Saturday, March 26, 2016

ទឹកចិត្តពោធិកំបោរ ភាគ​ ២





                       ពោធិ​កំបោរ​ឈរ​ជិត​មាត់​បង្អួច​យ៉ាង​ស្ងៀម​ស្ងាត់​ក្រ​សែ​ចក្ខុ​សម្លឹង​មើល​ ពពក ដែល​បន្លាយ​ជើង​ភ្នាយ​កាត់​ទទឹង​មេឃ សឹង​ជា​ប្រផ្នូល​អាក្រក់​សំរាប់​ស្រុក​ទេស​។ មេ​បដិវត្តន៍​ឱន​មុខ​ជ្រប់ គាត់​ដក​ដង្ហើយ​ធំ​ឮ​សូរ​ឃូរ ! ទន្ទឹម​នឹង​គំនិត​ដល់​វាសនា​នៃ​ប្រ​ទេស​ជាតិ​។ ឱ​!… មាតុ​ភូមិ​ខ្មែរ ដែល​អោយ​កំណើត​កើត​ជា​ដល់​រូប​អញ​មក​ប៉ុណ្ណេះ មិន​គួរ​បើ​នឹង​សសៀរ​ទៅ​រក​ហាយ​ន​ភាព ដោយ​សារ​តែ​ហ្លួង លង់​នឹង​រាជ​សម្បត្តិ​ចាត់​ទុក​បារាំង​ជាតិ​សាសន៍​ដទៃ​ជា​អាណា​ព្យា​បាល​អ៊ី ​ចឹង​សោះ​។ រំពេចនោះ ស្នូរគោះទ្វារបន្លឺឡើង ពោធិកំបោរងាកក្រោយ ព្រមជាមួយនឹងពាក្យថា៖- សូមអញ្ជើញចូល !ដំណាលគ្នា​នឹង​កន្ទុយ​ពាក្យ​នេះ ទ្វារ​របើក​សន្សឹម​ៗ លេច​មុខ​អ្នក​ជើង​ការ​ពិសេស​ម្នាក់ ដើរ​តម្រង់​មក​សម្ដែង​ការ​គួរ​សម​រួច​រ៉ាយ​រ៉ាប់​ប្រាប់​ដំណឹង​នានា​។- លោក​អាចារ្យ !…សម្ដេច​ស៊ីសុវត្ថិ មក​តាំង​ទ័ព​នៅ​ពាម​មង្គល​ហើយ ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ហ្លួង​នរោត្តម​បាន​យាង​មក​សាក​សួរ​សុខ​ទុក្ខ និង​ពិគ្រោះ​គ្នា​ជា​មួយ​ព្រះ​អនុជ​ពី​បញ្ហា​លោក​អាចារ្យ​ផង​។គ្រាន់​តែ​សេនា​ជន​រាយ​ការណ៍​ចប់​ភ្លាម ពោធិ​កំបោរ​បន្សាត់​ខ្សល់​ដង្ហើយ​យ៉ាង​វែង ហាក់​កុំ​អោយ​តឹង​ទ្រូង​​ខ្លាំង​ពេក​។ គាត់​មិន​រា​រែក​នឹង​កិច្ចការ​រំដោះ​ដែន​ដី​ពី​ដៃ​អាណា​និគម​និយម​បារាំង​ សែស ដែល​ត្រូវ​ជើង​គ្នា​ជា​មួយ​ហ្លួង​នោះ​ទេ​។ អាចារ្យ​លាក់​អ្នក​គិត​គូរ​ឃើញ​វែង​ឆ្ងាយ​ក៏​កាន់​ តែ​យល់​ច្បាស់​ថា រឿង​ដេញ​បារាំង​ចេញ​ពី​ស្រុក ចោទ​ជា​បញ្ហា​ធ្ងន់​ឡើង​ ព្រោះ​ស្ដេច​គាំ​ទ្រ​បរទេស​យ៉ាង​ពេញ​ទំហឹង​ដូច្នេះ​ទៅ​ហើយ តើ​បេ​សក​កម្ម​យើង​ត្រូវ​លំបាក​ប៉ុន​ណា​។ ពោធិ​កំបោរ​ប្រើ​គំនិត​ពិចារ​ណា​អស់​មួយ​សន្ទុះ​ស្រាប់​តែ​ភ្លាត់​មាត់​ឧទាន ​ហាក់​ពុំ​ដឹង​ខ្លួន ៖ - យើងជាកូនខ្មែរពូជអ្នកចម្បាំងធ្លាប់ជាញជ័យ ចាំបាច់ការពារទឹកដីទុកជាកេរ្ដិ៍អោយគង់វង្សរៀង​រហូត​ត​ទៅ​។ជាបន្ទាន់នោះ អាចារ្យលាក់ងាកមកនិយាយនឹងអ្នកជើងការពិសេស។-ចូរប្អូនឯងទៅប្រាប់មេកង ក្រុមពួកទាំងអស់ អោយចូលមកកាន់រោងជំនុំភ្លាម។អ្នកនាំ​ពាក្យ​គោរព​លា​ចេញ​បាន​មួយ​ស្របក់ រោង​ជំនុំ​ចំហ​ទ្វារ​ចាំ​ទទួល​មនុស្ស​ម្នា​ជា​ហូរ​ហែ ត្រា​តែ​ពេញ​ស្ទើរ នឹង​រក​កន្លែង​អង្គុយ​គ្មាន​។ ពោធិ​កំបោរ​ចាប់​បើក​សម័យ​ប្រជុំ​មួយ​រំពេច។-បង​ប្អូន​រួម​ឈាម​ជា​ទី​ស្នេហា​ទាំង​ឡាយ​! ជា​ដំបូង​ខ្ញុំ​មាន​កិត្តិ​យស​សូម​ជំរាប​នូវ​ដំណឹង​មួយ​។ ឥឡូវ​នេះ​សម្ដេច​ស៊ីសុ​វត្ថិ​បោះ​ទ័ព​នៅ​ពាម​មង្គល ហើយ​ហ្លួង​នរោត្ដម​ក៏​យាង​មក​ជំនុំ​គ្នា​ពី​រឿង​យើង​ក្នុង​ទី​នោះ​ដែរ​។ ខ្ញុំ​ជឿ​ជាក់​លើ​ទឹក​ចិត្ត​បង​ប្អូន​ថា យើង​ឥត​ខ្លាច​រអា​ទ័ព​ហ្លួង​ និង​អាណា​និគម​និយម​បារាំង​ទេ តែ​ស្ដាយ​ត្រង់​កងកំលាំងយើង​មិន​ដល់​គេ តើ​បង​ប្អូន​គិត​យ៉ាង​ណា​ទៅ​វិញ​?​។ខណ:នោះ មេក្រុមម្នាក់ឋិតក្នុងវ័យពាកកណ្ដាលមនុស្សឡើងបញ្ចេញយោបល់- សូម​គោរព​លោក​អាចារ្យ​និង​អង្គ​ប្រជុំ​ទាំង​មូល ខ្ញុំ​យល់​ឃើញ​ថា យើង​ត្រូវ​ខិត​ខំ​ប្រមូល​កង​ទ័ព​ត្រា​តែ​បាន គ្រប់​គ្រាន់​ដើម្បី​កុំ​អោយ​ចាញ់​ប្រៀប​សត្រូវ!។បន្ទាប់មក យុទ្ធជនជើងចាស់ម្នាក់ជំរាបអាចារ្យលាក់យ៉ាងសមហេតុផល។- បើនិយាយតាម​ក្បួន​សឹក ដោយ​ភូមិ​សុរិល​ និង​ពាម​មង្គល​នៅ​ជិត​គ្នា​ពេក យើង​ចាំ​បាច់​ចាក​ចេញ​ឆ្ងាយ​ពី​នេះ​សិន ទើប​អាច​នឹង​សំរេច​គម្រោង​ការ​ឯ​ទៀត​ៗ​បាន​ដូច​បំណង។មេកងម្នាក់លើកដៃនិយាយគាំទ្រ។- យោបល់​បង​ប្អូន​ទាំង​ពីរ​ត្រឹម​ត្រូវ​ណាស់ ខ្ញុំ​គ្មាន​ពាក្យ​អ្វី​នឹង​ជំទាស់​ទេ គ្រាន់​តែ​សូម​ឆ្លៀត​យក​ឱកាស​នេះ​បញ្ជាក់ ជូន​អង្គ​ប្រជុំ​បន្តិច​ថា បើ​យើង​នៅ​ភូមិ​សុរិល​ត​ទៅ​ទៀត​បញ្ហា​ជ្រើស​រើស​ពួក​ពល​ពិបាក​ដោះ​ស្រាយ​ ណាស់ ព្រោះ​ថា​ អ្នក​ស្រុក​ភូមិ​ជិត​ៗ​នេះ ចុះ​ចូល​ នឹង​​សម្ដេច​ស៊ីសុ​វត្ថិ​អស់​ច្រើន​ដែរ​។ ម៉្យាង​ទៀត​ស្ដេច​ចង់​លើក​ទ័ព​មក​វាយ​ប្រហារ​យើង​ថ្មើរ​ណា​ក៏​បាន ដោយ​សារ​តែ​ទី​តាំង​នៅ​ជិត​គ្នា​នេះ​ហើយ ដែល​ជា​ផល​អាក្រក់​គួរ​ជៀស​វាង​អោយ​ផុត​។ពោធិកំបោរញញឹមបន្តិច ទន្ទឹមនឹងវាចារំពងសាយពេញរោងជំនុំ ។អរគុណ​ចំពោះ​បង​ប្អូន​គ្រប់​គ្នា ដែល​បាន​អោយ​យោ​បល់​ល្អៗ ដល់​អង្គ​ប្រជុំ ​! ដើម្បី​កុំ​អោយ​ខាតពេល​ច្រើន​ខ្ញុំ​មូល​សួរ​ថា​តើ​មាន​បង​ប្អូន​ណា​យល់​ទាស់ ​ទេ ​?។ឋិតក្នុងសភាពស្ងាត់ស្ងៀមមួយសន្ទុះទើបពោធិកំបោរសំរេចសេចក្ដី។
ទឹកចិត្ដពោធិកំបោរ



- បង​ប្អូន​ស្រប​ចិត្ត​គំនិត​គ្នា​តែ​មួយ​អ៊ី​ចឹង​ហើយ ខ្ញុំ​នឹង​ចាត់​ការ​តាម​ក្រោយ​ត​ទៅ។ សូម​ទេវ​តា​ទាំង​មួយ​ម៉ឺន​លោក​ធាតុ និង​វត្ថុ​សក្ដិ​ស័ទ្ធិ​ទាំង​អស់​ក្នុង​ក្រុង​កម្ពុជា​ធិបតី​ ជួយ​ថែ​រក្សា​យើង​ខ្ញុំ​រាល់​គ្នា ដែល​មាន​គោល​បំណង​ដ៏​ធំ​ចម្បង គឺ​ការ​ពារ​ជាតិ​សាសនា និង​មាតុ​ភូមិ​ខ្មែរ​ អោយ​បាន​សំរេច​សម​តាម​ចិត្ត ប៉ុន​ប៉ង​ប្រាថ្នា​ត​រៀង​ទៅ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើង​។ ខ្ញុំ​សូម​ស្រែក ប្រកាស​យក​ជ័យ​ថា ជយោ​កងកំលាំងខ្មែរ​ស្នេហា​ជាតិ​ដ៏​មុះ​មុត! បរាជ័យ​បរ​ទេស​ឈ្លាន​ពាន និង​បរិវារ​វា​គ្រប់​ជាន់​ថ្នាក់​!។ សំរែកជយឃោស​នេះ ត្រូវ​បាន​មេ​កង ក្រុម ពួក​នាំ​គ្នា​ជួយ​បន្ទរ​តាម​ក្រោយ ចោល​សំលេងខ្ទ័រ​ខ្ទារ​ប្រៀប​បាន​ទៅ​ នឹង​សន្ធឹក​ផ្គរ​លាន់​គម្រាម​មេឃ​។

យោល​ទៅ​តាម​ការ​សំរេច​របស់​អង្គ​ប្រជុំ​ អាចារ្យ​លាក់​ក៏​នាំ​ស្ម័គ្រ​បក្ស​ពួក ដោះ​ចេញ​ពី​ភូមិ​សុរិល ខេត្ត​ត្បូង​ឃ្មុំ ឡើង​ដល់​ខេត្ត​ក្រចេះ រួច​ឆ្លង​ទៅ​កាន់​ខេត្ត​កំពង់​ស្វាយ​ទៀត​។ នៅ​ទី​នោះ​ពោធិ​កំបោរ​តែង​តែ​ដើរ​ពន្យល់​ក្រម​ការ​ និង​រាស្រ្ដ​អោយ​យល់​ច្បាស់​ពីបញ្ហា​ប្រទេស​ជាតិ ដែល​ត្រូវ​អាណា​និគម​និយម​បារាំង​សែស ​ចូល​មក​ជិះ​ជាន់ ​ព្រោះ​​តែ​ ហ្លួង​បាក់​បប​ខ្លប​ខ្លាច​អំណាច​បរ​ទេស​នេះ​ដែរ​។ មួយ​ថ្ងៃ​ៗ​គ្រូ​ពៅ​ហៅ​អាចារ្យ​លាក់​ប្រតិស្ឋ​នាម​ថា​ពោធិ​កំបោរ ដោយ​មាន​សេនា​ជំ​និត​បួន​នាក់​រួម​ដំណើរ​ជា​អង្គ​រក្ស​ផង​ តែង​ត្រាច់​រង្គាត់​គ្រប់​ច្រក​ល្ហក ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​យក​ស្ម័គ្រ​បក្ស​ពួក អោយ​បាន​ច្រើន​គ្រប់​គ្រាន់ នឹង​សេចក្ដី​ត្រូវ​ការ។ ពេល​ដែល​នគរ​យើង កំពុង​តែ​ធ្លាក់​ចុះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​អាណា​និគម​និយម​បារាំង បង​ប្អូន​រួម​ក្រសែ​លោហិត​ខ្មែរ​ទាំង​អស់ ចាំ​បាច់​ត្រូវ​តែ​ប្រមូលកំលាំង វាយ​ប្រហារ​កម្ចាត់សត្រូវ​ឈ្លាន​ពាន​ចេញ​ពី​ទឹក​ដី​កេរ្ដិ៍​ដូន​តា​យើង កុំ​ទុក​នៅ​ដល់​ម្នាក់​ឡើយ​។​ បើ​រួប​រួម​សា​មគ្គី​គ្នា​ជា​ធ្លុង​មួយ​ហើយ​ យើង​នឹង​បាន​ទទួល​ជោគ​ជ័យ​លើ​ពួក​មារ​សត្រូវ​មិន​ខាន សូម​បង​ប្អូន​ជឿ​​ជាក់​នឹង​ទុក​ចិត្ត​ចុះ​! បុរស​ចំណាស់​ម្នាក់​ដើរ​វែក​គេ​ឯង​មក​ឈរ​ខាង​មុខ​ ព្រម​ទាំង​បញ្ចេញ​សម្ដី​តាម​របៀប​ចាស់​ទុំ​។

ថ្វី​ដ្បិត​តែ​ចំណាស់​ប៉ុណ្ណោះ​ហើយ​ក៏​ដោយ ក៏​តា​ស្ម័គ្រ​ចិត្ត​ចូល​ជា​កងកំលាំងនឹង​ចៅ​ៗ ជំនាន់​ក្រោយ​ដែរ​គឺ​តស៊ូ​យ៉ាង​ម៉េច​អោយ​តែ​បារាំង ចេញ​ផុត​ពី​ស្រុក​ខ្មែរ​យើង ទើប​បាន​តា​ស្វែង​ទៅ​រក​ធម៌​អាថ៌​ជា​ខាង​ក្រោយ​។
មាណព​ម្នាក់​ក្ដាប់​ដៃ​លើក​ឡើង​លើ សឹង​ប្រកប​ដោយ​ទឹក​ចិត្ត​អង់​អាច​។ ខ្ញុំ​ប្ដេជ្ញា​ថា​ បម្រើ​ជាតិ​ សាសនា និង​មាតុ​ប្រ​ទេស​ដរាប​ដល់​ជីវិត​សូន្យ​បង់ បរ​ទេស​ណា​ហ៊ាន​ប្រមាថ​ខ្មែរ​ពិត​ជា​សត្រូវ​ធំបំ​ផុត​​របស់​ខ្ញុំ ដែល​មិន​អាច​ទ្រាំ​អោប​ដៃ​នៅ​ស្ងៀម​បាន​ឡើយ។

- លោកអាចារ្យ !(ជនមួយរូបឧទាន) បេ​សក​កម្ម​ដ៏​ថ្លៃ​ថ្លា​របស់​លោក ត្រូវ​កូន​ខ្មែរ​កត់​ត្រា​ទុក​ក្នុង​ក្រអៅ​បេះ​ដូង គ្មាន​ភ្លេច​មួយ​ដង្ហើម​ទេ។ ស្លេះ​ទុក​អោយ​ពោធិ​កំបោរ និង​ប្រជា​រាស្រ្ដ​ខ្មែរ​ស្នេ​ហា​ជាតិ​ប្ដូរ​យោ​បល់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ ព្រោះ​នៅ​ម្ខាង​ព្រៃ​ឆ្ងាយ​ឯ​ណោះ​មាន​ការ​ប្រ​ជុំ​ជាសំងាត់​មួយ​ តើ​គេ​ជំនុំ​គ្នា​ពី​រឿង​អ្វី​? ក្រម​ការ​ម្នាក់​ ហស់​ជ្រុល​បន្តិច​ហើយ សក់​ស្កូវ​ព្រោង​តែកំលាំងកំហែង​ដូច​ជា​មាំ​មួន​មិន​ចាញ់​ក្មេង​ស្រករ​ក្រោយ​ ប៉ុន្មាន​ទេ​។ គាត់​ដឹក​នាំ​កិច្ច​ប្រ​ជុំ​នេះ​ឡើង ដោយ​មាន​វាចា​ជា​អាទិ៍​ថា៖

- អស់​លោក និង​បង​ប្អូន​ទាំង​អស់​គ្នា​ស្ដាប់​ខ្ញុំ​អោយ​មែន​ទែន ពោធិ​កំបោរ​នេះ ខ្ញុំ​ធ្លាប់​ស្គាល់​ច្បាស់​ណាស់ វា​ឈ្មោះ​ពៅ​ទេ​ហើយ​មាន​កំណើត​កើត​ជា​ ក្នុង​ស្រុក​កំពង់​ស្វាយ​នេះ​តែ​ម្ដង​។ ពី​ដើម​មិញ​វា​រក​ស៊ី​​ធ្វើ​គ្រូហ្ម​មើល​ជម្ងឺ​និង​ចេះ​អូម​អាម​ល្បី​ថា​ ពូកែ​ដែរ​។ ស្រាប់​តែ​វា​ដើរ​ចោល​ស្រុក​សាត់​អន្រ្ដាត់ សែង​អន្រ្ដែង បាត់​ជាង​មួយ​ឆ្នាំ​​ជិត​ពីរ​ឆ្នាំ​ហើយ ​ដល់​ឥឡូវ​នេះ វា​តាំង​ខ្លួន​ជា​ពោធិ​កំបោរ​បែប​គ្រាន់​បើ​សម្បើម​ណាស់​។ បង​ប្អូន​ដឹង​ទេ​សព្វ​ថ្ងៃ​វា​កំពុង​តែ​ដើរ​បញ្ចុះ​បញ្ចូល​កៀរ​កូរ​ប្រ​មូល​ យក​ពួក​ពល​អោយ​បាន​ច្រើន​ ដើម្បី​វាយ​បារាំង​សែស ដែល​​គេ​ចូល​​មក​ជួយ​​ទំនុក​បំរុង​នគរ​យើង​តាម​ច្បាប់​ត្រឹម​ត្រូវ ពី​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​។ - បើដូច្នេះមិនបានសេចក្ដី វាក្បត់នឹងព្រះវាជបល្ល័ង្កទេឬ? ។បុគ្គល់​ម្នាក់​គំនិត​ខ្លី​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប្រញាប់​លើក​ដៃ​ ប្រណម្យ​ក្រម​ការ​ចំពោះ​ ចំណាស់​​នោះ​បន្តិច រួច​តម្លើង​សំលេងទាំង​ទទឹង​ទិស។- ពិតដូចពាក្យលោក​មាន​ប្រសាសន៍​មែន ពោធិ​កំបោរ​ចង​រំលំ​ព្រះ​រាជ​បល្ល័ង្ក​ហើយ​។ បើ​មិន​អ៊ី​ចឹង​ទេ​វា​ចាំ​បាច់​ទៅ​ដេញ​បារាំង​ចេញ​ពី​ស្រុក​ធ្វើ​អី ដឹង​ហ្លួង​សព្វ​ព្រះ​ទ័យ​ហៅ​រក​គេ​អោយ​មក​ជួយ​មើល​ការ​ខុស​ត្រូវ​ក្នុង​នគរ​ ទេ​។ នេះ​បាន​ចំ​ជា​មនុស្ស​ពាល ចិត្ត​ចាង​អាងកំលាំងបាយ​ ពុំ​គិត​អ្វី​វែ​ងឆ្ងាយ​សោះ​ ទាល់​តែ​មាន​ឈ្មោះ​ជា​រាជ​សត្រូវ​ដូច្នេះ​ទើប​សម​មុខ​។អ្នកបាទម្នាក់ទៀតខាំមាត់បត់ដុំដៃ ទ្រង់ខឹងសម្បារមិនតិចទេ គេបញ្ចេញខ្យល់ទោស តាមច្រមុះឮសូរ។- ហ៊ឹះ ពោធិ​កំបោរ​ថ្លើម​ធំ​ពាស​មេឃ​ដល់​ម្លឹង​ផង យើង​អត់​ឱន​អោយ​ត​ទៅ​ទៀត​មិន​បាន​ទេ វី​វរ​ផែន​ដី​នេះ​នឹង​ក្រ​ឡាប់ ដោយ​សារ​តែ​មនុស្ស​ម្នាក់​ហ្នឹង​មិន​ខាន។កាលបើឮអ្នកទាំងនោះនិយាយចូលធ្លុងមកជាមួយដូច្នេះ ក្រមការឈររលាក់សំណើចក្អាកក្អាយ- ហា៎! ហា៎ ពួក​យើង​សុទ្ធ​តែ​យល់​ត្រូវ​ទាំង​អស់​គ្មាន នរ​ណា​ថា​ខុស​ទេ ពោធិ​កំបោរ​ក្បត់​នឹង​ព្រះ​ករុណា​ជា​ម្ចាស់​ផែន​ដី​មែន ដូច្នេះ​យើង​ត្រូវ​តែ​រក​ល្បិច​ចាប់​ខ្លួន​វា​យក​ទៅ​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ វិនិច្ឆ័យ​ទោស​តាម​ព្រះ​ច្បាប់។- ខ្ញុំមានយោបល់ជនចំណាស់ម្នាក់ស្រែកឡើង ព្រម​ទាំង​លើក​ដៃ​ភ្លែត​ហាក់​ចង់​និយាយ​ណាស់​។ ក្រម​ការ​ចង្អុល​អោយ​សញ្ញា​ ជា​មួយ​នឹង​ពាក្យ​ថាសូមអញ្ជើញតាមការគួរ-ជាដំបូង យើង​ត្រូវ​ប្រមូល​គ្នា​តាំង​ពី​រាជ​ការ រហូត​ដល់​រាស្រ្ដ​សា​មញ្ញ​អោយ​បាន​ច្រើន រួច​ធ្វើ​កល​ជា​លើក​ទៅ​ចំណុះ​ចុះ​ចូល​នឹង​ពោធិ​កំបោរ កាល​បើ​ជួប​ជុំ​ និង​បាន​ឱកាស​ល្អ​ហុច​អោយ​ហើយ យើង​ព័ទ្ធ​ចាប់​វា​តែ​ម្ដង​ទៅ​ក៏​ជា​ការ​ស្រេច។លុះ​បាន​ឮ​កលោ​បាយ​ដូច្នេះ​ភ្លាម មនុស្ស​ម្នាក់​មក​រួម​ប្រជុំ​ក្នុង​ទី​នេះ​ទាំង​អំបាល​ម៉ាន ក៏​នាំ​គ្នា​ទះ​ដៃ​អប​អរ​សាទរ​ជា​ពន្លឹក​ ខ្លះ​បញ្ចេញ​វាចា​ថា​អ៊ី​ចេះ​អ៊ី​ចុះ​តាម​តែ​ចិត្ត​នឹក​ឃើញ។- ឧបាយនេះប្រសើរណាស់ ខ្ញុំសូមគាំទ្រទុកជាបានការហើយ បន្តិច​ទៀត នរ​ណា​ក៏​ទទួល​ស្គាល់​ថ្វី​ដៃ​អ្នក​ស្រុក​កំពង់​ស្វាយ​ដែរ​។ មូល​មាត់​គ្នា​ដូច្នេះ​ហើយ ជន​ទាំង​នោះ​ដើរ​សំដៅ​ទៅ​រក​ស្ដាប់​មើល​ជើង​ការ​ខាង​ពោធិ​កំបោរ​ជា​បន្តប​ ន្ទាប់​។ ឯ​មេ​បដិ​វត្តន៍​ដែល​ដឹង មិន​ដល់​ពោះ​វៀន​បត់​ចន្ទាស​របស់​គេ​ក៏​ខិត​ខំ​ទទួល​រាក់​ទាន់​ដោយ​ស្មោះ​ ស្ម័គ្រ​។- អូ៎! សូម​អញ្ជើញ​ៗ​ បងប្អូន ថ្ងៃ​នេះ​បង​ប្អូន​បាន​មក​រួម​ប្រជុំ​ច្រើន​ជាង​សព្វ​ដង​ឆ្ងាយ​ណាស់ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​បង​ប្អូន​ដែល​យល់​ច្បាស់​ពី​ បញ្ហា​ប្រទេស​ជាតិ​យើង​។រកតែពោធិកំបោរបញ្ចប់ប្រយោគ អោយស្រួលបួលមិនទាន់ ក្រមការចំណាស់នោះនិយាយកាត់គួរអោយទុកចិត្តត្រឹមមាត់ក្រៅ។- ពួកខ្ញុំ​ទាំង​អស់ ពិត​ជា​ចុះ​ចូល​នឹង​លោក​អាចារ្យ​គ្មាន​ចិត្ត​ងាក​រេ​ទៅ​ខាង​ណា​ទេ ដើម្បី​ជាតិ សាសនា​និង​ទឹក​ដី​កេរ្ដិ៍​ពី​ដូនតា​យើង នៅ​គង់​វង្ស​ជា​ស្ថាពរ​ត​ទៅ។អ្នកស្រុកម្នាក់ ដែលមានគំនិតវៀចវេរដែរ តែខំបញ្ចេញសម្ដីចាក់បណ្ដោយតាមគ្នា។- បើរួមរួមចងបាច់នឹងបងប្អូនទាំងអស់ ក្នុងស្រុកបានមុតមាំហើយ យើងច្បាស់ជាឈ្នះបច្ចាមិត្ត។ម្នាក់ទៀតហាឡើងរបៀបវាយអែបស៊ីអុក មិនសមទំនងតែម្ដង។- ខ្ញុំសុខចិត្តស្លាប់រស់ជាមួយលោកអាចារ្យហើយ។ពោធិកំបោរញញឹម​ញញែម​ទទួល​សម្ដី​អ្នក​ទាំង​ឡាយ​ដោយ​ពុំ​បាន​នឹក​នា​ថា​ ជា​កលោបាយរ​បស់​គេ​ទេ។- សូម​អោយ​សេច​ក្ដី​ប្រាថ្នា​របស់​បង​ប្អូន ចូរ​បាន​ជា​ទី​សំរេច​គ្រប់​ប្រការ។ខណ:​នោះ ក្រម​ការ​ចំណាស់​មិន​សូវ​រវល់​អើ​ពើ​ នឹង​យក​ត្រ​ចៀក​ស្ដាប់​ប៉ុន្មាន​ទេ​ គាត់​អាត់​តែ​ចោល​ភ្នែក​រក​គ្នី​គ្នា​ នឹង​អាល​ចុះ​ដៃ​សំរេច​គម្រោង​ការ​សំងាត់​។ ក្រឡេក​មើល​ឆ្វេង​ស្ដាំ ឃើញ​ស្ម័គ្រ​បក្ស​ពួក​ច្រើន​ក្រាស់​ក្រែ​ល​ធួន​ល្មម​នឹង​ដណ្ដើម​យក​ជោគ​ជ័យ តាម​គំនិត​ខ្មៅ​កខ្វក់​របស់​ខ្លួន​ហើយ ក្រម​ការ​នោះ​បាន​បញ្ចេញ​កាឡា​សា​ភ្លាម​។- ហៃ​​ម្នាល​ពោធិ​កំបោរ​! យើង​សុំ​ប្រាប់​ឯង​អោយ​ភ្លឺ​ភ្នែក​ទៅ​ នៅ​ក្នុង​ខេត្ត​ខណ្ឌ​កំពង់​ស្វាយ​នេះ គ្មាន​នរ​ណា​ចំណុះ​ចុះ​ចូល​ឯង ដែល​ជា​មនុស្ស​ក្បត់​នឹង​ព្រះ​រាជ​បល្ល័ង្ក​នោះ​ទេ។បណ្ដាសេនាជំនិតរបស់ពោធិកំបោរទាំងបួននាក់ មានម្នាក់ឆ្លើយកាត់មួយរំពេច។- យើះ! អី​ក៏​ខ្លាំង​ភ្លើង​សម្បើម​ម្ល៉េះ កញ្ចាស់​ត្នោត​ឯង​ចង់​បំបែក​បំបាក់​ក្រុម​អ្នក​ស្នេហា​ជាតិ អោយ​វិល​ទៅ​ចូល​ដៃ​នឹង​បារាំង​ឬ​?។នាយជំនិតម្នាក់ទៀតសង្កៀតធ្មេញលាន់ក្រឹកៗ ដោយទឹកចិត្តក្ដៅក្រហាយឥតឧបមា។- តាកញ្ចាស់ឯងសង្ឃឹមផ្កាយលើមេឃទៅ មនុស្សយល់ត្រូវគ្មាននរណាសុខចិត្តធ្វើខ្ញុំកញ្ជះគេទេ​។ក្រមការសើចចំអកយ៉ាងខ្ទ័រខ្ទារ ព្រមជាមួយនឹងសម្ដីចាក់ចុចគួរអោយឈឺចាប់។- ពួក​ឯង​នៅ​ខំ​ត្រដរ​ខ្យល់​យក​លេស​អី​ទៀត បើ​គេ​ដឹង​ស្នៀត​ថា ឯង​ក្បត់​នឹង​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ទៅ​ហើយ។- ហ៊ឹះ! ចុះត្រង់ហ្លួងបើកដៃអោយបារាំងចូលស្រុកខ្មែរនោះ ម៉េច​ក៏​កញ្ចាស់​ឯង​មិន​លើក​យក​មក​និយាយ​ផង​?។- ព្រះករុណាជាម្ចាស់ផែនដីនេះ នរណាជំទាស់នឹងព្រះរាជតម្រិះរបស់ព្រះអង្គ មានឈ្មោះថាជាមនុស្សក្បត់ពេញទី។- ស្អី ស្ដេចពផែនដីម្នាក់ឯងរួចឬ ?- ហា៎ ! ហា៎ !…ពួកឯងថ្លើមធំពាសមេឃអ៊ីចឹង អ្នកស្រុកកំពង់ស្វាយមិនអាចអោបដៃទល់ភ្នែកមើលបានទេ។ពោធិកំបោរនៅស្ងៀមស្ងាត់មួយសន្ទុះមកហើយ អត់ទ្រាំឈរចាំស្ដាប់តទៅទៀតមិនកើត គាត់ប្រញាប់លូកមាត់ចូលមកថា- លោកបង! ខ្ញុំសុំចិត្តកុំអោយនិយាយផ្ដេសផ្ដាសរបៀបហ្នឹង សូមលោកបងគិតគូរវែងឆ្ងាយបន្តិចមើល៍។ឥតបង្អង់ ក្រមការនោះបន្លឺសំលេងបញ្ជាជ្រែកអាកាសហាក់មានអំណាចខ្លាំងដៃសម្បើមណាស់- ចូរចាប់ពួកអាក្បត់អស់នេះភ្លាម!និមិត្ត​តែឮ​សំរែកដូច្នេះ សេនា​ជំនិត​ទាំង​បួន​នាក់​ដក​អាវុធ​យក​មក​កាន់​គ្រប់​ដៃ ដោយ​ប្រុង​ប្រៀប​ចំ​ខ្លួន​វាយ​ប្រ​ហារ​ត​ទប់​វិញ​។ អ្នក​ស្រុក​មួយ​ចំនួន​ធំ​ស្ទុះ​ស្រ​ចូល​ទៅ​ តែ​មាន​បាន​​សំរេច​ដូច​ចិត្ត​ឯ​ណា​មិត្ត​យើង​រា​រាំង​ជាប់​។ ក្បួន​គុន​ដំបង ដាវ លំ​ពែង ប្រ​ជែង​គ្នា​យក​ឈ្នះ​ចាញ់​តែ​រៀង​ខ្លួន ចាប់​ផ្ដើម​ឡើង​ចោល​ស្នូរ​គគ្រឹក​គគ្រេង ជា​ភ្លេង​លេង​បទ​មរណ: កន្រ្ដាក់​ដួង​ព្រលឹង​អោយ​ញាប់​ញ័រ​រាល់​រូប​។ ទំនង​ជា​ចង់​ឈ្នះ​ឆាប់​ក្រម​ការ​ចំណាស់​ខំ​ស្រែក​បន្ថែម​ទៀត​។​- ចោមចាប់ពួកអាក្បត់អោយមែនទែនប្រយ័ត្នវារត់រួចណា៎ !ទន្ទឹមគ្នានឹងកន្ទុយប្រយោគនេះ សេនាជំនិត​ម្នាក់​ប្រដាប់​ដោយ​កាំ​ភ្លើង​វែង បាន​កេះ​កៃ​បាញ់​ក្រម​ការ​មួយ​គ្រាប់​តែ​ខុស​ស្រ​ឡះ​គួរ​អោយ​ស្ដាយ​។

ពីដំបូង​ទី​ពោធិ​កំបោរ​ហាក់​គ្មាន​ចិត្ត​នឹង​ចូល​ប្រឡូក​កាប់​សំលាប់​ អ្នក​ស្រុក ដែល​តាំង​ខ្លួន​ជា​គូ​ប្រឆាំង​នោះ​ទេ តែ​ទ្រាំ​បណ្ដោយ​អោយ​អង្គ​រក្ស​ទាំង​បួន​នាក់​ទទួល​ប្រយុទ្ធ ដោយ​លំបាក​ភ្នែក​ដូច្នេះ​មិន​កើត គាត់​ហូត​ដាវ​ខ្វាក រ៉ាប់​រង​មុខ​អាវុធ​បច្ចា​មិត្ត​មួយ​រំពេច​។ ខ្មាំង​ម្នាក់​មាឌ​ធំ​ដំបូង​ធាក់​ដី​បំផ្លោង​អាត្មា​ហក់​ចូល​មក​ដោយ​ស្រែក​ ឡើង​

- ពេលចនេះ យើងលេងកំពោធិកំបោរឯងអោយដឹងដៃកំលោះកំពង់ស្វាយហើយ។
ពុំមែន​ស្រដី​តែ​មាត់​ទេ គេ​វាត់​មួយ​ដាវ​សំដៅ​ក្បាល​ពោធិ​កំបោរ​យ៉ាង​ចាស់​ដៃ មេ​បដិ​វត្តន៍​ភ្នែក​វៃ និង​មាន​កាយ​វិការ​រហ័ស​ដូច​ផ្លេក​​បន្ទោរ គាត់​មុជ​ផុត​ស្រឡះ រួច​កាប់​សង​ទៅ​វិញ​ភ្លាម​។ នៅ​ក្នុង​ពេល​ដំ​ណាល​គ្នា​នោះ តើ​នរ​ណា​នឹក​ស្មាន​ដល់​ថា មាន​មនុស្ស​ម្នាក់​ លប​សឡេះ​អាចារ្យ​លាក់​ពី​ក្រោយ​ខ្នង ដោយ​ប្រើ​ស្នៀត​ដាវ​សាហាវ​វិស័យ​សន្ទុះ​ព្យុះ​ព្យោ​មា​ជ្រុច​។ អ្ហា៎!.. ពោធិ​កំបោរ ចេះ​វិជ្ជា​ស្ដាប់​សូរ​ប្រាកដ​ប្រជា គាត់​ចាក់​តាម​ប្រ​ឡោះ​ភ្លៀក​ទៅ​ក្រោយ ត្រូវ​ចំពោះ​ទឹក​អ្នក​ចូល​ចិត្ត​លេង​ល្បិច​អាក្រក់ ខ្ពុរ​ឈាម​ចេញ មក​ភលៗ​ឡើង​ក្រហម​ច្រាល​ឆ្អៅ ជន​ពាល​ដួល​ប្រកាច់​វក់​វីទម្រាំ​តែ​ដាច់​ខ្យល់​ស្លាប់​រមូរ​នប​នៅ​មួយ​ កន្លែង។

ឆាក​ប្រយុទ្ធ​ចេះ​តែ​ប្រ​ព្រឹត្ត​ទៅ​មុខ​ជាដ​រាប ដោយ​ក្រម​ការ​​និង​បណ្ដា​រាស្រ្ដ​នាំ​គ្នា​ទាំង​ហ្វូង​ៗ មក​បង្កើនកំលាំងតស៊ូ​ថែម​ទៀត ពោល​គឺ​បាត់​បង់​ជីវិត​ម្នាក់​សឹង​ថា កើត​មក​វិញ​ដប់​ម្កៃ ទី​បំផុត គេ​ព័ទ្ធ​ចាប់​បាន​ពោធិ​កំបោរ​ និង​សេនា​ទាំង​បួន​នាក់ រួច​នាំ​យក​ទៅ​ថ្វាយ​ហ្លួង ទើប​តែ​ដល់​ពាក់​កណ្ដាល​ផ្លូវ​ពោធិ​កំបោរ​ឈឺ​ចិត្ត​អត់​អាហារ អនិច្ច​កម្ម​ទៅ​ប្រកប​ដោយ​វិរភាព​ឧត្តុង្គ​ឧត្តម ​គួរ​អោយ​ស្ងើច​សរសើរ​យ៉ាង​ក្រែ​លេង​។ នៅ​ក្នុង​ខែ​ធ្នូ គ.ស. ១៨៦៧ គ្រូ​ពៅ​ហៅ​អាចារ្យ​លាក់ អ្នក​សិល្ប៍​ប្រតិស្ឋ​នាម​ថា ពោធិ​កំបោរ​បាន​ចែក​ឋាន​ទៅ ក្រោម​ការ​ស្រណោះ​ស្រណោក​សោក​ស្ដាយ​នៃ​ស្ម័គ្រ​បក្ស​ពួក​និង​ប្រជា​រាស្រ្ដ​ ខ្មែរ ដែល​ស្នេហា​ប្រទេស​ជាតិ​មាតុ​ភូមិ​ពិត​ប្រាកដ​ និង​យល់​ច្បាស់​ពី​ពលិ​កម្ម ដ៏​ថ្លៃ​ថ្លា​បំផុត​របស់​វិរ​បុរស​រូប​នេះ​។

ផ្ទុយ​ទៅ​វិញ​ក្រម​ការ​នឹង​បណ្ដា​រាស្រ្ដ​ខ្លះ ក្នុង​ខេត្ត​កំពង់​ស្វាយ​បាន​សំរេច​កាត់​ក្បាល​ពោធិ​កំបោរ​នាំ​ទៅ​ថ្វាយ​ ព្រះ​ករុណា​ឯ​ក្រុង​ភ្នំ​ពេញ យក​គាប់​គួរ។ វាសនា​នៃ​សេនា​ទាំង​បួន​នាក់ ត្រូវ​ហ្លួង​ដាក់​ទោស​ប្រហារ​ជីវិត​បង់​។ រី​ឯ​ក្បាល​ពោធិ​កំបោរ​វិញ ស្ដេច​ផែន​ដី​ត្រាស់​បញ្ជា​អោយ​សែង​បណ្ដើរ​អាក្រោស​តាម​ផ្លូវ​ធ្លា​ផ្សារ​បី ​ថ្ងៃ ហើយ​យក​ទៅ​ដោត​ចោល​នៅ​ជិត​ផ្លូវ​វាល​បឹង​តេ​ជោ ដើម្បី​គម្រាម​កំហែង​ស្មារតី​អ្នក​ស្នេហា​ជាតិ​ឯ​ទៀត​ៗ​កុំ​អោយ​ងើប​ឡើង​រួច ​។

នយោ​បាយ​បារាំង​បំបាត់​ចោល​វីរ​បុរស​ខ្មែរ​តាំង​ពី «អាចារ្យស្វា» រហូត​ដល់​ «ពោធិ​កំបោរ» នេះ​ទៀត​ក៏​ស្ដេច​នៅ​តែ​មាន ជំនឿ​និង​ទុក​ចិត្ត​លើ​បរ​ទេស​ដដែល​។ ត្រា​តែ​ដល់​បារាំង​ឡោម​វាំង «ចតុម្មុខ» នៅ​ថ្ងៃ​ទី ១៧​មិថុនា គ.ស ១៨៨៩ ទើប​ហ្លួង​ន:រាត្តម​បាន​ភ្លឺ​ព្រះ​នេត្រ​ខ្លះ ព្រោះ​សន្ធឹ​សញ្ញា​ចុះថ្ងៃ​ទី​១៨​មិថុនា ឆ្នាំ​១៨៨៤ ស្ដេច​បាន​ឡាយ​ព្រះ​ហស្ដ​លេខា ប្រគល់​អំណាច​ចាត់​ចែង កិច្ច​ការ​រដ្ឋ​ទាំង​ខាង​ក្នុង ក្រៅ​ទៅ​អាណា​និគម​និយម​បារាំង​សែស​ទាំង​អស់​។ តើ​ប្រជា​រាស្រ្ដ​ខ្មែរ​នា​សម័យ​នោះ​ត្រូវ​រង​ទុក្ខ​វេទនា​ខ្លោច​ផ្សា ដូច​ម្ដេច​ទៅ ​បើ​ឋិត​នៅ​ក្រោម​នឹម​ដែក​របស់​បរទេស​បែប​នេះ​? ខ្មែរ​មិន​ស្លាប់​មួយ​ក្រឡា​ទេ ខេមរ​កុល​បុត្រ កុល​ធីតា​ខិត​ខំ​រើ​បំរះ​រហូត​ដល់​ទទួល​ឯក​រាជ្យ​ពេញ​បរិ​បូណ៌​នៅ​ថ្ងៃ​៩​ វិច្ឆិកា ១៩៨៣​។ ពិសេស​ជាង​នេះ​ទៅ​ទៀត​គំនិត​បដិវត្តន៍​របស់ «ពោធិកំបោរ» ពុំ​សាប​សូន្យ​ឡើយ​កូន​ខ្មែរ​ជាញ​ជ័យ​លើ​របប​រាជា​និយម​ចាស់​គម្រិល ហើយ​យើង​កំពុង​តែ​រួប​រួម​គ្នា​ស្ថាប​នា​សាធារណ​រដ្ឋ​ខ្មែរ​អោយ​រុង​រោចន៍​ ចីរ​កាល​ត​ទៅ ។ សូម​វិញ្ញាណ​ក្ខន្ធ «ពោធិ​កំបោរ» បាន​សោយ​សុខ​ក្នុង​សុគ​តិភព​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​។


សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon