព ព្រះស្តេចកនដូច្នេះ ចៅពញាយមរាជ ក៏បញ្ជាឱ្យមេទ័ព ដេញទ័ពព្រះស្តេចកនរហូតទៅហើយបាន យកខេត្តបារាយណ៍ជើងព្រៃ កំពង់សៀម ស្ទឹងត្រែង រួចចាត់មន្ត្រីឱ្យនៅរក្សាខេត្តទាំង នោះយ៉ាងមាំមួន ។ តមកចៅពញាយមរាជ ក៏លើកទ័ព ទៅក្រាបបង្គំទូលព្រះបរមបពិត្រ នៅខេត្តអាសន្ទុកថា បានវាយឈ្នះហើយ យកបានខេត្តទាំងនេះតាម កិច្ចរាជការហើយដើម្បី សូមទ្រង់ជ្រាបគ្រប់ប្រការ ។ សម្តេចព្រះបរមបពិត្រ ស្តេចទ្រង់ព្រះសណ្តាប់ហើយ ទ្រង់ព្រះអណរណាស់ ។
ស្តេចកនតាំងពីវាយយកបានបន្ទាយភ្នំពេញមក ក៏ចាត់មេទ័ពឱ្យនៅរក្សាបន្ទាយនោះយ៉ាងមាំមួន តែខ្លួន ព្រះស្តេចកនត្រឡប់ទៅគ្រប់គ្រងស្រុកបាសានវិញ។ តមកព្រះស្តេចកនក៏តាំងតែឱ្យ កេណ្ឌទ័ពមកថែមទៀត បានទ័ពថ្មីទាំងអស់ចំនួនដប់ម៉ឺននាក់ ហើយឱ្យធ្វើព្រះរាជពិធីលើកខ្លួនឯង ឡើងជាមហាឧបរាជភូសំរេច រាជការមហាក្រស័ត្រសឹក។ ស្តេចកនឱ្យធ្វើទង់ពណ៌ក្រហម ប៉ាក់រូបនាគក្បាល៨សម្រាប់កងទ័ព ។ ខ្លួនស្តេចកនបាំងក្លស់ ដូចស្តេច។ ហេតុនេះហើយបានជាមានពាក្យរាស្ត្រប្រជាហៅថា ស្តេចកនតាមឈ្មោះពីឪពុក ឱ្យខ្លះតាម ឈ្មោះដែល ហ្លួងប្រទានឱ្យ ខ្លះគឺហៅតាមឈ្មោះដែលគ្រួឱ្យខ្លះ ។ មហាឧបរាជកន តែងតាំង មន្ត្រីក្រៅ និងក្នុងក្រុង ជាស្រេចហើយ ទើបឱ្យព្រះពិជ័យនាគរក្សាបន្ទាយក្នុងនគរ ។ ឯខ្លួនឯង លើកទ័ពទៅបោះនៅខេត្តកំពង់សៀម ។
អស់មុខមន្ត្រីដែលចៅពញាយមរាជឱ្យនៅរក្សាខេត្តទាំងឡាយ ដែលដណ្តើមយកបានពីមេទ័ព ព្រះស្តេចកន កាលបើឃើញទ័ពរបស់សត្រូវច្រើនលើសលប់កំលាំងណាស់ ក៏រត់ប្រាសយកតែ អាយុសព្វខ្លួន រួចចូលទៅ ក្រាបបង្គំទូលព្រះបរមបពិត្រគ្រប់ៗគ្នា ។ មហាឧបរាជកនលុះចូល តាំងបន្ទាយរាយទ័ពខ្ជាប់ខ្លួនហើយ ទើបគិតឧបាយកលចាត់បម្រើឱ្យទៅក្រាបទូលព្រះបរមបពិត្រ ។ លុះបម្រើទៅដល់ក៏ចូលប្តឹងសេនាបតីេសនាបតី នាំឡើងគាល់ព្រះបរមបពិត្រជាអម្ចាស់។
ខណៈនោះព្រះបាទស្រីសុគន្ធរបទស្តេចកំពុងចេញជួបជុំរាជសេវកាមាត្យជានាយកងខាងទ័ពហ្លួង កាលបើ ទ្រង់បានជ្រាបហើយ បម្រើពីអាកនក្បត់ចូលមកហើយ ទ្រង់ក៏ត្រាស់ឱ្យដាក់ក្តីម្ចាស់ និងញាតិសន្តានវា៥ ប្រការធ្វើហាក់ដូចជានឹងប្រហារជីវិត ហើយឱ្យចេញមកទទួលបម្រើដែល ចូលមកក្រាបបង្គំពេលនោះ ។ លុះបម្រើចូលមកដល់ព្រះរាជទីនាំងហើយ ព្រះបរមបពិត្រស្តេចត្រាស់បង្គាប់ ឱ្យអាល័ក្សទទួលសំបុត្រ ពីបម្រើនោះ មកសូត្រថ្វាយ។ សំបុត្រនោះមានសេចក្តីថាៈ “សូមទ្រង់ព្រះមេត្តាប្រោសឃុនហ្លួងព្រះស្តេចធិបតីទូលបង្គំជាខ្ញុំនេះ កាលដើមឡើយមានទោស សូមក្រាប ថ្វាយបង្គំក្រោមល្អងធូលីព្រះបាទ សូមទ្រង់ជ្រាប។
ដ្បិតទូលព្រះបង្គំដែលបានធ្វើការមកទាំងម៉្លេះ មិនមានចិត្តប្រទូស្តរ៉ាយដល់ល្អងធូលីព្រះបាទក៏ទេ គឺធ្វើនេះ ដោយខ្លាចព្រះរាជអាជ្ញាដោយពិតណាស់ ទើបបានជាទូលព្រះបង្គំគិតធ្វើការ នោះឱ្យគង់តែជីវិតប៉ុណ្ណោះ។ សព្វថ្ងៃនេះ ទូលព្រះបង្គំមានចិត្តចង់នៅជាខ្ញុំល្អងធូលីព្រះបាទ ដូចកាលអំពីដើមរៀងមក ប៉ុន្តែក្រែងទ្រង់ជា អម្ចាស់ពុំប្រោសព្រះរាជទាន ។ សេចក្តីនេះបើទ្រង់ជាអម្ចាស់ទ្រង់ព្រះមេត្តាប្រោសអភ័យទោសនោះសូមព្រះបរមបពិត្រ ស្តេច ព្រះរាជទាន ម្តាយ និងញាតិការបងប្អូន ទៅទូលព្រះបង្គំជាមុនសិនចុះ ដើម្បីឱ្យទូល ព្រះបង្គំបានឃើញមុខ និងបំបាត់ ទុក្ខដោយសារព្រះរាជហឫទ័យ ទ្រង់ព្រះមេត្តាប្រោស ។ ថាបើព្រះបរមបពិត្រ ទ្រង់នៅព្រះរាជករុណាមែន ទូលព្រះបង្គំនឹងរំសាយកងទ័ពទាំងដប់ម៉ឺន ឱ្យត្រឡប់ទៅកាន់លនៅំតាមស្រុកទេសរៀងៗខ្លួនវិញជាពុំខាន។ គួរពុំគួរសូមទ្រង់ព្រះករុណា ប្រោស” ។ សម្តេចព្រះស្រីសុគន្ធបទ ស្តេចទ្រង់បានព្រះសណ្តាប់ហើយ ទ្រង់ព្រះពិរោធណាស់ ស្តេចទ្រង់ត្រាស់ឱ្យចៅពញាឧទ័យធិរាជ ជាចៅហ្វាយស្រុកអាសន្ទុកធ្វើសំបុត្រតបហើយប្រគល់ ឱ្យបម្រើវិញ ។ បម្រើបាន សំបុត្រតបហើយ ក៏ក្រាបថ្វាយបង្គំលានាំសំបុត្រនោះដល់ សម្តេចមហាឧបរាជកន ។ សម្តេចមហាឧបរាជកន បើកស្រោមសំបុត្រ មើលហើយ ឃើញមានសេចក្តីថា ៖
អ្នកចៅពញាឧទ័យធិរាជអគ្គមហាសេនាសេនាធិបតី ចៅហ្វាយខេត្តអាសន្ទុកខាងក្រុងមហានគរ ។ មកដល់ ឃុនហ្លួងព្រះស្តេចធិបតី ” ឱ្យបានដឹង។
ដ្បិតសំបុត្រឃុនដែលក្រាបទូលទៅព្រះបរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូងនោះមានសេចក្តីថា សូមឱ្យ ទ្រង់ព្រះរាជទានគ្រប់គ្រួ និងម្តាយមកឱ្យឃុនជាមុននោះពុំត្រឹមត្រូវតាមទំនៀមទេ ។ បើឃុនមានចិត្តស្លូតត្រង់មែន គួរឃុនរៀបខ្លួនរំលាយកងទ័ព ចូលតែខ្លួនទៅក្រាបបង្គំទូលគាល់ ព្រះបាទអ្នកជាអម្ចាស់ ជាមុន ទើបត្រូវតាមសណ្តាប់អម្ចាស់និងខ្ញុំ ។ បើឃុនប្រែចិត្តលែង ក្បត់មកប្រកាន់ចិត្តកតញ្ញូ ហើយរំលាយកងទ័ពចោលទៅនោះ យើងនឹងជួយបង្គំទូល សុំទោសឱ្យឃុន ។ ប៉ុន្តែបើឃុនប្រឹងតែរឹងទទឹង មិនចូលទៅគាល់ទេ យើងនឹងឱ្យសម្លាប់ម្តាយឃុន និងគ្រប់គ្រួទាំងអស់ឱ្យស្លាប់ពុំត្រាប្រណីឡើយ ។ ស្តេចកនមហាឧបរាជភូសម្រេចរាជការ មហាកក្រស័ត្រសឹកលុះអានចប់សេចក្តី ហើយយល់ថាសំបុត្រនោះពុំដូចគំនិតរបស់ខ្លួនទេ ក៏ឱ្យបម្រើនាំសំបុត្រនោះទៅជូនពិជ័យនាគជាបិតាឱ្យបានដឹងផង ។ ព្រះពិជ័យនាគកាលបើបានដំណឹងថា មានសំបុត្រពីចៅពញាឧទ័យធិរាជមកដូេច្នះ ហើយក៏ស្ទុះរត់ ទៅប្រុងនឹងទទួលសំបុត្រនោះ ហើយនឹងដើម្បីសុំមហាឧបរាជកនកុំឱ្យធ្វើទ័ពតទៅទៀត។ លុះរត់ទៅទន្ទឹមនឹងទ្វារ ក៏ភ្លាត់ជើងដួល ហើយទៅត្រូវនឹងចុងដាវដែលដាក់នឹងដៃ កែវចំចន្លោះឆ្អឹងដងកាំបិត ហើយដួលចុះសន្លប់បាត់ស្មារតីក្នុងទីនោះទៅ។ បាវព្រាវដែលនៅក្នុងទីនោះឃើញហើយ ក៏គ្រាព្រះពិជ័យនាគទៅដាក់ឱ្យដេកលើគ្រែ ហើយឱ្យបម្រើទៅថ្វាយដំណឹងដល់មហាឧបរាជភូ សម្រេចរាជការមហាក្រស័ត្រសឹក តាមដំណើរគ្រប់ប្រការ ។
មហាឧបរាជភូសម្រេចរាជការមហាក្រស័ត្របានជ្រាបថា បិតាត្រូវអាវុធមានរបួសជាទម្ងន់ណាស់ហើយ ក៏ថយកងទ័ពស្រូតរូតចូលមក។ លុះស្តេចកនដល់មកបន្ទាយក្នុងព្រះនគរ ក៏ល្មមនឹងពេលដែលព្រះពិជ័យ នាគអនិច្ចកម្មទៅដែរ។ មហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹកដឹងថា បិតាក្ស័យហើយក៏ទ្រង់ វិយោគសោកអាល័យផ្សេងៗ ហើយផ្អាកការធ្វើសង្គ្រាម ដើម្បីធ្វើបុណ្យសពបិតាឱ្យបានជាឱឡារិក ។
ចំណែកឯសម្តេចព្រះស្រីសុគន្ធបទកាលទ្រង់ជ្រាបថា ព្រះពិជ័យនាគក្ស័យជីវិតហើយ ហើយព្រះស្តេចកន ថយកងទ័ពទៅធ្វើបុណ្យឪពុកដូច្នោះហើយ ទ្រង់ក៏ត្រាស់បង្គាប់ចៅពញាឧទ័យធិរាជ ជាចៅហ្វាយ ស្រុកខេត្តអាសន្ទុកឱ្យលើកកងទ័ពទៅវាយបន្ទាយលង្វែក និងខេត្តកំពង់សៀមឱ្យបាន ហើយឱ្យលើកទៅ វាយខេត្តត្បូងឃ្មុំទៀត ។ ទ្រង់ឱ្យចៅពញាក្រឡាហោមលើកទ័ពទៅវាយបន្ទាយភ្នំពេញ ។
ចៅពញាឧទ័យរាជាធិរាជ ចៅហ្វាយខេត្ត អាសន្ទុក ចៅពញាក្រឡាហោម ចៅពញាសួគ៌ា លោកជា មេទ័ពហ្លួងទាំងបីនាក់នោះ បានទទួលព្រះរាជបញ្ជាហើយ ក៏ក្រាបថ្វាយបង្គំលាចេញទៅចាត់ចែងសេនា ទាហានរេហ៍ ពល១០០០០ម្នាក់ៗ ដើម្បីលើកទៅវាយបន្ទាយសត្រូវទាំងបីអន្លើ ។ ក្នុងគ្រានោះមេទ័ព ខាងមហាឧបរាជភូសម្រេចរាជការ មហាក្រស័ត្រសឹក ក៏ចាត់កងទ័ពឱ្យឡើងទៅច្បាំងរក្សាបន្ទាយគ្រប់កង ហើយធ្វើសំបុត្រប្តឹងទៅដល់មហាឧបរាជកន។
មហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹក កាលបានដឹងព្រះបរមបពិត្រស្តេចចាត់មេទ័ពហ្លួង ឱ្យមក វាយទ័ពខ្លួនដូច្នេះ ក៏ស្រើបស្រួលជាសេចក្តីក្សេមក្សាន្តពន់ប្រមាណ ទើបចាត់ភោជនាហារឱ្យលៀង សេនាទាហានយ៉ាងធំ ។ វេលាកំពុងស៊ីលៀងនោះ សេនាទាហានទាំងអស់និយាយគ្នាដោយឆ្ងល់ថា ៖
មហាឧបរាជយើងលោកធ្វើបុណ្យបិតានោះបើមើលទៅមុខលោកក៏ឃើញថា លោកមានទុក្ខជាទម្ងន់ ណាស់។ លោកធ្វើបុណ្យមិនទាន់ហើយផង គឺទើបតែនឹងបានមកដល់សង្គាយនាប៉ុណ្ណោះ ហើយនឹងគ្រាន់តែមានសំបុត្រប្តឹងមកថា មានទ័ពពីព្រះនគរចោមបន្ទាយប៉ុណ្ណោះ លោកក៏ត្រឡប់ជាស្រើបស្រួល សប្បាយទៅវិញ ។ ដូច្នេះតើការប្រែប្រួលបែបនេះមានហេតុដូចម្តេច ក៏បានជាមហាឧបរាជ លោកស្រើបស្រួលសប្បាយយ៉ាងនេះ ?
ក្នុងពេលដែលពួកសេនាទាហានកំពុងនិយាយអ៊ូអែឆ្ងល់អំពីការប្រែប្រួលអាកប្បកិរិយានោះ មហាឧបរាជកន ឮហើយក៏ឆ្លើយថា អ្នកទាំងឡាយពុំចាំច្បាស់ទំនៀមព្រះនគរនេះទេឬអ្វី? តាមទំនៀមរដូវចូលឆ្នាំថ្មីនេះ មួយពេលគេេធ្វីបុណ្យសពបិតាគេនេះមួយ ទោះបីម្តេចម្តាក៏សត្រូវគេ តែងតែឈប់ធ្វើសង្គ្រាមកំណត់មួយថ្ងៃសិនដែរ។ ឥឡូវនេះ ស្តេចនេះលើកទ័ពមកចោម បន្ទាយយើង គឺថាធ្វើល្មើសនឹងបទព្រះអយ្យការ យ៉ាងនេះហើយនោះ យើងយល់ថា ស្តេចនឹងអស់បុណ្យជាការពិត ហើយផែនដីនឹងបានមកយើងដូចទំនាយលោកគ្រូទាយឱ្យយើង មិនខាន ។
ស្តេចកនថាតែប៉ុណ្ណេះហើយហេតុតែបុណ្យរបស់គាត់ពីអតីតមក ក៏បណ្តាលឱ្យឃើញ អស្ចារ្យជានាគមួយ ហោះព័ទ្ធរោងបុណ្យនោះ៣ជុំ ។ ខណៈនោះមន្ត្រីសេនាទាហានទាំងអស់ ក៏ទះដៃតាំងហ៊ោថា បន្ទូលរបស់ ព្រះមហាឧបរាជនោះពិតជាត្រូវដូចទំនាយហើយ ។ ចាប់តាំងពីថ្ងៃនោះមកមន្ត្រីសេនាទាហានរបស់ស្តេចកន ក៏ព្រមព្រៀងគ្នាប្រឹងខំធ្វើការទ្វេមួយជាប្រាំ ។ ពេលនោះសេនាទាហានដែលជាមេកំណែនកេណ្ឌរេហ៍ពល បានពីខេត្តខាងកើត ១២០០០០នាក់ ហើយនាំមកថ្វាយស្តេចកន ។
