Tuesday, May 9, 2017

ព្រះស្តេចកន ភាគ៣



ក.ក.ន ៖ ហ្លួងព្រះ ស្តេចកន គឺជាអ្នកធ្វើបដិវត្តមួយនាសម័យដែលគ្មាននរណាអាចប៉ះពាល់ដល់ ព្រះរាជតំរិះរបស់ ស្តេចបាន ។ ការជំរុញឱ្យ ស្តេចកន តស៊ូធ្វើសង្គ្រាមជាមួយស្តេច គឺដោយសារតែ ស្តេចបានយកសុបិនរបស់ខ្លួនមក ចងអាឃាតសម្លាប់ ស្តេចកន ដែលគ្មានកំហុសថា ជាអ្នកជ្រែក រាជ្យ ហេតុនេះទើបមានការរត់គេចហើយបង្កជាទ័ព ធ្វើចំបាំងជាមួយស្តេច ។ នេះជាប្រវត្តិសាស្ត្រ មួយតែប៉ុណ្ណោះ ដែលគ្មាននរណាកាឡៃព្រឹត្តិការណ៍ដែលបានកើត ឡើងរួចទៅហើយនោះបានទេ 

ផែនដីព្រះស្តេចកន

លុះដល់ខេត្តមហានគរហើយ ចៅពញាយមរាជក៏សុំយកដំរីសេះ ពីចៅហ្វាយស្រុកនោះ មកដើម្បីរត់ទៅ ក្រុងទេព(ប្រទេសសៀម) ។ ចៅពញាយមរាជ លុះធ្វើដំណើរដល់ពាក់កណ្តាលផ្លូវក៏ឈឺអនិច្ចកម្មទៅ។ អស់មុខមន្ត្រីក្រមការមហាតលិករៀបដាក់ស្នែង បញ្ចុះសពនៅទីសមគួរហើយក៏នាំគ្នា អញ្ជើញចៅ ពញាយសរាជាចូលទៅក្រុងទេព។

នេះនឹងស្រដីអំពីសម្តេចព្រះឥសីភ័ទ្ទ (សួស)ថា កាលដែលបន្ទាយសម្រោងបែកទ័ពនោះ សម្តេចព្រះ ឥសីភ័ទ្ទ ព្រមគ្នានិងស្ម័គ្របក្សពួកអញ្ជើញយកព្រះខ័នរតនមង្គល ព្រះលំពែងជ័យ និងគ្រឿងបញ្ចោក្សត្រ ចុះទូកនាំហែទៅដល់ពាក់កណ្តាលផ្លូវ ។ នៅទីនោះ គាត់គិតថា បើអញទ្រាំទៅដល់ស្រុកសៀម មុខជា សៀមមិនឱ្យអញត្រឡប់មកវិញទេ។ លុះគិតដូច្នោះហើយ សម្តេចព្រះឥសីភ័ទ្ទ ក៏ធ្វើជាចូលទូកទៅ បន្ទោបង់ឧច្ចារ (ដោះទុក្ខសត្វធំ) ក្នុងព្រៃ ។ លុះទូកទីនាំងនាំចៅពញាយសរាជាហួសទៅ សម្តេចព្រះ ឥសីភ័ទ្ទ គាត់ក៏បត់ក្បាលទូកនោះចែវត្រឡប់មកត្រើយខាងលិចវិញ ហើយក៏ឡើងគោកចោលទូកនោះទៅ យកតែព្រះខ័នរាជ្យ និងលំពែងជ័យ ព្រះកៅទណ្ឌសរនោះវេចសយ្ពារត់ទៅដល់ចុងខេត្តបាទី (គឺស្រុកកណ្តាលស្ទឹងសព្វថ្ងៃនេះ ព្រោះសម័យពីដើមស្រុកកណ្តាលស្ទឹង, ស្អាង, សំរោង, ភ្នំស្រួច, ភ្នំស្រង់, គងពិសី ទាំងអស់នេះនៅក្នុងខេត្តបាទីដែរ) ។ នៅទីនោះសម្តេចព្រះឥសីភ័ទ្ទក៏ពួនលាក់ខ្លួនមិនឱ្យនរណាដឹងឡើយ ឯព្រះខ័នរាជ និងលំពែងជ័យ និងគ្រឿងបញ្ចោក្សត្រនោះ សម្តេចព្រះឥសីភ័ទ្ទយកទៅលាក់ទុកនៅក្នុងរន្ធនៃប្រហោងដើមចំបក់មួយ ។

ចំណែកចៅពញាយសរាជា ជាព្រះរាជបុត្រព្រះស្រីសុគន្ធបទនោះ ព្រមទាំងបណ្តាជាខ្ញុំ ក្រុមមហាតលិកនាំ ព្រះអង្គរត់ទៅដល់ស្រុកសៀមហើយ ក៏ចូលទៅនៅនឹងសម្តេចចៅពញាចន្ទរាជា ជាព្រះបិតុលា ហើយថ្វាយ បង្គំយំខ្សឹកខ្សួលទូលពីរឿងដែលអា (កន) ព្រះស្តេចគិតប្រទូស្តរ៉ាយក្លែងឧបាយក្បត់ផែនដី ។ ទ្រង់ថ្លែង សេចក្តីពីសម្តេចព្រះវររាជបិតាក្ស័យព្រះជន្មនៅស្ទឹងសែនសព្វគ្រប់ប្រការ ។

សម្តេចព្រះបរមរាជាមហាឧបរាជ ទ្រង់ព្រះសណ្តាប់ទ្រង់មានសេចក្តីអាល័យសម្តេចព្រះជេដ្ឋាណាស់ ។ ទ្រង់នឹកតូចព្រះទ័យ នឹងការចាញ់ឧបាយកលអាកនព្រះស្តេច ដែលវាចេញក្បត់ផែនដីទាល់តែអន្តរាយដល់ ព្រះអង្គព្រះជេដ្ឋា ស្តេចទ្រង់ព្រះកន្សែងទាំងពីរអង្គទាំងមុខមន្ត្រីក៏សោកយំគ្រប់គ្នា ។ លុះបន្ទោសោក ស្រេច សម្តេចព្រះបរមរាជា មហាឧបរាជស្តេចនាំចៅពញាយសរាជាចូលគាល់ សម្តេចព្រះមហាចក្រពត្តិ “ស្តេចសៀម” ទូលរឿងសព្វគ្រប់ ហើយទូលពីសម្តេចព្រះរៀមសុគតគ្រប់ប្រការ រួចទូលសុំកងទ័ពលើកទៅចាប់អា (កន) ព្រះស្តេចប្រហារជីវិតឱ្យបាន។ ព្រះមហាចក្រពត្តិទ្រង់ប្រារឰនឹងក្រស័ត្រទាំងពីរព្រះអង្គ ហាក់ដូចជាឈឺឆ្អាលណាស់ថា ចាំយើងចាត់សេនា ទាហានឱ្យលើកទៅជួយបង្ក្រាបអាក្បត់នោះ ឱ្យវិនាសឆាប់ៗកុំបីក្មួយ កុំបីចៅព្រួយព្រះទ័យឡើយ ។

រីឯមហាឧបរាជកនភូសម្រេចរាជការមហាកស័ត្រសឹក កាលបានជ័យជំនះឈ្នះ ព្រះមហាក្សត្រហើយ ក៏ទ្រើសចិត្តពន់ប្រមាណណាស់ ហើយឱ្យសម្តេចចៅហ្វាកៅ ត្រូវជាមា និងនាយកង នាយទ័ព លើកទៅ សង្កត់ខេត្តឱ្យរាបទាបទាំងអស់ គឺខាងជើងទល់នឹងនគរលាវ នឹងលិចទល់នឹងនគរសៀម ខាងកើត ទល់នឹងនគរចាម ខាងត្បូងទល់នឹងសមុទ្រ ។ លុះសង្កត់បានរាបទាបហើយ ចៅហ្វាកៅក៏តាំងចៅហ្វាយ ស្រុកឱ្យនៅរក្សា ខេត្តយ៉ាងមាំមួន រួចទើបត្រឡប់មករកមហាឧបរាជកនវិញ ។ មហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹកបានដឹងថា អាណាខេត្តរាបទាបអស់ហើយ ក៏មានចិត្តត្រេកអរណាស់ឱ្យលើកកងទ័ពត្រឡប់មកក្រុងស្រីសន្ធរវិញ ។ មហាឧបរាជលុះចូលទៅក្នុងព្រះរាជវាំងហើយ ក៏តាំងសម្តេចចៅហ្វាកៅជាមាឱ្យជាធំ សម្រេចរាជការខាងទាហាន។ ក្រៅពីនោះស្តេចកន តាំងឱ្យជាសេនាបតី មន្ត្រីតូចធំ តាមមានគុណបំណាច់រាល់រូប ។ លុះរៀបសេនាបតី រួចស្រេចហើយ មហាឧបរាជកនក៏ប្រកាសថា បើអ្នកណារកព្រះខ័នរាជ្យមកថ្វាយបាន នឹងឱ្យរង្វាន់ជាមាស៥០០តម្លឹង តែពេលនោះគ្មានអ្នកណារកឃើញសោះ ។ ស្តេចកនឱ្យធ្វើព្រះខ័នរាជ្យថ្មីមួយវិចិត្ររចនាដោយសុវណ្ណរ័តន៍ រួចស្រេចហើយសម្តេចចៅហ្វាកៅ និងអស់សេនាបតី មន្ត្រីតូចធំ ខ្ញុំព្រះរាជការ ជំនុំព្រមគ្នារៀបពិធី ប្រាប្តាភិសេក មហាឧបរាជកនឱ្យឡើងសោយរាជ្យសម្បត្តិគ្រប់គ្រងក្រុងកម្ពុជាធិបតីតទៅ ។

ព្រះមហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹក (កន) បានឡើងប្រាប្តាភិសេកសោយរាជ្យសម្បត្តិ ក្នុងឆ្នាំ វក ចត្វាស័ក ព.ស ២០៥៦ គ.ស ១៥១២ ម.ស ១៤៣៤ ច.៨៧៤ ក្នុងព្រះជន្មាយុ២៩ឆ្នាំ ក្នុងវាំង បាសាន ខេត្តស្រីសឈរ ទ្រង់ព្រះនាមជាព្រះបាទសម្តេចព្រះស្រីជេដ្ឋាធិរាជរាមាធិបតីក្រុងស្រីសឈរ បាសាន ។ ស្តេចលើកព្រះរាជវង្សានុវង្ស និងពលព្រះស្រីរតនត្រ័យទាំងអស់ឱ្យឡើង សម្តេចចៅហ្វាកៅ ដ្បិតសម្តេចចៅហ្វាមានគុណបំណាច់ បានជួយច្បាំងមានជ័យ ហើយបានដើរសង្កត់រាបទាំងអាណាខេត្ត។ ស្តេចលើកលែងឱ្យយកសួយសារអាករមួយរដូវតាមបុរាណប្រវេណីដែលផ្លាស់ផែនដីថ្មី។ ផែនដីព្រះមហា ឧបរាជកនក៏សុខសប្បាយរៀងមក ។

លុះមកដល់ឆ្នាំ ច ឆស័កព.ស ២០៥៨ គ.ស ១៥១៤ ម.ស ១៤៣៦ ច.ស ៨៧៦ សម្តេចព្រះស្រីជេដ្ឋា បរមបពិត្រ ទ្រង់ព្រះតម្រិះថា យើងជាស្តេចផ្លាស់វង្សថ្មី គប្បីគិតឱ្យមានជាប់នៅព្រះកេរ្តិ៍ ទីដំណែលព្រះរាជធានីថ្មីនេះតទៅ ទើបមានសេចក្តីល្បាញឮនាមច្បាស់ប្រាកដទៅអនាគត ។ លុះទ្រង់ព្រះតម្រិះយល់ដូច្នេះ ហើយ ទ្រង់ត្រាស់បង្គាប់សម្តេចចៅហ្វាកៅ ជាមា ឱ្យកេណ្ឌប្រមូលរាស្ត្រប្រជាគ្រប់គ្រួលើកពីក្រុង បាសានទៅទិសខាងកើត ។ លុះដល់ទៅភូមិចន្លក់ដូនតី ព្រះស្រីជេដ្ឋា ស្តេចឱ្យសាងក្រុង ហើយគង់នៅទីនោះបាន៥ខែ។ ថ្ងៃមួយព្រះអង្គទៅពលីការទេវតានៅដើមព្រះពោធិ រួចហើយស្តេចត្រឡប់មកដំណាក់វិញ ។ យប់នោះទ្រង់ផ្ទំលក់ទៅ ទ្រង់ព្រះសុបិននិមិត្តឃើញថា ទ្រង់បានឮសន្ធឹកអ្វីពីទិសខាងលិច ថាទ្រង់ឈរទត ព្រះនេត្រាគ្រប់៥ម៉ោងឃើញខែរះប៉ប្រះមាត់ព្រៃ ហើយឃើញតាចាស់ម្នាក់ឈរនៅទីនោះ ស្រែកប្រាប់មកព្រះអង្គថា ៖

“ស្តេចពុំត្រូវនៅទីនេះទេ ត្រូវតែនៅឯភូមិស្រឡប់ទើបបានសុខ ថាទៅមុខគង់តែនឹងដឹងទៀត” ។ លុះចប់ ព្រះសុបិននិមិត្តហើយ ស្តេចតើនឡើងក៏យល់ថា ព្រះអាទិត្យរឿងរះប្រពៃណាស់ ។ ពេលនោះទ្រង់ចោល ទីចន្លក់ ហើយលើកគ្រប់គ្រួទៅនៅភូមិស្រឡប់ ចុងខេត្តត្បូងឃ្មុំ ទល់ដែនខេត្តបាភ្នំ សមគួរជាទីពិជ័យ ភូមិល្អ។ នៅទីនោះ ទ្រង់ចាត់ការលើកដីដុតឥដ្ឋ ដុតកំបោរ ដុតក្បឿង និងស្បូវអំបែង តាក់តែងលើកកំផែង ជីកគូ ជីកអូរ តាំងបន្ទាយធំខ្ពស់ ក្រាស់ក្រួនមាំមួនធំទូលាយណាស់ ល្មមធ្វើសឹកកាន់ឆ្នាំបាន ។ លុះធ្វើការស្រេចហើយ ស្តេចឱ្យសាងប្រាសាទព្រះរាជមន្ទីរ ត្រឡែងកែងចុងរោង រោងជួង រោងទង រោងទីនាំង រោងឃ្លាំង និងសួនឧទ្យានមានគ្រប់ប្រការ ។ ស្តេចចាប់ធ្វើការតែពីរឆ្នាំបានរួចជាស្រេច ។ តែទីនោះឥតទឹកទេ ទើបទ្រង់ព្រះបង្គាប់ឧកញ៉ាវៀងមួយ ឧកញ៉ាវាំងមួយ ឧកញ៉ាលំពាំងមួយ ឧកញ៉ាស្រាលមួយ ឱ្យជីកស្រះធំកណ្តាលកំផែងព្រះនគរមានជ្រុង៤។ លុះជីកបានទឹកស្រេច ស្តេចសន្មតជ្រុងមួយៗឱ្យហៅថា កំពង់វៀង ជ្រុងមួយទៀតហៅថាកំពង់វាំង កំពង់ទី៣ ហៅថាកំពង់លំពាំង កំពង់ទី៤ហៅថាកំពង់ស្រាល គ្រប់ចតុស្តម្ភ(សេនាបតី)ទាំង៤ ។ អាស្រ័យហេតុទាំងនេះហើយ ទើបបានជាកំពង់ទាំង៤នោះមានជាប់ ឈ្មោះឧកញ៉ាទាំង៤នោះរហូតមកដល់សព្វថ្ងៃនេះ ។

ស្តេចកនកសាងនគរធំមាំមួនជាងនគរចាស់ ហើយបានរួចរហ័សឆាប់ទៀតផង ព្រោះរាស្ត្រស្រុះស្រួលណាស់ កេណ្ឌតែម្នាក់ចូលជួយជាពីរជាបីនាក់។ លុះស្ថាបនារួចស្រេចហើយ ស្តេចតាំងព្រះនគរនោះយកនាមភូមិ ដើមមកផ្សំនឹងពាក្យថ្មី ហៅថាក្រុងស្រីសន្លប់ដូនតីព្រៃនគរបវររាជធានី ។ ទ្រង់ឱ្យឧកញ៉ាស្រាល ចាប់ត្រីតូចធំយកទៅលែងក្នុងស្រះ ក្នុងគូស្នាមភ្លោះជាច្រើន ឱ្យឧកញ៉ាលំពាំងតាំងខ្លោងព្នៀតដំរី (ធ្វើក្រោលដំរី)។ ស្តេចឱ្យឈ្មោះវាលដែលស្តេចទៅប្រពាតដេញសត្វនោះថាវាលបានធំ (ខ្លះថាវាលចន្ទំ) ព្រោះជាវាលដែលស្តេចដេញសត្វបានច្រើន ឱ្យឈ្មោះបឹងមួយដែលស្តេចទៅប្រពាតមច្ឆា ពុំបាននោះឱ្យ ហៅថាបឹងស្មូរជន។ ព្រះអង្គឱ្យសាងព្រះវិហារសីមាជាច្រើន។ ទ្រង់ឱ្យតាំងទ្រទូងរដ្ឋទាំង៧ គឺព្រះសង្ឃ បរិនាយកមួយ ព្រះអរិយកស្សបមួយ ព្រះឯកសត្ថាមួយ ព្រះពុទ្ធឃោសាមួយ ព្រះធម្មឃោសាមួយ ព្រះវិបស្សនាមួយ ព្រះបវរសេត្ថាមួយ។ ព្រះទ្រទូងរដ្ឋទាំង៧នេះ ព្រះអង្គឱ្យនៅគង់ចាំព្រះវស្សាក្នុង អាវាសមួយៗរាល់ព្រះអង្គ ។

ព្រះស្រីជេដ្ឋា ដែលយាងមកគង់នៅក្រុងសន្លប់ដូនតីព្រៃនគរនោះបានតែបីឆ្នាំ រាស្ត្រ ប្រជា អ្នកបរទេស ចូលមកនៅកុះកុំជុំជិត ប្រកិតគ្នាច្រើនក្រៃគណនាពុំបានឡើយ លើសពីផែនដីមុនពីរភាគ ព្រះនគរក៏សុខ សប្បាយសម្បូរណ៍គ្រប់។ ព្រះអង្គឱ្យបោះប្រាក់ស្លឹង មាសស្លឹង ត្រារូបនាគឱ្យរាស្ត្រចាយ ហើយព្រះអង្គ សព្វព្រះហឫទ័យល្បែងស្រី ទតរាំ របាំ មហោស្រពតូរ្យតន្ត្រីណាស់ ។

នេះនឹងនិយាយអំពីសម្តេចព្រះឥសីភ័ទ្ទ នោះថា ៖

កាលស្តេចឥសីភ័ទ្ទទៅលាក់ខ្លួនពួនអាត្មា ក្នុងព្រៃជាយូរទៅអាសូរព្នងជាខ្ញុំ (សម័យពីដើមគេចាប់ព្នង មកលក់ឱ្យធ្វើជាខ្ញុំគេ) ក៏ស្លាប់ទៅទៀត នៅតែម្នាក់ឯង ក្រីក្រលំបាកណាស់ ។ លុះបានដឹងដំណឹងថា “ស្តេចកនបានសោយរាជ្យ ហើយបានប្រកាសឱ្យរកព្រះខ័នរាជ្យ និងគ្រឿងបញ្ចោក្សត្រ ថាបើនរណារក ឃើញហើយយកទៅថ្វាយស្តេចកន ស្តេចកននឹងប្រទានរង្វាន់ជាមាស៥០០តម្លឹង“ ដូច្នេះ ឥសីភ័ទ្ទ ក៏មាន ចិត្តលោភក្នុងសន្តានអាត្មា ដោយគិតថា បើយើងយកវត្ថុទាំងនេះទៅថ្វាយស្តេចកនទៅ មាសប្រាក់ក៏បាន យសសក្តិក៏បាន យើងនឹងទុករតនមង្គលទាំងនេះទៅក៏អាសារឥតការដែរ កាលណាឡើយសម្តេច ចៅពញាចន្ទរាជា និងសម្តេចចៅពញាយស រាជាទាំងពីរព្រះអង្គនឹងបានត្រឡប់មកវិញនោះ ។ គិតយល់ ដូច្នេះហើយសម្តេចឥសីភ័ទ្ទ ក៏ដើរតែម្នាក់ឯងទៅដល់ដើមចំបក់ធំនោះ ហើយខំប្រវាឡើង បានដល់ប្រគាប មួយ សម្តេចឥសីភ័ទ្ទរៀបនឹងលូកដៃយកព្រះខ័ននោះ ក៏ស្រាប់តែឃើញពស់មួយយ៉ាងធំលូនឡើងទៅលើ ដើមចំបក់នោះដែរ ។ ពស់នោះរង់ចាំនឹងចឹកសម្តេចឥសីភ័ទ្ទ ។ សម្តេចឥសីភ័ទ្ទឃើញពស់ក៏ភ័យញ័ររន្ធត់ ភ្លាត់ដៃធ្លាក់ចុះមកបាក់កស្លាប់ក្នុងព្រៃនោះ ឥតមានអ្នកឯណាឃើញសោះឡើយ ។ ខ្មោចនោះចំណេរ មកឯអនាគត ក៏ទៅជាបិសាចចាំរក្សាព្រះខ័ននៅទីនោះរៀងមក ។

នេះនឹងសានិយាយទៅខាងដើមបន្តិចវិញ កាលសម្តេចព្រះស្រីសុគន្ធបទសុគតទៅនោះ នៅក្នុងច.ស ៨៧៤ ឆ្មាំវក ចត្វាស័ក ។ កាល ច.ស ៨៧១ ឆ្នាំម្សាញ់ ឯកស័កនោះ សម្តេចពញាចន្ទរាជា ស្តេចយាងទៅគង់នៅក្រុងទេពបាន៣ឆ្នាំ ។ ដល់មកឆ្នាំវក ចត្វាស័កនោះ ទើបព្រះចៅពញាយសរាជារត់ទៅដល់ ក៏គង់នៅជាមួយសម្តេចចៅពញាចន្ទរាជា ជាព្រះបិតុលា ព្រមទាំងស្តេចក្រាបទូលព្រះបិតុលាថា ក្រុងកម្ពុជាធិបតីនោះ ព្រះស្តេចកនលុកសម្តេចព្រះស្រីសុគន្ធបទជាសម្តេចព្រះបរមរាជបិតា ដែលត្រូវជាព្រះបរមជេដ្ឋា ព្រះអង្គនោះសុគតទៅហើយ។ សម្តេចចៅពញាចន្ទរាជា ទ្រង់ព្រះសណ្តាប់ហើយទ្រង់ព្រះវិយោគអាឡោះ អាល័យ ព្រះបរមសពពន់ប្រមាណ ។ ស្តេចចង់តែត្រឡប់មកក្រុងកម្ពុជាវិញ ដើម្បីសម្លាប់ស្តេចកនសង សឹកថ្វាយព្រះជេដ្ឋា ។ ស្តេចទន្ទឹងចាំតែព្រះចៅចក្រពត្តិ ដែលបានព្រមថា នឹងជួយទំនុកបំរុងព្រះអង្គ ដោយថ្វាយទ័ពដល់ព្រះអង្គ ឱ្យនាំទៅក្រុងកម្ពុជាវិញនោះ ក៏មិនឃើញចាត់កងទ័ពមកថ្វាយសោះទេ។ តាំងពីថ្ងៃនោះមក សម្តេចចៅពញាចន្ទរាជាអន្ទះសារក្នុងព្រះអង្គ រកតែកលនឹងដោះមកក្រុងកម្ពុជាវិញ តែរកពុំទាន់បាននោះឡើយ។ បើយើងគិតពីត្រឹមស្តេចចៅពញាចន្ទរាជាទៅគង់នៅក្រុងសៀមពីឆ្នាំ ម្សាញ់ ឯកស័ក ព.ស២០៥៣ គ.ស ១៥០៩ ម.ស ១៤៣១ ច.ស ៨៧១ ឆ្នាំជូត នព្វស័ក មកដល់ព.ស ២០៥៩ គ.ស ១៥១៥ ម.ស ១៤៣៧ ច.ស ៨៧៧ ឆ្នាំកុរ សប្តស័កនេះឃើញថា ព្រះអង្គគង់នៅស្រុកសៀម បាន៧ឆ្នាំហើយ ។ ឆ្នាំជូតនោះមានដំរីសមួយ កំពស់៤ហត្ថ នៅស្រុកកាញ្ចនបុរី ។ មានហ្មសៀមម្នាក់ ឈ្មោះពាម នាំស្ម័គ្របក្សពួកទៅចោមទាក់ដំរីនោះ តែទាក់ពុំបាន ។ ដំណឹងនេះជ្រាបដល់ព្រះចៅ ចក្រពត្តិ(ស្តេចសៀម) ព្រះចៅកើតព្រះទ័យចង់បានដំរីនោះណាស់ តែទ្រង់នឹងរកអ្នកណាជាទំនុកទុកព្រះទ័យល្មមជាទីសង្ឃឹមថា បើឱ្យចេញទៅធ្វើការនេះថ្វាយពុំបាន ។ ខណៈនោះមន្ត្រីសៀមទាំងប៉ុន្មាន ដែលគង់គាល់ទូលថា ក្នុងចំណោមរាជវង្សានុវង្សក្តី មន្ត្រីទាំងពួងក្តី ទូលព្រះបង្គំ មិនឃើញមានអង្គណា ឬអ្នកណាម្នាក់ដែលស្ទាត់ជំនាញខាងកាន់អាវុធស្មើនឹងចៅពញាចន្ទរាជាបានទេ ការនេះបើទ្រង់ ព្រះកុរណា ពិសេសស្តេចប្រើចៅពញាចន្ទរាជាឱ្យចេញទៅធ្វើការថ្វាយការនោះនឹងបានសម្រេចជាមិនខាន ។
ព្រះចៅចក្រពត្តិទ្រង់ព្រះសណ្តាប់ហើយ ទ្រង់ព្រះអំណរណាស់ ទ្រង់ក៏ត្រាស់សុំឱ្យសម្តេចព្រះអង្គចន្ទស្តេច ជួយយកអាសារផង ។ សម្តេចចៅពញាចន្ទរាជាក្រាបទូល ទទួលទៅទាក់ដំរីនោះយកមកថ្វាយតាមព្រះរាជតម្រិះ ។ ព្រះចៅចក្រពត្តិមានព្រះទ័យត្រេកអរណាស់ទ្រង់ត្រាស់បង្គាប់ឱ្យកេណ្ឌ យកធ្នាក់ យកហ្ម ទៅទាក់ដំរីសនោះតាមសព្វព្រះទ័យរបស់សម្តេចចៅពញាចន្ទរាជា ។ សម្តេចចៅពញាចន្ទរាជាទាក់បាន ដំរីនោះមកថ្វាយព្រះចៅចក្រពត្តិព្រះអង្គទ្រង់ព្រះអំណរណាស់ ទ្រង់សរសើរឫទ្ធី ចំណេះវិជ្ជា ផ្សេងៗ ហើយទ្រង់ព្រះរាជទានរង្វាន់ជាច្រើន ដល់សម្តេចចៅពញាចន្ទរាជា ទើបទ្រង់ប្រទាននាមដំរីសនោះ ជាគជេន្ទ្រ នរោត្តម ។

សម្តេចព្រះមហាឧបរាជចៅពញាចន្ទរាជា កាលទាក់ដំរីបានហើយនោះ ទ្រង់យល់ថា បានឱកាសហើយ ទើបទ្រង់ក៏ក្រាបទូលថា សូមបង្គំលាសម្តេចព្រះចៅចក្រពត្តិទៅបង្ក្រាបអាស្តេចកន ដែលក្បត់ញាំញី ព្រះពុទ្ធសាសនានូវព្រះបរមរាជវង្សានុវង្ស បណ្តាលឱ្យបែកខ្ចាត់ខ្ចាយអស់ ថាបើព្រះអង្គនឹងបង្អង់យូរទៅ ឃើញថាពុំបានឡើយ ។ សម្តេចព្រះចៅចក្រពត្តិបានទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ថា កុំឱ្យក្មួយរួសរាន់ពេក ចាំដល់ឆ្នាំក្រោយៗ មានឹងឱ្យជូនទៅជាមិនខាន ។ ទ្រង់ត្រាស់តែម៉្លោះហើយ ព្រះចៅចក្រពត្តិស្តេចក៏ចូលទៅខាងក្នុងព្រះ ក្រឡាបន្ទំទៅ ។ ចៅពញាចន្ទរាជាបានឮដូច្នោះក៏យល់ថា ព្រះចៅចក្រពត្តិមិនព្រមបើកឱ្យព្រះអង្គទៅឆាប់ឡើយ។ លុះទ្រង់ ត្រឡប់ពីគាល់ដល់ទៅដំណាក់វិញ ស្តេចទ្រង់ព្រះចិន្តាថា បើអញនឹងចាំលាព្រះចៅដោយស្រួលនោះ មុខជាស្តេចសៀមនេះមិនបើកឱ្យអញទៅទេ។ ដូច្នេះមានតែអញគិតឧបាយកលយ៉ាងណាមួយ ឱ្យស្តេចនេះ ចាញ់កលអញវិញម្តង ទើបអញបានទៅស្រុកវិញឆាប់ ។ ទ្រង់ព្រះចិន្តាយល់ដូច្នោះហើយ ទើបទ្រង់ព្រះ បង្គាប់បណ្តាពួកក្រុមជាខ្ញុំព្រះអង្គ១៥នាក់ឱ្យយកឈើឆ្លាក់ធ្វើជាជើងដំរីយ៉ាងធំៗ៤ ហើយយកទៅលប សង្កត់ដីឱ្យមានជាស្នាមដូចជាជើងដំរីមែនទែន រួចឱ្យយកលាមកដំរីញាត់ក្នុងជាល ធ្វើឱ្យបានជាដុំធំៗលុះ បានជាដុំៗហើយ ឱ្យរលាក់ចេញពីជាល ហើយឱ្យយកទៅទំលាក់រាយចោលជាច្រើនកន្លែង ។ ការធ្វើ យ៉ាងនេះ ដើម្បីឱ្យប្រកបនឹងដានជើងធំនោះឱ្យដូចជា ដំរីទាំងពួងជុះមែនៗ។ ទ្រង់ផ្តាំថា បើដល់ដើម ឈើណាល្មមជាដំរីឈរស្របបាន ឱ្យពួកបណ្តាជាខ្ញុំទាំងនោះ យកដីភក់ទៅលាប ហើយឱ្យយករោមចៀម ពីរបីសរសៃសៀត នឹងសំបកឈើធ្វើជារោមដំរីត្រដុសនឹងដើមឈើមែនៗ ។
ផែនដីព្រះស្តេចកន

ទ្រង់បញ្ជាទៀតថា បើធ្វើដូច្នេះរួចហើយឱ្យពួកក្រុមបណ្តាជាខ្ញុំទាំងនោះដើរបង្ហួសកន្លងដានទៅទិស ឦសាន ដល់ទៅខេត្តនាងរងស្រុកនគររាជ ហើយខ្លួនឯងទាំង១៥នាក់ ត្រូវស្រូតរូតទៅបញ្ចុះបញ្ចូល ប្រជារាស្ត្រនៅស្រុកនាងរង នាងផ្អែក ចុងកាល ស្រុកទំនប់ ទុងកែ ទឹកជោរ មង្គលបុរី នគររាជសីមា បាត់ដំបងឱ្យបានមកជួបជុំចាំអញនៅទីបន្ទាយ។ ទ្រង់ផ្តាំទៀតថា បើកាលណាដើរតាមផ្លូវនោះទៅ ហើយមានគេសួរឯងអំពីដំណើរនោះ ឯងត្រូវប្រាប់គេថា ឯងបានឃើញដំរីសមួយ សដូចសំឡីកំពស់ ប្រហែល១០ហត្ថ បានជាដើរតាមរកមើលឱ្យច្បាស់ទីលំនៅវា។

អស់បណ្តាជាខ្ញុំទាំង១៥នាក់ ក៏ចេញទៅធ្វើការតាមត្រាស់បង្គាប់គ្រប់ប្រការ ។ លុះកន្លងមកគ្រប់មួយខែ អស់ចៅមឿង (មេឃុំ) ចៅបាន(មេភូមិ) ក្នុងដែនសៀមខាងទិសកើតបានដំណឹងថា មានដំរី.សមួយ ក្នុងស្រុកភូមិរបស់ខ្លួនក៏អរណាស់ ទើបនាំគ្នាចូលព្រៃទៅពិនិត្យមើល តែមើលឃើញតែដានជើង និង លាមកវាធំក្រៃលែងនឹងដំរីទាំងពួងមែន មើលទៅលើដើមឈើខ្លះ ក៏ឃើញមានរោមសសុទ្ធ សដូចជាសំឡី ជាប់នៅលើដើមឈើនោះច្រើនអន្លើមែន ។ ចៅមឿង ចៅបាន ទាំងអស់នោះ ក៏ប្រញាប់ប្រញាល់ ធ្វើសំបុត្របកប្តឹងចូលទៅសេនាបតី, យកសេចក្តីក្រាបទូលព្រះចៅចក្រពត្តិ, ព្រះចៅចក្រពត្តិទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ ។ ថ្ងៃមួយស្តេចចេញគង់ព្រះរាជរោងរម្យជួបជុំ ព្រះរាជបុត្រាធម៌ គឺចៅពញាអុង ដែលត្រូវជារាជបុត្រានៃព្រះស្រីរាជា“ខ្មែរ” និងព្រះវង្សាសេនាបតីមន្ត្រីទាំងពួង ក្រាបបង្គំគាល់ ត្រៀបត្រា ទើបស្តេចត្រាស់សួរថា ឈ្មោះណានឹងទទួលយកអាសាទៅតាមដំរីប្លែកនោះបាន ?

អស់រាជសេវកាមាត្យសៀមក្រាបទូលថា ទូលព្រះបង្គំយើងខ្ញុំទាំងឡាយ ឃើញតែចៅពញាចន្ទរាជា តែមួយប៉ុណ្ណោះ ដែលជាអ្នកក្លាហានមានតម្រិះខាងទាក់ដំរីនោះជាងគេ។ ម៉្យាងវិញទៀតចៅពញាចន្ទរាជានេះ ក៏បានធ្វើការទាក់ដំរីថ្វាយរៀងមកហើយផង ។

សម្តេចចៅពញាចន្ទរាជា ឮទីប្រជុំឆ្លើយដូច្នោះ ក៏យល់ថា បានដូចគំនិតព្រះអង្គហើយ ទើបក្រាបទូលថា ៖

តាមសំបុត្រច្រើនច្បាប់ ដែលចៅហ្វាយស្រុកច្រើនស្រុកប្តឹងចូលមកនោះ ដំរីនោះធំខ្ពស់ដល់ទៅ១០ហត្ថ ហើយបើតាមដំណឹងក្រៅសំបុត្រទៀតថា ដំរីនោះមានបរិវារគោតស្ត (គោតគឺដំរីឥតភ្លុកឥតចែ. ស្ត=ដំរី ឈ្មោលឥតភ្លុក មានតែចែ) នៅថែរក្សាជាច្រើនលើសដំរីទាំងពួង ទាំងសម្បុរ ទាំងកម្ពស់ទៀត ក៏ល្អគួរ ឱ្យចេតនាគួរតែទូលព្រះបង្គំយកចិត្តទុកដាក់គិតយកដំរីនោះ មកទុកជាមង្គលព្រះនគរថ្វាយឱ្យបាន។ កាល ដែលខ្ញុំព្រះរាជការទាំងឡាយជំនុំយល់ព្រមថា យកទូលព្រះបង្គំជាខ្ញុំឱ្យទទួលអាសានឹងទៅទាក់យកដំរីនោះ មកថ្វាយឱ្យបានទៀតក៏ជាការគួរសមណាស់ហើយ ។ ក៏ប៉ុន្តែបើដំរី.សនោះ មានបរិវារធំច្រើនលើស ដំរីមុនណាស់ ដូច្នេះសូមសម្តេចព្រះរាជទានពល ៥.០០០នាក់ ដំរីធ្នាក់ ១.០០០ និង កាំភ្លើងធ្នូ ស្នា សាស្ត្រាវុធ សំរាប់បាញ់បង្អើលដំរីកាចៗដែលនៅរក្សាដំរី.សេនាះច្រើនណាស់ ឱ្យវាខ្លាចហើយចៀសចេញទៅ ។

ម៉្យាងវិញទៀត ដោយឃើញថាការទាក់ដំរីនោះ មុខជាធ្វើអសពេ់លវេលាជាច្រើនផង ក្រែងរេហ៍ពលពុំគ្រប់គ្រាន់ ស្បៀងអាហារនឹងកើតចលាចលការ ក៏ពុំបានសម្រេចទៀត ។ ហេតុដូច្នេះទូលព្រះបង្គំជា ខ្ញុំសូមព្រះរាជទានស្បៀងអាហារឱ្យបានគ្រប់គ្រាន់ផង សូមព្រះរាជទានព្រះរាជអាជ្ញាឱ្យបានមាំមួនទៀត ទើបទៅធ្វើការនោះបានសម្រេចថ្វាយ ។ ព្រះចៅចក្រពត្តិបានទ្រង់ព្រះសណ្តាប់ហើយ ទ្រង់ព្រះអំណរណាស់ ទើបទ្រង់ព្រះរាជទានព្រះសែង (គឺដាវ ស្រោមស អ្នកកាន់ដាវនេះមានអំណាចកាប់សម្លាប់បានតាមចិត្ត) ហើយត្រាស់បង្គាប់ឱ្យចៅពញាចក្រី កេណ្ឌពលពាហនៈថ្វាយតាមសុំកុំបីខាន។ ឧកញ៉ាចក្រី ក៏ចាត់ការថ្វាយព្រះចៅចន្ទរាជា តាមព្រះរាជបង្គាប់ នៃព្រះពុទ្ធចៅមហាចក្រពត្តិគ្រប់ប្រការ ។

ចៅពញាចន្ទរាជាកាលបានពល និងស្បៀងអាហារ ព្រមទាំងព្រះរាជអាជ្ញា ព្រះសែងអាជ្ញាសឹកគ្រប់អស់ហើយ ក៏ថ្វាយបង្គំលាចេញមកក្រៅ ។ ក្នុងគ្រានោះព្រះអង្គសុវណ្ណខាក់លោក ស្តេចនៅក្នុងក្រុងស្រីអយុធ្យានោះដែរ ទើបសម្តេចចៅពញាចន្ទរាជាស្តេចយាងទៅថ្វាយបង្គំព្រះអង្គសុវណ្ណខាក់លោក គឺពញាអុងរាជា ដែលត្រូវជាព្រះរៀម ព្រះអយ្យកោមួយនឹងព្រះអង្គ (សូមជ្រាបថា ពញានេះត្រូវជា ព្រះរាជបុត្រនៃព្រះស្រីរាជា, ព្រះស្រីរាជាត្រូវជាសម្តេចព្រះជេដ្ឋា ព្រះអនុជមានព្រះអយ្យកោមួយ ជាមួយគ្នា) ។ សម្តេចចៅពញាចន្ទរាជា ស្តេចក្រាបទូលថា អ្នកបងលែងគិតស្រុកយើងហើយ ឬក៏បាន គង់នៅព្រងើយមិនអើពើនឹងរឿងអាក្បត់ឈ្មោះកនយកព្រះរាជសម្បត្តិបានដូច្នេះ ? ទ្រង់ពុំស្តាយ ព្រះរាជវង្សមហាក្សត្រ និងគ្រងព្រះមហានគរទេឬ ? ព្រះអង្គសុវណ្ណខាក់លោកទ្រង់ឆ្លើយថា ៖

“អូនអើយ បងមកនៅក្រុងទេពនេះជាឈ្លើយព្រះពុទ្ធចៅទេ ។ ព្រះពុទ្ធចៅ ស្តេចពុំយកទោសបង ស្តេចប្រោសបងឱ្យបងគ្រងស្រុកសុវណ្ណខាត់លោកនេះ ជាខេត្តធំស្មើនឹងខេត្តព្រះរាជបុត្រទៅហើយ។ បងបានប៉ុណ្ណេះហើយ បងក៏បានសុខណាស់ហើយ។ បើបងបានសុខដូច្នេះហើយ បងនឹកគិតរកសុខឯណាទៀត ។ ចំណែកឯស្រុកខ្មែរវិញ បងលែងនឹករលឹកអាឡោះអាល័យហើយ តាមតែអ្នកអូនគិតចុះ” ។

សម្តេចចៅពញាចន្ទរាជា ស្តេចដឹងព្រះរាជហឫទ័យចៅពញាអុងយ៉ាងនេះហើយ ទ្រង់មិនហ៊ានត្រាស់សួរតទៅទៀត ក្រែងរឿងនេះពុំបានស្ងាត់នឹងនាំឱ្យខូចការណ៍ ។ ដូច្នេះហើយទ្រង់ពុំបានត្រាស់ទៅវិញឡើយ ទ្រង់គង់ក្រសាលបន្តិច ក៏ថ្វាយបង្គំលាវិលមកដំណាក់វិញ ។ មកដល់ដំណាក់ហើយទ្រង់នឹកតែក្នុងព្រះទ័យថា ឱអ្នកបងអុងអើយ បានសុខហើយត្រឡប់ជាភ្លេចស្រុកទេសអស់ ។ ស្តេចបណ្តោយឱ្យ អាអ្នកងារញ៉ាំញីព្រះរាជត្រកូលតាមចិត្តឥតឈឺចាប់ ក្នុងព្រះទ័យសោះ ។ ទ្រង់ព្រះវិតក្កតែប៉ុណ្ណោះ ក៏ស្ងៀមនៅមិនសួរនាំតទៅទៀតទេ ។

លុះមកដល់ថ្ងៃ ១០ រោច ខែផល្គុន ឆ្នាំ ជុត អដ្ឋស័ក ព.ស ២០៦០ គ.ស ១៥១៦ ម.ស ១៤៣៨ ច.ស ៨៧៨ នោះចៅពញាចន្ទរាជា មានព្រះជន្មវស្សា៣៦ឆ្នាំ ទ្រង់រៀបចំចាត់ចែងព្រះរាជដំណើរ ស្តេចនាំ ចៅពញាយសរាជា និងបណ្តាជាខ្ញុំលើកពលសៀមស្រូតរូតតាមស្នាមជេងីដំរីទាំងយប់ទាំងថ្ងៃ ពុំមានឈប់ឈរសោះ ។ លុះធ្វើដំណើរបាន ៧ថ្ងៃ ស្តេចក៏ទៅជិតដល់ដែនស្រុកខ្មែរហើយ ស្តេចទ្រង់ព្រះរាជចិន្តាថា អញមកដល់នេះហើយ បើទុកជាព្រះចៅចក្រពត្តិបានដឹងថា អញរត់ហើយលើកទ័ពមកតាម ក៏តាមពុំទាន់ដែរ ។ ទើបទ្រង់ឱ្យធ្វើសំបុត្របកដាក់ទាំងរោមចៀម ដាក់ទាំងរោមចាមរីស ដែលជាប់នៅដើមឈើ គូរទាំងស្នាមជើងលាមក និងកំពស់ដំរីនោះឱ្យបម្រើសៀមនាំវិលទៅថ្វាយព្រះចៅ រួចហើយ ព្រះអង្គក៏លើកទ័ពចេញមកទៀត ។

ព្រះចៅចក្រពត្រាធិរាជ (ស្តេចសៀម) កំពុងទ្រង់បារម្ភពីរឿងដរីំនោះក្រែងបាន មិនបានយ៉ាងណា លុះបម្រើនាំសំបុត្រទៅដល់ហើយ ទ្រង់ត្រាស់សួរថា ឥឡូវក្បួនទាក់ដំរីដល់ណាហើយ ?

បម្រើក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោសក្រោមល្អងធូលីព្រះបាទ ក្បួននោះបានទៅជិតដែនកម្ពុជាហើយ ។

កាលទ្រង់ព្រះសណ្តាប់ចម្លើយ ដែលបម្រើក្រាបទូលហើយ ព្រះចៅចក្រពត្តិនឹកគ្នាន់ក្នុងព្រះទ័យណាស់ ទើបត្រាស់សួរព្រះអង្គសុវណ្ណខាក់លោកថា ចៅពញាចន្ទរាជា ទៅទាក់ដំរី.សនោះ ហេតុអ្វីក៏ស្រូតរូតទៅឯ ដែនកម្ពុជាទៅវិញ ។ បើដំរីនៅក្នុងដែនប្រទេសយើងឯណេះទេ? ការនេះនាំឱ្យអញសង្ស័យណាស់ ។
ផែនដីព្រះស្តេចកន


ព្រះអង្គសុវណ្ណខាក់លោកក្រាបទូលថាៈ

ចៅពញាចន្ទរាជានេះមានចិត្តមានះណាស់ មានស្មារតីរឹងប៉ឹង ហើយចិត្តក៏រឹងរូស កានវ់ង្សត្រកូលណាស់ទៀត ។ តាំងពីចៅពញាយសរាជា មកប្រាប់ថា អាព្រះស្តេចកន សម្លាប់បិតាយកព្រះនគរហើយនោះ ទូល ព្រះបង្គំឃើញកិរិយារបស់ចៅពញាចន្ទរាជា ខឹងក្តៅនឹងអាកនខ្លាំងណាស់។ មិនតែប៉ុណ្ណេះសោត កាលមុន នឹងចេញដំណើរនេះចៅពញាចន្ទរាជា ក៏បានសួរទូលព្រះបង្គំថា អ្នកបងលែងនឹកស្រុកទេសហើយឬយ៉ាងនេះផង។ ការដែលចៅពញាចន្ទរាជាទៅហើយ ស្រូតរូតយ៉ាងនេះ ទូលព្រះបង្គំក៏យល់ឃើញថា ចៅពញាចន្ទ រាជាលើកទ័ពទៅវាយអាព្រះស្តេចកនពុំខានឡើយ គឺមិនមែនទៅទាក់ដំរីដូចត្រាស់បង្គាប់ទេ ។

ព្រះចៅចក្រពត្តិទ្រង់ជ្រាបដូច្នោះហើយ ទ្រង់ព្រះពិរោធខ្លាំងណាស់ ទ្រង់ត្រាស់ប្រើម៉ឺនពេជ្រដាវិចិត្រឱ្យ នាំទាហានសេះ៣០នាក់ លើកទៅតាមសម្តេចចៅពញាចន្ទរាជា ហើយទ្រង់ផ្តាំថា បើចៅពញាចន្ទរាជា ពុំព្រមត្រឡប់មកទេ ឱ្យឯងប្រាប់ពលទាំង ៥០០០ នាក់នោះឱ្យត្រឡប់មកវិញឱ្យខាងតែបានមក ។

ម៉ឺនពេជ្រដាវិចិត្របានទទួលព្រះរាជបញ្ជាហើយ ក៏ថ្វាយបង្គំលានាំទាហានសេះ ទាំង៣០នាក់លើកតាមទៅ។

សម្តេចចៅពញាចន្ទរាជា ព្រះអង្គស្រូតរូតមកដល់ដែនខេត្តប្រទេសខ្មែរហើយ ក៏ទ្រង់បញ្ចុះបញ្ចូលអាណាប្រជានុរាស្ត្រ តាំងពីទល់ដែនរៀងមកបានពល១.៨០០នាក់ ។ ស្តេចលើកទ័ពទាំងអស់មកដល់ខេត្តទឹកជោរ ហើយទ្រង់បានជួបបណ្តាជាខ្ញុំ ដែលប្រើមុនមកនោះ ។ បណ្តាជាខ្ញុំទាំងនោះបានរេហ៍ពល២០០នាក់ផ្សំគ្នា ជា២.០០០នាក់ ហើយស្តេចលើកកងទ័ពខ្មែរ-សៀមចូលវាយបន្ទាយខេត្តនគរសៀមរាប បានរហ៍ពលថែម ទៀតរួមទាំង៧.០០០នាក់ផងត្រូវជា១០.០០០នាក់ ហើយលើកចូលទៅក្នុងបន្ទាយមហានគរ ។ ខណៈនោះ ម៉ឺនពេជ្រវិចិត្រ នាំទាហានសេះ៣០នាក់ដល់មកជិតមហានគរហើយ ដោយសួរគេឯងតាមផ្លូវទៅបានដំណឹងថា ចៅពញាចន្ទរាជានាំរេហ៍ពលខ្មែរ-សៀម ចូលមកតាំងក្នុងមហានគរបាន៣ថ្ងៃហើយ ។ ម៉ឺនពេជ្រ ដាវិចិត្រក៏នាំទាហានទាំង៣០នាក់នោះចូលទៅមហានគរ ហើយក៏បានឃើញសម្តេចចៅពញាចន្ទរាជា ប្រថាប់លើផែនសិលាជាមួយនឹងសេនាទាហានសៀម-ខ្មែរកំពុងអង្គុយគាល់ត្រៀបត្រា។ រំពេចនោះ ម៉ឺន ពេជ្រដាវិចិត្រទូលថា ព្រះពុទ្ធចៅត្រាស់ប្រើទូលព្រះបង្គំឱ្យមកតាមទ្រង់ឱ្យទ្រង់លើកពលត្រឡប់ទៅវិញ ឱ្យឆាប់ ។ ថាអំពីរឿងទាក់ដំរី.សនោះសូមទ្រង់បង្អង់សិនចុះ ។ សម្តេចចៅពញាចន្ទរាជាដឹងកលយល់ការណ៍ថា សៀមលើកតាមមកហើយ ទ្រង់ក៏ហូតព្រះសែងអាជ្ញាសឹក ដែលព្រះចៅចក្រពត្តិព្រះរាជទានមកនោះ ហើយមានព្រះមធុរសវាចាសន្ធាប់ថា នេះគឺជាអាជ្ញាសឹកព្រះចៅប្រទានមកឱ្យអញពេញអំណាច ឱ្យអញធ្វើនាទីពីរយ៉ាងគឺ មួយឱ្យតាមទាក់ដំរី.ស ម៉្យាងទៀតឱ្យអញ ទៅចាប់អាព្រះស្តេចកន ថ្វាយព្រះអង្គ។ ខ្លួនឯងនេះឬមានអំណាចលើសដាវអាជ្ញាសឹកនេះ ? សំដី ដែលឯងថា ព្រះចៅសៀមឱ្យមកតាមអញនេះ តើព្រះរាជឱង្ការ ឬចុតហ្មាយឯងនៅឯណា យកមកឱ្យអញមើល? បើឯងមិនយកមកឱ្យអញទេ អញទុកឯងជាអ្នកក្លែងព្រះរាជឱង្ការ ទុកឯងជាបង្ខូចសង្ខានរាជការផែនដី ហើយអញត្រូវកាត់ក្បាលឯងដោតជាបម្រាម ព្រមទាំងគូកនផង។ ទ្រង់សន្ធាប់ម្តងទៀតថា តើព្រះរាជឱង្ការឬចុតហ្មាយឯងនោះនៅឯណា មកយកឱ្យអញមើល ?

ម៉ឺនពេជ្រដាវិចិត្រ និងកូនទាហានជំនិត៣០នាក់ដែលខ្លួននាំមកនោះ គ្មានព្រះរាជឱង្ការរបស់ព្រះចៅជាទីអាងទេ ។ លុះឃើញព្រះសែងអាជ្ញាសឹកហើយទាហានសៀមទាំង៣០នាក់ និង៥.០០០នាក់ដែលមកតាមសម្តេចចៅពញាចន្ទរាជា នោះក៏ភិតភ័យតក់ស្លុតលត់ជង្គង់សូមព្រះរជាទានទោសគ្រប់ៗគ្នា ។ សម្តេចចៅពញាចន្ទរាជាយល់ឃើញថា ចាញ់សម្ញែងអាជ្ញាសឹកត្រូវតាមព្រះទ័យហើយ ទ្រង់ព្រះអំណរណាស់ ទ្រង់ត្រាស់ថា អស់ឯងរាល់គ្នាទាំង៣០នាក់ វិលទៅវិញចុះ ទៅក្រាបទូលព្រះចៅថា ដែលទ្រង់ប្រោសលៀង រក្សាអញជាង៧ឆ្នាំនេះ ជាព្រះគុណលើអញខ្លាំងណាស់ រកអ្វីមកប្រៀបផ្ទឹមពុំបានទេ ។ មិនតែប៉ុណ្ណោះ សោតកាលអញត្រឡប់មកស្រុកនេះ ទ្រង់ឱ្យរេហ៍ពល៥.០០០នាក់ ដំរីធ្នាក់មួយរយជូនមកទៀត នេះក៏ជាព្រះគុណធ្ងន់លើសលែងទៅទៀត ។ ប៉ុន្តែឥឡូវនេះអញនៅក្រណាស់ អញនឹងរកអ្វីថ្វាយទៅវិញឱ្យបាន សមគួរនឹងព្រះគុណនោះគ្មានទេ។ ដូច្នេះសូមឱ្យព្រះចៅទ្រង់កុំពិរោធឡើយ ។ ថាបើដល់អញឈ្នះ ហើយចាប់អាព្រះស្តេចកនបានទាំងខ្លួនវា បានទាំងផែនដីមកវិញកាលណាអញនឹងនាំពលសៀម ដែលទ្រង់ប្រទានមកនេះ និងសួយសារមកក្រាបបង្គំទូលថ្វាយតាមសំដីដែលអញបានក្រាបបង្គំទូលទុកជាសម្ងាត់ ស្រាប់នោះ ។ ពួកពលទាំង ៥០០០នាក់បានឮព្រះរាជបរិហារហើយ ខ្សឹបគ្នាថាចៅពញាចន្ទរាជា នេះបានថ្វាយព្រះចៅ យើងស្រេចហើយ បានជាទ្រង់ត្រាស់ឱ្យយើងទាំង៥.០០០នាក់នេះមកជាមួយព្រះអង្គ ។ ឯម៉ឺនពេជ្រ ដាវិចិត្រ ដែលមកស្រីមាត់ទទេនោះ ប្រហែលជាក្លែងទេ យើងនឹងជឿស្តាប់ផងមិនបានទេ ។ ម៉ឺនពេជ្រដាវិចិត្រឮព្រះបន្ទូល តឿនរកព្រះឱង្ការ ឬចុតហ្មាយជាច្រើនដង ក៏រឹតតែកោតខ្លាចពលទាហាន ៣០នាក់ ដែលមកនោះ ក៏គិតពិនិត្យទៅ ឃើញចិត្តរេហ៍ពលសៀមដែលហែមកមុននោះ ជឿខាងចៅពញាចន្ទរាជា ច្រើនជាជាងខ្លួនអស់ទៅហើយ បើនឹងគិតធ្វើ តាមព្រះចៅទ្រង់ព្រះបណ្តាំនោះឃើញថាមិនកើតទេ ។ ដូច្នេះម៉ឺនពេជ្រដាវិចិត្រក៏នាំទាហានជំនិះ ៣០នាក់ នោះត្រឡប់ ទៅក្រុងទេពវិញទៅ ។ ក្រោយទាហានសេះត្រឡប់ទៅវិញ សម្តេចចៅពញាចន្ទរាជាទ្រង់លើកកងទ័ពទៅដល់ ក្រុងបាត់ដំបង ហើយទ្រង់ក៏ចាត់ឱ្យនាយទ័ពដើរបញ្ចុះបញ្ចូលរាស្ត្រក្នុងខេត្ត។ ខណៈនោះពញាមនោមេត្រីចៅហ្វាយស្រុក បាត់ដំបងបានដឹងថា ចៅពញាចន្ទរាជា ជាព្រះរាជត្រកូលស្តេចខ្មែរត្រឡប់មកដល់ហើយ ក៏ចូលទៅថ្វាយបង្គំ ថ្វាយរេហ៍ពល ១០.០០០នាក់ និងស្បៀងអាហារ ១.០០០ រទេះទៀត ។ សម្តេចចៅពញាចន្ទរាជាទ្រង់ព្រះអំណរណាស់ ស្តេចគង់សម្រាក កម្លាំងរេហ៍ពល នៅក្នុងខេត្តនោះបីថ្ងៃ ហើយស្តេចក៏លើកឆ្លងទៅតាំងបន្ទាយនៅខេត្តពោធិ៍សាត់ ។ ចំណែកឯសម្តេច ចៅពញាសួគ៌ាលោកចៅហ្វាយស្រុកខែត្រពោធិ៍សាត់ ដែលជាមន្ត្រីខាងសម្តេចព្រះស្រីជេដ្ឋា (កន) បានដឹងដំណឹងនេះ ហើយក៏កេណ្ឌពលទុកបំរុងការ។ លុះបានពល៤០.០០០នាក់ហើយ ពញាសួគ៌ា លោកក៏ឱ្យរក្សានាទីភាគបន្ទាយ រាយល្បាត តាមច្រកផ្លូវស្រាប់ ទើបបកសំបុត្រប្តឹងចូលមកេសនាបតីក្នុងក្រុងសន្លប់ពិជ័យព្រៃនគរ។ រីឯចៅពញាមឿងវិញលុះបានដឹង ថា ចៅពញាចន្ទរាជាស្តេចត្រឡប់មកដល់ស្រុកបាត់ដំបងហើយ ក៏ដើរបញ្ចុះបញ្ចូលស្ម័គ្របក្សពួកដែលចូលក្នុងកងទ័ព ចៅពញាសួគ៌ាលោកបានច្រើននាក់ ។ កាលបានឃើញចៅពញាសួគ៌ាលោកជំនុំរាជការគិតរឹងទទឹង ពុំព្រមចុះចូលនឹងសម្តេច ចៅពញាចន្ទរាជាទេ ពញាមឿង លុះដល់វេលាយប់ស្ងាត់ ក៏នាំស្ម័គ្របក្សពួកដែលចូលខាងខ្លួនចូលលុក (គឺចូលទៅប្រហារ មិនឱ្យដឹងខ្លួនជាមុន) ចៅពញាសួគ៌ា លោកស្លាប់មួយរំពេច ហើយស្រែកប្រកាសប្រាប់អស់ក្រុមការបណ្តារាស្ត្រថា ៖

សម្តេចចៅពញាចន្ទរាជា ដែលព្រះអង្គលើកទ័ពត្រឡប់ពីស្រុកសៀមមកនោះ ព្រះអង្គជាព្រះរាជត្រកូល នៃសម្តេច ព្រះធម្មរាជា ដែលជាស្តេចទ្រង់ធម៌ហើយ។ ឯស្តេចកនជាចៅហ្វាយរបស់ពញាសួគ៌ា លោកនេះ ខាងម្តាយជាពល ព្រះស្រីរតនត្រ័យសុទ្ធៗ ។
ផែនដីព្រះស្តេចកន
ដូច្នេះ តើអស់អ្នករាល់គ្នានឹងសំពះព្រះ ឬក៏ចង់ថ្វាយបង្គំបាយ៉ាប (ប៉ាយាបគឺអារក្សទឹកសម្រាប់ពួកនេសាទ មច្ឆជាតិគោរព) ថាបើអស់អ្នកពេញចិត្តថ្វាយបង្គំ ព្រះស្រីរតនត្រ័យនោះចូរអ្នកទៅថ្វាយបង្គំចៅពញាចន្ទ រាជា ដ្បិតស្តេចយាងមកដល់ហើយ ត្រូវយើងចេញទៅថ្វាយបង្គំទទួលព្រះអង្គចុះ ។ ថាបើអស់អ្នក ចូលចិត្តចង់សំពះបាយ៉ាបនោះ ចូរអស់អ្នករៀបស្បៀងអាហារនាំបុត្រភរិយា ទៅថ្វាយបង្គំព្រះស្តេចកន កូនពល (ក្នុងពេលដែលប្រទេសយើងនៅមានវណ្ណៈច្រើននៅឡើយ វណ្ណៈពល ជាវណ្ណៈថោកទាបបំផុត ជាពូជអំបូរអ្នកមានទោសដែលមិនអាចលុបលាងបានឡើយ) ព្រះស្រីរតនត្រ័យ ឯបន្ទាយស្រឡប់ពិជ័យ ព្រៃនគរឱ្យឆាប់ចុះ ។

អស់ក្រមការបណ្តារាស្ត្រក្នុងកងទ័ពទងាំ៤០.០០០នាក់ប្លាយ លុះឮពញាមឿងប្រកាស ចេញព្រះនាមសម្តេច ចៅពញាចន្ទរាជា ដូច្នោះហើយហេតុតែជាបុណ្យបារមីនៃព្រះអង្គក៏បណ្តាលចិត្តគ្រប់កងទ័ពទាំងអស់ឱ្យនឹក ស្រឡាញ់អាល័យដល់សម្តេចចៅពញាចន្ទរាជា ពន់ប្រមាណ ហើយក៏ស្រែកប្រកាសតបថា ៖

យើងរាល់គ្នាចូលចិត្តថ្វាយបង្គំព្រះមិនព្រមទៅថ្វាយបង្គំបាយ៉ាបទេ ។ ហេតុនេះ ហើយបានជាមានពាក្យថា “ព្រះមានមិនចង់សំពះ មិនចង់ថ្វាយបង្គំ ម្តេចក៏ចង់សំពះឯបាយ៉ាបទៅវិញ” តាំងពីថ្ងៃនោះមក ។

ចៅពញាមឿង លុះឮរាស្ត្រប្រកាសឆ្លើយតបមកដូច្នោះ ល្មមពេលព្រឹកស្រាងៗហើយ ក៏នាំអស់ក្រមការ និងអស់អ្នកមុខ អ្នកការ បណ្តារាស្ត្រចេញទៅយាងស្តេចធ្វើព្រះរាជដំណើរចូលទៅប្រថាប់ក្នុងបន្ទាយស្រុក។ សម្តេចចៅពញាចន្ទរាជា ស្តេចបានទ្រង់ព្រះសណ្តាប់ហើយមានព្រះអំណរណាស់ ទ្រង់ត្រាស់សួរ សេចក្តីដើមទងគ្រប់សព្វប្រការ។ លុះទ្រង់ជ្រាបហើយ ស្តេចឱ្យលើកទ័ពចូលទៅប្រថាប់ក្នុងបន្ទាយស្រុក ហើយស្តេចហាមកងទ័ពទាំងខ្មែរ ទាំងសៀម មិនឱ្យទៅកំហែងកំហល់រាស្ត្រប្រជាក្នុងស្រុកឱ្យសោះ ដើម្បីកុំឱ្យរាស្ត្រប្រជាមានសេចក្តីក្តៅក្រហាយ ។ ទ្រង់ដាក់បញ្ជាថា “បើឈ្មោះណា ពុំស្តាប់ព្រះរាជឱង្ការនេះទេ ស្តេចនឹងយកទោសដល់ប្រហារជីវិត” ។ ខណៈនោះអស់រាស្ត្រប្រជា ក៏បានសេចក្តីសុខសាន្ត ឥតមានទុក្ខភ័យអំពីពួកពលទាហាន សរសើរព្រះបារមីព្រមទាំងថ្វាយសព្ទសាធុការពរគ្រប់ៗគ្នា ។

សម្តេចចៅពញាចន្ទរាជា កាលដែលទ្រង់ហាមសេនាពលទាហាន មិនឱ្យរំលោភជិះជាន់រាស្ត្រ នាំឱ្យរាស្ត្របាន សេចក្តីសុខកាយសប្បាយចិត្ត ឥតក្តៅក្រហាយយ៉ាងនេះហើយ ទ្រង់ឱ្យរឹបយកទ្រព្យសម្បត្តិរបស់ចៅហ្វាយ ស្រុកដែលចៅពញាមឿងចូលលុកសម្លាប់នោះ មកព្រះរាជទានជារង្វាន់ដល់អស់នាយកង នាយពល ហើយ ទ្រង់ចាត់តាំងចៅពញាមឿងជា “ចៅពញាសួគ៌ាលោក” ចៅហ្វាយស្រុកខេត្តពោធិ៍សាត់, ទាំងតាំងឱ្យធ្វើជា មេទ័ពសម្រេចរាជការគ្រប់ប្រការ ។ រួចទ្រង់តាំងកូនតាមឿងទាំងបួននាក់ឱ្យមានឋានន្តរ សក្តិខ្ពង់ខ្ពស់គឺ ៖
កូនទី១ឈ្មោះ កែវ ឱ្យធ្វើជា “ចៅពញាវង្សាអគ្គរាជ”

កូនទី២ឈ្មោះ អង ឱ្យធ្វើជា “ចៅពញា បរទេសរាជ”
កូនទី៣ឈ្មោះ ទេព ឱ្យធ្វើជា “ចៅពញា វិបុលរាជ”
កូនទី៤ឈ្មោះ សុខ ឱ្យធ្វើជា “ចៅរាជ តេជៈ” ជាមេទ័ពមុខក្រោយឆ្វេងស្តាំ ។

ទើបទ្រង់ចាត់ទាំងបួននាយឱ្យលើកពល ៨០០នាក់ ចេញទៅវាយខែត្រក្រគរ, ខ្លុង, ក្រង ជាមុន ។

ព្រះស្រីជេដ្ឋា (ស្តេចកន) កាលខូចខែត្រពោធិ៍សាត់ហើយ នៅថ្ងៃត្រង់ម៉ោង១១ ស្តេចនាំព្រះស្នំ ក្រុមបរិពារ ចុះស្រង់ទឹកក្នុងស្រះ រួចហើយនាំទៅប្រពាតសួនឧទ្យានកំសាន្តព្រះហឫទ័យ ។ ស្តេចនាំព្រះស្នំ ក្រុមបរិពារយាងរហូតដល់ទីក្រឡាបន្ទំ ដែលមានក្នុងសួនឧទ្យាននោះ ។ នៅទីនោះ ទ្រង់ព្រះសណ្តាប់ ក្រុមភ្លេងមហោរី ក្រុមចម្រៀងច្រៀង, ភ្លុំប៉ី កែវពិរោះពេក បណ្តាលឱ្យភ្លើតភ្លើនព្រះរាជហឫទ័យ ហើយក៏ទ្រង់ទម្រេតព្រះអង្គទៅលើព្រះស្នំជាតិលាវម្នាក់។ លុះទ្រង់ផ្ទុំស្កប់ស្កល់ទៅទ្រង់ព្រះសុបិននិមិត្ត ឃើញថា ៖

“ព្រះចន្ទរះពីទិសខាងលិចលឿនគ្រឿនមកលើប្រាសាទ ហើយក៏បណ្តាលឱ្យកើតភ្លើងឆេះសន្ធោសន្ធៅ លើប្រាសាទ អណ្តាតភ្លើងរាលដាលទូទៅពេញទាំងព្រះនគរ ព្រមទាំងរាលក្តៅដល់ព្រះអង្គផង ព្រះអង្គរត់ ទៅទិសឦសាន ភ្លើងក៏ឆេះរាលក្តៅក្រហាយសព្វព្រះសារពាង្គកាយខ្លាំងណាស់” ។

ទ្រង់បម្រះដឹងព្រះស្មារតីឡើង ក៏ល្មមពេលរសៀលម៉ោង៣ ទ្រង់ក៏តើនចាកព្រះសុបិនឡើងពីក្រឡាបន្ទំ ទ្រង់ក៏ព្រួយព្រះទ័យណាស់ ទើបទ្រង់បញ្ជាឱ្យហៅព្រាហ្មណ៍បុរោហិត និងពិជ័យហោរាក៏ប្រាប់នូវនិមិត្តនោះ គ្រប់ប្រការ ។ ពិជ័យហោរាទូលថ្វាយព្យាករណ៍ថា ៖

“ទ្រង់និមិត្តក្នុងថ្ងៃសៅរ៍ ក្បួនទំនាយថា ត្រូវលើព្រះអង្គហើយ គឺព្រះអង្គនឹងត្រូវទទួលគ្រោះកាច។ តាមព្រះសុបិននេះ ព្រះអង្គនឹងដឹងការណ៍ឆាប់។ ឯព្រះចន្ទដែលរះ ហើយបង្កើតផ្កាភ្លើងឆេះរាលពាសពេញ ទាំងនគរនោះ ទំនាយថា ទ្រង់នឹងមានសត្រូវមកបៀតបៀនលើព្រះអង្គ នាំឱ្យព្រះអង្គថ្លោះការណ៍ធំ ណាស់”។

ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្តាប់ហើយទ្រង់ខ្ញាល់ណាស់ចំពោះពិជ័យហោរា ដែលមិនចេះប្រចុបឱ្យស្រប ព្រះទ័យ ។ ព្រះភក្ត្រទុំទែងពន់ប្រមាណទើបទ្រង់ត្រាស់ថា ហោរាទាយនេះដូចជាក្រៅក្បួនតម្រាហើយ ដូច្នេះចូរបុរោហិតពិនិត្យទាយមើលវិញ តើខាងណាទាយខុស ខាងណាទាយត្រូវ ។ ព្រះបុរោហិតក្នុង រាជត្រកូលយល់ថា “ទំនាយហោរានេះពុំសព្វព្រះទ័យនៃព្រះជ័យជេដ្ឋាទេ” ទើបក្រាបទូលប្រចុបប្រចែង រកផ្លូវឱ្យស្របព្រះរាជហឫទ័យ ហើយក្រាបបង្គំទូលថា ៖ “សូមទ្រង់មេត្តាប្រោស ! សុបិននិមិត្តរបស់ ព្រះអង្គ តាមក្បួនថា ទេវតាមកប្រាប់ឱ្យទ្រង់ជ្រាប ទាំងប្រាំប្រការគឺ ៖

ប្រការទី១-ត្រង់ទតឃើញព្រះចន្ទរះពីទិសខាងលិចនោះទំនាយថា ព្រះអង្គនឹងបានសុខក្សេមក្សាន្ត ត្រជាក់ ត្រជុំ ទាំងអាណាប្រជានុរាស្ត្រ ក៏បានសេចក្តីសុខរុងរឿង ប្រៀបបាននឹងពន្លឺព្រះចន្ទ ។

ប្រការទី២-ត្រង់ព្រះចន្ទចេញជាភ្លើង ឆេះពាសពេញព្រះនគរនោះទំនាយថា ព្រះអង្គនឹងមានអំណាច អាចផ្សាយពេញទាំងប្រទេស ដូចភ្លើងឆេះទូទៅទាំង៨ទិស ។

ប្រការទី៣-ត្រង់ថា ចំហាយក្តៅដល់ព្រះអង្គនោះទំនាយថា នឹងមានសត្រូវមកប្រមាថព្រះនគរ ។

ប្រការទី៤-ត្រង់ទតឃើញថា ព្រះចន្ទពេញបរមីនោះទំនាយថា សត្រូវនោះនៅក្នុងព្រះរាជត្រកូល បង្កើត ហេតុមកពីទិសបស្ចឹម។

ប្រការទី៥-ត្រង់ឃើញថា ព្រះអង្គរត់ទៅទិសឦសាន ហើយភ្លើងនៅតែតាមរោលក្តៅដល់ព្រះអង្គនោះ ទំនាយថា បើកើតមានសត្រូវហើយ សូមព្រះអង្គស្តេចទៅតងាំទ័ពទប់សត្រូវពីទិសឦសាន ទើបនឹងមានជ័យជំនះ ។ សូមទ្រង់ព្រះមេត្តាប្រោស ! ព្រះសុបិននេះល្អទេ កុំព្រួយព្រះទ័យឡើយ” ។

សម្តេចព្រះជ័យជេដ្ឋា ស្តាប់បុរោហិតព្យាករណ៍ថ្វាយហើយ មានព្រះទ័យត្រេកអរខ្លាំងណាស់ តែដើម្បីនឹង រំដោះព្រះគ្រោះខ្លះព្រះអង្គក៏ឱ្យបុរោហិតផ្លុំប្រគំត្រែស័ង្គថ្វាយ ទឹកស័ង្ខ ស្លឹកព្នៅ សៀតព្រះកាណ៌ព្រះអង្គ ព្រមទាំងព្រះរាជទានស្លឹកព្នៅមួយសន្លឹកទៅព្រះរាជបុត្រព្រះជន្ម៥ឆ្នាំ ឱ្យសៀតព្រះកាណ៌ដែរ ព្រោះព្រះអង្គ កំពុងជាប់ព្រះទ័យ នឹងព្រះរាជបុត្រនេះ ហើយព្រះរាជទានរង្វាន់ឱ្យបុរោហិត ដែលទាយត្រូវព្រះទ័យនោះ តាមសព្វព្រះទ័យ ។ លំដាប់តមកទ្រង់ត្រាស់ថា ៖

“អាហោរចង្រៃនោះ វាស្អប់អញ ទើបវាក្លែងទាយឱ្យអញខូចចិត្តទាំងខូចទ្រព្យសម្បត្តិ ដោយវាមាន គោលគំនិតសំងាត់ប្រការណាមួយក្នុងខ្លួនវា “តមកទ្រង់ដៀលត្មះហោរានោះដោយប្រការផ្សេងៗ ។

ពិជ័យហោរា ខំក្រាបទូលដោយជំនះថា “សូមទ្រង់មេត្តាប្រោស សូមព្រះអង្គកុំអាលទ្រង់អរតាមទំនាយ បុរោហិតក្រាបទូលនេះឱ្យសោះ ព្រោះការណ៍ម្តងនេះ ប្រាកដជាមានដូចទូលថ្វាយមិនមែនដូចបុរោហិតនេះទេ” ។
សម្តេចព្រះស្រីជេដ្ឋាទ្រង់ខ្ញាល់នឹងសំដីទូលតបរបស់ហោរានោះណាស់ ទើបទ្រង់ស្ទុះទៅចាប់ព្រះសែង (ដាវ) មកកាប់ហោរា បណ្តាលឱ្យស្លាប់នៅទីនោះមួយរំពេច។ ក្រោយពីនោះមកចំនួន១០ថ្ងៃ ព្រះស្រីជេដ្ឋា ស្តេចចេញចងព្រះរាជរោងរម្យជួបជុំពញាលំពាំងធិបតី សេនាបតី និងមន្ត្រីទាំងពួង ដែលក្រាបបង្គំ ជាយសបរិវារ ។ ខណៈនោះចៅពញាលំពាំងធិបតីក្រាបបង្គំទូលថា ៖

“សូមព្រះអង្គព្រះមេត្តាប្រោស ព្រះពញាចន្ទរាជាបានត្រឡប់មកពីស្រុកសៀមវិញហើយ ឥឡូវស្តេច សង្កត់បានខែត្របាត់ដំបង ហើយឆ្លងមកសង្កត់ខែត្រពោធិ៍សាត់ថែមទៀត ចៅហ្វាយស្រុកពោធិ៍សាត់ បានប្តឹងដោយសំបុត្រចូលមកសុំកងទ័ពអំពីទូលព្រះបង្គំឱ្យទៅជួយជាឆាប់” ។

ចៅពញាលំពាំងធិបតី ក្រាបទូលពុំទាន់ផុតវាចាផង ព្រះរាជវនុកូលក្រាបទូលថា ៖

“សូមទ្រង់ព្រះមេត្តាប្រោស មានសំបុត្រចៅហ្វាយស្រុកខែត្រក្រគរ ប្តឹងទូលបង្គំថា នៅខែត្រពោធិ៍សាត់នោះ ចៅពញាសួគ៌ាលោកអនិច្ចកម្មក្នុងចម្បាំងទៅហើយ ឥឡូវនេះចៅពញាចន្ទរាជាតាំងពញាមឿងមេស្មិល ឱ្យឡើងជាចៅពញាសួគ៌ាលោកហើយ ហើយឱ្យធ្វើជាមេទ័ពសម្រេចរាជការទាំងពួងផងទៀត ចៅពញា ចន្ទរាជា ឱ្យកូនពញាមឿងទាំងបួននាក់នោះធ្វើជាសេនាបតីសម្រាប់ទ្រង់ ហើយឱ្យធ្វើជាបាឡាត់ទ័ពមុខ ក្រោយ ឆ្វេង ស្តាំ លើកមកវាយខែត្រក្រគរទៀត ឥឡូវនេះខែត្រក្រគរបែកហើយ” ។

ព្រះស្រីជេដ្ឋា(ស្តេចកន)ទ្រង់ព្រះសណ្តាប់ហើយ ទ្រង់គ្រវីព្រះសរិសា ហើយមានបន្ទូលថា ៖

“បងចក្រី, ចូរបងឯងចេញទៅជាមេទ័ពធំ កេណ្ឌបណ្តារាស្ត្រខេត្តខាងលិច ហើយលើកយ៉ាងស្រូតរូតទៅ ទប់ទល់ទ័ពរបស់ចៅពញាចន្ទរាជាឱ្យទាន់ការណ៍ សូមបងប្រឹងជួយខ្ញុំឱ្យអស់ពីកំលាំងចិត្តណា៎ ” ។

ពញាចក្រីទទួលព្រះរាជបញ្ជាហើយក្រាបទូលថា “ទូលព្រះបង្គំលើកទ័ពទៅម្តងនេះ បើចាប់បានតួខ្លា ឬមិន បានក៏គង់ខ្លាត្រូវរបួស បង់ជន្មឱ្យរាងចាលជាមិនខានដែរ” ។

ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្តាប់ហើយ ព្រួយព្រះទ័យណាស់ ទ្រង់ព្រះរាជទានលំពែងក្រំមាសមួយជា អាជ្ញាសឹក ហើយឱ្យលើកកងទ័ពទៅតាំងនៅខែត្រលង្វែក ហើយទ្រង់ត្រាស់បង្គាប់សម្តេចចៅហ្វាកៅ ជាមា ឱ្យធ្វើជាមេទ័ពធំ ដោយទ្រង់ប្រទានជាដាវគ្រឿងមាសមួយជាអាជ្ញាសឹក ហើយនឹងពានកន្ថោរទិកោមាស មួយសម្រាប់ជាគ្រឿងសម្រាប់យស និងស្គរហែពីរ សម្រាប់ទូងតាមផ្លូវខែត្រ កំពង់សៀម ។

សម្តេចចៅហ្វាកៅ ទទួលព្រះរាជបញ្ជា ហើយក៏ថ្វាយបង្គំលា លើកទ័ពទៅដល់ខែត្រកំពង់សៀម ហើយ ចេញសំបុត្រទៅកេណ្ឌរេហ៍ពលគ្រប់ខែត្រ ។ លុះបានរេហ៍ ពលគ្រប់ខែត្រមកជួបជុំគ្នាហើយ ចៅហ្វាកៅ ក៏ចាត់ចៅពញាឧទ័យធិរាជចៅហ្វាយស្រុកខេត្តអាសន្នទុក ឱ្យលើកទ័ពកាត់សំដៅទៅខែត្របាត់ដំបង ឆ្លងមកវាយខ្ទប់ពីខាងក្រោយ កុំឱ្យចៅពញាចន្ទរាជារត់រួច។ ចំណែកឯចៅហ្វាកៅ ខ្លួនឯង ជាមេទ័ពធំនោះ លើកទ័ពឆ្លងមកត្រើយខាងលិច ។ រីឯកងទ័ពនៃចៅពញាចក្រី កាលកេណ្ឌរេហ៍ពលបាន៥.៥០០ នាក់ហើយ ក៏ឱ្យចៅពញាតេជោចៅហ្វាយស្រុកខេត្តសំរោងទងលើកទ័ព ១០.០០០ នាក់ ជាទ័ពមុខ ឱ្យចៅពញាមេត្រី ចៅហ្វាយស្រុកភ្នំពេញ កាន់ពល ១០.០០០នាក់ ជាប៉ែកស្តាំ ឱ្យចៅពញាវង្សាអនុជិត ចៅហ្វាយ ស្រុកបាទីកាន់ពល ១០.០០០ នាក់ ជាប៉ែកឆ្វេង ឱ្យព្រះរាជវរានុកូល កាន់ពល ១០.០០០ នាក់ជាទ័ព ក្រោយ។ ឯខ្លួនចៅពញាចក្រីកាន់ពល ១៥.០០០ នាក់ជាទ័ពធំ ។

ទ័ពចៅពញាចក្រី លើកដល់ខែត្រក្រគរ ក៏ប្រទះនឹងទ័ពនៃចៅពញាសួគ៌ាលោកមឿង ។ ចៅពញាសួគ៌ា លោកមឿងយល់ថា “ទ័ពខាងពញាចក្រីលើកមកដល់ហើយ ព្រមទាំងមានពលលើសកងទ័ពខ្លួនច្រើន ចំនួនណាស់ផង, ក៏ចាត់ប្រើចៅពញាវង្សាអគ្គរាជកែវ ជាកូនច្បងឱ្យកាន់ពល ២.០០០នាក់ជាទ័ពមុខ ចៅពញាបរទេសរាជអង ជាកូនទី២ឱ្យកាន់ទ័ព ១.០០០ នាក់ជាប៉ែកស្តាំ, ចាត់ចៅពញាវិបុលរាជ ទេព ជាកូនទី៣ឱ្យកាន់ទ័ព១.០០០នាក់ជាប៉ែកឆ្វេង, ចាត់ចៅពញា រាជតេជៈ សុខ ជាកូនទី៤ ជាទ័ពក្រោយ កាន់ពល១.០០០នាក់។ ឯខ្លួនចៅពញាសួគ៌ាលោក កាន់ពល៤.០០០នាក់ ជាមេទ័ពធំ ហើយចេញទៅត នឹងចៅពញាចក្រី ។

ចៅពញាអគ្គវង្សាអគ្គរាជកែវ ជាកូនច្បង ជាមេទ័ពមុខនោះ ដេញទ័ពឱ្យចូលទៅវាយលុកកងទ័ពចៅ ពញាតេជោ ។ រេហ៍ពលក្នុងកងទ័ពទាំង ២.០០០ នាក់នោះ កាលស្រែកហ៊ោយកជ័យយ៉ាងកងរំពងហើយ ក៏រត់សំដៅចូលទៅលុកកងទ័ពនៃចៅពញាតេជោ វាយកាប់សម្លាប់គ្នាពពាក់ពពូន ស្លាប់ហូរឈាមដូច ទឹកទរ ឬហូរដូចជាស្ទឹង តែទ័ពពញាតេជោពុំព្រមបែកសោះ។ ចៅពញាអគ្គរាជកែវ ឃើញដូច្នោះហើយ ក៏ស្ទុះចូលទៅដេញកាប់ចៅពញាតេជោ ដែលនៅលើខ្នងសេះ ។ សេះចៅពញាតេជោ ដោយឃើញគេ ស្ទុះចូលមកប្រញាប់ពេក ក៏ភ្ញាក់ខ្លួនទៅប៉ះនឹងដើមឈើ បណ្តាលឱ្យធ្លាក់ចៅពញាតេជោពីខ្នងសេះខ្ពោក។ ចៅពញាវង្សាអគ្គរាជឃើញបានចំណាប់ហើយ ក៏កាប់ពញាតេជោស្លាប់មួយរំពេច ។ រេហ៍ពលទាំងសងខាង ក៏ប្រកាប់ប្រចាក់គ្នាច្របូលច្របល់ទៅវិញទៅមកយ៉ាងសាហាវដូចម្រឹគពាឡ មានរបឹងរឹងរូសមិនព្រមចាញ់ គ្នាទៅវិញទៅមកសោះ ។ ចៅពញាវង្សាអគ្គរាជយល់ថា “ពលខ្លួនតិចណាស់ ហើយកងទ័ពខាងសត្រូវ ដែលមានចំនួនច្រើនស្រាប់ទៅហើយនោះ ក៏រឹងតែមកដល់ថែមហើយថែមទៀតផង នឹងយកជ័យតទៅ ទៀតពុំបានឡើយ “ទើបនាំរេហ៍ពលថយមកជម្រាបបិតាតាមដំណើរ ។
ឯចៅពញារាជាមេត្រី ចៅហ្វាយស្រុក ខែត្រភ្នំពេញ និងចៅពញាវង្សាអនុជិតចៅហ្វាយខែត្របាទី ជាមេទ័ព ឆ្វេង ស្តាំ ដែលលើកតាមទ័ពពញាតេជោនោះ ក៏បានប្រទះនឹងកងទ័ពចៅពញាបរទេសរាជ និងចៅពញា វិបុលរាជដែលបង្កប់តាមសងខាងផ្លូវនោះ ។

កងទ័ពចៅពញាបរទេសរាជ និងចៅពញាវិបុលរាជ កាលបើបានប្រទះហើយក៏ដេញពលចូលច្បាំង កាប់ចាក់ ពលនឹងពល ចៅហ្វាយនឹងចៅហ្វាយ ប្រកាប់គ្នាទៅវិញទៅមក ។ ចៅពញាវង្សាអនុជិត ជាចៅហ្វាយ ស្រុកបាទី ក្នុងពេលដែលកំពុងប្រកាប់គ្នាទៅវិញទៅមកនោះ សេះរបស់ខ្លួនផុងជើងចូលក្នុងរណ្តៅផង ច្រឡោតដោយស្នូរកាំភ្លើងផង ក៏បណ្តាលឱ្យធ្លាក់ចៅពញានេះទៅដី ។ មួយរំពេចនោះចៅវិបុលរាជស្ទុះ ចូលទៅកាប់ត្រូវស្មាចៅហ្វាយស្រុកខែត្របាទី បណ្តាលឱ្យគាត់ពិការជាទម្ងន់ ។ អស់សេនាទាហានខាងចៅ ពញាវង្សាអនុជិតនាំគ្នាគ្រាហ៍ចៅហ្វាយខ្លួនគេចបាត់ទៅ ។ ទ័ពស្តាំរបស់ចៅពញាចក្រី កាលបើឃើញថា “នាយទ័ពរបស់ខ្លួនត្រូវរបួសជាទម្ងន់ហើយ” ក៏នាំគ្នារត់ទៅរកកងទ័ពចៅពញាតេជោ ។ មេកងចៅពញា ចក្រី កាលបើដឹងថា “ចៅពញាតេជោស្លាប់ក្នុងសង្គ្រាមហើយ“ ក៏នាំសេនាទាហានទៅទាំងពីរកងទៅប្តឹង ចៅពញាចក្រី។ ចៅពញាចក្រីបានដឹងហើយក៏លើកទ័ពធំតាមមក ។ ចៅពញាចក្រី លុះឃើញកងទ័ព ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញ និងទ័ពពញា បរទេសរាជ និងវិបុលរាជ ជាកូនទី២ និងទី៣ របស់ចៅពញាសួគ៌ាលោក មឿង កំពុងច្បាំងប្រកាប់គ្នាយ៉ាងគឹកកងរំពងខ្លាំងណាស់ ដូច្នោះព្រមទាំងបាន ក្រឡេកមើលពីលើខ្នងដំរីទៅឃើញកូនតាមឿងទាំងពីរនោះក្លាហានណាស់ ក៏នឹកថប់ក្រែងចៅពញារាជា មេត្រីថយថ្វីដៃ របស់កូនតាមឿង ទាំងពីរនាក់ទើបចៅពញាចក្រីដេញរេហ៍ពល ឱ្យចូលទៅជួយច្បាំងថែម ទៀត។

ចំណែកឯចៅពញាសួគ៌ាលោកមឿង, ចៅពញារាជតេជៈ សុខ កូនទី៤ របស់តាមឿង កាលបានដឹងកិច្ចការ ទ័ពទាំងនោះហើយ ក៏លើកទ័ពទៅដែរ ហើយចូលជួយច្បាំងកូនទាំងពីរនាក់នោះទៀត ។ ការប្រយុទ្ធរវាង កងទ័ពខាងចៅពញាចក្រី និងចៅពញាសួគ៌ា លោកមឿង បានប្រព្រឹត្តទៅអស់ពេលដ៏យូរ តែមិនមានខាង ណាអន់ជាងខាងណាឡើយ។ ទ័ពទាំងសងខាងសុទ្ធសឹងតែរបឹងរឹងរួសមោះមុតដូចៗគ្នា ។

អានបន្ត :​ ព្រះស្តេចកន ភាគ៤
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon