1. ពាក្យថា ហាឡូវីន Halloween
មនុស្សភាគច្រើនចូលចិត្តហៅ ថ្ងៃហាឡូវីន ជាប់ៗមាត់ថា ថ្ងៃដោះលែងខ្មោច។ ក្នុងថ្ងៃដែលពោលមកនេះ តែងមានការតុបតែងផ្ទះសម្បែង ហាងទំនិញ ដោយដាក់ផ្លែល្ពៅឆ្លាក់ជារូបខ្មោច ឬប្រើវត្ថុផ្សេងៗច្នៃជារូបខ្មោច ឬគូរមុខខ្លួនឯងឲ្យមានរូបរាងដូចខ្មោច ដើម្បីបង្កបរិយាកាសរីករាយនៅក្នុងពិធីបុណ្យកម្សាន្ត។
នៅក្នុងសាសនាគ្រិស្តនិកាយកាតូលិក ពាក្យថា Halloween ជាភាសាអង់គ្លេស ក្លាយមកពីពាក្យ All Hallows Evs ដែលមានន័យថា មុនថ្ងៃឆ្លងអ្នកមានបុណ្យទាំងឡាយ។ ពាក្យនេះត្រូវកាត់ឲ្យនៅសល់ខ្លីដោយប្រើវិធី Hallow + Eve = Halloween ។ ពាក្យថា Hallow ជាពាក្យរបស់ជនជាតិដើមអង់គ្លេស(Ango-Saxon) មានន័យថាធ្វើឲ្យស័ក្តិសិទ្ធិ ត្រូវនឹងភាសាអាឡឺម៉ង់ថា heiligen តែបច្ចុប្បន្នគេនិយមប្រើពាក្យដែលខ្ចីមកពីភាសាឡាតាំងថា sanctify។ ពាក្យ Hallow នៅមានប្រើនៅក្នុងអត្ថបទអធិដ្ឋានចាស់ៗ ដូចជា Hallowed be thy Name (សូមព្រះនាមក្លាយជាទីសក្ការៈ)។
ពាក្យ Hallow អាចប្រែន័យផ្សេងៗបានទៀតដូចជា វត្ថុស័ក្តិសិទ្ធិ មនុស្សស័ក្តិសិទ្ធិ ឬ អ្នកមានបុណ្យ។ ដូច្នេះទើបពាក្យ All Hallowmas ប្រែថា ថ្ងៃបុណ្យឆ្លងអ្នកមានបុណ្យទាំងឡាយ។ ក្នុងបច្ចុប្បន្នគេប្រើពាក្យ All Saints Day គូជាមួយពាក្យ Christmas ថ្ងៃបុណ្យព្រះគ្រិស្ត ឬថ្ងៃគ្រិស្តម៉ាស នោះឯង។ មុនថ្ងៃគ្រិស្តម៉ាស មាន Chrismas Eve ដែលនិយមនាំគ្នាហៅថា រាត្រីមុនថ្ងៃគ្រិស្តម៉ាស។ មុនថ្ងៃឆ្លងអ្នកមានបុណ្យទាំងឡាយ ក៏មាន All Hallowmas Eve ដែលក្រោយមកកាត់នៅសល់ត្រឹម Halloween ដោយមានពិធីបុណ្យកម្សាន្តរីករាយ និងកម្មវិធីបែបសាសនា ដូចរាត្រីថ្ងៃគ្រីស្តម៉ាសដែរ។ ជនកាតូលិកទាំងឡាយបាននាំគ្នាលើកកម្មវិធីសាសនា ទៅប្រារព្ធធ្វើនៅក្រោយ ថ្ងៃឆ្លងអ្នកមានបុណ្យទាំងឡាយ ហើយហៅថា ថ្ងៃវិញ្ញាណក្នុងដែនស្ងប់ (All Souls Day) ដើម្បីជាគូនឹងថ្ងៃឆ្លងអ្នកមានបុណ្យទាំងឡាយ (All Saints Day)។
2. ប្រវត្តិថ្ងៃហាឡូវីន Halloween
ថ្ងៃទី៣១ តុលា ជាថ្ងៃដែលជនជាតិ ខេល (Celt) ដែលជាជនជាតិភាគតិចមួយនៅកោះ Ireland ចាត់ទុកថា ជាថ្ងៃចុងបញ្ចប់នៃរដូវក្តៅ ហើយថ្ងៃបន្ទាប់មកគឺជាថ្ងៃទី ០១ វិច្ឆិកា ជាថ្ងៃចូលឆ្នាំថ្មី ដោយនៅថ្ងៃទី ៣១ តុលា នេះឯង ដែលជនជាតិ ខេល ជឿថា ជាថ្ងៃដែលពិភពរបស់មនុស្សស្លាប់ និងមនុស្សរស់តភ្ជាប់គ្នា ហើយវិញ្ញាណរបស់អ្នកដែលបាត់បង់ជីវិតក្នុងឆ្នាំកន្លងមក នឹងដើររករាងកាយរបស់មនុស្សរស់ដើម្បីចូលសណ្ឋិត ក្នុងគោលបំណងមានជីវិតរស់ម្តងទៀត។ ការនាំភាពក្តៅក្រហាយដល់មនុស្សរស់ ធ្វើឲ្យពួកគេព្យាយាមរិះរកគ្រប់មធ្យោបាយ ដើម្បីកុំឲ្យខ្មោចចូលមកសណ្ឋិតនៅក្នុងខ្លួន។ ដូច្នេះជនជាតិ ខេល ក៏នាំគ្នាបិទភ្លើងគ្រប់ប្រភេទនៅក្នុងផ្ទះ ដើម្បីឲ្យអាកាសធាតុប្រែជារងាត្រជាក់ ដែលមិនមែនជាទីប៉ងប្រាថ្នារបស់ពពួកខ្មោច។ ក្រៅពីនេះពួកគេនៅនាំគ្នាតែងខ្លួនចម្លែកៗ បន្លំខ្លួនធ្វើជាខ្មោច និងបន្លឺសំឡេងលាន់អ៊ឹកធឹក ដើម្បីឲ្យខ្មោចពិតប្រាកដភ័យខ្លាច ហើយរត់គេចខ្លួនទៅវិញ។
រឿង គោមរូបផ្លែល្ពៅ Jack-O’-Lanterns ខ្លះ មាននិយាយដល់ថ្នាក់ ដុតមនុស្សដែលគិតថាខ្មោចចូលសណ្ឋិត ឬអារកមាន់ទាំងរស់ឲ្យខ្មោចខ្លាចទៀតផង។ តែនោះជាហេតុការណ៍ដែលកើតឡើងតាំងពីមុនគ្រិស្តសករាជដែលជំនឿរឿងខ្មោចព្រាយបិសាច នៅចាក់ឫសជ្រៅនៅក្នុងផ្នត់គំនិតមនុស្ស។ តមកនៅសតវត្សរ៍ដំបូងនៃគ្រិស្តសករាជ ជនជាតិរ៉ូម៉ាំងបានទទួលប្រពៃណីហាឡូវីនពីជនជាតិ ខេល តែបានកាត់ការដុតរាងកាយមនុស្សដែលត្រូវខ្មោចសណ្ឋិតចេញ ប្តូរមកដុតទីងមោងជំនួសវិញ។ កាលវេលាកន្លងទៅ ជំនឿរឿងខ្មោចសណ្ឋិតក្នុងរាងកាយមនុស្សបានថមថយចុះជាលំដាប់ ហាឡូវីន បានក្លាយមកត្រឹមជាពិធីការស្លៀកពាក់ជារូបខ្មោច មេមត់ សត្វចម្លែក តាមតែគំនិតច្នៃប្រឌិតម្នាក់ៗ។ ប្រពៃណីហាឡូវីន បានធ្វើដំណើរមកដល់សហរដ្ឋអាមេរិកក្នុងទសវត្សរ៍ទី ១៨៤០ តាមរយៈជនជាតិ អៃរីស (Irish) ដែលភៀសខ្លួនមកនៅអាមេរិក។ ចំពោះប្រពៃណី Trick or Treat (ប្រែថា លង ឬលៀង) វិញ ចាប់ផ្តើមមាននៅកំឡុងគ្រិស្តសតវត្សរ៍ទី៩ ដោយជនជាតិអឺរ៉ុបដែលចាត់ទុកថ្ងៃទី ០២ វិច្ឆិកា ជាថ្ងៃ ‘All Souls’ ពួកគេនឹងដើរស្រែកសុំ «នំសម្រាប់វិញ្ញាណ» (Soul Cake) ពីភូមិមួយទៅភូមិមួយ ដោយជឿថា កាន់តែឲ្យនំខេកច្រើនប៉ុណ្ណា វិញ្ញាណរបស់ញាតិអ្នកបរិច្ចាគនឹងទទួលបានផលបុណ្យ ធ្វើឲ្យមានឱកាសឡើងឋានសួគ៌បានច្រើនប៉ុណ្ណោះ។
3. ការលេងTrick or Treat
តាមផ្ទះប្រជាកសិករ រឿងនិទានដែលពាក់ព័ន្ធនឹងផ្លែល្ពៅនោះ ជារឿងប្រជាប្រិយរបស់ជនជាតិ អៃរីស ដែលនិយាយពីបុរសឈ្មោះ ជែក(Jack) ជាអ្នកលេងសៀកកំពូលប្រមឹក។ ថ្ងៃមួយគាត់បានបោកបញ្ឆោតឲ្យបិសាចឡើងទៅលើដើមឈើ ហើយក៏គូសសញ្ញាខ្វែងលេខបូកនៅនឹងគល់ឈើ ធ្វើឲ្យបិសាចនោះមិនអាចចុះមកបាន។ បន្ទាប់មកទៀត គេបានធ្វើកិច្ចសន្យាជាមួយបិសាច «ឈប់នាំរឿងមិនល្អមកលងបន្លាចគេទៀត!» ហើយគេក៏ឲ្យខ្មោចចុះពីដើមឈើវិញ។ នៅពេល ជែក ស្លាប់ គេបដិសេធមិនឡើងឋានសួគ៌ ទន្ទឹមនឹងនេះក៏បដិសេធមិនចុះនរកដែរ ទើបបិសាចប្រគល់ធ្យូង ដែលកំពុងឆេះគគុកដល់គេដើម្បីយកទុកបំបាត់ភាពរងាកណ្តាលភពងងឹត ហើយ ជែក បានយកធ្យូងនេះទៅដាក់ក្នុងមើមស្ពៃ Turnip ដែលចោះឲ្យប្រហោង ដើម្បីឲ្យភ្លើងឆេះបានកាន់តែយូរ។
ហេតុដូច្នេះទើបជនជាតិ អៃរីស ឆ្លាក់មើមស្ពៃ Turnip ហើយដាក់ភ្លើងនៅខាងក្នុង ដែលជានិម្មិតសញ្ញាមួយ នៅក្នុងថ្ងៃហាឡូវីន ជាការរម្លឹកដល់ការបញ្ឈប់អំពើអាក្រក់ Trick or Treat ដើម្បីបញ្ជូនផលបុណ្យទៅឲ្យញាតិមិត្តដែលបានចែកឋានទៅ និងពិធីខាងសាសនា ដើម្បីធ្វើបុណ្យថ្ងៃឆ្នាំថ្មី។ តែនៅពេលមានពិធីឆ្លង ថ្ងៃហាឡូវីននៅសហរដ្ឋអាមេរិក ជនជាតិអាមេរិកឃើញថា ផ្លែល្ពៅងាយរកជាង មើមស្ពៃ Turnip ខ្លាំងណាស់ ទើបនាំគ្នាប្តូរមកប្រើផ្លែល្ពៅជំនួសវិញ។
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
EmoticonEmoticon