ផែនដីព្រះស្រីសុគន្ធបទ
មហាឧបរាជកនភូសម្រេចរាជកាមហាក្រស័ត្រសឹកយល់ថា ពលជួបហើយទើបតាំងនាយកៅ ជាប្អូនម៉ែបាន ដែលត្រូវជាមាខ្លួនបង្កើតឱ្យធ្វើជាសម្តេចចៅហ្វាទឡៈ ហើយឱ្យឃុំពល ១៥.០០០ នាក់លើកទៅជួយមេទ័ព របស់ខ្លួនដែលតាំងបន្ទាយនៅភ្នំពេញ តនឹងទ័ពចៅពញាក្រឡាហោម ដែលជាមេទ័ពហ្លួង តាំងឧកម៉ឺនកែវ ជាចៅពញាក្រឡាហោម ឱ្យឃុំពល១៥.០០០នាក់ ឱ្យជួយមេទ័ពខ្លួនដែលតាំងបន្ទាយនៅលង្វែកតនឹងទ័ព ចៅពញាសួគ៌ាលោកជាមេទ័ពហ្លួង ។ ឯខ្លួនមហាឧបរាជកនភូសម្រេចរាជការមហាក្រស័ត្រសឹកវិញឃុំ ពល៤០.០០០ នាក់លើកទៅជួយមេទ័ពខ្លួនតាំងបន្ទាយនៅខេត្តកំពង់សៀម តនឹងទ័ពចៅពញាឧទ័យធិរាជ។ ខណៈមេទ័ព និងខ្លួនមហាឧបរាជភូសម្រេចរាជការក្រស័ត្រសឹកលើកទៅដល់បន្ទាយទាំងបីហើយ ក៏ចូលតនឹងមេទ័ពហ្លួងទាំងបីផ្លូវ។ ទ័ពទាំងសងខាងបានចូលតតាំងច្បាំងគ្នាតាំងពីអាវុធវែង រហូតដល់អាវុធខ្លីចូលប្រកាប់គ្នា ឥតមានសំចៃដៃទាំងអស់។ ខណៈនោះកងទ័ពពីក្នុងបន្ទាយ ក៏បើកទ្វារចេញមកវាយផ្ទប់កងទ័ពហ្លួង ។ កងទ័ពហ្លួងក៏ធ្លាក់នៅកណ្តាលចំណោម ហើយត្រូវកងទ័ពស្តេចកន វាយកាប់នឹងអាវុធ វែងខ្លីស្លាប់អស់ជាច្រើន។ មេទ័ពហ្លួងទាំង បីផ្លូវទ្រាំពុំបាន ក៏បែកទ័ពរត់ថយទៅក្រាបបង្គំទូលថ្វាយទោសគ្រប់ៗគ្នា។ សម្តេចព្រះបរមបពិត្រ ទ្រង់ប្រោសប្រណីដល់មេទ័ពទាំងបីនាក់ ដែលបរាជ័យនោះមិនឱ្យមានទោសឡើយ ។ ទ្រង់ប្រោសឱ្យធ្វើរាជការរៀងខ្លួនតទៅទៀត ។
សម្តេចព្រះស្រីសុគន្ធបទ ទ្រង់អាណិតលើកទោសឱ្យមេទ័ពទាំងបីហើយទ្រង់ត្រាស់បង្គាប់ ឱ្យមន្ត្រី ចេញ ទៅកេណ្ឌកងទ័ពពីខេត្តស្ទឹងត្រែងមួយ គោកខាន់មួយ សូរិន្ទមួយ ខ្លងសិញមួយ រិមជួសមួយ ជាំក្សាន្តមួយ ចុងកាល់មួយ បាក្រង់មួយ ទង់តែមួយ ទំនប់មួយ មង្គលបុរីមួយ ឫស្សីសាញ់មួយ ទឹកជោរមួយ បាត់ដំបងមួយ ពោធិ៍សាត់មួយ ក្រគរមួយ ខ្លុងក្រងមួយ អម្រាគគិរិន្តបូណ៌មួយ រលាប្អៀរមួយ ទាំង១៩ខេត្តនេះបានពលតែ៥០.០០០នាក់ រួមទាំងទ័ពហ្លួងដែលកេណ្ឌ នៅខេត្តជិតៗនោះផង ។
មហាឧបរាជកនយល់ឃើញថា បានការហើយ ក៏លើកទ័ពទាំងពីរផ្លូវ ត្រូវជាបីផ្លូវនិងទ័ពខ្លួនឯងផង ចេញទៅដល់ចុងខេត្តអាសន្ទុក ហើយឱ្យឈប់ទ័ពតាំងបន្ទាយប្រជុំនាយកងទ័ពមកប្រឹក្សាការ សង្គ្រាមថា ទ័ពយើងដែលលើកទៅនេះបានពិជ័យឫស្សល្អណាស់ ។
បើយើងនឹងលើកទៅយកបានជ័យជំនះ កាលណាប្រាកដជាយើងនឹងយកបានដោយងាយក្នុង កាលនោះ ។ តែការធ្វើដូច្នេះមុខជាស្លាប់រេហ៍ពលទាំងសងខាង ខ្លះពុំខានឡើយ។ បើយើងមានជ័យជំនះកាលណា ប្រាកដជាហ្លួងឱ្យសម្លាប់ម្តាយយើង និងញាតិសន្តាន យើងស្លាប់អស់ឥតប្រយោជន៍ ។ ដូច្នេះយើងយល់ថា យើងត្រូវគិតឧបាយកលយកម្តាយ និងញាតិសន្តានយើងឱ្យបានហើយឱ្យមានជ័យជំនះផង ។ ដូច្នេះតើ អស់កងសេនា ទាហានយើងនេះ នរណានឹងអាចទទួលអាសាយើងយកកេរ្តិ៍ឈ្មោះទុកតទៅបាន។ អស់នាយ កងទ័ពទូលសួរថា ៖ ឧបាយកលមហាឧបរាជនោះដូចម្តេចខ្លះ?
មហាឧបរាជថ្លែងប្រាប់ថា កាលផែនដីសម្តេចព្រះបរមរាជាពញាយ៉ាតនោះព្រះអង្គ បានប្រើ ឧបាយមនុស្ស ១២នាក់ឱ្យចូលទៅលុកព្រះឥន្ទកុមាររាជា(ស្តេចសៀម)។ ឧបាយនោះក៏នៅជាពូំសូវ ជ្រៅជ្រះណាស់នៅឡើយដែរ។ ថាបើនរណាទទួលអាសាយើង យើងនឹងឱ្យរង្វាន់យសសក្តិ ឱ្យពេញចិត្ត ហើយយើងនឹង ចិញ្ចឹមកូនចៅផៅសន្តានតទៅ៧ជួរគោត្រ ។ ខណៈនោះមានមនុស្សម្នាក់ឈ្មោះឧកម៉ឺនសុរិន្ទកែវ ជាកូនរបស់ចៅពញា យោធាសង្គ្រាម ដែលមានចិត្តឃោរឃៅខឹងនឹងសម្តេចព្រះស្រីសុគន្ធបទថា ទ្រង់ប្រើចៅ ពញាយោធាសង្គ្រាម ជាបិតាខ្លួនទៅឱ្យមហាឧបរាជកន កាលនៅជាឃុនហ្លួងព្រះស្តេចធិបតីបាញ់សម្លាប់ ហើយមិនបាន តាំងចិញ្ចឹម កូនចៅ ឱ្យកាន់នាទីបិតាតទៅទៀតទេ ក៏រត់ពីសម្តេចព្រះស្រីសុគន្ធបទ ទៅនៅពឹងបុណ្យមហាឧបរាជកន បំណងប៉ងតែនឹងសងសឹកឈាមបិតាវិញតែប៉ុណ្ណោះ ។ លុះឮប្រកាស មហាឧបរាជដូច្នោះហើយ ឧកម៉ឺនកែវក៏វារចូលទៅសំពះហើយនិយាយថា ៖
ខ្ញុំព្រះបាទម្ចាស់សូមទទួលអាសាមហាឧបរាជឱ្យបានសម្រេច ។
មហាឧបរាជកន កាលបានស្តាប់ឧកម៉ឺនកែវសុំខ្លួនហើយ ក៏យល់ថាបានការហើយ ទើបហៅ ឧកម៉ឺនសុរិន្ទកែវ ឱ្យទៅទីស្ងាត់រួចខ្សឹបប្រាប់ឧបាយកលគ្រប់ប្រការ ។ ឧកម៉ឺនសុរិន្ទកែវ សំពះគំនាប់ហើយជំរាបថា ឧបាយកលរបស់មហាឧបរាជនេះ ខ្ញុំព្រះបាទម្ចាស់ នឹងធ្វើឱ្យ បានសម្រេច តែត្រឹមចំនួនទាហានពីររយនាក់ ប៉ុណ្ណោះ។ ដូច្នេះខ្ញុំព្រះបាទម្ចាស់ សុំយកខ្លួនចៈម៉ឺនចៃចុងរ៉ាក់ ដែលជាក្រុមរបស់ខ្ញុំព្រះបាទម្ចាស់ឱ្យ ឃុំទាហានក្រុមខ្ញុំប្របាទ នោះទៅផង ដ្បិតមនុស្សនេះជាទំនុកចិត្តរបស់ខ្ញុំព្រះបាទម្ចាស់ ។
មួយរំពេចនោះ មហាឧបរាជកនក៏យកមាសពីររយជញ្ជីង ប្រាក់ស្លឹងបុរាណ៤០ជញ្ជីង ប្រគល់ឱ្យទៅឧកម៉ឺន សុរិន្ទកែវ ឱ្យយកទុកជាស្បៀងតាមផ្លូវ ហើយតាំងឧកម៉ឺនសុរិន្ទកែវ ឱ្យគ្រងទីជាយមរាជ ។ ស្តេចកន ប្រាប់ថែមទៀតថា បើឧកម៉ឺនសុរិន្ទកែវ ទៅហើយធ្វើដូចប្រាថ្នាមែននោះ ខ្លួនឧបរាជកន នឹងឱ្យឧកម៉ឺន សុរិន្ទកែវឡើងស៊ប់ក្នុងទីយមរាជមួយរំពេច ហើយនឹងឱ្យរង្វាន់ឱ្យពេញចិត្តទៀត កុំឱ្យថប់បារម្ភអ្វី ថាឯទាហានពីររយនាក់ដែលឯងបានរើស ព្រមទាំងចៈម៉ឺនចៃ ចុងរ៉ាក់ ជាទាហានរួចមិត្តរបស់ឯងទៅនោះ ក៏ឱ្យយកតាមចិត្តចុះ។ ស្តេចកននិយាយចប់ត្រឹមនេះហើយក៏ស្ទុះទៅយកមាស២០០ជញ្ជីង និងប្រាក់៤០០ ជញ្ជីងឱ្យទៅឧកម៉ឺនសុរិន្ទកែវទៀត ហើយផ្តាំថា ឱ្យយកមាសនិងប្រាក់នោះទៅចែកម៉ឺនចៃចុងរ៉ាក់ ជាសម្លាញ់ឯង និងកូនទាហានពីររយនាក់នោះទុកជាស្បៀងតាមផ្លូវចុះ ។ ឧកម៉ឺនសុរិន្ទកែវទទួលរង្វាន់ និងបណ្តាំសព្វគ្រប់ហើយ ក៏សំពះលាថយទៅទីសំចតរបស់ខ្លួនវិញរួចហើយ ឧកម៉ឺនសុរិន្ទកែវក៏ហៅចៈម៉ៃចៃចុងរ៉ាក់ និងកូនទាហានរួមចិត្តចូលទៅ ក្នុងព្រៃស្ងាត់ មកចែកមាសចែកប្រាក់នោះរួច ទើបប្រាប់ឧបាយតាមមហាឧបរាជកនផ្តាំមកគ្រប់ប្រការ ។
ចៈម៉ឺនចៃចុងរ៉ាក់ និងទាហានទាំងពីររយនាក់បានទទួលប្រាក់រង្វាន់ហើយ ក៏និយាយថា យើងតាំងចិត្តថា នឹងធ្វើរាជការពុំស្តាយជីវិតឡើយ ក៏ព្រោះតែចង់បានប្រយោជន៍ និងគុណទុកតកេរ្តិ៍ឱ្យកូនចៅ ។ គ្រានោះ យើងបានមុខការត្រូវធ្វើដូចប្រាថ្នា ហើយត្រូវយើងប្រុងរបៀបខ្លួនធ្វើការឱ្យបានសម្រេចតាមបង្គាប់របស់ លោកមហាឧបរាជ ។ ចៈម៉ឺនចៃចុងរ៉ាក់ និងបក្សពួកយល់ព្រមគ្នាអស់ហើយ ក៏ចូលទៅដេកសំណាក់តាមនាទីរបស់ខ្លួន ។ ព្រឹកឡើងមហាឧបរាជកន ឃើញឈ្មោះនេះដេកទាល់ថ្ងៃចោលនាទីបន្ទាយរបស់ខ្លួន ពុំបានត្រួតត្រាឱ្យបានដិតដល់ទេ មហាឧបរាជកនក៏ធ្វើជាខឹង ហើយបង្គាប់ឱ្យភូឃុំចាប់យកខ្លួនឧកម៉ឺនសុរិន្ទ(កែវ) គ្រងងារយមរាជ នោះដាក់ក្តីវាយខ្នង៣០ខ្វាប់ ឱ្យបណ្តើរអាក្រោសឱ្យគ្រប់៣ថ្ងៃ ហើយឱ្យសម្លាប់ចោលក្នុងពេលនោះ កុំឱ្យទុក ។
ក្នុងគ្រានោះមហាឧបរាជកន និងចៅពញាឧទ័យធិរាជ បោះបន្ទាយរាយទ័ពល្បាតប្រទល់គ្នា ។ លុះភូឃុំ បណ្តើរអាក្រោសឧកម៉ឺនសុរិន្ទ(កែវ) ទៅដល់មុខបន្ទាយចៅពញាឧទ័យធិរាជ ហើយក៏បោះបន្ទាយឈើចង ឧកម៉ឺនសុរិន្ទ(កែវ)បំណងនឹងសម្លាប់ ហើយបង្គាប់ឱ្យឧកម៉ឺនសុរិន្ទកែវភាវនា។ ខណៈនោះ ចៈម៉ឺនចៃចុង រ៉ាក់ និងទាហានរួមចិត្តពីររយឃើញថា ដល់សន្មតហើយ ក៏តាំងហ៊ោចេញពីក្នុងព្រៃមកដេញពួកភូឃុំ ដែលបណ្តើរឧកម៉ឺនសុរិន្ទកែវនោះ ហើយដោះក្តីឧកម៉ឺនសុរិន្ទកែវចេញពីបង្គោល រួចនាំគ្នារត់ទៅរក បន្ទាយចៅពញាឧទ័យធិរាជ ។ ចៅពញាឧទ័យធិរាជ ក្រឡេកឃើញហើយសាកសួរទៅឧកម៉ឺនសុរិន្ទកែវ និងចៈម៉ឺនចៃចុងរ៉ាក់ ព្រមទាំងទាហានទាំងពីររយនាក់ពីដំណើរហេតុការណ៍នេះ ដោយចង់ដឹងមនុស្ស ទាំងនេះក៏ឆ្លើយសេចក្តីត្រូវគ្នាថា ខ្លួនដើរយាមល្បាតរាល់ថ្ងៃ រាល់យប់គ្មានពេលសំរាកសោះ ។
ផែនដីព្រះស្រីសុគន្ធបទ
ថាយប់ម្សិលមិញនេះ ឧកម៉ឺនសុរិន្ទកែវ ទទួលទានដំណេកទាល់ថ្ងៃធ្វេសមិនបានយាមប្រចាំការ ក៏ទទួលជា ពេលនោះព្រះស្តេចកន ដែលតាំងខ្លួនជាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹកនោះ ចេញមកដើរត្រួតត្រាបន្ទាយ លុះឃើញឧកម៉ឺនសុរិន្ទកែវមានកំហុសយ៉ាងនេះហើយ ក៏ចាប់ទោសឱ្យយកមកសម្លាប់។ ហេតុនេះហើយបានជាពួកខ្ញុំប្របាទម្ចាស់ទាំងពីររយនាក់នេះ អាណិតអាសូរវេទនា ដល់ជាតិត្រកូល ឧកម៉ឺនសុរិន្ទកែវ ជាកូនចៅពញាយោធាសង្គ្រាមដែលស្លាប់ដោយមានគុណបំណាច់ និងផែនដីនោះផង ក៏ខ្ញុំប្របាទទាំងអស់គ្នា ខំដណ្តើមយកខ្លួនឧកម៉ឺនសុរិន្ទកែវ មកសុំជ្រកបុណ្យអំណាចព្រះតេជគុណ សូមធ្វើ រាជការសងសឹកបិតាក្នុងបុណ្យព្រះតេជគុណតទៅ ។
ចៅពញាឧទ័យធិរាជសួរថា ចៅពញាយោធាសង្គ្រាមដែលអាព្រះស្តេចកនបាញ់ធ្លាក់ពីលើក្បាលដំរីនោះឬ ជាបិតារបស់ឯង? ឧកម៉ឺនសុរិន្ទកែវឆ្លើយថា បាទនុះឯង ហើយវាបាញ់បិតាខ្ញុំប្របាទស្លាប់ ហើយវាចាប់យកខ្លួនខ្ញុំប្របាទ យកទៅរាប់អានបញ្ចុះបញ្ចូលឱ្យមូលចិត្តគំនិតជាមួយវា រួចក៏ឱ្យចូលទៅធ្វើរាជការជាមួយនឹងវាទៅ ។ ឥឡូវនេះខ្ញុំប្របាទម្ចាស់បានរួចពីវាមកហើយ ខ្ញុំប្របាទម្ចាស់ទាំងអស់គ្នានេះ សូមផ្ញើអាយុជីវិតធ្វើការ រាជការក្នុងព្រះតេជគុណ ដើម្បីគិតសម្លាប់អាព្រះស្តេចកនសងឈាមបិតាខ្ញុំប្របាទខ្ញុំឱ្យបានវិញ សូមប្របាទ ម្ចាស់លោកមេត្តាសង្គ្រោះដល់ខ្ញុំប្របាទម្ចាស់ឱ្យទាន ។
ចៅពញាឧទ័យធិរាជបានស្តាប់ចម្លើយអស់ទាំងពីររយនាក់នោះហើយ ឃើញថា អស់ទាំងនោះឆ្លើយត្រូវគ្នាទាំងអស់ ក៏អាណិតវេទនា នឹកទៅដល់ចៅពញាយោធាសង្គ្រាមជាបិតាឧកម៉ឺនសុរិន្ទកែវ ដ្បិតជាភ្នាក់ងារខ្ញុំ ព្រះរាជការចាស់ជាមួយគ្នា ជឿទុកចិត្តថា សំដីបោកប្រាស់នេះជាសំដីពិតប្រាកដណាស់ ទើបលោកមានប្រសាសន៍ថា ៖
ការណ៍នេះបើអ្នកស្លូតត្រង់ស្មោះចំពោះនឹងព្រះបរមបពិត្រជាម្ចាស់ផែនដីមែន យើងនឹងជួយទំនុកបម្រុង ក្រាបបង្គំទូលព្រះអង្គឱ្យអ្នកបានសេចក្តីគាប់ទៅជាខាងក្រោយ ប៉ុន្តែជាន់នេះ តាមច្បាប់អាជ្ញាសឹក យើង នឹងខានដាក់ក្តីនាំខ្លួនឯងទាំងអស់គ្នាទៅថ្វាយព្រះអង្គពុំបានឡើយ ។ ឧកម៉ឺនសុរិន្ទកែវ និងបក្សពួកក៏ព្រម ឱ្យដាក់ក្តីតាមច្បាប់អាជ្ញាសឹក ។ ចៅពញាឧទ័យធិរាជថាហើយ ក៏បង្គាប់នាយកង នាយទ័ពឱ្យដាក់ក្តីឈ្មោះទាំង២០២នាក់ ហើយចាត់ បម្រើឱ្យនាំខ្លួនទាំង២០២នាក់នេះ ទៅក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រដែលស្តេចគង់នៅក្នុងបន្ទាយ ស្ទឹងសែន ដើម្បីសុំព្រះរាជវិនិច្ឆ័យតាមច្បាប់ ទាហានទាំង២០២នាក់បានទៅដល់ព្រះអង្គហើយ ក៏ក្លែង ធ្វើជាក្រាបយំអណ្តឺតអណ្តករអាក់រអួលពន់ប្រមាណ ។ សម្តេចព្រះស្រីសុគន្ធបទរាជាពេលនោះ ព្រះអង្គចេញគង់ចុងព្រះរាជរោងរម្យ ជួបជុំអស់នាម៉ឺនមន្ត្រី សេនាបតី មន្ត្រីតូចធំ ខ្ញុំរាជការនៅបន្ទាយស្ទឹងសែន លុះព្រះអង្គទតឃើញបម្រើចៅពញាឧទ័យធិរាជ ថ្វាយសំបុត្រចម្លើយទាហានទាំង២០២នាក់ នោះ ហើយ ទ្រង់ក៏ត្រាស់បង្គាប់មន្ត្រីខាងទាហាន ក្រុមមឿង ទាហានរក្សាព្រះអង្គ និងក្រុមមហាផ្ទៃឱ្យពិចារណាសួរកត់យកចម្លើយ ឈ្មោះទាំងនោះ ហើយឱ្យយកទៅសូត្ររាយការណ៍ថ្វាយទ្រង់ព្រះសណ្តាប់។ មន្ត្រីទាំង៣ក្រុមក៏ធ្វើតាមព្រះរាជបង្គាប់ ។ លុះឃើញថា ចម្លើយរបស់ទាហានទាំង២០២នាក់នោះ ត្រូវដូចចម្លើយក្នុងសំបុត្រចៅពញាឧទ័យធិរាជហើយ ព្រះបរម បពិត្រទ្រង់ព្រះអាសូរដល់ចៅពញាយោធាសង្គ្រាមណាស់ ទ្រង់ក៏លើកទោសដោះក្តីទាហានទាំង២០២នាក់ នោះចេញ ។ ទ្រង់ទុកអ្នកទាំងនោះជាមន្ត្រីទាហានរក្សាព្រះអង្គតទៅ ។ បន្ទាប់មកទ្រង់ព្រះរាជទានប្រាក់ ឧកម៉ឺនសុរិន្ទកែវ៥ជញ្ជីង ឱ្យចៈម៉ឺនចៃចុងរ៉ាក់៤ជញ្ជីង ឱ្យទាហាន ទាំង២០០ នាក់ ៥តម្លឹងៗម្នាក់ ។
មហាឧបរាជកនភូសម្រេចក្រស័ត្រសឹក កាលឧកម៉ឺនសុរិន្ទកែវគ្រងងារជាយមរាជរត់ចេញទៅហើយនោះ ក៏លើកទ័ពទៅចោមវាយបន្ទាយចៅពញាឧទ័យធិរាជយ៉ាងសាហាវ ។ ចៅពញាឧទ័យធិរាជ ក៏ឱ្យកងទ័ព ទទួលតតាំងច្បាំងតាំងពីព្រឹកលុះដល់ថ្ងៃរសៀលជិតព្រលប់ទើបឈប់ ។ កងទ័ពខាងចៅពញាឧទ័យធិរាជ ស្លាប់អស់យ៉ាងច្រើន ។ ចៅពញាឧទ័យរាជាធិរាជយល់ថា ទ័ពខាងស្តេចកនច្រើនលើសកំលាំងណាស់ នឹងទ្រាំច្បាំងតទៅទៀតពុំបាន លុះវេលាយប់ក៏នាំកងទ័ពដោះថយទៅស្ទឹងសែន ហើយឱ្យរៀបព្រះទីនាំង នាវា ទូកចំណុះនិងទូកចម្លង ត្រៀមទុកដើម្បីនឹងអញ្ជើញព្រះបរមបពិត្រឱ្យស្តេចនាំគ្រប់គ្រួ ទៅគង់នៅ ឯខេត្តពោធិ៍សាត់វិញ ។
នៅវេលាយប់នោះ សម្តេចព្រះស្រីសុគន្ធបទជាអម្ចាស់ផែនដី ស្តេចចូលក្រឡាបន្ទំ ទ្រង់ព្រះសុបិន និមិត្តឃើញថា ព្រះអង្គចុះស្រង់ក្នុងទឹកស្ទឹងសែនថាវេលានោះមាននាគរាជមួយ មកខាំពាំព្រះអង្គ ហើយពន្លិចព្រះអង្គទៅក្នុងគង្គា អត់មានមន្ត្រីណាជួយព្រះអង្គដល់ម្នាក់សោះ ថាក្នុងពេលនោះ ស្តេចឃើញ ដូចជាសម្តេចព្រះវររាជបិតាមកដាស់ ហៅព្រះអង្គថា ឯងទៅនៅនឹងអញ ថាស្តេចនាគរាជនោះកុំឱ្យឯងតនឹងវាអី ថាវានោះដល់កំណត់ព្រះចន្ទរះមកពីទិសខាងលិចកាលណា វាក៏នឹងរលាយរូបទៅក្នុងកាលនោះដែរ។ ទ្រង់ព្រះសុបិនតែប៉ុណ្ណឹងហើយ ទ្រង់តក្កមាខ្លាំងណាស់ ក៏តើនចាកក្រឡាបន្ទំ។ លុះដឹង ព្រះអង្គស្រេច ស្តេចចេញទៅខាងក្រៅត្រាស់ហៅព្រះបុរោហិត និងហោរាមកថ្វាយព្យាករណ៍ ។ ព្រះហោរា ធិបតីថ្វាយព្យាករណ៍ថា ការណ៍ដែលព្រះអង្គនិមិត្តឃើញនាគខាំពាំព្រះអង្គនាំទៅក្នុងទឹកស្ទឹងសែននោះ ត្រូវត្រង់ស្តេចកននាំអ្នកជា មកប្រមាថព្រះអង្គបាន ។ ថាត្រង់ដែលឃើញសម្តេចព្រះវររាជបិតាមកស្រែកហៅព្រះអង្គនោះ ទំនាយថាព្រះអង្គគង់នៅទីនេះពុំបានទេ។ ថាបើចៅពញាឧទ័យធិរាជ ឱ្យរៀបព្រះទីនាំង ឱ្យថយទៅខេត្តពោធិ៍សាត់នោះ ឃើញជាត្រូវណាស់ សូមព្រះអង្គទ្រង់ធ្វើតាមចុះ។ ថាត្រង់ដែល ព្រះចន្ទរះមកពីទិសខាងលិចកាលណានឹងរលាយរូបនាគនោះ ទំនាយថាអ្នកមានបុណ្យក្នុងព្រះត្រកូល នឹង ចេញមកពីទិសបស្ចឹម ក៏មកប្រាមប្រាប់ឱ្យរលាយព្រះស្តេចកននេះពុំខានឡើយ ។
កាលដែលហោរាទំនាយថានោះត្រូវជាថ្ងៃ ១៨កើត ខែជេស្ឋ ឆ្នាំវក ចត្វាស័ក ព.ស ២០៥៦ គ.ស ១៥១២ ម.ស ១៤៣៤ ច.ស ៨៧៤ ។ ផែនដីព្រះសុគន្ធបទនេះ បើកើតពីត្រឹមកាលដែលព្រះអង្គស្តេច សោយរាជ្យជាសុខនោះបាន៥ឆ្នាំ ស្តេចធ្វើសង្គ្រាមបាន៤ឆ្នាំ បូករួមទៅត្រូវជា៩ឆ្នាំ ព្រះជន្មវស្សា៣៤ឆ្នាំ។
ក្នុងគ្រាដែលហោរាកំពុងព្យាករណ៍នោះ ឧកម៉ឺនសុរិន្ទកែវ គ្រងងារយមរាជមួយ ចៈម៉ឺនចៃចុងរ៉ាក់មួយ នាំទាហាន២០០នាក់ ចូលទៅស្រែកថា មានការណ៍ធំណាស់ៗ សូមក្រាបបង្គំគាល់ ។ ខណៈនោះ ព្រះបរមបពិត្រទ្រង់តើនឡើងទើបតែនឹងគង់ស្រង់ព្រះអង្គ ទាហានទាំងពីរកាយនេះចូលដល់ផ្ទាល់ព្រះអង្គ ហើយកាប់ត្រូវព្រះអង្គជាទម្ងន់។ ព្រះបរមបពិត្រទ្រង់ស្រែកហៅក្រុមរក្សាព្រះអង្គ ឱ្យចូលមកជួយ ក្រុមរក្សាព្រះអង្គស្ទុះចូលទៅ កូនទាហានទាំង២០០នាក់នោះទទួលកាប់ចាក់គ្នា និងក្រុមរក្សាព្រះអង្គ នោះជាឧឡារិក ។ សូរសន្ធឹកនេះឮដល់ចៅពញាយមរាជ ដែលជាបិតាលៀងនៃចៅពញាយសរាជា ជាព្រះរាជបុត្រ តែចៅពញាយមរាជលើកទៅជួយពុំទាន់ ព្រះបរមបពិត្រក៏សុគតទៅ។ កាលព្រះបរមបពិត្រ ព្រះអង្គសុគតទៅ ចៅពញាយមរាជអញ្ជើញចៅពញាយសរាជាលើកព្រះសពព្រះបិតាបញ្ចុះនៅទីសមគួរ ហើយនាំសេនាទាហានខ្លះចេញមកកាប់អាក្បត់ស្លាប់អស់៣០នាក់ ស្លាប់ខាងទ័ពហ្លួង ជាង១០០នាក់ ។
ចំណែកឯមហាឧបរាជកនវិញ កាលព្រឹកឡើងដឹងថា ចៅពញាឧទ័យធិរាជនាំកងទ័ពរត់ចោលបន្ទាយហើយ ក៏លើកកងទ័ពទៅដល់បន្ទាយទ័ពហ្លួង ។ ឯទ័ពហ្លួងដែលគ្មានមេកងត្រួតត្រា កាលឃើញទ័ពស្តេចកន មកដល់ហើយ ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយទៅ។ ឯចៅពញាយមរាជកាលេដញកងទ័ពឧកម៉ឺនសុរិន្ទកែវ រត់ខ្ចាត់ខ្ចយ្ចាអស់ហើយ ក៏ចេញមកទទួលច្បាំងនឹងទ័ពអាសត្រូវកនទៀត តែច្បាំងពុំបាន ក៏ចៅពញាយសរាជា ចុះទូករត់ទៅ ។
អានបន្ត : ព្រះស្តេចកន ភាគ៣
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon