Thursday, June 8, 2017

បុរសម្ចាស់ផ្ទះ និងបុរសសុំសំចត




              មាននិទានមួយតំណាលថា៖ មានបុរសម្នាក់ទើបនឹងសង់ផ្ទះហើយថ្មីៗ គាប់ជួនមានបុរសម្នាក់ទៀតមកសុំសំណាក់នឹង ផ្ទះនោះ។ ឯចៅម្ចាស់ផ្ទះក៏ព្រមឲ្យសំចត ហើយនៅរួមជាមួយគ្នាក្នុងផ្ទះនោះទៅ។ ចៅសុំសំចតលុះនៅបានយូរបន្តិច ក៏រាប់អស់គ្រឿងផ្ទះគឺរនូត រនាប រណប បង្កង់ ដែរណេង ផ្ទោង ផ្លានមានតំណឥតតំណ នូវស្លឹកប្រក់ ធ្នូសព្វគ្រប់ តំណត់សំគាល់ទុកជាចំណាំ។

              លុះនៅអំឡុងបាន១ខែទៅ ចៅម្ចាស់ផ្ទះក៏និយាយថា “ចៅមកនៅសំចតនឹងអញនេះយូរអង្វែងហើយ ចូរចៅទៅស្រុកចៅវិញចុះ អញនឹងយកឳពុកម្តាយ យកបងប្អូនអញមកនៅ”។ ចៅសុំសំចតឆ្លើយថា៖ “ផ្ទះនេះជាផ្ទះរបស់អញ ម្តេចក៏ចៅថា ជាផ្ទះរបស់ចៅទៅវិញ”។ ចៅទាំងពីរនាក់ឈ្លោះទាស់ទែងដណ្តើមផ្ទះគ្នា ក៏នាំគ្នាទៅប្តឹងចៅក្រមឲ្យជំនុំជម្រះ។

              ចៅម្ចាស់ផ្ទះប្តឹងថា៖ “ផ្ទះនេះជាផ្ទះរបស់ខ្ញុំប្របាទទើបសង់ថ្មី ចៅនេះចូលមកសុំសំចតអស់អំឡុង១ខែ ពុំព្រមចេញ សូម្បីខ្ញុំប្របាទប្រាប់ឲ្យចេញ ថែមទាំងចៅនេះប្រកាន់យកផ្ទះរបស់ខ្ញុំប្របាទថាជាផ្ទះរបស់ខ្លួន ផងទៀត”។ ចៅសុំសំចតប្តឹងថា៖ “ផ្ទះនេះខ្ញុំប្របាទទើបសង់ថ្មី ចៅនេះមកសុំសំចតអស់អំឡុង១ខែ ហើយដណ្តើមយកផ្ទះនេះអំពីខ្ញុំប្របាទសូមទានមេត្តាប្រោស បើចៅនេះប្រកាន់ថាជាផ្ទះរបស់ខ្លួន តើចៅនេះដឹងទេអស់ទាំងគ្រឿងផ្ទះនោះ គឺរនូត រនាប់ បង្កង់ ខ្នួចស្លឹកប្រក់ផ្ទះមានប៉ុន្មាន?”។ ម្ចាស់ផ្ទះឆ្លើយថា៖ “ខ្ញុំប្របាទពុំបានរាប់ទេ តែផ្ទះនេះពិតជាផ្ទះរបស់ខ្ញុំប្របាទប្រាកដមែន”។ ចៅក្រមក៏ដណ្តឹងសួរទៅចៅសុំសំចតថា៖ “បើចៅប្រកាន់ថាជាផ្ទះរបស់ចៅ តើចៅដឹងទេថា គ្រឿងផ្ទះនេះមានប៉ុន្មាន?”។

              ចៅសុំសំចតហេតុតែបានកត់សំគាល់ចំណាំទុកពីមុនមកស្រេចក៏ឆ្លើយ ត្រូវទាំងអស់។ ចៅក្រមយល់ថា៖ “ប្រហែលជាចៅនេះជាម្ចាស់ផ្ទះមែន បានជាចាំបានសព្វគ្រប់ទាំងអស់គ្រឿងផ្ទះ” ទើបកាត់សេចក្តីឲ្យទៅចៅសុំសំចតនោះ។

              ឯចៅម្ចាស់ផ្ទះពុំសុខចិត្តឡើយ ទើបនាំរឿងនេះទៅក្រាបបង្គុំទូលព្រះមហាក្សត្រ។ ព្រះមហាក្សត្រទ្រង់ព្រះចិន្តាថា៖ “ហេតុអ្វីក៏ចៅមួយនេះចាំអស់គ្រឿងក្នុងផ្ទះសព្វគ្រប់ម៉្លេះ?” ហើយទ្រង់ត្រាស់សួរថា៖ “អើ! ចៅចាំគ្រឿងផ្ទះបានហ្មត់ចត់ល្អណាស់ តែឯជើងសសរខាងក្នុងរណ្តៅនោះតើមានអ្វីខ្លះឬទេ?”។ ចៅម្ចាស់ផ្ទះក្រាបទូលថា៖ “រណ្តៅខាងជ្រុងអាគ្នេយ៍នោះ ជាទីមានភក់ដីទន់ជ្រាយ ទើបទូលព្រះបង្គំជាខ្ញុំ យកឈើ១កំណាត់ ដាក់នៅបាតសសរ ដើម្បីកុំឲ្យស្រុត”។ ទ្រង់ត្រាស់ថា៖ “បើថាដូច្នេះត្រូវទៅជីកជើងសសរនោះមើល តើមានមែនឬទេ?”។

              លុះជីក ទៅក៏មានឃើញកំណល់កល់ជើងសសរនោះមែន ទើបទ្រង់ត្រាស់វិនិច្ឆ័យថា៖ “ហេតុតែផ្ទះនោះជារបស់ចៅនោះមែន បានជាចំណាំដល់ក្នុងដី ឯចៅមួយនោះមិនមែនជាម្ចាស់ផ្ទះទេ បានជាចាំបានតែគ្រឿងខាងលើ ពុំដឹងដល់ខាងក្នុងដី ហេតុនេះត្រូវបានផ្ទះទៅចៅដែលដឹដល់គ្រឿងផ្ទះក្នុងដី ឯចៅមួយនោះជាអ្នកបោកគេ ត្រូវមានទោសនឹងត្រូវពិន័យតាមច្បាប់”។ ចៅទាំងពីរនាក់ក៏សុខចិត្ត ហើយក្រាបបង្គំទៅកាន់លំនៅរបស់ខ្លួនទីទៃហោង។


សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon