Monday, October 12, 2015

អាហារ​ដែល​ជួយ​ឲ​ស្បែក​ កាន់តែ​ស្រស់ស្អាត



                      ការ​ទទួលទាន​អាហារ​បាន​ត្រឹមត្រូវ ពិតជា​អាច​ជួយ​បង្ការ​ភាព​ជ្រីវជ្រួញ និង​ផ្តល់​មក​វិញ​នូវ​ការលូតលាស់​ស្បែក​ដ៏​ល្អ​បាន​។ ខាងក្រោម​នេះ គឺជា​របប​អាហារ​ដែល​ជួយ​ដល់​សុខភាព​ស្បែក ហើយ​ត្រូវបាន​ណែនាំ​អោយ​អ្នកវិទ្យាសាស្ត្រ​។


1. ផ្លែ​បឺ​



                    សារធាតុ​ផ្តល់​ជាតិ​ទឹក​ដ៏​ខ្លាំងក្លា និង​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​ដ៏​ល្អ​ដែល​មាន​ក្នុង​ផ្លែ​បឺ ធ្វើអោយ​ស្បែក​មើល​ទៅ​ទន់ ភ្លឺ​ថ្លា និង​មិន​សូវ​មាន​ការ​រលាក ក្រហម និង​កើតមុន​ទេ​។ ដូច្នេះ អ្នក​គួរតែ​បន្ថែម​ផ្លែឈើ​ប្រភេទ​នេះ​ទៅ​ក្នុង​របប​អាហារ​ផង​។
                       អ្នក​ក៏​អាច​ប្រើ​វា​សម្រាប់​ជា​ម៉ាស​បិទមុខ ដើម្បី​ទទួលបាន​សំណើម​ដ៏​ល្អ​របស់​វា សម្រាប់​សុខភាព​ស្បែក​មុខ​ផង​ដែរ​។ ចូរ​យក​ផ្លែ​បឺ​មួយ​ចំហៀង មក​លាយ​ជាមួយ​នឹង​ទឹកឃ្មុំ​មួយ​ដំណក់ រួច​កូរ​វា​អោយ​សព្វ​ល្អ បន្ទាប់មក យក​ទៅ​លាប​លើ​មុខ​រយៈពេល ១០ នាទី ចាំ​លាង​វា​ចេញ​ ។

2. ស្ត្រប៊េរី

                តើ​អ្នក​មាន​សម្គាល់​ឃើញ​ស្នាម​សរសៃឈាម​ក្រហមៗ ផុស​ឡើង​នៅ​ជុំវិញ​ច្រមុះ និង​ជើង ឬ​កន្លែង​ណា​ផ្សេង​នៃ​រាងកាយ​អ្នក​ដែរ​ទេ​? តើ​អ្នក​ចង់​លុប​បំបាត់​វា​ចោល​ដែរឬទេ​? ដំណោះស្រាយ​នោះ​គឺថា ការ​ទទួលទាន​ផ្លែ​ស្ត្រប៊េរី​ពណ៌​ខៀវ ឬ​ក្រេន​ស្ត្រប៊េរី អាច​ជួយ​ព្យាបាល និង​បង្ការ​កុំអោយ​សរសៃឈាម​ទាំងនោះ​បែក​បាន​។ ពពួក​ផ្លែ​ប្រភេទ​ស្ត្រប៊េរីទាំងនេះ ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​អង់​ទី​អុក​ស៊ីដង់ និង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការកាត់បន្ថយ​ភាព​ចាស់​របស់​អាយុ​ផងដែរ​។
                  ក្រៅពីនេះ ផ្លែ​ស្ត្រប៊េរី ក៏​មាន​សារធាតុ​សំខាន់ៗ​ផ្សេង​ទៀត​ដែរ​ដូចជា វីតាមីន A វីតាមីន C និង Ellagic Acid​។ សារធាតុ Anthocyanin និង​វីតាមីន C ជួយ​កាត់បន្ថយ​ការខូចខាត​របស់​រ៉ាឌីកាល់​សេរី ចំណែកឯ Ellagic Acid ទៅ​បន្ថយ​ការ​រលាក និង​បង្ការ​ការខូចខាត​របស់​សារធាតុកូឡា​ជែន ដែល​ជា​ជាតិ​សរសៃ​ជំនួយ​ដល់​រចនាសម្ព័ន្ធ​ទ្រទ្រង់​របស់​ស្បែក​។ យក​ល្អ អ្នក​គួរតែ​ទទួលទាន​ផ្លែ​ស្ត្រប៊េរីជា​អាហារសម្រន់ ឬ​បង្អែម​ទៅ​។

3. ផ្លែទំពាំងបាយជូរ​ក្រហម​

                    សារធាតុ Resveratrol ដែល​មាន​ក្នុង​ទំពាំងបាយជូរ​ក្រហម គឺជា​អង់​ទី​អុកស៊ី​ដង់​មួយ​ប្រភេទ​សម្រាប់​ជួយ​ការពារ​ស្បែក​ពី​រ៉ាឌីកាល់​សេរី បន្ថយ​ការ​រលាក និង​ជម្រុញ​អោយ​កើតជា​កោសិកា​ថ្មីៗ​។ ដូច្នេះហើយ វា​ពិតជា​ធាតុ​ផ្សំ​ដ៏​សំខាន់ សម្រាប់​ការពារ​ស្បែក​ពី​ការខូចខាត​របស់​ពន្លឺ​ព្រះអាទិត្យ​ជាមិនខាន​។ ការស្រាវជ្រាវ​បានអោយដឹងថា ទំពាំងបាយជូរ​ក្រហម ក៏​ជួយ​ទប់ស្កាត់​ភាព​ជ្រីវជ្រួញ និង​បំបាត់​ការខូចខាត​ដោយសារ​ពន្លឺព្រះអាទិត្យ​ដែរ​។

4. ផ្លែដូង​


                   ប្រេង​ដូង គឺជា​សារធាតុ​ផ្តល់​សំណើម​ដ៏​អស្ចារ្យ​មួយ​ប្រភេទ ជាពិសេស សម្រាប់​អ្នក​ដែល​មាន​ស្បែក​ងាយ​នឹង​រលាក​តែម្តង​។ វា​គឺជា​ឱសថ​មួយ​ប្រភេទ ដែល​ជួយ​ពង្រឹង​ដល់​ស្រទាប់​ខាង​ក្រៅ​របស់​ស្បែក​បាន ដូច្នេះហើយ វា​នឹង​ផ្តល់​សំណើម​បាន​កាន់តែ​ច្រើន​។ ជាមួយគ្នានេះដែរ ប្រេងដូង​ដែល​ផ្ទុក​ទៅដោយ​វីតាមីន E ដែរនោះ គឺជា​អង់​ទី​អុក​ស៊ីដង់ដ៏​អស្ចារ្យ​មួយ សម្រាប់​ការពារ​ស្បែក​ពី​រ៉ាឌីកាល់​សេរី​។

5. ផ្លែត្រសក់​


              ក្រៅពី​សម្បូរ​ជាតិ​ទឹក ត្រសក់​ក៏​ជា​ប្រភេទ​នៃ​សារធាតុ Silica ដ៏​អស្ចារ្យ​មួយ​ដែរ សម្រាប់​ជួយ​អោយ​ស្បែក​មាន​ភាពរឹងមាំ​។ បើសិន​ជា​មុខ​របស់​អ្នក​ឧស្សាហ៍​មាន​ជាតិ​ប្រេង​រអិលៗ​ច្រើន​នៅពេល​ថ្ងៃនោះ ចូរ​ស្វែង​ផលិតផល​សម្អាង ឬ​ក្រែម​លាបមុខ​ណា​ដែល​មាន​ជាតិ Silica ទៅ​។ ត្រសក់ ក៏​ជា​សារធាតុ​ប្រឆាំងនឹង​ការ​រលាក​បែប​ធម្មជាតិ​មួយ​ដែរ ព្រមទាំង​ផ្តល់​ភាព​ភ្លឺរលោង​ដល់​ស្បែក​ទៀតផង​។ អ្នក​អាច​យក​ចំណិត​ត្រសិ​ក ទៅ​បិទ​លើ​ភ្នែក ដើម្បី​បន្ថយ​អាការៈ​ហើម​ភ្នែក​បាន​៕

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


EmoticonEmoticon