Tuesday, August 16, 2016

ពិធីបំបួសនាគ


ពិធីបុណ្យបំបួស ដែលហៅថា” បួស ” នេះ មានន័យថា ចូលកាន់ភេទ​ជាសមណៈ​តាមច្បាប់​សាសនា​ រឺតាមលទ្ធិណាមួយដូចជា បួសជាសាមណេរ, ភិក្ខុ រឺបួសជា​តាបស។ នៅសតវត្សទី ២០ មានពិធី​បំបួស លោក​សាមណេរ​ជាច្រើនប្រភេទ ដែលគេបានអនុវត្តនៅក្នុងប្រទេសកម្ពុជា រួមទាំង ការចូលបួស​ដើម្បីបំពេញ​ការសន្យា​របស់ខ្លួន ហៅថា បួសសងគុណ, បួសមុខភ្លើង ដែលនៅ​ក្នុង ការបួសនេះ ក្មេង​ប្រុសម្នាក់​ស្លៀក​ស្បង់ចីវរមួយរយៈខ្លី ដោយសារតែមានសាច់ញាតិ​ជិតដិត របស់ ខ្លួនស្លាប់។ យើងអាច​ហៅការបួសនេះថា បួសមួយសំកាំងដំរី។  រួមមានបួសចំណង់ចង់​សិក្សានូវព្រះធម៌ និងបន្ត​ការ​សិក្សា រឺព្យាយាមគេចចេញ​ពីការញៀនស្រា និងថ្នាំ រហូតដល់មាន​សុភាសិតប្រជាប្រិយ​មួយ​បាន​​​និយាថា អ្នក ខ្លះចូលបួសជា​ព្រះ​សង្ឃ “ គ្រាន់តែធើ្វលែងមាន​សត្វចៃ​នៅលើ​ក្បាលតែប៉ុណ្ណោះ “[1]។

ពិធីបុណ្យបំបួស ដែលហៅថា “ បួស “ ដែលនឹងនិយាយនៅក្នុងទីនេះ ពុំសំដៅឡើយទៅ​លើការ​សាងភ្នួស ដែលមនុស្សមានអាយុចំណាស់យល់ថាខ្លួន លែងជំពាក់ជំពិនអ្វីនឹង​ជីវិតគ្រួសារតទៅ​ទៀត​ហើយ ដោយសារកូនបែកផ្ទះសម្បែង មានគ្រួសារគ្រប់គ្នា ឬមួយអ្នកខ្លះទៀត​ដែលនៅ​ក្នុង​វ័យ​កណ្តាល​​នៅឡើយ តែដែលនឹកចង់សាងភ្នួសតរៀងទៅ ដោយសារ​លុះក្នុង​ព្រះពុទ្ធសាសនា ។ យើង​និយាយ​តែ​អំពីបួសជាពិធីឆ្លងវ័យក្មេងប្រុស ។ ប្រុសដែលចូល​ក្នុង​វ័យកម្លោះ គេញែក​ចេញឲ្យ​ដាច់ពី​ស្រី​ដែល​​ចូលក្នុង​វ័យក្រមុំ ត្បិតអំណឹះតទៅអ្នកទាំងពីរនេះនៅក្នុងវិស័យផ្សេងស្រឡះពីគ្នា ។ ប្រុសដែលនឹង ត្រូវជាអ្នករុករក ជួញប្រែនៅទីជិត ឬទីឆ្ងាយជាដើមនោះ  ត្រូវមានវិជ្ជា ជាមូលដ្ឋាន គ្រប់គ្រាន់ ។ យកតែអក្សរសាស្រ្ត ក្នុង​រឿង​​ព្រេងមកគិតបន្តិចក៏យល់ដែរ ឧទាហរណ៍ ព្រះរាជាដែលមាន ព្រះ រាជបុត្រាបានព្រះជន្មាយុ ១៦ ព្រះវស្សា បានឲ្យបុត្រនោះទៅរៀនវិជ្ជាជាមួយតាបសឫសីនៅក្នុងព្រៃ ពុំដែលឮមានរឿងណាថា​ឲ្យបុត្រី​ទៅរៀនវិជ្ជាដូច្នោះឡើយ ។ ហេតុនេះហើយបានជាក្នុងភាសាខ្មែរ ការដែលឲ្យ​ក្មេងប្រុសបួសនោះ គេតែង​និយាយថាឲ្យ “បួសរៀន” ។ នៅស្រុកស្រែ ចាស់ៗច្រើនចូល​ចិត្ត​រាប់រកអន្ទិតនេះ អន្ទិតនោះ ដែលបាន​បួសរៀនច្រើនវស្សា ។ នេះមកអំពី ការដែល​នូវក្នុង ភ្នួស បានច្រើនវស្សា ចំណេះក៏កាន់តែកើន ។ ពាក្យថា​ចំណេះនោះ មិនចំពោះ​តែ​ធម៌​ព្រះប៉ុណ្ណោះទេ គឺចំណេះដឹងច្រើនបែបយ៉ាងណាស់​ដែលយើងខ្ញុំ​ពុំបាន​លើក​យក​មក​និយាយឡើយ ។ ព្រោះបាន​ជម្រាប​តាំងពីដើមមកហើយថា ប្រធានបទដែលបាន​ដកស្រង់​មកនេះ​សំដៅខ្លាំងតែទៅលើ​ន័យ​នៃការ  ឆ្លងវ័យ​ប៉ុណ្ណោះ ។ ថ្វីត្បិតតែនេះជាពិធីឆ្លងវ័យ ប៉ុន្តែការបួស​ជាបព្វជិតនេះ គឺជាគុណតំលៃ ហើយ ក៏ជាការសងគុណដល់មាតាបិតាផងដែរ (កេ្មងប្រុស​ដែលមានអាយុ ១២ ឆ្នាំត្រូវបួសជាសាមណេរ ហើយគោរពប្រតិបត្តិសីលដប់មួយរយៈពេល ដើម្បីសងគុណ​ម្តាយ​របស់ខ្លួន។ ម្យ៉ាងវិញទៀត ការ បួសជាភិក្ខុពេញលេញនៅអាយុ ២០-២១ ឆ្នាំ ធើ្វឡើង​ដើម្បីសងគុណ​ឪពុករបស់ខ្លួន)[2] ។​ ហេតុ ដូច្នោះហើយ ទើប្រជាពលរដ្ឋ​ខែ្មរយើង​នៅតែ​ចងចាំ​ជានិច្ច​ នូវទំនៀម ទំលាប់នេះ ។

ពាក្យថា “ចិញ្ចឹម” ពុំចប់ត្រឹមតែការបំបៅដោះ ឲ្យបាយទឹករហូតដល់ធំធាត់ពេញវ័យបុណ្ណោះទេ គឺបើកូនប្រុសឲ្យរៀនសូត្រដើម្បីរៀបចំអនាគតឲ្យបានសមរម្យ ។ នេះជាសម្រងមួយកន្លែង​ដែលយក​មក​ពីខាងដើមបំផុតនៃរឿងទុំទាវ ដែលរៀបរៀងដោយព្រះភិក្ខុ សោម ៖

ថ្លាថ្លែងសម្តែងដើមឈ្មោះទុំ                                         នៅខេត្តបាភ្នំដែនដីស្រែ

កើតកបទំនៀមមានឪម៉ែ                                              ប៉ុន្តែហេតុម្តេចឥតសម្តែង ។

កើតឡើងលះធំល្មមប្រមាណ                                      ឆ្នាំច្រើនសោតបានម្តាយតុបតែង

យកទៅឲ្យរៀនចោលគ្រឿងល្បែង                              ស្វះស្វែងនៅវត្តវិហារធំ ។

ទំនៀមដូចនៅក្នុងសម្រង់ពីរល្បះនេះ មិនទាន់រង្គោះរង្គើទៅណាឡើយ​ យើងនឹងឃើញតាមរូបភាព​ផ្សេងៗ​ថា មា្តយ, ម្តាយមីង, មា្តយធំ,​ ​បងស្រី…. សុទ្ធតែជា អ្នកសម្រិត សម្រាំងរៀបចំ អោយ ក្មេងប្រុសរៀងៗខ្លួន ដែលជាសាមីនៃពិធី ។ បានជាថា​រៀងៗ​ខ្លួនព្រោះជាទូទៅ បួសឆ្លងវ័យ នេះតែងធើ្វចូលគ្នា ជូនកាល​ចំនួនក្រោម ១០ នាក់ជួនកាល​ទៀតអាច​ដល់​ទៅរាប់សិបនាក់ក៏មាន ។

ពិធីបួសអាចគិតថាចែកចេញជាពីរដំណាក់កាលក៏បាន ។ ក្នុងមួយរយៈពេលយូរដំបូង គេរៀបចំ​ឲ្យ​កម្លោះ​ទាំងនោះ នៅក្នុងភាពមួយដែលគ្រហស្ថ មិនចំជាគ្រហស្ថ, បព្វជិត មិនចំជាបព្វជិត,​ប្រុស មិនចំជាប្រុស,​ ស្រី មិនចំជាស្រី, អាចនិយាយថាមនុស្ស  មិនសមជាមនុស្សផងក៏សឹងបាន ត្បិតគេហៅ​អ្នក​ទាំង​នោះថា “នាគ” ។ មកពីដូច្នេះហើយបានជាគេហៅពិធីនេះថា “បំបួសនាគ” ។

ភាពជានាគ

ពាក្យថា “នាគ” ក្នុងទីនេះពុំមែនជាសត្វនាគពិតប្រាកដនោះទេ ”នាគ“ ប្រែថា ប្រសើរ,​ចម្បង,​បរិសុទ្ធ។ក្នុងទីនេះ សំដៅទៅលើមនុស្សដែលបំរុងនឹងចូលកាន់ភ្នួសបួស​ជាបព្វជិតនៅ​ក្នុងព្រះ​ពុទ្ធ​សា​ ស​នា ព្រោះអ្នកនោះផ្គងគំនិតបំរុងនឹងប្រព្រឹត្តព្រហ្មចរិយធម៌សម្រាប់បព្វជិត ហើយគេសន្មត​នាមថា ជា នាគ។ យើងខ្ញុំពុំបានបរិយាយអំពីប្រវតិ្តរបស់នាគដែលបានបកស្រាយខាងលើនោះទេ​ យើខ្ញុំ​សូម​បែរ​មកនិយាចំពោះអំពីគ្រួសាររបស់នាគវិញម្តង។

ជូនកាលក្រុមគ្រសារ ដែលច្រើនតែជាមនុស្សស្រី ដូចបានពោលមកអម្បាញ់មិញ នាំគ្នា​សម្អិត​សម្អាងកាយ​ឲ្យក្មេងប្រុសជាកូន, ជាប្អូន, ជាក្មួយនោះ នៅតាមផ្ទះរៀងៗខ្លួន ។ ដំបូងបង្អស់គេ​ច្រើន​និយមលាបរមៀតលើរាងកាយ និងក្បាល ដើម្បីឲ្យមានពណ៌សម្បុរល្អ ។ ការតុបតែង​ឲ្យ​ទៅ​ជានាគនោះ​ហាក់ដូចជាកែភេទ ធើ្វឲ្យក្មេងប្រុសនោះក្លាយជាស្រី ដោយសារ​សម្លៀកបំពាក់,​​ អលង្ការ, ជាពិសេសគឺ​គ្រឿង​លាប​លន​​មុខមាត់ ។ ជួនកាលគេនាំសាមីខ្លួន​ដែលទើប​នឹង​កោរសក់​ហើយពីរ ឬបីនាក់ ឬច្រើនជាង​នោះ ទៅជុំគ្នានៅផ្ទះ​នរណា​ម្នាក់ ក្នុងភូមិជាមួយគ្នា ដើម្បី​សម្អិតសម្អាង​ខ្លួន ហើយ បន្ទាប់មកធើ្វ​កិច្ច​ផ្សេងៗ​មួយគន្លាកសិន ។ លុះមួយ​ក្រុមៗ (ច្រើនតែនៅ​ក្នុងភូមិ​ជាមួយគ្នា)​ ឆ្លង​កិច្ច​ទាំងនេះហើយ ទើបគេចាប់ផ្តើម​ហែ​នាគ​​ចេញពីភូមិ​រៀងៗ​ខ្លួន ។ នាគ​​​តែង​តែ​ជិះសេះ ។ បើនៅតំបន់ខ្លះ ​ដែលខ្សត់បំផុត​រកសេះ​ឲ្យនាគជិះ​មិនបាន​នោះ ក៏គង់គេឲ្យ​អង្គុយ​លើ​កង់ រឺគ្រែស្នែង ដោយមានអ្នកសែង ឬដឹកបណ្តើរដែរ ។ ផ្ទុយទៅវិញ បើស្រុកសម្បូណ៌ដំរី គេឲ្យ​នាគម្នាក់​ជិះលើដំរីមួយ យើង ខ្ញុំបានឃើញខ្មែរ និងកួយដែលនៅភូមិក្រពោ និងភូមិតាខ្លាង នៅខេត្តសូរិន្ទ (ប្រទេសថែឡង់ដ៏) ធើ្វដូច្នោះ ។ មនុស្សស្រីណាម្នាក់ដែលជា​ម្តាយ,​ម្តាយធំ,​បងស្រី…..នោះតែង​ទូលត្រៃ​ ចីវរដើរនៅពីមុខ ឥតមានជិះ អី្វឡើយ  ទោះជាត្រូវឡើង​ក៏​សុខ​ចិត្ត​​​​ឲ្យនាគ​នោះ​ជិះសេះដែរ ឯខ្លួនឯងដែល​ជា​​ចាស់ទុំ​​​វិញ​សុខ​ចិត្តដើរ ។ ភូមិយើងក៏ធើ្វដូច្នោះ ភូមិគេ​ក៏ធើ្វ​ដូច្នោះ លុះហែ​រៀងៗខ្លួនទៅ ក៏ទៅជួបគ្នា​កើតបានជាក្រុម កាន់តែធំឡើងៗ មានភ្លេង ដូចជា​ពិនពាទ្យ និងឆៃយ៉ាំជា​ដើមកំដរផង ។ លុះទៅដល់វត្ត ឃើញ ថាមនុស្សកុះករណែនណាន់តាន់តាប់ ។ បើនៅតំបន់អង្គរវិញ ជូនកាលគេសន្មត​គ្នាថា មុននឹង ទៅវត្តដែលត្រូវនាំនាគទៅបំបួសនោះ ត្រូវមកជួប​ជុំគ្នា​ហែ​​ប្រទក្សិណ​​អង្គរ​​វត្ត​បីជុំសិន ។

នៅវត្ត បើពុំរៀបរាប់ពិធីទូទៅធម្មតា កិច្ចសំខាន់ដំបូងក្នុងយប់នោះគឺ “ហៅព្រលឹងនាគ” ។ អាចារ្យ​តែងមានក្បួននៅក្នុងក្រាំងរបស់ខ្លួន យកមកបើកសូត្រធើ្វបទផ្សេងៗ ។ នាគទាំងអស់នៅអង្គុយ​​​ស្តាប់​​​​យ៉ាង​​​​ស្រគត់ស្រគំ ដោយមាន “អំបោះក្លុក” នៅត្រចៀកផង ។ ពាក្យសូត្រ​យ៉ាងវែង លន្លង់លន្លោច​នោះពុំខុសគ្នាអ្វីពីពាក្យហៅព្រលឹង ពេលកោរជុកឡើយ ។ នៅតំបន់​ខ្លះ ការសូត្រនេះគ្រាន់តែ​ជាមួយ​វគ្កទេ ត្បិតពិធីហៅព្រលឹងនឹងបញ្ចប់ទៅដោយ​កិច្ចជញ្ជាត់​ព្រលឹង​​​​នៅ​ពេល​ទៀប​ ភ្លឺទៀត ។ ក្នុងនោះដែរ​មានកិច្ច “សែនក្បាលជណ្តើរ” សាលា នៅពេលដែល​គេត្រឡប់មក​ពីជញ្ជាត់ព្រលឹង​ ហើយយកព្រលឹង​មកឲ្យ​នាគ​វិញ ។

កិច្ចភ្ជាប់ជាមួយការសូត្រហៅព្រលឹងនៅពេលយប់នោះ គឺបង្វិលពពិលជុំវិញនាគទាំងអស់ ។ ពេល​​​​​​​​ខ្លះ​អ្នកបង្វិលពពិលអង្គុយ ពេលខ្លះទៀត ត្រូវងើបឈរ តាមការណែនាំរបស់អាចារ្យ ។ នៅតំបន់ ដែល​​​កាន់ប្រពៃណីខ្លាំង គេតែងឲ្យនាគម្នាក់ៗនោះដេកនៅលើអង្កររាបរៀងខ្លួន មានន័យថាអាចារ្យ​ត្រូវ​រៀបអង្កររាប ដោយចំណាយពេលយ៉ាងយូរដើម្បីកិច្ចនោះសិន ។ ក្នុងកិច្ចនេះ ព្រឹកឡើងនាគម្នាក់​តែង​រាវ​អង្ករដែលខ្លួនដេកលើពីយប់ ដូចធ្លាប់រៀបរាប់នៅពិធីឆ្លងវ័យមុនៗមកហើយ ។

ពេលព្រឹកព្រលឹមនោះ គេត្រូវធ្វើធ្មេញ ។ ឯការស្លថាំ្ន និងរបៀបធើ្វនោះ ក៏ធ្លាប់បាននិយាយ​ពី​លើ​មកហើយដែរ ពុំបាច់បរិយាយម្តងទៀតម្តងទៀតទេ ។ មានកិច្ចផ្សេងៗ​ទៀត​ដែល​ភ្ជាប់នឹង​ការធើ្វធ្មេញ​នេះ​ដែរ ដូចជាការដាប់មាត់, តម្រឹមម្រាមជើងជាដើម ។ កិច្ចសំខាន់ៗសម្រាប់នាគ​អាចសង្ខេប​មកត្រឹម​នេះ​ឯង តែយ៉ាងណាក៏ដោយ អ្នកទាំងនេះនៅជានាគ​នៅ​ឡើយ ត្បិតត្រូវមកអង្គុយសំពះព្រះស្ឃ និងរាប់​បាត្រ​តទៅ​​​ទៀត ។

ភាពជាបព្វជិត

ពាក្យថា ​ “បព្វជិត” ប្រែថា អ្នកបួស រឺអ្នកសាងភ្នួស បួសជាសាមណេរ ឬ​បួសជាភិក្ខុ បានសេចកី្តថា​អ្នកចេញចាកនូវកាម រឺចេញចាកផ្ទះទៅបួស សាងផ្ទួស​នៅក្នុងទីនេះសំដៅទៅលើ​អ្នក បួស​ក្នុងព្រះពុទ្ធ​សាសនា​តែប៉ុណ្ណោះ។ យើខ្ញុំសូមបរិយាយអំពីកិច្ច នៅក្នុងទំនៀមទំលាប់ ដ៏សំខាន់ ចុងក្រោយនេះ។

ពិធីសំខាន់បំផុតចុងក្រោយ គឺកិច្ចបំបួសដែលអាចធើ្វនៅរសៀលថ្ងៃដដែលនោះក៏បាន តែពេល​នេះត្រូវ​​​នៅក្នុងព្រះវិហារ ពុំអាចធើ្វនៅក្នុងសាលាដូចកិច្ចដែលមានមុនមកនោះទេ ។ កិច្ចនោះ​​មាន​របៀបរ​បប​​ហ្មត់ចត់ ពុំអាចធើ្វតាមចិត្តនឹកឃើញបានឡើយ ។ នាគនីមួយៗត្រូវ​​ចេះសូត្រ​ធម៌បួស ដើម្បីឆើ្លយឆ្លង​ជាមួយឧបជ្ឈាយ៍ រឺព្រះសង្ឃដែលត្រូវធើ្វ​កិច្ចផ្ទាល់​មួយ​ខ្លួន ។ យើងខ្ញុំពុំវែកញែក​វែងឆ្ងាយអំពីកិច្ចដែល​មាន​ចែងនៅ​ក្នុង​ព្រះ​ វិន័យព្រះពុទ្ធសាសនាទាំងនេះទេ ត្បិតដូច​ធ្លាប់ពោលច្រើន ដងមកហើយ យើងខ្ញុំរៀបរាប់​ពិធីនេះ​ក្នុង​ទស្សនៈឆ្លងវ័យ ។ កាយវិការចុង​ក្រោយ​បង្អស់ នៅត្រង់ ពេលឧបជ្ឈយ៍នោះ “ ទាក់ករ “ នាគ ។  ពេលនេះ​ហើយ​ដែលនាគបោះបង់ភាពជានាគ មកចូលក្នុងភាព ជាបព្វជិតដោយដោះសំពត់ហូល សាវ​ស្បៃ និង​គ្រឿងអលង្ការ​នានាពីខ្លួន ហើយមកស្លៀកស្បង់ គ្រងចីពរពេញលេញជាអ្នកបួស ។

បើប្រៀបទៅនឹងការចូលម្លប់ ពិធីបួសដូចជា “ចូល” ដែរ​ ត្បិតបន្ទាប់មក អ្នកបួសថ្មីៗទាំង​នេះ​ស្ថិត​នៅក្នុងបរិបទពិសេសមួយខុសពីគ្រហស្ថធម្មតា ព្រោះឃុំខ្លួននៅក្នុងវត្ត ជាពិសេស​ក្នុង​វស្សា មិនខុសអ្វី​ពីការចូលម្លប់ ដែលឃុំខ្លួនក្នុងម្លប់ឡើយ ។ សូមរំលឹកពាក្យថា “គ្រហស្ថ” មានន័យថា” អ្នកនៅផ្ទះ “ ហើយ​កាល​​​​​​ពីមុនគេអាចហៅព្រះសង្ឃថា “ អាយក្តី “ ប្រែថា” អ្នកនៅកុដិ “(ក្រោយ​មក​ក្លាយជា “អាចក្តី”​ ជូន​​កាល​ជា” អចក្តីអាតា្ម “ទៀតផង ។ ប្រការពិសេសដទៃទៀត គឺទាក់​ទងនឹងព្រះវិន័យ ដូចជាការ​ឆាន់​ជាដើម (​យើងធ្លាប់ឃើញចូលម្លប់ក៏នូវក្នុងរបបបាយបួសដែរ ) ។ តាមពិត​ទៅ​ ហៅថាបួសនោះមាន ៣ ដំណាក់​កាល​ដូចចូលម្លប់ដូច្នោះ គឺការបួស,​ ការស្ថិតនៅក្នុងបព្វជិត​ក្នុងរយៈពេលខ្លី ឬវែង (រយៈពេលមធ្យម ពី ពីរ-បី ព្រះវស្សា ),

និងការចាកភ្នួស ពោលគឺសឹក ។ ប៉ុន្តែពិធីសម្រាប់ប្រុស និងស្រីផ្ទុយគ្នានៅត្រង់ថា បួសមានភាពឱឡារិកខ្លំាងណាស់ មិនដូចពិធីចូលម្លប់ដែល គ្រាន់តែ សែន ដូនតាបន្តិចបន្តួច ។ លុះ​ដល់​សឹក គឺធើ្វឡើងសា្ងត់ពុំមាននរណាដឹងឮប៉ុន្មានឡើយ ( ប៉ុន្តែនៅតំបន់ខ្លះ ពេលលាចាសិក្ខាបទ​ រឺហៅ​ថា​សឹកនោះ គេ​ឃើញក្រុមគ្រួសារខ្លះដែលមានលទ្ធភាពគ្រប់គ្រាន់ គឺគេ ធើ្វពិធីជប់លៀង សែន​ចងដៃ ហើយឲ្យកូនប្រុសដែលបានសឹករួចហើយ នោះដើរជំរាប់សួរចាស់ៗ នៅក្នុងភូមិ ដើម្បីការ​ដឹងគុណ​​នឹង​ថ្លែង​អំណរគុណដល់ពួកគេ ព្រោះពួកគេបានចិញ្ចឹមទំនុកបំរុងខ្លួន កាលនៅបួសជាព្រះសង្ឃ ចំណែក​ឯអ្នក​ខ្លះ គឺធើ្វពិធិនេះជាលក្ខណៈសា្ងត់ៗអញ្ជើញតែចាស់ទុំពីរ បីនាក់​ប៉ុណ្ណោះ ) ។ រីឯការចេញម្លប់វិញអធិកអធម​ក្រៃលែង ដូចបានរៀបរាប់មកស្រាប់ ។

អ្នកដែលបានបួសរៀន ​​​​យូរ ឧទាហរណ៍ ពីប្រាំវស្សាឡើងទៅ គេតែងឲ្យតំលៃណាស់ ត្បិត​គេយល់ថាអ្នកនោះចេះច្រើន។ ដូច្នេះហើយបានជាអ្នកស្រុកតែងហៅអ្នកនោះថា” អន្ទិត “(និយាយក្លាយ​មកពី” បណ្ឌិត “ដែលខ្មែរពីបុរាណកាលមកតែងតែសរសេរជា” បន្ទិត “) ហើយយើងធ្លាប់ដឹងថា ជា​ប្រពៃណី​រៀងមក គេតែងចង់លើកកូនស្រីឲ្យជាភរិយាផង។

ឯកសារពិគ្រោះ

ដកស្រង់ចេញពី សៀវភៅ ដំណើរជីវិតមនុស្សខ្មែរ មើលតាមពិធីឆ្លងវ័យ និពន្ធដោយ អាំង ជូលាន,ព្រាប ចាន់ម៉ារ៉ា,ស៊ុន ចាន់ដីប។ ផ្សព្វផ្សាយដោយ ហនុមានទេសចរណ៍ ឆ្នាំ ២០០៧

ដកស្រង់ចេញពី សៀវភៅ ប្រវតិ្ត និងការប្រតិបត្តិ ព្រះពុទ្ធសាសនានៅកម្ពុជា ភាគទី ១ ឆ្នាំ ២០០៧ និពន្ធដោយ អៀន ហ៊ៃរីស គ្រឹះសា្ថនបោះពុម្ភផ្សាយ នគរវត្ត

[1]  ប្រវត្តិ និងការប្រតិបត្តិ ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ភាគទី ១ អៀន ហ៊ៃរីស

[2] ប្រវតិ្ត និងការប្រតិបត្តិ ព្រះពុទ្ធសាសនានៅកម្ពុជា ភាគទី ១ អៀន ហ៊ៃរីស

អរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon